រាជធានីភ្នំពេញ ៖តំណាងរាស្ត្រ CNRP ២រូបទៀត ត្រូវបានព្រះរាជអាជ្ញាចេញដីកាកោះហៅពាក់ព័ន្ធករណីរឿងរ៉ាវផ្លូវភេទរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
យោងតាមដីកោះហៅបានបញ្ជាក់ថា តំណាងរាស្ត្រ២រូប ដែលត្រូវបានតុលាការកោះហៅទី១៖ ឈ្មោះ តុប វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាល (ជាជនសង្ស័យ) និងលោក ពិន រតនា តំណាងរាស្ត្រខេត្តបាត់ដំបង (ជាជនសង្ស័យ) ។ ដោយឲ្យអ្នកទាំងពីរចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
គួរបញ្ជាក់ថា ការចេញដីកាកោះហៅតំណាងរាស្ត្រទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥៕
សិល្បៈ ៖រលកព័ត៌មាននៃការលែងលះគ្នារវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅមិនរសាយកំដៅនៅឡើយទេសម្រាប់មហាជន ខណៈមួយរយៈពេលចុងក្រោយនេះសំឡេងនៃការរិះគន់ដូចទឹកបាក់ទំនប់ទៅលើតារាសម្តែងលោក ប៉ែន ចំរ៉ុង បន្ទាប់ពីបែកធ្លាយព័ត៌មាន តារារូបនេះបានដាក់ពាក្យបណ្តឹងលែងលះភិន សុដាលីស ពេលកំពុងមានផ្ទៃពោះ។
ប្រិយមិត្តជាច្រើនបានដាក់បន្ទុកយ៉ាងខ្លាំងទៅលើលោក ប៉ែន ចំរ៉ុង ដែលគ្មានភាពទំនួលខុសត្រូវ និងជាដើមហេតុនាំស្នេហាដែលលោកបានសាងនោះឈានដល់ផ្លូវបំបែក និងបានចោទប្រកាន់តារារូបនេះដោយគ្មានភស្តុតាងដោយបានប្រព្រឹត្តផ្ទុយពីអ្វីដែលបានសន្យាជាមួយ ភិន សុដាលីស។
ជាការកត់សម្គាល់គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Sun SomaLita Page បានសរសេររិះគន់ ចំៗថា «ពេលទើបស្រលាញ់គឺផ្អែម ហើយតែងតែប្រាប់ ទៅនារីនោះថា ប្រពន្ធសំលាញ់ ហា បងចង់បានកូន អូនគិតម៉េចដែរ?កូនស្រីក៏បានប្រុស ក៏បានឲ្យតែជាកូនយើង… ចាប់ផ្តើមពីនាងលង់ជឿ ពាក្យសម្តីដ៏ផ្អែមល្ហែម របស់បុរសម្នាក់ដែល តែងតែអះអាងថា នឹងធ្វើឲ្យនាងសើច ច្រើនជាងយំនោះ នាងក៏សុខចិត្តរើបង្វិច ចាកចេញពីទីកន្លែងកក់ក្តៅ សុខស្រួលមករស់នៅ ជាមួយមនុស្សដែល ខ្លួនស្រលាញ់……»។
ចំណែកគណនេយ្យមួយផ្សេងទៀតដែលមានឈ្មោះថា Ratha Owner ក៏បានបញ្ចេញសាររិះគន់ ទៅលើតារាប្រុសរូបនេះដែលថា «លេសពេកហើយហេតុផលមិនទំនង ឯណាពាក្យសន្យាប្រកាសក្តែងៗមនុស្សទូទាំងប្រទេសដឹងថា អ្នកឯងនឹងធ្វើឲ្យ នាងមានសេចក្តីសុខ មានសំណាងជាងស្រីដទៃ អ្នកឯងកំពុងបង្ហាញ សន្តានរបស់ខ្លួនហើយ ស្រលាញ់ដំបូងស៊ូឲ្យ ឪពុកគេធាក់ក្បាល ក៏មិនព្រមបាត់បង់ សេ្នហា តែឥឡូវវាថី ????…»។
ហ្វេសប៊ុកដែលមានឈ្មោះថា Long Prasat ក៏បានសសេរបញ្ចេញទស្សនះចំពោះរឿងនេះដែរថា សំរាប់ដាលីសមិនមែនជារឿងដែលគួរអោខ្មាស់គេទេដែលមានកូនអត់ឪ តែវាជារឿងដែលគួរអោយខ្មាស់គេសំរាប់កូនបំផុតពេលដែលមានឪពុកមិនមានទំនួលខុសត្រូវបែបនេះសុខចិត្តប្រាប់គាត់ថាឪកូនស្លាប់តាំងពីម៉ែពពោះកូនបាន៤ខែម្លេះ។ ហើយត្រូវចាំថាគ្មាននរណាម្នាក់ស្រលាញ់យើងជាងគ្រួសារយើងទេ។
លោកបញ្ជាក់ថា សំរាប់ចំរ៉ុង ដោយសារតែគាត់ជាតារាសំដែងច្រើនឆ្នាំទោះការសំដែងរឿងរបស់គាត់ដែលខ្ញុំធ្លាប់បានមើលមានចំនុចភ្លាវជាច្រើន តែការសំដែងចំពោះដាលីសគឺល្អឥតខ្ជោះ គឺដូចស្រលាញ់ស្ទើរលេបគឺសំដែងលើស ជាមនុស្សប្រុសបើធ្វើមិនបានកុំសន្យា មិនដឹងថាមានហេតុផងអីខ្លះទេ តែគាត់ត្រឹមនិយាយថារស់នៅមិនចុះសម្រុង តែទោះជាហេតុផលអីក៏ដោយមិនត្រូវចោលគ្នាទាំងគ្នាកំពុងមានផ្ទៃពោះបែបនេះទេមុនពេលចាប់ផ្តើមគួរតែដឹងថានាងជាមនុស្សបែបណាហើយ។
ខ្ញុំស្គាល់ដាលីសយូរឆ្នាំដែរទោះជាមិនសូវស្និតស្នាល ទោះជានាងឆ្នាស់រឹងរួសតែការស្រលាញ់របស់នាងចំពោះនរណាម្នាក់មិនដែលលេងសើចទេហើយមិនត្រូវការអ្វីក្រៅពីការស្រលាញ់ទេ។ ការស្រលាញ់គឺការទទួលយកគ្រប់យ៉ាងដែលគេមាន មិនថាមាន ឫ ក្រ ចាស់ ឈឺ គឺមិនត្រូវបោះបង់គ្នាទេ ត្រូវមើលថែគ្នាដល់ថ្ងៃស្លាប់។
បើទោះបីជាមានសម្លេងរិះគន់យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះតារាសម្តែងលោក ប៉ែន ចំរ៉ុង នៅមិនទាន់មុខអះអាងជុំវិញបញ្ហាខាងលើនេះឡើយ បើទោះបីជាមានការសាកសួរយ៉ាងណាក៏ដោយ។
មានការយល់ឃើញថា បញ្ហាដែលឈានដល់ផ្លូវបែកបាក់រវាងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នេះបើនិយាយថាដើមហេតុមកពីខាងណាឲ្យពិតប្រាកដនោះគឺមិនមានការជាក់លាក់ឡើយ ព្រោះវាទះដៃម្ខាងមិនលឺឡើយ ហើយក៏មិនដែលផ្សែងអត់ភ្លើងនោះដែរ។
កន្លងមកមានការបង្ហើបពីអ្នកសិល្បះដូចគ្នាបានអះអាងថា នាង ភិន សុដាលីស មានភាពរឹងរុះ និងកាចឆ្នាស់ រហូតធ្វើឲ្យលោក ប៉ែន ចំរ៉ុង ទ្រាំមិនបាន ខណះពេលដែលឪពុករបស់នាងលោក អ៊ិន សុភិន ក៏បានទទួលស្គាល់ពីអត្តចិរិកកូនស្រីរបស់ខ្លួនផងដែរ៕
រ៉ង់ហ្គូន ៖ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Htin Kyaw នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងតំណែងរបស់លោកទៅកាន់ប្រទេសឡាវដែលជាប្រទេសក្បែរខាងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានព័ត៌មានស៊ិនហួរ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ដំណើរទស្សនកិច្ចនេះនៅមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់ តែត្រូវបានគេអះអាងថា នឹងប្រព្រឹត្តក្នុងពេលឆាប់ៗ ដែលលោក Htin Kyaw ដែលទើបបានឡើងកាន់តំណែងកាលពីថ្ងៃទី០១ ខែមេសា នោះនឹងដឹកនាំមន្ត្រីជាន់ខ្ពស់ទៅកាន់បណ្តាប្រទេសទាំង១០ដែលជាសមាជិកអាស៊ានជាមុនសិន ដោយក្នុងនោះលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ជាប្រទេសក្បែរខាងរបស់ខ្លួនដំបូងគេ៕
ខេត្តព្រៃវែង ៖ដោយបានការយកចិត្តទុកដាក់ពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ហ៊ឺ បាវី ប្រធានក្រុមការងារស្រុកព្រះស្តេច បានធ្វើអោយប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងស្រុកតាមរយៈធ្វើស្រូវរដូវប្រាំង និងទប់ស្កាត់ការធ្វើចំណាកស្រុក។
លោក ហ៊ឺ បាវី បានមានប្រសាសន៍ថា ម៉ាស៊ីនបូមទឹក របស់លោកនេះ អាចជួយទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងជួបភាពរាំងស្ងួតបានចំនួន៥ឃុំ គឺឃុំល្វា ឃុំជៃកំពក អង្គរាជ និងឃុំសេនារាជឧត្តម សរុបចំនួន៥០០០ហិតា។ ការបូមទឹកដាក់ស្រែគឺជាការចំណាយរបស់លោកផ្ទាល់ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើស្រែបង្កើនរដូវ ជាពិសេសទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅឃុំទាំង៥។ លោកបន្តថា ប្រជាពលរដ្ឋមានការសប្បាយចិត្តដែលបានក្រុមការងារជួយដល់ពួកគាត់អោយមានការងារធ្វើនៅក្នុងស្រុក ដោយមិនបាច់ធ្វើចំណាកស្រុកដោយប្រថុយប្រថាននោះទេ ការបូមទឹក ការស្តារប្រឡាយ គឺជាស្របនិងប្រសាសន៍សម្តេច តេ ជោសែន អោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិ អង្គភាពពាក់ពន្ធ័ យកចិត្តទុក្ខដាក់ ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលជួបភាពរាំងស្ងួត។
លោក ហ៊ឺ បាវី ប្រធានក្រុមការងារស្រុកព្រះស្តេច រួមនិងលោក បិច សុង អភិបាលស្រុកព្រះស្តេច លោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញទៅពិនិត្យការស្តារប្រឡាយបូពារ និងការស្តារប្រឡាយនៅឃុំបន្ទាយចក្រី និងឃុំសេនារាជឧត្តមមានប្រវែង៤១២០ម៉ែត្រ សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងចំនួន៥១៧ហិកតា ការស្តាយនេះបានមកពីកិច្ចសហប្រតិបត្តិការរវាងមន្ទីរធនធានទឹក និង លោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិស្រុកព្រះស្តេច ក្នុងនោះមន្ទីរធនធានទឹកឧបត្ថមគ្រឿងចក្រ លោក ហ៊ឺ បាវី ចំណាយលើប្រេងទាំងស្រុង៕
រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្លឹបអ្នកកាសែតកម្ពុជាសហការជាច្រើនស្ថាប័នរៀបចំ ទិវាសេរីភាពសារព័ត៌មានក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រីអាននី លីម៉េសទ្រី Anne Lemaistre តំណាងអង្គការយូនីស្កូប្រចាំនៅកម្ពុជា រួមនឹងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ។
នៅឆ្នាំ២០១៦នេះ ទិវាសេរីភាពសារព័ត៌មាន ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាពិភាក្សា រវាងអ្នកតំណាងស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានអង្គការ សង្គមស៊ីវិល ដើម្បីពិភាក្សាគ្នាពីបញ្ហាប្រឈម ដែលកំពុងតែជួបប្រទះ និងបញ្ហានានាពាក់ព័ន្ធជាមួយសិទ្ធទទួលបានព័ត៌មាន និងសេរីភាពនៃការ បញ្ចេញមតិ។ ក្រៅពីនោះក៏ជាវេទិការមួយចែករំលែកនូវការយល់ឃើញ និងទស្សនៈវិស័យរបស់ពួកគេទាក់ទងនឹងស្ថានភាព នៃសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព សារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ក៏ដូចជាដើម្បីផ្តល់អនុសាសន៍ដើម្បីកែប្រែស្ថានភាពឲ្យកាន់តែប្រសើរ។
តាមរបាយការណ៍របស់ក្លិបអ្នកកាសែតកម្ពុជាបានដឹងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានឈានមុខល្អនៅក្នុងតំបន់អាស៊ាន និងអាស៊ី។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៥-២០១៦មានអ្នកសារព័ត៌មានចំនួន៤កំពុងជាប់បណ្តឹងពីបទបរិហាកេរ្តិ៍នៅតុលាការ។ ករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន មានចំនួន១៩ករណីនិងបទគំរាមកំហែង ដល់អ្នកសារព័ត៌មានចំនួន២០ករណីតែនៅក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦នេះពុំមានអ្នកសារព័ត៌មានណាម្នាក់ត្រូវគេសម្លាប់ឬត្រូវរងរបួសក្នុងពេលបំពេញការងារវិជ្ជាជីវៈឡើយហើយក៏គ្មានអ្នកសារព័ត៌មានណាមួយជាប់ពន្ធនាគារក្នុងការប្របកវិជ្ជាជីវៈនោះទេ។
លោក ខៀវ កាញារិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុជននាសម័យនេះមានសក្តានុពលនៅក្នុងវិស័យសារព័ត៌មានដោយមានការផ្លាស់ប្តូរងាកមកប្រើបណ្តាញហ្វេសបុក វ៉ាស់អាប់ ហ្វាយប៊ឺ ឡាញ ។ល។ ប្រើនិងបញ្ជូនព័ត៌មានលឿន។ លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅកម្ពុជាច្បាប់ស្តីពីរបបសារព័ត៌មាន គឺមានសារៈសំខាន់ចំនួន៣រួមមាន៖ គ្មានការត្រួតពិនិត្យជាមុនទេពីរដ្ឋាភិបាល មុនការបោះពុម្ពផ្សាយនិងផ្សាយ។ ជនបរទេសនិងពលរដ្ឋកម្ពុជា មានសិទ្ធិបើកសារព័ត៌មានបានដោយគ្មានការទាមទារសញ្ញាប័ត្រ។ ការបញ្ចេញមតិមិនអាចជាប់ពន្ធនាគារទេ។តែព្រំដែននៃការបញ្ចេញមតិ និងបរិហារកេរ្តិ៍ ស្តួចស្តើងណាស់។
លោក ខៀវ កាញារិទ្ធី បញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ស្តីពី”សិទ្ធិទទួលបានព័ត៌មាន”ភាគីក្រសួងព័ត៌មាន និងអង្គការដៃគូបានជួបពិភាក្សាគ្នាចប់ហើយ តែត្រូវពិភាក្សាគ្នាបន្ថែមទៀតដើម្បីឲ្យសេចក្តីព្រាងច្បាប់នោះមានលក្ខណៈល្អមុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ ហើយបញ្ជូនឲ្យសភាពិភាក្សាអនុម័តបង្កើតជាច្បាប់ស្តីពី”សិទ្ធិទទួលបានព័ត៌មាន”នៅពេលខាងមុន៕
រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់បានស្លាប់ នៅលើដងផ្លូវ ភ្លាមៗ ក្រោយពីត្រូវជនមិនស្គាល់ មួយក្រុមមិនមានគ្នា ៦នាក់ ជិះម៉ូតូដេញវាយហើយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ថែមទៀត កាលពីវេលាម៉ោង៣និង៤០ នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី កែងផ្លូវលេខ ២៣៣ ខាងកើតស្ពានអាកាស៥មករា ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ជនរងគ្រោះដែលត្រូវគេសម្លាប់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាននៅឡើយទេ។ សមត្ថកិច្ចបានឃាត់បុរសម្នាក់នៅកន្លែង កើតហេតុសួរនាំ អោយច្បាស់ចំពោះករណីជារឿងប្លន់ឬក៏គំនុំ។ សមត្ថកិច្ចបន្តថា បុរសដែលឃាត់មកសួរនាំនោះឈ្មោះ លីសាវុធ អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំសាលាសន្ធរម៉ុក ដោយគេឆ្លើយប្រាប់សមត្ថកិច្ចថា គេជាជនរងគ្រោះ ហើយក៏ជាម្ចាស់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-1240 ដែលគេយកទៅបាត់នោះផងដែរ ។ ទោះជាយ៉ាងសមត្ថកិច្ចនៅដាក់ការសង្ស័យលើបុរសដែលឃាត់ខ្លួននេះ ព្រោះគេប្រាប់សមត្ថកិច្ចម្តងបែបនេះ ម្តងបែបនោះ ធ្វើអោយសមត្ថកិច្ចពិបាកសន្ថាន ថាជារឿងអ្វីអោយប្រាកដ ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំបុរសនោះ ប្រហែលជា១០នាទី ក៏លេចចេញសាច់រឿងខ្លះ ដោយបុរសឈ្មោះលីសាវុធ នេះប្រាប់ថា គេជាអ្នករត់ម៉ូតូ ហើយគេបានដឹកបុរសពីរនាក់នោះ ចេញពីជក់ថ្នាំនៅម្តុំកោះពេជ្យ ពេលជក់រួចហើយគេក៏បានដឹកបុរសពីរនាក់នោះ ធ្វើដំណើរវើងតាមបណ្តោយផ្លូវលេខ ២៩៨ ហើយពេលនោះក៏ស្រាប់តែមាន ជនមិនស្គាល់មុខមួយក្រុមមានគ្នា៦ នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាលម៉ាក ប្រដាប់ដោយដំបងនិងដុំថ្ម បានធ្វើសកម្មភាពជិះម៉ូតូដេញវាយ ពួកគេ (ជនរងគ្រោះ)រហូត តាំងម្តុំផ្សារTK រហូតមកដល់ចំណុចស្ពានអាកាស៥មករា ពួកគេក៏ជិះចូលផ្លូវក្រោមដី ព្យាយាមគេចខ្លួន តែគេចមិនផុតក៏ត្រូវជនមិនស្គាល់មុខនោះដេញតាមទាន់ក៏វាយពួកគេ ។ ដោយឃើញសកម្មភាពបែបនេះ គេដួលម៉ូតូរត់រកកន្លែងមានសុវត្ថិភាព ។ ជនមិនស្គាល់មុខមួយក្រុមនោះក៏វាយសម្លាប់បុរសដែលជិះម៉ូតូជាមួយគេដែរ បណ្តោយស្លាប់ភ្លាមៗហើយក៏លើកយកម៉ូតូរបស់គេជិះចេញទៅបាត់ស្រមោលតែម្តង ។ បុរសឈ្មោះ លីសាវុធ បានបញ្ចាក់ថា គេមិនធ្លាប់ស្គាល់បុរសពីរនាក់ដែលជិះជាមួយគេនោះឡើយ ។ ចំពោះករណីនេះ គេពុំដឹងថា ក្រុមជនរងគ្រោះ និងក្រុមជនដៃដល់មានទំនាស់គ្នារឿងអ្វីឡើយ ។
សមត្ថកិច្ចបានបន្ថែមទៀតថា ចំពោះជនរងគ្រោះដែលស្លាប់ខាងលើនេះ ក៏មានគ្រឿងញៀនប្រភេទម៉ាទឹកកក ពីរកញ្ចប់តូច និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះផងដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចកំពុងសួរនាំបុរសឈ្មោះអះអាងថាខ្លួនជនរងគ្រោះនិងម្ចាស់ម៉ូតូ នៅប៉ុស្តិ៍សនគរបាល ផ្សារដេប៉ូ៣ ដើម្បីអោយដឹងដើមចមនៃសាច់រឿង នេះថាជាករណីប្លន់ឬក៏ជារឿងទំនាស់៕
សុខភាព ៖ថ្មីៗនេះសារព័ត៌មាន Rian របស់រុស្ស៊ីបានផ្តល់ព័ត៌មានឱ្យដឹងថា គ្រាប់ឈូករ័ត្នមានគ្រោះថ្នាក់ចំពោះសុខភាព។ វាមានលទ្ធភាពធ្វើឱ្យច្របូកច្របល់សកម្មភាពរបស់ក្រលៀន, បំផ្លាញកាចាធ្មេញ និងជាមូលហេតុរបស់បាតុភូតភើជូរ ភើក្តៅ។
ប្រភេទគ្រាប់បរិភោគកំដរមាត់នេះបង្កប់គ្រោះថ្នាក់យ៉ាងច្រើន ចំពោះសុខភាពរបស់យើង ។ ដំបូងបង្អស់ វាផ្ទុកសារជាតិខ្លាញ់ក្នុងបរិមាណខ្ពស់បង្គួរ និងផ្គត់ផ្គង់កាឡូរីច្រើនគួរសម, ក្នុង១០០ក្រាមគ្រាប់ឈូករ័ត្នផ្ទុក៥០០ គីឡូកាឡូរី ប្រហាក់ប្រហែលនំសូកូឡា១។
ក្នុងដំណើរការរីកចម្រើន, គ្រាប់ឈូករ័ត្នទទួលយកពីដីនូវពពួកអង្គធាតុមាននៅក្នុងនោះ ដែលក្នុងចំណោមនេះមានអង្គធាតុ Cadmi មានគ្រោះថ្នាក់សម្រាប់សុខភាព។ ប្រសិនបរិភោគយូរក្លាយជាទម្លាប់នោះ អាចនាំដល់ការបំផ្លាញសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទ។
ក្រៅពីនេះគ្រាប់ឈូករ័ត្ននៅជាសត្រូវរបស់ធ្មេញ។ វាបំផ្លាញកាចាធ្មេញ និងបង្កើតជាកំណកកំបោរធ្មេញ។ ចុងក្រោយគ្រាប់ឈូករ័ត្នមានឥទ្ធិពលអាក្រក់ទៅដល់ខ្សែសំឡេងអាចធ្វើឱ្យអ្នកស្អក និយាយមិនចេញ។ ពួកអ្នកជំនាញការជីវជាតិបានឱ្យដឹងបន្ថែមថា គ្រាប់ឈូករ័ត្ននៅធ្វើឱ្យយើងត្រូវភើជូរ ភើក្តៅ និងបង្កើនគ្រោះថ្នាក់រលាកខ្នែងពោះវៀន៕
បាល់ទាត់ ៖ក្រុមបិសាក្រហម Man Utd បានត្រៀមដាក់សំណើរជាលើកទីពីរទៅកាន់ក្រុម Dortmund និងគ្រោងចំណាយប្រហែល ៧០លានផោន ដើម្បី ប្រមាញ់យក ខ្សែប្រយុទ្ធ Pierre Emerick Aubameyang មកកាន់ទឹកដី Old Trafford នារដូវកាលក្រោយខណៈដែល Real Madrid លែងចាប់អារម្មណ៍។
បច្ចុប្បន្ននេះ ក្រុម Real Madrid កំពុងតែបំវែលទិសទៅរកក្នុងការចុះកិច្ចសន្យាជាមួយ ខ្សែប្រយុទ្ធកណ្តាលកីឡាករ Robert Lewandowski ពីក្លឹប Bayern Munich មករួមក្រុមនៅរដូវកាលក្រោយ ប៉ុន្តែប្រហែលជាមិនអាចអូសទាញកីឡាកររូបនេះពីក្លឹបអាល្លឺម៉ង់បានទេ។
Aubameyang ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធកណ្តាលដ៏លេចធ្លោនៅលើទីផ្សារបច្ចុប្បន្ន ដូច្នេះ Man Utd ប្តេជ្ញាត្រូវតែទិញកីឡាកររូបនេះឲ្យទាល់តែបាន។
គួរបញ្ជាក់ថា Aubameyang នឹងនៅតែជាគោលដៅសំខាន់មិនថា Ryan Giggs ឬ Jose Mourinho ចូលកាន់តំណែងគ្រូបង្វឹកនៅរដូវកាលក្រោយនោះទេ៕
រាជធានីភ្នំពេញ ៖យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ (ប្រុស)។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ១០លើកនេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៩គ្រឿង រថយន្តធុនធំ ១គ្រឿង, គោយន្ត ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់១នាក់), ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់), ប្រជែងគ្រោះថ្នាក់ ២លើក ក្នុងនោះ មិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ៩នាក់ យប់ ៤នាក់។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣.៦៩៥ គ្រឿង, អប់រំ ១.៥២២ គ្រឿង, ពិន័យ ២.១៧៣ គ្រឿង៕
បាល់ទាត់ ៖Leicester បានឈ្នះពានលីគកំពូលអង់គ្លេស Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប កាលពីយប់មិញនេះ ក្រោយក្រុមឈរនៅចំណាត់លេខ២ Tottenham Hotspur បញ្ចប់លទ្ធផលត្រឹមស្មើ ២-២ ទល់នឹងតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge។
លទ្ធផលនេះ បានធ្វើឲ្យក្រុមលោក Claudio Ranieri ដែលមានម្ចាស់ជាសេដ្ឋីថៃ Vichai Srivaddhanaprabha ឈ្នះពានតែម្ដង ដោយដាច់៧ពិន្ទុពី Spurs លក្ខណៈការប្រកួតសល់តែ២ប្រកួតទៀតនឹងបញ្ចប់រដូវកាល៕
រាជធានីភ្នំពេញ ៖នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខ័ណ្ឌដូនពេញ បានបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូ ពេលរាត្រី៣នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ដោយប្រើខ្សែក្រវ៉ាត់វាយជនរងគ្រោះ ប៉ងប្លន់យកម៉ូតូ នៅចំណុចផ្លូវ២០០ កែង៥១ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខ័ណ្ឌ បានបញ្ជាក់ថា ក្រោយមានករណីប្លន់ម៉ូតូជាបន្តបន្ទាប់ នៅពេលរាត្រីតាមបណ្តាខណ្ឌរួចមក ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលតាមខណ្ឌ ធ្វើការស្រាវជ្រាវ និងចុះល្បាតជាប្រចាំ ដើម្បីទប់ស្កាត់សកម្មភាព ក្រុមចោរប្លន់ទាំងនេះ។ ជាក់ស្តែងពេលកម្លាំងនគរបាលរបស់លោក កំពុងចុះល្បាត ក៏ជួបនឹងសកម្មភាពទាំងនេះ រហូតធ្វើការបង្ក្រាបទាន់ពេលតែម្តង។
លោកអធិការប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ពេជ្រ ចាន់ណារ័ត្ន អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ តឹប ចំរើន អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៣-ឈ្មោះ កែវ វិចិត្រ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ៧១ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ក្រោយការបង្ក្រាបកម្លាំងនគរបាល បានដកហូតម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-3125 និងខ្សែក្រវាត់ចំនួនមួយ ដែលប្រើប្រាស់ធ្វើសកម្មភាព ៕
ខេត្តកោះកុង ៖ស្ត្រីម្នាក់បានសម្រាលកូននៅលើទូក ខណៈដែលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែស្ត្រីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ បានជួយសង្គ្រោះទាន់ពេលវេលា។
លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ស្ត្រីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា ។ ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។
លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្ត្រីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ ។ រហូតមកដល់ពេលនេះសុខភាពស្ត្រីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕
រាជធានីភ្នំពេញ ៖កាលពីយប់មិញកើតមានករណីបើករថយន្តបុកម៉ូតូផ្ទុះឆេះ ទាំងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។ ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរី ហាប្រីត ស្លាកលេខរថយន្ត 2W -6797 និងម៉ូតូមួយគ្រឿងម៉ាកស្មាស់ ត្រូវបានឆេះខ្ទេចទាំងស្រុង។ ករណីនេះកើតឡើងនៅម៉ោងប្រមាណជាង៩៖៣០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។ យ៉ាងណាក៏ដោយ អ្នកបើកបរត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ ខេមរិន្ទ
ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញនៅល្ងាចថ្ងៃចន្ទ ទី ២ ខែឧសភា នេះ បានចេញដីការបញ្ជូនមន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ទៅឃុំខ្លួនបណ្តោះអាសន្ននៅពីកន្លៃងផ្សេងគ្នាគឺពន្ធនាគារព្រៃ ស និងមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយចោទពីបទសូកប៉ាន់សាក្សី និងសមគំនិត។
ក្រោយពេលស៊ើបសួរអស់រយៈពេលពីរថ្ងៃរួចមក នៅម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃចន្ទនេះ អ្នកទាំង៥ រូបត្រូវបានបញ្ជូនខ្លួនចេញពីតុលាការក្រុងភ្នំពេញទៅកាន់ពន្ធនាគារព្រៃស និងមន្ទីរឃុំឃាំងរបស់នគរបាលរាជធានីភ្នំពេញ។
លោកស្រី គា សុផល មេធាវីការពារក្ដីឲ្យសកម្មជនសិទ្ធិមនុស្សអាដហុកទាំង៤នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅតុលាការក្រោយពេលបញ្ចប់ការសាកសួរថា កូនក្តីទាំង៤រូប ជាមន្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ចំណែកឯអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានី។ ទោះយ៉ាងណា លោកស្រីមេធាវីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនអ្នកទាំង៥ទៅកន្លែងឃុំខ្លួនផ្សេងគ្នានោះទេ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតនៅល្ងាចថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញាបាន ចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី ចំណែកអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។លោក លី សុផាន់ណា បន្តថា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា កាលពីព្រឹកថ្ងៃអាទិត្យ នៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងមិនមានការលើកលែងចំពោះមន្ត្រីសង្គមស៊ីវិល និងមន្ត្រីអង្គការសហប្រជាជាតិ(UN)ទេ បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ហើយលោកបញ្ជាក់ថានឹងមិនមានការដោះដូរអ្វីនោះទេ។ ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់អំពីការដោះដូរនោះ ថាជាការដោះដូរអ្វីនោះទេ។
សូមជម្រាបថា អ្នកទាំង៥ រូបដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរ និងចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ចរួមមាន មន្ត្រីអាដហុក៤ រូបគឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីរបស់សមាគមអាដហុកក៏ជាប់ចោទក្នុងបទដូចគ្នាដែរ។
គួររំឭកថា អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្ត្រីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលនាងបានអះអាងថា មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ដោយបានសរសេរលិខិតចំហរមួយច្បាប់លើកឡើងថា មានមន្ត្រីសង្គមស៊ីវិលមួយចំនួន (រួមមានមន្ត្រីទាំង៦រូបដែលទើបត្រូវតុលាការចោទប្រាកាន់) ថាបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩ និង៥៤៨ ស្តីពីបទសមគំនិត និងបទសូកប៉ាន់សាក្សី អ្នកទាំង៥រូប រួមនឹងមន្ត្រីសិទ្ធិមនុស្ស UN ប្រចាំនៅកម្ពុជាម្នាក់ផងនោះ អាចប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕
រូប៖RFA
រាជធានីភ្នំពេញ ៖តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី០៣-០៤ ខែឧសភា សីតុណ្ហភាពអតិបរមា អាចនឹងកើនឡើងនៅតំបន់វាលទំនាបមានពី៣៧-៤០អង្សាតំបន់ខ្ពង់រាបមានពី៣៦-៤០អង្សាតំបន់មាត់សមុទ្រមានពី៣៥-៣៧អង្សារសេ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍