All posts by មេគង្គ ប៉ុស្តិ៍

ផ្ទេរ និងតែងតាំងឋានន្តរសក្ដិជូនមន្ត្រីស្នងការខេត្តជាង៤០០នាក់

ខេត្តព្រះវិហារ ៖ ស្នងការនគរបាលខេត្តព្រះវិហារ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងឋានន្តរសក្ដិថ្មីមន្ត្រី នៃស្នងការនគរបាលចំនួន៤៣៤នាក់ នៅថ្ងៃទី៣០មេសា២០២០នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខតារា មេបញ្ជាការស្នងការនគរបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ សួស សុខតារា បានមានប្រសាសន៍ថា ក្នុងនាម លោកជាមេបញ្ជាការ នៃស្នងនរគបាលខេត្តព្រះវិហារ សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះស្នាដៃ ដល់មន្ត្រី នៃ ស្នងការនគរបាលជាតិ ទាំងអស់ ក្នុងការបំពេញតួនាទី បេសកម្មការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក ។
ក្នុងការប្រកាសតែងតាំងមុខងារ នឹងបំពាក់ឋានន្តរសក្តិថ្មីនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្រ្តីដែលបានខិតខំបំពេញតួនាទីភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គមជាតិផងដែរ ។
តំណាងមន្ត្រី នៃស្នងការនគរបាល បានឡើងប្ដេជ្ញាចិត្តនឹងសន្យាខិតខំ បំពេញកិច្ចការដោយស្មោះ ដើម្បីបម្រើជាតិមាតុភូមិនិងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងមូលផងដែរ ៕

ផ្ទះសម្បែង៥៥៩ខ្នងកំពុងប្រឈមការរុះរើ ដោយសារច្រាំងទន្លេក្នុងខេត្តកំពង់ចាមបាក់ស្រុតរៀងរាល់ឆ្នាំ

ខេត្តកំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនាព្រឹកថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យវាយតម្លៃការរៀបចំតាំងទីលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកត្តាធម្មជាតិការបាក់ស្រុតច្រាំងទន្លេ  ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ។

លោក ហេង វណ្ណនី អភិបាលរងខេត្តបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិសម្រាប់ខេត្តកំពង់ចាមមានក្រុង-ស្រុកចំនួន៦លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំដែលក្នុងនោះរួមមាន នៅក្នុងស្រុកស្ទឹងត្រង់មានចំនួន៥ឃុំ ស្រុកកំពង់សៀម  មានចំនួន៦ឃុំ ស្រុកកោះសូទិនមាន៤ឃុំ ក្រុងកំពង់ចាមមាន១សង្កាត់ ស្រុកកងមាសមាន៥ឃុំ និងស្រុកស្រីសន្ធរមាន៥ឃុំផងដែរ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេមានប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញនៅឡើយទេ និងផ្ទះដែលប្រឈមនឹងការរុះរើមានរហូត ចំនួន៥៥៩ខ្នង និងសាលាឃុំ១កន្លែង ហើយក៏មានការប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម  របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ ៕ ដោយ ៖ ប៉ែន សុផល

 

សម្តេច ស ខេង ៖ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិន​មែនជាការដាក់បន្ទុកពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នោះទេ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា ការចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភាស្អែកនេះ គឺមិនមែន​ជាវិធានការដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែ​គឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ការលើក​ឡើងរបស់សម្តេចក្រឡាហោមនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបប​ការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែល​ចំណុះ​ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ​ ហើយ ​សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលប្រជា​ពលរដ្ឋ​បាននិងកំពុងប្រឈមនឹងបញ្ហាជីវភាព ខណៈដែលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅ លើពិភពលោក ក៏ដូចជានៅកម្ពុជាបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំ ហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុត​ពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ។ សម្ដេចក្រឡាហោមបានគូស​បញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក​ឆ្នាំ​២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែល​វិធាន​ការនេះ​មិន​មែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះ​ទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេច​ក្រឡាហោមបានបន្ដថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែល​ធ្វើ​ដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ សម្តេចក្រឡាហោម​បានអះអាងថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើ​ដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពាន​ភ្លើង​សញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ៕

 

ប្រជាពលរដ្ឋសម្រុកធ្វើឆៀក និងប័ណ្ណបើកបរយ៉ាងច្រើនកុះករ មុនថ្ងៃរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្រុកចុះធ្វើឆៀក និងប័ណ្ណបើកបរ ព្រមទាំងធ្វើឯកសារផ្សេងៗដែលពាក់ព័ន្ធក្នុងការបញ្ជាយានយន្តលើដងផ្លូវ មុនថ្ងៃរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវបានអនុវត្តពីថ្ងៃទី១ ឧសភា ២០២០ស្អែកនេះ ដើម្បីការពារ នៃការផាកពិន័យទ្វេដងពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក។

ការអនុវត្តន៍ច្បាប់នៃការរឹតបន្តឹងនឹងចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាមួយការផាកពិន័យជាទឹកប្រាក់ខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។ ក្នុងន័យនេះគឺច្បាស់ណាស់ថា អ្នកបំពានច្បាប់អាចរអាចំពោះចំនួនទឹកប្រាក់ច្រើន ហើយតាំងចិត្តច្បាស់លាស់ថា នឹងមិនបំពានច្បាប់ទៀតនោះទេ។ ទោះជាអ្នកមានប្រាក់សម្រាប់បង់ការផាកពិន័យនេះក៏ដោយ ក៏វាបានបង្ហាញអំពីកំហុសឆ្គងដ៏ធំ និងគួរឲ្យខ្មាសអៀននៅក្នុងសង្គមផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម)។ ចំពោះឯកសារផ្សេងៗទៀត ដូចជាកាតសំគាល់យានយន្ត (កាតគ្រី) អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ក្នុងការបញ្ជាយានយន្តលើដងផ្លូវ៕

 

សម្ដេចតេជោ ៖ កម្ពុជាធ្វើការជិតស្និទ្ធជាមួយសមាជិកអាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសានៅលើហ្វេសបុកថា ថ្ងៃនេះគឺជាខួប ២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្ដេច ហ៊ុន សែន បាន​បន្ត​ថាជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយការក្លាយទៅជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ត្រូវបានគេមើលឃើញថា ជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា។ ការចូលជាសមាជិកអាស៊ាន ក៏ជាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មភាពនៅក្នុងតំបន់ផងដែរ។

 

 

ពលករ​ជាង​១០០០​លាន​នាក់​ប្រឈម​នឹង​ការបាត់បង់​ចំណូល​ដោយសារ COVID-19

​ពិភពលោក ៖ អង្គការ​ពលកម្ម​អន្តរជាតិ​បានលើកឡើង​វិធាន​ការបិទ​ទីក្រុង ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩នឹងធ្វើ​ឲ្យ​អ្នក​ប្រកបការងារនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ១​ពាន់ ៦​លាន​នាក់ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកធ្វើការ​ក្នុង​ពិភពលោកប្រឈម​នឹង​ការបាត់បង់​ការងារ​ប្រឈម​នឹង​ការលំបាក​នៃ​ជីវភាព​ប្រចាំថ្ងៃ។​

​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​បន្តថា ពួកគេ​កំពុងមាន​ជីវភាព​លំបាក​រួចទៅហើយ ត្រូវ​មក​ប្រឈម​នឹង​ការបាត់បង់​មធ្យោបាយ​ទាំងស្រុង​បន្ថែមទៀត ដើម្បី ចិញ្ចឹមជីវិត​។

តាម​របាយការណ៍​រប​ស់​អង្គការ​អន្តរជាតិ​មួយ​នេះ​បានបញ្ជាក់ វិធាន​ការបិទ​ទីក្រុង បិទ​ក្រុមហ៊ុន និង​ដាក់​ក្រុង​មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩បាន​កាត់បន្ថយ​ម៉ោង​ធ្វើការ​ក្នុង​ពិភពលោក ប្រមាណ ៤,៥%​ស្មើនឹង​ការងារ​ពេញ​ម៉ោងចំនួន១៣០​លាន​ការងារនៅក្នុង​ត្រីមាស​ទី​១​។ ដូច្នេះ​គេ​អាច​នឹ​វាយតម្លៃថា ម៉ោង​ធ្វើការ​នឹង​ថយចុះដល់១០% នៅ​ត្រីមាស​ទី​២ នៅពេល​វិធានការបិទ​ទីក្រុងត្រូវ​អូស​បន្លាយពេល ឬ​ត្រូវពង្រីក​បន្ថែមទៅលើ​តំបន់​ផ្សេងទៀតដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​១៩​។​

​អង្គការ​ពលកម្ម​អន្តរជាតិ​បានលើកឡើង​ថា នៅ​អាមេរិក​អឺរ៉ុប ​និង​អាស៊ី ជា​តំបន់​ដែល​អាច​ប្រឈម​នឹង​បាត់បង់​ម៉ោង​ធ្វើការច្រើនជាងគេនៅ​ត្រីមាសទី​២ដោយសារតែ​តំបន់​ខាងលើដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺកូ​វីដ១៩ ហើយ​នៅ​បន្ត​អនុវត្ត​វិធាន​ការបិទ​ទីក្រុងបិទ​ភោជនីយដ្ឋានដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ COVID-19 នេះ៕

 

អង់គ្លេស​ក្លាយជា​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​ដោយសារ COVID-19 ប្រចាំ​ទ្វីបអឺរ៉ុប​

ឡុង​ដ៍ ​៖ ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់ច្រើនជាង់គេ​ដោយសារ COVID-19 ប្រចាំ​ទ្វីបអឺរ៉ុប បន្ទាប់ពី​អ្នកជំងឺ COVID-19 សរុប ២៦,០៩៧​នាក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​, មណ្ឌល​ថែទាំ និង​នៅតាម​សហគមន៍​ធំៗ នៅ​ទូទាំង​ចក្រភព​អង់គ្លេសគិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​លោក Dominic Raab បានឲ្យដឹងថា ចំនួន​អ្នកស្លាប់​ថ្មី​បាន​កើនឡើង ៣,៨១១​នាក់ នៅ​ចន្លោះ​ពីថ្ងៃ​ទី​០២ ខែមីនា និង​ថ្ងៃទី​២៨ ខែមេសា ក្នុងនោះ​រួមមាន​ទាំង​អ្នកស្លាប់ ៧៦៥​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​អង្គារ​កន្លងទៅ​។ បើ​គិតពី​តួលេខ​ស្លាប់ នៅ​អង់គ្លេស​ពេលនេះ គឺ​ច្រើនជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ជាពិសេស​អ៊ីតាលី ដែល​តែងតែ​ឈរ​នៅ​លំដាប់​កំពូល​កន្លងមក​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​មនុស្ស ៦៣២,៧៩៤​នាក់ នៅ​ចក្រភព​អង់គ្លេស​បានទទួល​ការធ្វើ​តេស្ដ ហើយ​ក្នុងនោះ ១៦៥,២២១​នាក់​បាន​ឆ្លង COVID-19 ខណៈ​ចំនួន​អ្នកជា​សះស្បើយ នៅ​មិនទាន់មាន​ការបញ្ជាក់​នោះទេ​៕

 

ច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន» ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ ៖ ច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាសម្តេច សាយ ឈុំ ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ។

ការសម្រេចដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីសន្លាងមួយសម្រាប់ប្រទេសកម្ពុជា នេះ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមេសា និងឆ្លងការពិភាក្សា និងសម្រេចដោយព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែមេសា ព្រមទាំងត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប្រកាសឯកភាពថា សមស្របនឹងរដ្ឋធម្មនុញ្ញផងដែរ។

«ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានបញ្ជាក់ថា ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាគ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។

សូមជម្រាបថា «ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលមាន ៥ជំពូក និងចែកជា ១២មាត្រា ត្រូវបានកត់សម្គាល់ថា បានរៀបចំឡើងស្របពេលដែលកម្ពុជា រងការរាតត្បាតពីវីរុសកូរ៉ូណា ឬកូវីដ-១៩ និងរៀបចំឡើងផ្អែកតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា នៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា៕

( Video) សមត្ថកិច្ចចុះដកហូតឧបករណ៍នេសាទខុសច្បាប់ ដើម្បីអភិរក្សពូជត្រី

​ដោយ ៖ នូ វី

បន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជា នៅតែមិនទាន់មានចំណេះដឹងទូលំទូលាយពីការនេសាទនៅឡើយ ទើបធ្វើអោយពួកគេបន្តប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាអួនស្បៃមុង ដែលសុទ្ធតែបំផ្លាញដល់ពពួកត្រីតូចៗ និងអាចធ្វើអោយហិនហោចពូជត្រីផងដែរ ។ ឃើញនូវសកម្មភាពបែបនេះ សមត្ថកិច្ចកងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែង ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបនិងដកហូតបាននូវឧបករណ៍ខុសច្បាប់មួយចំនួន ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទកាលពីថ្ងៃទី២៩ មេសា ២០២០ លោក ឃឿន វីរៈ នាយសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អួនក្រឡាញឹក និងស្បៃមុង ដែលប្រជាពលរដ្ឋមួយចំនួនបាននេសាទនៅក្នុងទឹកអាងអូរខៃដននេះ ជាបទល្មើសនេសាទខុសច្បាប់ ដែលបំផ្លាញកូនត្រី ។ បើមិនមានការទប់ស្កាត់ទេនោះ ពូជត្រីប្រឈមនិងការបាត់បង់ ហើយការនេសាទនៅឆ្នាំក្រោយៗវានឹងធ្លាក់ចុះជាបន្តបន្ទាប់ ។
លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងចម្រុះ ដកហូតបានអួនស្បៃមុង និងលូស្បៃមុងចំនួន២៥មាត់ អួនស្បៃមុងក្រឡាញឹកប្រវែង៩០០ម៉ែត្រ និងលូស្បៃមុងប្រវែង៣០០ម៉ែត្រ សរុបមានប្រវែង១២០០ម៉ែត្រ ត្រូវបានអូសដាក់លើគោកដុតកម្ទេចចោល ។

លោក ឃឿន វីរៈ បានសំណូមពរឲ្យប្រជាពលរដ្ឋអោយចូលរួមថែរក្សាការពារនូវពូជត្រី តាមរយៈការនេសាទ ជាលក្ខណៈគ្រួសារ មានដូចជា ការបង់សំណាញ់ រាយមង បបក់ ស្ទូច និងមធ្យោបាយរកត្រីមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតិ និងមិនធ្វើឲ្យបាត់បង់ពូជត្រី ។

រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន ធ្លាប់បានលើកឡើងថា ការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ និងនេសាទនៅរដូវត្រីបន្តពូជ (ត្រីពង ) គឺជាសកម្មភាពខុសច្បាប់ ដែលអាចបំផ្លាញដល់ធនធានត្រី និងធ្វើអោយធនធានត្រី របស់កម្ពុជាកាន់តែខ្សត់ខ្សោយទៅៗ ដូច្នេះ ប្រជានេសាទត្រូវយល់ដឹងពីចំណុចនេះ ហើយសូមកុំវាយបំបែកឆ្នាំងបាយខ្លួនឯង ៕

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19​ នៅលើ​ពិភពលោក​កើន​ដល់​ជិត​២៣​ម៉ឺន​នាក់

​ពិភពលោក ​៖ គិត​ត្រឹម​ម៉ោង ៨៖៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង រហូតដល់ ៣,២១៩,២៤២​ករណី​ហើយ ដោយ​ក្នុងនោះ​មនុស្ស​ស្លាប់​សរុប​មាន​ចំនួន ២២៨,១៩៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១,០០០,១១៣​នាក់​។ ​នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer៕

 

បង្ក្រាប​ករណីកែច្នៃ ​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​មេក្លោង​២​នាក់ និង​ថ្នាំញៀនជិត​៦០​គីឡូ​

​ភ្នំពេញ ៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ នៅ​រសៀល​ម្សិលមិញ​ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​កែច្នៃ ជួញដូរ​សារធាតុ​ញៀន ក្នុង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយបាន ឃាត់ខ្លួន​មេខ្លោង​ជា​ជន​ជាតិចិន​ហុងកុង​ម្នាក់​និង​ស្ត្រី​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់ (សរុប​២​នាក់) រួមទាំង​រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម​។​

​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿង​ញៀ​នេះ ធ្វើឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ទី​១/ ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន (​ហុងកុង​) កាន់​លិខិត​ឆ្លង ដែន​លេខ KJ06288571 និង​ទី​២/ ឈ្មោះ THET THET HLAING ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746​។ រីឯ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ ៖ សារធាតុ​ញៀន​អិ​ច​ស្តា​ស៊ី​ប្រមាណ ១៤០,០០០​គ្រាប់ មាន​ទម្ងន់​ជាង​៥៧​គីឡូក្រាម និង​ម៉ាស៊ីន​កែឆ្នៃ​២​គ្រឿង​ទៀត៕

 

ថ្ងៃនេះពុំមានករណីជាសះស្បើយ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ដែរ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕ 

 

 

ត្រៀមថវិកា៣០០លានដុល្លារជួយទ្រទ្រង់ពលករខ្មែរដែលមិនអាចត្រឡប់ទៅធ្វើការនៅបរទេស

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ការខ្វះខាតរបស់ពលករខ្មែរចំណាកស្រុកក្នុងពេលពួកគាត់មិនអាចត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញបាន ចន្លោះពេលពិភពលោកមានវិបត្តិកូវីដ-១៩។

នេះជាការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង នៅទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការ សហប្រជាជាតិ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការ IOM ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិអន្តរជាតិពាក់ព័ន្ធជាច្រើន។

លោកស្រីវបញ្ជាក់ថា ថវិកាប្រហែល ៣០០លានដុល្លារអាមេរិកនេះ សម្រាប់បម្រុងជាជំនួយគាំពារសង្គម ក៏ដូចជាសន្តិសុខស្បៀង ដែលគ្រោងនឹងដំណើរការអនុវត្តន៍នៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំនេះ។

ទោះជាយ៉ាងនេះក្តី លោកស្រី បានពន្យលបន្ថែមថា ការផ្តល់ជូនការឧបត្ថម្ភនេះ គ្រាន់តែជាការដោះស្រាយបញ្ហាជួយសម្រាល ប៉ុន្តែពលករខ្វះខាតត្រូវតែគិតគូរអំពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ ដើម្បីធានាផ្គត់ផ្គង់ខ្លួនឯងបន្ថែមនៅក្នុងការរស់នៅប្រចាំថ្ងៃក្នុងកាលៈទេសៈនេះ៕

សមាគមហិរញ្ញវត្ថុពីរប្រតិកម្មចំពោះអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងបំណុល

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជា បានប្រតិកម្មឆ្លើយតបនឹងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដែលស្នើអោយធនាគារផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនកូនបំណុលវិញ ដើម្បីយកទៅដោះស្រាយជីវភាព ។ ការស្នើនេះ ត្រូវបានចេញផ្សាយនៅគេហទំព័រអង្គការលីកាដូប្រចាំកម្ពុជានៅថ្ងៃទី២៧ មេសា ២០២០នេះ ។

នៅក្នុងគេហទំព័រនោះអង្គការលីដូបានដាក់ចំណងជើងនៃសេចក្តីថ្លែងការណ៍ថា បំណុលមីក្រូហិរញ្ញវត្ថុគួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ។

នៅក្នុងគេហទំព័រនោះ ក៏បានរៀបរាប់ពីផលប៉ះពាល់ជាច្រើន ពីជំងឺកូវីដ ១៩ ទៅលើវិស័យកាត់ទេសចរណ៍ វិស័យកាត់ដេរ និងសំណង់ ហើយក៏បានធ្វើអោយពលរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនផងដែរ ជាពិសេសគឺអ្នកដែលជាប់បំណូលធនាគារនិងមីក្រូហិរញ្ញវត្ថុ ។

សេចក្តីថ្លៃការណ៍ក៏បានស្នើដល់រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់អាទិភាពដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ ដោយផ្អាកការសងប្រាក់កម្ចីការប្រាក់សម្រាប់រយៈពេលយ់ាងតិច៣ខែ ដូចជាប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យដែលមានសិទ្ធិពេញលេញវិញ ។

ជាការប្រតិកម្មឆ្លើយតប នៅថ្ងៃទី២៨ មេសា ២០២០ នេះ សមាគមហិរញ្ញវត្ថុពីរគឺ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានចេញសេចក្ដីការណ៍រួមមួយជូនដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាទាំងនោះវិញផងដែរ ។

នៅក្នុងសេចក្តីការណ៍ បានបញ្ជាក់ថា សមាគមហិរញ្ញវត្ថុដែលជាអ្នកធ្វើប្រតិបត្តិការផ្ទាល់ បានស្វែងយល់ច្បាស់អំពីផលប៉ះពាល់ និងបានផ្ដល់នូវដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ។

សេច្ដីថ្លែងការណ៍ បានបញ្ជាក់ថា អតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅតែ អាចប្រើប្រាស់ដីធ្លី ឬ អចលនទ្រព្យ ដែលខ្លួនបានដាក់ធានា ជាទ្រព្យបញ្ចាំ បានជាធម្មតា ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញនូវគោលនយោបាយតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីធានានិងការពារបានគ្រប់ភាគី ពាក់ព័ន្ធរួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវតាមនិយាមបច្ចេកទេសរបស់ស្ថាប័នមិនពាក់ព័ន្ធ ឬជម្រុញអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ។

ការលើកឡើងរបស់ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តន៍ទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ គឺកំពុងតែជំរុញងោយមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ ។ ម្យ៉ាងវិញទៀត អនុសាសន៍របស់អង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែជម្រុញអោយសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កអោយបាត់បង់ជំនឿទុកចិត្តពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ មានទាំងមូលនិធិរបស់ស្ថាប័នសាធារណៈ ឯកជននិងរបស់អង្គការសង្គមស៊ីវិលខ្លួនឯងផងដែរ ។ ស្ថាប័នសង្គមស៊ីវិលទាំងនោះ គួរតែស្វែងយល់អោយបានច្បាស់លាស់ថាទ្រព្យធានាមិនមែនជាកម្មវត្ថុក្នុងការអនុវត្តផ្ទុយពីច្បាប់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងនោះទេ៕

ក្រសួងទេសចរណ៍បង្ហាញពីផលប៉ះពាល់ទៅលើឧស្សាហកម្មទេសចរណ៍ ដោយសារកូវីដ១៩

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៧ មេសា ២០២០ ផលប៉ះពាល់ដែលបណ្ដាលពីជំងឺកូវីដ ១៩ ទៅលើវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា បានឈានដល់ដំណាក់កាលមួយកាន់តែធ្ងន់ធ្ងរ ក្នុងនោះ ក្រសួងបានបង្ហាញរបាយការណ៍នៃផលប៉ះពាល់ទៅលើវិស័យឧស្សាហកម្មក្នុងនោះការផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្មតែម្តងនៅទូទាំង ប្រទេសមានចំនួនសរុប ២.៨៦៥ ទីតាំង ស្មើនឹង ២៩,៥៧% នៃទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមានប្រមាណ ៩.៦៨៩ ទីតាំង ។

នៅក្នុងរបាយការណ៍ដែលក្រសួងបានបង្ហាញនោះ អាជីវកម្មដែលប៉ះពាល់រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេស ចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍ជាដើម ដែលបង្កឱ្យមានផល៉ះពាល់ដល់បុគ្គលិកប្រមាណ ៤៦.៣៦៩នាក់ ស្មើនឹង ៤២,៦% នៃបុគ្គលិកសរុបប្រមាណ ១០ម៉ឺន ៨ពាន់ ៨៤៧នាក់ និងមគ្គុទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍ សរុបចំនួន ៩៦នាក់ ស្មើនឹង ១,៥% នៃនឹងចំនួនមគ្គុទេសក៍ទេសចរណ៍សរុបចំនួន ៦.៤១៦ នាក់។

ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ចំពោះសេវាកម្មសណ្ឋាគារត្រូវបានបិទនៅទូទាំងប្រទេស មានចំនួន ២៨ សណ្ឋាគារ មាន ១៥ពាន់បន្ទប់ ស្មើនឹង ២៧% ។ ចំនួនសណ្ឋាគារ សរុបទូទាំងប្រទេសមានជាង ១ពាន់ទីតាំង ស្មើនឹងជិត៤៩ពាន់បន្ទប់ និងមានបុគ្គលិកប្រមាណ ១៦ពាន់នាក់រងផលប៉ះពាល់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណ ៣៩ពាន់នាក់ ស្មើនឹង ៤១% ។

ដោយឡែកចំពោះសេវាកម្មផ្ទះភ្ញៀវ ឬផ្ទះសំណាក់វិញ ដែលបានបិទទ្វារនៅទូទាំងប្រទេស មានចំនួន ៤០៥ទីតាំង មានជាង ៥ពាន់បន្ទប់ ស្មើនឹង ១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមានចំនួនជាង ២ពាន់ ទីតាំង មានប្រមាណ ៣៥ពាន់បន្ទប់ និងបានប៉ះពាល់ដល់បុគ្គលិកចំនួនជាង ២ពាន់នាក់ ស្មើនឹង ១៩,៥% ធៀបនឹងបុគ្គលិកសរុប ១ម៉ឺននាក់ ហើយចំពោះសេវាកម្មភោជនីយដ្ឋានត្រូវ បានបិទទ្វារមានចំនួន ៣៧១ទីតាំង ក្នុងចំណោម ៣ពាន់ ៤១៥ទីតាំងនៅទូទាំងប្រទេស ដោយបានបង្ក ការប៉ះពាល់ដល់បុគ្គលិកចំនួនជាង៣ពាន់នាក់ ស្មើនឹង ១១,១១% ធៀបនឹងបុគ្គលិកសរុបប្រមាណជិត ២៩ពាន់នាក់នោះ ។

ស្របពេលវិស័យនេះ បានរងផលប៉ះពាល់មុនគេ ពីជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ផងដែរ ដើម្បីស្ដារនិងទប់ទល់ការធ្លាក់ចុះខ្លាំងនៃវិស័យដ៏សំខាន់មួយនេះ ក្នុងនោះ រាជរដ្ឋាភិបាលបានប្រកាសមិនយកពន្ធ លើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាននៅតាមបណ្ដាខេត្តដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះ បុគ្គលិកដែលរងផលប៉ះពាល់ការងារដោយសារតែ ការបិទអាជីវកម្ម សណ្ឋាគារក៏ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។

គួរបញ្ជាក់ផងដែរ វិស័យទេសចរណ៍ជាវិស័យដ៏សំខាន់មួយ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះវាក៏បានផ្ដល់ការងារដល់កម្មករនិយោជិត៦៣ម៉ឺននាក់ផងដែរ និងផ្ដល់ប្រាក់ចំណូលប្រមាណជិត៥ពាន់លានដុល្លារអាមេរិកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិកាលពីឆ្នាំ ២០១៩កន្លងទៅនេះ ៕