All posts by មេគង្គ ប៉ុស្តិ៍

(Video) ស្ត្រីម្នាក់ចូលចាក់សាំង បំភ័នឲ្យបក្សពួកចូលលួចលុយអស់៣ម៉ឺនដុល្លារ

ខេត្តកំំំំំំំពង់ចាម ៖ ផ្ទះវេរលុយ និងលក់សាំងដបមួយកន្លែង ត្រូវជនសង្សយ័មួយក្រុមតូចប្រើល្បិចឲ្យស្ត្រីម្នាក់ជិះម៉ូតូចូលទៅចាក់សាំងបំភ័នអ្នកលក់ ហុចឱកាសឲ្យបក្ខពួកម្នាក់ទៀត ចូលទៅក្នុងផ្ទះលួចយកប្រាក់អស់ចំនួន ៣មុឺនដុល្លា ហើយគេចខ្លួនបាត់ ។ 

ប៉ូលិសបានអោយដឹងថា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងប្រពន្ធ ឈ្មោះ នីម តូនីតា អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថាៈ នៅវេលាម៉ោង៩ និង១០នាទី ខ្លួនកំពុងតែនៅលក់ដូរ និងមានវេលុយ(វីង) នៅផ្ទះរបស់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនចាំសេរី ពណ៌ខ្មៅ មិនចាំផ្លាកលេខ ស្លៀកខោអាវឈុត ពណ៌ក្រហម ផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួនចំនួន៤លីត្រ ដោយអោយខ្លួនយកសាំងមកចាក់ម្តង២លីត្រ។  នៅពេលនោះក៏មានបក្ខពួកម្នាក់ទៀត ស្លៀកខោកាប៊យជើងវែង ពាក់អាវយឺតដៃវែងពណ៌ខ្មៅ ពាក់មួកពណ៌ប៉ារ៉េពណ៌ខ្មៅ ពាក់ម៉ាស់ បានធ្វើសកម្មភាពដើរចូលមកក្នុងរោងវេលុយ(វីង)របស់ ម្ចាស់ផ្ទះហើយបានយក លុយរបស់ខ្លួននៅក្នុងថតតុសំរាប់ទុកវេអោយភ្ញៀវអស់ចំនួន ៣០.០០០$ (បីម៉ឺនដុល្លាអាមេរិក) ក្នុងខណ:ខ្លួនកំពុងតែនៅចាក់សាំង អោយបក្ខពួករបស់វានៅមុខផ្ទះ ។​

ប៉ូលិសបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រអាង ចាត់វិធានជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងរៀបចំកសាងឯកសារសំណុំរឿងតាមនិតិវិធី៕       

 

កាកបាទក្រហមខេត្តបន្ទាយមានជ័យប្រកាសមិនធ្វើមេទ្ទិញតែនឹងគៀងគរមូលនិធិបន្ថែម

ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងដំណាក់កាលកូវីដ ១៩ មិនទាន់រលត់ពីប្រទេសកម្ពុជានិងពិភពលោកនៅឡើយ ការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ក៏នៅតែបន្តហាមប្រាម ហើយនៅកម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តន៍រក្សាគម្លាតសង្គម ។ ដោយហេតុនេះ អង្គមេទិ្ទញរបស់កាកបាទក្រហមកម្ពុជា ដែលនឹងធ្វើឡើងនៅនៅតាមបណ្ដាខេត្តក៏បានប្រកាសមិនរៀបចំតែនៅបន្តទទួលមូលនីធិពីសប្បុរសជនដដែល ជាក់ស្ដែងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រកាសមិនធ្វើអង្គមេទ្ទិញនោះទេ តែនឹងគៀងគរមូលនីធិបន្ថែមសម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ក្នុងកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយផែនការខួបទី១៥៧ របស់កាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា យោងសេចក្តីប្រកាសព័ត៌មាន របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការប្រារព្ធមេទ្ទិញ អបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ “ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ ១៩ ) មកលើប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាពលរដ្ឋនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ។

លោកបន្តថា ទោះបីសាខាមិនបានរៀបចំពីធីមេទ្ទិញ អបអរខួបទី ១៥៧ ទិវាពិភពលោកក៏ដោយ ក៏ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅតែកៀងគររកមូលនិធិ និងស្វាគមន៏ការចូលរួមបរិច្ចាគនូវ ថវិកា សម្ភារៈ ដោយស្មគ្រចិត្តពីព្រះតេជគុណ សប្បុរសជន មន្រ្តីរាជការនៃស្ថាប័នរដ្ឋ និងវិស័យឯកជន ដូចដែលធ្លាប់បានធ្វើកាលពីបណ្តាឆ្នាំកន្លងទៅ ៕

ឪពុក​បង្កើត​រំលោភ​កូនស្រី​៩​ដង​រហូត​មានកូន​ទើប​បែកធ្លាយ​

ខេត្ត​មណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ​បុរស​តិ​រច្ឆា​ន​ជា​ឪពុក​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ខ្លួនឯង​ជាច្រើន​ដង​រហូត​មាន​ផ្ទៃពោះ ទើប​បែកធ្លាយ ហើយ​ត្រូវបាន​ម្តាយបង្កើត​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង។​

​ចំពោះមុខ​សមត្ថកិច្ច​ជន​តិ​រិ​ច្ឆា​ន​ជា​ឪពុក​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​លើ​កូនស្រី​ខ្លួនឯង​ដែលមាន​អាយុ​ទើបតែ​១៦​ឆ្នាំ​នោះ​ប្រាកដ​មែន​។ ការរំលោភ​កូនស្រី​ខ្លួនឯង​លើកទីមួយ​គឺ​ចាប់ផ្ដើម​នៅក្នុង​ខែតុលា​ឆ្នាំ ២០១៩​និង​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៩​ដង​។​

​មន្ត្រី​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​អំពី​សកម្មភាព​រំលោភ​ថា ជនសង្ស័យ​ជា​ឪពុក បានធ្វើ​សកម្មភាព​រំលោភ​កូនស្រី​ខ្លួនឯង​នៅលើផ្ទះ​ពេលយប់ ពេល​ម្ដាយ​មិន​នៅ ដោយ​ឡើងទៅ​ខ្ទប់មាត់ រួច​សម្រាត​ខោអាវ​ធ្វើ​ការរំលោភ​បានសម្រេច​និង​បាន​គំរាម​លើ​កូនស្រី​នោះ​ថា​នឹង​សម្លាប់ចោល បើសិនជា​ហ៊ាន​ប្រាប់​ទៅ​ម្ដាយ ឬ​បង​របស់ខ្លួន​។​

​តាម​ការសារភាព​រប​ស់ជន​សង្ស័យ​ការរំលោភរ​បស់ជនស​ង្ស័​យ​ទៅលើ​ជនរងគ្រោះ​គឺ​ប្រព្រឹត្ត​នៅលើផ្ទះ​របស់​ខ្លួនឯង ចំនួន​៣​លើក និង​បន្តទៅ​រំលោភ​នៅឯ​ខ្ទម​ចាំ​ស្រែ​ចំនួន​៦​លើក​ទៀត​។ ជនសង្ស័យ​បន្តថា ដោយសារ​តែមាន​ការរួម​រ័ក​មេត្រី​ជាច្រើនលើក​ច្រើនសា​បែបនេះ ជនសង្ស័យ និង​ជនរងគ្រោះ​ហាក់​មាន​ភាពស្និទ្ធស្នាល​ខុសប្លែក ហើយ​កូនស្រី​បាន​សួរ​ទៅ​ឪពុក​ថា​នឹង​បន្ត​ការស្រលាញ់​មកលើ​ខ្លួន​បែបនេះ​ទៀត​ឬក៏​យ៉ាងណា​? ឪពុក​ចិត្តខ្មៅ​តាំងពី​ពេលនោះ​មក ក៏​ឈប់​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​នោះ​ទៀត​ដែរ​។ ​រហូត​កូនស្រី​មាន​ផ្ទៃពោះ​ក៏​ចាប់ផ្ដើម​មានការ​សួរនាំ​ពី​ម្ដាយ​ក៏ដូចជា​សាច់ញាតិ ហើយ​កូនស្រី​បាន​សារភាពថា​ត្រូវ​ឪពុក​បង្កើត​រំលោភ​រហូត​មាន​ផ្ទៃពោះ ពេលនោះ​ហើយ​ដែល​ម្ដាយ​ក៏​សម្រេច​ប្ដឹងទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ឪពុក តែម្ដងទៅ​។​

​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦​ខែមេសា ឆ្នាំ ២០២០​នៅ​ភូមិ ណង​ប៊ួ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​ជនសង្ស័យ​ឈ្មោះ សិង សៃ អាយុ ៤២ ឆ្នាំ មុខរបរ កសិករ រស់នៅ​ចំណុច​ទំនប់​បាក់​ខាំ ភូមិ​ណង​ប៊ួ ឃុំ​ណង​ឃី​លក ស្រុក​កោះ​ញែក​។ ជនរងគ្រោះ​ឈ្មោះ​សៃ ធុ​យ អាយុ​១៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​៕

 

ខាត់ សុ​ឃីម ​និង​ស្វាមី ដឹកនាំ​ការតវ៉ា​នៅ​ខាងមុខតុលាការ​ខេត្តសៀមរាប​

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការ​ខេត្តសៀមរាប បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​ដែល​បង្កឡើង​ដោយ​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​បោក​លុយ​ប្រជាពលរដ្ឋ​រាប់លាន​ដុល្លារ។ ប៉ុន្តែ​នៅ​ខាងក្រៅ​តុលាការ​ឯណោះ​គេ​ឃើញ​បាតុករ​មួយក្រុម​ដឹកនាំ​ដោយ លោកស្រី ខាត់ សុ​ឃីម និង​ស្វាមីបាននាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​សមត្ថកិច្ច​អះអាងថា បានធ្វើការ​ឆបោក​ប្រាក់​អតិថិជន​ជាច្រើន​សិប​នាក់ រហូត​ជាង​១៤​លាន​ដុល្លា​អាមេរិក​ទៅវិញ ហើយ​នេះ​ក៏​ជា​បាតុកម្ម​តវ៉ា​លើក​ទី​២​ដែរ ដែល​ដឹកនាំ​ដោយ​លោកស្រី ខាត់ សុ​ឃីម រួមទាំង​ស្វាមី​ផងដែរ។​

​បាតុកម្ម​តវ៉ា​នៅ​ព្រឹក​នេះ បណ្តាល​ឲ្យឲ្យមាន​ការស្ទះ​ផ្លូវ​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប អស់​ជាច្រើន​ម៉ោង​ផងដែរ បន្ទាប់មក​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​ក៏បាន​ចេញមក​ពន្យល់​ពី​បញ្ហា​ផ្លូវច្បាប់​នៅ​ចំពោះមុខ​បាតុកម្ម អំពី​ការឃុំខ្លួន​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ​។​

​សូមជម្រាបថា នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​ត្រូវ​ចាប់ខ្លួន ​និង​ធ្វើឲ្យមាន​ការតវ៉ា​ទាមទារឲ្យ​ដោះលែង​នោះ មានឈ្មោះ ឌី​ន សួន​ណាត ភេទ​ប្រុស ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​។​ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​៕

 

ក្រសួងការងារ រៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ “បញ្ឈប់ការរាតត្បាតសាកល ៖ ការរៀបចំផែនការ ឆ្លើយតបគ្រោះអាសន្នដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែង ធ្វើការ” តាមរយៈប្រព័ន្ធអ៊ិនធើណេត វីដេអូ Conferenceនាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ពិធីនេះរៀបចំឡើងក្រោមត្តមានលោកបណ្ឌិត អ៊ិតត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Graeme Buckley នាយកប្រចាំប្រទេសនៃអង្គការអន្តរជាតិខាងការងារសម្រាប់ ប្រទេសកម្ពុជា ថៃ និងឡាវ, លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(តំណាងនិយោជក), លោក អាត់ ធន ប្រធានសហភាព ការងារកម្ពុជា(តំណាងសហជីព) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក និងកម្មករនិយោជិត សរុបពី៥០០នាក់ ទៅ ១០០០នាក់។

នេះជាឆ្នាំទី១៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ (ILO-OSH) ក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។

លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារសម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍តាមវីដេអូ Conference ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បានថ្លែងអំណរគុណ ដល់ឯកឧត្តម លោក លោកស្រី សម្រាប់កិច្ចសហការ ទាំងអស់ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ស្តីពីការឆ្លើយតបទៅនឹងមេរោគ កូវីត-19 (Covid-19)។ រូបលោកពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់ យើងទាំងអស់គ្នា ក្នុងការចាត់វិធានការណ៍ដោះស្រាយ ពីការគំរាមកំហែងនៃមេរោគ កូវីត-19 រួមទាំងកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាត់ដេរផងដែរ។ ទន្ទឹមនេះដែរ អង្គការ ILO រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និង គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ របស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេច នូវចក្ខុវិស័យពិភពលោកដែលមាន កន្លែងការងារកាន់តែមានសុខភាព និងសុវត្ថិភាព ប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។

តាមរយៈ វីដេអូ Conferenceនេះដែរ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ-១៩ (COVID-19) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំ ស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខភាពសាធារណៈ លើការបង្ការខ្លួនឲ្យចៀសផុតពីការឆ្លង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បានបង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែមលើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជាយើង។ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និង លំនឹងជីវភាពជូនកម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជុំទីមួយ ទី២ និងទី៣ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ រួមមាន ៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ និង អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែល ស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

នាឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អ៊ិត សំហេង បានបន្តអំពាវនាវជាថ្មី ម្តងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមចូលរួមអនុវត្តអោយបានហ្មត់ចត់បំផុតនូវវិធានការបង្កា និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យ បានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ តាមរយៈការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារជូនបងប្អូនកម្មករនិយោជិត។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ដើម្បីសេចក្តីសុខសាន្តយើងទាំងអស់គ្នា ដើម្បីអនាគតការងារយើង សង្គមជាតិយើង និងសេដ្ឋកិច្ចជាតិយើង។

ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើវិស័យសុវត្ថិភាពការងារនិងសុខភាពការងារ ដែលកន្លងមកនេះ យើងបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖

– បានដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ដែលជាផែនទីចង្អុលផ្លូវក្នុងអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា
– បានបន្តយន្តការនៃគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ថ្នាក់ជាតិ និងសហគ្រាស គ្រឹះស្ថាន
– បានកែលម្អប្រព័ន្ធអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព តាមរយៈការកែលម្អរបាយការណ៍អធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកអធិការកិច្ចការងារ និងការបង្កើនការចុះអធិការកិច្ចការងារបន្ថែមទៀតទៅដល់វិស័យសំណង់ ឡឥដ្ឋ និងសេវាកម្សាន្ត
– បានដាក់ចេញនូវផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលសុវត្ថិភាព និងសុខភាពការងារស្ថិតនៅក្នុងកម្មវិធីទី១ “ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ” ដែលផ្តល់នូវកាលានុវត្ត ជាយុទ្ធសាស្រ្ត ដើម្បីពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថានដែលអនុវត្តតាមបទដ្ឋានការងារស្នូលសុវត្ថិភាព និងសុខភាពការងារ។
– សហការជាមួយទីភ្នាក់ងារជាតិសុខភាព និងសុវត្ថិភាពការងារកូរ៉េ ដើម្បីចាប់ផ្តើមសិក្សា និងរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ
– បន្តកិច្ចសហការជាមួយគម្រោងលើកកម្ពស់ស្តង់ដា សុខភាព និងសុវត្ថិភាពការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នូវផែនការសកម្មភាពដូចខាងក្រោម៖
-បន្តរៀបចំគោលនយោបាយជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ និង កម្រងព័ត៌មានជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ
-ពិនិត្យមើលនូវការវាយតម្លៃការអនុវត្ត ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ (២០១៨ – ២០២២)
-បង្កើតនូវបញ្ជីផ្ទៀងផ្ទាត់ ស្តីពីការកែលម្អរបៀបធ្វើការ នៅក្នុងការដ្ឋានសំណង់ខា្នតធំ និងមធ្យម
-បន្ថែមវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពី WISCON៕

 

ទំនប់អាងទឹកស្រុកព្រៃឈរ-ជើងព្រៃ អាចស្តុកទឹកបានប្រមាណ ១២ លានម៉ែត្រគីប

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកតំបន់ ដែលមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។

ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាពបង្កបង្កើនផលរបស់ប្រជាកសិកររដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។

ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕

ទេសរដ្ឋមន្ត្រី មាស សុភា បាននាំយកបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ ទេសរដ្ឋមន្ត្រីមាសសុភា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារបាននាំយកសម្ភារៈបរិក្ខាពេទ្យ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី 28 ខែមេសាឆ្នាំ 2020 នៅមន្ទីសុខខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួុមពីរលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុងសុវណ្ណ ប្រធានក្រុមព្រឹក្សាខេត្ត រួុមទាំងប្រធានមន្ទី មន្រ្តីរាជការ ជុំវិញខេត្ត បានអញ្ជើញចូលរួុមជាច្រើនអ្នក ។

លោក គួុង ឡូ ប្រធានមន្ទីសុខាភិបាលខេត្ត បានឡើងរាយការណ៍ជូនគណអធិបតី នូវសកម្មភាពរបស់មន្ទីរសុខាភិបាលខេត្ត ដែលបាននិងកំពុងអនុវត្ត នូវការងារប្រយុទ្ធប្រឆាំង និងជំងឺរលាកសួតដែលបង្កដោយវីរុសកូវីដ១៩ បានចែកចេញជា៣តំណាក់កាល ៖

តំណាក់កាលទី១៖ សកម្មភាពមុនពេលមានករណីជំងឺរលាកសួត បង្កដោយវីរុសកូរវីត 19

តំណាក់កាលទី២៖ សកម្មភាពពេលមានករណី ជំងឺរលាកសួត បង្កដោយ វីរុសកូវីដ 19

តំណាក់កាលទី៣៖ កម្មភាពមានពលករខ្មែរត្រឡប់មកពី ប្រទេសថៃមុនចូលឆ្នាំខ្មែរ ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៍ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ទីរអង្គភាពនានាក្នុងខេត្ត ដែលបានរួមសហការគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយះការចុះផ្សព្វផ្សាយអប់រំតាមមូលដ្ឋាន អោយប្រជាពលរដ្ឋបានយល់ដឹង ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩។

លោកបានទៀតថា យើងត្រូវ រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតបាតមេរោគកូវីដ១៩ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។ លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ ។

ជាចុងបញ្ចប់នៃកម្មវិធី គណះអធិបតី បានប្រគល់អំណោយសម្ភារៈ បរិក្ខាពេទ្យ ជូនដល់ មន្ទីរសុខាភិបាលខេត្តព្រះវិហាររួុមមាន អាកុល 650 លីត្រ ម៉ាស់26000 អំបិល300គីឡូ រួមទាំងថវិការមួយចំនួន ៕

ទូត​ខ្មែរ​នៅអាមេរិក​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​អនុវត្ត​គោលការណ៍ ​និង​បទបញ្ជា​តាម​បណ្តា​រដ្ឋ​ដែល​ខ្លួន​រស់នៅ​

ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បានចេញ​នូវ​សេចក្តី​ជូន ដំណឹង​មួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​/​ស្នាក់ នៅ​សហរដ្ឋអាមេរិក​ត្រូវ​តាមដាន​និង​គោរព​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​/​គោលការណ៍​ទាំងឡាយ​នៅតាម​បណ្តា​រដ្ឋ​របស់​បងប្អូន​រៀងៗ​ខ្លួន។ ទន្ទឹម​នោះ​ត្រូវ​បន្ត​តាមដាន​ឲ្យ​បាន​ជាប់​ជានិច្ច​នូវ​សេចក្តីជូនដំណឹង​/​ប្រកាស​ព័ត៌មាន​និង​ការណែនាំ​ផ្សេងៗ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា​ក៏ដូចជា​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក។​

​សូមមេត្តា​អាន​ទាំងស្រុង​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក ៖

 

ឃាត់ខ្លួនបុរសម្នាក់ក្នុងឃាតកម្មលើនារីរោងចក្រសង្ស័យជាករណីរំលោភសម្លាប់

ភ្នំពេញ ៖ នារី​វ័យ​ ២៨ឆ្នាំម្នាក់ ត្រូវគេប្រទះឃើ់ញស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួលរបស់នាងស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមានតែពាក់អាវ តែគ្មានស្លៀកខោ និងមានស្នាមវាយឲ្យរបួស និងស្នាមចាក់ដោយកាំបិត។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ថា ការចុះប្រតិបត្តិការលើករណីឃាតកម្មនេះ ក្រោមការបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ តាមចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរួចប៉ុន្មានម៉ោង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគេសង្ស័យថា ជាករណីរំលោភសម្លាប់។

ជនរងគ្រោះ មានឈ្មោះ សៀត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណេីតភូមិចា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យជាករណីឃាតកម្មរំលោភសម្លាប់។

ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញដែលកំពុងតែធ្វើកោសល្យវិច្ច័យលើសពរបស់ស្ដ្រីរងគ្រោះ មិនបានសន្និដ្ឋានពីករណីនេះថាយ៉ាងដូចម្តេចទេ រង់ចាំបន្តស្រាវជ្រាវសិន ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយពេលមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់៕

សិង្ហ​បុរី​រកឃើញ​ឆ្លង COVID-19 ថ្មី​ចំនួន​៥២៨​នាក់​បន្ថែមទៀត​

សិង្ហ​បុរី ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​៥២៨​នាក់​បន្ថែមទៀត​កាលពី​ម្សិលមិញ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់​១៤.៩៥១​នាក់​។​ នេះ​បើ​យោងតាម​សារព័ត៌មាន CNA។​

​ក្រសួងសុខាភិបាល​បាន​និយាយ​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន​ថា​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​នេះ​គឺ​អ្នក​កាន់​ប័ណ្ណ​ស្នាក់នៅ​សម្រាប់​ធ្វើការ ដែល​ស្នាក់នៅ​កន្លែងធ្វើការ​។​ចំណែក​១០​ករណី​នៅក្នុង​សហគមន៍​ដែល​ក្នុងនោះ​មាន ៧ នាក់​ជា​ពលរដ្ឋ​សិង្ហ​បុរី​ឬ​ជា​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​។​

​ក្រសួង​បាន​ឲ្យ​ដឹង​ដែ​ឬថា មាន​អ្នកជំងឺ​ចំនួន​៣៣​នាក់​ថែមទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ជាសះស្បើយ​។ សរុប​មាន​អ្នកជំងឺ ១.១២៨ នាក់​ហើយ ដែល​បានជា​សះស្បើយ​ពី​ជំងឺឆ្លង​មួយ​នេះ នៅ​សិង្ហ​បុរី ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ឬ​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុង​សហគមន៍​៕

 

ហ្វីលីពីនមានអ្នកឆ្លង COVID-19 កើនឡើង​ជិត​ដល់​៨,០០០​នាក់​

​ហ្វីលីពីន ​៖ យោងតាម​ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ករណី​ឆ្លង COVID-19 ក្នុងប្រទេស​ហ្វីលីពីន​កើនឡើង​ជិត​ដល់ ៨,០០០​នាក់​ហើយ បន្ទាប់ពី​រកឃើញ១៨១​ករណីថ្មី​បន្ថែមទៀយ​កាលពី​ម្ស​ល​មិញ។ នេះ​បើតាម​ការដកស្រង់​ចេញពី​សារព័ត៌មាន CNA ។​

​នៅ​ថ្ងៃ​ដដែល​នេះ ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ក្នុងប្រទេស​បាន​កើន​ដល់ ៥៣០​នាក់​ហើយ បន្ទាប់ពី​មនុស្ស ១៩​នាក់​បាន​ស្លាប់​នៅថ្ងៃនេះ ខណៈ​ឯ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៧,៩៥៨​នាក់​។ ​ទន្ទឹមនឹង​ករណី​ឆ្លង និង​ស្លាប់​នេះ ក៏មាន​អ្នកជំងឺ​ចំនួន​៤៣​នាក់​បានជា​សះស្បើយ​វិញ​ផងដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់ ៩៧៥​នាក់​៕

 

ថ្ងៃនេះ ពុំមានករណីជាសះស្បើយ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕

 

ត្រីមាសទី១ ឆ្នាំ២០២០នេះ ជនបរទេស​ចំនួន ៣៣៩នាក់ ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា ​

ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន១១៥លើក មាន៣៣៩នាក់ ស្រី២៧នាក់ មាន៣៤សញ្ជាតិ ពាក់ព័ន្ធចំនួន២៥បទល្មើស។

តួលេខនេះ ត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ថ្ងៃទី២៨ ខែមេសានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមរបាយការណ៍ ក៏បានឱ្យដឹងផងដែរថា នាយកដ្ឋានស៊ើបអង្កេត មានកន្លែងត្រៀមបណ្តេញចេញ ចំនួន៣កន្លែង រួមមាន ៖ ទី១-មណ្ឌលភ្នំពេញ ,ទី២- មណ្ឌលសៀមរាប និងទី៣-មណ្ឌលព្រះសីហនុ។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បានណែនាំឱ្យការិយាល័យ​នីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ​ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍​។​ នាយឧត្តមសេនីយ៍​ ក៏បានឱ្យប្រធាននាយកដ្ឋាន​ មានការប្រជុំមួយ​សប្តាហ៍ម្តង​ ជាមួយអនុប្រធាន​ នាយ-នាយរង​ការិយាល័យ​មួយផងដែរ។ ក្រៅពីនេះ លោកអគ្គនាយក​ ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ឱ្យប្រុងប្រយ័ត្ន ហើយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ផងដែរ​។

គួររម្លឹកថា នៅថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឱ្យដឹងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS)៕

 

 

ពលករខ្មែរនៅកូរ៉េ ប្រឈមការលុបទិដ្ឋាការបើត្រឡប់មកកម្ពុជាក្នុងពេលមានវិបត្តិកូវីដ១៩

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងដោយទទូចស្នើឲ្យពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ កុំទាន់ មកលេងស្រុកកំណើតនាពេលនេះ ព្រោះអាចប្រឈមនឹងការចោលលុបទិដ្ឋាការ ខណៈកម្ពុជា ក៏ដូចជាកូរ៉េ កំពុងអនុវត្តវិធានការតឹងរ៉ឹងក្នុងអំឡុងពេលកើតមាន កូវីដ-១៩។

លោករដ្ឋលេខាធិការ ហេង សួរ បានអះអាងថា បើបងប្អូនត្រឡបើមកនាពេលនេះ នឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ថ្ងៃ ហើយពេលត្រឡប់ទៅប្រទេសកូរ៉េវិញ គេនឹងឃាត់ទុកឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃដូចគ្នាបន្ថែមទៀត ហើយអាចត្រូវគេលុបចោលទិដ្ឋាការទៀតផង។

ការអំពាវនាវនេះ បានធ្វើឡើងនៅបន្ទាប់ពីមានពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ ដែលទើបមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រឡប់ទៅវិញកាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ត្រូវបានជាប់គាំងនៅព្រលានយន្ដហោះនៅប្រទេសកូរ៉េ ដោយសារតែថៅកែរោងចក្រមិនទាន់អនុញ្ញាតឱ្យចូលធ្វើការវិញ ហើយតម្រូវឲ្យដាក់ដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាមុនសិន។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរឿបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បង្ហាញថា មកដល់ពេលនេះ មានពលករខ្មែរដែលកំពុងធ្វើការងារក្រៅប្រទេសជាង ១លាននាក់ ហើយពុំមានអ្នកណាម្នាក់ឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយឡែក ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េ មានប្រមាណ ៦ម៉ឺននាក់។

សូមជម្រាបថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ៕

កម្ពុជា ជាប់ក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ ធ្ងន់ធ្ងរជាងបាត់បង់ EBA ទៅទៀត

ភ្នំពេញ ៖ កម្ពុជា កំពុងប្រឹងប្រែងក្នុងការរៀបចំបង្កើតច្បាប់មួយដើម្បីអាចឱ្យអន្តរជាតិដកឈ្មោះកម្ពុជា ចេញពីបញ្ជីប្រផេះ។ ស្ថិតក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ ដោយសារតែកម្ពុជា មិនទាន់មានច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រួមនិង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

ច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវ រកម្ម ដែលកម្ពុជារៀបចំឡើងនេះ កំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំរបស់ផ្នែកពាក់ព័ន្ធដែលជាអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ ដើម្បី ធ្វើឱ្យច្បាប់មានលក្ខណៈសមស្របតាមការចង់បានរបស់ស្ថាប័នអន្តរជាតិ ដែលនាំដល់ការលុបឈ្មោះ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មនូវមាត្រាមួយ ចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ក្នុងគោលដៅចង់ឱ្យ កម្ពុជាត្រូវបានលុបចេញពីបញ្ជីប្រផេះរបស់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារ ជាតិនៃកម្ពុជា នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកមិញនេះ ។

មន្ត្រីដដែលនេះ បានគូសបញ្ជាក់ថា កម្ពុជានៅខ្វះមូលដ្ឋានគតិយុត្តមួយចំនួនចំពោះស្តង់ដាថ្មី និងមិនទាន់មានយន្តការស្តីពីការប្រឆាំងការហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៅឡើយ បើទោះបីជាកម្ពុជាត្រូវបានគេមើលឃើញជាអន្តរជាតិ ថា ជាប្រទេសដែលមិនមានហានិភ័យខ្ពស់ក្នុងការធ្វើហិរញ្ញប្បទានដល់ការផលិតអាវុធមហាប្រល័យក៏បែបណាក្តី ប៉ុន្តែកម្ពុជាត្រូវតែមានច្បាប់មួយនេះជាចាំបាច់ ដើម្បីអាចរួចខ្លួនពីបញ្ជីប្រផេះរបស់ស្ថាប័ន អន្តរជាតិទើបយើងបានរៀបចំធ្វើសេចក្តីព្រាងច្បាប់នេះឡើងវិញ ដោយមានការចូលរួមជួយធ្វើសេចក្តីព្រាងពីក្រុមអ្នកជំនាញការច្បាប់របស់អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារអន្តរក្រសួង ដែលក្នុង នោះមានដូចជា ក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងក្រសួងយុត្តិធម៌ក្នុងនាម ជាប្រធានក្រុមការងារបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះជាដើម។

លើកឡើងក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាត្រូវតែមានច្បាប់ឱ្យស្របតាមតម្រូវការរបស់អន្តរជាតិ។

បើយើងជាប់ឈ្មោះនៅក្នុងបញ្ជីប្រផេះនេះ នឹងនាំឱ្យគេសន្មត់ថាកម្ពុជា ជាប្រទេសមានហានិភ័យ ខ្ពស់ជាការធ្វើឱ្យអ្នកវិនិយោគមានការរារែកមិនចង់មកវិនិយោគនៅកម្ពុជា ដែលការដាក់ប្រទេសកម្ពុជាចូល ទៅក្នុងបញ្ជីប្រផេះនេះគឺមានការប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ គឺធ្ងន់ធ្ងរជាង EBA ទៅទៀត៕