All posts by មេគង្គ ប៉ុស្តិ៍

ច្បាប់ចរាចរណ៍ផ្លូវគោកដែលទើបកែសម្រួលថ្មី បង្កើនការពិន័យច្រើនជាងមុនទ្វេដង

ភ្នំពេញ ÷ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកពីមាត្រា ៦ ដល់មាត្រា ១៥ នៃជំពូកទី ៣ នៃអំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍តាមអនុក្រឹត្យលេខ ៤៤ ចុះថ្ងៃទី ២១ មីនា ឆ្នាំ២០១៧ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវ គោក ដែលការកែនេះ បានបង្កើនការការផាក ពិន័យច្រើនជាងមុនប្រហែល ២ ឬ ៣ដង។

អនុក្រឹត្យដែលចេញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមាត្រា ៦ ថ្មីនៃអនុក្រឹត្យនេះ ការពិន័យលើបទល្មើសចរាចរណ៍ត្រូវពិន័យអន្តរការ ណ៍ ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រ យានយន្ត ឬម៉ូតូកង់ ៤ ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ រៀល ចំពោះអ្នកបើកបរដែលបានប្រព្រឹត្តអំពើល្មើសដូចជាអ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុ ៣ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដាជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។ ការពិន័យអន្តរការណ៍ករណីល្មើសត្រូវគិតតាមចំនួនជនប្រព្រឹត្តល្មើសលើកលែងតែត្រីចក្រយានយន្ត ដែលមានដំបូលរឹងមាំបិទជិត។

ក្នុងចំណោមមាត្រាទាំងអស់ដែលត្រូវបានកែប្រែ ត្រូវបានសាធារណជនចាប់អារម្មណ៍ នៅ ត្រង់ការផាកពិន័យលើអ្នកបើកបរយានយន្តធុនស្រាល និងធុនធ្ងន់នូវទឹកប្រាក់ ៣០០ ០០០រៀល(៣០ម៉ឺនរៀល) និងទឹកប្រាក់ ៦២៥ ០០០រៀល(៦២ម៉ឺន៥ពាន់រៀល) ចំពោះអំពើល្មើសបើកបរយានយន្តដែលកែច្នៃដំឡើងខុសបទដ្ឋានបច្ចេកទេស។ បើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។ បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោងឡើងទៅ។

ចំពោះការបើកបរក្នុងស្ថានភាពស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ ០,៧៩ ក្រាមក្នុង ១ លីត្រឈាមត្រូវពិន័យអន្តរការណ៍ទឹកប្រាក់ ៤០០ ០០០រៀល (៤០ម៉ឺនរៀល) សម្រាប់យានយន្តធុនស្រាល និងទឹកប្រាក់ ៨០០ ០០០រៀល(៨០ម៉ឺនរៀល) សម្រាប់យានយន្តធុនធ្ងន់។ ករណីនេះត្រូវបញ្ឈប់មិនឲ្យបន្តដំណើរទៅមុខទៀត៕

ច្រកអន្តរជាតិកម្ពុជា ថៃ អូរស្មាច់-ឆងចម បិទបណ្តោះអាស្នលើកលែងការដឹកជញ្ជូនបម្រើវិស័យពាណិជ្ជកម្ម

 

កោះកុង ÷ ការប្រកាសបិទមិនអោយធ្វើដំណើរឆ្លងកាត់ជាបណ្តោះច្រកអន្តរជាតិអូរស្មាច់ បាន ធ្វើឡើង ដោយឯកភាពរវាងអាជ្ញាធរខេត្តនៃប្រទេសទាំងពីរដើម្បីជួបសម្របសម្រួលគ្នា ទៅវិញ ទៅមក ។ ការប្រកាសបិទនេះ បានធើវឡើងនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដោយភាគីខាងកម្ពុជា ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្ដរមានជ័យ និងភាគីថៃ លោក កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ស្ថិតសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ ទល់នឹងស្រុកកាប់ឈើ ខេត្តសុរិន្ទ ប្រទេសថៃ។

ក្នុងកិច្ចជួបប្រជុំរវាងអាជ្ញាធរខេត្តទាំងពីរនេះ បានឯកភាពគ្នាប្រកាសបិទច្រកទ្វារអន្តរជាតិ ព្រំដែនអូរស្មាច់ បណ្តោះអាសន្នចងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមិនអនុញ្ញាត អោយពលរដ្ឋនៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់នោះឡើយ។ ហើយខាងភាគីថៃ ហាម មិនអោយពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃនោះទេ ប៉ុន្តែអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរដែលធ្វើការនៅថៃ អាចធ្វើដំណើរវិលមកកម្ពុជាវិញបាន។ ដោយឡែកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរជាធម្មតាដដែល។

ក្នុងនោះដែរភាគីទាំងពីរក៏បានឯកភាពគ្នាបិទបណ្តោះអាសន្ន ទៅតាមកិច្ចព្រមព្រាងមួយ មាន ដូចជា ៖ ១- ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លង ដែន។ ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែ ជំងឺកូវីដ-១៩ ។ ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈ ពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ ៤-បន្តទំនាក់ទំ នង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកជាប់ជាប្រចាំ ៕៉

មន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគប្រឆាំងជំងឺ COVID 19 នៅស្រុកកងមាស

កំពង់ចាម ​៖ ក្រោយ​​ពី​​ក្រសួង​សុខាភិបាល​ បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគកូវិដ១៩ ចំនួន៧នាក់ដែលជា​ជនជាតិ​ម៉ាឡេស៊ី​ បានមកធ្វើការងារសាសនា​ នៅស្រុក​កងមាស​ ជា​បន្តបន្ទាប់​រួចមក​​ ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ និង​ជាកិច្ចការ​ ការ​ពារដល់សុខសុវត្ថិភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងនោះ​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែមិនា​ ឆ្នាំ​២០២០នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ និង​ជា​ប្រធាន​ ស.ស.យ.ក​ ខេត្តកំពង់ចាម​ រួមដំណេីរ​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ដឹកនាំ​ក្រុម​យុវជន​ ស.ស.យ.ក​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​នៅ​វិហារ​ឥស្លាម​ ដែល​ជនជាតិ​ម៉ាឡេស៊ី ទាំងនោះចូលរួមថ្វាយបង្គំព្រះ និង​ទីតាំង​ស្នាក់នៅ​បណ្តោះអាសន្ន​ផង​ដែរ​។

លោក​ ភោគ​ សាវុធ​ អភិបាល​ស្រុក​ក០ងមាស​ បាន​ឲ្យដឹង​ថា​ ក្នុង​ការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ដែល​មាន​ការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ផងនេះ​ មិនមែនជាការរើសអើងអ្វីឡើយ តែជាការយកចិត្តទុកដាក់ដល់សហគមន៍របស់យើងទាំងមូលដែលជាខ្មែរតែមួយ។ ដូច្នេះ​ក្រុម​ការងារ​បាន​ធ្វើ​ការ​បាញ់ថ្នាំសម្លាប់មេរោគ នៅវិហារឥស្លាម-សារ៉ាវ ចំនួន​៤កន្លែង​ និង​ផ្ទះគោលដៅ១ខ្នង ស្ថិតក្នុងឃុំរកាគយ និងឃុំ​អង្គរបាន​ នៃស្រុកកងមាស​។ ព្រមទាំង​បានពន្យល់បងប្អូនខ្មែរឥស្លាម​ អំពីការថែទាំសុខភាព ការញុះញង់អំពីការរើសអើង ការការពារមេរោគ Covid-19 ថែមទាំងបានកំណត់ឲ្យចាក់សារផ្សព្វផ្សាយអយអំពីមេរោគ Covid-19 តាមវិហារនីមួយៗតាមមេក្រូដែលមានស្រាប់។

ជាមួយគ្នា​នោះ​ ក្រុមគ្រូពេទ្យជំនាញ ក៏បានចុះទៅប្រមូលសំណាកមនុស្ស​ចំនួន​៤០នាក់​ ​ដែលមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ​ ជាមួយជនជាតិម៉ាឡេស៉ី​ទាំង៧នាក់​ ដែលមានផ្ទុកមេរោគ Covid-19 នៅស្រុកកងមាស ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ​ ផង​ដែរ​ ៕ ដោយ ÷ ប៉ែន សុផល

កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន៤នាក់ថ្មីទៀត សរុបកើនដល់ ៥១នាក់

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះថា ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥១នាក់ ក្នុងនោះ បុរស៤៧នាក់ និងស្រ្តី៤នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រកឃើញករណីទី 1 លើបុរសជនជាតិម៉ាឡេស៊ី ម្នាក់ អាយុ 35 ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុក កងមាស ខេត្តកំពង់ចាម និងធ្វើការងារជាអ្នកផ្សព្វផ្សាយសាសនា នៅតាមបណ្ដាខេត្តក្នុង ប្រទេសកម្ពុជា។

ករណីទី 2 រកឃើញលើបុរសខ្មែរអាយុ 33 ឆ្នាំម្នាក់ រស់នៅក្នុងសង្កាត់ច្រាំងចំរេះ 2 ។ បុរសរូបនេះមិនបានទៅប្រទេសម៉ាឡេស៊ីទេ តែគាត់ឆ្លងវីរុស ដោយសារមានទំនាក់ទំនង ផ្ទាល់ជាមួយអ្នកមានមេរោគ កូវីដ១៩។ ករណីទី 3 រកឃើញលើបុរសខ្មែរអាយុ 48ឆ្នាំម្នាក់ រស់នៅក្រុងបាត់ដំបង និងមួយករណីទៀត នៅលើបុរសខ្មែរវ័យ 38 ឆ្នាំម្នាក់រស់នៅក្នុង ស្រុក មោងឬស្សី ដែលសរុបករណីវិជ្ជមាននៃវីរុស កូវីដ19 នៅទូទាំងប្រទេសកម្ពុជា កើន ដល់ ៥១នាក់ គិតត្រឹមម៉ោង 21 : ០០ ថ្ងៃទី 20 ខែមីនា ឆ្នាំ 2020។

ក្រសួងសុខាភិបាល ក៏បានជូនដំណឹងដល់សាធារណជនផងដែរ អំពីការវិវឌ្ឍន៍នៃសុខ ភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង ដែលក្នុងនោះ មានសារអប់រំសុខភាព ជាច្រើន ដែលអាចទាញយកមកប្រើប្រាស់បាន ឬបើមានករណីចាំបាច់សូមទាក់ទង តាម រយ:ទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ115 ដោយឥតគិតថ្លៃ៕

ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៣ ខែមីនា ប្រជុំវិសាមញ្ញ នីតិកាលទី៤ លើរបៀបវីរៈចំនួន៦

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ។
៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំថា ៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា បានយកចិត្តទុកដាក់បំផុតចំពោះសុខភាពមន្រ្តី បុគ្គលិកទាំងអស់ និងបានត្រៀមលក្ខណៈក្នុងការទប់ស្កាត់នូវជម្ងឺ COVID-19 យ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

សភាអាមេរិកអនុម័តច្បាប់ផ្តល់ជំនួយ១០០ពាន់លានដុល្លារទប់ទល់នឹងមេរោគកូរ៉ូណា

អាមេរិក ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ផ្តល់ថវិកាជាង ១០០ពាន់លានដុល្លារ ដើម្បីទប់ទល់ នឹងការរីករាលដាលវីរុសកូរ៉ូណា តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើតេស្តរកមេរោគ ដោយឥតគិតថ្លៃ ពន្យារថ្ងៃឈប់សម្រាក ជំនួយស្បៀងអាហារបន្ថែម និងជំហានផ្សេងទៀតដែលត្រូវការជាបន្ទាន់។

ច្បាប់ ដែលត្រូវបានអនុម័តដោយសំឡេងឆ្នោត ៩០-៨ ឥឡូវនេះ ត្រូវបានបញ្ជូនទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា ចូលជាធរមាន បន្ទាប់ពីសភា បានអនុម័តវិធានការណ៍ ហើយបច្ចុប្បន្ន សភា និងសេតវិមាន កំពុងពិភាក្សាបន្ថែម អំពីច្បាប់ជំរុញសេដ្ឋកិច្ចដែលកាន់តែធំទូលាយជាមុន។

បន្ទាប់ពីការអនុម័តច្បាប់ មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell បាននិយាយថា បន្តទៀត សភានឹងធ្វើការលើច្បាប់ ដែលមានគោលបំណង ជួយដល់អាជីវ កម្ម ខ្នាតតូច ដោយផ្តល់ប្រាក់ដល់ជនជាតិអាមេរិកដោយផ្ទាល់ និងជួយឧស្សាហកម្មមួយ ចំនួន ក្នុងកំឡុងពេលមានវិបត្តិវីរុសនេះ។

គួរបញ្ជាក់ថាមេរោគឆ្លងដែលបានបង្ហាញខ្លូន នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន បច្ចុប្បន្ន បានឆ្លងដល់មនុស្សជាង ២១២.០០០នាក់ និងបណ្តាលឱ្យមនុស្ស ៨.៧០០ នាក់ស្លាប់ នៅក្នុង១៦៤ ប្រទេស ដែលបង្កឱ្យមានការបិទការចេញចូលនៅក្នុងប្រទេសមួយចំនួន៕

លោក សាន វិជ្ជាសារ៉ាវុធ ព្រមានជាថ្មីចំពោះពាណិជ្ជករ អាជីវករ និងសេវាកររូបណា ដែលមិនព្រមបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រួមជាមួយនិងមន្ត្រីពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចុះពិនិត្យរកទំនិញខូចគុណភាព ផុតសុពលភាពប្រើប្រាស់ និងបានព្រមានដាក់វិធានការតាមផ្លូវច្បាប់ ចំពោះពាណិជ្ជករ អាជីវករ និងសេវាកររូបណា ដែលមិនព្រមបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរ ក្នុងអាជីវកម្មរបស់ខ្លួន ។ ការចុះពនិត្យនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅតាមហាងលក់ទំនិញ និងផ្សារម៉ាត នៅក្នុងតំបន់កាស៊ីណូ ក្រុងប៉ោយប៉ែត។   
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានលើកឡើងថា មន្រ្តីជំនាញបានអនុវត្តឱ្យមានការសរសេររាយមុខទំនិញ តាំងលក់ក្នុងផ្សារម៉ាត ទីតាំងលក់ទំនិញ ដោយយោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្តីពីការបិទស្លាកលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ដោយធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌។
លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រកាសនៃប្រការ៨ គ្រប់ពាណិជ្ជករ អាជីវករទាំងឡាយដែលមិនអនុវត្តតាមប្រកាសនេះទេ ត្រូវបានចាត់ទុកកិច្ចប្រតិបត្តិការលក់ទំនិញ ជាអំពើខុសច្បាប់ហើយ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ឬផាកពិន័យជាទឹកប្រាក់ចំនួន២លានរៀលដល់៦លានរៀល ហើយបើក្នុងករណី ចង់សរសេររាយមុខទំនិញជាតម្លៃរូបិយបរទេសអាចទៅទំនាក់ទំនងសួរនាំព័ត៌មានខាងមន្ទីរពាណិជ្ជកម្មខេត្ត។
គួរបញ្ជាក់ថា៖ ក្រោយពីមានការយកចិត្តទុកដាក់របស់មន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មជារឿយៗមកនេះ ឃើញថា ការបិទស្លាកតម្លៃជាប្រាក់រៀល នៅលើមុខទំនិញ សេវាកម្ម នៅតាមផ្សារម៉ាត ហាងផ្សេងៗ របស់អាជីវករ ពាណិជ្ជករ និងសេវាករ បានអនុវត្តបានល្អប្រសើរឡើង។ ដោយឡែកហាង និងម៉ាត នៅក្នុងតំបន់កាស៊ីណូមួយចំនួន ត្រូវបានយកតម្លៃបា្រក់បាតថៃជាគោល ដោយបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរមានតម្លៃខ្ពស់ ១០០បាតស្មើនឹង១៤០០០រៀល ទៅ១៥០០០រៀល លើសពីអត្រាប្តូរប្រាក់៕

កម្ពុជា-វៀតណាម សម្រេច៤ចំណុច រឿង​ដឹកទំនិញចេញ​ចូល​ប្រទេសទាំង២

ខេត្តស្វាយរៀង ៖ ក្រោយប្រកាសបិទព្រំដែន​រៀងៗខ្លួន កម្ពុជា និងវៀតណាម បាន​សម្រេច​អនុវត្ត​ដំណោះស្រាយចំពោះមុខចំនួន ៤ចំណុចដូចខាងក្រោម ៖

១. អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ចូល​ដល់តំបន់ ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ​អ្នក​បើកបរ

២. អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ចូលដល់​តំបន់ ស ហើយ​ប្តូរក្បាលឡាន​សណ្តោង

៣. អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ចូលដល់តំបន់ ស ហើយ​ធ្វើការ​ផ្ទេរទំនិញ ឬលើកផ្ទេរ​កុងតៃន័រ​ពីរថយន្ត​ភាគីម្ខាង​ទៅដាក់​លើ​រថយន្ត​ភាគីម្ខាងទៀត

៤. អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ពីភាគី​វៀតណាម​ចូលដល់ផែស្ងួតណាមួយ​នៅក្បែរព្រំដែន រួចផ្ទេរ​ទំនិញ​ចេញ និង​អាចផ្ទុកទំនិញ​ដែលត្រូវនាំចេញ​ពីកម្ពុជា​ទៅវិញ ដោយ​តម្រូវ​ឱ្យអ្នកបើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​សុវត្ថិភាព​ការពារ​ Virus ដែល​អនុញ្ញាតដោយចត្តាឡឺស័ក និង​ស្នើឱ្យសមត្ថកិច្ច​ពាក់ព័ន្ធ​ខាងកម្ពុជា ជួយ​សហការ​ធានា​ថាអ្នកបើកបរ​មិនបាន​ទៅណាខុសពីតម្រាយផ្លូវ និង​ទៅជួប​ប្រាស្រ័យទាក់ទង​ជាមួយអ្នកផ្សេង។

ការសម្រេចខាងលើនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ទ្វេភាគី ដែលខាងកម្ពុជា​ដឹកនាំដោយលោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា និង​លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯខាងវៀតណាម ដឹកនាំដោយ​អភិបាលរងខេត្តតៃនិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២០៕

 

ថៃរកឃើញអ្នកឆ្លង COVID-19 ៥០នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៣២២ករណី

បាងកក ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់៣២២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ (Suwannachai Wattanayingcharoenchai) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីឆ្លងថ្មីទាំង៥០ករណីថ្មីៗខាងលើ មាន៤១ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ខណៈ៩នាក់ផ្សេងទៀត គឺមានជាប់ទាក់ទិននឹងអ្នកមកពីបរទេស និងធ្លាប់ទំនាក់ទំនងជិតស្និទជាមួយជនបរទេស។

សូមជម្រាបថា បច្ចុប្បន្នថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤៣នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២៧៨នាក់ទៀត នៅតែបន្តការសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ៕

 

មហារុស្ស៊ីចាប់ផ្តើមធ្វើតេស្ត​គំរូវ៉ាក់សាំងផ្សេងៗ​ការពារជំងឺកូវីដ១៩

រុស្ស៊ី ៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិសាណូសាស្រ្ត និង​បច្ចេកវិទ្យា​ជីវសាស្រ្ត​របស់​ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើតេស្ត​គំរូវ៉ាក់សាំងផ្សេងៗ​ការពារជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០នេះ។

មជ្ឈមណ្ឌលនេះបាន​ចាប់ផ្តើម​សិក្សា​ពិសោធន៍វ៉ាក់សាំង​ទាំងនេះទៅលើសត្វជាច្រើន។

អ្នកវិទ្យាសាស្រ្តរំពឹងថា នឹង​អាច​ធ្វើការបង្ហាញ​វ៉ាក់សាំង​នេះ នៅក្នុងអំឡុង​ត្រីមាសទី៤ នៃឆ្នាំ២០២០ខាងមុខ៕

 

សហរដ្ឋអាមេរិក ៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់១១,២៧៤ករណី

វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនយ៉ាងគំហុករហូតដល់ ១១,២៧៤ករណីហើយ ក្នុងនោះអ្នកជំងឺ១៥៧នាក់បានស្លាប់។ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

បើតាម CSSE ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបទាំង ១១,២៧៤ករណី មាន ៩១០ករណីស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (អ្នកជំងឺ ១៩នាក់ស្លាប់)។ ចំណែកឯរដ្ឋញូយ៉កវិញមានអ្នកឆ្លង ៥,២៩៨ករណី ខណៈរដ្ឋវ៉ាស៊ីនតោន មាន១,៣៧៦ករណី។ CSSE បន្ថែមទៀតថា ចំនួនអ្នកស្លាប់នៅទូទាំង សហរដ្ឋអាមេរិកក៏បានកើនដល់ ១៥៧នាក់ផងដែរ ក្នុងនោះមាន ៦៨នាក់ នៅរដ្ឋវ៉ាស៊ីនតោន, ២១នាក់នៅរដ្ឋញូយ៉ក ហើយដោយឡែកអ្នកជំងឺ ១០៨នាក់បានជាសះស្បើយ។

បច្ចុប្បន្នរដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយគ្រាន់តែពេញមួយថ្ងៃពុធ (ម៉ោងនៅវ៉ាស៊ីនតោន) ចំនួនអ្នកឆ្លងបាន កើនដល់ជិត ២,០០០ករណីឯណោះ។

ដោយឡែក រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្គាប់ឱ្យប្រជាជនទាំងអស់៤០លាននាក់រស់នៅ ស្ថិតនៅក្នុងផ្ទះមួយរយៈ ជាផ្នែកមួយនៃយុទ្ធនាការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។

ការប្រកាសពីវិធានការខាងលើ ធ្វើឡើងខណៈរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 បន្ទាប់ពីរដ្ឋវ៉ាស៊ីនតោន និងរដ្ឋញូយ៉ក៕

 

 

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅអ៊ីតាលី កើនលើសចិន

អ៊ីតាលី ៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ (១៩ មីនា) ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឬវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងច្រើនជាងប្រទេសចិន ហើយបានត្រៀមខ្លួនបន្តពង្រីកការបិទប្រទេសកាន់តែយូរជាងមុនទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។

ចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលី បានកើនដល់ ៣ ៤០៥នាក់ បន្ទាប់ពីវាបានកត់ត្រាថា មានអ្នកស្លាប់ថ្មីចំនួន ៤២៧នាក់ កាលពីថ្ងៃពុធ (១៨ មីនា)។ គួរឲ្យដឹងថា ប្រទេសចិនបានរាយការណ៍ជាផ្លូវការនូវចំនួនស្លាប់ដោយសារជំងឺកូវីដ១៩ សរុប ៣ ២៤៥នាក់ ចាប់តាំងករណីដំបូងបានកើតឡើងកាលពីចុងឆ្នាំមុន។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៤១ ០៣៥នាក់ហើយ។

គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២០,៩៩៥ករណី ដែលក្នុងនោះប្រមាណ៩០,០០០នាក់ស្លាប់ និង ៨៥,៧៨២នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕

 

 

បុរសសរសៃប្រសាទម្នាក់ផ្ទុះកំហឹងចាក់សាំងដុតផ្ទះខ្លួនឯងចោល​នៅក្រុងព្រះវិហារ(វីដេអូ)

ក្រុងព្រះវិហារ ៖ ផ្ទះឈើសាងសង់លាយឥដ្ឋមួយខ្នង ត្រូវបានភ្លើងឆាបឆេះខូចខាតទាំងស្រុងរួមទាំងទ្រព្យសម្បត្តិមានតម្លឌៃមួយចំនួនធំទៀតផង តែគ្រោះអគ្គិភ័យនេះ​ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់នរណាម្នាក់ ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

គ្រោះអគ្គិភ័យនេះ កើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ស គង់ ស្ថិតនៅក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

តាមការបញ្ជា្កក់របស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យឆេះអស់ផ្ទះមួយខ្នងនេះ គឺបណ្តាលមកពីបុរសជាប្តីមានជំងឺសរសៃប្រសាទ គួបផ្សំក្នុងថ្ងៃកើតហេតុ គាត់មានការខឹងសម្បារក្នុងក្រុមគ្រួសារ គាត់ក៏បានយកសាំងចាក់ដុតផ្ទះខ្លួនឯងចោលតែម្តង។

សមត្ថកិច្ចបន្តថា បុរសម្ចាស់ផ្ទះដែលមានជំងឺសរសៃប្រសាទនោះឈ្មោះ សេ ធី អាយុ៤១ឆ្នាំ ចំណែកភរិយារបស់គាត់ ឈ្មោះ នង គង់ អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។

ទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន  ៖  ការខូចខាតផ្ទះចំនួន១ខ្នង ទំហំទទឹង ៥ម. បណ្តោយ ១២ម. ធ្វើអំពីឈើ លាយឥដ្ឋប្រក់ស័ង្កសី  បាត់បង់ទ្រព្យសម្បត្តិមានតម្លៃដូចជា ១.លុយរៀលប្រហែល ១០លាន  ២.ខ្សែកមាស ១ដំឡឹង ៣.ខ្សែដៃមាស ៥ជី  ៣.ក្រវិលផ្លាកទីន១គូ ​ ៤.គ្រែ៣គ្រឿង ៥.ទូកញ្ចក់​១គ្រឿង ៦.តុទឹកតែ១គ្រឿង ៧.កូនក្រឡឹង១០គ្រាប់ ៨.ទូរស័ព្ទ១គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

គួរជម្រាបថា ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ធ្វើឡើងក្រោមបទបញ្ជារបស់ ឧ/ទោ សួស សុខដារា ស្នងការដ្នានប្រើកម្លាំងអន្តរាគមន៍ សហកាជាមួយកម្លាំងនគបាលក្រុងព្រះវិហារសរុបបម្រាណ ៧៤នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង បានពន្លត់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង ៩និង៣០ នាទី ថ្ងៃខែឆ្នាំដដែល ដោយពុំមានប៉ះពាល់ដល់ផ្ទះអ្នកជិខាង ឬបង្ករបួសស្នាមដល់មនុស្សឡើយ៕ ដោយ ៖ កូវ ប៊ុនហេង

ឃាតករចាក់សម្លាប់សន្តិសុខយាម​ធនាគារ PPC BANK នៅភ្នំពេញត្រូវបានចាប់ខ្លួននៅកំពង់ធំ

ភ្នំពេញ+កំពង់ធំ ៖ ឃាតករដៃឆៅចាក់សម្លាប់បុរសជាសន្ដិសុខម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃនេះទីដែលជនសង្ស័យកំពុងលាក់ខ្លួន។

លោកឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា។

បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រតិបត្តិរហូតឈានដល់តាមចាប់ខ្លួនបានជនដៃដល់នេះ មានកិច្ចសហការរវាង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញតាមបង្ក្រាបបានឈ្មោះ ឈី ប៊ុនណៃ អាយុ២២ឆ្នាំ មុខរបរសន្តិសុខ ចាក់ជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ៤៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅបាត់តែម្តង។ ជនដៃដល់ខាងលើត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង០៥ល្ងាចមិញនេះ នៅចំណុចភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីសួរចម្លើយបឋម ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះប្រមាថខ្លួនថាជាមនុស្សញៀនថ្នាំ។ បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនពីខេត្តកំពង់ធំ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា១០នាក់ថ្មីបន្ថែមទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖