All posts by មេគង្គ ប៉ុស្តិ៍

ម៉ាឡេស៊ី ៖ អ្នកជំងឺ COVID-19 ម្នាក់ទៀតស្លាប់ សរុបកើនដល់១១នាក់

គូឡាឡាំពួរ ៖ អគ្គនាយកសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១១នាក់ហើយ បន្ទាប់ពីអ្នកជំងឺម្នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមសារព័ត៌មាន CNA។

នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃចន្ទនេះ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានបញ្ជាក់ថា ជនរងគ្រោះខាងលើ គឺជាបុរសពលរដ្ឋ ម៉ាឡេស៊ីម្នាក់ មានអាយុ៧០ឆ្នាំ និងមានជំងឺប្រចាំកាយស្រាប់។ លោកបន្ថែមថា បុរសចំណាស់រូបនេះ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ហើយគាត់មានរោគសញ្ញា COVID-19 កាលពីមួយសប្ដាហ៍មុន និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែមីនា ក៏ដូចជាត្រូវបានធ្វើតេស្ដរកឃើញថាផ្ទុកជំងឺនេះ នៅថ្ងៃទី១៩ ខែមីនា។

បើតាមលោក Abdullah បុរសម្នាក់នេះដែលជាករណីឆ្លងទី១,០៧០ បានស្លាប់កាលពីថ្ងៃទី២២ ខែមីនា នៅវេលាម៉ោង ៩៖៥០នាទីយប់។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ្នកឆ្លងសរុប នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១,៣០៦នាក់៕

 

គ្រូពេទ្យជំនាញចិន និងបរិក្ខារវេជ្ជសាស្ត្រ ៤តោន បានមកដល់កម្ពុជាហើយ

ភ្នំពេញ ÷ នៅព្រឹកថ្ងៃច័ន្ទទី២៣ មីនា នេះ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ខ្លួនចំនួន ៧រូប មកដល់កម្ពុជាហើយ រួមទាំងបរិក្ខារវេជ្ជសាស្ត្រប្រមាណ ៤តោនផងដែរ ប្រយោជន៍ដើម្បីចែករំលែកចំណេះដឹងពីការព្យាបាលជំងឺកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា ខណៈដែលជំងឺឆ្លងដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតនៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលកម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ នេះ ជាបន្តបន្ទាប់រហូតជិត ៩០នាក់ ហើយគិតត្រឹមថ្ងៃទី២៣ ខែមីនា នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានអញ្ជើញទៅទទួលស្វាគមន៍នៃការ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ក្រុមគ្រូពេទ្យជំនាញចិនទាំង៧រូបនេះ ដោយបានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិនរបស់ លោកប្រធានាធិបតី ស៊ី ជិនភីង ដែលតែងបានជួយដល់កម្ពុជា ជាពិសេសការជួយដ៏មានសារសំខាន់បំផុតនៅក្នុងគ្រាដ៏លំបាកនេះ។

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា សូមកុំមានការព្រួយបារម្ភជ្រុលហួសពេក ហើយត្រូវមានការជឿជាក់លើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ នេះ៕

រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ១៩ ចំនួន​២​ករណី​នៅ​កំពង់ចាម ​និង​កោះកុង

ភ្នំពេញ ​៖ គិត​ត្រឹម​ម៉ោង១០​ព្រឹក ថ្ងៃ​ទី២៣ មីនា ២០២០ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់​ថា CDC របស់​ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​មានការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ១៩ ចំនួ​ន ២ ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​ហក់​ឡើង​ដល់៨៦ករណី​ទូ​ទាំង​ប្រទេស​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​ថា «​យើង​រក​ឃើញ​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ចំនួន ៨៦​ករណី ។ រហូត​ពេល​នេះ​យើង​បាន​ព្យាបាល​ជា​ពីរ​នាក់​ហើយ​គឺ​ជនជាតិ​ចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់ ។ យើង​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មានការ​ឆ្រ​ហូល​ង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង​»​។

សូម​បញ្ជាក់​ថា ២ ករណី​ថ្មី​នេះ​គឺ​មួយ​ករណី​មាន​លើ​ជនជាតិ​ខ្មែរ​នៅ​ខេត្តកោះកុង ដែល​នាំ​ឲ្យ​ខេត្តកោះកុង​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន២ករណី និង​កំពង់ចាម​ឡើង​ដល់១១​ករណី៕

 

ពលរដ្ឋ និងពលករខ្មែរនៅម៉ាឡេស៊ី អាចទៅពិនិត្យ”កូវីដ១៩”ដោយឥតគិតថ្លៃ

ភ្នំពេញ ÷ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជូនដំណឹងដល់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវទៅពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ទោះគ្មានច្បាប់ស្នាក់នៅក៏ដោយ បើសិនមានសញ្ញាណាមួយដែលសង្ស័យជារោគសញ្ញានៃវីរុស COVID-19។

ក្នុងសេចក្តីជូនដំណឹង វានបង្ហាញខ្លះៗពីរោគសញ្ញាដែលគួរឲ្យសង្ស័យដូចជា ៖ ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពងក ហៀរសំបោរ និងដកដង្ហើមថប់ណែន…។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បើទោះបីជាការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ពុំមានការលើកលែងទោសក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹងបន្តឹងការធ្វើដំណើរ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកជូនអ្នកជំងឺទៅមន្ទីរពេទ្យផងដែរ ដោយពិនិត្យដោះស្រាយតាមករណីជាក់ស្តែងនីមួយៗ៕

ចិន​រាយការណ៍​ថា​ គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​​៥​ថ្ងៃ​ជាប់​គ្នា​

​ចិន ៖ យោងតាម​គណៈកម្មាធិកា​រ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​វិ​រុស​កូ​រ៉ូ​ណា​សូម្បីតែ​ម្នាក់​នៅក្នុង​ស្រុង រយៈពេល៥ថ្ងៃជាប់គ្នា ខណៈ​សរុប​ករណី​ចំនួន​៣៩​ករណី​ថ្មី​គឺ​ត្រូវបាន​នាំចូល​ពី​បរទេស ​និង​មាន​អ្នកស្លាប់​ចំនួន​៩ នាក់​ផ្សេងទៀត​គិត​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ចំនួន​ករណី​ឆ្លង​នៅ​ចិនដីគោក​សរុប​៨១.០៩៣ នាក់​ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​៣.២៧០​នាក់​។ នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នក​ជម្ងឺ​ចំនួន ៤៥៩​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បាក​ចេញពី​មន្ទីរពេទ្យ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៧២.៧០៣​នាក់​នៅ​ទូទាំងប្រទេស​។​

​សូមជម្រាបថា ក្នុងចំណោម​២៩​ករណី​ថ្មី​ដែល​បាន​នាំចូល​ពី​បរទេស ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ខេត្ត​ចំនួន ៩ និង​១០​ករណី​ទៀត​នៅ​ទីក្រុង​ប៉េកាំង​និង​ស៊ា​ង​ហៃ ចំណែក ៦ ករណី​ទៀត​នៅ​ខេត្ត​ហ្វូ​ជាន​និង​ខេត្ត​ក្វាង​ទុង​៕

 

អ៊ីតាលីមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន៦៥១នាក់ សរុបជិត ៥ ៥០០នាក់

អ៊ីតាល ៖ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងជិតដល់ ៥ ៥០០នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសនេះរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មី ៦៥១នាក់ទៀត។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ នៅថ្ងៃអាទិត្យខាងលើ គឺទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួនសរុប ៧៩៣នាក់។ គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសអ៊ីតាលី គឺ ៥៩ ១៣៨ករណី ខណៈចំនួនអ្នកស្លាប់សរុបគឺ ៥ ៤៧៦នាក់។

មន្ត្រីរដ្ឋាភិបាលអ៊ីតាលី លោក Angelo Borrelli បានប្រាប់អ្នកយកព័ត៌មានថា “តួលេខដែលបានប្រកាសថ្ងៃនេះ (ថ្ងៃអាទិត្យ) គឺទាបជាងតួលេខកាលពីម្សិលមិញទេ។ ខ្ញុំ និងយើងទាំងអស់គ្នាសង្ឃឹមថា តួលេខនោះអាចនឹងធ្លាក់ចុះបន្តទៀតនៅថ្ងៃខាងមុខ”។

គួរឲ្យដឹងថា តួលេខនៅថ្ងៃអាទិត្យនោះបានបង្ហាញឲ្យឃើញថា វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងជុំវិញចំណុចកណ្តាល នៃកន្លែងផ្ទុះវីរុសកូរ៉ូណាឡើង ក្បែរទីក្រុង Milan កំពុងតែមានប្រសិទ្ធិភាពហើយ៕

 

ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​រូប​បាន​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ​ ៖ ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ពិនិត្យ​និង​ព្យាបាល​ជំងឺ COVID-19 របស់​ប្រទេស​ចិន​បាន​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ។​
​ ​
​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​ប្រទេស​ចិន​ទាំង​៧​រូបនោះ ៕

 

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់ជិត៧០០០នាក់

តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ រាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់១,៦៨៥នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប២១,៦៣៨ករណី ខណៈអ្នកជំងឺ៧,៩១៣នាក់ក៏បានជាសះស្បើយរួចទៅហើយដែរ។

អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងលក់ទំនិញ និងសូម្បីតែឱសថស្ថាន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា។

ជាមួយនឹងតួលេខថ្មីខាងលើនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចប្រើប្រាស់ ផ្សារទំនើបធំមួយនៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ធ្វើជាកន្លែងទទួលព្យាបាលអ្នកជំងឺឆ្លង COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ៣,០០០នាក់។ បន្ថែមពីនេះទៀត មន្ទីរពេទ្យយោធាអ៊ីរ៉ង់ ៥២ទីតាំងទូទាំងប្រទេស ក៏បានចាប់ផ្តើមទទួលលអ្នកជំងឺ COVID-19 ជាបណ្តើរៗរួចទៅហើយដែរ៕

 

អេស៉្បាញប្រកាសបន្ថែមរយៈពេលដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកឆ្លង និងស្លាប់បន្តកើនឡើង

អេស៉្បាញ ៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez កាលពីថ្ងៃអាទិត្យម្សិលមិញបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀតដោយសារតែ ចំនួនអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 ក្នុង ប្រទេសអេស៉្បាញ នៅតែបន្តកើនឡើងខ្ពស់។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

លោក Pedro Sanchez បានប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើង បន្ទាប់លោកបានបើកកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃតំបន់ស្វយ័តទាំង១៧នៃប្រទេសអេស៉្បាញ។ អេស៉្បាញបានប្រកាសពី ដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ កាលពីថ្ងៃទី១៤ ខែមីនា ដែលនឹងត្រូវបញ្ចប់នៅចុងខែមីនានេះ ក៏ប៉ុន្តែតាមរយៈការសម្រេចចិត្តថ្មីខាងលើ វានឹងត្រូវអូសបន្លាយដល់ថ្ងៃទី១១ ឬទី១២ ខែមេសា។

បើតាមលោកនាយករដ្ឋមន្រ្តីអេស៉្បាញ នៅក្រោមការដាក់ប្រទេសក្នុងភាពអាសន្ននេះ មនុស្សភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះឡើយ លើកលែងតែករណីចាំបាច់បំផុត ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 នៅអេស៉្បាញបានកើនដល់២៨,៥៧២នាក់ និងស្លាប់យ៉ាងតិច១,៧២០នាក់ ដែលធ្វើឲ្យអេស៉្បាញក្លាយជាប្រទេសរងគ្រោះធ្ងន់ជាងគេទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលី៕

 

ក្រុមគ្រូពេទ្យជំនាញរបស់ចិនមកដល់កម្ពុជានៅព្រឹកនេះ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់នឹងមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។

ការសម្រេចបញ្ជូនក្រុមគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជារបស់រដ្ឋាភិបាលចិននាពេលនេះ គឺបន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅប្រទេសទេសចិន។

សូមជម្រាបថា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដនេះផងដែរ៕

 

សម្តេច ស ខេង ណែនាំឱ្យដាក់ពលរដ្ឋមកពីថៃនៅដាច់ដោយឡែក១៤ថ្ងៃ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

សារសំឡែងណែនាំទៅកាន់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ជាពិសេសខេត្តជាប់ព្រំដែនថៃកាលយប់មិញ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវខ្ញុំស្នើអ៊ីចេះខេត្តសាម៉ីនីមួយៗណែនាំទៅមូលដ្ឋានភូមិឃុំហ្នឹង ស្រុកហ្នឹងឱ្យផ្តល់ព័ត៌មាន។ បានន័យថា ប្រជាជនទើបមកពីថៃផ្តល់ព័ត៌មានមក ដើម្បីឱ្យគ្រូពេទ្យពិនិត្យ ហើយបើសង្ស័យយ៉ាងម៉េចទុកឱ្យគាត់នៅដោយឡែកសិន កុំឱ្យប៉ះពាល់ជាមួយអ្នកដទៃនៅក្នុងផ្ទះគាត់ណុង។ សូម្បីតែគ្រួសារក៏កុំឱ្យប៉ះដែរ។ ល្អមែនទែនគាត់មកអ៊ីចឹងមែន ឱ្យគាត់នៅក្នុងផ្ទះគាត់ណុង១៤ថ្ងៃ ហើយបើមានអីសង្ស័យយកកំហាក យកអីមកធ្វើតេស្តធ្វើអី»។

សម្តេចណែនាំបន្តថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។

ចំណែកលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។

លោក ហេង សួរ បានអំពាវនាវនៅលើទំព័រ Facebook យ៉ាងដូច្នេះ «បងប្អូនដែលទើបមកពីខេត្តឆ្ងាយ ឬបរទេស មេត្តាកុំអាលស្និទ្ធស្នាលជាមួយក្រុមគ្រួសារពេក! សូមរង់ចាំ១៤ថ្ងៃសិន ប្រសិនជាអ្នកស្រឡាញ់គ្រួសារអ្នក»។

ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង លោកស្រី ឱ វណ្ណឌីន បានចេញមកអំពាវនាវផងដែរ ដល់អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ។ បន្ថែមពីលើនោះ ត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។ បន្ថែមពីលើនោះត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយ ដែលដាក់ចេញដោយក្រសួង ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។

ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

កម្ពុជា រកឃើញថ្មី” កូវីដ១៩ “លើទេសចរបារាំង ២៩នាក់ និងខ្មែរ ២នាក់

ខេត្តព្រះសីហនុ ÷ ក្រសួងសុខាភិបាល​ នៅថ្ងៃនេះបានប្រកាសពីការរកឃើញអ្នកឆ្លងករណី​កូវីដ-១៩ ចំនួន៣១នាក់​ទៀតនៅ​ខេត្តព្រះ​សីហនុ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះនៅកម្ពុជាកើនដល់ ៨៤ករណី។

នៅយប់ថ្ងៃទី២២ ខែមីនា នេះ ក្រសួងសុខាភិបាលរកឃើញករណីលាក់ទុកមេរោគ covid19 ថ្មីចំនួន ៣១នាក់នៅលើបុរសជនជាតិបារាំង ។ ក្នុងចំណោម​អ្នកទាំង ៣១នាក់នោះ មានទេសចរជនជាតិបារាំង២៩នាក់ និងមគ្គុទេសទេសចររបស់ពួកគាត់ជាជនជាតិខ្មែរ ចំនួន ២នាក់។ ក្រសួង​បញ្ជាក់​ថា ការធ្វើតេស្តបានរកឃើញនៅថ្ងៃទី២១ ខែមីនា បច្ចុប្បន្ន ពួកគាត់ទាំងនោះត្រូវបានដាក់ព្យាបាលដាច់ដោយឡែក​នៅបន្ទប់សណ្ឋាគារមួយ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអ្នកប៉ះពាល់ជាមួយអ្នកឆ្លង កូវីដ-១៩ ទាំងនោះបន្តទៀត៕

ផ្ទុះស៊ីទែនប្រេងការ៉ាសាំងរបស់យាយលី របួសមនុស្សពីរនាក់ក់

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋភ័យបះសក់ ពេលលឺសម្លេងផ្ទុះស៊ីទែនប្រេង ការ៉ាសាំងរបស់ យាយ លី ស្ថិតនៅចំណុចទល់ផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តខេត្តបន្ទាយមានជ័យ កាលពីរសៀលម៉ោង៥ និង៥៥នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។

 

តាមការរៀបរាប់របស់ម្ចាស់ការ៉ាសាំងខាងលើ បានឲ្យដឹងថា មុនកើតហេតុ កូនប្រសាររបស់ឈ្មោះ ផល្លា និងចៅប្រុសឈ្មោះ ហេង បានបូមប្រេងពីឡានដឹកប្រេងដាក់ក្នុងស៊ីទែនស្ទុកប្រេងក្រោមដី ខណ:ដែលកំពុងបូមស្រាប់តែលឺសម្លេងផ្ទុះចេញពីម្ខាងរបងហើយខ្ទាតផ្កាភ្លើង ឆាបក្លាយជាអណ្តាតភ្លើង និងបណ្តាលឲ្យផ្ទុះស៊ីទែនប្រេងក្រោមដីដែលកំពុងបញ្ជូលប្រេង ភ្លាមនោះកូនប្រសាររបស់គាត់ឈ្មោះ ផល្លា បានរត់ទៅបិតក្បាលរ៉ូមីនេប្រេងដើម្បីកុំឲ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ រហូតរងរបួសខ្លួនឯងធ្ងន់ធ្ងរ និងរបួសកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ហេង ក្នុងគ្រានោះតែម្តង ។

ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ច ទាំង៣ប្រភេទបានទៅដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ក្នុងនោះជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកតាមរថយន្តស៊ឺរ៉ែនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយក្នុងទីរួមខេត្ត ហើយកម្លាំងនគរបាលខេត្ត និងកម្លាំងសឹករងក្រុងសិរីសោភ័ណ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឲ្យរត់១០០% ។

គួរបញ្ចាក់ថា ករណីភ្ញាក់ផ្អើលដែលបង្កដោយការ៉ាសាំងខាងលើនេះ មិនមែនជាលើកទី១ នោះទេ ដោយកាលពីអំឡុងប៉ុន្មានឆ្នាំមុន ការ៉ាស់សាំងនេះ ត្រូវបានក្មេងៗ លេងដុតផាវគុបចូលក្នុងកន្លែងស្ទុកប្រេងធ្វើឲ្យក្លាយជាអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរត់ជាន់ជើងគ្នាម្តងរួចមកហើយ ៕

ពលរដ្ឋខ្មែរសម្រុកចេញពីប្រទេសថៃមកកម្ពុជាវិញ ក្រោយថៃប្រកាសបិទច្រកព្រំដែន(VIDEO)

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានសម្រុកត្រលប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ។

ការសម្រុកចេញពីប្រទេសថៃ មកកម្ពុជានេះ ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនាពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នងផ្សារថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារនៅថៃ ហើយការវិលត្រឡប់នេះ ទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ ។

លោក កែវសុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋខ្មែរដែលវិលត្រឡប់ ពីប្រទេសមកកម្ពុជាវិញនាពេលនេះ នៅមិនទាន់បង្កផលវិបាកអ្វី សម្រាប់ក្រុមការងារសុខាភិបាល ប្រចាំនៅមាត់ច្រកទ្វារអន្តរជាត់ប៉ោយប៉ែត នោះឡើយទេ ហើយក្រុមការងារបាននិងកំពុងធ្វើការពិនិត្យ បាញ់កំដៅ និងតាមដានសុខភាពពួកគាត់តាមធម្មតា ហើយក៏មិនទាន់ឃើញមានពលរដ្ឋណាម្នាក់មានបញ្ហអ្វីនោះទេ ។
លោកបន្តថា ក្នុងនាមប្រធានមន្ទីរសុខាភិបាលម្នាក់ សុំអំពាវនាវដល់មន្ត្រីសុខាភិបាលតាមមូលដ្ឋានទាំងអស់ នៅពេលពួកគាត់វិលត្រឡប់ដល់មូលដ្ឋាន សូមឲ្យពួកគាត់បំពេញទំរង់ឯកសារ និងសុំឲ្យពួកគាត់នៅដាច់ដោយឡែកកុំច្របូកច្របល់ជាមួយក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ និងតាមដានសុខភាពគាត់ ជៀសវាង ក្នុងករណីគាត់មានផ្ទុកវីរុស Covid-19 នឹងអាចឆ្លងក្នុងសហគមន៍ នោះវានឹងធ្វើឲ្យយើងលំបាកខ្លាំង ព្រោះបច្ចុប្បន្ននេះកម្ពុជាយើងនៅមិនទាន់មានជំងឺនេះឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ដូច្នេះហើយទើបយើងមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាមិនឲ្យមាន Covid-19 ឆ្លងពីសហគមន៍មួយទៅសហគមន៍មួយ ក្នុងប្រទេសកម្ពុជាយើង ។គួរបញ្ចាក់ថា ជាមួយនឹងការបិទច្រកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំទ្វេរភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានសម្រេច ៖ ១-ភាគីថៃ ស្នើរសុំបិទច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺ និងបឹងត្រកួន-តាប្រ៉ាយ៉ា រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។ ២-ភាគីថៃ ស្នើរសុំបិទច្រកអន្តរជាតិប៉ោយប៉ែត រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ ។ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ។ ៣-ករណីការបញ្ជូនអ្នកជំងឺធ្ងន់ ភាគីទាំង២ អនុវត្តតាមអនុស្សរណៈយោគយល់គ្នាជាធរមាន ៕

អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ

 

ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ( ១៤ថ្ងៃ ) អាជ្ញាធរប្រទេសថៃ នឹងបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ និងខេត្តផ្សេងទៀតជាប់ក ម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩។

អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជូនដំណឹងទាក់ទងនឹងរឿងនេះថា ច្រកដែលត្រូវថៃបិទរួមមាន ÷*ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង។ ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង។ ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

ចំណែកច្រកចំនួន៥ទៀតដែលអាជ្ញាធរថៃ បានបិទរួចហើយ រួមមាន ÷
ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ។ ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ។ ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងទី៥ ៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង៕