All posts by មេគង្គ ប៉ុស្តិ៍

ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់

ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០ នឹងបន្តរក្សាបានពី ៦,៨ ភាគរយ ដោយសារចរន្តពាណិជ្ជកម្មជារួមរបស់ពិភពលោកក៏នឹងធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ នឹងមានកំណើនខ្ពស់ជាងប្រទែសមួយចំនួនក្នុងតំបន់ ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
យោងតាមរបាយការណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលសេដ្ឋកិច្ចនៃធនាគារពាណិជ្ជកម្ម Siam Commercial Bank បានវាយតម្លៃថា នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសចំនួន៤ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នឹងមានកំណើនចន្លោះពី ៦ ទៅ៧ ភាគរយ ខណៈឧបសគ្គដែលប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ច តាមរយៈការធ្លាក់ចុះនៃការនាំចេញ និងកម្រិតនៃចំនួនភ្ញៀវទេសចរ។
ទោះយ៉ាងណាផលិតកម្មក្នុងតំបន់ដែលសម្របខ្លួននឹងផ្តល់ផលប្រយោជន៍ខ្លះដល់ប្លុកនេះ ជាពិសេសវៀតណាម ដែលយ៉ាងហោចណាស់ក្នុងរយៈពេលខ្លីដែរ ដោយសារក្រុមហ៊ុនចិន និងសាជីវកម្មពហុជាតិមួយចំនួនប្តូរផលិតកម្មរបស់ខ្លួនទៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីគេចពន្ធពីអាមេរិក។
មជ្ឈមណ្ឌលសេដ្ឋកិច្ចដដែលនេះ បានអះអាងថា យ៉ាងណាក៏ដោយ លទ្ធផលការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណា នាប៉ុន្មានឆ្នាំខាងមុខនេះ នឹងនៅតែបន្តកើនឡើង។
កម្ពុជា និងមីយ៉ាន់ម៉ាប្រឈមនឹងហានិភ័យនៃការដកប្រព័ន្ធៗអនុគ្រោះពន្ធទាំងអស់លើកលែងតែអាវុធ (EBA) ពីសំណាក់សហគមន៍អឺរ៉ុប ហើយអាចនឹងបាត់បង់ការប្រកួតប្រជែងក្នុងការនាំចេញក្នុងរយៈពេលមធ្យម តែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថា នឹងមានការកើនឡើងមធ្យមទៅ ៦,៨ ភាគរយ នៅឆ្នាំ២០២០ បើទោះបីជាវិស័យទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងក្នុងអត្រាទាបជាងមុន ប៉ុន្តែស្ថានភាពសារពើពន្ធ និងការនាំចេញរបស់ប្រទេសនេះនៅតែរឹងមាំដដែល ខណៈដែលពាណិជ្ជកម្មរបស់ពិភពលោកក៏ធ្លាក់ចុះ៕

លែងលះគ្នារួច ប្តីទៅថៃប្រពន្ធទៅចិនទុកកូននៅជាមួយជីដូន លង់ទឹកស្លាប់

ខេត្តកំពង់ចាម ៖ សពកុមារាអាយុ៦ឆ្នាំជាកូនកំព្រាម្នាក់ រស់នៅជាមួយជីដូនក្នុងខណៈដែលឪពុកម្តាយបង្កើតនៅមានជីវិតរស់នៅឡើយ បានលង់ទឹកស្លាប់ត្រូវបានស្រង់ចេញពីទំនប់ទឹកមកធ្វើបុណ្យតាមប្រពៃណី។
ប៉ូលិសបានអោយដឹងថា នៅថ្ងែទី២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៤នាទីប៉ុស្តិ៍នគរបាលដងក្តារ បានទទួលពត៌មានពីលោក ប៉ាន់ យាន មេភូមិអូរពីរថា មានកុមារាឈ្មោះ មានបញ្ញា អាយុ៦ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិអូរពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់បានទៅលេងទឹកទំនប់ធំខាងលិចភូមិអូរពីរ ឃុំដងក្តារស្រុកស្ទឹងត្រង់ ហើយធ្លាក់ក្នុងអន្លុងលង់ទឹកបណ្តាលអោយស្លាប់។
ប៉ូលិសបានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាមលោកវរសេនីយ៍ឯកអធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដោយសហការជាមួយកំលាំងប៉ុស្តិ៍ដងក្តារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ លីមស៊ាង អធិការរងទទួលការងារព្រហ្មទណ្ឌបានចុទៅដល់កនលែងកើតហេតុធ្វើការពិនិត្យស្រាវ ជ្រាវ ឃើញសពកុមារាឈ្មោះ មានបញ្ញាស្លៀកខោខ្លីពណ៌ខៀវជើងខ្លីពាក់អាវយឺតដៃខ្លីពណ៌ក្រហម។

តាមការបំភ្លឺរបស់ឈ្មោះ ឆេង សុខចាន់ ភេទស្រីអាយុ៥៤ឆ្នាំជាតិខ្មែរ ត្រូវជាជីដូនបង្កើតបានបំភ្លឺថា កុមារាឈ្មោះ មាន បញ្ញា ជាកូនកំព្រាដោយសារ ឳពុកម្តាយលែងលះគ្នា ហើយម្តាយទៅប្រទេសចិន។ រីឯឳពុកទៅប្រទេសថៃបាត់អស់ ដោយទុកកូនឲ្យរស់នៅជាមួយជីដូន។
ជីដូន របស់កុមារារងគ្រោះបានបានបន្តថា នៅវេលាម៉ោង ៩ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ចៅរបស់គាត់បានទៅលេងទឹកទំនប់នៅខាងលិចភូមិ ហើយក៍បាត់រហូត។ បន្ទាប់ពីដឹងថា បាត់ចៅគាត់ និងអ្នកជិតខាងបាននាំគ្នាដើររកនឹងចុះរាវក្នុងទឹកទំនប់រហូតដល់វេលាម៉ោង ១៤ថ្ងៃដដែលទើបរកឃើញ។

លោកប៉ាក ជាតិបានបន្តថា បន្ទាប់មកគណៈកម្មការចំរុះធ្វើការត្រួតពិនិត្យ សព នៅផ្នែកក្បាល.ផ្នែកក.ផ្នែកដងខ្លួននឹងផ្នែកអវះយវះគឺពុំមានស្លាកស្នាមអ្វីឡើយ។ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវការបំភ្លឺនងការពិនិត្យសាកសពឃើញ ថា កុមារាឈ្មោះ មានបញ្ញា គឺពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដ មែនគឺពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌ័អ្វីឡយ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មណ្ឌលសំចតព្រៃស្ពឺ ដឹកអ្នកជម្ងឺទៅមន្ទីរពេទ្យ ជាអកុសលស្លាប់ បុគ្គលិកមណ្ឌលគេចទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់មានអាយុជាង២០ឆ្នាំ រស់នៅក្នុង«មណ្ឌលសំចតព្រៃស្ពឺ» មិនទាន់ដឹងច្បាស់ថាមានជំងឺអ្វីខ្លះនោះទេ បន្ទាប់ពីខាងមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដឹកតាមរថយន្តចូលមន្ទីរពេទ្យបង្អែកពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ហើយប្រញ៉ាប់ប្រញ៉ាល់បើករថយន្តចាកចេញទៅបាត់ ក្រុមគ្រូពេទ្យ ពិនិត្យជាក់ស្តែង ឃើញយុវជនខាងលើក្នុងសភាពធ្ងន់ធ្ងរ ក៏ដឹកតាមរថយន្តសង្គ្រោះគោលបំណងឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសលដល់ចំណុចផ្សារទឹកថ្លា យុវជនខាងលើស្លាប់បាត់ជីវិត ទើបទឹកវិលត្រឡប់មកវិញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ទំនាក់ទំនងហៅខាងមណ្ឌលមកវិញ តែពុំបានលទ្ធផល មានតែរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យមើលជាក់ស្តែង ។

តាមបុគ្គលិកបម្រើការងានៅមន្ទីរពេទ្យបង្អែកពោធិចិនតុង បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករានេះ ខាងមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ ស្រែជម្រៅ បានដឹកអ្នកជម្ងឺម្នាក់ តាមរថយន្តរបស់មណ្ឌល មកចូលមន្ទីរពេទ្យបង្អែក ដាក់ចុះឲ្យក្រុមគ្រូពេទ្យជួយពិនិត្យមើល រថយន្តរថយន្តមណ្ឌលប្រញ៉ាប់ប្រញ៉ាល់ បើកចាកចេញទៅវិញបាត់ ទុកអ្នកជម្ងឺ ទាំងគ្មានអ្នកផ្តល់ព័ត៌មានជុំវិញជម្ងឺរបស់យុវជនរូបនេះ ដោយឃើញជាក់ស្តែង ស្ថានភាពធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យបង្អែក ក៏បានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ទើបបានពាក់កណ្តាលផ្លូវ បានស្លាប់បាត់ ទើបដឹកវិលមកមន្ទីរពេទ្យវិញ ព្យាយាមទំនាក់ទំនងទៅខាងមណ្ឌល ដើម្បីសាកសួរព័ត៌មាន ឬក្រុមគ្រួសារ ទោះជាយ៉ាងណា មិនបានមកសហការបំភ្លឺរឿងនេះឡើយ។

ក្រោយពីយុវជនរូបនេះស្លាប់ ខាងមណ្ឌលមិនសហការជាមួយសមត្ថកិច្ច គ្រូពេទ្យ មានតែសមត្ថកិច្ចមូលដ្ឋាន ជំនាញក្រុងចុះទៅពិនិត្យជាក់ស្តែង និងរងចាំសម្រេចពីថ្នាក់លើ ។

បើតាមមតិមហាជនបានឲ្យដឹងថា មណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ ស្រែជម្រៅ ច្រើនដងមកហើយ មិនទទួលខុសត្រូវ ចំពោះ ជនជាប់ឃុំ ក្នុងមណ្ឌល ដែកកើតមានបញ្ហាផ្នែកសុខភាពឡើយ សូម្បីសមត្ថកិច្ចមូលដ្ឋាន ទៅសុំសហការ សាកសួរ ត្រូវធ្វើការងារផ្សេងៗ មិនទាំងឲ្យសមត្ថកិច្ច ប៉ូលិសទៅក្បែរផង ប្រជាពលរដ្ឋមិនយល់ពីប្រព័ន្ធការងារ របស់មណ្ឌល មើលតែមានតែឯង ចង់មិនចង់ អ្នកសុំទាន មនុស្សអនាថា ឬមនុស្សមានជម្ងឺស្រាប់ ដែលចាប់ឃាត់យកពីមូលដ្ឋានមួយចំនួនទៅ គ្មានសាច់ញាតិទៅសាកសួរ ២ឬ៣ថ្ងៃ ដេញចេញបាត់ ពោលទុកតែជនណាដែលមានប្រយោជន៍ដល់មណ្ឌល ៕

ជនជាប់ចោទម្នាក់បានស្លាប់បន្ទាប់ពីឃុំខ្លួនមួយយប់ក្នុងពន្ធនាគារ

បន្ទាយមានជ័យ ៖ ជនជាប់ចោទម្នាក់ត្រូវបានស្លាប់បន្ទាប់ពីឃុំខ្លួនមួយយប់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានអោយដឹងថា ជនជាប់ចោទមានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៩។

ប្រភពបានបញ្ជាក់អោយដឹងដែរថា ប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាមកប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្តដើម្បីសុំអោយអាជ្ញាធរជួយដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ស្ថិតនៅចំនុច បឹងកន្សែង ឃុំ សឹង្ហ ស្រុក អូរជ្រៅ ដែលអាជ្ញាធរចុះរុះរើនិងហាមឃាត់កាលពីអំឡុងដើមខែធ្នូកន្លងទៅ។

ក្នុងសកម្មភាពតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តនោះដែរ សមត្ថកិច្ចបានចាប់មនុស្សចំនួន៥នាក់ ដែលគេអះអាងថា ជាមេក្លោងញ៉ុះញុងអោយមានការតវ៉ា។មនុស្សទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ។ក្រោយចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនភ្លាមៗទៅកាន់ពន្ធនាគារខេត្តតាមអំណាចអយ្យការ។

បន្ទាប់ពីឃុំខ្លួនរយៈពេលមួយថ្ងៃមួយយប់ជនជាប់ចោទឈ្មោះ ទុយ ស្រស់ ត្រូវបានបញ្ចេញចេញទៅមន្ទីរពេទ្យ បង្អែកមង្គលបូរីដើម្បីព្យាបាល ខណៈជនជាប់ចោទមានអាការៈទ្រុឌទ្រោមខ្លាំង ហើយក៏បានស្លាប់ក្នុងមន្ទីរពេទ្យនោះទៅ។

ជួបជាមួយអ្នកយកព័ត៌មានយើងតាមទូរសព្ទ័ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនជាប់ចោទខាងលើនេះទេដោយលោកសុំទោសថាប៉ូលីសកំពុងធ្វើការហើយ ។

តែទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារជនជាប់ចោទបានអះអាងថា ការស្លាប់នេះគឺបណ្តាលមកពីការធ្វើទារុណកម្មហួសកំណត់ ព្រោះលើរាងកាយរបស់សពមានស្នាមជាំគ្រប់កន្លែងរួមទាំងផ្ទៃមុខផងដែរ ពួកគាត់ក៏បានទាមទារអោយរកយុត្តិធម៌ចំពោះការស្លាប់នេះ៕

រាជរដ្ឋាភិបាល ចាប់ផ្តើមកែលម្អគុណភាព ការផ្តល់សេវាដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមកែលម្អគុណភាព នៃការផ្តល់សេវាដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ពិសេសបង្កើនចំណូលថវិកាជាតិ។
ក្នុងឱកាសជួបពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពី ចុះសិក្សាទំរង់បែបបទ និង នីតិវិធី នៃការផ្តល់សេវា ក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២ ខែមករា នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារ អន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤ មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធី ផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។
លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធី ផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួល ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធី នៃការផ្តល់សេវាដីធ្លី នៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញ ដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការគាំទ្រ ចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើន រវាងមន្រ្តីផ្តល់សេវា និង អ្នកមកទទួលសេវា ឲ្យកាន់តែងាយស្រួលជាងមុន លឿនរហ័ស និង ប្រកបដោយគុណភាព។
លោកអភិបាលរាជធានីភ្នំពេញបានអៈអាងថា កន្លងមកនេះ ប្រជាពលរដ្ឋ បានគាំទ្រយ៉ាងខ្លំាង លើការមកទទួលសេវាផ្នែកនេះ នៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើនដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃ អ្នកជាប់ព្រំជាដើម។
គួរបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧ មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង ៣១០០០សេវា ហើយទទួលបានទឹកប្រាក់ ចូលថវិកាជាតិ ជាង៤៧៤៤លានរៀលផងដែរ៕

តម្លៃប្រេងឆៅកើនឡើងជាង១ដុល្លារ បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់ត្រូវអាមេរិកសម្លាប់

សិង្ហបុរី ៖ តម្លៃប្រេងឆៅបានកើនឡើងជាង១ ដុល្លារនៅថ្ងៃសុក្របន្ទាប់ពីមានការផ្សាយថា ការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានសម្លាប់បុគ្គលិកយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដោយបង្កើនក្តីបារម្ភថា ការកើនឡើងភាពតានតឹងនៅមជ្ឈឹមបូព៌ាអាចរំខានដល់ការផ្គត់ផ្គង់ប្រេង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៦៧,៤៨ ដុល្លារក្នុងមួយបារ៉ែលកើនឡើង ១,២៣ ដុល្លារឬ ១,៨៦% ខណៈប្រេងឆៅអាមេរិក WTI ហក់ឡើងថ្លៃ ១.០៣ដុល្លារ ឬ ១.៦៨ភាគរយបន្ថែម ជាមួយតម្លៃ ៦២.២១ដុល្លារក្នុងមួយបារ៉ែល។

លោក Edward Moya អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា OANDA បានថ្លែងប្រាប់រ៉យទ័រថា “ ហានិភ័យនៃការផ្គត់ផ្គង់នៅតែកើនឡើងនៅមជ្ឈឹមបូព៌ា ហើយយើងអាចមើលឃើញភាពតានតឹងបន្តកើនឡើងរវាងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់” ។

អ្នកនាំពាក្យកងជីវពលអ៊ីរ៉ាក់បានប្រាប់រ៉យទ័រថា ការវាយប្រហារតាមអាកាសមួយនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដនៅព្រឹកថ្ងៃសុក្រនេះបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ប្រធានកងកម្លាំង Quds និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់លោក Abu Mahdi al-Muhandis។

គួរជម្រាបថា ឧត្ដមសេនីយ៍លោក Qassem Soleimani ដែលជាប្រមុខកងអង្គភាព Quds Force នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

 

 

 

មេទ័ពកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្រុងបាដាដ ក្នុងការវាយប្រហារដោយអាមេរិក

បាកដាដ ៖ ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) រួមជាមួយមនុស្ស០៦នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក លើអាកាសយានដ្ឋានទីក្រុងទីក្រុងបាកដាដ ក្នុងប្រទេសអ៊ីរ៉ាក់។

បើតាមអ្នកនាំពាក្យកងជីវពលអ៊ីរ៉ាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters គូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Qassem Soleimani និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការរបស់ពួកយើង។ ដោយឡែកក្រុមមន្ត្រីអ៊ីរ៉ាក់ និងទូរទស្សន៍រដ្ឋក៏បានរាយការណ៍ពីការស្លាប់របស់មេបញ្ជាការកងទ័ពជាន់ខ្ពស់ទំាងពីររូបនេះដែរ។

បើតាមសេចក្ដីរាយការណ៍ដំបូង ពីកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបំផ្លាញរថយន្ដពីរគ្រឿង ដែលដឹកភ្ញៀវបរទេសជាន់ខ្ពស់ជាច្រើននាក់ ហើយក្នុងនោះមនុស្ស០៨នាក់បានស្លាប់។ ប៉ុន្តែខាងភាគីអ៊ីរ៉ង់មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈប្រភពផ្លូវការបន្តទៀត គឺត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលអ៊ីរ៉ាក់៕

 

ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាង៩ពាន់ករណី ឃាត់មនុស្សជាង២ម៉ឺននាក់ ដកហូតថ្នាំញៀនជាង៧២០គីឡូក្រាម

ភ្នំពេញ ៖ នៅឆ្នាំ២០១៩ សមត្ថកិច្ច (ប៉ូលិស និងអាវុធហត្ថ) បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាង៩ពាន់ករណី ឃាត់មនុស្សជាង២ម៉ឺននាក់ ដកហូតថ្នាំញៀនជាង៧២០ គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន។

របាយការណ៍បន្តថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបាន ៩៥៧២ករណីឃាត់មនុស្ស២០១១៣នាក់ (ស្រី១៣២៥នាក់) ក្នុងនោះជនបរទេស ៤០១នាក់ (ស្រី៦៤នាក់) មាន១២សញ្ជាតិ។ ក្នុងចំណោមការបង្ក្រាបជាង៩ពាន់ករណី មានករណីជញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន៥៧០៥ករណី ឃាត់មនុស្ស១០៩៥០ នាក់(ស្រី ៨៨៨នាក់) និងករណីប្រើប្រាស់ ៣៨៦៧ករណី ឃាត់មនុស្ស ៩១៦៣នាក់ (ស្រី៤៣៧នាក់)។ ចំណែកករណីអនុវត្តន៍ដីកាមានចំនួន៣២៩ដីកា ឃាត់មនុស្ស ៣២៤នាក់ (ស្រី១១នាក់)។

របាយការណ៍បញ្ជាក់ថា ចំពោះសារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចដកហូតបានមានចំនួនជាង៧២០គីឡូក្រាម និង៩១៣កញ្ចប់តូច, កញ្ឆាក្រៀមជិត១០០គីឡូក្រាម និង ៩៤,៤៤១ដើម, សម្ភារៈចាប់យកមានរថយន្ដ ៦៤គ្រឿង, ម៉ូតូ ២២៥២គ្រឿង, ទូរស័ព្ទ៥៨៧៨គ្រឿង, ជញ្ជីង៣២៩ គ្រឿង, អាវុធខ្លី៦ដើម អាវុធវែង១០ដើម, ចលន និងអចលនទ្រព្យស្នើសុំបង្កក ចំនួន២កន្លែង, ដីឡូត៍២កន្លែង និងផ្ទះល្វែង១កន្លែង៕

 

ផ្ទុះជម្លោះប្រយុទ្ធក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ ផ្តាច់ជីវិតអ្នកទោស១៦នាក់ និង៥នាក់របួស

ម៉ិចស៊ីកូ ៖ ជម្លោះប្រយុទ្ធគ្នាដ៏ហិង្សាមួយបានផ្ទុះឡើងនៅក្នុងពន្ធនាគារ មួយកន្លែង ស្ថិតនៅរដ្ឋ Zacatecas នៃភាគខាងជើងប្រទេសម៉ិចស៊ីកូបណ្តាលឲ្យអ្នកទោសយ៉ាងហោច១៦នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ

បើតាមអាជ្ញាធរបានឲ្យដឹងថា ជម្លោះរវាងអ្នកទោសមកពីក្រុមផ្សេងៗគ្នាបានកើតឡើង នៅម៉ោងប្រមាណ២៖៣០នាទីរសៀល កាលពីថ្ងៃអង្គារកន្លងទៅ នៅឯពន្ធនាគារក្នុងទីក្រុង Cieneguillas ស្ថិតនៅចម្ងាយ១៣គីឡូម៉ែត្រ រដ្ឋ Zacatecas។ ក្នុងចំណោមអ្នកទោសស្លាប់ទាំង១៦នាក់ មាន១៥នាក់ស្លាប់នៅក្នុងពន្ធនាគារ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួស៥នាក់ស្ថិតនៅក្នុងស្ថាននឹងនរឡើងវិញ ខណៈអាជ្ញាធរម៉ិចស៊ីកូកំពុងធ្វើការស៊ើបអង្កេតលើករណីហិង្សានេះ។

បើតាមប៉ូលិសម៉ិចស៊ីកូ អ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនជាមួយកាំភ្លើងមួយដើម ហើយពួកគេបានរកឃើញកាំភ្លើងបីដើមទៀត ព្រមទាំងកូនកាំបិតជាច្រើននៅក្នុងពន្ធនាគារ។ ប៉ូលិសបញ្ជាក់ទៀតថា កាំភ្លើង និងអាវុធទាំងនេះទំនងជាត្រូវបានគេនាំចូលក្នុងពន្ធនាគារអំឡុងពេលសួរសុខទុក្ខអ្នកទោស នាឱកាសថ្ងៃចូលឆ្នាំសកល៕

 

ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅរដ្ឋធានីហ្សាការតាកើនដល់៣០នាក់

ហ្សាការតា ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីកាលថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់បន្ថែមថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតាបានកើនដល់៣០នាក់ហើយ។ នេះបើតាមសារព័ត៌មាន Kyodo News។

រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនិងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរ ក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី។ ទន្ទឹមនោះប្រជាជនឥណ្ឌូណេស៊ីជាង៦ម៉ឺននាក់ ដែលរស់នៅក្នុងហ្សាការតា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត។

យោងតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍ នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា។ ដោយឡែក កំឡុងគ្រោះទឹកជនន់មួយកាលពីឆ្នាំ២០០៧នៅ ក្នុងរដ្ឋធានីហ្សាការតានិងតំបន់ជុំវិញនោះ បានសម្លាប់ មនុស្សយ៉ាងតិច៨០នាក់ រីឯ៣២០,០០០នាក់ត្រូវចាកចេញពីលំនៅឋាន៕

 

ខេត្តក្រចេះទទួលបានភ្ញៀវមកកម្សាន្តប្រមាណ៧ពាន់នាក់ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល

ខេត្តក្រចេះ ៖ ប្រធានមន្ទីទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឱកាសថ្ងៃចូលឆ្នាំសាកល នៃថ្ងៃឈប់សំរាក មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានចំនួនជាង៧ពាន់នាក់ បានមកលេង កំសាន្តនៅរមនីយដ្ឋានមួយចំនួនក្នុងខេត្ត។

ថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី២ខែមករា នេះ លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា មានភ្ញៀវទេចរណ៍ចំនួន៧.៦៧៨នាក់ បានមកលេងកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ នៅថ្ងៃឈប់សម្រាកចូលឆ្នាំសកល ក្នុងនោះភ្ញៀវបានផ្តោតសំខាន់លើរមនីយដ្ឋានកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី និងមានចំងាយជាង១០គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តក្រចេះ។
លោកអះអាងថា ចំនួននេះ បើប្រៀបធៀបនិងឆ្នាំមុនគឺមានការកើនឡើង។

លោកបន្តថា រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ជារមនីយដ្ឋានអេកូទេសចរណ៍មួយដែលគួរឲ្យទាក់ ទាញសម្រាប់ភ្ញៀវទៅលេងកំសាន្ត។ អ្វីដែលចាប់អារម្មណ៍នោះ គឺសន្ឋឹកទឹកហូរខ្មួលខ្មាញ់ថ្លារ ឆ្វង់នៅតាមជ្រលងថ្មកណ្តាលទន្លេមេគង្គ ដែលដុសអមទៅដោតជួរដើមជ្រៃទឹកសាប។

ភ្ញៀវទេសចរដែលទៅលេងកំសាន្តនៅទីនោះ ក្រៅពីអង្គុយទទួលទានអារហារនៅ លើរោងក្យូសផ្ទះទឹក ដែលសហគមន៍ទេចសរណ៍បានសង់ជាជួរៗនៅតាមមាត់ទឹកហូរ ពួក គាត់ក៏នាំគ្នាចុះងូតទឹកលេងក្នុងសភាពយ៉ាងសប្បាយអ៊ឺងកង។

ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ជួប រតនា បានថ្លែងឲ្យដឹងទៀតថា នារដូវប្រាំងឆ្នាំ នេះអាជ្ញាធររបស់លោក បានចុះពិនិត្យមើលពីគុណភាពនិងលក្ខណះសម្បត្តិលើរោងក្យូស ក៏ដូចជាទីតាំងផ្សេងៗដែលរៀបចំពីប្រជាសហគមន៍សម្រាប់ទទួលភ្ញៀវមកលេងកំសាន្ត នា រដូវប្រាំង ដែលសម្បូរដោយថ្ងៃឈប់សម្រាក។

បន្ថែមពីលើនោះ ការពង្រឹងសេវាកម្មផ្នែកបដិសណ្ឋារកិច្ច ក៏ដូចជាតម្លៃមុខម្ហូប អនាម័យ នៃការវេចខ្ចប់ ក៏ត្រូវបានលោក ប្រធានមន្ទីរអះអាងថា ក្រុមការងាររបស់លោកបានចុះទៅ ពង្រឹងនិងបង្ហាត់បង្ហាញ ដល់ក្រុមប្រជាសហគមន៍នៅតាមតំបន់រមណីយដ្ឋាននានារួចអស់ទៅហើយដែរ៕

បញ្ចប់តួនាទីភិក្ខុ សេង ថង ពីចៅអធិការវត្តគោកបញ្ជាន់ ករណីកាត់ដីប្លង់រឹងរបស់វត្តលក់

ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែងធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតលេខ២០៨/១៩ស.ន.ក.ជចុះថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩របស់គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា។

សេចក្តីសម្រេចដែលចុះព្រះហស្ថលេខាដោយសម្តេចពោធិ៍វង្ស អំ លឹមហេងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដោយមានការឯកភាពរបស់លោក ហ៊ឹមចែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានធ្វើឡើងដោយគោរពតាមសំណើររបស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ពីអង្គហេតុនិងមូលហេតុនៃការដកដំណែងភិក្ខុសេងថងពីចៅអធិការវត្តគោត្តមរង្សីហៅវត្តគោកបញ្ជាន់និងតំណែងធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយសារតែព្រះសង្ឃអង្គនេះជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជាមួយគ្នានេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ផងដែរថាក្រៅពីកាត់ដីវត្តទំហំ៧គុណនឹង១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥រួចមកនៅក្នុងអំឡុងឆ្នាំ២០១៦ព្រះសង្ឃសេងថងបានស្នើសុំដោះដូរដីស្រះព្រះទន្លេជាដីកម្មសិទ្ធិរបស់វត្តទំហំជិត៤ហិកតាដែលទង្វើទាំងអស់នេះបានបង្ហាញថាព្រះសង្ឃសេងថងមានចេតនាព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។

យោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាដីវត្តគោកបញ្ជាក់ទំហំ៧គុណនឹង១៥០ម៉ែត្រត្រូវបានព្រះសង្ឃសេងថងនិងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ខែ១០ឆ្នាំ២០១៥ដោយមានឈ្មោះចក់ឆុនដែលគេស្គាល់ថាជាសមាជិកគណៈកម្មាការវត្តជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះយ៉ងសម្បត្តិភេទប្រុសមានប្រពន្ធឈ្មោះឃុនសុខអែម។

ការកាត់ដីទំហំ ៧គុណ នឹង១៥០ម៉ែត្រ ដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត ៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ ៧២៩ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញគឺធ្វើឡើងដោយមានលោកសុទ្ធសាធចៅសង្កាត់ចោមចៅ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។ នេះបើយោងតាមការបញ្ជាក់របស់លោក ពេញ ហួរ អនុប្រធាន ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យនៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីដែលជាគរុភ័ណ្ឌរបស់វត្តលក់ទៅតាមផ្លូវច្បាប់ជាធរមាន ទុកជាមេរៀនសម្រាប់វត្តដទៃទៀត៕

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកលភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជិត១លាន ៤សែននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យឆ្លង ឆ្នាំសកល ឆ្នាំ២០១៩ ចូលឆ្នាំ២០២០ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ១លាន ៤សែននាក់ បានដើរកម្សាន្ដតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ចំនួននេះមានការកើនឡើងប្រមាណ ២២.៧០ភាគរយ បើធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៦ម៉ឺននាក់ ធ្លាក់ចុះ ៨.៩០ភាគរយ និងភ្ញៀវទេសចរជាតិ ១លាន ៣សែននាក់ កើនឡើង ២៥.៣០ ភាគរយ។

លោក ថោង ខុន ថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរប្រមាណ ៣៦ម៉ឺននាក់, ខេត្ត សៀមរាបប្រមាណ ៣០ម៉ឺននាក់, ខេត្តព្រះសីហនុជិត ១០ម៉ឺននាក់, ខេត្តកែប ១៥ម៉ឺននាក់, ខេត្តកំពតជិត ១៣ម៉ឺននាក់, ខេត្តកោះកុង ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរី ១ម៉ឺននាក់, ខេត្តរតនគិរីជិត ៨ពាន់នាក់ បន្ទាយមានជ័យជាង ២ម៉ឺននាក់, បាត់ដំបងជិត ៩ម៉ឺននាក់, កំពង់ឆ្នាំងជាង ៣ម៉ឺននាក់, កំពង់ស្ពឺជាង២ ម៉ឺននាក់ និងត្បូងឃ្មុំជិត ៥ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍បានអរគុណចំពោះសន្តិភាព ដែល សន្តិភាពនេះបានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ។

ជាមួយគ្នានេះ លោក ថោង ខុន បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្ត ដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់ នៃសុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ។ កត្តាដែលនាំឲ្យពលរដ្ឋដើរលេង កម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋ៕

មេដឹកនាំយោធាកំពូលរបស់តៃវ៉ាន់ម្នាក់ស្លាប់ក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ

តៃវ៉ាន់ ៖ លោក Shen Yi-ming នាយ​អគ្គសេនាធិការ​កងទ័ពតៃវ៉ាន់ បាន​ទទួលមរណភាព​ហើយ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រមួយគ្រឿងម៉ាក Black Hawk នៅតំបន់ភ្នំភាគខាងជើងនៃកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០១៩។

មនុស្ស៧នាក់ដែល​នៅលើឧទ្ធម្ភាគចក្រនេះ ក៏បាន​ស្លាប់​ផងដែរ។ ក្នុងចំណោម​អ្នកស្លាប់​នេះ ក៏មាន​មន្រ្តីយោធាជាន់ខ្ពស់​២រូបទៀតដែរ គឺលោក Yu Chin-wen អនុប្រធាន​ការិយាល័យ​កិច្ចការសង្គ្រាម តៃវ៉ាន់ និង​លោក Hung Hung-chin នាយរងសេនាធិការ​ផ្នែកចារកម្ម​នៃក្រសួងការពារតៃវ៉ាន់។ ពីឡុត​នៃ​ឧទ្ធម្ភាគចក្រ​នេះ​បាន​រាយការណ៍ពី​ស្ថានភាពអាកាសធាតុ មុនបាត់ការទាក់ទង​ក្នុងអំឡុងពេល​ហោះឆ្ពោះទៅកាន់ស្រុក Wulai៕

 

 

ចំនួនមនុស្ស​ស្លាប់កើនដល់២១​នាក់ ក្នុងគ្រោះ​ដោយទឹកជំនន់​នៅរដ្ឋធានីហ្សាការតា

ឥណ្ឌូនេស៊ី​ ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានបញ្ជាក់ថា ទឹកជំនន់​បាន​វាយ​ប្រហាររដ្ឋធានី​ហ្សាការតាបានបណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់២១នាក់​បាន​ស្លាប់ ដោយក្នុងនោះ៨នាក់នៅរដ្ឋធានីហ្សាការតា និង៣នាក់នៅកូតឌុក គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។

អាជ្ញាធរ​បានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ៣០លាន​នាក់ គ្មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់ ចំណែក​ស្ថានីយរថភ្លើងមួយចំនួន រួមទាំង​ព្រលានយន្តហោះផងនោះ ក៏ត្រូវ​បាន​បិទ​ផងដែរ។ ទន្ទឹមនោះអ្នកដើរ​កម្សាន្ត​រាប់​ពាន់​នាក់​នៅ​ទីក្រុងហ្សា​ការតា ​ត្រូវ​បាន​ទឹក​ជន់​លិច​ដោយសារ​ភ្លៀង​ខ្លាំង ​នៅ​ពេល​ពួកគេ​រង់ចាំ​ពិធី​បាញ់​កាំជ្រួច​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។​

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Agus Wibowo បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងមូសុង និងទឹកទន្លេកំពុងជន់លិចសង្កាត់យ៉ាងតិច៩០ និងបង្កជាការបាក់ដីនៅក្នុងទីក្រុងកូកូតឌុកដែលស្ថិតនៅជាយក្រុងហ្សាការតា។

លោក Wibowo បាននិយាយថា អ្នកស្លាប់រួមមានសិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលមនុស្សជាង១៩.០០០ នាក់កំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់បានឡើងដល់៣ម៉ែត្រនៅកន្លែងជាច្រើន៕