All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋបាលមន្ទីរសាធារណការ​ខេត្តបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ

ដោយ ៖ កូវ ប៊ុនហេង

ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានដឹកនាំកិច្ចប្រជុំលើកទី១២នៅសាលប្រជុំនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ នៅថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០១៩ នេះ ដើម្បីឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២០ ខាងមុខ។​ កិច្ចប្រជុំនេះ បានផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរសម្រាប់ឆ្នាំ២០២០ និងអនុក្រឹត្យលេខ១៩១ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា។

លោកប្រធានមន្ទីរ សំ លាងទ្រី បានថ្លែងអំណរអរគុណ ដល់មន្ត្រីសាធារណការ និងដឹកជញ្ជូន ក្រុង-ស្រុក -ខេត្ត នៃខេត្តព្រះវិហារ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមកនេះ រួមទាំងការងារជួសជុលថែទាំផ្លូវថ្នល់ ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ និងការផ្សព្វផ្សាយច្បាប់ចរាចរជាដើម ៕

អាមេរិក នឹងជួបវិបត្តិសេដ្ឋកិច្ចក្រោយបញ្ឈប់ការផលិតយន្តហោះ 737 MAX

អាមេរិក ៖ ប្រភពមួយ បាននិយាយថាក្រុមហ៊ុន Boeing នឹងបញ្ឈប់ការផលិតយន្តហោះ ប្រភេទ ៧៣៧ MAX នៅក្នុងខែមករា ខណៈការផ្អាកប្រតិបត្តិការ លើយន្តហោះដែលលក់ដាច់បំផុត របស់ក្រុមហ៊ុនមួយនេះ នឹងមានរយៈពេលយូរ រហូតដល់ឆ្នាំ ២០២០ ។

ប៉ុន្តែប្រភពមួយផ្សេងទៀត បាននិយាយថា នឹងមិនមានការបញ្ឈប់ការផលិត ក្នុងអំឡុងពេលបង្កកផលិតកម្មនោះទេ។ ការសម្រេចបង្កកផលិតកម្ម ដែលធ្វើឡើង ដោយក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុនប៊ូអ៊ីង បន្ទាប់ពីការប្រជុំរយៈពេល ២ ថ្ងៃ នៅទីក្រុងឈីកាហ្គោ ធ្វើឡើង បន្ទាប់ពីមានព័ត៌មានកាលពីសប្តាហ៍មុនថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នឹងមិន អនុម័តការដាក់អោយប្រើប្រាស់យន្តហោះ ប្រភេទនេះ មុនឆ្នាំ ២០២០ នោះទេ។

លោក ហេនរីន ហាតេវេល Henry Harteveldt ប្រធានក្រុមស្រាវជ្រាវផ្នែកបរិយាកាស របស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនបញ្ឈប់ផលិតកម្មនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ។ លោកគិតថា វានឹងជះផលប៉ះពាល់ដល់ឱនភាពពាណិជ្ជកម្ម របស់ អាមេរិក និងអាចមានសក្តានុពលកាន់តែធ្ងន់ធ្ងរថែមទៀត ។

គួរបញ្ជាក់ថា យន្តហោះធុន ៧៣៧ MAX ត្រូវបានផ្អាកប្រតិបត្តិការ ចាប់តាំងពីខែមីនា មក បន្ទាប់ពី មានយន្តហោះធ្លាក់ ២ លើក នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពី សម្លាប់ មនុស្ស ៣៤៦ នាក់ ក្នុងរយៈពេល ៥ ខែ ដែលធ្វើឱ្យក្រុមហ៊ុនផលិតយន្ដហោះមួយនេះ ខាត បង់ទឹកប្រាក់អស់ជាង ៩ ពាន់លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនប៊ូអ៊ីង បានបន្តផលិតយន្ដហោះ ៧៣៧ MAX ក្នុងអត្រា ៤២ គ្រឿង ក្នុងមួយខែ និងទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនផ្គត់ផ្គង់ ទោះបីជាការដឹកជញ្ជូនត្រូវបានផ្អាក រហូតដល់និយតករយល់ព្រមឱ្យយន្ដ ហោះ ប្រភេទនេះ ហោះហើរម្តងទៀតក៏ដោយ៕

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពង្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣

ដោយ ៖ កូវ ប៊ុនហេង

ព្រះ វិហារ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានបើកសិក្ខាសាលា ស្តីពីការរៀបចំពង្រាងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩ . ២០២៣។សិក្ខាសាលា នេះ រៀបចំគាំទ្រ ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធន់នឹង ការប្រៃប្រួលអាកាសធាតុ (Aspire) ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ការបើកសិក្ខាសាលា នេះ គោលបំណងដើម្បីចូលរួមជំរុញកំណើនកសិកម្ម ប្រកបដោយការប្រកួតប្រជែង។ ជាមួយនោះ ធ្វើឱ្យផលិតផល មានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងបង្កើន ប្រ សិទ្ឋភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព ។

សមាសភាព ចូលរួមមាន ៖ គ្រប់ការិយាល័យក្រោមឱវាទមន្ទីរ, សង្កាត់ , ផ្នែក , ខណ្ឌ រដ្ឋបាល ព្រៃឈើ , ខណ្ឌ រដ្ឋបាល ជលផល , គ្រប់ ការិយាល័យ កសិក ម្ម ក្រុង / ស្រុក ថ្នាក់ដឹកនាំ មន្ទីរ និងទីប្រឹក្សាកម្មវិធី Aspire ផងដែរ ៕

អង្គការ APOPO ផ្តល់ជំនួយដល់ស៊ីម៉ាក់ជាង៣០ម៉ឺនដុល្លារសម្រាប់គម្រោងកណ្តុរហិតមីន

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ កម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលជំនួយពីអង្គការ អាប៉ូប៉ូ ប្រចាំនៅកម្ពុជា ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ដើម្បីអនុវត្តគម្រោង សមាហរណកម្មកណ្តុរហិតរកមីន ក្នុងប្រតិបត្តិការបោសសម្អាតមីន។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះត្រូវបានធ្វើឡើង នៅទីបញ្ជាការស៊ីម៉ាក់ ដោយមានវត្តមាន លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។  គម្រោងសមាហរណកម្មកណ្តុរហិតរកមីន រួមជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ នឹងអនុវត្តរយៈពេលមួយឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា តាមរយៈ ជំនួយនេះ អង្គភាពស៊ីម៉ាក់នឹងធ្វើការពង្រាយកំលាំងអ្នកដោះមីន សុនខ និងសត្វកណ្តុរដោះមីន ដែលមានផែនការរំដោះផ្ទៃដីចំការមីនជិត៣០០ហិចតា នៅខេត្តព្រះវិហារ និងខេត្តសៀមរាប លោក អគ្គនាយកស៊ីម៉ាក់ នាពេលកន្លង ទៅធ្លាប់បានបញ្ជាក់ថា ការយកសត្វកណ្ដុរជាច្រើនក្បាលពីទ្វីបអាហ្វ្រិក ដើម្បីមកធ្វើការសាកល្បងឲ្យជួយបោសសម្អាតគ្រាប់មីនក្រោមដីឲ្យបានឆាប់រហ័ស ។ សត្វកណ្ដុរអាប៉ូប៉ូ បានជួយបោសសម្អាតមីនដែលកប់នៅក្រោមដី មានប្រសិទ្ធភាពច្បាស់លាស់ជាងការប្រើឧបករណ៍រាវរកមីនទៅទៀត និងប្រសិទ្ធភាពបីដង។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) សហការជាមួយអង្គការអន្តរជាតិ ហើយបានយកសត្វកណ្ដុរម្យ៉ាងឈ្មោះ អាប៉ូប៉ូ (Apopo) ពីប្រទេសតង់ហ៊្សានី (Tanzania) នៃទ្វីបអាហ្វ្រិក ដើម្បីប្រតិបត្តិការ បោសសំអាតមីន។ កម្ពុជាជាប្រទេសដំបូងគេ ដែលនាំយកសត្វកណ្ដុរអាប៉ូប៉ូ (Apopo) ពីទ្វីបអាហ្វ្រិក ឲ្យជួយធ្វើការបោសសម្អាតគ្រាប់មីនមុនគេនៅក្នុងតំបន់អាស៊ី។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បញ្ជាក់ថា កម្ពុជានៅសល់ផ្ទៃដីដែលមានគ្រាប់មីនប្រមាណ៨០០គីឡូម៉ែត្រក្រឡាទៀត ដែលមិនទាន់ធ្វើការបោសសំអាត។ តាមផែនការយុទ្ធសាស្ត្រជាតិរបស់ខ្លួន កម្ពុជាមានមហិច្ចតា រំដោះផ្ទៃដីដែលមានមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ស្របទៅតាមអនុសញ្ញាអូតាវ៉ា ដែលបានកំណត់ទុក៕

ជនសង្ស័យ​៧​នាក់​បន្ថែម​ទៀតត្រូវបានឃាត់ខ្លួន​​ករណី​ចាប់​បង្ខាំង​មនុស្ស​​ ផ្តល់​ទីតាំង​ប្រព្រឹត្ត​ និង​នាំ​ចូល​​អាវុធ​ខុសច្បាប់

ខេត្តព្រះសីហុន ៖ បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុហើយនោះ, កម្លាំងនគរបាលជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីនេះ។

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន ៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គួរជម្រាបថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

 

ពេទ្យឯកទេសវះកាត់កន្ទុយថ្លែនរបស់ចិន នឹងបន្តបេសកកម្មទៅខេត្តព្រៃវែង ក្រោយជួយវះកាត់ភ្នែកជូនពលរដ្ឋនៅកំពង់ចាម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយអនុប្រធានគណៈកម្មការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែ ក្រវាត់និងផ្លូវនៃប្រទេសចិន។ ឯកឧត្តម លឿង ជុនយីង នឹងបន្តជួយវះកាត់ភ្នែកកន្ទុយថ្លែនជូនពលរដ្ឋកម្ពុជាបន្តទៀត ក្រោយជួយវះកាត់ពលរដ្ឋជាច្រើននាក់ដោយជោគជ័យនៅខេត្តកំពង់ចាម។

លោក លឿង ជុនយីង បានរាយការណ៍ជូនសម្ដេចតេជោថា លោកបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ ចាម ជាលើកទី២។ លោកបានពិនិត្យឃើញថាប្រជាជ នកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដ៏ទៃទៀត ដូច្នេះ ឯកឧត្តមក៏បានរៀបចំឲ្យមានមជ្ឈមណ្ឌល ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។

លោកបានមានប្រសាសន៍ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះ គឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមានការព្រួយបារម្ភនោះឡើយ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ១០០%ផងដែរ។

លោកក៏បានលើកឡើងពីករណីមួយគឺការវះកាត់ទៅលើបុរសវ័យចំណាស់ម្នាក់ដែលមានភ្នែកកើតកន្ទុយថ្លែន បន្ទាប់ពីការវះកាត់រយៈពេល២០នាទីទៅ៣០នាទីមក ១ថ្ងៃក្រោយមកភ្នែករបស់គាត់ក៏អាចមើលឃើញច្បាស់ឡើងវិញ ដូចធម្មតា បន្ទាប់ពីគាត់មើលមិនឃើញអស់រយៈពេល៧ឆ្នាំមកហើយ។ ចំនុចនេះហើយធ្វើឲ្យទឹកចិត្តរបស់ក្រុមគ្រូពេទ្យរបស់លោក កាន់តែមានទឹកចិត្តបន្ថែមទៀត សម្រាប់ការចូលរួមជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។

ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រុមគ្រូពេទ្យរបស់លោកចំនួន១២នាក់ ដែលប្រចាំការនៅខេត្តកំពង់ ចាម ហើយបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យគឺអ្នកជំងឺប្រមាណជា ៨២០៨នាក់ ទូទាំងខេត្តមានបញ្ហាភ្នែកកើតកន្ទុយថ្លែននោះ ហើយទទួលបាននូវការព្យាបាល និងជាសះស្បើយ។

លោកបញ្ជាក់ថា បន្ទាប់ ពីបេសកកម្មនៅខេត្តកំពង់ចាម ឯកឧត្តមនឹងបន្តទៅកាន់ខេត្តព្រៃវែង ដោយឧបករណ៍សម្ភារៈគ្រឿងប្រើប្រាស់នៅខេត្តកំពង់ចាម គឺរក្សានៅខេត្តកំពង់ ចាមដដែល ផ្ទុយទៅវិញលោកនឹងយកឧបករណ៍ថ្មីទៅកាន់ខេត្តព្រៃវែងជាបន្តទៀត។ លោក បន្តទៀតថា អ្វីដែលក្រុមគ្រូពេទ្យធ្វើនៅពេលនេះទី១)បម្រើការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ទី២)ជំរុញទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹងគោល នយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ លោកបានស្នើសុំសម្ដេចតេជោ អោយក្រសួងសុខាភិបាលបន្តគាំទ្រដល់ក្រុមការងាររបស់ឯកឧត្តមជាបន្តទៀតក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជុនយីង ក៏ដូចជាក្រុមកា រងារ និងគ្រូពេទ្យទាំងអស់ដែលបានផ្ដល់ការបរិច្ចាគ ដើម្បីបម្រើផលប្រយោជន៍មនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុ ជា។

ការព្យាបាលជំងឺភ្នែកជាបន្តទៀតទៅដល់ប្រជា ពលរដ្ឋនៅខេត្តព្រៃវែង សម្ដេចតេជោបានមានប្រ សា សន៍ថាទីនោះក៏ជាទីតាំងល្អដែរ ហើយគប្បីណាជួយដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ខេត្ត ព្រៃវែងផងដែររួមមានខេត្តត្បូងឃ្មុំ និងខេត្តស្វាយ រៀងជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការជួយប្រជា ពលរដ្ឋយើងឱ្យមានភ្នែកភ្លឺឡើងវិញនេះ ជាការពិតណាស់គឺជាការងារមនុស្សធម៌មួយ ហើយសម្ដេចតេជោយល់ច្បាស់នូវអារម្មណ៍ដែលប្រជាពលរដ្ឋទទួលបានភ្នែកភ្លឺមកវិញនេះ ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ថា តាមព្រះពុទ្ធសាសនា ការធ្វើអំពើល្អតែងតែបានបុណ្យកុសលច្រើនណាស់៕

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការជួសជុលឡៅតឿក្នុងផ្សារអូរឫស្សីឡើងវិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ខ្លួននឹងជួសជុលសំណង់ឡៅតឿក្នុងផ្សារអូរឫស្សីឡើងវិញ បន្ទាប់ពីឡៅតឿនេះមានសភាពបែកប្រេះស្រាំ។

ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលកើតមានឡើងជាយថាហេតុ៕

 

កម្ពុជា-អាមេរិកប្ដេជ្ញា​ពង្រឹង​កិច្ចប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន និងលាងលុយ

ភ្នំពេញ ៖ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា និង​ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បាន​ទទួល​ជាមួយ​លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា ដើម្បី​ចូល​ជួបសម្តែងការគួរសម និង​ពិភាក្សាការងារ កាលពី​ថ្ងៃទី១៦ ខែធ្នូ នៅ​ក្រសួងយុត្តិធម៌។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរសម្តែងនូវ សេចក្តីសោមនស្សរីករាយចំពោះកិច្ច​សហ​ប្រតិ​បត្តិការ ប្រកប​ដោយលទ្ធផល ជាទី​មោទនៈ​រវាងកម្ពុជា និង​សហរដ្ឋអាមេរិក​កន្លងមក ជាពិសេសពាក់​ព័ន្ធនឹង ការពង្រឹងសមត្ថភាពមន្រ្តី ជំនាញ​ការបង្ក្រាបបទលើ្មស​ការផ្ទេរទណ្ឌិត និង​ការ​ផ្តល់​ជំនួយទៅ​វិញទៅមកនៅក្នុង​វិស័យ​ព្រហ្មទណ្ឌ។

ជាមួយគ្នានោះភាគីទាំងពីរបាន​ឯកភាព និងប្តេជ្ញា​ក្នុងការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្ស ការ​ផ្ដល់​ជំនួយ​ទៅ​វិញ​ទៅ​មក​ក្នុងវិស័យព្រហ្មទណ្ឌការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសលាងលុយ ការ​ការ​ពារកុមារ និងការអនុវត្តច្បាប់៕

 

ក្រុមហ៊ុន Boeing ​នឹងផ្អាកការ​ផលិត​យន្តហោះ 737 MAX ​

អាមេរិក ៖ ក្រុមហ៊ុនយក្សអាមេរិក Boeing បានប្រកាសថា ខ្លួននឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ ខាងមុខនេះតទៅហើយ បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យរបស់អាមេរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះ។ នេះបើតាមសារព័ត៌មានចិន CGTN។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Boeing បានអះអាងថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX គឺត្រូវបានធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញជាដើម៕

 

ចិន​ និង​រុស្ស៊ី​​ស្នើ​ឲ្យ UN លុបចោល​ទណ្ឌកម្ម​មួយចំនួន​លើប្រទេស​កូរ៉េខាងជើង​

​កូរ៉េខាងជើង ៖ ចិន​ និង​រុស្ស៊ី​កាលពី​ថ្ងៃ​ច័ន្ទ បានស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ដក​បម្រាម​លើ​ការនាំចេញ​រូបសំណាក​គ្រឿង​សមុទ្រ​និង​វាយនភ័ណ្ឌ​កូរ៉េខាងជើង​ដោយយោង​តាម​សេចក្តីព្រាងច្បាប់​ស្ដីពី​ដំណោះស្រាយ ខណៈ រុស្ស៊ី​បាន​និយាយថា​ការធ្វើ​នេះ​គឺមាន​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ព្យុងយ៉ាង​។​

​សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ហាមប្រាម​លើ​ប្រជាជន​កូរ៉េខាងជើង​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​និង​បញ្ឈប់​នូវ​តម្រូវការ​ឆ្នាំ​២០១៧​សម្រាប់​ពលករ​ទាំងអស់​នោះ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ​នៅ​សប្តាហ៍​ក្រោយ​។

​សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹង​លើកលែង​ផងដែរ​នូវ​គម្រោង​សហប្រតិបត្តិការ​ផ្លូវដែក​និង​អន្តរ​កូរ៉េ​ពី​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​នៅពេលណា​ឬថា​តើ​សេចក្តីព្រាងច្បាប់​នេះ​អាច​ត្រូវបាន​គេ​បោះឆ្នោត​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​សមាជិក ១៥ ប្រទេស​នោះទេ​។​ចំណែក​ដំណោះស្រាយ​មួយ​ត្រូវការ​សម្លេងគាំទ្រ​ចំនួន​៩​ប្រទេស ប៉ុន្តែ​មិនមាន​ការយល់ព្រម​ពី​សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី​និង ចិន​នោះទេ​។​

​លោក Vassily Nebenzia ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​រ៉​យ​ទ័​រថា​យើង​មិន​ប្រញាប់ប្រញាល់​ធ្វើ​អ្វី​ទេ​។ ការចរចា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​។ លោក​បាន​បន្តថា​ទណ្ឌកម្ម​ដែល​ពួកគេ​បានស្នើ​ដក​គឺ​មិន​ទាក់ទង​ទៅនឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទេ គឺជា​បញ្ហា​មនុស្សធម៌​។​

​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់​បាន​និយាយថា​ពេលនេះ​មិនមែនជា​ពេលវេលា​សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ពិចារណា​លើ​ការដក​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​នោះទេ ខណៈដែល​ប្រទេស​នេះ​កំពុង​គំរាម​ធ្វើឱ្យ​មានការ​បង្កហេតុ​កើនឡើង​ដោយ​បដិសេធ​មិន​ជួប​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​គួរ​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​កូរ៉េខាងជើង​ដែល​រុស្ស៊ី​និង​ចិន​បានស្នើ​ឲ្យ​ដក​នោះ​គឺ​ទទួលបាន​ប្រាក់​រាប់រយ​លាន​ដុល្លារ​ហើយ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ​២០១៦​និង​២០១៧ ដើម្បី​ព្យាយាម​កាត់ផ្តាច់​មូលនិធិ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​៕

 

ស្ត្រីថៅកែវង់តន្ត្រីសម័យម្នាក់ត្រូវឃុំខ្លួនក្រោយប្រើហិង្សាទៅលើតារាចំរៀង

ខេត្តកំពង់ចាម ៖ ស្ដ្រីថៅកែតន្ដ្រីសម័យ ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥ នៅខេត្តកំពង់ចាម ដែលអំពើហឹង្សាលើនារីជាអ្នកចម្រៀងរបស់ខ្លួន រហូតមានរបួសធ្ងន់ធ្ងរនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម លោក ធន់ ដារិទ្ធ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា ស្ដ្រីថៅកែតន្ដ្រីសម័យ នាយ៨៥នេះ ឈ្មោះ ជន យ៉ារី អាយុ៣៨ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

តាមការរៀបរាប់ពីស្ដ្រីរងគ្រោះឈ្មោះ ចាន់ លក្ខិណា ហៅស្រីពេជ្រ ជាស្ដ្រីមេម៉ាយកូន៣នាក់ បានឲ្យដឹងថា ខ្លួនទើបចូលច្រៀងឲ្យក្រុមតន្ដ្រី ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥ អំឡុងខែ១១ ឆ្នាំ២០១៩កន្លងទៅ លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ដែលជាថ្ងៃកើតហេតុ ខ្លួនបានឡើងច្រៀងធម្មតា។ ប៉ុន្ដែពេលកំពុងច្រៀងនោះ កូនតូចរបស់ខ្លួនមានជំងឺចុកពោះខ្លាំង ហើយខ្លួនក៏សម្រាកបន្ដិចដើម្បីមើលកូន។

លុះត្រឡប់មកកន្លែងច្រៀងវិញ ក៏ត្រូវចៅកែស្រី ឈ្មោះ ជន យ៉ារី ជេរស្ដីហើយដល់ថ្នាក់ប្រើប្រាស់អំពើហិង្សាមកលើខ្លួន ដោយបង្គាប់ឲ្យកូនចៅប្រុសជាច្រើននាក់ មកចាប់ខ្លួនដើម្បីឲ្យគាត់វាយដំ រហូតរងរបួសពេញផ្ទៃមុខ និងដងខ្លួនតែម្ដង៕ ដោយ ៖ ប៉ែន សុផល

រយៈពេល៥ថ្ងៃ គ.ជ.ប ប្រកាសតែងតាំងប្រធាន និងអនុប្រធាន លធ.ខប ៣៥រូប និងបញ្ចប់តំណែង១៩រូប

ភ្នំពេញ ៖ រយៈពេល៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ចំនួន៣៥រូប ដើម្បីឱ្យចូលកាន់តំណែងថ្មីជំនួសប្រធាន និងអនុប្រធាន ដែលត្រូវបានបញ្ចប់មុខតំណែង នៅតាមបណ្តារាជធានី-ខេត្តចំនួន១៩។

ដោយឡែកប្រធាន និងអនុប្រធាន លធ.ខប ដែលត្រូវបានបញ្ចប់មុខតំណែង គ.ជ.ប បានសម្រេចចាត់តាំងធ្វើជាជំនួយការ គ.ជ.ប ឱ្យប្រចាំការនៅតាម លធ.ខបទាំងនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៕

 

ជំនួបរវាងលោក ងួន ញ៉ិល និងប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា នៅប្រទេសតួកគី

ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហា សន្និបាតលើក ទី១២ នៃសភាតំបន់អាស៊ី នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី បានទទួលជួបជាមួយលោក ហ្គេនណាឌី អ៊ី អ័រឌីណូវ ប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា និងជា សមាជិកគណៈកម្មការកសិកម្ម និងចំណីអាហារ នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី ដោយក្នុងជំនួបនេះលោក ហ្គេនណាឌី អ៊ី អ័រឌីណូវ មានប្រសាសន៍ថា ក្នុងនាមសភាជាន់ខ្ពស់របស់សហព័ន្ធរុស្ស៊ី លោកផ្ទាល់ បានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។

លោក ហ្គេនណាឌី អ៊ី អ័រឌីណូវ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង សភាកម្ពុជា និងរុស្ស៊ី ដែលមានភាពស្អិតល្មួត ហើយលោកមានការពេញចិត្តណាស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ គឺថា មិនត្រឹមតែស្ថាប័នសភាប៉ុណ្ណោះទេ គឺមានការសហការលើគ្រប់វិស័យថែមទៀតផង។

ជាការឆ្លើយតប លោកបណ្ឌិត ងួន ញ៉ិល បានគាំទ្រចំពោះការលើកឡើងរបស់លោក ហ្គេនណាឌី អ៊ី អ័រឌីណូវ ពិសេសគឺការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយ ភាពស្អិតល្មួតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ លោកបណ្ឌិតមានប្រសាសន៍ទៀតថា ប្រទេសទាំង២ កម្ពុជា-រុស្ស៊ី បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាតាំងពីឆ្នាំ១៩៥៦ ហើយឆ្នាំនេះគឺជា ខួប៦៣ឆ្នាំ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រ ជាពិសេសរុស្ស៊ីធ្លាប់បានជួយកម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីបានរំដោះខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

លោក អ៊ុន ចាន់ដា ៖ ឆ្នាំ២០២៥ ពលរដ្ឋនៅតាមសហគមន៍ ជនបទនឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០ភាគរយ

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបើកអង្គសន្និសីទប្រចាំឆ្នាំ លើកទី១ ក្រោមប្រធានបទអ្នកដឹកនាំឆ្នើមដើម្បីនិរន្តភាពការងារវិស័យទឹកស្អាត និងអនាម័យជនបទដែលបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយអង្គការដៃគូ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ថ្លែងក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលបានកំណត់ថា៖ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តរភាព។

ដើម្បីសម្រេចឲ្យបានតាមទិសដៅនៃគោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមអភិបាលខេត្ត បាន ផ្តល់នូវ អនុសាសន៍ ថា ៖ ១- មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ ។
២- លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ ២០២០ទៅ ។
៣- មេឃុំ មេភូមិនីមួយៗត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឲ្យបានច្បាស់លាស់ជារៀងរាល់ខែ ។
៤- ត្រូវរួមសហការគ្នាឲ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គការដៃគូរ។
៥- អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាមដានជាប្រចាំអំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀងរាល់ខែ ។
៦- ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុក និងឃុំ។

តាម របាយការណ៍ របស់ លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានគូសបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើប្រាស់) មានចំនួន១៧៩.៩៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះដែលទទួបានសេវាទឹកស្អាតប្រើប្រាស់មានចំនួន១ ៩២,៤០១ខ្នងផ្ទះ ស្មើ ៧២% ។

ដូច្នេះ ផ្នែកអនាម័យយើងនៅខ្វះ ៣៣% ទៀត ហើយផ្នែកទឹកស្អាតយើងនៅខ្វះ ២៨% ដោយ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គឺ មាន រយៈពេល ៦ឆ្នាំ ទៀត ដែល ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ៕

មនុស្សស្លាប់កើនដល់៥នាក់ហើយ ក្នុងគ្រោះ​រញ្ជួយ​ដី​៦.៨​រ៉ិ​ច​ទ័​រ​នៅ​ហ្វីលីពីន

ម៉ានីល ៖ អាជ្ញាធរ​ហ្វីលីពីន​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់បាត់​ជីវិត​បាន​កើន​ដល់​៧​នាក់​ហើយ និង​មនុស្ស​៣៧​នាក់​ផ្សេងទៀត​រងរបួស ខណៈ​អគារ​មួយចំនួន​ដួលរលំ និង​មាន​មនុស្ស​កំពុង​ជាប់​ខ្លួន​ក្នុងនោះ​ផងដែរ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ដែល​បាន​វាយប្រហារ​លើ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​នៃ​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ នេះ​បើតាម​សារព័ត៌មាន CNA​។​

​អាជ្ញាធរ​ហ្វីលីពីន​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៀតថា ក្រុម​សង្គ្រោះបាន​ព្យាយាម​គាស់កកាយ​ហាង​លក់ទំនិញ​បាក់​រលំ​មួយ នៅក្នុង​ក្រុង​ផា​ដា​ដា (Padada) នៃ​កោះ​មិន​ដា​ណាវ ទើប​រកឃើញ​សាកសព​បន្ថែមទៀត​។​

​អាជ្ញាធរ​បន្តថា លោក​ប្រធានាធិបតី​ហ្វីលីពីន និង​ក្រុមគ្រួសារ​ក៏​ស្ថិតនៅក្នុង​ទីក្រុង​ដា​វ៉ៅ នៅពេល​គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ​កើតឡើង​ផងដែរ ប៉ុន្តែ​លោក​មិនបាន​ទទួលរង​គ្រោះថ្នាក់​អ្វី​ឡើយ ខណៈ​តំបន់​ដែល​ក្រុមគ្រួសារ​លោក​ស្ថិតនៅ គឺមាន​ចម្ងាយ ៦១​គីឡូម៉ែត្រ​ពី​ចំណុច​រំ​ញ័រ​។​

​យោងតាម​ទីភ្នាក់ងារ​ឃ្លាំមើល​គ្រោះ​រញ្ជួយ​ដី​អាមេរិក USGS គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៦.៨​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​លើ​តំបន់​ក្បែរ​ទីក្រុង ដា​វ៉ៅ (Davao) នៃ​កោះ​មិន​ដា​ណាវ ហើយ​វា​ក៏​ជា​លើក​ទី​៥ ផងដែរ​គិត​ចាប់តាំងពី​ខែតុលា​។ គ្រោះ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​រញ្ជួយ​ទៅក្នុង​ដី ២៨.២​គីឡូម៉ែត្រ និង​មាន​ចំណុច​រញ្ជួយ​នៅ ចំងាយ ៦១​គីឡូម៉ែត្រ​ពី​ភាគ​និរតី​ពី​តំបន់ឆ្នេរ​នៃ​ទីក្រុង Davao៕