All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រីរាជការគ្រប់ប្រភេទនឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ បានចេញអនុក្រឹត្យសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ខាងមុខនេះ។

គួរជម្រាបថា ដូចជារៀងរាល់ឆ្នាំ នារដូវបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីកម្ពុជា តែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចំនួន ៥ម៉ឺនរៀល ដែលការឧបត្ថម្ភមួយលើកៗ ត្រូវបានចំណាយថវិកាប្រមាណ ៧លាន ដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នៅបានបន្តលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធ ដោយសម្រេចដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀវត្ស ចំនួន២លើក ក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតា នៃសន្ទស្សន៍បៀ វត្ស មូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារជូនដល់មន្ត្រីគ្រប់លំដាប់ថ្នាក់៕

ឥទ្ធិពលគ្រឿងញៀនជំរុញឲ្យមនុស្សពីរនាក់ដេញវាយមនុស្សម្នាក់យ៉ាងឃោរឃៅ

ខេត្តកំពង់ចាម ៖ ដោយសារឥទ្ធិពលគ្រឿងញៀន បានបណ្តាលអោយបុរសចំនួន២នាក់ក្លាយជាជនឃោរឃៅ ដោយបានជិះម៉ូតូដេញវាយតាមបុរសម្នាក់ទៀតបណ្តាលអោយរបួសបែកក្បាល ត្រូវបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យក្នុងជម្លោះពាក្យសំដីបន្តិចបន្តួច។

ប៉ូលិសបានអោយដឹងថា អំពើហិង្សាដោយចេតនានេះបានកើតឡើងនៅថ្ងៃទី15 ខែសីហា ឆ្នាំ2019 វេលាម៉ោង 16និង30នាទី នៅចំណុចផ្លូវបេតុងចូលអនុវិទ្យាល័យរកាគយស្ថិតនៅភូមិថ្មី(ខ) ឃុំរកាគយស្រុកកងមាស ខេត្តកំពង់ចាម។

ប៉ូលិសបានបន្តថា ករណីហិង្សាដោយចេតនានេះបង្កដោយជនសង្សយ័2នាក់មាន ឈ្មោះ 1ជឿន សុខ ពៅភេទប្រុសអាយុ 32ឆ្នាំនិង 2ឈ្មោះ សុិន ពិសី ភេទប្រុសអាយុ 25ឆ្នាំ អ្នកទាំង២នាក់មានទីលំនៅភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បានជិះម៉ូតូ មកឈប់កន្លែងកេីតហេតុខាងលេី។

បន្ទាប់មក ឈ្មោះ ជឿន សុខពៅ និងឈ្មោះ ស៊ិន ពិសី បានព្រួតវាយទៅលេីឈ្មោះ ហាក់ លាងគីម ភេទប្រុស អាយុ32ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកពង់ចាម បណ្តាលអោយបែកចំចិញ្ជើមខាងឆ្វេង ហូរឈាម។
ក្រោយធ្វើសកម្មភាពរួចជនបង្កទាំង 2នាក់ បានជិ:ម៉ូតូ ចេញពីកន្លែងកើតហេតុ គេចខ្លួនបាត់។

ប៉ូលិសបានបន្តថា បន្ទាប់់ពីទទួលព័ត៌មាននេះភ្លាម កំលាំងប៉ុស្តិ៍រកាគយ បានសហការជាមួយកំលាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជឿន សុខពៅ ដែលកំពុងតែជិះម៉ូតូរត់គេចខ្លូន រីឯឈ្មោះ សុិន ពិសី បានរត់គេចខ្លួនបាត់។ បន្ទាប់ពីឃាត់ខ្លួនជនសង្សយ័រួចមក សមត្ថកិច្ចបានធ្វេីតេស្តឃើញសារធាតុញៀន ទៅលើ ឈ្មោះ ជឿន សុខពៅ ឃើញ(វិជ្ជមាន)។ ជុំវិញករណីខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ សុផល

អាជ្ញាធរខេត្តព្រះសីហនុ ផ្តល់កន្លែងស្នាក់នៅ និងអាហារដល់បេក្ខជនប្រឡងបាក់ឌុបមកពីស្រុកឆ្ងាយៗ

ខេត្តព្ឬះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសពីការរៀបចំកន្លែងស្នាក់នៅ និង ផ្ដល់អាហារបីពេលក្នុងមួយថ្ងៃសម្រាប់បេក្ខជនដែលត្រូវប្រឡងបាក់ឌុប ដែលមកពីវិទ្យាល័យនានាឆ្ងាយៗ។

ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា បេក្ខជនមកពីស្រុកព្រៃនប់ ស្រុកកំពង់សីលា និង ស្រុកស្ទឹងហាវ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា និង វិទ្យាល័យ ហ៊ុន សែន កែវផុស ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅផ្ទះសំណាក់ ឡេងទ្រី ស្ថិតនៅស្រុកព្រៃនប់។ ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និង វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅផ្ទះសំណាក់គ្រូបង្រៀន និង ផ្ទះសំណាក់កាកបាទក្រហមនៅក្រុងព្រះសីហនុ។ ដោយឡែកចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង។

សូមបញ្ជាក់ថា សម័យប្រលងបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ សីហា ខាងមុខ ហើយការរៀបចំរបស់រដ្ឋបាលខេត្តព្រះសីហនុនេះ ក្នុងគោលបំណងជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់សិស្ស ក៏ដូចជាមាតាបិតាសិស្សផងដែរ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងកុំឲ្យបារម្ភសុវត្ថិភាព សុខភាពរបស់កុលបុត្រ កុលធីតារបស់ខ្លួន៕

ក្នុងខែកក្កដា កន្លងទៅ កម្ពុជារងឥទ្ធិពលខ្លាំងពីជំងឺគ្រុនឈាម និងជំងឺប៉េស្តជ្រូកអាហ្រ្វិក

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថាកេលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានកើតមានបញ្ហាជំងឺឆ្លងពីរប្រភេទដែលមានសភាពខ្លាំងក្លាជាងគេក្នុងនោះមានជំងឺគ្រុនឈាម ដោយគិតត្រឹមរយះពេល៧ខែកើតមាន ៣៣០០០ ករណី និងមាន អ្នកស្លាប់ចំនួន ៣៥នាក់។ ដោយឡែកជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងខែកក្កដាកន្លងទៅនេះដែរ ជំងឺមួយ ប្រភេទនេះ បានបន្តឆ្លងរាលដាលដល់ខេត្តចំនួន ៥មាន ខេត្តរតនគីរី, ត្បូងឃ្មុំ, ស្វាយរៀង, តាកែវ និងខេត្តកណ្តាល តែការឆ្លងមានតែនៅតាមកន្លែងចិញ្ចឹមជ្រូកជាលក្ខណះគ្រួសារប៉ុណ្ណោះ។

យោងតាម ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឱ្យដឹងថា ជ្រូកងាប់ដោយសារជំងឺមានចំនួន ២៨៧៧ ក្បាលនិងត្រូវបានបំផ្លាញចោលមានចំនួន៧៩៨ក្បាល។ ជាមួយគ្នានេះរបាយការណ៍ក៏បានលើកឡើងផងដែរអំពីគ្រោះអគ្គីភ័យនាអំឡុងខែកក្កដាឆ្នាំ២០១៩ ថាបានកើតមានចំនួន ២៥ករណីនៅរាជធានីខេត្តចំនួន១៣ ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែងចំនួន ៥៨ខ្នង កុដិព្រះសង្ឃ ១ខ្នង ក្លឹបកំសាន្ត ១កន្លែង ឃ្លាំងស្តុកខោអាវជជុស ១កន្លែង, មនុស្ស ស្លាប់ ៤នាក់ និងរបួស ១នាក់។

ជាមួយគ្នានេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានធ្វើសេចក្តីសន្និដ្ឋានទាក់
ទងទៅនឹងបញ្ហាអាកាសធាតុដោយបានលើកឡើងថា នៅក្នុងខែកក្កដាកន្លងទៅ ដោយសារតែការរងឥទ្ធិពលខ្សោយនៃកូនរដូវប្រាំងធ្វើឲ្យដំណាំស្រូវវស្សាជាង ១៦៥ពាន់ហិចតា ស្មើ ៦,៤៥% នៃផែនការដាំដុះប្រចាំឆ្នាំប្រឈមនឹងការខ្វះខាតទឹក ហើយជាការឆ្លើយតបទៅនឹងបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានរួមសហការចុះជួយអន្តរាគមន៍សង្គ្រោះ ដោយការប្រើប្រាស់ម៉ាស៊ីនបូមទឹក នៅតាមភូមិសាស្រ្តដែលមានប្រភពទឹក, ការប្រើប្រាស់គ្រឿងចក្រស្តារ និងជីកប្រឡាយសម្រាប់បង្ហូរទឹក និងការជួយឧបត្ថម្ភនូវប្រេងឥន្ធនៈ រួមចំណែកសម្រាប់ការសង្គ្រោះជាដើម និងថាសកម្មភាពសង្រ្គោះ រួមនឹងការប្រែប្រួលនៃស្ថានភាពទឹកភ្លៀង ធ្វើឲ្យការសង្គ្រោះបឋមទទួលបានលទ្ធផលល្អ។ ចំពោះការខូច ខាតវិញមានតិចតួច ហើយផ្នែកពាក់ព័ន្ធនឹងត្រូវធ្វើសកម្មភាពបន្តរហូតដល់ពេលមានភ្លៀងធ្លាក់គ្រប់គ្រាន់៕

មូលហេតុដែលនាំឲ្យលុបការឈប់សម្រាកថ្ងៃ២៣តុលា និងថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានពន្យល់ពីមូលហេតុ ដែលរាជរដ្ឋាភិបាលកាត់ថ្ងៃ២៣ តុលា និងថ្ងៃទិវាសិទ្ធិមនុស្ស ១០ធ្នូ ចេញពីប្រតិទិនឈប់សំរាក ដោយសារថ្ងៃ២៣ តុលាលែងក្លាយជាព្រឹត្តិការណ៏សំខាន់សំរាប់កម្ពុជាទៀតហើយ ត្បិត២៣ តុលា បានរលាយធាតុចូលទៅក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាមិនត្រូវការបរទេសណា មកជ្រៀតជ្រែកដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជាអ្វីទៀតទេ។

នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៏របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ សីហានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថ្ងៃ២៣ តុលាមានលក្ខណៈជាអន្តរកាលប៉ុណ្ណោះសម្រាប់ដោះ ស្រាយបញ្ហានៅកម្ពុជាប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបច្ចុប្បន្នមិនមានសង្គ្រាម និងបែក បាក់គ្នាដូចពីមុននោះទេ។ ដូច្នោះការលុបចោលថ្ងៃ២៣ តុលាពីប្រតិទិនឈប់ សំរាកមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ បើតាមអ្នកនាំពាក្យ សកម្មជនបក្ស ប្រឆាំងបានយកថ្ងៃទី២៣ តុលានេះ គឺបំណងហៅបរទេសមកចូលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះ។ ការរំលឹកពីកិច្ចព្រមព្រៀងទីក្រុងបារីស គ្រាន់តែសុបិន្តបកថយក្រោយ តែការរំលឹកពីទិវារដ្ឋធម្មនុញ្ញទៅវិញទេ ដែល ជាអ្វីដែលយើងត្រូវរំលឹក ដើម្បីពង្រឹងសិទ្ធិ និងជោគវាសនារបស់ជាតិ។

ពាក់ព័ន្ធទៅនឹងការដកចេញទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ពីប្រតិទិនឈប់សំរាកប្រចាំឆ្នាំ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលបានបន្យល់ថា កម្ពុជាមិនមែនផ្តោតសំខាន់តែទៅលើថ្ងៃ១០ ធ្នូ ដើម្បីនិយាយពីការគោរពសិទ្ធិមនុស្សនោះទេ ព្រោះរាជរដ្ឋាភិបាលបានប្រកាន់យកការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន។ ពិសេសបង្កើតឲ្យមានមេធាវីការពារក្តី និងរកយុត្តិធម៌សម្រាប់ស្ត្រីក្រី និងពលរដ្ឋក្រីក្រថែមទៀត។

គួរបញ្ជាក់ថា កាលពីសប្តាហ៏មុន រាជរដ្ឋាភិបាលបានចេញអនុក្រិតស្តីពីប្រតិ ទិនឈប់សំរាកការងាររបស់មន្ត្រីរាជការ កម្មករ និយោជិតឆ្នាំ២០២០ ដោយ បានកាត់ចំនួនថ្ងៃឈប់សំរាកពី២៨ថ្ងៃ មកត្រឹម២២ថ្ងៃ ដោយចំថ្ងៃសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា ទិវាសិទ្ធិមនុស្ស ១០ ធ្នូ និងថ្ងៃផ្សេងទៀត។ ការលុប ចោលថ្ងៃឈប់សំរាកទាំងពីរ បានធ្វើឲ្យសកម្មជនគណបក្សប្រឆាំងមួយចំនួន និងអ្នកការពារសិទ្ធិមនុស្ស មិនពេញចិត្ត និងស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យឡើង វិញចំពោះការកាត់ថ្ងៃឈប់សំរាកនេះ៕

តំណាងនិយោជក និងសហជីព ស្នើកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំចំនួន ៤ថ្ងៃបន្ថែមទៀត

ភ្នំពេញ ៖ តំណាងនិយោជក និងតំណាងសហជីពជាតិ បានស្វាគមន៍ចំពោះកំណែ ទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ចំនួនថ្ងៃឈប់សំរាកចំនួន ៦ថ្ងៃ ចេញពីប្រតិទិនឈប់សំរាកប្រចាំឆ្នាំ២០២០ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា កាត់បន្ថយថ្ងៃឈប់សម្រាក ៤ថ្ងៃបន្ថែមទៀត ខណៈថ្ងៃឈប់សម្រាកឆ្នាំក្រោយត្រូវបានរដ្ឋាភិបាលកាត់បន្ថយមក ត្រឹម២២ថ្ងៃ ដែលការកាត់នោះដោយទាំង ថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្ស និង២៣តុលាជាថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ប៉ុន្តែ តំណាងកម្មករចាត់ទុកការស្នើសុំបន្ថយថ្ងៃឈប់សម្រាកបន្ថែមទៀត គឺជាការប្រឆាំងនឹងប្រយោជន៍កម្មករ។

នៅក្នុងសន្និសីទកាសែត នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បត្តិ៏នេះ លោកឧកញ៉ា បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងនិយោជក បានស្វាគមន៏ចំពោះការកាត់ថ្ងៃឈប់ សំរាកពី២៨ថ្ងៃ មកត្រឹម២២ថ្ងៃ ដែលជួយបង្កើនផលិតភាពកម្ពុជាកាន់តែច្រើន និងការប្រកួតប្រជែង។ លោក បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា និយោជកសំណូមពរ ក៏ដូចជាស្នើឲ្យរដ្ឋាភិបាលពិចារណា កាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៤ថ្ងៃបន្ថែមទៀត ឬមកត្រឹម១៨ថ្ងៃប៉ុណ្ណោះ។ ការស្នើសុំនេះ ដោយសំអាងថាប្រទេសជាសមាជិកអាស៊ានផ្សេងទៀតមានថ្ងៃឈប់សម្រាកជា មធ្យមត្រឹមតែ១៦ថ្ងៃ ហើយកម្ពុជាមាន២២ថ្ងៃ បើតាមអនុក្រឹត្យថ្មី។

លោកថា ក្នុងប្រទេសឧស្សាហកម្ម ការប្រកួតប្រជែងទៅលើផលិតភាពនេះ គឺពិតជាមានភាពចាំបាច់ណាស់ សម្រាប់ប្រកួតប្រជែង និងដណ្តើមទីផ្សារអន្តរជាតិបានច្រើន។ ប៉ុន្តែលោកឧកញ្ញ៉ា បានកត់សំគាល់ថា ចំនួនឈប់សំរាកប្រចាំឆ្នាំកាត់មកត្រឹម២២ថ្ងៃនេះ តែមានចំនួនច្រើនបើធៀបទៅនឹងតំបន់អាស៊ាន និងពិភពលោក។ លោកស្នើឲ្យរាជរដ្ឋាភិបាលពិ ចារណាកាត់ចំនួន៤ថ្ងៃបន្ថែមទៀត ដើម្បីឲ្យចំនួនថ្ងៃឈប់សំរាកកាន់តែតិចជាងមុន។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា ក្នុង នាមជាតំណាងសហជីព លោកមើលឃើញថា ការកាត់ថ្ងៃឈប់សំរាកមានភាពវិជ្ជមានច្រើនសម្រាប់និយោជក និងទាក់ទាញវិនិយោគ។ ទោះយ៉ាងណា ការកាត់ចំនួនថ្ងៃឈប់សំរាកនេះ ក៏បានធ្វើឲ្យខាតបង់ប្រយោជន៏មួយចំនួន សម្រាប់កម្មករ។ លោក សោម អូន បានកត់សំគាល់ថា កម្មករ មិនបានព្រួយ បារម្ភខ្លាំងចំពោះការខាតបង់ថ្ងៃឈប់សំរាកទេ ប៉ុន្តែបារម្ភខ្លាំងបំផុត គឺប្រាក់ឈ្នួលអាប្បបរមា សេវាបសស និងប្រាក់អតីតភាពការងាររបស់ពួកគាត់។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី២ ខែសីហា ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ មានថ្ងៃឈប់សម្រាកតែ២២ថ្ងៃប៉ុណ្ណោះ ដោយបានកាត់បន្ថយចំនួន៦ថ្ងៃ។ ក្នុងអនុក្រិត្យបានកាត់ បន្ថយ២ថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរពោលឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ក្នុងនោះក៏មានពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត រួមមាន៖ ពិធីបុណ្យមាឃបូជា, ទិវាជាតិនៃការចងចាំ, ទិវាកុមារអន្តរជាតិ, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, និងទិវាសិទ្ធិមនុស្ស ១០ធ្នូ៕

ស្រវឹងលើកមុនសម្លាប់ប្រពន្ធ ស្រវឹងលើកនេះដេញកាប់កូនប្រុសផ្អើលពេញភូមិ

ខេត្តកំពង់ចាម:អតីទណ្ឌិតជាមនុស្សប្រមឹកម្នាក់បានផឹកស្រាស្រវឹង ហើយ ជះកំហឹងលើកូនខ្លួនឯង ដោយយកកាំបិតដេញចាក់សំលាប់ តែត្រូវកូនររួចប្តឹងសមត្ថកិច្ចចាប់ខ្លួន។

ប៉ូលិសបានអោយដឹងថានៅថ្ងៃទី14ខែសីហាឆ្នាំ2019 វេលាម៉ោង 20និង10នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាល មៀនបានទទួលបណ្តឹងតាមទូរស័ព្ទពីឈ្មោះហ៊ាន់ សុភាភេទប្រុសអាយុ28ឆ្នាំនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមថា÷នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង 20និង05នាទីនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរខេត្តកំពង់ចាម មានឈ្មោះ ស្រី លឹមហេង(ត្រូវជាឪពុករបស់ខ្លួន) អាយុ50ឆ្នាំរស់នៅក្រោមដំបូលផ្ទះតែមួយផឹកបានផឹកស្រាស្រវឹងយ៉ាងខ្លាំងហើយជេរបញ្ចោរនិងបានយកកាំបិតចុងស្រួច សម្រាប់ចិតត្នោតដេញប៉ុនប៉ងចាក់សម្លាប់ខ្លួន នៅពេលនោះខ្លួនបានរត់គេចរួចក៏មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋស្តិ៍រដ្ឋបាលមៀនសុំឲ្យជួយធ្វើអន្តរាគមន៍។

ខណៈនោះ កម្លាំងប៉ុស្តិ៍  នគរបាលរដ្ឋបាលមៀន3នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រីយឹម សុខុន ជានាយប៉ុស្តិ៍ចុះទៅឃាត់និងណែនាំឱ្យឈ្មោះស្រីលឹមហេងបញ្ឈប់ សកម្មភាព ដើម្បីឲ្យកូនបានចូលសម្រាកក្នុងផ្ទះវិញ ស្រាប់តែឈ្មោះស្រី លឹមហេង យកពូថៅ កាន់ចុះពីលើផ្ទះ ស្ទុះដេញកាប់ មកលើសមត្ថកិច្ច បណ្ដើរ ស្រែកពោលពាក្យ  បណ្ដើរថា អញធ្លាប់សម្លាប់មនុស្សថ្ងៃមុនមថ្ងៃនេះអញចង់សម្លាប់មនុស្សទៀត។ ប៉ូលិសបានបន្តថា ខណ:នោះក្រុមសមត្ថកិច្ច បានរត់គេចខ្លួន ចុះឡើងៗហើយព្រួតគ្នាចាប់ឃាត់ខ្លួន យកពូថៅទើបឈ្មោះស្រី លឹមហេងបញ្ឈប់សកម្មភាព។ ប៉ូលិសបានបញ្ជាក់ថា ឈ្មោះ ស្រី លឹមហេង នេះធ្លាប់ជាប់ពន្ធនាគាររយៈពេល7ឆ្នាំនៅខេត្តរតនគិរីពីករណីសម្លាប់ប្រពន្ធខ្លួន។

ជនសង្ស័យត្រូវបាននាំមកសាកសួរនៅអធិការដ្ឋានជាមួយវត្ថុតាង ហើយជំនាញបានពិនិត្យជាតិអាកុលមានកម្រិត1.04mg/L។-បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនទុកនៅអធិកាដ្ឋានដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី។

បង្ក្រាបទ្រង់ទ្រាយធំចាប់ចិន ១២៧នាក់ នៅខេត្តព្រះសីហនុ ​រឿងជម្រិតទារប្រាក់

ខេត្តព្រះសីហនុ ៖ ក្រុមសង្គមងងឹតជាជនជាតិចិនចំនួន១២៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាបបានជាបន្ដបន្ទាប់នៅទីតាំងផ្សេងពីគ្នា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) ដែលពួកគេប្រព្រឹត្តនៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា ការចាប់ខ្លួនក្រុមជនជាតិចិន ជាង១០០នាក់ នេះ គឺពីគោលដៅ នៅសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

មន្រ្តីរូបនេះ បានបញ្ជាក់ថា ទីតាំងទី១ នៅអគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ស្រី០៩នាក់។ ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។ ទីតាំងទី២៖ វីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ ស្រី០២នាក់។

បច្ចុប្បន្នកំពុងរៀបចំឯកសារដើម្បីបញ្ជូន ជនសង្ស័យទាំង១២៧នាក់នេះ Tទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

កិច្ចប្រជុំប្រចាំសប្តាហ៍នៃគណៈរដ្ឋមន្ត្រីកម្ពុជានឹងបន្តលើកពេលម្តងទៀត

ភ្នំពេញ ៖ កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់ធ្វើជាទៀងទាត់រៀងរាល់នៅថ្ងៃសុក្រ នឹងត្រូវបន្តលើកពេល ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ដើម្បីបើកកិច្ចប្រជុំ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំប្រចាំសប្តាហ៍នៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៦ សីហា ខាងមុខនេះ នឹងបន្តលើកពេល ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់ដើម្បីបើកកិច្ចប្រជុំ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធថា ការលើកពេលនៃកិច្ចប្រជុំនេះ មិនមានអ្វីពាក់ព័ន្ធនឹងអវត្តមានជាសាធារណៈរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ផ្ទាល់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុង គ្រោះទឹកជំនន់នេះទេ។
គួររំលឹកថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកពេលម្តង កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា កន្លងទៅ គឺនៅចំពេលអវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើតាមលោក ផៃ ស៊ីផាន ទោះបីជាលោកនាយករដ្ឋមន្ត្រី មិនទាន់ចេញមុខអន្តរាគមន៍ដោយផ្ទាល់ក្តី តែសម្តេចបានចេញបញ្ជាឲ្យមន្ត្រីរបស់លោក ចុះបេសកម្មជួយសង្គ្រោះរួចជាស្រេចទៅហើយ។ ហើយម្យ៉ាងទៀត គ្រោះទឹកជំនន់ដោយទឹកភ្លៀងនារយៈពេលប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចេញមុខដោះស្រាយជាបន្ទាន់នោះដែរ៕

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យសមត្ថកិច្ចពង្រឹងសន្តិសុខតាមបុរី និងខុនដូ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ទាក់ទិន និងការគ្រប់គ្រងជនបរទេស ការស្នាក់នៅ ពិសេស គឺបញ្ហាសន្តិសុខ នៅតាមបណ្ដាបុរី និង ខុនដូ នៅក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងផ្ដោតទៅលើបញ្ហា នៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និង ខុនដូ មួយចំនួន ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាននានា មកជំនាញសមត្ថកិច្ច មិនអនុញ្ញាតឱ្យសមត្ថកិច្ច ឬអាជ្ញាធរ ចេញចូល បុរី ឬ ខុនដូ ដែលជាហេតុធ្វើឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងការស្នាក់ នៅរបស់ពលរដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយជាដើម។

លោកអភិបាល ក៏បានបញ្ជាឱ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយការណ៍ប្រចាំខែ អំពីការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងមូលដ្ឋានគ្រប់គ្រងតាមខណ្ឌនិមួយ ដែលគណៈបញ្ជាការឯកភាពរាជធានីបានប្រជុំដាក់ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេសលទ្ធផលនៃការអនុវត្តនូវបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានការបង្កើនប្រជាកាពារឡើងវិញនៅតាមសង្កាត់និមួយថាតើមកដល់ពេលនេះទទួលបានលទ្ធផលបែបណាហើយ។

គួររំឡឹកផងដែរថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្ដច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ ក្រសួងមហាផ្ទៃក៏បានពិនិត្យឃើញថា មានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើន បានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់និងការទទួលខុសត្រូវខ្ពស់ប៉ុន្តែនៅមានម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ចនិងអនុវត្តត្រឹមត្រូវតាមការកំណត់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេស ឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃបានធ្វើការណែនាំឱ្យម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាពនិងផ្តល់របាយការណ៍ឱ្យបានទៀងទាត់។

ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយការណ៍ ពីវត្តមាន នៃការស្នាក់នៅរបស់ជនបរទេស តាមការកំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិ ដែលមានចែងក្នុងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រធានព្រឹទ្ធសភាកម្ពុជា ចាត់ទុកជំនួយរបស់ជប៉ុន មានអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម Hidehisa HORINOUCHI នៅក្នុងកម្ពុជា ពិតជាទទួលបានសមិទ្ធផលជាច្រើនដូចជាជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនហើយជំនួយទាំងនោះពិតជាមានអត្ថប្រយោជន៍ដ៏ធំធេង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការកត់សម្គាល់នេះត្រូវបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លើកឡើង នៅព្រឹកថ្ងៃទី១៤ខែសីហា ក្នុងពេលដែលអនុញ្ញាតឱ្យ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក Hidehisa HORINOUCHI បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនិងជម្រាបលានាពេលនេះ។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូត នៅ កម្ពុជា ឯកឧត្តមបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រ ពីព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានការរីកចម្រើន។

ជាមួយគ្នានេះ លោកបានសម្ដែងនូវសេចក្ដីរីករាយដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើននិងអភិវឌ្ឍនយ៉ាងឆាប់រហ័សក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាឯកឧត្តមត្រូវទទួលតួនាទីថ្មី ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ ក៏ដោយ ក៏លោកនៅតែបន្តគាំទ្រ ទាំងស្មារតីនិងទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជាដដែល។

នាឱកាសនោះ សម្តេចវិបុលសេនាភក្តីសាយឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈកីឡាអប់រំជាពិសេសការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនការផ្លាស់ប្តូររវាងយុវជននិងយុវជនដ៏ទូលំទូលាយ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា លោកនិងស្ថានទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អ ជាមួយនឹងថ្នាក់ដឹកនាំមន្រ្តីគ្រប់លំដាប់ថ្នាក់និងជាមួយនឹងក្រសួងស្ថាប័នអាជ្ញាធរខេត្តក្រុងជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់បំផុតចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជននិងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងមន្រ្តីជាន់ខ្ពស់គ្រប់កម្រិតជាញឹកញាប់៕

មន្ទីរពេទ្យកុមារអង្គរ ទទួលការឧបត្ថម្ភនូវអង្ករ១០តោនក្នុងមួយឆ្នាំពីក្រុមហ៊ុនវីតាល់

ខេត្តសៀមរាប ៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្តទទួលការឧបត្ថម្ភនូវអង្ករចំនួន ១០តោន ក្នុងមួយឆ្នាំៗ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ពីក្រុមហ៊ុនវីតាល់ ។

ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមពៀងឧបត្ថម្ភអង្ករ ដែលបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប លោក ទេព ណាវី នាយកប្រត្តិបត្តិការ នៃមន្ទីពេទ្យកុមារអង្គរ បានថ្លែងអំណរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយ ជម្រុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ តាមរយៈការជួយឧបត្ថម្ភអង្ករនេះ ក៏ជាការលើកទឹកចិត្ត ដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនវីតាល់ បានមានប្រសាសន៍ថា ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពីគុណតម្លៃ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជាក្នុងមួយថ្ងៃៗរាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប ក្រុមហ៊ុនទឹកសុទ្ធវីតាល់តែងតែផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយបានផ្តល់ជាអំណោយអង្ករ១០តោននិងផលិតផលវីតាល់នៅឆ្នាំ២០១៦កន្លងមក។

លោកបញ្ជាក់ថា ថវិការជិត១ម៉ឺនដុល្លារទទួលបានមកពីគម្រោង «អ្នកជាវីរ:បុរស» ដែលបានបិទបញ្ចប់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ។ ជាងនេះទៅទៀត វីតាល់ក៏បានបន្តគាំទ្រ ក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាអង្ករចំនួន១០តោន ក្នុងមួយឆ្នាំៗ រយៈពេលរហូតដល់ទៅ៣ឆ្នាំបន្ថែមទៀត ។ លើសពីនេះមូលនិធិ២៥៛ របស់វីតាល់ នឹងបន្តពង្រឹងវិសាលភាព នៃសកម្មភាពមនុស្សធម៌ ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍជានិរន្តរភាព សម្រាប់ថ្ងៃអនាគត ៕

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ៖ និយោជកកូរ៉េ ពេញចិត្តនឹងអត្តចរិត ការងាររបស់ពលករខ្មែរ

ភ្នំពេញ ៖ ភាពអត់ធ្មត់ព្យាយាមនឹងការងារ គួបផ្សំនឹងអត្តចរិតស្លូតបូតល្អរបស់ពលករកម្ពុជា ដែលទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េ ទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹង ពីសំណាក់និយោជក និងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េថែមទៀតផង។

ការកោតសរសើរ និងការពេញចិត្តនេះ ត្រូវបានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក អូ ណាក់យ៉ុង លើកឡើងនៅក្នុងពេលជូនដំណើរពលករកម្ពុជា ផ្នែកឧស្សាហកម្មចំនួន ៣២នាក់ ចេញទៅបំរើការងារនៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការជូនដំណើរនេះក៏មានការចូលរួមពីសំណាក់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងសំណេះសំណាលមុនពេលចេញដំណើរ ឯកឧត្តម អូ ណាក់យ៉ុង បានផ្ដាំផ្ញើដល់ពលករកម្ពុជា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមានក្នុងពេលបំពេញការងារ ។

ឯកអគ្គរដ្ឋទូតអះអាងថា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ ឱ្យជួយបង្កើនកូតាទទួលពលករកម្ពុជា ឱ្យទៅធ្វើការនៅកូរ៉េឱ្យបានកាន់ច្រើនថែមទៀត។ មកដល់ពេលបច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន១៦ប្រទេស ក្នុងនោះចំនួនពលករកម្ពុជា ពិតជាមានកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត។

ជាមួយគ្នានោះ លោក ហេង សួរ ក៏បានផ្ដាំផ្ញើដល់ពលករទាំងអស់ថា ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានា។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការជឿជាក់ថា ពលករកម្ពុជាទាំងអស់ នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៦ម៉ឺននាក់ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម កសិកម្មនិងសំណង់។បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ ទទួលបានចន្លោះពី ៤,០០០ទៅ៤,៥០០នាក់ បន្ថែមទៀត»។

ឯកឧត្តម ហេង សួរ បញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េ មានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះ មានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះ តែងតែមានអ្នកចេះភាសារបស់ពលករ នៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរ នៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះ នៅពេលដែលពលករមានបញ្ហាណាមួយ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង។

ក្រៅពីមជ្ឈមណ្ឌលគាំពារពលករនេះ កម្ពុជាក៏មានទីប្រឹក្សាការងារទទួលបន្ទុកពលករចំនួន២នាក់ នៅប្រចាំការអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមជាមួយមន្ត្រីនៃគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រង់ចាំទទួលប្រឹក្សា និងជួយដោះស្រាយបញ្ហាការងារនៅសាធារណរដ្ឋកូរ៉េ៕

លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស ជាប់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទនាំស្ត្រីខ្មែរទៅអារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ តុលាលការរាជធានីភ្នំពេញ វេលាថ្ងៃត្រង់ទី១៣ ខែសីហា នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់ក្នុងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្ម ផ្លូវភេទប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ដែលរឿងហេតុនេះ បានកើតឡើងកាលពីឆ្នាំ២០០៤។

លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក លោកបដិសេធដា នោះគឺជារឿងដែលគេប្រឌិតឡើងដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ​។

សូមជម្រាបថា បន្ទាប់ពីសវនាការប្រកាសសាលក្រមនៅចំពោះមុខជនត្រូវចោទរួចមក តុលាការបានសម្រេចបញ្ជូនលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសម្នាក់ ទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗផងដែរ៕

ប្រធានមន្ទីរពេទ្យកុមារជាតិ បដិសេធថាគ្មានកុមារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃនេះថា មិនមានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅលើកុមារនោះទេ។ ការលើកឡើងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកគ្រាន់តែជាការភាន់ច្រឡំប៉ុណ្ណោះ ត្បិតជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សឡើយ។

នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៣ សីហា នៅមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានច្រានចោលព័ត៌ មានតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបានផ្សព្វផ្សាយថា មានកុមារម្នាក់បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រហូតមកដល់ពេលនេះគឺគ្មាន ឡើយកុមារដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសារតែការបរិភោគសាច់ជ្រូក។

បើតាមលោកវេជ្ជបណ្ឌិត រស់ សុវណ្ណរិន្ទ វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកជំងឺឆ្លង បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ មានកុមារម្នាក់បានមកសម្រាកនៅមន្ទីរពេទ្យកុមារជាតិ ដែលមានអាការជំងឺសើស្បែក មានកន្ទួលរមាស់ និងពងបែកលើជើង។ ឪពុកម្ដាយសង្ស័យថាកើតជំងឺឆ្លងសត្វជ្រូកអាហ្វ្រិក ដោយសារតែគាត់និងកូនទើបតែបរិភោគសាច់ជ្រូក មុននឹងមានជំងឺនេះ។ ដូច្នេះហើយទើបគាត់បានបង្ហោះនៅលើបណ្ដាញសង្គម ថាកូនរបស់គាត់ឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។

លោកបណ្ឌិត នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះមិនឆ្លងមកមនុស្សនោះទេ សូមឱ្យបងប្អូនមានការព្រួយបារម្ភ។ លោកថា លោកបានពន្យល់ទៅដល់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសាររួចមកហើយ តែប្រជាពលរដ្ឋនៅតែមានការបារម្ភ។

គូរបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅខេត្តចំនួន៥ នៅទូទាំងព្រះរា ជាណាចក្រកម្ពុជា គ្រាដែលសត្វជ្រូករាប់ពាន់ក្បាលត្រូវបានឈឺ និងងាប់ និងយកសម្លាប់ចោលនៅ នឹងកន្លែងដើម្បី កុំឲ្យឆ្លងរីករាលដាលទៅកាន់ជ្រូកដទៃផ្សេងទៀត៕