All posts by មេគង្គ ប៉ុស្តិ៍

ព្រះមហាក្សត្រថៃបន្តដកតំណែងមន្ត្រីវាំងជាច្រើនរូបទៀត

បាងកក ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) កាលពីថ្ងៃអង្គារម្សិលមិញបានបណ្ដេញមន្ត្រីវំាង០៤នាក់បន្ថែមទៀត បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន។ នេះបើតាមសារព័ត៌មាន CNA។

យោងតាមការប្រកាសពីព្រះរាជវាំងថៃ មន្រ្តីវាំងទាំង ០២រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។

កាលពីសប្ដាហ៍មុនព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។ ការដកតំណែងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយព្រះអង្គដកហូតតំណែង និងឋានៈទាំងអស់របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នកម្នាងត្រូវបានគេរកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួនឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី៕

 

 

កូនបង្កើត​កាប់​ឪពុក​រងរបួស​ធ្ងន់ ​​រឿង​ចែក​ដីធ្លី​ឲ្យ​កូន​មិន​ស្មើ​គ្នា

​ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួ​សារបាន​កើតឡើង​កាលពី​រសៀល​ម្សិលមិញ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ឪពុក​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​គេ​ប្រញាប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ពី​រឿង​ដីធ្លី ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​កូន​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​តែម្តង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៥០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែតុលា​នេះ នៅ​ចំណុច​អូរ​ខ្យង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល ឲ្យ​ឪពុក​រងរបួស​ធ្ងន់ ចំ​ថ្ងាស​រយះ​សាច់ដុំ​ដៃស្តាំ ប្រអប់​ដៃស្តាំ និង​ភ្លៅ​ស្តាំ។​

ចំណែក​ជនសង្ស័យ​ជា​កូនបង្កើត​ឈ្មោះ ភឹ​ក ភ័​ណ្ឌ អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ ភូមិ​វត្ត​សង្កាត់​ប៉ៃលិន ។​ ជនរងគ្រោះ​មានឈ្មោះ ថា​ន់ ផន អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​ត្រូវជា​ឪពុក​បង្កើត​) ។

​តាម​ព័ត៌មាន​ទទួលបាន​ករណី​ខាងលើនេះ​កើតឡើង​ដំបូង​ពី​ជម្លោះ​ពាក្យសំដី​រឿង​ចែក​ដីធ្លី​ឲ្យ​កូន​មិន​ស្មើគ្នា​បង្ក​ឲ្យ​ជនសង្ស័យ​មាន​កំហឹង ហើយដោយ​ជនសង្ស័យ​ជា​អ្នកញៀន​ថ្នាំ​ផង​នោះ​ក៏​ហ៊ាន​ទាញ​កាំបិត​កាប់​ប្រហារ​ឪពុក​តែម្តង។ ប៉ុន្តែ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ផងដែរ៕

 

ប្រមុខដឹកនាំក្រុងហុងកុងព្រមានពីហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច

ហុងកុង ៖ មេដឹកនាំទីក្រុងហុងកុងកាលពីថ្ងៃអង្គារម្សិលមិញបាននិយាយថា ទីក្រុងនេះកំពុងស្ថិតក្នុងហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅពេលដែលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានឈានចូលដល់ខែទី៥ហើយ។

លោកស្រី ខារី ឡាំ (Carrie Lam) បានអះអាងថា ប្រសិនបើទិន្នន័យក្នុងត្រីមាសទី៣ដែលនឹងត្រូវចេញផ្សាយនៅសប្តាហ៍នេះបង្ហាញពីកំណើនអវិជ្ជមាន នោះសេដ្ឋកិច្ចរបស់ទីក្រុងពាក់កណ្តាលស្វយ័តមួយនេះរបស់ចិននឹងធ្លាក់ចុះតាមន័យបច្ចេកទេស។

គួរបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានញាំញីដោយការតវ៉ាអស់រយៈពេលជាង៤ខែមកហើយដោយការតវ៉ាមួយចំនួនបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សានៅតាមដងផ្លូវរវាងក្រុមបាតុករនិងប៉ូលិស។ ភាពចលាចលនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មលក់រាយនិងឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហុងកុង៕

 

សម្តេចតេជោនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងបាងកកចុងសប្តាហ៍នេះ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលទទួលបាននៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម ៖

មនុស្ស៧នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រនៅហ្វីលីពីន

ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា មនុស្ស៧នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបូករួមទាំងផ្លូវធ្វើដំណើរ ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់កោះ មីដាណាវ (Mindanao) ភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមសារព័ត៌មាន CNA។

អាជ្ញាធរបញ្ជាក់ថា មនុស្សដែលបានបាត់បង់ជីវិត និងទទួលរងរបួសគឺដោយសារតែត្រូវបានផ្ទះ ឬអគាររលំសង្កត់ ហើយខ្លះទៀតបានត្រូវនឹងបំណែកអគារ។ អាជ្ញាធរហ្វីថា នៅតាមតំបន់ដែលទទួលរងឥទ្ធិពលទាំងនោះ មនុស្សម្នាបានផ្អើលរត់ចេញពីក្នុងអគារ និងលំនៅឋានរបស់ពួកគេ ខណៈបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្លះត្រូវបានកាត់ផ្តាច់ និងអគារមួយចំនួនបានរងការខូចខាត។ រីឯអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែង ក៏ត្រូវបានជម្លៀសចេញផងដែរ។

បើតាមទិន្នន័យនៃទីភ្នាក់ងារស្ទាបស្ទង់ គ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) គ្រោះរញ្ជួយដីខាងលើបានកើតឡើងចំខេត្ត កូតាបាតូ (Cotabato) និងមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះ ហើយនៅក្រោមផ្ទៃដីតែម្តង ដែលជាហេតុបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ កម្លាំងញ័ររញ្ជួយរបស់វាបានជះដល់តំបន់មួយចំនួនដូចជាទីក្រុង ខៃដាប៉ាវ៉ាន (Kaidapawan), ខេត្ត សារ៉ាងហ្គានី (Sarangani), ទីក្រុង ដាវ៉ៅ (Davao), ទីក្រុង កូរ៉ូនណាដាល (Koronadal), ទីក្រុង កាហ្គាយ៉ាន ឌែអូរ៉ូ (Cagayan de Oro), ទីក្រុង ជែណឺរ៉ល សាន់តូស (General Santos), ទីក្រុង ហ្សាំបូអាងហ្គា (Zamboanga), និងខេត្ត ប៊ូឃីដណុន (Bukidnon)៕

 

​សមត្ថកិច្ច​​នៅ​មិនទាន់​មានតម្រុយ​នៃ​ការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​នៅលើ​ដែន​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ ៖ រហូតមកដល់ពេលនេះការបាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័​យ​ក្មេង​ម្នាក់នៅលើ​ដែន​កោះកុង​សន្លឹមស្ថិតក្នុង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅតែស្ថិតក្នុង​អាថ៌កំបាំង​នៅឡើយ បើ​គិតពី​ថ្ងៃ​បាត់​ខ្លួន​មក​រយៈពេល​៤​ថ្ងៃ​ហើយ ។​

​មន្ត្រីរដ្ឋបាល​ក្រុង​កោះរ៉ុង​ឲ្យដឹងថា គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៩​នេះ ការស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយរូប ដែល​បាត់​ខ្លួន​នៅលើ​កោះរ៉ុង​នោះ មិនទាន់​ប្រទះឃើញ​នៅឡើយ សូម្បីតែ​តម្រុយ​អ្វី​បន្តិច​ក៏​មិន​ទទួល​បានដែរ។​

​ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់ផ្នែក រួមជាមួយ​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​ផង កំពុង​ធ្វើ​ប្រតិបត្តិ​ការស្វែងរក​បន្ត​ដោយ​ថ្មើរជើង​នៅលើ​ដីគោក​ក្នុង​តំបន់​ព្រៃភ្នំ​ផង ក្នុងនោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ពីលើ​អាកាស ហើយ​នៅក្នុង​ទឹក​ក្បែរ​ឆ្នេរសមុទ្រ​ក៍មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ផងដែរ​។

​រំលឹកថា ស្ត្រីជន​បរទេស​ដែល​បាត់​ខ្លួន​នេះ ឈ្មោះ​Amelia Bambridge អាយុ ២១​ឆ្នាំ ដែល​យោង តាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់ថា បាន​បាត់​ដំណឹង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះរ៉ុង ចាប់ពី​វេលា​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃទី​២៤​តុលា​២០១៩ មិនទាន់​ដឹងថា​ជាការ​វង្វេង​ដូច ករណី​ជនបរទេស​ខ្លះ​ធ្លាប់​វង្វេង​បាត់​ក្នុងព្រៃ​លើ​កោះ​កន្លងមក ឬ​ដោយហេតុ​ការណ៍​មួយ នៅឡើយ​៕ 

 

សាកសពមេដឹកនាំរដ្ឋអ៊ីស្លាម Baghdadi ត្រូវទាហានអាមេរិកបោះចោលក្នុងសមុទ្រ

វ៉ាស៊ីនតោន ៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទ ថ្ងៃទី ២៨ ខែតុលា ថា សាកសពរបស់ប្រមុខក្រុមរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រ គេកប់នៅឯសមុទ្រមួយកន្លែង ខណៈដែលទីតាំងមិនត្រូវបានបញ្ជាកឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA។

មន្ត្រីនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាកសពរបស់ អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានយកទៅបោះចោលចូលក្នុងទឹកសមុទ្រមួយកន្លែងមិនបញ្ជាក់ទីតាំង ដូចគ្នាទៅនឹងសាកសពរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលត្រូវបានយោធាអាមេរិកបោះចោលចូលទឹកសមុទ្រ បន្ទាប់ពីត្រូវបានសម្លាប់កាលពីឆ្នាំ២០១១ នៅប្រទេសប៉ាគីស្ថាន។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅភូមិ Barisha នៃខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវបានតាមប្រមាញ់ដោយកងកុម៉្មង់ដូរ ពិសេសអាមេរិក។

តាមការអះអាងរបស់លោក ត្រាំ ថា តាមរយៈធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌី ពិតជាបានស្លាប់មែននៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ៕

 

 

សភាអាមេរិកនឹងធ្វើការបោះឆ្នោតក្នុងសប្ដាហ៍នេះជុំវិញនីតិវិធីដកលោក ដូណាល់ ត្រាំ ពីតំណែង

វ៉ាស៊ីនតោន ៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនឹងធ្វើការបោះឆ្នោតជាផ្លូវការលើកដំបូងនៅថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាស្តីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមសារព័ត៌មាន CNA។

ប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ធ្វើការប្រកាសបែបនេះ នៅក្នុងលិខិតផ្ញើជូនសមាជិកសភាទាំងអស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រី Pelosi បានបញ្ជាក់នៅក្នុងលិខិតនោះ ដូច្នេះថា ៖ «នៅក្នុងសប្ដាហ៍នេះ យើងនឹងបោះឆ្នោតសម្រេចស្ដីពីការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែង ប្រធានាធិបតី ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគណៈកម្មាធិការរបស់យើង»។

លោក ត្រាំ បច្ចុប្បន្ន កំពុងប្រឈមមុខនឹងការស៊ើបអង្កេតដកតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានគេចោទប្រកានថា បានរំលោភលើច្បាប់សហព័ន្ធអាមេរិក ជាមួយការស្នើឱ្យអ៊ុយក្រែន ជួយរូបលោកឱ្យឈ្នះឆ្នោត ម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបើកស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងលោក Joe Biden។ លោក Joe Biden គឺជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យម្នាក់ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ៕

 

ក្រសួង​ការងារ​ប្រកាស​ថ្ងៃ​ឈប់​របស់​កម្មករនិយោជិត​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ថ្ងៃ​ឈប់សម្រាក​របស់​កម្មក​រ​និយោជិត​ទាំងអស់​ដោយមាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក អំបុក ខាងមុខនេះ រយៈពេល​០៤​ថ្ងៃ គឺ​ថ្ងៃទី​១០-១១-១២ និង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជំនួស​ឲ្យ​ថ្ងៃទី​១០ ដែល​ត្រូវចំ​ថ្ងៃអាទិត្យ​៕

 

ប្រធានាធិបតីហុងគ្រី នឹងបញ្ជូនអ្នកជំនាញជួយកែច្នៃសំរាម និងទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ប្រធានាធិបតី ហុងគ្រី លោក យ៉ាណូស អាឌ័រ នៅរសៀលម្សិលមិញ ក៏បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ លោកប្រធានាធិបតី បញ្ជាក់ថា ហុងគ្រី នឹងបញ្ជូនអ្នកជំនាញផ្នែកទឹកស្អាត និងអ្នកជំនាញផ្នែកកែច្នៃសំរាម ឲ្យមកជួយអភិវឌ្ឍកម្ពុជា។

ក្នុងជំនួបនេះលោកប្រធានាធិបតីហុងគ្រី បានមានប្រសាសន៏ថា នេះជាលើកទី៣ ហើយដែលឯកឧត្តមបានជួបជាមួយ សម្ដេចតេជោ តែក្នុងរយៈពេល ៦ខែប៉ុណ្ណោះ ហើយជំនួបនេះ គឺជាជំនួបដ៏ពិសេស ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ លោក មិននឹកស្មានដល់ថា ភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍បែបនេះទេ។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួប។ លោក ប្រធានាធិបតីថា ដើម្បីចូលរួមអភិវឌ្ឍកម្ពុជាបន្តទៀត ឯកឧត្តម នឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រីដើម្បីមកជួយកម្ពុជាយើងក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាមទាំងសំរាមសំណល់រឹង និងសំណល់រាវ ដែលជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ អ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់នូវបច្ចេកវិទ្យា និងដំណោះស្រាយ បញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជា និងដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែង ។ ឯ.ឧ បញ្ជាក់ថា ហុងគ្រី នៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត ប្រព័ន្ធអនុគ្រោះពន្ធ។

សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមប្រធានាធិបតី ថា កម្ពុជាមានការបែកបាក់គ្នាយ៉ាងយូរឆ្នាំ ប៉ុន្តែកម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញថែមទាំងមានកំណើនសេដ្ឋកិច្ច មិនតិចជាង៧ភាគរយក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

សម្ដេចតេជោ អរគុណហុងគ្រី ដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះគឺ គម្រោងតេជោភូមិ១០០ និងផែនការសកម្មភាពដោះមីន ដើម្បីជំរុញនៅកម្ពុជាដែលជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ជាមួយនឹងការផ្ដល់អាហារូបករណ៍ជូនដល់សិស្សកម្ពុជាចំនួន១៥នាក់ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាមសម្ដេចតេជោ បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើការសិក្សា និងចូលរួមសហការជាមួយមន្ត្រីកម្ពុជា លើការដោះស្រាយទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវនៅទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀត។ បញ្ហាសំរាមនៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ សម្ដេចតេជោ បានផ្ដល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើ ម្បីបន្តការពិភាក្សាជាមួយភាគីហុងគ្រី ក្នុងការបញ្ជូនប្រតិភូអ្នកជំនាញការហុងគ្រីមកកម្ពុជា នៅពេលឆាប់ៗខាងមុខ៕

 

 

ព្រះរាជជីវប្រវត្តិសង្ខេបព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ នេះ កាលពី១៥ឆ្នាំមុន គឺជាថ្ងៃនៃការយាងសោយរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ ខាងក្រោមនេះ គឺជាព្រះរាជ្យជីវប្រវត្តិសង្ខេប របស់ព្រះអង្គ។

*** កុមារភាព និងការសិក្សា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រសូត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ ជាព្រះរាជបុត្រារបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមហាក្សត្រី មុនិនាថ សីហនុ ។ ព្រះអង្គមានព្រះរៀម និងព្រះអនុជ មាតាទីទៃសរុបចំនួន ១៣ អង្គ ប៉ុន្តែព្រះអង្គមានព្រះអនុជបង្កើត តែមួយអង្គប៉ុណ្ណោះ គឺសម្តេចនរោត្តម នរិន្ទ្រពង្ស ។

ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា នរោត្ដម និងវិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ ត្រូវបានព្រះរាជបិតា បញ្ជូនទៅទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី នាឆ្នាំ១៩៦២ ។ នៅទីនោះ ព្រះអង្គបានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណ រហូតដល់ឆ្នាំ១៩៧៥ ។

ព្រះអង្គ ស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងភាសាឆែក យ៉ាងស្ទាត់ជំនាញ ហើយព្រះអង្គ ក៏ជាក្សត្រខ្មែរ តែមួយព្រះអង្គគត់ ដែលចេះភាសាឆែក ។ ទីទៃពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេសនិងរុស្សីបានយ៉ាងប្រសើរផងដែរ។

អំឡុងរដ្ឋប្រហារ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់ នាឆ្នាំ១៩៧០ ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី ។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គ បានយាងចាកចេញ ពីទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើមសិក្សា វិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង ។

លុះដល់ឆ្នាំ១៩៧៧ ព្រះអង្គ បានយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ។ ភ្លាមៗនោះ ខ្មែរក្រហមដែលកំពុងកាន់អំណាចនៅកម្ពុជា បានប្រឆាំងនឹងរាជានិយម ក៏បានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្សដទៃទៀត រហូតដល់ ឆ្នាំ១៩៧៩ ជាពេលដែលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ។

*** ការបំពេញការងារ និងព្រះគោរមងារ

ឆ្នាំ១៩៨១ ព្រះអង្គ បានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន របាំបាឡេ និងបានទទួលព្រះតួនាទី ជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គ គង់នៅប្រទេសបារាំងជិត ២០ ឆ្នាំ ប៉ុន្តែជាញឹកញាប់ ព្រះអង្គក៏យាងទៅទីក្រុងប្រាគ ជាទីដែលព្រះអង្គបានចំណាយពេលជាច្រើន កាលព្រះអង្គ នៅវ័យក្មេងផងដែរ ។

ឆ្នាំ១៩៩៣ ព្រះអង្គ ត្រូវបានតែងតាំង ជាប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គ មានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌ខ្មែរ ។

ឯកសារនានា បានអះអាងថា ព្រះអង្គ ធ្លាប់បានបដិសេធចំពោះការតែងតាំង ជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ប៉ុន្តែឯកសារទាំងនោះ មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ និងហេតុអ្វីឡើយ .

ព្រះអង្គ ទទួលបានព្រះគោរមងារ ជាស្ដេចក្រុមឃុន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ហើយត្រូវបានដំឡើងជាសម្ដេចព្រះបរមនាថ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៤ ។

***  ការយាងសោរាជ្យសម្បត្តិ និងគ្រឿងឥស្សរិយយស

បន្ទាប់ពីបានសោយរាជ្យ ជាលើកទី២ អស់រយៈពេល ១១ ឆ្នាំមក ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសដាក់រាជ្យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ គឺជាការប្រកាសដាក់រាជ្យយ៉ាងភ្លាមៗ និងបង្កឱ្យមានការភ្ញាក់ផ្អើល ពីជនានុជន គ្រប់មជ្ឈដ្ឋាន ជាពិសេសនៅក្នុងសង្គមខ្មែរ ។មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានសមាជិកទាំង ៩ រូប នៃក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំងជាឯកច្ឆន្ទ ដើម្បីសោយរាជ្យ ជាព្រះមហាក្សត្រ នៃកម្ពុជា ស្នងព្រះបិតារបស់ព្រះអង្គ ។ ដោយហេតុនោះ ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើង ជាផ្លូវការ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ចាប់ពីពេលនោះមក ថ្ងៃទី ២៩ ខែតុលា បានក្លាយជាថ្ងៃសម្រាកសាធារណៈ ។

***  គ្រឿងឥស្សរិយយស

ព្រះអង្គទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ , គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ , មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង និងមេដាយប្រាក់ នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ៕

ចាក់សាំងដុតផ្ទះ បំផ្លិចបំផ្លាញទ្រព្យ និងគំរាមសម្លាប់   

ខេត្តកំពង់ចាម ៖ កំលាំងអធិការនគរបាលស្រុកបាធាយបានឃាត់ខ្លួនបុរសម្នាក់បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញទ្រព្យសម្បិត្តនិងគំរាមអារក សម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះ ដោយគ្មានមូលហេតុ។  អ្វីដែលហួសចិត្តទៀតនោះគឺជនសង្សយ័បានឆ្លើយប្រាប់សមត្ថកិច្ចនៅ ពេលឃាត់ខ្លួនថា (គាត់គ្មានគំនុំអ្វីជាមួយជនរងគ្រោះទេគឺវាចង់ធ្វើអីគឺធ្វើនឹងហើយ)។

លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយបានអោយដឹងថា ករណីទំនើងហួសហេតុនេះគឺបានកើតឡើងនៅថ្ងៃទី២៧ខែតុលាឆ្នាំ វេលាម៉ោង៦ព្រឹកនៅផ្ទះឈួន ណារី ភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ  ខេត្តកំពង់ចាមដោយជនសង្ស័យឈ្មោះគុណ សាយ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកសាំងចាក់ដុតទ្វារផ្ទះរបស់ឈ្មោះឈួន ណារីភេទស្រីអាយុ៣១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បណ្តាលអោយឆេះរោលពីក្រៅ។  បន្ទាប់មកក៍បើកកញ្ចក់បង្អួចយកដបទឹកសុទ្ធដាក់សាំងដុតឆេះបោះ ចូលកណ្តាលផ្ទះតែពុំបណ្តាលអោយឆេះសំភារក្នុងផ្ទះទេម្ចាស់ផ្ទះពន្លត់ទាន់។

ប៉ូលិសបានបន្តថា ពេលនោះឈ្មោះ ឈួន ណារី បើកទ្វារផ្ឋះខាងក្រោយចេញយកទឹកមកបន្លត់ភ្លើងក៍ជួបនឹងឈ្មោះ គុណ សាយ ឈរកាន់កាំបិតខ្វែវចាំមាត់ទ្វារយារកាំបិត រកកាប់ឈ្មោះ ឈួន ណារី  តែឈ្មោះឈួន ណារីទាញទ្វារបិតវិញរួចក៍ស្រែកប្រាប់ប្តីរបស់ខ្លួន ឈ្មោះ សែម ចិន្តាដែលនៅខាងក្រៅផ្ទះ។ ពេលប្តីរបស់ខ្លួនឮដូច្នោះ គាត់ក៏រត់មកក្នុងផ្ទះ រួចបើកទ្វារចេញមកក្រៅ ឃើញឈ្មោះ គុណ សាយ កាន់កាំបិតខ្វែវដើរទៅផ្ទះរបស់វាវិញ ហើយស្រែកថាអញសម្លាប់ពួកឯងចោលមួយពូជ។    ប៉ូលិសបានបញ្ជាក់ថា ពេលទទួលបានព័ត៌មានភ្លាម កំលាំងជំនាញ ស្រុកនិងប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលលរដ្ឋបាលជាលា ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះគុណ សាយបានឆ្លើយបែបឈ្លើយថា(វាគ្មានគំនុំអ្វីជាមួយម្ចាស់ផ្ទះទេ គឺវាចង់ធ្វើអី ធ្វើនឹងហើយ)។ ជនសង្ស័យ ប័ណ្ណ សន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី៕

កុមារាម្នាក់លង់ស្លាប់ក្នុងអាងសួនទឹកកំបូល ម្ចាស់ទីតាំងលាក់ព័ត៌មាន

ភ្នំពេញ ៖ សួនទឹកកំបូល ហ៊ីហោ សួនទឹកខេបបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក មានការធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់លង់ទឹកស្លាប់ តែត្រូវបានថៅកែជនជាតិចិន លាក់បាំងព័ត៌មាន ប្រញាប់ដឹកសាកសពចេញ ប្រគល់ឲ្យគ្រួសារ ដោយមិនមានសហការជាមួយសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងអាងទឹកកន្លែងលេង នៅសួនទឹកខាងលើ ក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ទើបបែកធ្លាយរឿង នាំគ្នាភ្ញាក់ផ្អើល ។

ក្មេងប្រុស ដែលស្លាប់ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង នៅកន្លែងខាងលើ អាយុ៦ឆ្នាំ ។ តាមប្រភពបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ម្សិលមិញ ក្មេងរងគ្រោះ បានទៅលេងសួនទឹកខាងលើ រួមជាមួយឪពុកម្តាយ តែដោយសារការធ្វេសប្រហែស ពីក្រុមគ្រួសារ ពីអ្នកគ្រប់គ្រងកន្លែងលេងខាងលើ ឪពុកម្តាយ រវល់តែសប្បាយ ហូបចុក ផឹកស៊ី ក្មេងប្រុសចុះទៅលេងទឹកអាង ណ្តាលឲ្យលង់ស្លាប់ ។

ក្រោយកើតហេតុភ្លាមៗ ជនជាតិចិន ជាម្ចាស់ទីតាំងដឹកយកសពក្មេងចេញ រួមទាំងក្រុមគ្រួសារ ទៅបាត់តែម្តង ដោយមិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឡើយ ។

តែបើតាមប្រជាពលរដ្ឋ ដែលចេញចូលទីតាំងសួនទឹកកម្សាន្តខាងលើ បានឲ្យដឹងថា សួនទឹករបស់ជនជាតិចិនខាងលើ ចូលហ៊ុនគ្នា៦នាក់ សុទ្ធតែជនជាតិចិន មានស្ត្រីអ្នកបកប្រែម្នាក់ និងមានសន្តិសុខ យាមច្រកមុខ តែប៉ុណ្ណឹងទេ ដោយឡែក កន្លែងលេងទឹក ពុំមានបុគ្គលិក ប្រចាំការ មើលការខុសត្រូវ ផ្តល់សុវត្តិភាព ក្មេងត្រូវចុះលេងទឹកក្នុងអាងឡើយ ឲ្យតែបង់ថ្លៃ ចូលហើយ ជាការស្រេច ក្មេង ចុះក្នុងអាងតាមចិត្ត ដែលប្រឈមនឹងគ្រោះថ្នាក់ ដោយប្រការណាមួយ ដូចក្មេងប្រុស៦ឆ្នាំ ខាងលើអិញ្ចឹង ។

ក្រោយពីបែកធ្លាយខ្ចរខ្ចាយរឿង មានក្មេងលង់ទឹកស្លាប់ក្នុងអាង កន្លែងលេងទឹក រួចមក ម្ចាស់ទីតាំង មិនបានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ឲ្យដឹងឡើយ ។ ហើយជុំវិញករណីក្មេងលង់ទឹកស្លាប់ក្នុងអាង នៅសួនទឹកកំបូលខាងលើ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មាន ទៅសាកសួររឿងអង្គហេតុ ដល់ចំណុចខាងលើ តែសន្តិសុខ ឆ្លើយថាមិនដឹង សួរទៅសមត្ថកិច្ច ក៏ឆ្លើយមិនដឹងទៀត ព្រោះគ្មានអ្នករាយការណ៍ ប្តឹងផ្តល់ ថៅកែម្ចាស់សួនទឹកលាក់បាំងព័ត៌មាន៕

 

ចិនអំពាវឲ្យមានការស៊ើបអង្កេតបន្ទាន់ ករណីមនុស្ស៣៩នាក់ស្លាប់ក្នុងទូរកុងទឺន័ររថយន្តនៅអង់គ្លេស

ចិន ៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ខុសច្បាប់បន្ទាប់ពីសាកសពមនុស្សចំនួន៣៩នាក់ត្រូវបានរកឃើញក្នុងទូរកុងទឺន័ររបស់រថយន្តធុនធំមួយគ្រឿងនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។

មន្ត្រីក្រសួងការបរទេសចិនបាននិយាយថា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវតែរួមគ្នាដោះស្រាយឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបង្ការកុំឲ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មីទៀតនាថ្ងៃមុខ។ ការស៊ើបអង្កេតទៅក្នុងករណីដ៏សែនរន្ធត់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែក្រុមមន្ត្រីអង់គ្លេសបានចាត់ទុកករណីនេះថា ជាករណីមួយក្នុងចំណោមករណីរត់ពន្ធមនុស្សដែលមានអ្នកបាត់បង់ជីវិតច្រើនបំផុតក្នុងប្រទេសអង់គ្លេស។

ស្របពេលជាមួយគ្នានោះ កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលវៀតណាមក៏បានប្រកាសបើកការស៊ើបអង្កេតទៅក្នុងករណីបាត់បង់ជីវិតនេះនិងបានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ក្រុមគ្រួសារជនរងគ្រោះ។ ប៉ូលិសអង់គ្លេសបានចោទប្រកាន់អ្នកបើករថយន្តកុងទឺន័រនោះដែលមានអាយុ២៥ឆ្នាំកាលពីថ្ងៃសៅរ៍ពីបទមនុស្សឃាតនិងឃុបឃិតរត់ពន្ធមនុស្ស។

ប៉ូលិសបាននិយាយថាពួកគេបានយកសាកសពទាំងអស់ចេញពីទូរកុងទឺន័រនោះហើយនិងកំពុងរង់ចាំការធ្វើកោសល្យវិច័យ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវបានគេគិតថានឹងមានការលំបាកហើយក្រុមមន្រ្តីបាននិយាយថាពួកគេបានរកឃើញឯកសារតិចតួចណាស់ដែលនៅជាប់នឹងសាកសពទាំង៣៩នាក់៕

 

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នឹងផ្តល់ការងារជាង២ម៉ឺនកន្លែងដល់យុវជន

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នេះ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ ៖ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” នឹងត្រូវបានរៀបចំឡើងជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ដែលនឹងចែករំលែកបទពិសោធន៍ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។

សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំ នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីដំណើរការនៃការរៀបចំពិព័រណ៍នាថ្ងៃទី២-៣ វិច្ឆិកាខាងមុខនេះ។ ផ្តល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនអញ្ជើញចូលរួមតាំងបង្ហាញជាច្រើនរូបក្នុងឱកាសនោះរួមមានវត្តមាន លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ, លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ឱកាសការងារសរុបជាង២ម៉ឺននឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍,ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។

ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាជាពិសេសសំដៅផ្តល់ ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរចំណេញពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។

លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារព្រមទាំងបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារក្នុងការទទួលបាការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។

ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើនិងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕