All posts by មេគង្គ ប៉ុស្តិ៍

ប្រទះឃើញ​សព​ទារិកា​ក្នុងកា​រ៉ុង​ចោល​ក្បែរ​គំនរ​សំរាម នៅ​សង្កា​ត​ចោមចៅ​

​ភ្នំពេញ ៖ សាកសព​ទារិកា​ម្នាក់ ដែលមាន​សភាព​នៅ​ស្រស់ៗ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ ក្បែរ​គំនរ​សំរាម តាម​ចិញ្ចើមផ្លូវ​មួយកន្លែង កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​រោងចក្រ កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល បាន​សម្តែង​ការ​ស្តោក​ស្តាយ​អាណិតអាសូរ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​របស់​ទារិកា ដែល​ត្រូវគេ​យកមក​បោះចោល​នៅក្បែរ​គំនរ​សំរាម​ដូច​ខ្មោចសត្វ​ធាតុ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​តែងតែ​កើតមាន​ជា​ញឹកញាប់​ណាស់ នៅពេលដែល​ប្រទះឃើញ​ទារិកា​បែបនេះ ទោះជា​នៅមាន​ជីវិត ឬ បាត់បង់​ជីវ​តិ មិន​ដែលមាន​នរណាម្នាក់​ចេញមុខ​អះ​អង​ថា ជា​ទង្វើ​របស់ខ្លួន​នោះទេ​។​

​ក្រោយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​រួចមក សមត្ថកិច្ច ក៏បាន​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ យកទៅ​បញ្ចុះ​នៅក្បែរ​កន្លែងកើតហេតុ​ដោយ​រៀបចំ​ពិធី​តិចតួច​តាមបែប​សាសនា ដើម្បីអោយ​ព្រលឹង​សព​ទារិកា​បាន​ទៅកាន់​សុខក​តិ​ភព កុំអោយ​កើតមក​អភ័ព្វ​ដូចជា​តិ​នេះ​ទៀត ៕

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ចូលរួម​កិច្ចប្រជុំ UN-ESCAP នៅ​ទីក្រុង​បាងកក​

​ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​សេដ្ឋកិច្ច និង​សង្គមកិច្ច (​អេ​ស្កា​ប់​)​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤ របស់​គណៈ​ក​ម្មា ធិ​ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រោម ប្រធានបទ “​វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហិ្វ​ករ​បស់​អង្គការ​សហ ប្រជាជាតិ (UN-ESCAP) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​ថ្មីៗ កន្លងទៅនេះ​។

​គោលបំណង​ដ៏​ចំបង​នៃ​សន្និបាត​នេះ គឺ​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ការងារ ដែល អគ្គលេខាធិការដ្ឋាន UN-ESCAP និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ និង​អនុម័ត​សេចក្តី សម្រេច​ផែនការ​ផ្សេងៗ ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋ​ជា​សមាជិក និង​អគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់​ឆ្នាំ ២០១៨​។​

​ក្នុងនាម​ជា​តំណាង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញ​ឲ្យ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៤ នេះ ដែលមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧ​ត្ត​ម​មន្ត្រី និង មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក និង​រដ្ឋ​សង្កេតការណ៍​ប្រមាណ​ជាង ៦០ ប្រទេស ព្រមទាំង​តំណាង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លេខា​ប្រតិបត្តិ UN-ESCAP មន្ត្រី​ជំនាញ​មកពី​អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាច្រើន​ទៀត ដោយ​កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ ចំនួន​៤ គឺៈ វិសមភាព​ក្នុង​សករាជ​នៃ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ ចីរភាព បញ្ហា​ប្រឈម និង​ឱកាស​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព តួនាទី​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក​ក្នុង​ការងារ​ពហុភាគី និង​អភិបាលកិច្ច​សកល​នៃ​សករាជ​របៀបវារៈ​ឆ្នាំ ២០៣០ ការច្នៃប្រឌិត​បច្ចេកវិទ្យា​ដើម្បី​ជួយ​ជម្រុញ​ដល់​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានកត់សំគាល់​ពី​ភាពជោគជ័យ​សំខាន់ៗ ៣ របស់​កម្ពុជា ដែល​ឆ្លើយតប​ទៅនឹង​ប្រធានបទ​ខាងលើ​គឺៈ ១/ ការកសាង​ស​និ្ត​ភាព គឺជា​កត្តា ចាំបាច់​បំផុត​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ដែលជា​ការអភិវឌ្ឍ​ដោយ​ចីរភាព​ទៅ តាម របៀបវារៈ​ឆ្នាំ ២០៣០ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​កម្ពុជា​ឆ្នាំ ២០១៦-២០៣០​។

២/ ការ​កាត់ បន្ថយ​ភាពក្រីក្រ​ដ៏​គួរ​ឧ្យ​កត់សំគាល់ ដែល​បាន​ធ្លាក់ចុះ​ពី ៥៣% ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹមតែ ១៣,៥% ក្នុង​ឆ្នាំ​២០១៤ ហើយនឹង​នៅ​បន្ត​ធ្លាក់ចុះ​ជាង​១% ក្នុង​មួយឆ្នាំៗ​ទៀត នេះ​បានធ្វើ​ឲ្យ កម្ពុជា​ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ការកាត់បន្ថយ​ភាពក្រីក្រ​បាន​ច្រើន ជាងគេ​ក្នុង​ពិភពលោក និង​មិនមាន​នរណាម្នាក់​ដែល​ត្រូវ​ទុកចោល ដោយ​មិន​ទទួលបាន​ផល ពី​ការអភិវឌ្ឍ​ឡើយ និង​៣/ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ហើយ​បន្ត​មាន​លំនឹង​រឹងមាំ​ក្នុង កម្រិត ៧.២% និង​បន្ត​នៅ​ចន្លោះ ៧.១ ឬ ៧.២% ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ផងដែរ​៕​

ព្រែក​តូច នៅ​ស្រុក​អង្គរជ័យ ត្រូវគេ​រំលោភ​យក​ក្រោមរូបភាព​ធ្វើ​កន្លែង​កម្សាន្ត​

​ខេត្តកំពត ៖ «​ព្រែក​តូច​» ដែលជា​ព្រែក​ធម្មជាតិ​មូ​យ​កន្លែង​ហើយ​បាន​រីងស្ងួត​ទឹក​អស់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ដើម​ដូង ក្នុងស្រុក​អង្គ​ជ័យ ត្រូវបាន​គេ​យក​គ្រឿងចក្រ​កាយ​កាត់​ជា​កង់ៗ យក​ធ្វើជា​កម្មសិទ្ធិ ក្រោមរូបភាព​ធ្វើ​សួន​កំសាន្ត​កណ្ដាល​ព្រែក​តូច នេះ ដើម្បី​បំភាន់​ភ្នែក​សាធារណជន​។​

​លោក ទ្រី មេឃុំ​ដើម​ដូង បាន​ប្រាប់​អោយដឹងថា ការកាយ​ដី​ព្រែក​ដែល​ត​ភ្ជាប់​មកពី​ភូមិសាស្ត្រ ស្រុក​បន្ទាយមាស នេះ គី​លោក​មិនបាន​ដឹង​ទេ ប្រហែលជា​គេ​លួច​កាយ ។
​ព្រែ​តូច​នេះ បច្ចុប្បន្នកំពុង​ត្រូវបាន​គេ​រំលោភ​យក​ធ្វើជា​ទីតាំង​សួន​កម្សាន្ត​ឯកជន កាលពី​ថ្ងៃទី​21 ខែឧសភា នេះ ដោយ​ម្ចាស់​សួន​កម្សាន្ត​នេះ បាន​ជួល​ជាងផ្សារដែក​មក​ផ្សារ​កែច្នៃ​ធ្វើជា​ស្ពាន​សម្រាប់​អោយ​អ្នក​ចូលទៅ​លេង អាច​ដើរ​ឆ្លងកាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​ផ្សេងទៀត​។

​លោក ងឺ​ម ញន មេឃុំ ម្រោម បាន​ប្រាប់​អោយដឹងថា ការសាងសង់​កន្លែង​កំសាន្ត លើ​ព្រែក​តូច នេះ គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។​លោក​ថា ពីមុន​ព្រែក​នេះ សំបូ​ដើម​ឈូក តែ​ឥឡូវនេះ​មិនដឹងថា​ម្ចាស់​ទីតាំង​កម្សាន្ត​គេ​រៀបចំ​យ៉ាងម៉េច​ទេ​។ លោក​បន្តថា អ្នក​ចេញមុខ​ធ្វើ​កន្លែង​កម្សាន្ត​លើ​ព្រែក​ធម្មជាតិ​នេះ គឺជា​អ្នករស់នៅ​ឯ​ឃុំ​ដើម​ដូង​។ លោក ងឹ​ម ញន បាន​និយាយប្រាប់​បន្តថា អ្នកធ្វើ​សួន​កំសាន្ត​នៅលើ​ព្រែក​នោះ មិនទាន់មាន​ច្បាប់​ទេ​៕

នាយករដ្ឋមន្ត្រី​កម្ពុជា ៖ កំណើន​វិស័យ​ឧស្សា​កម្ម​កាត់ដេរ ស្ថិតក្នុង​ចក្ខុវិស័យ​ពង្រីក​រោងចក្រ​ជិត​២០​ឆ្នាំ​

​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុងពេល​ជួប​ជាមួយ​កម្មករ កម្មការិនី រោងចក្រ​ក្នុង​ខេត្តកំពង់ស្ពឺ​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ នៅក្នុង​ខេត្តកំពង់ស្ពឺ​មានការ​រីកចម្រើន​ខ្លាំង ចាប់តាំងពី​ពេល​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ជាពិសេស​ក៏ដោយ​សារ​តែមាន​ការដាក់​ចេញ​នូវ​ចក្ខុវិស័យ​ពង្រីក​រោងចក្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​ត្រូវបាន​អនុវត្ត​ជិត​២០​ឆ្នាំ​មកហើយ​។​

​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែឧសភា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ សរុប ជិត​២​ម៉ឺន​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​ចំនួន​១៧​នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ដូចនេះ បើ​គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ផ្ទាល់​ជាមួយ កម្មករ កម្មការិនី ចំនួន​៤២​លើក ដែលមាន​កម្មករ កម្មការិនី​សរុប​ជាង​៥២​ម៉ឺន​៤​ពាន់​នាក់​។

​សកម្ម​ភាពចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នេះ គឺមាន​គោលបំណង​ស្វែងយល់​ពី​សុខទុក្ខ និង​ដោះស្រាយ​ទុក្ខលំបាក​របស់​កម្មករ កម្មការិនី និង​ដើម្បី​ជំរុញ​ការរីកចម្រើន​បន្ថែមទៀត​លើ​វិស័យ​ឧស្សាហកម្ម ដែលជា​វិស័យ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​។ តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រ ទាំង​ការ​តម្លើង​ប្រាក់ខែ​អ​ប្បរមារ​១៧០​ដុល្លារ រួម​និង គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​ដែល​សម្រួល​ដល់​ជីវភាព​របស់ កម្មករ កម្មការិនី​។

​ក្នុងនោះ គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ រាចរដ្ឋាភិបាល បាន​ចំណាយ​កញ្ចប់​ថវិកា​៨​ពាន់​៦​រយ​លាន​រៀល សម្រាប់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី សម្រាលកូន ចំនួន ២​ម៉ឺន​១​ពាន់​៦៣២​នាក់ ។ នៅក្នុង​ឳ​កាស​ជួប​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​រំលឹកថា ខេត្តកំពង់ស្ពឺ កាលពី​អតីតកាល គឺជា​តំបន់​សមរភូមិ​ក្តៅ ដែលមាន​ក្រុមខ្មែរក្រហម​នៅ ជាពិសេស​ក្នុង​តំបន់​ឳ​រ៉ា​ល់ ប៉ុន្តែ​ដោយសារ​ការធ្វើសមាហរណកម្ម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព​ពេញលេញ សម្រាប់​ខេត្តកំពង់ស្ពឺ រួម​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខេត្ត​ដូចជា​បញ្ហា​ទឹកជំនន់ ជាដើម​នោះ ទើប​ធ្វើអោយ​ខេត្តកំពង់ស្ពឺ បាន​ក្លាយជា​តំបន់​មាន​សក្តានុពល​ទាក់ទាញ​មួយ សម្រាប់​ការវិនិយោគ​ជាពិសេស លើ​វិស័យ​រោងចក្រ​កាត់ដេរ តែម្តង ដោយ​មកដល់​ពេលបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​សរុប​ចំនួន​២២៥ មាន​កម្មករ និយោជិត កំពុង​បំរើកា​រងារ ជាង ៩​ម៉ឺន​៨​ពាន់​នាក់ ហើយ​បើ​គិត​ជា​ទំហំ​ប្រាក់​ឈ្នួល​សរុប​ក្នុង​វិស័យនេះ មាន​ជាង ២២០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។

​សម្តេច​តេ​ជោ បាន​ចាត់ទុកថា ការរីកចម្រើន​នៃ​វិស័យ​រោងចក្រ​កាត់ដេរ ក្នុង​ខេត្តកំពង់ស្ពឺ​នេះ គឺ​កើតចេញពី​ការអនុវត្ត​ជិត​២០​ឆ្នាំ​មកហើយ តាម​ចក្ខុវិស័យ​ពង្រីក​រោងចក្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ផ្សារភ្ជាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ទៅកាន់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​។ ជារួម​នេះ​ជា​នយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត អោយ​ជិត​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល រក​ការងារ​ធ្វើ និង​ចូលរួម​បង្កើន​ចរន្ត​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​។ ដូចនេះ សម្តេច​តេ​ជោ នៅតែ​បន្ត​អំពាវនាវ​អោយ​ម្ចាស់​រោងចក្រ និង​កម្មករ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដើម្បី​រក្សា​ឆ្នាំងបាយ​របស់ខ្លួន ដោយ​ម្ចាស់​រោងចក្រ​ត្រូវ យកចិត្តទុកដាក់​ដល់​សុខភាព​របស់​កម្មករ ហើយ​កម្មករ​ក៏ត្រូវ​ខំប្រឹង​បង្កើន​គុណភាព​ផលិតភាព​ការងារ​ផងដែរ​។ ជាពិសេស មិន​ត្រូវអោយ​កើតមាន​ដាច់ខាត ដូចជា​បញ្ហា​គ្រឿងញៀន និង​បញ្ហា​បងតូច​បងធំ ក្នុង​រោងចក្រ​ជាដើម​។

​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បាន​ឲ្យ​ដឹងថា ខេត្តកំពង់ស្ពឺ ត្រូវបាន​ចាត់ទុកថា​ជា​ខេត្ត​កសិកម្ម​មួយ ហើយក៏​ធ្លាប់ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ក្នុងសម័យ​សង្គ្រាម​នាពេល​កន្លងមក​។ ប៉ុន្តែ នាពេល​បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បានក្លាយ​ទៅជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្ពស់​ទាំង​ការងារ​កសិកម្ម និង​ឧស្សាហកម្ម ដែល​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ជា​បន្តបន្ទាប់​។ ជាពិសេស រោងចក្រ សហគ្រាស​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ត្រូវបាន​កសាង​នៅតាម​មូលដ្ឋាន​ជាប់​នឹង​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​ការងារ និង​មុខរបរ​បន្ថែម​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ តាមរយៈ របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត ៕

​បន្លែ ស្ពៃក្តោប ត្រូវ​ហាមឃាត់​មិន​ឲ្យ​នាំ ចូល​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន

​ខេត្តតាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត តាកែវ ដែល​បាន​សហការ​នឹង​មន្ត្រី​ជំនាញ​កាំកុងត្រូល បានធ្វើការ​ត្រួតពិនិត្យ​លើ​បន្លែ ផ្លែឈើ​ទាំង​២៥​មុខ នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ដោយ​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុង ត្រូល យើង​បាន​រកឃើញ​ស្ពៃក្តោប​មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ព្រោះ​សំណល់​ថ្នាំ​កសិកម្ម​នេះ វា​នឹងធ្វើ​ឲ្យ​អ្នក​បរិភោគ​មាន​អាកា​រៈ​រាគរូស ក្អូ​ត​ចង្អោរ ធ្វើ​ឲ្យ​អស់កម្លាំង​ជា​ធ្ងន់ធ្ងរ និង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​ស​សៃ​ប្រាសាទ​។​

​លោក​ប្រសាសន៍ថា ជា​វិធានការណ៍​ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​បានសម្រេច​ធ្វើការ​បិទ​ការនាំ​ចូល​នូវ​ប្រភេទ​បន្លែ​ស្ពៃក្តោប​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ។​

​លោក​ប៉ោ លាង​គង់ ប្រសិនបើ​យើង​ធ្វើការ​អនុញ្ញាត​ឲ្យ​ស្ពៃក្តោប​នេះ នាំ​ចូលមក​ទីផ្សារ​ស្រុក​ខ្មែរ​វិញ​បាន ទាល់ តែមាន​ការបញ្ជាក់​ពី​អាជ្ញាធរ​វៀតណាម​ថា ស្ពៃក្តោប​នេះ​ពិតជា​ពុំមាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម​នេះឡើយ នឹងត្រូវ​មានការ​ពិនិត្យ​នឹងធ្វើ​ត្តេ​ស៍​ម្តងទៀត​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ទើបបាន​អាច​នាំចូល​ឡើងវិញ​បាន ។​

​ជាមួយគ្នានេះដែរ រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយដ្ឋាន​កាំកុងត្រូល ក៍​បានធ្វើការ​ចុះមក​ត្រួតពិនិត្យ​បន្លែ ផ្លែឈើ និង​ចំណីអាហារ​នៅ​ផ្សារ​អង្គតាសោម ក្នុងនោះ​ដោយ​ដកហូតយក​ធ្វើជា​គំរូ​ចំនួន​៣៦​មុខ យកមក​វិភាគ​នៅក្នុង​រថយន្ត​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ស​សៃ​គុយទាវ​បាញ់​ប្រហិត​ប៉ា​តេ​សាច់ជ្រូក​មាន​សារ ធាតុគីមី​ប៉ូ​រ៉ា​ក់ និង​រកឃើញ​ស្លឹក​ខ្ទឹម និង​ស្ពៃក្តោប​មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម ។​

ចំពោះ​ស​សៃ​គុយទាវ​ដែលមាន​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់ មន្ត្រី​ជំនាញ​បាន​ដកហូត​នឹង​បិទ​មិន​ឲ្យ​លក់​នៅលើ​ទីផ្សារ​៕

៤​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​រក​ចំណូល​ពី​ពន្ធអាករ​បាន​ជាង ៩០៩​លាន​ដុល្លារ​

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បង្ហាញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ មាន​ចំនួន​ជាង​៩០៩​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ​១២​ភាគរយ ធៀប​នឹង​ឆ្នាំមុន ដែល​ការប្រមូល​ពន្ធ​នាពេល​បច្ចុប្បន្ន គឺ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ ។

បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ បង្ហាញថា ក្នុង​ខែមេសា ឆ្នាំ​២០១៨​កន្លងមកនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ (Online) បាន​ចំនួន ជាង​៥៩២​ពាន់​៧​រយ លាន​រៀល ស្មើនឹង​ជាង ១៤៨​លាន​១​សែន​៧​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ ស្នើ​នឹង​៧.៧% នៃ​ផែនការ​ច្បាប់​។

​បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ខែមេសា កាលពី​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ក្នុង​ខែមេសា ឆ្នាំ​២០១៨ កើនឡើង​ប្រមាណ ១៧​លាន​៦​សែន​៨​ម៉ឺន ដុល្លារ​អាមេរិក ស្មើនឹង ១៣.៥៥%​។

​ដោយឡែក បើ​គិត​សរុប​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រមូលបាន​មាន​ចំនួន ជាង​ប្រមាណ​៩០៩​លាន​៥​សែន​៧​ម៉ឺន​ដុល្លារ​អាមេរិក ស្មើ​ប្រមាណ​ជា ៤៧.២៩% នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​នឹង ៤​ខែ​ដើម​កាលពី​ឆ្នាំ​២០១៧ ឃើញថា​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៨ កើនឡើង ប្រមាណ​១២.០១% រឺ​ស្មើនឹង ៩៧​លាន​៤​សែន​៩​ម៉ឺន​ដុល្លារ​អាមេរិក​។

​គួរ​បញ្ជាក់ថា ដើម្បី​ជម្រុញ​ជា​អតិបរមា ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងឡាយ​ចូលរួម​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​អោយបាន​ត្រឹមត្រូវ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដូចជា​៖ ការបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨ ។ ការបន្ត​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តាមដាន​ឯកសារ ហៅថា Document Tracking System ទូទាំង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​គោលដៅ​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់ពន្ធ​អាច​ដឹង​ពី​ស្ថានភាព នៃ​ឯកសារ​ដែល​ពួកគាត់​បានដាក់​ចូលមក​អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន បន្ថែមទៀត​ជាដើម ៕


កម្ពុជា​-​ឥណ្ឌា ប្ដេជ្ញាប​ង្កើ​ន​ទំហំ​ពាណិជ្ជ កម្ម​ ខណៈ​បច្ចុប្បន្ន​មាន​ជាង​១០០​លាន​ដុល្លារ​

ភ្នំពេញ ៖ ស្របពេល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា នៅមាន​បរិមាណ​តិចតួច​នៅឡើយ ប្រទេស​ទាំងពីរ​បាន​ប្ដេជ្ញា​ពង្រឹង និង​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម កាន់តែ​ច្រើនឡើង ដោយ​នឹងមាន​ការវិនិយោគ​បន្ថែម​ទៅលើ​វិស័យ​មួយចំនួន និង​ការបន្ថែម​ការនាំចេញ​នាំចូល​ទាំងពីរ​ភាគី ។

​តាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បង្ហាញថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​មាន​ចំនួន ១២៦​លាន​ដុល្លារ​អាមេរិក ចំណែកឯ​ការវិនិយោគ​របស់​ឥណ្ឌា​ក្នុងប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​មានតែ​ជាង​២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។

​តាម​ប្រសាសន៍​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានអោយដឹងថា បន្ទាប់ពី​វេទិកា​នេះ​បាន​បញ្ចា​ប់ កម្ពុជា​រំពឹង​ខ្ពស់​លើ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ទ្វេរ​ភាគី ដោយ​នឹងមាន​ការវិនិយោគ​បន្ថែមទៀត​ទៅលើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​អប់រំ សុខាភិបាល និង​ការនាំចេញ​នាំចូល​ជាដើម ។

​លោក​បន្តថា កម្ពុ​ជាមាន​កំលាំង​ពលកម្ម​សម្រាប់​បម្រើអោយ​ការវិនិយោគ​របស់​ឥណ្ឌា ហើយ​កម្ពុជា​ក៏មាន​នូវ​កសិឧស្សាហកម្ម​សម្រាប់​សក្ដានុពល​វិនិយោគ​របស់​ឥណ្ឌា​ផងដែរ ជាក់ស្ដែង​ផ​លិ​ផល​ដំឡូង​មី ដែលជា​អាច​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ ដូចនេះ​ឥណ្ឌា​អាច​នឹង​ចាប់អារម្មណ៍​លើ​វិស័យ​មួយ​នេះ សម្រាប់​នាំ​ដំឡូង​មី​ទៅ​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ​នៅ​ប្រទេស​ឥណ្ឌា រឺក៏​អាចមក​បណ្ដាក់ទុន​កែច្នៃ​នៅនឹងកន្លែង​តែម្ដង​ក៏បាន​ដែរ ។

​លោក​បន្ថែមថា ដើម្បីអោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំហំ​ធំ​ឡើង កម្ពុជា ឥណ្ឌា​ក៏​កំពុងតែ​ជំរុញអោយមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់​តែម្ដង ពីព្រោះ​បច្ចុប្បន្ននេះ គេ​ឃើញថា ទេសចរ​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​ក៏​ច្រើន​ដែរ ដែល​ភាគច្រើន​គឺ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ដែនដី កំណើត​របស់​ព្រះពុទ្ធ ហើយ​ឥណ្ឌា​វិញ​ក៏​បានមក​កម្ពុ​ជាច្រើន​គួ​សម​ដែរ ។

​លោក ស៊ូ​រ៉េ​ស ប្រា​ប៊ូ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា បានអោយដឹងថា ឥណ្ឌា​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា តាមរយៈ​ពិព័រណ៍​នានា​នៅ​ប្រទេស​ឥណ្ឌា សម្របសម្រួល និង​ជំរុញ​ការវិនិយោគ​ពី​ឥណ្ឌា​មក​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​ថ្នាំពេទ្យ ។

​លោក​បន្តថា រដ្ឋាភិបាល​ឥណ្ឌា​បានរៀបចំ​កញ្ចប់​ថវិកា​មួយ​ហៅថា Project Development Fund តាមរយៈ​ធនាគារ អេ​ហ្ស៊ី​ម ( EXIM Bank ) របស់​ឥណ្ឌា ដើម្បី​ផ្ដល់​ជា​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន​ឥណ្ឌា ដែលមាន​បំណង​មក​វិនិយោគ​នៅ​ប្រទេស CLMV ។ ក្រៅពីនេះទៀត ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា​ក៏បាន​សន្យាថា​នឹង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផងដែរ​៕

ក្រសួង​ហាម​លក់​ថ្នាំ​បំប៉ន​ផ្លូវភេទ Male extra

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្ដីជូនដំណឹង ដោយ​ហាមប្រាម​ប្រជាពលរដ្ឋ​មិនឱ្យ​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​មួយ​ប្រភេទ​ឈ្មោះ Male extra ។​

​សេចក្តីជូនដំណឹង​បាន​លើកឡើងថា ថ្នាំ​បំប៉ន​សុខភាព​ផ្លូវភេទ Male extra ដែល​ផ្សព្វផ្សាយ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​គ្មាន​ការចុះ​ព​ញ្ជិ​កា និង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល​ទេ​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា កន្លងទៅនេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​មាន​ប្រកាស​ផ្សព្វផ្សាយ​ល់ក​ថ្នាំ​បំប៉ន​ផ្លូវភេទ​ជា​សាធារណៈ រួមមាន​ទាំង​ថ្នាំ​គ្រាប់ ប៉ូ​ម៉ា​ត ក្រែ​ម ស្ព្រា​យ ។ បញ្ហាសំខាន់  ​និងមិនគួរឲ្យទុកចិត្ត​នោះ​គឺ អ្នកលក់​មិន​ហ៊ាន​បង្ហាញ​អ​សយ​ដ្ឋា​នទី​តាំង​លក់​ឱសថ​នោះទេ ដោយ​គ្រាន់តែ​ប្រកាសថា មានការ​ដឹកជញ្ជូន​ដល់​កន្លែង​ដោយ​ឥតគិតថ្លៃ​៕

ការបំពុល​បរិស្ថាន​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិមាន Taj Mahal របស់ ឥណ្ឌា​

យោងតាម​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​ម​គ្គុ​ទេស​ទេសចរ​ណ៏​ក្នុង​តំបន់ ដែល​កំពុង អំពាវនាវ​ដល់ រដ្ឋាភិបាល ឲ្យ​ការពារ និង​អនុវត្ត​ន៏​ការងារ​អភិរក្ស​ទីតាំង​វិមាន បាន​ឲ្យ​ដឹងថា វិមាន​ដ៏​ល្បី ឈ្មោះ​បំផុត​របស់​ប្រទេស​ឥណ្ឌា ជា​ថ្មកែវ​ព័ណ៌​ស គឺ​វិមាន Taj Mahal កំពុង ទទួលរង​ពី​ការបំពុល​បរិស្ថាន​យ៉ាងខ្លាំង​។ យោងតាម​បញ្ជី​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា ការបំពុល​បរិ ស្ថាន ក្នុង​ក្រុង​អាក្រា បាន កើនឡើង​ខ្លាំង រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ។ ទីក្រុង​ដែល​ស្ថិត នៅលើ​ខ្សែក្រវ៉ាត់ ឧស្សាហកម្ម គឺមាន​ចំណាត់ថ្នាក់​ទី​៨ ក្នុងការ​បំពុល បរិយាកាស ខ្លាំង បំផុត​លើ​ពិភពលោក ។

​វិមាន​មូ​ហ្គា​ល់ Mughal palace សតវត្ស​ន៏​ទៅ​១៧ ត្រូវបាន​សាងសង់ឡើង​ដោយ អ​ធិ​រាជ្យ សា​ចា​អាន ក្នុងការ​ចងចាំ​នៃ ម្ចាស់​ក្ស​ត្រី ជាទី​ស្រលាញ់​របស់​ព្រះអង្គ មុម​តា​យ ម៉ា​ហល ដែលមាន​មនុស្ស​រាប់លាន​នាក់ មក​ទស្សនា ជា​រៀងរាល់ឆ្នាំ រួមទាំង​គ្រួសារ​រាជវង្ស និង​តារាភាពយន្ត ។​ប៉ុន្តែ​អ្នក​ម​គ្គុ​ទេស ទេសចរ​ណ៏ និយាយថា ភ្ញៀវទេសចរ​ណ៏​បរទេស កំពុង​ធ្លាក់ចុះ ដោយសារតែ​ការបំពុល បរិស្ថាន ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​វិមាន​ថេ​ម៉ា​ហល មាន​ព័ណ៌​លឿង ។

​មានការ​បំពុលបរិស្ថាន មកពី លូ​បង្ហូ​ទឹក ដែល​ធ្វើ​ឲ្យ​កើនឡើង​នូវ​សត្វល្អិត និង​ភាពកក្វក់​នៅ​ជុំវិញ​។ ការបញ្ចេញ ផ្សែង​ពី​យានយន្ត ដ៏​ច្រើន ដែល​ស្ទះ​ចរាចរ​ណ៏​លើ​ដងផ្លូវ ក៏​ជាការ​បង្ករ​បញ្ហា បំពុល បរិស្ថាន​ផងដែរ​៕

​ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់​អាមេរិក ហើយ​!

ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់ សហរដ្ឋអាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ មុនពេល​សន្និសីទ​ពិសេស​រវាង​មេដឹកនាំ​ជា​គូរ​សត្រូវ​ប្រវត្តិសាស្ត្រ គឺ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលមាន​គម្រោង​ធ្វើឡើង​នៅ​ថ្ងៃទី 12 ខែ មិថុនា ខាងមុខនេះ​។​

​ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូ​ន ចេ​-​អ៊ី​ន ជួប​ជាមួយ​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ ទី 22 ឧសភា​នេះ ក្នុង​ទីក្រុង វ៉ាស៊ីនតោន មុនពេល​លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី 12 ខែ មិថុនា ក្នុងប្រទេស សិង្ហ​បុរី ។

​ជំនួប​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ ធ្វើឡើង​មួយថ្ងៃ​មុនពេល កូរ៉េខាងជើង រុះរើ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​បានកំណត់​ពេលវេលា​ធ្វើឡើង​នៅ​ថ្ងៃទី 23 ដល់​ថ្ងៃទី 25 ខែ មិថុនា ។ ការបំផ្លាញ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ រួមមាន ការបំផ្លាញ​ផ្លូវ​ក្រោម​ដី​ទាំងអស់ ក្នុង​តំបន់ ពុង​ចេ​-​រី ដោយ​ការ​បំផ្ទុះ​គ្រាប់ បំផ្លាញ​ទីតាំង​តាមដាន និង​អគារ​ផ្សេងៗ ដែល​ប្រើប្រាស់​ជា​ប៉ម​ត្រួតពិនិត្យ ។

​មុនពេល​ជួបគ្នា​ដោយផ្ទាល់​, លោក ដូ​ណា​ល់ ត្រាំ និង​លោក មូ​ន ចេ​-​អ៊ី​ន បាន​ជួបគ្នា​តាម​ទូរស័ព្ទ ដោយ​សន្ទនា​ផ្តោតទៅលើ​បញ្ហា​ប្រទេស កូរ៉េខាងជើង ពិសេស​កម្ម​ភាពជាក់លាក់​ទាំងឡាយ ដូចជា​ការរុះរើ​ទីកន្លែង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជាដើម ។

​មេដឹកនាំ​ទាំងពីរ ព្រមព្រៀង​ទៅលើ​កិច្ច​ការរួម​ដែល​កាន់តែ​ជិតស្និត ពិសេស​កិច្ច​ការដែល​ត្រូវធ្វើ​មុនពេល​សន្និសីទ​ថ្ងៃទី 12 ខែមិថុនា ជាមួយ​លោក គីម ជុង​អ៊ុន ក្នុងប្រទេស សឹង្ហ​បុរី ដែលជា​ជំនួប​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​៕

ភ្លៀង​ធ្លាក់​ខ្លាំង និង​រអិល​បាក់​ដី សម្លាប់​មនុស្ស 5 នាក់​នៅ​ប្រទេស​ស្រីលង្កា​

ភ្លៀងខ្យល់​មូសុង នៅក្នុង​ប្រទេស​ស្រីលង្កា បានសម្លាប់​មនុស្ស យ៉ាងហោចណាស់ 5 នាក់ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ព្រមាន ពី​ការបាក់​ដី និង​ទឹកជំនន់ នៅក្នុង​តំបន់​ទំនាប បន្ទាប់ពី​ទឹកជំនន់​ហៀរ ឆ្លងកាត់​កោះ​មហាសមុទ្រ​ឥណ្ឌា​។​

មន្ត្រី​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស បាន​និយាយថា ក្នុងចំណោម​ជន រងគ្រោះ 5 នាក់ មាន 3 នាក់​បាន​ស្លាប់​ដោយសារ​ន្ទះ ម្នាក់​ដោយសារ​ការបាក់​ដី និង​ម្នាក់ទៀត ដោយសារ​ដើមឈើ​បាក់​សង្កត់​។​
​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​នេះ បាន​និយាយថា ទឹកជំនន់​បាន​បង្ខំ​ឱ្យ​មានការ​ជន្លៀស ប្រជាជន​នៅក្នុង​តំបន់ ដែលមាន​ទន្លេរ​ជន់​ហូរហៀរ ខណៈ​សង្កាត់​ចំនួន 4 បាន​ព្រមាន អាសន្ន​ពណ៌​ក្រហម​” ចំពោះ​ការបាក់​ដី​ដែល​អាច​កើតមាន​។

ខែឧសភា ចាប់ផ្តើម​រដូវ​ខ្យល់មូសុង នៅ​ភាគខាងត្បូង​ប្រទេស​ស្រីលង្កា​។ ជាទូទៅ រយៈពេល​នេះ គឺជា​ពេលវេលា​មួយ​ដ៏​វែង​បំផុត​នៃ​រដូវ​សំណើម ហើយ​អូសបន្លាយ​រហូតដល់​ខែកញ្ញា​៕

លោក ​ត្រាំ មាន​ឆន្ទៈ​ក្នុងការ​ចាក​ចេញពី​ជំនួប​កំពូល​ជាមួយ​កូរ៉េខាងជើង

​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន Mike Pence បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មានបំណង​ចាកចេញ​ពី​ជំនួប​កំពូល ដែល​មិន​ធ្លាប់មាន​ពីមុនមក ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ខែ​ក្រោយនេះ បន្ទាប់ពី​កូរ៉េខាងជើង​បាន គំរាម កិច្ចប្រជុំ​នេះ កាលពី​សប្តាហ៍​មុន​។​

​លោក Mike Pence បាន​ប្រាប់​សារព័ត៌មាន ហ្វ​ក ញ៉ូ​វ​ស៍ ថា ប្រទេស​កូរ៉េខាងជើង មិនគួរ​ព្យាយាម​ស្វែងរក​ការសម្របសម្រួល ពី​សហរដ្ឋអាមេរិក សម្រាប់​ការសន្យា​ដែល​ខ្លួន​មិនមាន​បំណង​ចង់​រក្សា នោះទេ​។​

​លោក Mike Pence បាន​និយាយថា វា​នឹង​ជា​កំហុស​ដ៏​ធំ​មួយ សម្រាប់​លោក​គីម ជុង​អ៊ុន ដែល​គិតថា​លោក អាច​លេងសើច​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ ។​

​នៅពេល​សួរថា​តើ លោក ត្រាំ នៅតែ​អាច​ដើរ​ចេញពី​ជំនួប​កំពូល ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី 12 ខែមិថុនា នៅ​ប្រទេស​សឹង្ហ​បុរី​បានដែរ​ឬ យ៉ាងណា លោក Mike Pence បាន​ឆ្លើ​ប​តប​នឹង​សំនួរ​នេះ​ថា លោក​សុំ​មិន​បញ្ចេញយោបល់​៕

ក​ម្អែ​ភ្នំភ្លើង​កោះ​ហា​វ៉ៃ គំរាមកំហែង​រោងចក្រ​អគ្គិសនី​

កំអែល​ភ្នំភ្លើង​ចេញពី​ភ្នំភ្លើង Kilauea គី​ឡា​អ៊ី ដែល​កំពុង​ផ្ទុះ នៅ​កោះ​ហា​វ៉ៃ បាន​ហូរ​ទៅកាន់ រោងចក្រ​ថាមពល ខ​ណះ​ដែល​កម្មករ​ប្រញាប់ប្រញាល់​នាំគ្នា​បិទទ្វារ​រោងចក្រ ដើម្បី ការពារ​ការ បញ្ចេញ ឧស្ម័ន​ពុល​ដែល​មិនអាច​គ្រប់គ្រង​បាន ។

វី​ដេរ​អូ​ថត​ពីលើ​អាកាស​បានបង្ហាញ ពី​ប្រភព​បញ្ចេញ​កំអែល​ភ្នំភ្លើង​ជាច្រើន ដែល​ចេញពី​រណ្ដៅ​និង​កំទេចកំទី​។ វា​ជា​គ្រោះថ្នាក់​ចុងក្រោយបង្អស់ ពី​ការផ្ទុះ​ភ្នំភ្លើង Kilauea ដែល​ភូ​គុ​ព្ភ​វិទូ​និយាយថា គឺជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​មួយ ក្នុង​រយះពេល​មួយ​សតវត្សរ៍ ពី​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅលើ​ពិភពលោក​។​

ចំងាយ​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ នៅ​ខាងកើត​រោងចក្រ សារធាតុ​អាស៊ីត និង​ធូលី យ៉ាង​ក្រាស់ បាន​ហុយ​ទៅលើ​អាកាស ខ​ណះ​ដែល​កំអែល​ភ្នំភ្លើង បាន​ហូរ​ចូលក្នុង​មហាសមុទ្រ ។​

​ផេះ ដែលជា​បន្សំ​នៃ​កំអែល​ភ្នំភ្លើង គឺជា​ប្រតិកម្ម​ខ្លាំងក្លា​នៃ​ផ្សែង​ទឹក​អាស៊ីត​អ៊ីដ្រូសែន​ក្ល​រិច ចំហាយ​ទឹក និង កំអែល​ភ្នំភ្លើង ដែល​អាច​ឡើងដល់​កម្តៅ 1093 អង្សា​សេ ប្រតិកម្ម​ជាមួយ​ទឹកសមុទ្រ​៕​

សម្តេច​តេ​ជោ ប្រគល់​អំណោយ​រថយន្ត​១២​គ្រឿង ឲ្យ ស​.​ស​.​យ​.​ក និង​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត TYDA

​ភ្នំពេញ ៖ រថយន្ត​ថ្មី ប្រភេទ​ដឹកជញ្ជូន​ចំនួន​១២​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​ដំឡើងរថយន្ត ដេ​ហាន អូ​តូ (​ខេ​ម​បូ​ឌា​) ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រគល់​ជូនទៅ សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA​។​

​នាឱកាស​នោះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​ពិធី​ប្រគល់​-​ទទួល​រថយន្ត នា​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា រថយន្ត​ចំនួន​១២​គ្រឿង​នេះ ត្រូវបាន​ក្រុមហ៊ុន ដេ​ហាន គ្រុប ផ្តល់ជូន សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​បានសម្រេច​ថា ដើម្បី​ឲ្យ​ការប្រើប្រាស់​នេះ បាន​ផលប្រយោជន៍​ជាទូទៅ​ដល់ កម្មករ និយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ សម្តេច បានផ្តល់​រថយន្ត​មួយផ្នែក​ឱ្យ​ក្រសួង​ការងារ​យកទៅ​ចែក​បន្ត ដែល​ក្នុងនោះ រថយន្ត​ចំនួន​០៦​គ្រឿង ប្រគល់ជូន​ទៅឱ្យ​សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​០៦​គ្រឿង​ទៀត ប្រគល់​ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច តេ​ជោ ដែល​រថយន្ត​ទាំងអស់នេះ ក្រុមការងារ​នឹង​យកទៅ​ទុក​សម្រាប់​ដឹកជញ្ជូន​គ្រូពេទ្យ​ផង​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​និង​ព្យាបាល និង​ការប្រើប្រាស់​ទៅតាម​យន្តការ​ជាក់ស្តែង​។​

ជាមួយគ្នានេះ ឯកឧត្តម សុះ មុះ​សិន អនុប្រធាន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណា ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី សម្រាប់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ និង​សន្យាថា នឹង​យក​រថយន្ត ទាំងនេះ​ទៅប្រើ​ប្រាស់​ជា​ផលប្រយោជន៍​ទូទៅ សម្រាប់​ប្រជាពលរដ្ឋ និង កម្មករនិយោជិត​។

​លើសពីនេះ ប្រើប្រាស់​ជា​ផលប្រយោជន៍​សង្គម​ទាំងមូល ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬក៏​និន្នាការ​និ​យោ​បាយ ពោលគឺ​បើកទូលាយ ចំពោះ​ការប្រើប្រាស់​រថយន្ត ពិសេស​សម្រាប់​ប្រយោជន៍​សាធារណៈ ចូលរួមចំណែក​មួយរ​បស់​រដ្ឋាភិបាល នៅក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ ក៏ដូចជា បញ្ហា​សុខភាព​សុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

ប៉ូលិស​ដែល​ទះកំផ្លៀង​ស្ត្រី ត្រូវបាន​ដក​បញ្ឈរជើង​បណ្តោះអាសន្ន​

ភ្នំពេញ ៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​២ ដែល​បាន​ប្រើ​ហិង្សា ទះកំផ្លៀង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ត្រូវបាន​គេ​ថត​វីដេអូ​បង្ហោះ​លើ Facebook រក​ការរិះគន់​យ៉ាងខ្លាំង​នោះ ពេលនេះ​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងថា ករណី​ដែល​មន្ត្រីនគរបាល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃមិញ​នេះ លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់វិន័យ​ទៅតាម​ច្បាប់​របស់​នរគ​បាល​ជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏បាន​សូមទោស​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​នាង ហើយ​លោក​ក៏បាន​សូមទោស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ ចំពោះ​ទង្វើ​មិន​គប្បី​របស់​សមត្ថកិច្ច ដែលមាន​ឥរិយាបទ​មិន​សមរម្យ​ជា​មន្ត្រីរាជការ​បែបនេះ​។​

​សូមជម្រាបថា ករណី​ហិង្សា​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២៩៨ កែង​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​គ្រូពេទ្យ​មានឈ្មោះ កៅ សំអុល អាយុ​៤៨​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ ដោយបាន​ទះកំផ្លៀង​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌី លី​ណា អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ខណ្ឌ​៧​មករា ខណៈដែល​កំពុង​ចាប់​ឃាត់​ម៉ូតូ មិន​គោរព​ច្បាប់​៕