All posts by មេគង្គ ប៉ុស្តិ៍

អ្នកនាំពាក្យ គ​.​ជ​.​ប រំពឹងថា ពលរដ្ឋ​ចូលរួម​បោះឆ្នោត​លើសពី​៥០​ភាគរយ​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅថ្ងៃនេះ​ថា តាម​ការរំពឹងទុក​គឺ​ពលរដ្ឋ​ជាង​៥០% នឹងចូលរួម​ការបោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ព្រោះ​ពូក​គាត់​បាន​ត្រៀម​រួចរាល់​អស់ហើយ ដើម្បី​ចូលរួម​ការបោះឆ្នោត ។

​អ្នកនាំពាក្យ​រូបនោះ​អះអាងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅដោយ​រលូន បើទោះបីជា​គ្មាន វត្តមាន​អតីត​គណបក្សប្រឆាំង និង​អង្គការ​មួយចំនួន​ដែល​តាំងខ្លួន​ឯករាជ្យ​មិន​ចូលរួម​ក្នុងការ សង្កេតការណ៍​បោះឆ្នោត​ក៏ដោយ ។ ការ​ថ្លែង​របស់លោក ហង្ស ពុទ្ធា បែបនេះ បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស ប្រឆាំង​នៅ​កម្ពុជា រួមទាំង​សកម្មជន​អ្នកគាំទ្រ​បាននិងកំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​ក្នុង​ការចូល រួមការ​បោះឆ្នោត ។​

​សូមជម្រាបថា តាម គ​.​ជ​.​ប គណបក្ស​ចំនួន​២០​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ចុងខែ​កក្កដា ខាងមុខនេះ​ក្នុងនោះ​ក៏មាន​គណបក្ស​មាន​ទិន្នាការ​ប្រឆាំង​ផងដែរ ៕​

ពលរដ្ឋ​ឃុំ​ដើម​មៀន ចោទ​ក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ រំលោភ​យក​ដី​សហគម​ន៍​ភូមិ​ស្ទឹង​ជ្រៅ​

​ខេត្តកណ្តាល ៖ លោក ហូរ សុខ​ហេង តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ក្រុមហ៊ុន ING របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ ជាង​៧​ហិកតា ស្មើនឹង​៣៥០​គ្រួសារ ស្ថិតនៅ​ចំណុច​បឹង​ជី​ភោ បច្ចុប្បន្ន​នៅ​ខាងកើត​ជាប់​មហាវិថី សម្ដេច ហ៊ុន សែន ៦០​ម៉ែត្រ​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ដាំ​ព្រលឹត ត្រកួន កញ្ឆែត និង​នេសាទ​ត្រី នៅ​ទីនោះ​ជា​លក្ខណៈ​គ្រួសារ​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ​។​

​លោក​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា ក្រុមហ៊ុន ING របស់លោក​ឧកញ៉ា អ៊ុង ប៊ុន​ហូ​វ បាន​ប្រមូល​ទិញ​ដី​ពី​ប្រជាជន​ដែល​កាន់កាប់​ស្របច្បាប់​នៅ​ជិត​ដី​មានទំនាស់​នោះ បាន​មួយចំនួន បន្ទាប់មក​ក្រុមហ៊ុន​បាន​បោះ ព្រំ​ព័ទ្ធ​រំលោភ​យក ដី​បឹង​ជី​ភោ​របស់​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ដែល​នៅសល់​មិនទាន់​លក់​ទំហំ ៧៤ ១៥៣​ម៉ែត្រការ៉េ ក្នុងអំឡុង​ឆ្នាំ​២០១៥ ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន បាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅ នេសាទ ឬ ដាំ​បន្លែ​នៅលើ​ដី​នោះ​តទៅទៀត​ទេ​។​

​តំណាង​រូបនេះ​បញ្ជាក់ថា បន្ទាប់ពី​មានការ​គម្រាមកំហែង និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខាងលើ ក៏បាន​នាំគ្នា​ប្ដឹងតវ៉ា​ជា​បន្តបន្ទាប់​ចូលទៅ​សង្កាត់ ក្រុង និង​ខេត្ត​រហូតដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អស់​រយៈពេល​បី​ឆ្នាំ​កន្លងមកហើយ តែ​មិន​ទួលបាន​ដំណោះស្រាយ​ទាល់តែសោះ​បានត្រឹមតែ​សន្យា​ខ្យល់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅនេះ ប្រជាពលរដ្ឋ​រាប់រយ​នាក់ មកពី​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ បាននាំគ្នា​មកលើ​កប​ដា​នៅខាងមុខ​សាលាខេត្ត កណ្ដាល ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី​ខាងលើ ខណៈ​ការតវ៉ា​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ តែ​គ្មាន​ដំ​ដោះស្រាយ​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ មិនទាន់​អាច​ស្វែងរក​សុំ​ការពន្យល់​ពី​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ នាយក​ក្រុមហ៊ុន lNG ឬ តំណាង​របស់​ក្រុមហ៊ុន​នេះ​បាន​នៅឡើយ​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕

១៩​ថ្ងៃ​ហើយ ភ្នំភ្លើង​នៅលើ​កោះ​ហា​វ៉ៃ បន្ត​ផ្ទុះ​បញ្ចេញ​កំ​អែរ​កាន់តែខ្លាំង

​ភ្នំភ្លើង​នៅលើ​កោះ ហា​វ៉ៃ សហរដ្ឋអាមេរិក បន្ត​ផ្ទុះ​ចូលដល់​ថ្ងៃទី 19 ហើយ​នៅ មិនទាន់​បង្ហាញ​សញ្ញា​ចុះថយ​នៅឡើយ ពិសេស​កំ​អែរ​ដែល​ផុស​ចេញពី​មាត់​រណ្ដៅ​មាន​កាន់តែច្រើន ចំណែក​ភ្នាក់ងារ​ភូមិសាស្ត្រ និង​អាជ្ញាធរ បង្កើន​ការព្រមាន នៅពេល ដែល​កំ​អែរ​ហូរហៀរ​ទៅដល់​សមុទ្រ បញ្ចេញ​សារធាតុពុល​ដែល​គ្រោះថ្នាក់ ។

​មុនពេល​ទៅដល់​សមុទ្រ​, កំ​អែរ​ភ្នំភ្លើង បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង និង​រោងចក្រ​អគ្គីសនី​នៅលើ​កោះ ហា​វ៉ៃ ។ ភ្នាក់ងារ​ការពារ​ជន​ស៊ីវិល និង​មន្ត្រី​ភូមិសាស្ត្រ កំពុង​តាមដាន​ស្ថាន ភាព​ភ្នំភ្លើង ដែល​បញ្ចេញ​កំ​អែរ​ពណ៌​ក្រហម ។ សំណង់​ជាច្រើន​នឹង​ប្រឈម​ចំពោះ​ការបំផ្លាញ​ដោយ​កំ​អែរ​ភ្នំភ្លើង ទាមទារ​ឲ្យ​ជញ្ជូន​សម្ភារៈ​ចេញ​ជាបន្ទាន់ ក្នុងនោះ​មាន​ស្ថានីយ៍​ផលិត​ចរន្តអគ្គិសនី ដែលមាន​ប្រេង​រាប់ម៉ឺន​ធុង និង បិទ​អណ្ដូង​ក្រោម​ដី​យ៉ាងតិច 11 កន្លែង នៅពេល​កំ​អែរ​ស្ថិតនៅ​ជាង 200 ម៉ែត្រ ។ មន្ត្រី​ភូមិសាស្ត្រ​និយាយ នៅពេល​រោង ចក្រ​ផលិត​អគ្គីសនី​ត្រូវបាន​ឆាប់ឆេះ វា​បញ្ចេញ​កម្ដៅ និង​ចំហាយ​ធាតុ​ពុល​គ្រោះថ្នាក់ ។​

​ភ្នាក់ងារ​ភូមិសាស្ត្រ​កោះ ហា​វៃ បាន​ឲ្យ​ដឹងថា ល្បឿន​នៃ​ការហូរ​របស់​កំ​អែរ​ភ្នំភ្លើង លឿន ជាង​មុន​ទ្វេ​រដង ឆ្ពោះទៅ​ទិសខាងកើត​នៃ​កោះ Big Island បណ្ដាល​ឲ្យ​លិច​បឹង​ធំ​មួយ ហើយ​បន្ត​ហូរហៀរ​ចេញពី​បឹង ឆ្ពោះទៅ​ទិសខាងកើត ឆ្លងកាត់​មហាវិថី និង​ទីប្រជុំជន ដែលមាន​មនុស្ស​រស់នៅ​រាប់ពាន់នាក់ ។ កោះ Big Island ដែលជា​កោះ​មួយ ក្នុង​រដ្ឋ ហា​វ៉ៃ សហរដ្ឋអាមេរិក ត្រូវបាន​អាជ្ញាធរ​ប្រកាសអាសន្ន ដោយសារ​កំ​អែរ​ភ្នំភ្លើង កំពុង​ហូរហៀរ រាលដាល​កាន់តែខ្លាំង បង្ខំ​ឲ្យ​ជម្លៀស​មនុស្ស​ចេញពី​ស្រុកភូមិ​នានា នៅ​ជុំវិញ​តំបន់​ផ្ទុះ ភ្នំភ្លើង​៕

អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅ​អាមេរិក គ្រោង​ធ្វើបាតុកម្ម​ស្នើ​ជប៉ុន​ផ្ដាច់ជំនួយ​បោះឆ្នោត​

 

​អាមេរិក ៖ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក គ្រោង​ធ្វើបាតុកម្ម​ដើម្បី​សុំ​ឲ្យ​ជប៉ុន​ដកខ្លួន និង​ផ្ដាច់ជំនួយ​បោះឆ្នោត​ដល់​កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ថា ក្រុម​នេះ​កំពុង​បង្ក​ការរំខាន​ដល់​ការបោះឆ្នោតជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ នេះ​បើតាម​ការផ្សាយ​របស់ វី​អូ​ឌី កាលពី​រសៀល​ថ្ងែ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ថា គ្រោង​រៀបចំ​ធ្វើ​មហា​បាតុកម្ម នៅមុខ​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក នា​ថ្ងៃទី​១​ខែមិថុនា​ខាងមុខនេះ​។​

​អតីតមន្ដ្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​នៅ​អាមេរិក លោក ហ៊ីង សុខសាន្ដ បញ្ជាក់បន្ថែម​ប្រាប់ VOD ថា គម្រោង​ធ្វើបាតុកម្ម​នេះ គឺមាន​គោលដៅ​សំខាន់ ៣​យ៉ាង គឺ ស្នើ​ឲ្យ​ជប៉ុន​ផ្ដាច់ជំនួយ​បោះឆ្នោត​មក​កម្ពុជា ស្នើ​ជប៉ុន​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត បើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើ​ជប៉ុន ជំរុញ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​។​

«​យើង​ស្នើសុំ​ដល់​ជប៉ុន​ឲ្យ​ដកខ្លួន​ថយ ហើយ​ឈប់​ផ្ដល់ជំនួយ​ផ្នែក​បោះឆ្នោត​ដោយ​ឈប់​គាំទ្រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហ្នឹង ដែល​ការបោះឆ្នោត​ខាងមុខ​ហ្នឹង វា​អត់​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ទី​២ យើង​ស្នើសុំ​ទៅ​ជប៉ុន​ដែរ កុំ​ទទួលស្គាល់​នូវ​ការបោះឆ្នោត​ក្លែងក្លាយ ពីព្រោះ​ការបោះឆ្នោត​នេះ វា​អត់​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​»​។​
​លោក ហ៊ីង សុខសាន្ដ រំពឹង​ទៀតថា បាតុកម្ម​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា ៥០០​នាក់ ហើយនឹង​បន្ដ​ការតវ៉ា​បែបនេះ​នៅ​ប្រទេស​មួយចំនួនទៀត ដូចជា បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប កូរ៉េខាងត្បូង និង​អូស្ដ្រាលី​ជាដើម​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស កំពុងតែ​មានបំណង​អាក្រក់ និង​បង្ក​ការរំខាន​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ​។ លោក​ថា ជប៉ុន នឹងមិន​កាត់ផ្ដាច់​ជំនួយ​បោះឆ្នោត​ពី​កម្ពុជា​នោះទេ ហើយ​បើទោះបីជា​ជប៉ុន មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ក៏ដោយ ក៏​វា​មិន​ប៉ះពាល់​ដល់​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​កើត​ក្រោយ​ការបោះឆ្នោត​នោះឡើយ​។​

​លោក​ថា​៖ « ខ្ញុំ​សូម​ជំរាប​ថា សភា​នៃ​ប្រទេស​កម្ពុជា លោក​បានអនុម័ត​កញ្ចប់​ថវិកា​ជា​ដុំ​រួចហើយ​។ អញ្ចឹង​កញ្ចប់​ថវិកា​នេះ បើ​មាន​ប្រទេស​ណា​ជួ​យមក ជាការ​សម្រួល​បន្ទុក​ទៅ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្ដែ បើសិនជា​អត់​ជួយ​ទេ គឺ​កញ្ចប់​ថវិកា​នោះ គឺមាន​ស្រាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​។ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស មេដឹកនាំ​រដ្ឋ​មួយ មិនមែន​ឋិត​នៅលើ​អ្នក​នៅ​ខាងក្រៅ​ទេ គឺ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ខ្លួនឯង​»​។​

​ប្រធាន​ក្រុមអ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ វិភាគ​ថា គម្រោង​ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស​នេះ ទំនងជា​គ្មាន​ឥទ្ធិពល​អ្វី​ធំដុំ​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ ប៉ុន្ដែ លោក​យល់ថា វា​នឹង​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ជប៉ុន និង​សហគមន៍​អន្ដរជាតិ ឲ្យ​ងាក​មក​ចាប់អារម្មណ៍​បន្ថែមទៀត​លើ​បញ្ហា​ន​យោ​យ​បាយ​នៅ​កម្ពុជា ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់​។​

​ជាការ​រួមចំណែក​ជួយ​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា គឺ​ប្រទេស​ជប៉ុន​គាត់​អាច​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​កម្ពុជា​បង្ហាញ​គោលជំហរ​ក្នុងការ​ចង់ឃើញ​គោលការណ៍​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក៏ប៉ុន្ដែ យ៉ាងហោចណាស់ ក៏មាន​ឥទ្ធិពល​ទៅដល់​ប្រទេស​ជប៉ុន ក៏ដូចជា ប្រទេស​ដៃគូ​ដទៃទៀត​ហ្នឹង គេ​អាច​នឹង​ចាត់វិធានការ ដើម្បី​កុំ​ឲ្យ​គេ​ព្រងើយកន្ដើយ ឬ​ភ្លេច​ចំពោះ​បញ្ហា​កម្ពុជា​
​លោក ហង្ស វិទូ ប្រធាន​ក្រុមអ្នកវិភាគ​នយោបាយ​វ័យក្មេង​
​បន្ទាប់ពី​អតីត​បក្សប្រឆាំង ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្ដាល​ប្រទេស ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​តាម​បណ្ដឹង​របស់ រដ្ឋាភិបាល ប្រទេស​លោក​សេរី​មួយចំនួន​បាន​ព្រមាន​ដាក់ទណ្ឌកម្ម និង​កាត់​ផ្ដាច់ជំនួយ​បោះឆ្នោត​មក​កម្ពុជា ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម ពោលគឺ​នៅសល់តែ​ជប៉ុន​ប៉ុណ្ណោះ ដែល​បន្ដ​ជួយ​ដល់​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​៕ ប្រភព ៖ VOD

​លោក អ៊ុង ឫទ្ធី (​រូប​កាន់​មេក្រូ​និយាយ​) ចូលរួម​បាតុកម្ម​តវ៉ា​ឲ្យ​ដោះលែង​លោក កឹម សុខា នៅមុខ​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧​។​) រូបភាព​៖ RFA​

ទីក្រុង​ម៉ា​រ៉ាវី ​រងការខ្ទេចខ្ទាំយ៉ាងខ្លាំង​ដោយសារ​សង្គ្រាមរពេញ១ឆ្នាំ

​ម៉ា​រ៉ាវី ៖ វា​គឺជា​ការចងចាំ​ដ៏​ឈឺចាប់​សំរាប់​ប្រជាជន ក្នុង​ទីក្រុង​ម៉ា​រ៉ាវី ប្រទេស​ហ្វីលីពីន ដែល ហែកហួរ ដោយ សង្គ្រាម​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​រវាង​កងទ័ព​រដ្ឋា​ភិ​បាល និង​អ្នកគាំទ្រ រដ្ឋ​អ៊ីស្លាម កាលពី​ឆ្នាំមុន ដែល​បាន​បន្សល់ទុក​តំបន់​ជាច្រើន​នៃ​ទីក្រុង​នេះ​រង​ការបំផ្លាញ​។ ប្រជាជន ជាង ៣​សែន​៥​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញ បន្ទាប់ពី​ក្រុម​ប៉ះ​បោ​រាប់រយ​នាក់ បាន​រឹបអូស តំបន់​ជាច្រើន​នៅ​ទីក្រុង​ភាគខាងត្បូង ដែលជា​លទ្ធផល យុទ្ធនាការ​យោធា រយៈ​៥​ខែ បានសម្លាប់​មនុស្ស​ជាង​១១០០​នាក់ រួមទាំង​ទាហាន​១៩៦​នាក់​។​

រយៈពេល​១​ឆ្នាំ ប្រជាជន​ដែល​បាន​ជន្លៀស​ខ្លួន បាន​ចងចាំ​ពី​ការ​ភ័យរន្ធត់ នៃ​ការប្រយុទ្ធ​ស៊ីសាច់ហុតឈាម​។ ប្រជាជន​ភៀសខ្លួន និយាយថា លោក​បាន​ភៀសខ្លួន​ចេញ​ជាមួយ​ប្រពន្ធ​របស់លោក​និង​កូន​៦​នាក់ នៅពេល ដែល​គ្រាប់កាំភ្លើង​និង​គ្រាប់បែក បាន​វាយប្រហា​មកលើ​ផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី ។ ឳ​ពុក​ម្តាយ​របស់ លោក នៅ​បាត់​ខ្លួន​នៅឡើយ ដែល​លោក​បាន​សន្និដ្ឋានថា ស្លាប់ បន្ទាប់ ពី​ការស្វែងរក រយៈពេល​ជាច្រើន​ខែ​។

បច្ចុប្បន្ននេះ លោក​រស់នៅ​ជាមួយ​ក្រុមគ្រួសារ ក្នុង​ទីជម្រក បណ្តោះអាសន្ន​នៅ​ជាយក្រុង​ម៉ា​រ៉ាវី និង​ទទួល​ជំនួយ​បន្តិចបន្តួច​ពី​រដ្ឋាភិបាល ។ លោក​សង្ឃឹមថា និង​មាន​ជីវភាព​រស់នៅ​ទៀងទាត់​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់លោក ជា ជាង ទទួល​ជំនួយ​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយ​។

​អ្នកនាំពាក្យ​ប្រធានាធិបតី លោក​ហារី​រ៉ុ​ក និ យាយ នៅក្នុង​ទីក្រុង​ម៉ានីល ថា យ៉ាងហោចណាស់ ប្រជាជន​៧០​ភាគរយ បាន​ត្រឡប់ ចូលទៅ​កាន់​ទីក្រុង​ម៉ា​រ៉ាវី​វិញ​ដោយ​ប្រជាជន​ភាគច្រើន​ស្នាក់​នៅក្នុង​ជម្រក​បណ្តោះអាសន្ន​។

រដ្ឋាភិបាល បានទទួល​ធ្វើការ​ស្តារឡើងវិញ​ទាំងស្រុង ដែល​ត្រូវ​ចំណាយពេល​ជា ច្រើន​ឆ្នាំ ដោយសា​តែ​ការខូចខាត​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល បាន​សន្និដ្ឋានថា និង ចំណាយ​ប្រា​ក់ជាង ១​ពាន់​លាន​ដុល្លារ ប៉ុន្តែ​គំរោង រយៈពេល​ខ្លី​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​កន្លែង​ស្នាក់នៅ ដល់​ប្រជាជន​៕​

ក្រសួង​រ៉ែ ព្រមាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​ដែល​បំពាន​ច្បាប់

​ភ្នំពេញ ៖ ក្រសួង​រ៉ែ​និង​ថាមពល ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដែលមាន​ការងារ​ពា​ក៉​ព័ន្ធ​និង​រ៉ែ ដើម្បី​ពង្រឹង ការអនុវត្ត​ការប្រតិបត្តិ​ធនធាន​រ៉ែ បន្ទាប់ពី​មានការ​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​សង្ស័យ អាច​កើតឡើង​ពី​សារធាតុពុល ដោយ​ការប្រើ​សារធាតុ​គីមី ពាក់ព័ន្ធ​និង​ការ រុករក​រ៉ែ​និង​អាជីវកម្ម​រ៉ែ ។​

​រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ព្រមាន​បញ្ចប់​អាជ្ញាប័ណ្ណ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​អនុវត្ត​ការងារ​របស់ខ្លួន បាន​បំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​រ៉ែ​។​

​ការព្រមាន​នេះ​បាន​ធើ្វ​ឡើង​នៅក្នុង កិច្ចប្រជុំ​រវាង​ក្រសួង​រ៉ែ​និង​ថាមពល ជាមួយ​ក្រុមហ៊ុន ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ និង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ កាលពី​ព្រឹក ថ្ងៃ​២៣ ខែឧសភា​២០១៨​។​

​លោក ស៊ុយ សែម មានប្រសាសន៍​បន្តថា ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ត្រូវគោរព​អាជ្ញាប័ណ្ណ​នោះ​ដែល​ក្រសួង​បានកំណត់​ទំហំ​ឲ្យ​រុករក​និង​រយៈពេល​អនុញ្ញាត​។ ប្រសិនបើ​ការរុករក​នោះ រកឃើញ​មាន​រ៉ែ​លោហៈ ដែល​ក្រុមហ៊ុន​ចង់​ធ្វើ​អាជីវកម្ម ត្រូវ​បញ្ចប់ អាជ្ញាប័ណ្ណ​រុករក​រ៉ែ ហើយ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​វិញ​។ នៅពេល​ធ្វើ​អាជីវកម្ម ក៏ដូចជា​រុករក​រ៉ែ មិនត្រូវ​បញ្ចេញ​កាកសំណល់ ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន រួមមាន ទឹក ខ្យល់ ដី ជាដើម​។​

​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័​ក្ត​ធារ៉ា មានប្រសាសន៍ថា ក្រសួង​រ៉ែ​និង​ថាមពល​មិន​បកស្រាយ​លើ​ការពុល ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងគ្រោះ នៅ​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​ទេ ព្រោះ​មាន​ស្ថាប័ន និង​ក្រសួង ផ្សេងៗ​បាន​ផ្សព្វផ្សាយ រួច​អស់​ទៅហើយ​។ ក្រសួង​បន្ត​លុបបំបាត់​អាជីវកម្ម​រ៉ែ​អាណាធិបតេយ្យ ទាំង​ឯកជន និង​គ្រួសារ​។​

​លោក ម៉េង ស័​ក្ត​ធារ៉ា បាន​អាន​នូវ​ការណែនាំ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដែល​អនុវត្ត​ការងារ ធនធាន​រ៉ែ គួរ​ប្រតិបត្តិ​តាម​នូវ​ភារកិច្ច​ទទួលខុសត្រូវ សង្គម​និង បរិស្ថាន ដែលមាន​ចែង នៅក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​រ៉ែ អនុក្រឹត្យ និង​ប្រកាស​ផ្សេងៗ ផែនការ​កិច្ចសន្យា បរិស្ថាន បង្ការ​កុំ​ឲ្យ​ក្លាយទៅជា​បទល្មើស​ព្រ​ហ​ទណ្ឌ​។ ការប្រើប្រាស​ដីធ្លី​រុករក​រ៉ែ ក៏​ដូច អាជីវកម្ម​រ៉ែ កុំ​ឲ្យ​ប៉ះពាល់ ទ្រព្យ​ឯកជន​របស់​ប្រជាជន ឬ​របស់​រដ្ឋ និង​តំបន់​ការពារ​។ ការដឹក​ឥ​វ៉ាន់​ឬ​រ៉ែ​ចេញចូល​ការដ្ឋាន ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង អាជ្ញាធរ​និង​សហគមន៍​ក្នុង​មូលដ្ឋាន​។ ការ​ទុកដាក់​កាកសំណល់​ផ្សេងៗ ហាម​លេច​ធ្លាយ​សារធាតុពុល មកលើ​ប្រភពទឹក ឬ​តំបន់​ប្រជាពលរដ្ឋ​រស់នៅ ត្រូវ​គ្រប់គ្រង​នៅក្នុង​ការដ្ឋាន​និង​ឲ្យ​ត្រូវ​តាម អាជ្ញាប័ណ្ណ​។ អាជ្ញាប័ណ្ណ​ដែល​ក្រសួង​រ៉ែ និង​ថាមពល បានចេញ​ឲ្យ​អនុវត្ត ត្រូវ​លើក​ប៉ាណូ ផ្សព្វផ្សាយ​ជា​សាធារណៈ មុននឹង​ក្រុមហ៊ុន​ចូលទៅ​អនុវត្ត​ការងារ ត្រូវគោរព​ទំហំ​ដី ជម្រៅ​ជាដើម​តាមច្បាប់​។​

​របាយការណ៍ ក្រសួង​រ៉ែ​និង​ថាមពល ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​និង​រុករក​រ៉ែ បច្ចុប្បន្ន​មាន​២៥ ដែល​ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ ឲ្យ​អនុវត្ត​ការងារ​រ៉ែ​។ ក្រុមហ៊ុន​ដែល​មក​ចូលរួម​ប្រជុំ មានតែ​២៤​ទេ ក្រុមហ៊ុន​ដែល​មិន​បានមក​ប្រជុំ លោក​រដ្ឋមន្ត្រី ស្នើសុំ ឲ្យ​ទៅ​ទិ​ស្តី​ការ​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ទទួលយក​ការណែនាំ​បន្ថែម​៕

បុរស​វ័យ​ចំណាស​ម្នាក់​ត្រូវ​ចៅ​ចិញ្ចឹម​វាយ​ក្បាល​នឹង​ពូថៅ​ស្លាប់​នៅ​ក្រុង​ក្រចេះ

​ខេត្តក្រចេះ ៖ ជន​កំណាច​ម្នាក់ ដែលជា​ចៅ​ចិញ្ចឹម ត្រូវបាន​នគរបាល​ក្រុង​ក្រចេះ ចាប់ខ្លួន​ក្រោយពី​ជននេះ បាន​យក​ពូថៅ​វាយ​ទៅលើ​ជីតា​របស់ខ្លួន ដោយ​ខឹង​និង​ជីតា​ស្តីបន្ទោស​រឿង​ស្នួ​រហាល​ខោ​ងាវ​ទៅប្រើ បណ្តាលឱ្យ​ស្លាប់​ក្រោយពី​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។​

​លោក​វរៈសេនីយ៍ទោ ហ៊ួ​ត លឹម​ហ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត បានឱ្យដឹងថា ជនដៃដល់​ឈ្មោះ លីម ណា​រ៉ុង អាយុ​៣៣​ឆ្នាំ រស់នៅ​ជាមួយនិង​ជនរងគ្រោះ​ដែលជា​ជីតា​ចឹ​ញ្ចឹ​ម នៅក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ ឧសភា ក្រោយ​រត់គេចខ្លួន​បាន​មួយថ្ងៃ បន្ទាប់​រូបគេ​បានធ្វើ​សកម្មភាព យក​ពូថៅ​វាយ​ទៅលើ​ជនរងគ្រោះ​អាយុ ៦៨​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​ក្រោយ​នាំទៅ​សង្គ្រោះ​។​

​បើតាម​នគរបាល​ក្រុង​ក្រចេះ​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ទី​២១ ឧសភា ជននេះ បាន បោកគក់​ខោអាវ និង​បាន​ចង់​ស្នួ​លហាល​ខោអាវ​កាត់​ពីមុខ​ផ្ទះ​។ ហើយ​បុរសរងគ្រោះ​ឈ្មោះ ធូ ឈី​ម អាយុ​៦៨​ឆ្នាំ បាន​ស្តីបន្ទោស​ជននេះ ហើយ​ជនដៃដល់​បាន​យក​ពូថៅ វាយ​ទៅលើ​បុរសរងគ្រោះ​មួយ​ពូថៅ ចំក្បាល​ខាងក្រោយ បណ្តាលឱ្យ​ជនរងគ្រោះ​ប្រកាច់​ដួលសន្លប់​។​
​ក្រោយ​បង្កហេតុ​រួច ជនដៃដល់​បានគេច​ខ្លួន និង​ក៏​ត្រូវបាន​នគរបាល ស្រាវជ្រាវ​ចាប់ខ្លួនបាន ខណៈដែល​បុរសរងគ្រោះ​ជា​ជីតា​ចឹ​ញ្ចឹ​ម​របស់ខ្លួន ដែល​បញ្ជូនទៅ​សង្គ្រោះ ក៏ត្រូវ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ​។​

​បើតាម​អ្នកភូមិ​ក្បែរ​ខាង​បាន​និយាយថា ជនដៃដល់​ត្រូវបាន​បុរស​វ័យ​ចំណាស់​រងគ្រោះ យក​ពី​ក្មួយ​ស្រី ដែល​ស្លាប់​មក​ចិ​ញ្ជឹ​ម​តាំងពី​តូច​។ តែ​មិនគួរ​ការ​តបស្នង​សងគុណ​ដល់​អ្នក​ដែល មានគុណ​ចឹ​ញ្ចឹ​ម​ពី​បាច់​របស់​ជនដៃដល់​ម​កលើ​ជីតា​របស់ខ្លួន​បែបនេះ​សោះ​។​

​លោក​វរៈសេនីយ៍ទោ ហ៊ួ​ត លឹម​ហ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត បាន​បញ្ជាក់ថា ជននេះ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស ដោយសារ​មរណភាព​ជនរងគ្រោះ​៕

មេរោគ​បំផ្លាញ​ខួ​ក្បាល​​ចម្លង​ដោយ​សត្វ​ប្រជៀវ សម្លាប់​មនុស្ស​១០​នាក់​នៅ​ឥណ្ឌា

ឥណ្ឌា ៖ មន្ត្រី​សុខាភិបាល​និយាយថា មេរោគ​ដ៏​កម្រ ត្រូវបាន​រាលដាល​ដោយ​សត្វ​ប្រជៀវ ដែល​អាច​បង្ករ​រោគ សញ្ញា​ដូចជា​គ្រុន និង​បំផ្លាញ​ខួ​ក្បាល បានសម្លាប់​មនុស្ស ១០​នាក់ នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ហើយ​២​ករណី​បន្ថែមទៀត​កំពុង​ត្រូវបាន​តាមដាន​។​

ការ​រាលដាល​ជម្ងឺឆ្លង អាច​ជាការ​ប្រឈម​មួយ​ក្នុងប្រទេស​មាន​ចំនួន​ប្រជាជន ច្រើន បំផុត​ទី​២ លើ​ពិភពលោក ជា​កន្លែង​ការគ្រប់គ្រង​ជម្ងឺឆ្លង និង​ការពិនិត្យ​តាមដាន​មាន ភាព​ខ្សោយ ដែល​នាំ​ឲ្យ​មាន​ចំនួន​អ្នកស្លាប់​រាប់រយ​នាក់ ជា​រៀងរាល់ឆ្នាំ ដោយសារ​ជម្ងឺ ដូចជា ជម្ងឺ​គ្រុន​សន្ធប់​កើត​ដោយ​សត្វ​មូស​ជាដើម​។ អង្គការ​សុខភាព​ពិភពលោក និយាយ ថា គ្មាន វ៉ាក់សាំង​សំរាប់​មេរោគ នី​ប៉ា ដែល បាន​ផ្ទុះឡើង ក្នុង​រដ្ឋ​កេ​រ៉ា​ឡា ដែល​វា​អាច បង្ករ​ទៅជា ជម្ងឺ​រលាក​ខួ​ក្បាល ។

​រដ្ឋមន្ត្រី​សុខាភិបាល និយាយថា អ្នកស្លាប់​ដំបូង បានកើត​ឡើង នៅ​ស្រុក​កូ​ហ្សី​កូដ ហើយ​ក្នុងចំណោម​មនុស្ស​១៨​នាក់ ដែល​ត្រូវ បាន​ពិនិត្យ​រក​មេរោគ ១២​នាក់ មាន​មេរោគ ហើយ​៣​នាក់​នៃ​ជនរងគ្រោះ ជា​សមាជិក នៃ​ក្រុមគ្រួសារ​តែមួយ ដែល​ត្រូវបាន​គេ​សង្ស័យថា ឆ្លង​តាមរយៈ​សត្វ​ប្រចៀវ​ដែល បានមក​ពពូន​គ្នា នៅ​អណ្តូងទឹក​មួយកន្លែង​នៅ​ជិត​ផ្ទះ​របស់​ពួកគេ​៕​

កម្ពុជា ដាក់​ឲ្យ​ដំណើការ​ចុះបញ្ជី​យាន យន្ត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ផ្លូវការ

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ការប្រមូល​ពន្ធ​យានយន្ត កាន់​តែមាន​ប្រសិទ្ធិភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ ។​

ការផ្ទៀងផ្ទាត់​គល់បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ត្រូវបាន​ដាក់អោយ​ដំណើរការ​សាកល្បង រយៈពេល​ប្រមាណ​ជាង​២​ខែ​មកហើយ គិត​ចាប់ពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​មក ដោយ​ការ​ក្នុង​រយៈពេល​ដំណើរការ​សាកល្បង​នេះ បានធ្វើការ​ផ្ទៀងផ្ទាត់​គ​ល់​បញ្ជី​យានយន្ត​ប្រមាណ​ជិត​១០​ម៉ឺន​គ្រឿង ក្នុងនោះ មាន​រថយន្ត​ប្រមាណ​១​ម៉ឺន ៣​ពាន់​គ្រឿង​។
បន្ទាប់ពី​លទ្ធផល​ជោគជ័យ​នៃ​ការដាក់អោយ​ដំណើរការ​សាកល្បង​នេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន កាលពី​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០១៨​នេះ ក៏បាន ចាប់ផ្តើម​ជា​ផ្លូវការ​តែម្តង ក្នុងការ​ដាក់អោយ​ដំណើរ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ការតភ្ជាប់​ប្រព័ន្ធ​នេះ នឹងធ្វើ​ការ​ផ្ទៀ​ត​ផ្ទាត់​លេខ​សម្គាល់​សន្លឹក​ពន្ធ​នាំចូល ដើម្បី​ទាញយក​ព័ត៌មាន​យានយន្ត​មកប្រើប្រាស់ សម្រាប់​ការចុះបញ្ជី​យានយន្ត ដែល​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការបង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ចំណេញ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​យានយន្ត និង​បង្កើន​ការប្រមូល​ចំណូល​ពន្ធគយ​ផងដែរ​៕

ការចាក់​វ៉ាក់សាំង​ជំងឺ អ៊ី​បូ​ឡា ចាប់ផ្តើម​ជា​សាធារណៈ​នៅ​ប្រទេស កុង​ហ្គោ​

​កុង​ហ្គោ ៖ យោ​ងា​តាម​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក លោក តា​រីក ចា​សា​រ៉េ​វី​ក បាន និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​អង្គការសហប្រជាជាតិ​ថា យុទ្ធនា​ការចាក់ វ៉ាក់សាំង ជំងឺ អ៊ី​បូ​ឡា បានចាប់ផ្តើម​ក្នុង សាធារណៈរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​កុង​ហ្គោ ។ មាន​ករណី​ជំងឺ អ៊ី​បូ​ឡា សរុប​ចំនួន ៥១​ករណី ត្រូវបាន​រាយ​ការ​ណ៏ ក្នុងប្រទេស​កុង​ហ្គោ ដែល​២៨​ករណី ក្នុងចំណោម​នេះ ត្រូវបាន​អះអាង​តាមរយៈ​ការធ្វើ​រោគវិនិច្ឆ័យ ដែលជា​លទ្ធផល​មាន អ្នកស្លាប់​សរុប ២៧​នាក់​។

​យោងតាម​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ជំងឺ អ៊ី​បូ​ឡា ដែល បាន​ពិសោធ​មាន​ចំនួន ៧៥៤០ ដូ​ស ត្រូវបាន​ផ្តល់​ទៅ​ឲ្យ សាធារណៈរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​កុង​ហ្គោ​។ លោក ចា​សា​រ៉េ​វី​ក និយាយថា នៅក្នុង​ក្រុង បាន​ដា​កា ប្រជាជន​៣៣​នាក់ បានមក​ទទួល​វ៉ាក់សាំង​កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​ក្រុម​យុទ្ធនាការ កំពុង​បន្ត​ផ្តល់​ជា បន្ត បន្ទាប់​។ មានការ​លំបាក​ជាច្រើន​ក្នុងការ​ដឹកជញ្ជូន និង​ស្តុក​ទុក​វ៉ាក់សាំង ដោយសារតែ រចនាសម្ព័ន្ធ​ក្នុង​តំបន់​ត្រូវ​បានកំណត់​។

​ក្រសួងសុខាភិបាល ប្រទេស​កុង​ហ្គោ បាន​សហ ការ​ជាមួយ បុគ្គលិក​សុខាភិបាល នៃ​អង្គការ​អន្តរជាតិ និង​ទីភ្នាក់ងារ​ជា​ដៃគូ ដើម្បី​បង្កើត យន្តការ​ប្រតិកម្ម ដើម្បី​តាមដាន ដិតដល់ ពី​ស្ថានភាព​អ្នកទទួល​វ៉ាក់សាំង​។ អ្នកនាំពាក្យ អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ការការពារ​នៃ​ការ​រាលដាល​ជំងឺ អ៊ី​បូ​ឡា និង​ការឆ្លើយតប ទៅនឹង​ភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ កំពុង​ត្រូវ​បានដាក់​បន្ថែម ចូលទៅក្នុង​របៀបវារៈ នៃ​សន្និបាត សុខភាព​ពិភពលោក លើក​ទី​៧១ ក្នុងការ​ប្រយុទ្ធ ប្រឆាំង​ការ​រាលដាល​ជំងឺ អ៊ី​បូ​ឡា នៅ​អាហ្វ្រិក​កណ្តាល​៕​

ជាង​មួយ​ម៉ោង មាន​មនុស្ស​ស្លាប់​ដោយ​លង់ទឹក​២​នាក់ នៅ​ខេត្តកំពង់ចាម

​កំពង់ចាម ៖ កុមារា និង​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ ដោយ​លង់ទឹក នៅ​កន្លែង​២​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ចន្លោះ​តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​។

​ប៉ូលីស​បានអោយដឹងថា នៅ​ថ្ងៃទី​២៣ ខែ​ឩ​សភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​នឹង​៣០​នាទី នៅ​ចំណុច​រណ្តៅ​ខាងកើត​ទំនប់​ក្តា​ក់ ស្ថិតក្នុង​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម មាន​ករណី​លង់ទឹក​ស្លាប់​មួយ បង្កដោយ​ក្មេងរងគ្រោះ​ឈ្មោះ ធី យ៉ង់​ឌី​ន ភេទ​ប្រុស អាយុ ៧​ឆ្នាំ មាន​ឪពុក ឈ្មោៈ ស៊ុន ចា​ន្ធី អាយុ​២៩​ឆ្នាំ​និង​ម្តាយ ឈ្មោះ គ្រី ថា​រិ​ន អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

​ប្រភព​ពត៍​មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា កុមារា រងគ្រោះ​បាន​តាម​ជីដូន​ទៅ​ឃ្វៀល​ពពែ ហើយ​ចុះ​លេង​ទឹក​ក្នុង​រណ្តៅ កើតហេតុ ដោយ​ជីដូន​មិនបាន​ដឹង បណ្តាលអោយ​លង់​ស្លាប់​នៅ​ទីនោះ​។

​ប៉ូលីស​បាន​បន្តថា​23​ខែ​ឩ​សភា​ឆ្នាំ​2018 ដដែល​វេលា​ម៉ោង​9​និង 15​នាទី​មាន​ករណី​លង់ទឹក​ស្លាប់​មួយទៀត បង្ករ​ដោយ​ជនរងគ្រោះ​ឈ្មោះ លឹម ងួន​ជួរ ភេទ ប្រុស​អាយុ​69​ឆ្នាំ​នៅ​ភូមិ​ក្ងោក​ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​បាន​ទៅ​ទប់ទឹក​ភ្លឺស្រែ​នៅ​ខាងលិច​ភូមិ​ក្ងោក​ហើយ​រអិល ជើង​ចូល​ទឹក​ប្រឡាយ​បណ្តាលអោយ​លុងទឹក​ស្លាប់​ក្នុង​ប្រ​ឡា​ទឹក​។ សព​ជនរងគ្រោះ​ទាំង​២​ខាងលើ ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុ​ភ័ណ

 

លោក ត្រាំ ថ្លែងថា ជំនួប​ជាមួយ​មេដឹក នាំ​កូរ៉េខាងជើង អាច​នឹង​ពន្យារពេល​

​អាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ និយាយថា ជំនួប​ដែល​បាន កំណត់ពេល​របស់លោក ជាមួយ​មេដឹកនាំ​កំពូល របស់ សាធារណៈរដ្ឋ ប្រជាមានិត ប្រជា ធិ​ប​ត្យេ​កូរ៉េ លោក​គីម ជុង​អ៊ុន អាច​នឹង ត្រូវ​ពន្យារពេល​។ វា​អាច​និង​មិន​កើតឡើង​ឡើយ នៅ​ថ្ងៃទី​១២ ខែមិថុនា ។​

​នេះ​ប់​តាម​ការអះអាង​របស់លោក ត្រាំ បាន​និយាយប្រាប់​អ្នកយកព័ត៌មាន នៅ​សេត​វិមាន រួមគ្នា ជាមួយ ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​កូរ៉េ លោក មូ​ន​ជេ​អ៊ី​ន ដែល​និយាយ​យោង​ទៅរក កាលបរិច្ឆេទ នៃ​ជំនួប​តាម​ផែនការ​ជាមួយ​លោក គីម ជុង​អ៊ុន​។ លោក​បាន​បន្ថែមថា ប្រសិនបើ​វា​មិន​កើតឡើង​នៅពេលនេះ វា​អាច​នឹង​កើតឡើង​នៅពេល​ក្រោយ​។

​ទោះយ៉ាងណា​លោក មូ​ន ជេ​អ៊ី​ន បានចេញ​សារ​ខុសគ្នា នៅ​ថ្ងៃ​តែមួយ​ដោយ​និយាយថា លោក និង​ប្រឹងប្រែង ដើម្បី​ជួយ ឲ្យ​មាន​ជំនួប​កំពូល​នេះ តាម​កាលកំណត់ ដើម្បី​ឲ្យ​មាន សន្តិ​ភាពជា​អចិ​ន្ត្រៃ​យ៏ នៅលើ​ឧ​ប​ទ្វិ​ប​កូរ៉េ​។

​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា សហរដ្ឋអាមេរិក និង​នៅតែ​ប្រុងប្រៀប​សំរាប់​ជំនួប​កំពូល និង​មាន វិធានការ​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឲ្យ​ជំនួប​នេះ ជោគជ័យ​។​លោក​បន្ថែមថា សហរដ្ឋអាមេរិក និង​ផ្តល់ជំនួយ​សេដ្ឋកិច្ច​សំរាប់​ប្រទេស​កូរ៉េខាងជើង ប្រសិនបើ​ប្រទេស​នេះ បោះបង់ កម្មវិធី​នុយក្លេអ៊ែរ របស់ខ្លួន​។ លោក ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​ធានា សុវត្ថិភាព​នៃ​មេដឹកនាំ​កូរ៉េខាងជើង ប្រសិនបើ​ប្រទេស​នេះ បោះបង់​អាវុធ​នុយក្លេអ៊ែរ របស់ខ្លួន​។ នៅពេលដែល​ត្រូវបាន​សួរ​អំពីរ អាកប្បកិរិយា​របស់លោក ចំពោះ​ការ​បង្រួប បង្រួម នៃ​ឧ​ប​ទ្វិ​ប​កូរ៉េ លោក​ត្រាំ​និយាយថា លោក​នឹងមិន​ជំទាស់ នោះទេ នៅពេលដែល ពេលវេលា​ផ្តល់​ឲ្យ​។

​ប្រទេស​កូរ៉េខាងជើង បាន​ព្រមាន​កាល​ពីស​ប្តា​ហ៏​មុន​ថា ខ្លួន​និង​ពិ​ចារ ណា​ឡើងវិញ ថា​តើ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​សឹង្ហ​បុរី​ឬ​យ៉ាងណា ប្រសិនបើ សហរដ្ឋអាមេរិក មានបំណង​ដាក់​គំនាប​លើ​ប្រទេស​កូរ៉េខាងជើង ដើម្បី​ឲ្យ​បោះបង់ចោល ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ទីក្រុង​ព្យុងយ៉ាង បាន​ផ្អាក កិច្ចពិភាក្សា​អន្តរ​កូរ៉េ កាលពី ថ្ងៃ​ពុធ​ស​ប្តា​ហ៏​មុន ដើម្បី​តវ៉ា​ទៅនឹង សមយុទ្ធ​ដែនអាកាស​កូរ៉េខាងត្បូង​-​សហរដ្ឋអាមេរិក ក្នុង​ទ្រង់ទ្រាយ​ធំ និង​បាន​ជម្រុញ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង បញ្ឈប់​សមយុទ្ធ​យោធា​រួម របស់ ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​៕​

ស៊ីម៉ាក់​ ​បដិសេធការ​លើកឡើងថា ​គ្រាប់មីន​នៅ​កម្ពុជា​ភាគច្រើន​ស្អុយ

​ភ្នំពេញ ៖ អគ្គនាយក​ស៊ីម៉ាក់ ឯ​.​ឧ ហេង រតនា​បាន​ច្រានចោល ចំពោះ​ការ​លើកឡើងថា គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ជាច្រើន​ស្អុយ មិនមាន​សារ ធាតុ ជាតិ​ផ្ទុះ​។ ការ​អះអាងថា​គ្រាប់មីន​នៅ​កម្ពុជា​ស្អុយ​កំពុង​ធ្វើ​ឲ្យ​ប្រជាជន មាន ការ មានការ​ភ័ន្ត​ច្រ​លំ នឹង​អាច​ចាប់​កាន់ និង​ដុំ​គ្រាប់មីន​ទាំងនោះ​។

​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​ទាត់ចោល​ចំពោះ​ការអះអាង​របស់​អង្គការ​មួយ​ដែលមាន​ស្នាក់ការ​នៅ​កម្ពុជា ដែល​ថ្មីៗ​នេះ​បាន​និយាយថា មីន​នៅ​កម្ពុជា​ស្អុយ និង​ខូចគុណភាព​។

​នេះ​គឺជា​ការបង្ហាញ​ដោយ​គ្មាន​ការទទួលស្គាល់​ពី​លទ្ធផល​ការងារ​របស់​ស៊ីម៉ាក់ ឬ​រាជរដ្ឋាភិបាល​។ ការអះអាង​របស់​អង្គការ​ខាងលើ​ហាក់​ផ្ទុយ ទៅនឹង​ភាព​ពិត​ជាក់ស្តែង គ្រា​ដែល​សប្តាហ៍​មុន​មាន​ករណី​ផ្ទុះ​គ្រាប់មីន​បណ្តាល ឲ្យ​មាន​មនុស្ស​ស្លាប់​ពីរ ដោយ​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត​នៅ​ខេត្តក្រចេះ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៅក្នុង​ពិធី​បិទ​សន្និបាតជាតិ​សកម្មភាព​មីន​២៥​ឆ្នាំ បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការលើកឡើង​របស់​អង្គការក្រៅរដ្ឋាភិបាល ដោយបាន ចាត់ទុកថា ការលើកឡើង​នោះ​គ្មាន​មូលដ្ឋាន​។ សម្តេច​តេ​ជោ​បាន​ណែ​នាំទៅ​អង្គការ​នោះ​ពិនិត្យឡើងវិញ ព្រោះ​ការលើកឡើង​អាច​បង្ក​ការគ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាច្រើន​៕​

កូរ៉េខាងជើង ព្រមឲ្យ​អ្នក​កាសែត​កូរ៉េ ខាងត្បូង ចូល​មើល​ទីតាំង​នុយក្លេអ៊ែរ​

កូរ៉េ ៖ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​និយាយថា ប្រទេស​កូរ៉េខាងជើង​បានទទួល​បញ្ជី​ឈ្មោះ​អ្នក​រាយ​ការ​ណ៏​ព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលធ្វើ​ទស្សនកិច្ច​ទីតាំង​សាកល្បង នុយក្លេអ៊ែរ​។

​ប្រទេស​កូរ៉េខាងជើង បាន​អញ្ជើញ ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ មកពី បណ្តា​ប្រទេស​មួយចំនួន ដើម្បី​ធ្វើជា​សាក្សី នៃ​ការរំលាយចោល នៃ​ទីតាំង​សាកល្បង ពុង​យ៉េ​រី (Punggye-ri) ដើម្បី​គោរព​តាម​ការសន្យា​របស់ខ្លួន ក្នុងការ​ផ្អាក ការសាកល្បង នុយក្លេអ៊ែរ​។

​ទោះជា​យ៉ាងណា ពេល​ដំបូង​ប្រទេស​នេះ បាន​បដិសេធ​មិន​ទទួលយក បញ្ជី​ឈ្មោះ អ្នក​រាយ​ការ​ព័ត៌មាន មកពី​កូរ៉េខាងត្បូង បន្ទាប់ពី​បញ្ឈប់ កិច្ចពិភាក្សា​អន្តរ​កូរ៉េ ជាការ​តវ៉ា ប្រឆាំង​សមយុទ្ធ​ប្រយុទ្ធ​ដែនអាកាស​កូរ៉េខាងត្បូង -​សហរដ្ឋអាមេរិក​។

​ក្រុម​អ្នកយកព័ត៌មាន មកពី​បណ្តា​ប្រទេស​ផ្សេងៗ បានមក​ដល់ទី​ក្រុង​កំពុងផែ វ៉ុ​ន​សាន របស់​ប្រទេស​កូរ៉េខាងជើង​ជា​កន្លែង​ដែល​ពួកគេ​រងចាំ ដើម្បី​នាំ​ផ្លូវ​ទៅកាន់​ទីតាំង​សាកល្បង នុយក្លេអ៊ែរ សំរាប់​ព្រឹត្តិការ​ណ៏ រំលាយ​ទីតាំង ដែល​កំណត់​ពេលធ្វើ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ សុក្រ​នេះ​។

​សមាជិក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដែល​ត្រូវបាន​អញ្ជើញ​និយាយថា អាជ្ញា ធរ​ប្រទេស​កូរ៉េខាងជើង​បាន​ប្រាប់​ពួកគេ​ថា អាកាសធាតុ មិន​អំណោយផល​សំរាប់​ការធ្វើ ដំណើរ​ទៅកាន់ ទីតាំង ពុង​យេ​រី ប៉ុន្តែ​តាមពិត​ពួកគេ​ឲ្យ​រងចាំ​អ្នកយកព័ត៌មាន​មក ពី ប្រទេស​កូរ៉េខាងត្បូង​៕​

 

លោក ណា​ជីព ចាក​ចេញពី​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ បំភ្លឺ​លើ​មូលនិធិ​រដ្ឋ 1MDB

​ម៉ាឡេស៊ី ៖ អតីត​នាយករដ្ឋមន្ត្រី ប្រទេស​ម៉ាឡេស៊ី លោក ណា​ជីព រ៉ា​ហ្សា​ក់ បានធ្វើ​សេចក្តី ថ្លែង ការ​ណ៏​របស់លោក ស្តីពី​មូលនិធិ​រដ្ឋ​ដែលមាន​រឿងអាស្រូវ នៅ​ទីភ្នាក់ងារ​ប្រឆាំង អំពើពុករលួយ​របស់​ប្រទេស ដោយបាន​និយាយថា ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង ក្នុង​លក្ខណៈ​វិជ្ជាជីវៈ ។

​លោក ណា​ជីព ត្រូវបាន​កោះហៅ មកកាន់​ទីភ្នាក់ងារ ប្រឆាំង​អំពើ ពុករលួយ​ដើម្បី​ពន្យល់ អំពី​ការផ្ទេរ​ប្រាក់​ចំនួន 10.6 លាន​ដុល្លារ​ដែល​សង្ស័យ ចូលទៅ ក្នុង​គណនេយ្យ​ធនាគារ​របស់លោក​។ ចំនួន​នេះ​គឺជា​ប្រភាគ​នៃ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ផ្ទេរ មកពី​មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ឡុ​ប​មឹន​ប៊ឺ​ហាត ឬ 1MDB ។

​ទោះជា​យ៉ាងណា លោក ណា​ជីព បាន​បដិសេធ​ការធ្វើ​ខុស​ណាមួយ និង​បាន​និយាយថា ប្រាក់​ចំនួន ៦៨១ លាន ដុល្លារ នៃ​មូល​និ​ធី ដែល​បាន​ផ្ញើរ​ទុក​នៅក្នុង គណនេយ្យ​ធនាគារ​ផ្ទាល់ខ្លួន​របស់ លោក គឺជា​ការបរិចាគ​ពី ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ខុសពី​របាយ​ការ​ណ៏​ថា ប្រា​ក់បាន មកពី មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ឡុ​ប​មឹន​ប៊ឺ​ហាត​។ ការផ្តោត​សំខាន់​បឋម នៃ​ការស៊ើបអង្កេត ថ្មី របស់ ទីភ្នាក់ងារ ប្រឆាំង​អំពើពុករលួយ គឺ​ទៅលើ​ថា​តើ ប្រាក់​ចំនួន 10.6 លាន​ដុល្លារ បានមកពី​ក្រុមហ៊ុន SRC International ចូលទៅក្នុង​គណនេយ្យ​លោក ណា​ជីព​ដោយ របៀប​ណា​។

SRC ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១១ ដោយ​រដ្ឋាភិបាល លោក​ណា​ជីព ដើម្បី​ស្វែងរក​ការវិនិយោគ ក្រៅប្រទេស ក្នុង​វិស័យ​ធនធាន​ថាមពល ហើយ​វា​ជា ផ្នែក​មួយ​នៃ មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ល​ឡុ​ប​មឹន​ប៊ឺ​ហាត រហូតដល់​វា ត្រូវបាន ផ្លាស់ប្តូរ ទៅ​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១២​។

​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី បាន​បង្កើត កម្លាំង ទទួល ភារកិច្ច​ដើម្បី​ស៊ើបអង្កេត​បញ្ហា ខណៈដែល នាយក​រដ្ឋ​រដ្ឋមន្ត្រី​ថ្មី លោក ម៉ូ​ហា​ធា ម៉ូ​ហា​ម៉េ​ត សន្យា ស្វែងរក​មកវិញ នូវ​មូលនិធិ​ដែល​បាន​បាត់បង់​៕​