All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​អ្នកស្រាវជ្រាវ​បញ្ជូន​ឯកសារ​ចម្រុះ​ភាសា​នៅ​កម្ពុជា ទៅ​តម្កល់​នៅ​ប្រទេស​បារាំង​

​ភ្នំពេញ ៖ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ឯកសារ​
​ព័ត៌មាន​ចេញផ្សាយ​ចម្រុះ​ភាសា នៅ​ប្រទេស​កម្ពុជា ពី​ទសវត្ស​១៩៧៩​មក​បច្ចុប្បន្ន ផ្ញើ​ទៅ​រក្សាទុក​នៅ សារមន្ទីរ​ប៊ុ​យ​ឡាក់​(BULAC )​ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន ព្រឹត្តិការណ៍​នៅ​កម្ពុជា ដែល​បាន​បោះពុម្ពផ្សាយ​រួចហើយ ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែលមាន​ទីតាំង​នៅក្នុង​វត្ត​ឧណ្ណាលោម​​ប្រមូល​ទិញ​យកទៅ​រក្សា​ទុកជា​ឯកសារ​ស្រាវជ្រាវ នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់ ប្រទេស​បារាំង​។​

​ឯកសារ​ព័ត៌មាន​ទម្ងន់​ជាង​២​តោន ដែល​បោះពុម្ពផ្សាយ ពី​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ផ្សាយ​នៅក្នុង​កាសែត និង​ទស្សនា​វ​ដ្តី ចម្រុះ​ភាសា ត្រូវបាន​សាលា បារាំង​ចុង​បូព៌ា សហការ​ជាមួយ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ​ប្រមូល​យកទៅ​ផ្ញើទុក​នៅ សារមន្ទីរ​BULAC នៃ​ប្រទេស​បារាំង​។​

​លោក ឡេង កុក​អាន សហការី​វិទ្យាសាស្ត្រ​ផ្នែក​សាស្ត្រា​ស្លឹករឹត និង​ជា​ប្រធាន​អភិរក្ស បាន​ថ្លែងថា ឯកសារ​ព័ត៌មាន ដូចជា កាសែត ទស្សនា​វ​ដ្តី សៀវភៅ​ប្រលោមលោក ដែល​បានចេញ​ផ្សាយ​ពី​ព្រឹត្តិការណ៍ របស់​ប្រជាជាតិ​កម្ពុជា ត្រូវបាន​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​ដើម្បី​រក្សា​ទុកជា ឯកសារ​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ​។

ការប្រមូល​យក​ទុក ឯកសារ​ព័ត៌មាន​នោះ គឺ​ជំនួយ​ពីសា​សា​បារាំង​ចុង​បូព៌ា​ពី​ឆ្នាំ​១៩៩០ ដឹកនាំ​ដោយ​សាស្ត្រ​ចា​រ្យ អី​លី​វី​យេ ឌើ ប៊ែ​រណា​ន់​(Olivier de Bernon )​ផ្តួចផ្តើម​ឲ្យ​ប្រមូល ឯកសារ​ព័ត៌មាន​ចម្រុះ​ភាសា​ក្នុង​គោលបំណង ចងក្រង​ព័ត៌មាន​ឯកសារ​ទាំងនោះ សម្រាប់​​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ស្រាវជ្រាវ រក​ប្រវត្តិ​នានា វប្បធម៌​ជាតិ នយោបាយ​ដឹកនាំ ជីវភាព​ប្រជាជន​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅតាម​នៅ​ដំណាក់កាល​ដឹកនាំ ក្នុង​រជ្ជកាល នីមួយៗ​របស់​ប្រ​ទស​កម្ពុជា​។​

​លោក ឡេង កុក​អាន មានប្រសាសន៍​បន្តថា ការដឹកជញ្ជូន​ឯកសារ​ពត៌មាន​កម្ពុជា ទៅ​ទុក​​នៅ​សារមន្ទីរ ប៊ុ​យ​ឡាក់​នោះ បានធ្វើ​៣​ដង​ហើយ​។ ការប្រមូល​ឯកសារ​ព័ត៌មាន គឺ​ប្រមូល​ពី​ការបោះពុម្ពផ្សាយ​គ្រប់​ជំនាន់ ដែល​សរសេរ​ពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ពិសេស​ការបោះពុម្ពផ្សាយ​នៅក្នុង​ឆ្នាំ​១៩៧៩ មក​បច្ចុប្បន្ន ដើម្បី​សំគាល់​ពី​ការវិវឌ្ឍ​នៃ​ភាសា​ខ្មែរ ក៏ដូចជា​នយោបាយ​។​

​លោក ឡេង កុក​អាន ឲ្យ​ដឹងថា ការបញ្ជូន ឯកសារ​ព័ត៌មាន​កម្ពុ​ជា ទៅ​រក្សាទុក​នៅ​សារមន្ទីរ ​ប៊ុ​យ​ឡាក់ ប្រទេស​បារាំង ចាប់ផ្តើម​ពី​ឆ្នាំ​២០០៥ ២០០៩ និង​២០១៨​។ បច្ចុប្បន្ន នៅមាន កាសែត​និង​ទស្សនា​វ​ដ្តី​ជាង ២០០០​គី​ឡ​ក្រាម​ទៀត គ្រោង​បញ្ជូនទៅ​ដែរ​៕​

រោងចក្រ​បរទេស​ចំនួន៩​ថ្មីទៀត​​​​​​​​​ បាន​បង្កើត​នៅ​កម្ពុជា​ ប្រើ​ទុន​ជាង​៣១​លាន​ដុល្លារ​

​ភ្នំពេញ ៖ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជម្រុញ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដើម្បី​បង្កើត​ការងារ​បន្ថែម​ក្នុងប្រទេស​កម្ពុជា ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​មេសា​កន្លងមក បង្ហាញថា មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​ថ្មី​ចំនួន​៩ ដែលជា​គម្រោង​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង បានទទួល​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​អោយ​បើក​ដំណើរការ​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ការងារ​ថ្មី ប្រមាណ​១​ម៉ឺន​កន្លែង សម្រាប់​ពលរដ្ឋ​កម្ពុជា ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានបង្ហាញ​របាយ​ការ​ណ៌​មួយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្នុង​ខែមេសា ឆ្នាំ​២០១៨ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន ៩ ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៣១ លាន​ដុល្លារ​អាម​រិ​ក​។ ដែល​គម្រោង​វិនិយោគ​ភាគច្រើន ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដោយ​នៅក្នុង​គម្រោង​វិនិយោគ​ទាំងអស់នេះ​បាន​អះអាង​ពី​ការផ្តល់​ការងារ​សរុប​ចំនួន​ជាង ១ ម៉ឺន​នាក់​។ ការអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩​នេះ គឺធ្វើឡើង​តាម​សំណើសុំ របស់​ក្រុមហ៊ុន​តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន ៥ មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់​ចំនួន​៤ ផ្សេងទៀត មាន​ទីតាំង​ស្ថិតក្នុង​ខេត្តកណ្តាល តាកែវ និង​កំពង់ស្ពឺ​។

គួរ​បញ្ជាក់ថា យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទន្ទឹមនេះ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទិន្នន័យ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង កាបូប មាន​ចំនួន​សរុប ១០៣១​រោងចក្រ ដែលមាន​ចំនួន​កម្លាំង​ពលកម្ម​បំរើការ​សរុប​ជាង ៨៤​ម៉ឺន ៧​ពាន់​នាក់​៕​

លោក ហ៊ុន ជា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ​១៨​ខែ​ ករណី​បាញ់​មេឃ នៅ​ខណ្ឌដូនពេញ​

​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​បើកសវនាការ​ជំនំជម្រះ​ភ្លាមៗ និង​សម្រេច​ចេញ​ដីកា​ផ្តន្ទាទោស​លោក ហ៊ុន ជា​ដាក់ពន្ធនាគារ​ព្រៃ​សរ​យៈ​១៨​ខែ ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី​បង្ក​ការភ្ញាក់ផ្អើល​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨​។ នេះ បើ​យោងតាម​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​អោយដឹងថា​កា​រស​ម្រ​ចនេះ​ធ្វើឡើង​ក្នុង​អង្គជំនុំជម្រះ​ភ្លាមៗ​លើ​ករណី​បទល្មើស​ជាក់ស្តែង​។

សវនាការ​នេះ មានការ​ចូលរួម​ដោយ​លោក ហ៊ឹង ប៊ុនថន ជា​តំណាង​អយ្យការ និង​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​គួរ​រំលឹក​ផងដែរ​ថា ក្រោយ​ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ឃាត់ខ្លួន លោក​ហ៊ុន​ជា​ភ្លាមៗ​ផងដែរ​ដើម្បី​យកទៅ​សួរនាំ​ពាក់ព័ន្ធ​ករណី​ផ្ទះ​អាវុធ​នៅក្នុង​ខណ្ឌដូនពេញ​កន្ល​ង​មកនេះ​។ ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នេះ ផ្ដើមចេញពី​ជម្លោះ​ក្នុង​គ្រួសារ​ធ្វើ​ឲ្យ​លោក​ហ៊ុន ជា ទប់​កំហឹង​មិនបាន ទើប​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​តែម្ដង ហើយ​ករណីនេះ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​សូមបញ្ជាក់ថា រឿងហេតុ​ខាងលើនេះ ទាំង​ចៅហ្វាយខណ្ឌ និង​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ មាន​ប៉េអឹម និង​ប៉ូលិស ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​ត្រឹម​ឈរ​មើ​លពី​ចម្ងាយ​មិន​ហ៊ាន​ចូលទៅ​កន្លែងកើតហេតុ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជាង​១០​គ្រាប់​ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ​។​

បើតាម​សេ​ក្ដី​រាយការណ៍​មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ជាប់ៗ​គ្នា​តែម្ដង​ចេញពីផ្ទះ​លេខ​១១​បើក​អាជីវកម្ម​វេរ​លុយ​យីហោ True Money នៅតាម​បណ្ដោយ​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២៥​នាទី​យប់ ថ្ងៃ​អង្គារ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​ករណីនេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​ភ្លាមៗ​ផងដែរ​៕

ការ​ផ្សង​ប្រ​ថ្នូ​ល​គោ​ឧសភរាជ​ឆ្នាំនេះ ដំណាំ​ស្រូវ ពោត និង​សណ្តែក ទទួលបាន​ផល​ខ្ពស់​

​ស្វាយរៀង ៖ ពិធី​ផ្សង​ប្រ​ថ្នូ​ល តាមរយៈ​ការបរិភោគ​អាហារ​របស់​គោ​ឧសភរាជ​បរិភោគ នៅក្នុង ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ទិន្នផល​ដំណាំ​ស្រូវ ពោត និង​សណ្តែក​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ខ្ពស់​។ នេះ​គឺជា​ការប្រកាស​របស់​ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ ដែល​បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ស្ថិត នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ជាមួយគ្នានេះ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ ក្នុងនោះ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ចៅ​វា​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ព្រះ​វត្តមាន និង​វត្តមាន​របស់​ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជា​សមាជិក​សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជាកសិករ​ជាច្រើន​ពាន់​នាក់​។​

​សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំ​២០១៨​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​តម្កល់​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ ឯកឧត្តម ហ៊ួ​ត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​កាន់​នង្គ័ល​យោង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ច្រត់ព្រះនង្គ័ល​ជា ស្តេច​មាឃ និង​លោកជំទាវ ឈុន ណា​រី ជា​មេ​ហូ និង ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង ជា​អ្នក​កាន់​នង្គ័ល​ក្រោយ​។​

​សម្រាប់​ឆ្នាំ​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំ​២០១៨​នេះ បើតាម ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ បានប្រកាស​ឱ្យដឹងថា អាហារ​ទាំង ៧​មុខ ដែល​រួមមានៈ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា ដែល​បាន​តំកល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ ដើម្បីឱ្យ​គោ​ឧសភរាជ​បរិភោគ ដែលជា​កិច្ច​ផ្សង​ប្រ​ថ្នូ​លតា​ម​បវេណី​នោះ ឃើញថា អាហារ​តែ ៣ មុខ​ប៉ុណ្ណេះ ដែល​ត្រូវបាន​គោ​ឧសភរាជ​បរិភោគ រួមមាន​៖ ស្រូវ ពោត និង​សណ្តែក តាមរយៈ​នេះ បាន​បង្ហាញថា ដំណាំ​ស្រូវ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ រហូតដល់​ទៅ ៩៥% ដំណាំ​ពោត ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​រហូតដល់​ទៅ ៩៥% និង​ដំណាំ​សណ្តែក ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​ដូចគ្នា រហូតដល់​ទៅ ៨០%​។

​ជាមួយនឹង​ការប្រកាស​នូវ​លទ្ធផល​ផ្សង​ប្រផ្នូល​ដូច្នេះ អាច្ចារ្យ​ព្រហ្ម​ព្រ​លោហិត បាន​លើកឡើងថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀម​ទំលាប់​ព្រះរាជ​វេ​ណី នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ ក៏ដូចជា​ការប្រកាស​ថា រដូវ​វប្បមង្គល​ចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ ត្រៀមលក្ខណៈ​សម្បត្តិ​ប្រុងប្រៀប​រៀបចំ​ការងារ​ប​ង្ក បង្កើន​ផល ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិត ជីវភាព​បានល្អ​ប្រពៃ​។​

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះ​រាជអំណោយ​ចំពោះ​ប្រជាកសិករ ចំនួន ១០០​នាក់ ដោយ​ក្នុងនោះ​បុរស ក្នុង​ម្នាក់ៗ ទទួលបាន មួក ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល និង​នារី ក្នុង ម្នាក់ៗ ទទួលបាន​ក្រមា ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល​ដូចគ្នា​។ បន្ទាប់មក ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេចយាង​ទត ព្រះ​ពន្លា​តាំង​ពិ​ព័រ​ណ៌ ដែល​តាំង​បង្ហាញ ដោយ​បណ្តាល​ក្រសួង​នានា របស់​រាជរដ្ឋាភិបាល​ផងដែរ​៕

នាយករដ្ឋមន្ត្រី​ប្រាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដល់ព័ត៌មាន​ពិត និង​ទទួលខុសត្រូវ

​ភ្នំពេញ ៖ ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​”​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​”​នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​សរសេរ ថា ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ បាន​ផ្ដោតលើ​ប្រធានបទ​ស្ដីពី​”​ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌ និង​នីតិរដ្ឋ​” គឺ​ពិត​ជាមាន​សារៈសំខាន់ ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការពិត​ជាក់ស្ដែង​ក្នុងសង្គម មិន​ឲ្យ​ឆ្វេ​ក​ពេក មិន​ស្ដាំ​ពេក គឺ​ចលនា​កណ្ដាល​និយម ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

​ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លិ​ទ្ធិ​ប្រជាធិបតេយ្យ ការកសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ដល់​អនុសាសន៍​ក្នុង​សារលិខិត​នេះ ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​យុត្តិធម៌ និង​ប្រទេសមួយ​មាន​នីតិរដ្ឋ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត ហើយ​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តថភាព​សង្គម ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​បញ្ជាក់​ក្នុង​សារលិខិត​នេះ​ផងដែរ ថា នៅ​ខែកក្កដា ឆ្នាំ​២០១៨​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់​ភាពយុត្តិធម៌ ធ្វើការ​ចូលរួម​ម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​ធានា​ឲ្យ​បរិយាកាស​នយោបាយ និង​ដំណើរការ​នៃ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ស​សេរី ត្រឹមត្រូវ យុត្តិធម៌ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ទទួលយកបាន​គ្រប់ភាគី​ពាក់ព័ន្ធ​៕

ខេត្តព្រៃវែង​បិទ​បញ្ចប់​ការវាស់វែង​ទំហំ​ខ្នាត​ឯកសណ្ធាន​​សម្រាប់នគរបាល​

ព្រៃវែង ៖ នា​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ភស្ដុភារ និង​សម្ភារៈ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន​.​ច័ន្ទ​សារ៉េត​ប្រធាន​ក្រុមការងារ​ទី​៥​ជា​អនុប្រធាននាយកដ្ឋាន​ភស្ដុភា​និង​សម្ភារៈ​បច្ចេកទេស និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រេង​.​ជា​ស្នងការ នគរបាល​ខេត្តព្រៃវែង​បាន​បើក​កិច្ចប្រជុំ​ស្តីពី​បិទ​បញ្ចប់​ការចុះវាស់វែង​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​ដល់​កងកម្លាំង​នគរបាលជាតិ​ទូទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​។​

ពិធី​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នាយកដ្ឋាន​ភស្ដុភា​និង​សម្ភារៈ​បច្ចេកទេស​លោក​លោក​ស្រី​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ប្រធានការិយាល័យ​ជំនាញ​.​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦០៧,​អធិការនគរបាល​ស្រុក​,​ក្រុង​ទាំង​១៣​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាន​.​ច័ន្ទ​សារ៉េត​បាន​មានប្រសាសន៍​លើកឡើងថា​ដោយ​អនុវត្តតាម​គោលការណ៍​កំណែទម្រង់រ​បស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​បាន​ចាត់​បញ្ជូន​ក្រុមការងារ​ចុះ​វាស់វែង​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​ដល់​មន្ត្រី​នគរបាលជាតិ​ប្រចាំឆ្នាំ​២០១៨​ក្នុង​ខេត្តព្រៃវែង​ដើម្បី​យក​ទំហំ​ខ្នាត​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​,​ក្រុង​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មក​ធ្វើការ​វាស់​កាត់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទំហំ​ខ្នាត​សំរាប់​បើក​ផ្តល់ជូន​មន្ត្រី​នគរបាលជាតិ​ស្លៀកពាក់​បាន​សមរម្យ​ហើយ​ថ្លៃថ្នូរ​។​

ជាក់ស្តែង​រយៈពេល​១​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​២៥​ខែមេសា​រហូតដល់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន​ភស្ដុភារ និង​សម្ភារៈ​បច្ចេកទេស​បាន​ចុះមក​ធ្វើការ​វាស់​ទាំ​ហំ​ខ្នាត​គឺ​តម្រូវ​ទៅតាម​លេខ​ទំហំ​ខ្នាត​ឯកសណ្ឋាន​ជូន​មន្ត្រី​នគរបាលជាតិ​សម្រាប់​ឆ្នាំ​២០១៨​ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាន​.​សារ៉េត​បានលើកឡើង​បញ្ជាក់ជូន​លោកស្នងការ​នគរបាល​ខេត្ត​ថា​ចំពោះ​ឯកសណ្ឋាន​ដែល​ក្រុមការងារ​បាន​វាស់​ទំហំ​ខ្នាត​ជូន​នៅពេលនេះ​គឺ​តម្រូវ​ទៅតាម​លេខ​ទំហំ​ខ្នាត​នៃ​ការ​ស្លៀកពាក់​របស់​មន្ត្រីនគរបាល​ម្នាក់ៗ​។​ក្រុមការងារ​ទី​៥​របស់​នាយកដ្ឋាន​ភស្ដុភារ​និង​សម្ភារៈ​បច្ចេកទេស​បាន​បែងចែក​ទៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​,​ក្រុង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ជូន​មន្ត្រី​ម្នាក់ៗ​ទៅតាម​ទំហំ​ខ្នាត​ក្នុងនោះ​មានការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​នូវ​ចំនួន​ក្របខណ្ឌ​ប្រភេទ​កម្លាំង​ជំនាញ​លំដាប់​ឋានន្តរសក្តិ​ទៅតាម​គម្រោង​របស់​ស្នងការដ្ឋាន​ស្នើឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជា​ភាពងាយស្រួល​ដល់​ការធានា​ស្លៀកពាក់​របស់​មន្ត្រី​គ្រប់រូប​។

ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រេង​.​ជា​ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​នគរបាល​ជាតិ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ដែលជា​និច្ច​ជី​កាល​តែងតែ​យកចិត្តទុកដាក់​ជួយ​ផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់​កងក​ម្លាំ​នគ​បាល​ជាតិ​នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាមរយៈ​លោក​ឧត្ដមសេនីយ៍ទោ​សាន​.​ច័ន្ទ​សារ៉េត​ប្រធាន​ក្រុមការងារ​ទី​៥​ជា​

អនុប្រធាននាយកដ្ឋាន​ភស្ដុភារ​និង​សម្ភារៈ​បច្ចេកទេស​បានធ្វើ​ការ​វាស់​លេខ​ទំហំ​ឯកសណ្ឋាន​សម្រាប់​ឆ្នាំ​២០១៨​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ផ្ទាល់​តែម្តង​ដើម្បី​ងាយស្រួល​ដល់​ការផ្គត់ផ្គង់​ជូន​ដល់​កងកម្លាំង​ម្នាក់ៗ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ថ្លៃថ្នូរ​និង​ទាន់ពេលវេលា​ដើម្បី​ឆ្លើយតប​ចំពោះ​ការគិតគូរ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​គ្រប់​ជាន់ថ្នាក់​ដល់​កងកម្លាំង​នគរបាលជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​ប្តេជ្ញា​និង​ធ្វើការ​បែងចែក​ឯកសណ្ឋាន​តាម​ទំហំ​ខ្នាត​ឲ្យ​បាន​ដល់ដៃ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ទៅតាម​គោល​របប​ដែល​ក្រសួង​បានកំណត់​៕

កម្ពុជា​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា UN ប្រឆាំង​អំពើពុករលួយ​

 

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០១៨​នេះ បានរៀបចំ​សិក្ខាសាលា ស្តីពី ការត្រួតពិនិត្យ ការអនុវត្ត អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ (UNCAC) ជុំ​ទី​២ នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍​នានា​ជុំវិញ​ដំណើរការ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា សិក្ខាសាលា​នេះ​ប្រារ​ព​ធ្វើឡើង​ក្នុង​គោលបំណង​៣​សំខាន់ៗ​គឺ ផ្តល់​ដល់់​ភាគី​ពាក់ព័ន្ធ នូវ​ចំណេះដឹង​ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ និង​យន្តការ នៃ​ការត្រួតពិនិត្យ ។ ផ្តល់​ដល់ សិក្ខាកាម នូវ​ព័ត៌មាន អំពី លទ្ធផល នៃ​ការត្រួតពិនិត្យ អនុសញ្ញា អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ​ជុំ​ទី​១​នៅ​កម្ពុជា និង វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ស្របតាម​អនុសាសន៍ ដែល​បាន​ដាក់ចេញ​ដោយ​ភាគី​ត្រួតពិនិត្យ​។ មួយវិញទៀត គឺ ផ្តល់​វេទិកា ដល់​ភាគី​ពាក់ព័ន្ធ ចូលរួម​ផ្តល់​ធាតុ​ចូល​ដើម្បី​រៀបចំ​របាយការណ៍ ស្វ័យ​តម្លៃ ត្រៀម​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​ជុំ​ទី​២​។​

លោក​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​បាន​បញ្ជាក់ថា​“​ការត្រួតពិនិត្យ ការអនុវត្ត UNCAC​ជុំ​ទី​២​នឹង​ផ្តោតលើ វិធានការ​បង្ការ ទប់ស្កាត់ អំពើពុករលួយ និង​ការ​រឹបអូស​ផល នៃ​បទល្មើស​។ ហើយ​ការត្រួតពិនិត្យ​នឹង​ផ្អែកលើ​របាយការណ៍ ស្វ័យ​វាយតម្លៃ ដែល​កម្ពុជា រៀបចំ​តាមរយៈ​ការឆ្លើយតប​ទៅ នឹង​បញ្ជី​សំណួរ​ដែល​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ​។ កម្ពុជា ដែលមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ស្ថាប័ន​បង្គោល​សម្របសម្រួល​លើ​ការងារ​ត្រួតពិនិត្យ​នេះ បាន​បើកទូលាយ ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម និង​ធ្វើជា​ម្ចាស់ ក្នុង​ដំណើការ ចាប់ពី​ពេល​ត្រៀម​ចេញដំណើរ រហូតដល់​ដំណាក់កាល​ចុងក្រោយ នៃ​ការត្រួតពិនិត្យ ជា​ពិ​សេ ក្នុងដំណាក់កាល នៃ​ការរៀបចំ​របាយការណ៍​ស្វ័យ​វាយតម្លៃ ដើម្បី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង វិស័យ​សាធារណៈ វិស័យ​ឯកជន ផ្នែក​សិក្សាធិការ ផ្នែក​សារព័ត៌មាន និង​សង្គម​ស៊ី​វល អាច​ផ្តល់​ធាតុ​ចូល លើ​ការងារ ដែល​ខ្លួន​បាន​អនុវត្តន៍ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​កាន់តែ​គ្រប់​ជ្រុងជ្រោយ​តាម​ការតម្រូវ​របស់ UNCAC”​។

លោក បន្ថែមថា ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​តេ​ជោ​ជា​ប្រមុខ​បាន​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​រៀបចំ​ប្រកបដោយ​តម្លាភាព​និង​ភាព​គ្រប់​ជ្រុងជ្រោយ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​ត្រូវបាន​អង្គការសហប្រជាជាតិ កំណត់​ជា​គំរូ​នៃ​ការរៀបចំ​ដ៏​ល្អ ដោយ​កម្ពុជា បាន​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​ដំណើរការ នៃ​ការត្រួតពិនិត្យ​នេះ​។

​សូមបញ្ជាក់ថា UNCAC ជា​លិខិត​តូ​បក​រណ៍​អន្តរជាតិ​ដែលមាន​លក្ខណៈ​សកល និង​មាន​លក្ខណៈ​ចង កាតព្វកិច្ច​តម្រូវ​ឲ្យ​ប្រទេស​រដ្ឋ​ភាគី​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​លើ​ទិដ្ឋភាព​ច្បាប់ និង​យន្តការ​នៃ​ការអនុវត្ត​នានា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕

អតីត​ចៅអធិការ​វត្ត ជ្រោះ​ព្រះ​គន្លោង ដែល​ផ្សឹក​ដោយសារ​រឿងស្រី បាន​លួច​បួស​ឡើងវិញ​

 

​កំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅនេះ ដែល​ចំ​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ (​ចំ​ថ្ងៃបុណ្យ វិសាខបូជា​)​ផង​នោះ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ពុ​ទ្ឋ​បរិ​ស័​ទ្ធ បានឃើញ​វត្តមាន​របស់​អតីត​ចៅអធិការ​វត្ត​វិបស្សនា​ជ្រោះ​ព្រះ​គន្លោង​មួយអង្គ​(​ព្រះនាម សូរ រិទ្ធី​) ដែល​ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល និង​ខាង​ធម្មការ​ចាប់​ផ្សឹក​រឿង​ដេក​ជាមួយ​ស្រី​រោងចក្រ​នៅ​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​ពោធិ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ កន្លង​ទៅនោះ​។​

​វត្តមាន​របស់​បុគ្គល​រូបនេះ បង្ក​អោយ​កើតមាន​ចំងល់​ជាច្រើន ពាក់​ព័​ន្ឋ​វត្តមាន​របស់លោក ដែល​ត្រួវ​ខាង​អនុគុណ​ស្រុក ចាប់​ផ្សឹក​តាម​វិន័យ​ព្រះ​ពុ​ទ្ឋ​សាសនា នៃ​អប្បដិ បរាជិក​នោះ ពេលនេះ បានមក​គ្រង​តំណែង​ជា​ចៅអធិការ​វត្ត​ដូចដើម​វិញ​ហើយ ថែមទាំង​ធ្វើ​ហោរ​ទស្សន៍ទាយ​និង​ស្រោច​ទឹក​អោយ​ពុទ្ធបរិស័ទ​ថែម​ទៀតផង​។​

​ដោយ​ចង់ដឹង​រឿងនេះ​អោយបាន​ច្បាស់​ថា​តើ​អ្នកណា​ជា​អ្នក​អនុញាតអោយ​លោក​បួស​ជាស​ង្ឃ​ជាថ្មី​នេះ អ្នកយក​ពត៌មាន​បាន​ព្យាម​សុំ​ជួប​ព្រះ​តេ​គុណ សូរ រិ​ទ្ឋី ដើម្បី​បកស្រាយ​ដែរ តែ​លោក​បាន​បដិសេធ​មិនអោយ​ជួប ហើយ​ថែមទាំង​រត់ឡើង​ឡាន​ឡង់​គ្រី​ស័​រ​មួយគ្រឿង ពណ៌​ស្លែ​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 1346 ជិះ​គេច​ចេញពី​វត្ត​បាត់ទៅ ដែល​ឡាន​នោះ ត្រូវបាន​ដឹងថា ជា​ឡាន​របស់លោក​ផ្កាយ​២ និង​លោកជំទាវ​មួយរូប ដែលជា​អ្នក​ជួយ​ជ្រោមជ្រែង​អោយ​លោក​បាន​បួស​ហើយ​គ្រង​តំណែង​ចៅអធិការ​ដូចដើម​វិញ​។​

​មានការ​លើកឡើងថា​”​ជាធម្មតា​ទោស​នៃ​អប្បដិ បរាជិក​តាម​ធម៌​វិន័យ គឺ​មិន​អនុញាតអោយ​សាង​ផ្នួស​ម្តងទៀត​បានឡើយ ចុះ​ហេតុអ្វី​បានជា​បុគ្គល​រូបនេះ អាច​បួស​បាន​ហើយ​គ្រង​តំណែង​ជា​ចៅអធិការ​ដូច​មុន​ដដែល​បាន​ទៀត​ទៅវិញ​?
​តើ​លោក​ប្រធានការិយាល័យ​ធម្មការ​ស្រុក និង​លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត បានដឹង​រឿងនេះ​ដែរឬទេ​? ឬមួយ​ដឹង​ដែរ​តែ​ធ្វើ​មិនដឹង​?”

​មានការ​លើកឡើង​ទៀតថា តើ​នៅ​ខេត្តកំពង់ស្ពឺ ខ្វះ​ព្រះសង្ឃ​បរិ​សុ​ទ្ឋ និង​មានចំណេះ​ក្នុងការ​ដឹកនាំ​កសាង​វត្ត​មែន​ទេ ទើបបានជា​បណ្តោយអោយ​បុគ្គល​ដែលមាន​ទោស ដែលជា​ទោស​១​ក្នុងចំណោម​ទោស​ទាំង​៧​របស់​ភិក្ខុសង្ឃ​ត្រឡប់មក​ក្នុង​សមណៈភេទ​ហើយ​គ្រង​តំណែង​ជា​ចៅអធិការ​បែបនេះ​ទៅ​កើត​?”

​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​បាន​លើ​ឡើង​ថា រាល់ថ្ងៃ​ឃើញតែ​អ្នក​មកពី​ចំងាយ​មករក​លោក​ចំណែក​អ្នក​នៅក្បែរ​វត្ត​មិនសូវ​ចេញចូល​នោះទេ សព្វថ្ងៃនេះ​នៅក្នុង​វត្តមាន​លោក​នេន​៣​អង្គ និង​អ្នកបួស​ឈ្មោះ សូរ រិ​ទ្ឋី នេះ​ម្នាក់​ផង​។ ក្នុងនោះ​ផងដែរ គេ​តែង​សង្កេតឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ដែល​តែងតែ​ចេញចូល​យប់​ព្រលប់​ទៅ​មករក​បុគ្គល​ខាងលើ​តែ​មិនមាន​អ្នកណា​អាច​ដឹង​ទេ​ថា រាល់​យប់ នៅពេលដែល​ឡាន​ឡង់​គ្រី​ស័​រ​នោះ​ចេញពី​វត្ត តើ​បុគ្គល​សូរ រិ​ទ្ឋី នោះ ទៅជា​មួយ ឬ​យ៉ាងណា​នោះទេ​។​

​ពាក់​ព័​ន្ឋ​ករណីនេះ​ដែល ព្រះ​អនុគណ​ស្រុក​សំរោង​ទង ព្រះនាម លាង ប៊ុន​ហាក់ បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិនបាន​ដឹងថា សង្ឃ​អង្គ​នោះ​(​សូរ រិទ្ធី​) បួស​នៅឯណា​នោះទេ “​ករណី​បុគ្គល សូរ រិ​ទ្ឋី លួច​បួស​នៅឯណា​ក៏​គ្មាន​អ្នកដឹង​ដែរ បន្ទាប់ពី​ផ្សឹក​បុគ្គល សូរ រិទ្ធី នោះ​រួចមក ខាង​អនុគណ និង​មន្ទីរ​ធម្មការ​ខេត្ត បាន​ជ្រើស​ព្រះសង្ឃ​អង្គ​ថ្មី​មក​ធ្វើជា​ចៅអធិការ​រួចហើយ “​ប៉ុន្តែ​លោក​បាន​លាចាក​សិក្ខាបទ​មុន​ចូលឆ្នាំ​ខ្មែរ​ទៅវិញ​ហើយ​។​ព្រះអង្គ លាង ប៊ុន​ហាក់ អនុគណ​ស្រុក បាន​បន្តថា បើ​ដូច្នេះ​មែន​បុគ្គល សូរ រិទ្ធី ធ្វើ​ទង្វើ​បែបនេះ​ខុស​វិន័យ​សង្ឃ​ធ្ងន់ធ្ងរ​ណាស់​​។

​ពាក់​ព​ន្ធ័​និង​ការ​លេចមុខ​លោកសង្ឃ​ក្លែងក្លាយ សូរ រិទ្ធី អតីត​ចៅអធិការ​វត្ត​វិបស្សនា ជ្រោះ​ព្រះ​កន្លោង មាន​វត្តមាន​នៅក្នុង​វត្ត​នេះ​ដែល លោក សម សោភាន់ ប្រធាន​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ មិនបាន​ដឹង​រឿង​នេះឡើយ ដោយ​លោក​ថា និង​ដាក់​កម្លាំង​តាមដាន​ឃ្លាំមើល​បុគ្គល សូរ រិទ្ធី នេះ​ដែល​ធ្វើ​ទង្វើ​ផ្តេសផ្តាស ធ្វើអោយប៉ះពាល់​សាសនាព្រះពុទ្ធ​ខ្លាំងណាស់​។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ តាម​ពត៌មាន​ពី​ព្រះគ្រូ​អនុគណ​ស្រុក​អង្គស្នួល បាន​ផ្តល់អោយ​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ថា ព្រះគ្រូ​ចៅអធិការ​វត្ត​វិបស្សនា ជ្រោះ​ព្រះ​គន្លោង ព្រះនាម សូ រឹ​ទ្ឋី ស្ថិតក្នុង​ឃុំ​ក្រាំង​អំពិល មាន​ករណី​ដេក​ជាមួយ​ស្រី ហើយ​បែក​រឿង​ដល់​ប៉ូលីស ត្រូវបាន​ឃាត់​យកទៅ​កាន់​សាលា​អនុគណ​ដើម្បី​សួរនាំ​។​
​នៅ​ចំពោះមុខ​អនុគុណ​ស្រុក​អង្គស្នួល ព្រះអង្គ​សូ រឹ​ទ្ឋី ប្រាប់​មន្ត្រី​សង្ឃ​អស់ហើយ​ចំពោះ​ទង្វើ​ប្រស​ចាក​វិន័យ​របស់ខ្លួន ហើយ​អី​ឡូ​វ​នេះ ព្រះគ្រូ​អនុគណ​ស្រុក​សំរោង​ទង ក៏បាន​ទៅ​ដោះស្រាយ​នៅ​វត្ត​អនុគណ​ស្រុក​អង្គស្នួល​ភ្លាមៗ​ផងដែរ​។ រឿងនេះ លោក​ធ្វើ​ច្រើនដង​មកហើយ ទើបតែ​លើក​នេះ​ត្រូវ​បែកការណ៍​ត្រូវ​ចាប់​ផ្សឹក​តែម្តង​។​

​មានការ​បង្ហើប​ថា លោក សូរ រិ​ទ្ឋី បាន​ប្រើប្រាស់​លុយ​ជាច្រើន​ដល់​សមត្ថកិច្ច​ស្រុក​អង្គស្នួល ដើម្បីអោយ​ជួយ​បិតបាំង​រឿងអាស្រូវ​របស់ខ្លួន ងាយស្រួល​ក្នុង​ការលើក​ស្បង់​ចីពរ​គ្រង​ជាស​ង្ឃ​ជាថ្មី​៕


ឯកសារ​ព័ត៌មាន​ជាង ២​ពាន់​គីឡូ​ក្រាម ត្រូវ​បញ្ជូនទៅ​រក្សាទុក​នៅ​បារាំង​

​ភ្នំពេញៈ នៅក្នុង​បន្ទប់​ដ៏​ក្ដៅ​មួយ​នៅឯ​បណ្ណាល័យ​ក្នុង​វត្ត​ឧណ្ណាលោម​ក្នុង​រាជធានី​ភ្នំពេញ​ក្រុម​អ្នកស្រាវជ្រាវ​ដែលមាន​លោក ឡេង កុក​អាន និង​លោក សួន កុសល ទើបតែ​បញ្ចប់​ការរៀបចំ​កាសែត​ចំនួន ២៥០០ គីឡូក្រាម​ដាក់​ក្នុង​កេស​ក្រដាសកាតុង​។​

​លោក កុក​អាន លោក កុសល និង​អ្នកស្រាវជ្រាវ​ម្នាក់ទៀត​ឈ្មោះ ឃុន សុភាព នឹងធ្វើ​ដំណើរ​ទៅជា​មួយ​កេស​កាសែត​នេះ​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ដំណើរ​រយៈពេល ២០ ថ្ងៃ​ទៅកាន់​ទីក្រុង​ប៉ារីស​ហើយ​ក្រោយមក​ត្រូវបញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​សាលា​បារាំង French School of the Far East ដែល​ប្រមូលផ្តុំ​កាសែត​បោះពុម្ព​នៅ​កម្ពុជា​នៅឯ​បណ្ណាល័យ​ភាសា​ដើម និង​អរិយធម៌ (BULAC) ។​

​នៅ​ទីនោះ​ឯកសារ​ទាំងអស់​នឹង​ស្ថិតនៅក្រោម​ការឃ្លាំមើល​ពី​សាស្ត្រាចារ្យ Olivier de Bernon នៃ​សាលា​បារាំង​ចុង​បូព៌ា (EFEO) ដែល​អាចជា​ការប្រមូល​ផ្តុំ​កាសែត និង​ទស្សនា​វ​ដ្តី​ធំជាងគេ​តែមួយគត់​ដែល​ចាប់ផ្តើម​ប្រមែរ​ប្រមូល​ចាប់តាំងពី​ឆ្នាំ ១៩៦៤ មកម្ល៉េះ​។​

លោក កុក​អាន បាន​ថ្លែង​ដោយ​អស់សំណើច​ថា​៖ «​ក្រសួង​ព័ត៌មាន​អាច​មិនមាន​ព័ត៌មាន​ច្រើន​ដូចនេះ​ទេ​»​។ ការប្រមូលផ្តុំ​ឯកសារ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩០ ដោយ​លោក de Bernon មុនពេល​ដែល​វា​ត្រូវបាន​អភិវឌ្ឍ និង ទទួលបាន​ការឧបត្ថម្ភ​ពី​សាលា​បារាំង​ចុង​បូព៌ា (EFEO) ក្នុង​ឆ្នាំ ២០០៥ ដែលជា​ពេល​លោក កុក​អាន និង​សហការី​របស់គាត់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស​ជា​លើកដំបូង​។ នេះ​គឺជា​ការដឹកជញ្ជូន​លើក​ទី ៣ ហើយ​ដើម្បី​បន្ថែម​លើ​ចំនួន​ដែលមាន​ស្រាប់​។​

​លោក កុក​អាន ថ្លែងថា​៖ «​នៅពេល​អនាគត​ប្រជាជន​អាច​រកមើល​នូវ​អ្វីដែល​បានកើត​ឡើង​នៅក្នុងពេល​នេះហើយ​វា​គឺជា​ភ័ស្តុតាង​មួយ​»​។ ខណៈដែល​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​បាន​អាន​កាសែត ឬ​ទស្សនា​វ​ដ្តី​ជា​រៀងរាល់​ថ្ងៃនោះ​គោលបំណង​ដ៏​សំខាន់​របស់​ពួកគេ​គឺ​សិក្សា និង​អភិរក្ស​សត្រា​ស្លឹករឹត​ពី​បុរាណ​ដែល​បាន​តម្កល់ទុក​នៅ​វត្ត​ឧណ្ណាលោម​ដែល​ពួកគេ​យល់ថា​ពួកគេ​ជា​អ្នកថែរក្សា​ប្រវត្តិសាស្ត្រ​។​

លោក កុក​អាន រៀបរាប់ថា​៖ «​យើង​មិន​ត្រឹមតែ​យកចិត្តទុកដាក់​ថែរក្សា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ថែរក្សា​ប្រពៃណី ឬ​នយោបាយ​ថែម​ទៀតផង​។ ឯកសារ​ទាំងអស់នោះ​គឺ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​រៀនសូត្រ​»​។​
​មុនពេល​ការប្រមូល​នេះ​លោក de Bernon បានចាប់ផ្ដើម​ប្រមូល​ឯកសារ​ទៀងទាត់​ពេលវេលា​យ៉ាងសកម្ម​គឺ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ឯកជន​របស់​អ្នកប្រាជ្ញ​ជនជាតិ​អាមេរិក លោក Michael Vickery ដែល​បាន​ប្រមូលផ្តុំ​ចងក្រង​សៀវភៅ​តាំងពី​ឆ្នាំ ១៩៧៩ តាមរយៈ​បណ្តាញ​មិត្តភក្តិ​។​

​មុនពេល​របប​ខ្មែរក្រហម​លោក de Bernon បានសរសេរថា​ការប្រមូល​នេះ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​ឥទ្ធិពល​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយមាន​កាសែត​ប្រចាំថ្ងៃ​ជាច្រើន​ត្រូវបាន​បោះពុម្ព​ជា​ភាសា​បារាំង ហើយ​ក្នុងចំណោម​ឧទាហរណ៍​មួយចំនួនទៀត​នៃ​ការបោះពុម្ពផ្សាយ​ទស្សនីយភាព​នយោបាយ​គឺ​កាសែត​ជា​ភាសា​ខ្មែរ និង​បារាំង​ដែលមាន​ឈ្មោះថា Psin-Psin​។​

​ភាគច្រើន​នៃ​វត្ថុ​ទាំងនេះ​ត្រូវបាន​ប្រមូល​ដោយ​អតីតព្រះមហាក្សត្រ​នរោត្តម​សីហនុ​។ បន្ទាប់ពី​រដ្ឋប្រហារ​ល​ន់នល់​អ្នកកាសែត​ជនជាតិ​បារាំង​ឈ្មោះ Grard-Henri Briss និង​ជា​មិត្តភក្ដិ​របស់​ព្រះមហាក្សត្រ​សីហនុ​បាន​ប្រមូល​បន្ត ហើយ​ឯកសារ​ដែល​បាន​ចងក្រង​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅឱ្យ​សាលា​បារាំង​ចុង​បូព៌ា (EFEO) រួមជាមួយ​នឹង​វត្ថុ​ផ្សេងទៀត​របស់​ព្រះមហាក្សត្រ​ក្នុង​ឆ្នាំ ២០០៤ សម្រាប់​រក្សា​ឲ្យ​មាន​សុវត្ថិភាព​។​

​នៅក្នុង​ឯកសារ​នោះ​លោក de Bernon និយាយថា​គេ​អាច​សង្កេត​មើលឃើញ «​ការផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​» នៃ​ការសរសេរ​ភាសា​ខ្មែរ​។ លោក​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ក្នុង​ឆ្នាំ ២០១៧ ថា​៖ «​ពួកគេ​ភាគច្រើន​កើតចេញពី​ការបង្កើត​ថ្មី​ដែល​ប្រែ​ទៅជា​វាក្យសព្ទ​ក្នុងអំឡុង​សម័យ​បដិវត្តន៍ [​ខ្មែរក្រហម​] ជាពិសេស​ការប្រើប្រាស់​កា​រ​និយាយស្តី​ដើម្បី​ទទួលស្គាល់​ពី​ឋានៈ​អាយុ និង​មុខងារ​សង្គម​។​
​យោងតាម​លោក de Bernon បាន​ឲ្យ​ដឹងថា​ការប្រមូលផ្តុំ​ឯកសារ​នេះ​ក៏​ជា​រូបភាព​មួយ​នៃ​អក្សរសិល្ប៍​ផងដែរ​។ ក្នុងករណី​ដែល​គ្មាន​ការបោះពុម្ពផ្សាយ​រឿង​ប្រលោមលោក ឬ​កំណាព្យ​កាសែត​ដូចជា រស្មី​កម្ពុជា កោះសន្តិភាព ឬក៏​ការបោះពុម្ពផ្សាយ​របស់​ន​គ​របាល​ជាតិ​ពី​ក្នុង​ឆ្នាំ ១៩៨០ រហូតដល់​ដើមឆ្នាំ ២០០០ អាច​បោះពុម្ពផ្សាយ​ជា​អក្សរសិល្ប៍​នៅលើ​ទំព័រ​របស់​ពួកគេ​បាន​រួមទាំង​ការបកប្រែ​រឿង​ប្រលោមលោក​បរទេស​ផងដែរ​ហើយ​ជួនកាល​ជា​សំណេរ​ពី​រឿងរ៉ាវ​ផ្អែមល្ហែម​បែប​មនោសញ្ចេតនា​លន្លង់​លន្លោច​។​

ប៉ុន្តែ​វា​ជា​កំណត់ត្រា​នយោបាយ និង​សង្គម​របស់​ប្រទេស​កម្ពុជា និង​ជា​ទស្សនវិស័យ​ដែល​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ក្នុង​រយៈពេល​ពាក់កណ្ដាល​សតវត្សរ៍​នៃ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ដែល​ត្រូវបាន​រក្សាទុក​ក្នុង​ទំព័រ​នៅក្នុង​បណ្ណាល័យ​។​
​លោក កុក​អាន ថ្លែងថា​សព្វថ្ងៃនេះ​មានតែ​កាសែត​ប្រចាំថ្ងៃ ៩ ប៉ុណ្ណោះ​ដែល​ត្រូវបាន​ប្រមូល​បើ​ប្រៀបធៀប​ទៅនឹង​ការបោះពុម្ពផ្សាយ​ដាច់ដោយឡែក​ចំនួន ២០៧ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដែល​ឆ្លុះបញ្ចាំង​អំពី​ទំព័រ​ថ្មី​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា​។ ទស្សនា​វ​ដ្តី​ត្រូវបាន​កាត់​ចេញពី​ការប្រមូល​នេះ​ដោយសា​តែ​វា​មានតែ​ការនិយាយ​ដើមពី​តារា​។​លោក កុសល ថ្លែង​អំពី​បរិមាណ​បោះពុម្ពផ្សាយ​នេះ​ថា​៖ «​វា​ជា​បញ្ហា​មួយ​នៅក្នុង​សង្គម​របស់​យើង​។ ប្រសិនបើ​ពួកគេ​អាច​រកប្រាក់​ចំណេញ​បាន​ពី​ការបោះពុម្ពផ្សាយ​នោះ​ពួកគេ​នឹង​បន្តធ្វើ ប៉ុន្តែ​ប្រសិនបើ​មិនបាន​ប្រាក់ចំណេញ​ទេនោះ​គេ​នឹង​បិទ​…​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​នៅក្នុង​ករណី​របស់​កាសែត Cambodia Daily វា​មិនមែន​ក្ស័យធន​ទេ ប៉ុន្តែ​វា​ត្រូវបាន​បិទទ្វារ​ដោយសារតែ​បញ្ហា​ផ្សេង​»​។​

​នៅពេល​សាកសួរ​អំពី​ការបាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​តើ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​ឯកសារ​នោះ​បែបណា លោក កុក​អាន បាន​លើកឡើងថា ក្រុមការងារ​គ្រាន់តែ​ប្រមូល​ឯកសារ ឯ​រឿងរ៉ាវ​នយោបាយ​ទុក​សម្រាប់​អ្នកដទៃ​ប៉ុណ្ណោះ​។​

លោក កុក​អាន ថ្លែងថា​៖ «​ប្រសិនបើ​នរណាម្នាក់​ចង់​វិភាគ​រឿងនេះ​វា​ជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​»​។ លោក​រំឭកថា​វា​ជា «​ភ័ស្តុតាង​» មួយ​៕​

​ប្រភព ៖​ postkhmer

​ឯកសារ​ព័ត៌មាន​ដែល​រៀបចំ​បញ្ជូនទៅ​បារាំង​។ រូបថត Alessandro

អាជ្ញាធរ​ព្រមាន​ចាត់ការ​តាម​ច្បាប់​ចំពោះ​អ្នកដើរ​រៃអង្គាស​តាម​ទី​សាធារណៈ​

ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​សង្ឃ​សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ នា​រសៀល ថ្ងៃទី​១ ខែឧសភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ លោក ផន ដាវី បានស្នើ អោយមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​មាន​ប្រសិទ្ធភាព ចំពោះ​ក្រុម​ជន​ទាំងឡាយណា​ដែល​ដើរ​រៃអង្គាសប្រាក់​ដោយ​គ្មាន​ការអនុញ្ញាត ដើម្បី​ជាការ​ការពារ​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​។​

លោក​ថា ៖ មន្ត្រី​សង្ឃ​សង្កាត់​ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ ដែល​បានប្រកាស​តែងតាំង​ជា ផ្លូវការ​នាពេលនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​កិច្ចការ​ព្រះពុទ្ធសាសនា​នៅក្នុង​សង្កាត់ របស់ខ្លួន ក្នុងនោះ​ត្រូវ​ជួយ​ទប់ស្កាត់​រាល់​សកម្មភាព​ដែលនាំអោយ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ សាសនា​មាន ការដើរ​រៃអង្គាស​នៅតាម​ទីសាធារណៈ​ជាដើម ដោយ​លោក​បានចាត់ទុក​ក្រុម ជនដើរ​រៃអង្គាស​គ្មាន​ការអនុញ្ញាត​ថា ជា​អ្នកប្រព្រឹត្ត​ខុសច្បាប់ និង​នាំអោយ​ស្រអាប់​ដល់​តម្លៃ នៃ​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​។ ក្រុម​ជន​ទាំងនេះ​ត្រូវតែមាន​វិធានការណ៍​ខាង​ផ្លូវច្បាប់ ជា​ចាំបាច់ ក្នុងនោះ​មន្ត្រី​សង្ឃ​សង្កាត់​ត្រូវ​សហការ​ជាមួយ​អាជ្ញា​មូលដ្ឋាន នាំខ្លួន​ពួកគេ​មក សាកសួរ អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​ការដើរ​រៃអង្គាស​តទៅទៀត ហើយ​បើ មិន​ធ្វើតាម​កិច្ចសន្យា​ទេនោះ នៅពេលដែល​ចាប់បាន​ម្តងទៀត គឺ​ត្រូវតែ​ទទួលទោស​ទណ្ឌ ជា​ធរមាន​និង​មិនអាច​អត់ឱន​អោយ​ម្តងទៀត​បានឡើយ​។

ជាការ​ឆ្លើយតប សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធ សាសនា​នៅ​កម្ពុជា និង​ជា​ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បែបនេះ និង​បាន​បញ្ជាក់ថា មន្ត្រី​សង្ឃ​សង្កាត់ ទាំង​៥ ក្នុង​ខណ្ឌ​សែន​សុខ ដែល​បានតែងតាំង​នៅថ្ងៃនេះ​រួមមាន សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​​គោក​ឃ្លាង សង្កាត់​ទឹកថ្លា សង្កាត់​ឃ្មួញ និង​សង្កាត់​ក្រាំងធ្នង់ ត្រូវបំពេញ​ករណីយកិច្ច​របស់ខ្លួន អោយ​ទទួលបាន​ជោគជ័យ ក្នុងនោះ​ក៏មាន​ការទប់ស្កាត់​ការដើរ​រៃអង្គាស​ដោ​គ្មាន​ការអនុញ្ញាត ផដែរ​៕​

(បុរស ស្ត្រី វ័យចាស់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ ពេលដើររៃអង្គាសតាមទីសាធារណៈ នាពេលកន្លងមក)

ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​ផល​ស្រូវប្រាំង​និង​វស្សា​សរុប ជាង​១០​លាន​តោន

ភ្នំពេញ ៖ បើ​គិត​ក្នុង​ឆ្នាំ​២០១៧ ដល់​ដើមឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា ប្រមូល​ទិន្នផល​ស្រូវ​ទាំង​រដូវវស្សា និង​រដូវប្រាំង​បាន​ជាង​១០​លាន​តោន ដែល​ចំនួន​នេះ បានធ្វើអោយ​កម្ពុ​ជាមាន​អតិរេក​ស្រូវ​ប្រមាណ​៥​លាន​៦​សែន​តោន ស្មើនឹង​អង្ករ​៣​លាន​៥​សែន​៦​ម៉ឺន​តោន​។​

​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ ពិតមែនតែ​អាកាសធាតុ មានការ​ប្រែប្រួល​ខ្លះ​ក៏ដោយ ប៉ុន្តែ​ជារួម​ស្ថានភាព​អាកាសធាតុ បាន​អំណោយផល​ច្រើន ដល់​ការរីកលូតលាស់​ផលដំណាំ ផល​ត្រី និង​ធនធាន​ជីវចម្រុះ​ផ្សេងទៀត ។ ក្នុងនោះ កម្ពុជា​សម្រេចបាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ ជាង​៣​លាន​២​សែន​ហិកតា ដែល​កើន​ប្រមាណ ២.៨% ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨-២០១៩​។​

លោក វេ​ង សាខុន បាន​បង្ហាញថា លើ​ផ្ទៃដី​ប្រមូល​ផល​ប្រមាណ​៣​លាន​២​សែន​ហិកតា​នេះ ក្នុងនោះ​ស្រូវវស្សា​មាន ២​លាន​៦៤​ម៉ឺន​ហិកតា និង​ស្រូវ​រដូវប្រាំង​មាន​៥៥​ម៉ឺន​ហិកតា​។ ចំពោះ​ទិន្នផល​ស្រូវ គិត​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា បាន​កើន​ដល់ ៣​ពាន់​២៩៥​តោន​ក្នុង​មួយ​ហិកតា​។

​បើ​គិត​លើ​តែ​ទិន្នផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ ៣​ពាន់​៥២​តោន​ក្នុង​មួយ​ហិកតា ចំណែក​ទិន្នផល​ស្រូវ​រដូវប្រាំង​ទទួលបាន ជាង​៤​តោន​កន្លះ​ក្នុង​មួយ​ហិកតា​។ ដូចនេះ ក្នុង​ឆ្នាំ​២០១៧ បរិមាណ​ផល​ស្រូវវស្សា ទទួលបាន ចំនួន​ជាង​៨​លាន​៦​សែន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង ទទួលបាន​២​លាន​៤៥​ម៉ឺន​តោន​។ ដូចនេះ បរិមាណ​ផល​ស្រូវ​សរុប​ទាំង​ប្រាំង និង​វស្សា ដែល​កម្ពុជា​ប្រមូលបាន ក្នុង​ឆ្នាំ​២០១៧ កើនឡើង ដល់​ជាង​១០​លាន​៥​សែន​តោន ពោលគឺ​កើន​ប្រហែល​៥.៦% ធៀប​នឹង​ឆ្នាំ​២០១៦​។ ទិន្នផល​នេះ​ធ្វើ​ឲ្យ​ក​ម្ព​ជាមាន​អតិរេក​ស្រូវ រឺ​នៅសល់​ស្រូវ​លើស​តម្រូវការ ជាង ៥​លាន​៦​សែន តោន គិត​ជា​អង្ករ​ស្មើនឹង​៣​លាន​៥៦​ម៉ឺន​តោន គឺ​កើន​ប្រមាណ​៨.៦%​ធៀប​នឹង​ឆ្នាំ​២០១៦​។

​សូមបញ្ជាក់ថា បរិមាណ​អង្ករ​សរុប​ដែល​កម្ពុជា​បាន​នាំចេញ​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញចូល​តែមួយ មាន​ចំនួន ៦៣​ម៉ឺន​៥​ពាន់​៦៩៧​តោន កើនឡើង​១៧.៣% ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន​៦១.៧%! អង្ក​រស គ្រប់​ប្រភេទ​មាន​ចំនួន ២៤.៦% និង​អង្ករ​ចំហុយ មាន​ចំនួន ១៣.៤% ។ ក្រុមហ៊ុន​នាំ​អង្ករ​កម្ពុជា​ចេញ មាន​ចំនួន​៨៤​ក្រុមហ៊ុន ដោយ​នាំចេញ​ទៅកាន់​ទិសដៅ​៦៣​ប្រទេស នៅលើ​សាកលលោក ៕

លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ដោយសារ​បញ្ហា​សុខភាព

​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​អោយ​ដោះលែង​បណ្តោះអាសន្ន កាលពី​ព្រលប់ ក្នុង​ថ្ងៃទី​៣០ ខែមេសា ម្សិលមិញ​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា​ឆ្នាំ​២០១៨ លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​នៅក្រៅ​ឃុំ​ជា​ណ្តោះ​អាសន្ន បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​ការផលិត​គ្រឿងញៀន និង​នាំចូល​នូវ​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​ប្រព្រឹត្តិ​នៅ ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០០៧​។

​តាម​មាត្រា​ទី​២៩​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ .១​ថ្មី ចំណុច​ទី​៤ មាត្រា ៣២ . ១​ថ្មី​ចំណុច​ទី​៤.​ង​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០០៥ អោយនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប្រសិនបើ​ឈ្មោះ​នេះ​មិន​ត្រូវបាន​ឃុំខ្លួន​ពីបទ​ល្មើស​ផ្សេងទៀត​។​

​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ឃុំខ្លួន​អស់​រយៈ​៩​ខែ មកហើយ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​១០​ឆ្នាំមុន​។​
​ក្នុង​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី លឹម​ម៉េង បាន​ប្រាប់​មក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ញិ​ក​ប៊ុនឆៃ​(​ញឹក ប៊ុនឆៃ​) ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ខណ្ឌ​ជ្រោ​ចង្វា​រាជធានី​ភ្នំពេញ​។​

​បើតាម​កា​បង្គាប់​ដដែល តុលាការ​មិនបាន​បញ្ជាក់​លម្អិត​ណាមួយ ពី​មូលហេតុ​នៃ​ការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការ​ដាក់ លោក ប៊ុនឆៃ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ «​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​» ដែល​តុលាការ​ថា បាន​ប្រព្រឹត្តិ​ឡើង​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧​។

​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​ឲ្យ​ដឹងថា ការសម្រេច​ដោះលែង​ឲ្យ​នៅ​ក្រោ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​លោក ញឹក ប៊ុនឆៃ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​។​

​សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​១០​ឆ្នាំមុន ។ លោក ញឹក ប៊ុនឆៃ ក៏​ធ្លាប់បាន​សារភាព​ពី​កំហុស ដោយ​ថ្លែងថា លោក​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

កម្ពុជា​ឈាន​ចេញពី​ប្រទេស​ពឹង​លើ​កសិកម្ម ទៅ​ពឹង​លើ​ឧស្សាហកម្ម និង​សេវាកម្ម

ម​

​ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក ឡើង​ថា កម្ពុជា​កំពុង​ផ្លាស់ប្តូរ ពី​ប្រទេស​ពឹង​លើ​កសិកម្ម ទៅជា​ប្រទេស ពឹង​លើ ឧស្សាហកម្ម និង​សេវាកម្ម ក្នុងនោះ​វិស័យ​ឯកជន ដើរតួនាទី​សំខាន់ សម្រាប់​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​ថ្លែង​នៅក្នុង​នៅ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ ២០១៨ របស់​សភាពាណិជ្ជកម្ម​កម្ពុជា នា​រសៀល​ថ្ងៃ ទី​៣០ ខែមេសា​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក ប៉ាន សូ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម និង​បាន​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ និង​វិនិយោគិន​អន្តរជាតិ​ធំៗ នៅលើ​ពិភពលោក ។

​លោក​បន្តថា លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ឬ​ហៅថា FDI មក​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​លក្ខណៈ​ថេរ ពោលគឺ​មានតម្លៃ​ចន្លោះ​ពី ១​ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក​ទៅ​២​ពាន់​លាន​ដុល្លារ​អាមេរិក ។ កំណើន​នៃ​លំហូរ​វិនិយោគ​ទាំងអស់នេះ បាន​បង្កើន​នូវ​ឱកាស​ការងារ​យ៉ាងច្រើន ជាមួយ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។
​លោក​បន្ថែមថា ប្រទេស​កម្ពុ​ជាមាន​ផែនការ និង​កម្មវិធី​កាត់បន្ថយ​ការចំណាយ​ថ្លៃដើម ដែល​មិនចាំបាច់​ជាច្រើន លើ​ការវិនិយោគ​នៅពេល​អនាគត ។​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុង​កសាង​ហេ​ដ្ឋា​សម្ព័ន្ធ​ថ្មីៗ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​ធ្វើអោយ​ប្រសើរឡើង​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ សេវា​ចំណាយ​ខ្ពស​លើ​ផែ​ទន្លេ និង​សមុទ្រ​ទឹក​ជ្រៅ ព្រមទាំង​បណ្ដាញ​គមនាគមន៍​ខ្វែងខ្វាត់​ទូទាំងប្រទេស ដែល​ផ្ដល់​លទ្ធភាព​ជាច្រើន​ដល់​ពាណិជ្ជករ​ក្នុងស្រុក និង​វិនិយោគិន​អន្តរជាតិ ។

​អ្នកឧកញ៉ា គិត​ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​ផងដែរ​ថា សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សមាគម​ធុរកិច្ច​ជាតិ និង​អន្តរជាតិ និង​ស្ថានទូត​បរទេស​នៅ​កម្ពុជា និង​បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​ជាច្រើនលើក ជាមួយ​វិនិយោគិន​បរទេស ដូចជា​ជប៉ុន ចិន​កូរ៉េ រុស្ស៊ី ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី ជាដើម ។

​អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​បន្ត​ភារកិច្ច​ស្នូល​របស់ខ្លួន​តំណាងអោយ​ផលប្រយោជន៍​វិស័យ​ឯកជន និង​ចូលរួម​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅ សភាពាណិជ្ជកម្ម​បាន​ដោះស្រាយ​បញ្ហា​ចំនួន ១៩៤ ជូន​វិស័យ​ឯកជន​ក្នុងស្រុក ខណៈ​វិស័យនេះ បាន​តួនាទី​សំខាន់​សម្រាប់​ចរន្ត​សេដ្ឋកិច្ចជាតិ ៕​

រោងចក្រ​ចំនួន​៣​ថ្មី​ទៀត​នឹង​បង្កើត​នៅ​ភ្នំពេញ ប្រើ​ទុន​ជាង​១០​លាន​ដុល្លារ​

​ភ្នំពេញ ៖ ក្នុង​សប្តាហ៍​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចុះបញ្ជី​អនុញ្ញាត​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​២ និង​ផលិត​ស្បែកជើង​ថ្មី ចំនួន​១ បើក​ដំណើរការ​នៅ​កម្ពុជា ក្រោម​ទុនវិនិយោគ​ជាង​១០​លាន​ដុល្លារ​អាមេរិក ដែល​រំពឹងថា​នឹង​ផ្តល់​ការងារ​ថ្មី​ជាង ៣​ពាន់​កន្លែង​។​

​បើតាម​ព័ត៌មាន​លើ​ទំព័រ Facebook ផ្លូវការ​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅថា CDC នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ​ថា បាន​បង្ហាញថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ថ្មី​ចំនួន​៣ ដែលជា​រោងចក្រ​ដំណើរការ​លើ​ការផលិត​សំលៀកបំពាក់ និង ផលិត​ស្បែកជើង ក្នុងនោះ​មាន ៖

១៖ ក្រុមហ៊ុន JIN YUNJIN (CAMBODIA) GARMENT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង ២​លាន​៣​សែន ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៦០​កន្លែង​។

២៖ ក្រុមហ៊ុន HOTA FOOTWEAR CO., LTD.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង ៥​លាន​៤​សែន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ជាង ១​ពាន​៦​រយ​កន្លែង​។

៣៖ ក្រុមហ៊ុន CAMBO H.D.Y.L GARMENT CO.,LTD. :​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ជាង​២​លាន​៣​សែន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៦០​កន្លែង​។

​ជារួម ការចេញ​វិញ្ញ​បន​ប័ត្រ​ចុះបញ្ជី អនុញ្ញាត​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដល់​រោងចក្រ​ចំនួន​៣​ថ្មី​នេះ មាន​ទុនវិនិយោគ​សរុប​ជាង​១០​លាន​ដុល្លារ​អាមេរិក និង​អាច​ផ្តល់​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៣​ពាន់​កន្លែង​។

​គួរ​បញ្ជាក់ថា តាម​របាយការណ៍ របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​៕​0 00

ដឹងទេ ! បុណ្យ​«​វិសាខបូជា​»​ ជា​អ្វី និង មានប្រវត្តិដូចម្តេច ?

​ភ្នំពេញ ៖ ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រសូត្រ​ឡើង​នៅលើ​ភពផែនដី ហើយក៏​ជា​ថ្ងៃ​ដែល​ព្រះអង្គ​ត្រាស់ដឹង និង​ជា​ថ្ងៃ​ដែល​ទ្រង់​ចូល​បរិនិព្វាន​ផងដែរ​។ ចាប់ពីពេលនោះ​មក សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ បានកំណត់​យក​ថ្ងៃពេញបូណ៌មី​នា​ខែ​វ​ពិសាខ​នេះ ដើម្បី​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ដ៏​ធំ​រំលឹក​ខួប​ប្រចាំឆ្នាំ​នៅ​ទូទាំង​ពិភពលោក អស់កាល​ជាង​២៥៦២​ព្រះវស្សា មកហើយ និង​បានកំណត់​និយមន័យ​រួម​ជា​«​បុណ្យ​វិសាខបូជា​»​។​

​បុណ្យ​នេះដែរ ក៏ត្រូវ​បាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ និង​បាន​ប្រសិទ្ធិ​នាម​ព្រះពុទ្ធសាសនា ថា​ជា​សាសនា​សន្តិភាព (​ស្ងប់​សុខ ប្រាសចាក​ហិង្សា​គ្រប់​រូបភាព​) និង​ជា​ទិវា​សន្តិភាព សកល (​វី​សាខ ដេ Visak day) ដែល​បាន​ប្រារ​ព​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ដើម្បី​ស្វែងយល់​ខ្លឹមសារ នៃ​បុណ្យ​វិសាខបូជា នេះ​ឱ្យ​កាន់តែច្បាស់ ទស្សនាចរណ៍​ក្រុម​ផ្កាឈូក សហការ​ជាមួយ សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន (CJBI) បានរៀបចំ​កម្មវិធី​វិសាខបូជា នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន ដោយ​មានការ​និមន្ត យាង និង​អញ្ជើញ​ចូលរួម​ពី​ចូលរួម​ប្រមាណ​ជាង​៥០០​អង្គ​/​នាក់ ដើម្បី​លើកស្ទួយ​ព្រះពុទ្ធ​សា​នា ដែលជា​សាសនា​របស់​រដ្ឋ បង្កើន​ការយល់ដឹង​អំពី​ខ្លឹមសារ នៃ​ទិវា​វិសាខបូជា ដែល​ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំង​៣​របស់​ព្រះសម្មាសម្ពុទ្ធ ។​

លោក អៀង សុធា​រ៉ា ប្រធាន​មូ​និ​ធិ​អៀង បាន​មានប្រសាសន៍​ឱ្យដឹង​ក្នុង​ថ្ងៃ​ប្រា​រព​ពិធី ស្វែងយល់​ពី​បុណ្យ​វិសាខបូជា នេះ​ថា “​វិសាខបូជា គឺជា​បុណ្យប្រពៃណី ព្រះពុទ្ធសាសនា​មួយ ដែល​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក តែងតែ​ប្រា​រព​ធ្វើ ដើម្បី​រំលឹក​ដល់​នក្ខត្ត​សម័យ​សំខាន់ៗ​របស់​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ពិធី​នេះ នៅ​កម្ពុជា ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​នៅតាម​ទីវ​ត្ត​អារាម​តំបន់​ស្រុក ខេត្ត ដើម្បី​បំពេញ​តួនាទី​ជា​ពុទ្ធសាសនិក​ដ៏​ល្អ​របស់​ព្រះពុទ្ធសាសនា ដែលមាន​តួនាទី​ជា​អ្នកថែរក្សា ការពារ និង​ផ្សព្វផ្សាយ​នូវ​គុណ​តម្លៃ និង​បញ្ជាក់​ពី​ក​ត្ត​ញ្ញូ​កតវេទី ចំពោះ​កិ​ចុ្ច​ខិតខំ​ប្រឹងប្រែង​តស៊ូ​ពុះពារ ដឹកនាំ ប្រៀនប្រដៅ​ទាំង​ថ្ងៃ ទាំងយប់​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​”​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល បានកំណត់​យក​រមណី​យ​ដ្ឋា​ន​ភ្នំ​ព្រះរាជ​ទ្រព្យ នៅ​ស្រុក​ឧដុង្គ ធ្វើជា​ទីកន្លែង​ប្រារព្ធ​ពិធី បុណ្យ​វិសាខបូជា ជា​រៀងរាល់ឆ្នាំ​។

​លោក ហេង មណី​ចិន្តា នាយក​អង្គការ ព្រះពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​បាន​មានប្រសាសន៍ ឱ្យដឹងថា « បុណ្យ​វិសាខបូជា​» ជា​បុណ្យ​ធំ​ណាស់ ក្នុង​ព្រះពុទ្ធសាសនា ហើយ​ពុទ្ធសាសនិក​បានធ្វើ​ជាស​ត​វត្សៗ​រៀងរាប​មក ក្នុង​ថ្ងៃ​១៥​កើត ខែវិសាខ​។ ក្រៅពី​រំលឹក​ដល់​ថ្ងៃ​កើត ថ្ងៃ​ត្រាស់ និង​ថ្ងៃ​បរិនិព្វាន របស់​ព្រះពុទ្ធ ក៏បាន​បញ្ជាក់​ផងដែរ​ដោយ​អមពី​គោលបំណង​របស់​មនុស្ស​ម្នាក់ៗ នៅពេលដែល​ខ្លួន​កើតមក ថា​តើ​មាន​គោលបំណង​អ្វី បន្ទាប់ពី​បានសម្រេច​បំណង​ហើយ​ត្រូវធ្វើ​អ្វី ដើម្បី​បន្សល់​ឱ្យ​អ្នកជំនាន់ក្រោយ​ពោលគឺ​មុនពេល​យើង​ស្លាប់ទៅ​”​។​

​ចំណែក លោក ហឿន សំនាង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បានឱ្យដឹងថា កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​រូបលោក​ផ្ទាល់ និង​សម្រាប់​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយៗ ព្រោះ​ជា​បុណ្យប្រពៃណី​ពុទ្ធសាសនា និង​សិក្សា​អំពី​ដំណើរ​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង​ផង​៕

         ប្រវត្តិ​បុណ្យ​វិសាខបូជា​

​ពុទ្ធបរិស័ទ​ក្នុងប្រទេស​ទាំងឡាយ​ដែល​រាប់អាន​ព្រះពុទ្ធសាសនា នាំគ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញបូណ៌មី​ខែ​ពិសាខ រៀងៗ​មក​តាំងពី​បុរាណកាល ។ តាម​ការស្រាវជ្រាវ​គេ​បានដឹងថា បុណ្យ វិសាខបូជា​ទំនងជា​ធ្វើ​នៅក្រោយ​ពុទ្ធបរិនិព្វាន​ច្រើន​រយ​ឆ្នាំ​។ គេ​ថា​ប្រទេស​ឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​យូរយារ​ណាស់​មកហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់ចែង​ធ្វើ​នៅ​គ្រឹ​ស្ត​សតវត្ស​ទី ១៩​។ នៅក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នកមុខអ្នកកា​ទាំងឡាយ​ដំណាល​តៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើមធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្ស​មា​រា (​ព្រះអង្គដួង​) ដែល​គង់នៅ​ក្រុង​ឧ​ត្តុ​ង្គ ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហា​ប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មកកាន់​ឧ​ត្តុ​ង្គ តាម​សំណើ​ព្រះបាទ អង្គ​ដួង​។​

​បុណ្យ​វិសាខបូជា​ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជា​ថ្ងៃបុណ្យ​ជាតិ របស់​ប្រទេស​កម្ពុជា ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការសហប្រជាជាតិ ជិត ២០០ ប្រទេស​បានអនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់ទុក​បុណ្យ វិសាខបូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ​។​

​វិសាខបូជា​នេះ បុ​រា​ណា​ចា​រ្យ​លោក​សំដៅយក​នក្ខត្តឫក្ស​៣ យ៉ាង​គឺកំណត់​យក​ត្រង់​ថ្ងៃ​ដែល ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញាណ​១, ទ្រង់​ចូលកាន់ ព្រះ​និព្វាន​១ ។ អាស្រ័យ​ហេតុនេះហើយ ទើប​អ្នកប្រាជ្ញ​បុរាណ​លោក​កំណត់​យក ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​នេះ ទុកជា​ពិធី​ធ្វើ​សក្ការបូជា​ជា​ដរាប​រៀងរាប​មកទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ននេះ ៕