All posts by មេគង្គ ប៉ុស្តិ៍

លោក ពៅ រិទ្ធី មេ​រង​វរៈ​ការពារ​ព្រំដែន គោក​៨៩១ ប្រើប្រាស់​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បើក​ច្រករបៀង​ខុសច្បាប់​?​

​ប៉ោយប៉ែត ៖ សេចក្ដី​រាយ​ការ​ពី​បន្ទាត់​ព្រំដែន​ថា ទីតាំង​ដី មួយកន្លែង​នៅជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់លោក ពៅ រិទ្ធី ហៅ ធី​ខ្នា ជា​មេបញ្ជាការ រង​វរៈ ការពារ​ព្រំដែន​៨៩១ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​បើក​ធ្វ​ជា​ច្រករបៀង​ឲ្យ​ពលរដ្ឋ​ចេញចូល និង​នាំ​ទំនិញ​គ្រប់​ប្រភេទ ឆ្លង​ចូលមក​ទឹកដី​កម្ពុជា ដែលជា​ធម្មតា ក្នុង​មួយ​សប្ដាហ៍​បើក​ឲ្យ​ឆ្លង​ចេញចូល​១​ថ្ងៃ ។

​គួររំឭកថា សម្តេច​ក្រឡាហោម ស ខេង ធ្លាប់បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឹង​មាត់​ឲ្យ​អាជ្ញាធរ និង​កម្លាំង​តាម​ព្រំដែន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ និង​បិទ​ឲ្យ​អស់ទាំង​ស្រុង​រាល់​ច្រករបៀង​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​គ្រប់​ប្រភេទ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ច្រករបៀង​មួយ​ចំនូ​ន​នៅតែ​បន្ត​បើក​យ៉ាង​ងងើល ឧទាហរណ៍​ដូចជា​ច្រករបៀង​ដែល​ស្ថិតក្នុង​ទីតាំង​ដី​កម្មសិទ្ធិ​របស់លោក ពៅ រិទ្ធី ហៅ ធី ខ្នា នេះ​ជាដើម​។​

​សកម្មភាព លួច​បើក​ច្រករបៀង​ក្រោម​អំណាច លោក​ពៅ រិទ្ធី ហៅ ធី​ខ្នា​គឺ​ប្រឆាំង​ទៅនឹង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ក្នុង​រូបភាព​នេះ ជា​ភស្ដុតាង​នៃ​សកម្មភាព​ពលករ​ឆ្លងដែន និង​ក្រុម​ឈ្មួញ នាំ​ទំនិញ ចូលមក ស្រុក​ខ្មែរ តាម​ច្រករបៀង​នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ដែល​គេ​ស្គាល់​ថា ជា​ដី​កម្ម​សិទ្ធ​របស់លោក​ពៅ រិទ្ធី ។

​មាន​អ្នក​លួចខ្សឹប​ប្រាប់ថា ទំនិញ​នាំចូល​មួយផ្នែកធំ ដែល​លួច​ឆ្លង​ចូល​ពី​ទឹកដី​ថៃ មក​កម្ពុជា​តាម​ច្រ​របៀង​ខាងលើ គឺ​លោក ពៅ រិទ្ធី ផ្ទាល់​តែម្ដង ដែលជា​អ្នក​រួមចំណែក​យ៉ាង​ធំ​បង្ក​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ ដូច​ទៅនឹង ប្រសាសន៍​នែ​នាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ចេញ​បទបញ្ជា ឲ្យ​បិទ​ច្រករបៀង​ទាំងអស់ ដើម្បី​ធានា​ដល់​ការទប់ស្កាត់​ការបាត់បង់​ប្រាក់​ពន្ធ​ចូល​រដ្ឋ​។​

ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការពន្យល់​ពី​លោក ធី​ខ្នា ដែរ តែ​អ្នកទទួល​ទូរស័ព្ទ​ចេះតែ​ឆ្លើយ​បដិសេធថា ខុស​ឈ្មោះ​ហើយ រួច​ក៏​បិទ​ទូរស័ព្ទ​៕

ផ្អើល​ថា ​ឃាតក​ដែល​សម្លាប់​អតីត​ប្រពន្ធ កំពុង​លាក់ខ្លួន​នៅ​ស្ទឹងមានជ័យ

​កណ្តាល ៖ ឈ្មោះ អ៊ិន ដា​រ៉ា​ឆាយ​រ៉ាត់ ដែល​រង​ការចោទប្រកាន់ថា បាន​ស្ទា​ក់កាប់​ប្រហារ​លើ​អតីត​ប្រពន្ធ បណ្តាល ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម​កាលពី​រសៀល​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ ២០១៨ នៅ​ចំណុច បរិវេណ​សាលា​វិទ្យាល័យ​កំពង់ចម្លង​អ្នក​លឿង​ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក ដែក ខេត្តកណ្តាល រួច​ត្រូវបាន​គេ​សន្និដ្ឋានថា បាន​ទៅ​លោតទឹក​ពីលើ​ស្ពាន ត្សឹ​បា​សា ហៅ​ស្ពាន អ្នក​លឿង សម្លាប់ខ្លួន​តាមរយៈ បាន​ប្រទះឃើញ​ម៉ូតូ និង​ទូរស័ព្ទដៃ​មួយគ្រឿង​នៅលើ​ស្ពាន ត្រង់ ចំណុច​ខ្សែកាប ទី​ប្រាំ ហើយ​សមត្ថកិច្ច​បាន​ឆែក​រកឃើញ វី​ដឺ​អូ​ឃ្លី​ប​មួយ បាន​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក លោតទឹក​សម្លាប់ខ្លួន​នោះ ឥឡូវ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា ជន​រូបនេះ កំពុង​លាក់ខ្លួន​នៅក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ការភ្ញាក់ផ្អើល​នេះ ត្រូវបាន នគរបាល​ខណ្ឌមានជ័យ​អះអាងថា ជា​ព័ត៌មាន​មិន​ពិត ព្រោះ​នៅក្នុង​មូលដ្ឋាន​មិនមាន ជន​រូបនេះ បាន ស្នាក់​នៅឡើយ ។ ការភ្ញាក់ផ្អើល​នេះដែរ គឺ​ស្រប​ពេលដែល​សមត្ថកិច្ច​នៅ​ខេត្តកណ្តាល កំពុង បើក​ការស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ជន​រូបនេះ​ផងដែរ ។

​លោក រស់ ចាន់ថា អធិការនគរបាល​ស្រុក​លើកដែក បានបញ្ជាក់​ប្រាប់ ភ្នាក់ងារ ព័ត៌មាន ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប្រចាំ​ខេត្តកណ្តាល​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី ៥ ខែ ឧសភា នេះ​ថា រហូត មកដល់​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ករណី​កាប់សម្លាប់​អតីត​ប្រពន្ធ​ហើយ​បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នោះ សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត ។ លោក​ថា មូលហេតុ​ដែល​បើក​ការស៊ើបអង្កេត​នេះ ដោយ សារ តែ​មិនឃើញ​សាកសព​អណ្តែត​ទឹក ។​

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៤ ឧសភា មានការ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដែល​បាន បង្ហោះ​ព័ត៌មាន​ថា ឃាតករ​រូបនោះ​កំពុង​លាក់ខ្លួន​នៅក្នុង​ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មាន ជ័យ ។

​ប៉ុន្តែ​ជាមួយនឹង​ប្រភពព័ត៌មាន​នោះ មន្ត្រីប៉ូលិស​ប៉ុស្តិ៍ ក៏បាន​ធ្វើការ​បដិសេធ ប្រាប់​អ្នក​សារព័ត៌ មាន ថា មិនមាន​ឃាតករ​រូបនោះ មក​លាក់ខ្លួន​ក្នុង មូលដ្ឋាន​របស់ខ្លួន គឺជា​ព័ត៌មាន​មិន​ពិត ។ រហូតមកដល់​ពេលនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​និង​មហាជន​ទូទៅ នៅតែមាន​មន្ទិល​សង្ស័យថា ឃាតករ​ដែល​បាន​កាប់​អតីត​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោច​អធម្ម​នៅក្នុង​ថ្លុកឈាម កាលពីពេល​ថ្មីៗ​កន្លងទៅ គឺ​ជននេះ​មិនទាន់​ស្លាប់​ទេ ហើយ​កំពុងតែ​រត់គេចខ្លួន ។ ម្យ៉ាងទៀត ចំពោះ​ព័ត៌មាន​ដែលថា ជន​នោះបាន​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង នោះ ក៏​រហូតមក​ដល់ពេលនេះ មិនឃើញ​សព​អណ្តែត​ដែរ ។​

​គួរ​រំលឹក​ផងដែរ​កាលពី​ថ្ងៃទី​១៩​មេសា​វេលា​ម៉ោង​ប្រហែល​២​រសៀល​នៅ​ចំណុច​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​កំពង់ចម្លង​អ្នក​លឿង​មាន​ករណី​ឃាតកម្ម​មួយ​ដោយ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទន់​.​ស្រី​ណ​យ​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្ពានដែក​.​ឃុំ​ព្រែក​ទន្លាប់​.​ស្រុក​លើកដែក​ត្រូវ​ជនដៃដល់​ឈ្មោះ អ៊ិន​.​ដា​រ៉ា​ឆៃ​រ៉ាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​អំពិល​ទឹក​. ឃុំ​កំពង់​ភ្នំ​. ស្រុក​លើកដែក ដែលជា​អតីត​ប្តី បាន​យក​កាំបិត​កា​ចែត កាប់​ប្រហារ​ទៅលើ​ស្ត្រី​រងគ្រោះ អតីត​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ៌​ម​ក្នុង​ថ្លុកឈាម​។ បើតាម​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​និយាយថា កូនស្រី​គាត់​”​ស្ត្រី​រងគ្រោះ​”​និង​ជនល្មើស​បាន​រៀប ការ​ស្របច្បាប់​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​រយៈពេល​២​ឆ្នាំ​មកហើយ​! ដោយ​ទៅ​រស់នៅ​ជាមួយ​ខាង​ប្រុស​! តែ​ពុំទាន់​មានកូន​ទេ​។​ក្រុមគ្រួសារ​ជនរងគ្រោះ​បន្តថា ចាប់តាំងពី​ការ​រួច​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ រស់ នៅ​ពុំ​ចុះសម្រុង​គ្នា​ទេ​ដោយ​បុរស​អតីត​ប្តី​ជា​មនុ​ស្សញៀន​ថ្នាំ​គឺ​តែងតែ​វាយ​ធ្វើបាប​កូនស្រី​គាត់​ប៉ោង មុខ​.​ប៉ោង​មាត់​.​ប៉ោង​ក្បាល​រត់​មក​ផ្ទះ​គាត់​វិញ​ជាច្រើន​លើ​ល​ច្រើនសារ​!​តែ​កូនស្រី​គាត់​នៅតែ​ចិត្ត​មិន​ដាច់​ពី​ប្តី​ចេះតែ​រត់​ទៅវិញ​រហូត​!​ទោះបីជា​ខាង​ម្តាយ​និង​ឪពុកក្មេក​មិន​ពេញចិត្ត​ដៀល​ខ្មោះ​កូនស្រី គាត់​យ៉ាងណា​ក៍ដោយ​! ហើយ​គាត់​ក៍​មិន​ហ៊ាន​ឃាត់​កូនស្រី​ដែរ​។ រហូតដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ជន​អតីត​ប្តី បាន​បិត​ទ្វារផ្ទះ​វាយ​កូនស្រី​គាត់ “​ស្ត្រី​រងគ្រោះ​” បែក​មុខ និង​បោង​ក្បាល កូនស្រី​គាត់​ទ្រាំលែងបាន​ក៍​រើ​បំ​វិ​ុ​ច​ខោអាវ ដាក់​កង់​បី មក​ផ្ទះ​។

លុះ​ស្អែក​ឡើង​ថ្ងៃទី​២០​កុ​ម្ភះ ទើប ហៅ​ភាគី​ខាង​ប្រុស​មក​ធ្វើលិខិត​លែងលះគ្នា​នៅ​សាលាឃុំ​ព្រែក​ទន្លាប់​ដោយ​ភាគី​ទាំងពី​យល់ព្រម​ដាច់​អ​និតិ​សង្វាស​ពី​ពេលនេះ​តទៅ​ប្រគល់​សិទ្ធ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការរក​គូរ​ស្រករ​ថ្មី​រៀងៗ​ខ្លួន​ដោយ​ធ្វើ​កិច្ចសន្យា​ភាគី​ខាង​ប្រុស​យល់ព្រម​។​ក្រុមគ្រួសារ​ជនរងគ្រោះ​បញ្ជាក់​បន្ថែមថា ចាប់ពី​ពេល នោះមក​ជនល្មើស​ចេះតែ​តេ​តាម​ទូរស័ព្ទ ឫ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក គំរាម​កាប់សម្លាប់ កូនស្រី​គាត់​រហូត​! ហើយ​រូបគាត់​ក៍​ធ្លាប់បាន​ទូរស័ព្ទ​ទៅប្រាប់​មេ​ប៉ុស្តិ៍នគរបាល​ព្រែក​ទន្លាប់​ដែរ​! តែ​លោកនាយ​ប៉ុស្តិ៍ ប្រាប់ថា មិន​អី​ទេ វា​មិន​ហ៊ាន​ឡើយ​!​រហូតដល់​ជនល្មើស​កាប់​កូន​គាត់​បណ្តាល ឲ្យ​ស្លាប់​យ៉ាង អ​ណោ​ច​អធម្ម នៅ​ជិត​របង​អធិការនគរបាល​ស្រុក ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ ពី​កន្លែង​កើត ហេតុ ក៍​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា មុខសញ្ញា​ជនល្មើស​រត់​ទៅណា​ទៀត​។

ក្រុមគ្រួសារ​ជនរងគ្រោះ​ក៍​សូម​សំណូមពរ​ដល់​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ក៍​ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​
ក មួយចំនួន ដែល​យក​ព៌​ត​មាន​បំ​ភ្លើ​ស​ការពិត ចោទ​កូនស្រី​គាត់​ថា លែង​ប្តី​បាន​២​ថ្ងៃ មាន​ប្រុស​ផ្សេង ឫ​ចោទថា កូនស្រី​គាត់​មាន​សង្សា​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​វា​មិន​ពិត​ដូច​ការផ្សព្វផ្សាយ​របស់​បងប្អូន នោះទេ តាមពិត​កូនស្រី​គាត់​មិនមាន​សង្សា ឫ​ជិត​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​ផ្សេង​ណា​ឡើយ គាត់​សូម ច្រានចោល​ទាំងស្រុង​។

​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ប្រហារ​អតីត​ប្រពន្ធ​នេះ បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ គេ​បាន​សន្និដ្ឋានថា មូលហេតុ​ដែល​ជន​រូបនេះ​ដាច់ចិត្ត​កាប់​ប្រហារ​អតីត​ប្រពន្ធ​នោះ ដោយសារ​ខ្លួន បាន​សុំ​ផ្សះផ្សារ​ជាមួយ​ប្រពន្ធ​មិន​ព្រម​ស្រប​ពេលដែល​លិចលឺ​ព័ត៌មាន​ថា ប្រពន្ធ​ខ្លួន​មាន សង្សារ ហើយ ជិត​ភ្ជាប់ពាក្យ​រៀបការ​ផង ចាប់​មាន​កំហឹង​ក៏​ដាច់ចិត្ត​តាម​កាប់​ប្រហារ​តែម្តង ។ មុនពេល​ដែល សម្លាប់​ប្រពន្ធ​គេ​បានឃើញ​ជន​រូបនេះ​បង្ហោះ​ហ្វេ​ស​ប៊ុ​កដោយ​និយាយថា ទោះ​មិនបាន​កើតមក នៅ ថ្ងៃ​តែមួយ ក៏​បង​និង​អូន​បាន​ស្លាប់​នៅ​ថ្ងៃ​ជាមួយគ្នា​ដែរ ។ សកម្មភាព​ផ្សេងទៀត គេ​បានឃើញ​ជន​រូប នេះ ឧស្សាហ៍​ជិះ​ម៉ូតូ​ទៅលេង​ក្រោម​ស្ពាន និង​អង្គុយលេង​លើ​ស្ពាន​ត្រង់ចំណុច​ខ្សែកាប​ទី​៥ ដែល លោតទឹក​នោះ ។

សកម្មភាព​ទាំង​ត្រូវបាន​គេ​សង្ស័យថា ជា​សកម្មភាព​បង្វែងដាន គឺ​បានរៀបចំ គ្រោងទុក​មុននឹង​សម្លាប់​ស្ត្រី​រងគ្រោះ ។ ការសង្ស័យ​នេះ​ក្រោយពេល​លិចលឺ​ព័​ត៌​ថា ជន​រូបនេះ​ត្រូវ បាន​អ្នកចំការ​ឃើញ​រត់​ទាំង​ខោអាវ​ទទឹកជោគ ហើយ​ស្រប​ពេលដែល​រហូតមក​ដល់ ពេលនេះ​នៅ មិន ទាន់​រកឃើញ​សាកសព​នៅឡើយ ៕

អ្នកស្លាប់​សង្ស័យ​ពុល​ទឹក​ព្រែក នៅ​ស្រុក​ចិត្រ​បុរី កើន​ដល់​៦​នាក់ និង​៤៣​នាក់កំពុង​សង្គ្រោះ​

​ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បានឱ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​៥ ខែ ឧសភា នេះ មាន​អ្នកភូមិ​ប្រុស​ស្រី​ចំនួន ៦​នាក់​ហើយ ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខណៈដែល ស្ត្រី​រង គ្រោះ​ម្នាក់ទៀត​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា នេះ បន្ទាប់ពី​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ​កាល់​ម៉ែត្រ នៅ​ក្រុងភ្នំពេញ ។

មន្ត្រី​សុខាភិបាល អះអាងថា តាម​អាកា​រៈ​របស់​អ្នកជំងឺ​គឺជា​សញ្ញា​នៃ​ការពុល​អាហារ ឬ​ពុល​ទឹក ព្រែក ដែល​ពួកគាត់​បាន​ដង​យកមកប្រើ​ប្រាស់​ប្រចាំថ្ងៃ ដែល​ទឹក​ព្រែក​នោះ បាន​ហូរ​ធ្លាក់​មកពី​ផ្នែក ខាងលើ មាន​អ្នកចំការ​បាញ់ថ្នាំ​សម្លាប់​ស្មៅ ឬ​ថ្នាំ​បំពុល​សត្វល្អិត​នានា ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ដី សម្បទាន​។

​ក្រៅពី​មាន​អ្នកភូមិ​ប្រុស ស្រី ៦​នាក់ ដែល​សុ​ទ្ឋ​សឹង​ជា​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ភូមិ​ស្រែ​ន ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ក្នុងនោះ មាន មនុស្ស​ក្មេង​ចាស់​ប្រុស ស្រី​ចំនួន ៤៣​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ចំណែក​ការស្លាប់​របស់​អ្នកភូមិ ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​សន្និដ្ឋានថា អាច បណ្តាលមកពី​អា​ការៈពុល​ទឹកអូរ ទឹក​ព្រែក ដែល​ពួកគាត់​ដង​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ ។​

​ករណី​អ្នកភូមិ​ស្លាប់ និង​រង​នៅ​អា​ការៈពុល ជាច្រើន​នាក់​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅ ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ជាមួយគ្នា​នោះ អភិបាលខេត្ត​ក្រចេះ ឯកឧត្តម វ៉ា ថន បាន​ដឹកនាំ មន្ត្រី​មន្ទីរជំនាញ​ពាក់​ព័​ន្ឋ​ចុះទៅពិនិត្យ និង​ជួយសង្គ្រោះ​ដល់​អ្នក​នៅក្នុង​ភូមិ ដែល​ជួប​កំពុង​នូវ​បាតុភាព នេះ និង​បាន​ថ្លែង ដោយបាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​ប្រមូល​សំណាក​ដែល​សង្ស័យថា ពុល យកទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​បន្ត​ស្វែងរក​មូលហេតុ​នេះ​ឱ្យបាន​ពិតប្រាកដ​។​

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក ងី ប៊ុន​ឡែ​ន ឱ្យដឹងថា ការពុល​ស្លាប់ ដោយ​មិន ទាន់​ដឹង​ពី​មូល​ហេតុនេះ បាន​កើតមានឡើង​តាំងពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​៥ ខែឧសភា នេះ​។ ជា ជំហាន​ដំបូង អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ការពុល​នេះ អាច​បណ្តាលមកពី​ទឹក ដោយសារ​ពលរដ្ឋ​រស់​នៅ តំបន់​នោះ បាន​ប្រើប្រាស់​ទឹកអូរ ហើយ​ទឹកអូរ​នោះបាន​ហូរ​ច្រោះ ពី​ប៉ែក​ខាងលើ មាន​សារធាតុពុល ដោយសារ​ថ្នាំ​បាញ់សម្លាប់​ស្មៅ​របស់​អ្នកធ្វើ​ចម្ការ ឬ​តាម​បណ្តាល​ក្រុមហ៊ុន​ដី​សម្បទាន មួយចំនួន នៅ ប៉ែក​ខាងលើ ហើយ​អាកា​រៈ​របស់​អ្នកជំងឺ គឺ​កើតឡើង​ស្រដៀង​គ្នា ស្រវាំងភ្នែក ថប់ដង្ហើម ទន់​ដៃជើង ក្អួតចង្អោរ និង​អាច​រហូតដល់​ស្លាប់​បាន បើសិន​កា​រស​ង្ក្រោះ​មានការ​យឺតយ៉ាវ​។​

​ដោយឡែក​ប្រភពពី​មន្ត្រី​អាជ្ញាធរ បាន​និយាយថា សព្វថ្ងៃនេះ​អ្នកភូមិ​នៅ​តំបន់​នោះ ចាប់​តាំង ពី មាន​ភ្លៀង​ធ្លាក់ ប៉ុន្មាន​មេ​ជាប់ៗ​គ្នា អ្នកភូមិ​ទាំងនោះ បាននាំគ្នា​ទៅ​ដងទឹក​ព្រែក​ទេ និង​ទឹកអូរ ដែលជា ប្រភពទឹក​មិន​ស្អាត នៅក្បែរនោះ​យកទៅ​ប្រើប្រាស់ ដែលជា​ទម្លាប់​ប្រចាំថ្ងៃ ប៉ុន្តែ​នៅពេលនេះ​ស្រាប់តែ កើតមាន​ហេតុការណ៍​អាក្រក់​នាំឱ្យ​កើត​ជំងឺ និង​ស្លាប់​ជា​បន្តបន្ទាប់​រហូតដល់​៦​នាក់ ៕​

ខេត្តកំពង់ស្ពឺ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧-២០១៨

កំពង់ស្ពឺ ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ ទិសដៅ​ឆ្នាំ​២០១៨​និង​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ កាលពី​រសៀល​ថ្ងៃទី​៤ ឧសភា នៅ​សាលាខេត្ត​កំពង់ស្ពឺ ឯកឧត្តម វី សំណាង អភិបាល​នៃ​​គណៈ​ភិ​បាល​ខេត្តកំពង់ស្ពឺ​បាន​លើកឡើងថា គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ និង​ឆមាស​ទី​១ ឆ្នាំ ២០១៨ នៅ​ទូទាំង​ខេត្ត​បានកើត​ឡើង​នូវ​គ្រោះ​អគ្គីភ័យ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ជាពិសេស គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​សរុប​ចំនួន ៣៣​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់ ចំនួន ២៨​នាក់ របួស ១៨៤​នាក់ ខូចខាត​រថយន្ត​ចំនួន ២៣​គ្រឿង និង​ម៉ូតូ​ចំនួន ៣៤​គ្រឿង​។

​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ គ្រោះមហន្តរាយ ដែល​បាន​កើតមានឡើង​ក្នុង​ខេត្តកំពង់ស្ពឺ ក៏ដូចជា​បណ្តា​រាជធានី ខេត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ឆក់យក​ជីវិត​​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។ ឯកឧត្តម​បាន​បន្តថា​៖ សម្រាប់​ឆ្នាំ​២០១៧​កន្លងមក ខេត្ត​មួយចំនួន​​ធ្លាប់បាន​ទទួលរង​នូវ​គ្រោះធម្មជាតិ​មាន​៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង រន្ទះបាញ់ ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ ស្រូវ ដំណាំ​រួមផ្សំ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ជីវិត​សត្វ និង​ជីវិត​មនុស្ស​អស់​ជាច្រើន ហើយ ថា ការអន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា និង​មាន​ប្រសិទ្ធ​​ភាព​នោះ តាម​បណ្ដា​ខេត្ត ត្រូវមាន​ផែនការ​ត្រៀម​ទុកជាមុន ដោយមាន​កិច្ចសហការ​ជាមួយ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ជា​ដៃគូ ដោយ​យើង​បានរៀបចំ​ធ្វើ ជា​សៀវភៅ​ផែនការ ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​ធនធាន​ដែល​​មាន​ស្រាប់ និង​គៀរគ​ធនធាន​ពី​ខាងក្រៅ​សម្រាប់​ត្រៀម​ឆ្លើយតប​ធានា​លើ​កិច្ច​អន្តរាគមន៍ ជួយ សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលាដោយ​នៅពេលនេះ​ការងារ​គ្រោះមហន្ដរាយ​បាន​បង្កើត​​អោយមាន​ច្បាប់ ដែលមាន​ជា​យន្ដការ និង​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​គ្រោះមហន្ដរាយ ចាប់តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន ក្នុង​គោលបំណង​ធ្វើយ៉ាងណា​អោយមាន​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​៕​

​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ដើមខែ​ឧសភា កើនឡើង​ជាង​ខែមេសា​

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដែល​ក្រសួងពាណិជ្ជកម្ម​បាន កំណត់​តម្លៃ​លក់រាយ សម្រាប់​រយៈពេល​១០​ថ្ងៃ​ថ្មី​ក្នុងថ្ងៃនេះ មានការ​កើនឡើង​ជាង កាលពី​ចុងខែ​មេសា​។​

​បើ​មើល​តាម​តារាង​តម្លៃ​ជាក់ស្តែង​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃទី​៤ ខែឧសភា​នេះ តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​៤១០០​រៀល ក្នុង​មួយ​លីត្រ​។ ចំណែក ប្រេងម៉ាស៊ូត តម្លៃ​៣៩០០​រៀល​ក្នុង​មួយ​លីត្រ​។ រីឯ​ប្រេងសាំង​ស៊ុប​ពែ មានតម្លៃ​ចន្លោះ​ពី​៤៤០០​រៀល ទៅ ៤៤៥០​រៀល ក្នុង​មួយ​លីត្រ​។ តម្លៃ​ប្រេង​ទាំងបី​ប្រភេទ​នេះ មើលឃើញថា មានការ​កើនឡើង​បន្ថែមទៀត បើ​ធៀប​កាលពី​ចុងខែ​មេសា​កន្លងមក​។

​ចំពោះ​តម្លៃ​ប្រេង​ថ្មី​នេះ គឺ​ត្រូវ​បានកំណត់​ជាថ្មី​ដោយ ក្រសួងពាណិជ្ជកម្ម សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ខែឧសភា ដល់​ថ្ងៃ​១១ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុង​តារាង​តម្លៃ​ប្រេង​នោះ បានកំណត់​តម្លៃ​សម្រាប់​ប្រេងសាំង​ធម្មតា លក់​មិន​អោយលើស​៤១០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៩០០​រៀល​ក្នុង​១​លីត្រ​។ ខណៈដែល​កាលពី​ចុងខែ​មេសា ប្រេងសាំង​ធម្មតា​មានតម្លៃ ៣៩៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត មានតម្លៃ​៣៨៥០​រៀល​ក្នុង​១​លីត្រ​ប៉ុណ្ណោះ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​ក្នុង​តារាង​កំណត់​តម្លៃ​លក់រាយ របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ចុងខែ​មេសា គឺមាន​តម្លៃ​លក់រាយ​ចន្លោះ​៤២០០​រៀល ទៅ​៤៣០០​រៀល ក្នុង​មួយ​លីត្រ​ប៉ុ​ណ្នោះ​។

​គួរ​កត់សំគាល់ថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេង​ទូទៅ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក ដែល​នៅពេលនោះ​តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​មួយ​លីត្រ​! ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ ! និង ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​។

​សូមបញ្ជាក់ថា ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក ៕

កម្ពុជា​ជំរុញ​បង្កើន​ការនាំចេញ​កសិផល​កែច្នៃ​ឲ្យ​បាន​១២% ពី​ពេលនេះ​ដល់​ឆ្នាំ​២០២៥

​ភ្នំពេញ ៖ ខណៈដែល​វិស័យ​កសិកម្ម កំពុង​ចូល​រូ​ម​ចំណែក​ប្រមាណ​២៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុជា​កំពុង​ជំរុញ​ការនាំចេញ​ផលិតផល​កែច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំចេញ​សរុប នា​ឆ្នាំ​២០២៥​។

​តាម​ការលើកឡើង​រប​ស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ បង្ហាញថា វិស័យ​កសិកម្ម បាន​ចូលរួមចំណែក ២៤,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៧​។ ជាក់ស្តែង ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ បាន​កើន​ឡើងដល់​ជាង​៥​លាន​១​សែន​តោន ខណៈដែល​កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន ៤​លាន​៧​សែន​តោន ។

​ទោះជា​យ៉ាងណា ក្រសួងកសិកម្ម បាន​បង្ហាញថា ការនាំចេញ​កសិផលរ​បស់​កម្ពុជា ពុំទាន់​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលមាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅឡើយ ដែល​កំណត់​ការនាំចេញ​ផលិតផល​កែច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។ ទន្ទឹមនេះ លោក វេ​ង សាខុន បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧-២០១៨ កំណើន​វិស័យ​កសិកម្ម​របស់​កម្ពុជា បាន​កើនឡើង​ជិត ២% ។​

​ក្នុង​កំណើន​នៃ​វិស័យ​កសិកម្ម​នេះ រួមមាន​ផ្នែក​ដំណាំ​មាន​ចំនួន​៥៨,៥%! ផ្នែក​ផលិតកម្ម​សត្វ​១១,២%! ផ្នែក​ជលផល ២៣,៥%! និង​ផ្នែក​ព្រៃឈើ​៦,៨%​។ ចំពោះ​ផ្នែក​ដំណាំ​ស្រូវ នៅ​ឆ្នាំ​២០១៧ បរិមាណ​ផល​ស្រូវវស្សា ប្រមូល​ផល​បាន ជាង​៨​លាន​៥​ម៉ឺន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង ប្រមូល​ផល​បាន​ជាង​២​លាន​៤៧​ម៉ឺន​។
​ទិន្នផល​នេះ បានធ្វើអោយ​កម្ពុជា មាន​អតិរេក ឬ​នៅសល់​ស្រូវ ជាង​៥​លាន​៥​សែន​តោន គិត​ជា​អង្ករ​ស្មើនឹង ជាង​៣​លាន​៥​សែន​តោន​។ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ បង្ហាញថា បរិមាណ​អង្ករ​នាំចេញ ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៦៣​ម៉ឺន​៥​ពាន់ ៦៩៧​តោន គឺ​កើនឡើង​១៧,៣% ធៀប​នឹង​ឆ្នាំ​២០១៦​។ រីឯ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ នៅក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​កៅស៊ូ មាន​ចំនួន​ជាង ១៨​ម៉ឺន​៨​ពាន់​៨៣២​តោន សើ្ម​នឹង​ទឹកប្រាក់​ជិត​៣០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គឺ​កើនឡើង​៣០,១៤%​។ (​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កៅស៊ូ​សរុប​មាន​ចំនួន ៤៣៦ ៣៤០​ហ​.​ត ក្នុងនោះ​ក្រុមហ៊ុន​កៅស៊ូ​កសិឧស្សាហកម្ម​មាន​សមា​មាត្រ​ចំនួន​៦៤,២២% និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន​៣៥,៧៨% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ សន្ទុះ​នៃ​ការដាំដុះ​កៅស៊ូ​មានការ​កើនឡើង​ប្រមាណ ០,៨៣%)​។

​ចំណែក​ផ្នែក​ផលិតកម្ម​សត្វ ក្នុង​ឆ្នាំ​២០១៧ ចំនួន​សត្វ​ចិញ្ចឹម​សរុប មានដូចជា គោ ក្របី ជ្រូក និង​បក្សី បាន​កើនឡើង ដល់ ជាង​៤២​លាន​៨​សែន​ក្បាល គឺមាន​កំណើន​១,៥៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ រីឯ​ផ្នែក​ជលផល ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ផល​នេសាទ​ទឹកសាប អនុវត្តបាន​ចំនួន ៥២​មឺ​ន​៧​ពាន់​៧៩៥​តោន​(​កើន​៣,៦២%) ផល​នេសាទ​សមុទ្រ អនុវត្តបាន ១២​ម៉ឺន ១០២៥ តោន​(​កើន​០,៣៥%)​។

​ទន្ទឹម​នោះ ការអភិវឌ្ឍ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ អនុវត្តបាន​ប្រមាណ ២០​ម៉ឺន​៧​ពាន់ ៤៤៣​តោន​(​កើន​២៥,២៥%)​។ ក្នុងនោះ ការកែច្នៃ​ផល​នេសាទ​ទឹកសាប និង​សមុទ្រ​សម្រេចបាន​ជាង ៨​ម៉ឺន​២៦០០​តោន និង ការនាំចេញ​ផល​នេសាទ​ស្រស់ និង​កែច្នៃ​អនុវត្តបាន ១៣ ០០០​តោន​។

ដោយឡែក ផ្នែក​ព្រៃឈើ គិត​ត្រឹម​ឆ្នាំ​២០១៧ ចំនួន​សហគមន៍​ព្រៃឈើ​បាន​កើន​ដល់​៦១០​សហគមន៍ ដែល​បាន​បណ្តុះ​កូនឈើ​ចំនួន​៤០៨​ពាន់​ដើម និង​បាន​ដាំ​ដើមឈើ​សរុប​លើ​ផ្ទៃដី​ចំនួន ២​ពាន់​២១៩​ហ​.​ត​។
​ទន្ទឹមនេះ ក្នុង​ការងារ​កែទម្រង់​ផ្នែក​គ្រប់គ្រង​ដីស​ម្ប​-​ទាន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ផងដែរ​ថា នឹងមិន​ផ្តល់​ដី​សម្បទាន ទៅអោយ​ក្រុមហ៊ុន​វិនិយោគ​ទៀត​នោះទេ​។​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួលបាន​ដី​សម្បទាន​រួចហើយ ក៏​ត្រូវបាន​ឃ្លាំមើល និង​ពិនិត្យ​យ៉ាង​តឹងរឹង​លើ​គម្រោង​អភិវឌ្ឍ​ន៌​របស់ខ្លួន​ដែរ​៕

ល្បួង​ប្រពន្ធ​គេ​ទៅ​ដេក​លែង​បាន គំរាម​ទម្លាយ​រឿងអាស្រូវផ្លូវភេទ

ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ជននេះ​ធ្វើ​សកម្មភាព​ល្បួង​ប្រពន្ធ​អ្នកដទៃ​ទៅ​ចូល​ផ្ទះសំណាក់​សម្រេចបាន​ម្ដង ពេលនោះ នាងរង​គ្រោះ​មិន​ហ៊ាន​យក​រឿងនេះ​ប្រាប់​ប្ដី​ទេ ព្រោះ​ខ្លាច​មានរឿង​រ៉ាវ និង​ខ្លាច​ប្ដី​លែង​ចោល​។ លុះ​ក្រោយមកទៀត​ជនសង្ស័យ​បាន​សុំ​នាង​រួមភេទ​ទៀត ប៉ុន្តែ​នាង​មិន​ព្រម ស្រាប់តែ​ជន នេះ​បាន​គំរាម​សម្លាប់ចោល រួមទាំង​គំរាមថា និង​ទម្លាយ​រឿងនេះ​ប្រាប់​ឲ្យ​ប្ដី​របស់​នាង​ដឹង​។ ចំណែក​ស្ត្រី​រងគ្រោះ​ដោយ​ខ្លាច​ជន​នោះ​និយាយប្រាប់​ប្ដី ក៏បាន​យល់​ព្រមទៅ​ដេក​ជាមួយ​ជន​នោះ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ​នៅ​លើកចុងក្រោយ ដោយ​ទ្រាំលែងបាន នាង​បាន​យក​រឿងនេះ​ទៅប្រាប់​ប្ដី​ដោយ​ខ្លួនឯង ទើប​បុរស​ជា​ប្ដី​សម្រេច​ដឹក​ដៃ​ប្រពន្ធ​ទៅប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បុរស​កំហូច​នោះ​តែម្ដង​។​

​សូមជម្រាបថា ការចាប់ខ្លួន​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​ទើប​បង្ហាញ​ឯកសារ​ដល់​អ្នកកាសែត​នៅ​ថ្ងៃទី​៤ ខែឧសភា នេះ​។​

​ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ ហេង ហួត ហៅ ម៉ាំង អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​អ៊ី​វ៉ា់ន់​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ក​.​អ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្រួច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦ និង​០០​នាទី​ល្ងាច ខណៈដែល​ស្ត្រី​ដែលជា​ជនរងគ្រោះ​ខាងលើ កំពុងស្ថិត​នៅផ្ទះ​ម្តាយក្មេក នៅ​ភូមិ ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មាន​មិត្តភក្ដិ​របស់​នាង​ម្នាក់ទៀត​ឈ្មោះ ហេង សុខ​ហួយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​នាង​ទៅ​ផឹកស៊ី​ជាមួយ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ហេង ហួត ហៅ​ម៉ាំង ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ពេលនោះ​នាងរង​គ្រោះ​ក៏បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ឌុប​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ ទៅ​ចូលរួម​ផឹកស៊ី​ដែល ក្នុងនោះ​នៅក្នុង​វង់​ផឹកស៊ី​មាន​គ្នា​ចំនួន​៥​នាក់​។ រួមមាន ទី​១​ឈ្មោះ ហេង សុខ​ហួយ ដែលជា​មិត្តភក្ដិ របស់​នាង ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ​,​ទី​២​ឈ្មោះ ឆេង គឹម​សាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ,​ទី​៣ ជនសង្ស័យ ហេង ហួត ហៅ ម៉ាំង ,​ទី​៤​ឈ្មោះ ភុំ នី​ម ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនសង្ស័យ និង​ទី​៥ ស្ត្រី​រងគ្រោះ ។​ការផឹកស៊ី​នោះ បាន​ប្រព្រឹត្តទៅ​រហូតដល់​វេលា​ម៉ោង ១៩​និង​០០​នាទី​យប់​ថ្ងៃ​ដដែល ស្ត្រី​រងគ្រោះ​សុំ​ទៅផ្ទះ​មុន តែ​ជនសង្ស័យ និង​អ្នកផឹកស៊ី​ខាងលើ​បាន​ឃាត់​មិន​ឲ្យ​ទៅ​ទេ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​លួច​ដក​ក្បាល​ប៊ូស៊ី ម៉ូតូ របស់​នាង​យក​លាក់ទុក​ទៀតផង ។​

ប្រភព​ខាងលើ​បាន​បន្តថា ដោយសារ​បែបនេះ នាង​បាន​នៅ​ផឹក​បន្ត​រហូតដល់​វេលា​ម៉ោង​២០ និង​០០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ស្ត្រី​ឈ្មោះ ហេង សុខ​ហួយ រួម​និង​ជនសង្ស័យ​បាន​និយាយ លួងលោម​ជនរងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ ស្ថិតនៅ​ភូមិ​សង្កាត់​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។​លុះ រហូតដល់​វេលា​ម៉ោង​០១​និង ៣០​នាទី​យប់ ឈប់​ច្រៀង ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង ក៏ត្រូវ​ជនសង្ស័យ​បាន​បើក​ម៉ូតូឌុប​ជនរងគ្រោះ​ចូលទៅ​ផ្ទះសំណាក់​ស្ថិតនៅ​ម្តុំ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​បន្តថា ដោយសារ​ក្រោយៗ​មកទៀត​ជនសង្ស័យ​ចេះតែ​បបួល​ស្ត្រី​រងគ្រោះ រួមទាំង​គំរាម​យក​រឿ​នេះ ទៅប្រាប់​ប្តី​របស់​ស្ត្រី​រងគ្រោះ ទើប​ជនរងគ្រោះ ចេះតែ​ព្រមទៅ​ជាមួយ​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។ លុះ​ក្រោយមកទៀត​ដោយ​ទ្រាំលែងបាន ស្ត្រី​រងគ្រោះ​សម្រេចយក​រឿងនេះ​ប្រាប់​ខ្លួន ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង ហើយ​ប្ដី​របស់​ស្ត្រី​រងគ្រោះ​នាំ​នាង​ទៅប្តឹង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​នៅត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង​៕

នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែងថា ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក​ម្ពូ​ជា បាន​បញ្ជាក់ថា ការឃោសនា​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការរំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នា​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ នេះ​។​

​ការលើកឡើង​នេះ ក្រោយ​ពេលដែល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ បាន​ប្រកូក​ប្រកាស​ពី​ក្រៅប្រទេស​ឱ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ទូទៅ​ចែកចាយ​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​អ្នកបោះឆ្នោត កុំទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែកក្កដា ខាងមុខ​។​

​សំណេរ​ក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នៅ​ថ្ងៃទី​៤ ខែឧសភា នេះ​បាន​បញ្ជាក់ថា មាន​គណបក្ស​បី​ហើយ ដែល​បាន​ចុះបញ្ជី​រួចរាល់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ ១.​គណបក្ស​ប្រជាជន​កម្ពុជា​,២.​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​៣.​គណបក្ស​យុវជន​កម្ពុជា​។ ការចុះឈ្មោះ​គឺ​ចំណាយពេល​ខ្លី​។ ទន្ទឹមនឹងនោះ​គឺមាន​គណបក្ស​ប្រាំ​មួយទៀត​ដែល​បានបញ្ជាក់​ពី​ជំហរ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ដោយបាន​រៀបចំ​ប្រាក់​កក់​១៥​លាន​រៀល​នៅ​រតនាគា​ជាតិ​នៃ កម្ពុជា​។​សរុប​ទាំងអស់​មាន​គណបក្សនយោបាយ​ចំនួន​២១​កំពុង​បំពេញបែបបទ​។

ក្នុង​សំណេរ​ដដែល​បាន​បន្តថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​២០១៨ ខាងមុខនេះ គឺ​សំខាន់​ខ្លាំងណាស់​។​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​គឺ​បញ្ជាក់​ច្បាស់ អំពី​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​គឺមាន​សិទ្ឋិ​បោះឆ្នោត​និង​មាន សិទ្ឋិ​ឈរឈ្មោះ​បោះ ឆ្នោត​នៅក្នុង​របប​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ការឃោសនា មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​រំលោភច្បាប់​ប្រទេស​ដែល​បានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២​នៃ​ច្បាប់ ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​៕​

ចាប់​អា​គក​ជា​កីឡាករ​៥​ក្បាល និង​ម្ចាស់​សង្វៀន​ជល់​មាន់នៅ​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​

​បាត់ដំបង ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ម៉ឺន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ រួម​និង​មាន់​ជល់​ជា​កីឡាករ​ចំនូ​ន​៥​ក្បាល​។

​លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។​
ក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​៖
ទី​-១ ឈ្មោះ រ៉ង រ៉ុង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​(​ជា​ម្ចាស់ផ្ទះ​)
ទី​២- ឈ្មោះ រើ​ន រឿ​ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​(​អ្នកលេង​)​។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​មាន់​ជល់​ចំនួន​៥​ក្បាល​
-​សង្វៀន​ជល់​មាន់​ចំនួន​០១
-​ម៉ូតូ​ចំនួន​៣​គ្រឿង​។​

បច្ចុប្បន្ន ម្ចាស់​បើក​សង្វៀន​ប្រជល់មាន់ និង​អ្ន​កូ​ល​រួម​លេង​ភ្នាល់ នៅក្រោយពេល​ឃាត់ខ្លួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបើក​ជល់​មាន់​បន្តទៀត និង​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕ សុផល​

ស្រវឹងស្រា​យក​សាំង​ចាក់​ដុត​ខ្លួន​ឆេះ​ស្លាប់​ទាំង​មនុស្ស ឆេះ​អស់ទាំង​ផ្ទះ​

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ស្រ​វី​ង​ស្រា​ជោកជាំ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ឈានដល់​យក​ដប​សាំង​មកចាក់​ស្រោច​ចាក់​ដុត​សំលាប់ខ្លួន​បណ្តាលអោយ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​អស់​។​

លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានបញ្ជាក់​ប្រាប់អោយដឹង​ថា ហេតុការណ៍​អគ្គីភ័យ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០៖១០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​បាយ​ដំរាំ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅក្នុង​ភ្នក់ភ្លើង​ឈ្មោះ ភ្លឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​ស្រវឹងស្រា​ហើយ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រួច​បាន​យក​សាំង​ចាក់​
​ដុត​ខ្លួន​បណ្តាលអោយ​ផ្ទុះ​ឆេះ​ស្លាប់​ទាំង​មនុស្ស​និង​ឆេះ​ផ្ទះ​ទំហំ​៥​ម៉ែត្រ​×៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី រួមទាំង​សម្ភារៈ​នៅក្នុង​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។​

លោក​អធិការ​បន្តថា នៅក្នុង​ហេតុការណ៍​ឆេះ​ខាងលើ​នេះដែរ​ក្រុម​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​មួយ​ឡាន​ផងដែរ​៕

ស្ថានទូត ជប៉ុន​ប្រចាំ​កម្ពុជា​រំលឹក​ខួប​២៥​ឆ្នាំ នៃ​មរណៈភាព​អតីត​បូលីស​អ៊ុនតាក់

ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៤​ខែឧសភា​នេះ​បានរៀបចំ​ពិធី​រំលឹក​ខួប​២៥​ឆ្នាំ នៃ​ថ្ងៃ​ទទួល មរណៈភាព​របស់លោក ហា​រឹ​យូ​គិ តា​កា​តះ អតីត​បូលីស​ស៊ី​វី​ល​ជប៉ុន​ដែល​ត្រូវបាន​រដ្ឋាភិបាល ជប៉ុន បញ្ជូន​ឲ្យ​មក​ចូលរួម​សកម្មភាព​ជាមួយ​អាជ្ញាធរ​បណ្តោះអាសន្ន អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNTAC​ហើយ​បានទទួល​មរណៈភាព​ក្នុងអំឡុងពេល​បំពេញ​បេសកម្ម​ក្នុងប្រទេស​កម្ពុជា​។ ពិធី​នេះ ត្រូវបាន ប្រារ​ព​ធ្វើ នៅក្នុង​បរិវេណ​វត្ត​តាំង​កសាង​ខាង​ត្បួ​ង ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ផ្ញើ​សារ​ក្នុងឱកាស​ពិធីបុណ្យ ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ខ័​ន្ធ​លោកតា​កា​តះ សូម​វិញ្ញាណ​ក្ខ័​ន្ធ​លោក​បាន​ទៅកាន់ សុគតិភព កុំបី ឃ្លាត​ឡើយ​។

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឯកឧត្តម HidehisaHoriouchi(​ហ៊ី​ដែ​ហ៊ី​សា ហូ​រី​អ៊ូ​ឈិ​)​បាន ថ្លែង ឲ្យ​ដឹងថា​លោក​ហា​រឹ​យូ​គិ​តា​កា​តះ​កើត ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​១៩៥៩ នៅ​ក្រុង​គុ​រ៉ា​ស៊ិ​គិ ខេត្ត អុ​កា យ៉ាម៉ា លោក​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ចំពោះ​ភារកិច្ច របស់ខ្លួន​ជា​ប៉ូលីស ស៊ី​វី​ល​របស់ UNTAC​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​

​លោក ឯកអគ្គរាជទូត​បន្តថា​សោកនាដកម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ ១៩៩៣ ខណៈ​លោក​ហា​រឹ​យូ​គិ​តា​កា​តះ​ចុះ​បំពេញ​បេ​កម្ម​នៅ​ភូមិ​អំពិល ខេត្តបន្ទាយមានជ័យ ហើយ បាន​ត្រូវស្លាប់​យ៉ាង​គួរ​ឲ្យ​សោកស្តាយ​។
​លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់ថា​ជប៉ុន​បាន​តាំង ចិត្ត​ខិតខំ​ប្រឹងប្រែង​និង​ពង្រីក​ចំណង ទាក់ទង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយបាន​ស្តា​ររ​ឡើងវិញ​នូវ​ស្ថេរភាព​ដ៏​រឹងមាំ​រវាង រដ្ឋាភិបាល​និង​ប្រជាជន​ទាំងពីរ កម្ពុជា​- ជប៉ុន អោយ​កាន់តែ​រឹងមាំ ស្ថិតស្ថេរ និង​មាន​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ទ្វេរ​ឡើង​ថែមទៀត​៕​

កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ចម្រុះ​ជាង​១០​លាន​នាក់ កំពុង​បម្រើការ​ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ វិស័យ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា មើលឃើញថា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​អត្រា​មានការ​ងារ​ធ្វើ ក្នុង​ឆ្នាំ​២០១៨ មាន​រហូតដល់ ៩៩,៣​ភាគរយ រឺ ស្មើនឹង​កម្លាំង​ពលកម្ម​សរុប​ជាង​១០​លាន​នាក់​។​

​យោងតាម​របាយ​ការ​ណ៌​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញថា ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន ចំនួន​នេះ​កើនឡើង​ន​ប្រមាណ​១០%​ពី​ឆ្នាំមុន ដែល​កំពុងផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជិត​១​លាន​៥​សែន​នាក់ ក្នុងនោះ​មាន​កម្លាំង​ជា​ស្ត្រី​មាន​ជាង​៨​សែន​នាក់ គឺ​កើនឡើង​ជាង​២១% ។

​ចំណែក​ចំនួន​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​សរុប ជិត​៦០​ម៉ឺន​សហគ្រាស ក្នុងនោះ​មានកម្ម​ករ​ជាង​២​លាន​៤​សែន​នាក់​! កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង​៤​លាន​នាក់​! ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស មាន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ ជាង​៥​សែន​នាក់ ។

​តាម​ការលើកឡើង​រប​ស់ លោក អ៊ិត សំហេង នាពេល​កន្លងមក​បាន​បញ្ជាក់ថា​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​កែទម្រង់ ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ដែល​ធ្វើឱ្យ​លក្ខខណ្ឌ​ការងារ និង​ការទំនាក់ទំនង​វិជ្ជាជីវៈ​កាន់​តែមាន​ភាពប្រសើរឡើង​។ ទន្ទឹមនឹងនេះ បញ្ហា​កូដកម្ម បាតុកម្ម ត្រូវបាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ។ យន្ដការ​ត្រីភាគី​ត្រូវបាន​ពង្រឹង និង​បន្ដ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត និង​និយោជក » ។​

គួរ​កត់សំគាល់ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ដំឡើង​ពី​ចំនួន​១៥៣​ដុល្លារ​ដល់​១៧០​ដុល្លារ គឺ​កើន​១១,១% បើ​គិតពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កម្មករនិយោជិត​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់ចំណូល​ពី​១៨៧ ទៅ​១៩៨​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធានា​ការលើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​ផងដែរ ។ លោក​ក៏បាន​លើកឡើងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កម្ពុ​ជាមាន​សហជីព​មូលដ្ឋាន​កើន​រហូតដល់​ចំនួន​៤.២២៧, សហព័ន្ធ​សហជីព​១៥៨, សហភាព​សហជីព​២៥, សមាគម​៩, អង្គការ​៤ និង​សមាគម​និយោជក​៨ ​៕

កម្ពុជា​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​ UN

​ភ្នំពេញ ៖ កម្ពុជា​បញ្ជូន​កងកម្លាំង​នៃ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ ១៩៨ ចំនួន​១៦៥​នាក់ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ១៣២ ចំនួន ១៤៤​នាក់ និង​កង​អាវុធហត្ថ​លេខ ៦៨១ ចំនួន ១១៩​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។

​នៅក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​មួក​ខៀវ​កម្ពុជា នា​ថ្ងៃទី​៣ ខែឧសភា​នេះ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ លោកនាយ​សេនីយ៍ សែម សុវណ្ណនី បញ្ជាក់​អំពី​ការបំពេញភារកិច្ច​រប​ស់​កង​ទាំង​៣ និង​ការយកចិត្តទុកដាក់​ខ្ពស់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការងារ​ត្រៀម​រៀបចំ​គ្រប់ផ្នែក​ទាំង​ឧបករណ៍ សម្ភារៈ មធ្យោបាយ ការហ្វឹកហ្វឺន​កម្លាំង ការរៀបចំ​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន មេបញ្ជាការ​កងយោធពល​ខេរ​ភូមិន្ទ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​កង​ខេមរភូមិន្ទ បាន​ថ្លែង​ក្នុងពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ UN កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្ត​បេសកកម្ម សកម្ម​ភាពជា​អាទិភាព ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថេរភាព​នៅក្នុង​ប្រទេស ក៏ដូចជា​បន្តសកម្មភាព​មនុស្សធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

លោក​បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ទោះបី​កងទ័ព​កម្ពុជា​ត្រូវបាន​រង​វាយប្រហា​ពី​ក្រុម​ឧទាម​នៅ​ប្រ​ទេ​s​ម៉ាលី ក៏ប៉ុន្តែ​កម្ពុជា​មិន​រាថយ នៅតែ​តស៊ូ​ប្តូរផ្តាច់​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ហើយ​កម្ពុជា​ប្តេជ្ញាចិត្ត​បង្កើន​កម្លាំង​បន្ថែមទៀត​ដើម្បី​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​នៅក្នុង​លោក​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​ទាំងអស់​ដែល​នឹង​ចេញដំណើរ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​អង្គការសហប្រជាជាតិ ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត បទបញ្ជា និង​អនុសាសន៍ ៤​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានលើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​កាលពីពេល​កន្លងទៅ​ត្រូវមាន​វិន័យ​ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា​ទាំងឡាយ​របស់​UN រក្សាបាន​ភាពថ្លៃថ្នូរ និង​កិត្តិយស​របស់​កង​ខេមរភូមិន្ទ និង​ប្រទេសជាតិ ត្រូវ​ចាប់​ឱកាស​ដើម្បី​រៀនសូត្រ​ដក​ពិសោធន៍​បង្កើន​ចំណេះដឹង និង​ស្វែងយល់​អំពី​របៀបរបប​ធ្វើការ​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​ប្រព័ន្ធ​អន្តរជាតិ​ពិសេស​ត្រូវមាន​សាមគ្គី ឯកភាព ចេះ​គោរព​ស្រឡាញ់ និង​ជួយ​ថែរក្សា​គ្នា​ទៅវិញទៅមក សំដៅ​សម្រេច​នូវ​ភារកិច្ច​បន្ត​ខិតខំ​រៀនសូត្រ​ភាសា​បន្ថែមទៀត ។ ត្រូវ​ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​សង្គម ការ​ប្រឈម នៃ​បេសកកម្ម យកចិត្តទុកដាក់​រៀប​ចំ​កម្លាំង ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ ដែល​អាច​កើតមានឡើង ប្រយុទ្ធ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​ប្រដាប់អាវុធ​នានា​ដោយ​ការវាយប្រហារ​ពួនស្ទាក់ ឬ​គ្រោះថ្នាក់​ធម្មជាតិ​គ្រោះថ្នាក់​នានា​។

សូមបញ្ជាក់ថា បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ចំនួន​៨ មាន នៅ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​សរុប​ចំនួន ៥២៥៧​នាក់ លើ​មុខជំនាញ​បោសសំអាត​មីន កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​៕​

 

កម្ពុជា​-​ចិន សន្យា​រួមគ្នា​ប្រឆាំង​ភេរវកម្ម និង​បដិវត្តន៍​ពណ៌​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ថ្ងៃទី​៣ ឧសភា​នេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជួប​ប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​លោក លី សៅ ប៊ី​ន (Liu Shaobin) អគ្គនាយក នៃ​អគ្គនាយក​ដ្ធា​ន​សន្តិសុខ​ក្រៅប្រទេស​ក្រសួងការបរទេស​ចិន បាន​អញ្ជើញ​ចូលរួម​ជួបប្រជុំ​ពិគ្រោះ​យោបល់​កម្ពុជា​-​ចិន​លើក​ទី​៣ នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៣ ខែឧសភា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ បាន​ពិភាក្សា​លើ​ការអភិវឌ្ឍ​រួមគ្នា​កិច្ចសហការ ប្រឆាំង​ភេរវកម្ម​និង​ការ​រួមគ្នា បដិវត្តន៍​ព​ណ៏​។ កម្ពុជា និង​ចិន មានការ​កើនឡើង​នៃ​កិច្ច​សហ​ប្រ​តុ​ប​ត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​។​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​នោះ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​ពី​បញ្ហា​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន​។ ក្នុងជំនួប​នោះ​ប្រធាន​គណៈ ប្រតិភូ​ចិន បាន​ប្រកាន់​ជំហរ​គោរព​អធិបតេយ្យភាព​កម្ពុជា​ឥត​ងាករេ​។ ភាគី​ចិន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ បន្ត​គាំទ្រ​ការ​អ​ភុ​វ​ឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​បន្ត​ទៀត​របស់​កម្ពុជា ។​

​បើតាម​លោក ជុំ សុន្ទរី ក្នុងជំនួប​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​រំលឹក​អំពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​២ កាលពី​ខែធ្នូ​ឆ្នាំ​២០១៦ នៅ​ប្រទេស​ចិន បានស្នើ​ឲ្យ​មាន​កិច្ចការពារ​សន្តិសុខ និង​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង​ក្រុមការងារ​សន្តិសុខ​គ្រប់​ជ្រុង ជ្រោយ​។​
​លោក​ទេសរដ្ឋមន្ត្រី ក៏មាន​គម្រោង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅក្នុង​ឆ្នាំ​២០១៨​នេះ នាពេល​វេលា​សមរម្យ​។​

​លោក​លី សៅ ប៊ី​ន បាន​ថ្លែងថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​ដំណើរ​បោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នៅ​កម្ពុជា​នីតិកាល​ទី​៦​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ រលូន អាច​ទទួលយកបាន ស្របតាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ ដែលមាន​គណបក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង ដែល​ក្នុងចំណោម​គណបក្ស​ទាំង​គណ​មួយចំនួន​ដែល​តាំងខ្លួន​ជា​គណបក្សប្រឆាំង​។

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពង្រឹង​សន្តិ សុខ និង​សហការ​ប្រឆាំង​អំពើ​ភេរវកម្ម ខណៈដែល​អំពើ​ភេរវកម្ម​មានការ​រីក​រាលដាល​នៅលើ​ពិភពលោក​។ កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប និង​ផ្តោតលើ​ការពង្រឹង​សន្តិសុខ និង​ប្រឆាំង​ភេរវកម្ម​។​
​ជា​បន្ត​សូម​តាមដាន​ស្តាប់​ប្រសាសន៍​ទាំងស្រុង​របស់លោក​ជុំ សុន្ទរី ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​៕​

ប៉ូលិសចរាចរ​២​រូប​ដែល​ទារប្រាក់​ពី​ជនបរទេស​ជិះ​ខុស​ភ្លើងស្តុប ត្រូវ​ផ្អាក​ការងារ​

​ភ្នំពេញ ៖ បន្ទាប់ពី​មានមតិ​រិៈ​គន​ពី​មហាជន​ក៏ដូចជា​អ្នកលេង​បណ្តាញ​សង្គម facebook ចែករំលែក​តៗ​គ្នា​កាលពីពេល​កន្លងមក​ពាក់​ព័ន្ធ​នឹង​មន្ត្រីនគរបាល​ចរាចរ​ណ៍​២​រូប​ដែល​បាន​ទារប្រាក់​ពី​ជនបរទេស​ដែល​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។ ដោយ​មន្ត្រីនគរបាល​ទាំង​២​នាក់​ទារប្រាក់​ចំនួន​២០​ដុល្លារ​ជា​ថ្នូរ​នឹង​ការមិន​ចាប់​បញ្ជូនទៅ​ការិយាល័យ​។​
​លោក​វរសេនីយ៍ឯក សែម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ចរាច​រទាំង​២​នាក់​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង​នោះ ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។

​ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​បាន​សុំ​គោលការណ៍​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាលជាតិ​ផងដែរ​។​

​លោកនាយ​ការិយាល័យ​បាន​បន្ថែមថា មន្ត្រីនគរបាល​ចរាច​រទាំង​២​នាក់​ខាងលើ បាន​ប្រព្រឹត្ត​ខុស​នូវ​វិន័យ​កម្លាំង​លេខ​០០៦​របស់​នគរបាលជាតិ ដោយ​ផាកពិន័យ​លើស​គោលការណ៍​និង​មិន​បានចេញ​វិ​ក័យ​ប​ត្រ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រីនគរបាល​ផ្សេងទៀត​៕​