All posts by មេគង្គ ប៉ុស្តិ៍

អ្នកសម្របសម្រួល​ថ្មី​របស់​UN​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការបន្ត​កិច្ចសហការ​បន្ថែម​ជាមួយ​កម្ពុជា

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត ញឹម​
​វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​
​មហន្តរាយ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ អ្នកសម្របសម្រួល​អង្គ​ការ​សហ​ប្រជា​​ជាតិ​ថ្មី​ប្រចាំ​កម្ពុជា​លោកស្រី PAULINE TAMESIS បានបង្ហាញ​ពី​ជំហរ​ក្នុង​ការបន្ត​កិច្ច​សហ ការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ដើម្បី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ជាការ​ឆ្លើយតប លោក​បណ្ឌិត ញឹម វណ្ណដា ថា ជាការ​ពិត ការដែល​កម្ពុជា​មានកា​រ​រីកចំរើន​ដូច​សព្វថ្ងៃនេះ គឺ អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ និង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ជាមួយ​ដែល​កម្ពុជា​ខ្លួនឯងបាន​ខិតខំ​ប្រឹងប្រែង​ផងដែរ ។​

​លោក​បាន​ជម្រាបជូន​លោកស្រី PAULINE TAMESIS ថា សុខភាព​នៃ​កំណើន​សេដ្ឋ កិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងមាន​ភាពល្អប្រសើរ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៧% ឬ​លើសពីនេះ ដែល​កំណើន​នេះ​បានមកពី វិស័យ​មួយចំនួន​រួមមាន វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វិស័យ​សំណង់​។​ល​។ ក្នុងនោះ​កម្ពុជា​បាន​ទាក់ទាញ​អ្នកវិនិយោគ​ពី​ខាងក្រៅ​អោយមក​បណ្តាក់ទុន​ដែល​ទុនវិនិយោគ​របស់​ពួកគេ​បានរួម​ចំណែក​ធ្វើអោយ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​។

ក្នុងឱកាស​នេះ លោក​បណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចាត់ទុក​វត្តមាន​របស់ លោកស្រី​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​ថា មាន​សារៈសំខាន់​ខ្លាំង ណាស់​ក្នុង​ការបន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កន្លង យើង​តែងមាន​កិច្ចសហការ​ដ៏​ល្អ​ជាមួយគ្នា​។​

ជា​កិច្ច​ឆ្លើយតប​លោកស្រី PAULINE TAMESIS ថា សហប្រជាជាតិ​នៅតែ​បន្ត​ជួយ​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដដែល​ទៅតាម​អ្វីដែល​ខ្លួន​អាចជួយ​បាន​។
​លោកស្រី​ក៏បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ដល់​កម្ពុជា ដែល​បាន​រៀបចំឡើង​នូវ​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ ២០១៥​។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​មាន​គោលដៅ​៖ ត្រៀម​បង្ការ ប​ន្ស៉ាំ​កាត់ បន្ថយ​គ្រោះថ្នាក់​មុនពេល​មាន​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ធម្មជាតិ ឬ​មនុស្ស​,​ឆ្លើយ តប សង្គ្រោះបន្ទាន់​ក្នុងពេល​មាន​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ​ក្រោយពេល​មាន​គ្រោះ មហន្តរាយ​។ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ​ថា ដើម្បី​អាចអនុវត្ត​ច្បាប់​នេះ​បាន​ជោគជ័យ វា​ទាមទារ​អោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕​

ជំងឺគ្រុនឈាម​នៅ​ដើមឆ្នាំ​នេះ កើនឡើង​ខ្លាំង​ជាង​ដើម​ឆ្នាំមុន​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​​បញ្ជាក់ថា ករណី​ជម្ងឺគ្រុនឈាម​នា​ដើមឆ្នាំ​២០១៨​នេះ​មានការ​កើនឡើង​ទ្វេដង ធៀប​នឹង​រយៈ ពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​អត្រា​ចម្លង​ថ្មី​ស្ថិតនៅក្នុង​សភាព​អាច​គ្រប់គ្រង​បាន ខណៈ ដែល​រដូវ​នៃ​ការឆ្លង​នៃ​ជម្ងឺ​មួយ​នេះ​នៅ​បន្ត​មាននៅ​ពេលខាងមុខ​។​

របាយការណ៍​ដដែល​បាន​បន្ថែមថា ក្រសួង​ជំនាញ​បានចេញ​សេចក្តីជូនដំណឹង​អោយ ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​នេះ ដែលជា​ធម្មតា​តែង​កើតមាន​ក្នុង លក្ខណៈ​ធ្ងន់ធ្ងរ​រៀងរាល់ ៥ ឬ ៦ ឆ្នាំ​ម្តង ហើយ​ឆ្នាំនេះ​អាចជា​ឆ្នាំ​នៃ​ការកើនឡើង​នៃ​ជំងឺ​នេះ​។​
ក្នុង​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រា​នេះ​ដដែល​ក៏បាន​លើកឡើង​ផងដែរ​អំពី​ជម្ងឺផ្តាសាយបក្សី ដែល​បាន​កើតឡើង​ចំនួន ៣​ករណី គឺ​នៅ​រាជធានី ភ្នំពេញ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តព្រៃវែង​នៅ​ដើម​ឆ្នាំនេះ ដែល​ក្នុងនោះ​មាន​មាន់ និង​ទា​មួយ ចំនួន​បាន​ងាប់ និង​កម្ទេចចោល តែ​ជំងឺ​នេះ​មិនមាន​ការឆ្លង​រាលដាល​ដល់​មនុស្ស​ទេ​។

​កិច្ច សហការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​អាជ្ញាធរ មូលដ្ឋាន បាន​ទប់ស្កាត់​មិនអោយ​មានការ​ឆ្លង​រាលដាល​បន្តបាន​ទាន់ពេលវេលា ហើយ​វិធាន ការ​បសុព្យាបាល​នៅតាម​ភូមិសាស្ត្រ​រងគ្រោះ​ត្រូវបាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង ប្រយ័ត្ន យោងតាម​បទពិសោធន៍​ដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក និង​ការបាញ់​ថ្នាំ​សម្លាប់ មេរោគ​នៅតាម​កសិដ្ឋាន លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​តាម​ដងផ្លូវ រួមទាំង​ការ​ផ្សព្វ ផ្សាយ​អប់រំ និង​ចែក​ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការការពារ​ជម្ងឺផ្តាសាយបក្សី​នេះ​ផងដែរ​៕​

គ្មាន​ការ​លួច​កាត់​ដែក​ស្ពាន​បា​ឡេ​ដែល​ទើប​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ទេ​

​ភ្នំពេញ ៖ បន្ទាប់ពី​ចុះ​ពិនិត្យ​ល្អិតល្អន់ នៅលើ​ស្ពាន​ប៉ា​ឡេ​ដែលជា​កន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ រួចមក មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន OCIC បានបញ្ជាក់​យ៉ាងច្បាស់​ថា ពុំមាន​អ្នក​លួច​កាត់​ដែក​ក្រោម​ស្ពាន ឬ​ដៃ​ស្ពាន ដូច​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​លើកឡើង​នោះទេ​។

​នេះ​បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC បាន​អះអាងថា ក្រោយ​ចុះ​ពិនិត្យឃើញថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក ដែល​សេសសល់​ពី​ការសំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​ចេញ​ប៉ុណ្ណោះ​។ ចំពោះ​ដែក​ប៉ា​ឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិនមាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC ដែល​សាងសង់​ស្ពាន​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ ហើយ​អះអាងថា ស្ពាន​នេះ​គឺអាច​ធ្វើចរាចរ​ឆ្លងកាត់​ជាធម្មតា​៕​

អគ្គរដ្ឋទូត​អាមេរិក​នៅ​ភ្នំពេញ សរសើរ​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​

​ភ្នំពេញ ៖ លោក​អគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា សម្តែង​ការកោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ថែមទាំង​ជំ​រុគ​អោយ​អ្នកវិនិយោគ​បន្ត​បណ្តាក់ទុន​នៅ​កម្ពុ​ជា្យ​បាន​ច្រើន​ថែមទៀត​។​

លោក​អគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា William A. Heidt បាន​សម្តែង​ការកោតសរសើរ​ពី​ការរីកលូតលាស់​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈ​ជាង ២​ទ​.​ស​.​វ កន្លងមកនេះ ជាពិសេស​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច រង្វង់​៧​ភាគរយ​ដែល ប្រសាសន៍​លើកឡើងថា​នេះ​ធ្វើឡើង ក្នុង​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ ខែម​ដ្រា​យ ខេ​ម​បូ​ឌា​កាលពី​ថ្ងៃទី​៨ ខែឧសភា​។​លោក​បាន​លើកឡើងថា​ខែម​ដ្រា​យ ខេ​ម​បូ​ឌា​មកដល់​កម្ពុជា​ចំពេល​ដ៏​ត្រឹមត្រូវ​បំផុត ព្រោះ​សេដ្ឋកិច្ចកម្ពុជា​កំពុង​រីកចំរើន ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ទីក្រុង​ភ្នំពេញ​យើង​ឃើញ​មាន ២០០០០ (​ពីរម៉ឺន​) យូ​នី​ត (Unit) នៃ​ខុន​ដូ ហើយ​នៅ​ខេត្ត​ព្រះសីហនុ​មាន​អាគារ​ខ្ពស់ៗ មិនតិចជាង ២០ ទេ ដែល​កំពុង​សាងសង់ ហើយ​ទាំងនេះ​សុ​ទ្ឋ​តែ​ជា​អតិថិជន​សក្តានុពលរ​បស់ ខែម​ដ្រា​យ ខេ​ម​បូ​ឌា​។

លោក សៅ សុខ​នី ដែលជា​អ្នក ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា មាន​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្វែងរក​ឱកាស​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន រឺក៏​ពង្រីក​អាជីវកម្ម​ដែលមាន​ស្រាប់​។

​ក្រុមហ៊ុន ខែម​ដ្រា​យ មានការ​ទាក់ទាញ​ខ្លាំង​ពី​សំណាក់​បណ្ដា​អាជីវកម្ម​នៅ​ក្រុង​ប្រទេស​កម្ពុជា ដោយសារ ប្រវត្តិ​យូរអង្វែង​ក៏ដូចជា​ការប្រតិបត្តិ អាជីវកម្ម​ដែលមាន​ភាពរឹងមាំ​។​

ជាមួយ​នោះដែរ​លោក Manuszak ដែលជា​អគ្គនាយករង​ក្រុមហ៊ុន ខែម​ដ្រា​យ​អន្តរជាតិ បាន​មានប្រសាសន៍ថា ខែម​ដ្រា​យ បាន​ជួយ​អាជីវករ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​អោយទទួល​បាន ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​ជាង ៤០​ឆ្នាំ មកហើយ​។ ពួកយើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​ជាមួយ​លោក សៅ សុខ​នី ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​របស់គាត់​ជា​អ្នក​នាំ​សិទ្ធ​ផ្ដាច់មុខ ព្រមទាំង​ការគាំទ្រ​លើ ដំណើរ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ខែម​ដ្រា​យ ក្នុងប្រទេស​កម្ពុជា​។ ពួកយើង​មានជំនឿថា​ការរីកចម្រើន​របស់គាត់​នឹង​អាច​បន្ត​ទៅកាន់​ទីផ្សារ ផ្សេងទៀត​នៅ តំបន់​អាស៊ី អាគ្នេយ៍​។

​សូមបញ្ជាក់ថា ខែម​ដ្រា​យ ជា​ក្រុមហ៊ុន​ធំជាងគេ​លើ​ពិភពលោក ក្នុង​សេវាកម្ម​សំអាត​កំរាលព្រំ សំភារៈ​សង្ហា​រឹម​សា​ឡុង កំរាល​ឥដ្ឋការ៉ូ ដែលមាន​អ្នក​ចែកចាយ​សិទ្ធ​ជាង 3500​កន្លែង​ក្នុង​បណ្ដា​ជាង​៥៥ ប្រទេស​លើ​ពិភពលោក នឹងមាន​បទពិសោធន៍​ជាង 40​ឆ្នាំ បំរើសេវា​កម្ម​សំអាត​ចំនួន 10000 (​មួយ​ម៉ឺន​)​គេហដ្ឋាន និង​អាជីវកម្ម​ក្នុង​1​ថ្ងៃ​។ ក្នុង​រយៈពេល​ជាង​2​ទស្សវត្ស៍​មកហើយ ក្រុមហ៊ុន ខែម​ដ្រា​យ តែងតែបាន​ការទទួល​ស្គាល់ (Green Certified) តាមរយៈ​ការប្រើប្រាស់​នូវ​ផលិតផល​សំអាត​មាន​សុវត្ថិភាព​និង​គ្មាន​ជាតិពុល​៕

លោកឯកអគ្គរដ្ឋ​ទូត William Heidt ក្នុង​សន្និសីទ​សារព័ត៌មាន ​នាពេលកន្លងមក

ស្ពានដែក​បា​ឡេ ឆ្លងពី​ខណ្ឌឫស្សីកែវ ទៅ​ខណ្ឌ​ជ្រោយចង្វា បើក​ឲ្យ​ធ្វើចរាចរ​ណ៍ហើយ​

​ភ្នំពេញ ៖ ស្ពានដែក​បា​ឡេ​ថ្មី​មួយ ដែល​អាជ្ញាធរ​បាន​សាងសង់​សម្រាប់​ឆ្លងកាត់​ពី​ចំណុចឃ្លាំង​សាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅ​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​ខណៈ​ស្ពាន​ជ្រោយចង្វា​ចាស់​កំពុង​ជួសជុល នឹងត្រូវ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

សូមជម្រាបថា ស្ពានដែក​បា​ឡេ នេះ​ត្រូវ​បានទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៩​លាន​ដុល្លារ និង​ប្រើពេល​សាងសង់​៦​ខែ​។ ការហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ស្ពានដែក​ថ្មី​នេះ គឺ​រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ រួម​នឹង​ការធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ផងដែរ​។

​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​នេះ បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​០៥ ខែឧសភា ហើយ​បាន​សាកល្បង​ធ្វើតេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈានទៅ​ដាក់​ឲ្យ​ដំណើរ​ការធ្វើ​ចរាចរណ៍​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​៕​

ឆ្នាំនេះ កម្ពុជា​គ្រោង​នាំចូល​អំបិល​៣​ម៉ឺន​តោន​សម្រាប់​បំពេញ​​កង្វះខាត​ក្នុងស្រុក​

​ភ្នំពេញ ៖ កម្ពុជា​គ្រោង​នាំចូល​អំបិល​ពី​ប្រទេសជិតខាង​ប្រមាណ​៣​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ខណៈដែល​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើអោយ​ការផលិត​បរិមាណ​អំបិល​ក្នុងស្រុក​មិន​គ្រប់គ្រាន់​។​

​ដោយសារ​បរិមាណ​អំបិល នៅក្នុង​ស្តុក​របស់​សមាគម​អំបិល​កំពត​-​កែប អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ត្រឹម​ខែកញ្ញា ឆ្នាំនេះ​ប៉ុណ្ណោះ សមាគម​នេះ​គ្រោង​នឹង​នាំចូល​អំបិល​ប្រមាណ​៣​ម៉ឺន​តោន ពី​ប្រទេសជិតខាង សម្រាប់​មក​ផ្គត់ផ្គង់​បន្ថែម​។

​តាម​ការបញ្ជាក់​របស់​សមាគម​អំបិល​កំពត​-​កែប អោយដឹងថា នៅក្នុង​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​កសិករ​មិនអាច​ផលិត​អំបិល​បាន​ច្រើន ហើយ​បរិមាណ​អំបិល​មាន​ក្នុង​ស្តុក គឺអាច​ផ្គត់ផ្គង់​បាន​ត្រឹម​ខែកញ្ញា ប៉ុណ្ណោះ​។ ដូចនេះ សមាគម​កំពុងតែ​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ប្រមាណ​៣​ទៅ​៤​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ ខណៈ​អំបិល​ក្នុង​ស្តុក​មាន​ជាង​៤​ម៉ឺន​តោន គឺ​មិន​គ្រប់គ្រាន់​នោះទេ ។

​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប ខាង​សមាគម​អំបិល​កំពត​-​កែប ជាមួយ​រដ្ឋបាលខេត្ត បាន​ពិភាក្សាគ្នា​ជា​បណ្តោះអាសន្ន​ថា នឹងដាក់​សំណើ​ទៅ​ក្រសួងកសិកម្ម ក្នុងការ​នាំចូល​អំបិល​ពី​ប្រទេស​ថៃ ប្រហែលជា​៣​ទៅ​៤​ម៉ឺន​តោន ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៨​នេះ » ។

គួររំលឹកថា កាលពី​ឆ្នាំ​២០០៩ កម្ពុជា​ក៏​ធ្លាប់​នាំចូល​អំបិល​ពី​ប្រទេស​ចិន ចំនួន​៣​ម៉ឺន​តោន​ដែរ ។ ប៉ុន្តែ មូលហេតុ​ដែល​ខាង​សមាគម​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​មិនសូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ផលិតផល​អំបិល​របស់​ប្រទេស​ចិន ធ្វើ​ពី​រ៉ែ​ដូចគ្នា​នឹង​ប្រទេស​ថៃ​ដែរ​។ ទោះជា​យ៉ាងណា ការ​នាំចូល​អំបិល​ពី​ខាងក្រៅ​នេះ សមាគម​អះអាងថា គឺ​មិនមាន​ផលប៉ះពាល់ ដល់​អ្នក​ផលិត​អំបិល​ក្នុងស្រុក​ទេ ព្រោះ​ការ​នាំចូល​សម្រាប់តែ​ផ្គត់ផ្គង់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ការផលិត និង​ប្រមូល​ផល​អំបិល​នៅក្នុង​ខេត្តកំពត និង​កែប ធ្វើឡើង​ចាប់ពី​ខែកញ្ញា រហូតដល់​ខែមេសា​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧ ២០១៨​នេះ ការប្រមូល​ផល​អំបិល​បាន​ប្រមាណ ២​ទៅ​៣​ម៉ឺន​ប៉ុណ្ណោះ​។

​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញថា ឧស្សាហកម្ម​នេះ​រកបាន​ប្រាក់ចំណូល​ប្រហែល​២២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​បរិមាណ​ផល​អំបិល​សរុប​បូករួម​ទាំង​បរិមាណ​អំបិល​សល់​ក្នុង​ស្តុក ប្រហែល​១៤​ម៉ឺន ៣​ពាន់​តោន​។

​ទិន្នផល​អំបិល​កំពត​-​កែប ក៏​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប ដូចជា អង់គ្លេស និង​ស្វ៊ី​ស​ផងដែរ ហើយ​កាលពី​ឆ្នាំ​២០១៧ ក៏មាន​ក្រុមហ៊ុន នាំ​ចេញទៅ​បារាំង​បាន​ចំនួន​១៨​តោន​ដែរ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើការ​នាំចេញ​បន្តទៀត​ទេ​៕​

សមាជិក​ព្រឹទ្ធសភា​អាមេរិក ៖ កម្ពុជា​ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង​

​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចាត់ទុក​កម្ពុជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ ដោយ​ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ។​

​លោក​ឌើ​ក អ៊ី​រីក​សិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​វ៉ា​ស៊ី​ង​តោន បាន​ថ្លែង​បញ្ជាក់​ទៅកាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​៧ ខែឧសភា​នេះ​ថា សហរដ្ឋអាមេរិក និង ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ​។

​ប្រទេស​ទាំងពីរ មិនចាំបាច់​អោយមាន​ភាព​តានតឹង​រវាង​គ្នា​នោះទេ គឺ​មានតែ​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ជាពិសេស តាមរយៈ​ឆន្ទៈ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អាចធ្វើ​ការសហការ​ជាមួយ​លោក ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ដើម្បីអោយ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​។ ដោយ​លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិក មើលឃើញថា​កម្ពុជា​ថ្វី​ត្បិត​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៦​លាន​នាក់​មែន ប៉ុន្តែ​កម្ពុជា​ជា​ប្រទេសមួយ​មាន​សារៈសំខាន់ ក្នុង​តំបន់ ហើយ​ពិភពលោក​ក៏​មិនអាច​ប្រាប់​ប្រទេស​កម្ពុជា ថា​ត្រូវ​ដឹកនាំ​ប្រទេស​បែបណា​នោះទេ មានតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែលជា​អ្នកកំណត់​ជោគវាសនា​ខ្លួនឯង​។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅក្រោយពេល​ជំនួប​ទ្វេភាគី​នេះ បញ្ចប់​។ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ជាស​ម្រូ​វ​ជាមួយគ្នា​នោះទេ​។ ជាក់ស្តែង​ប្រទេស​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ចាប់តាំងពី ឆ្នាំ​១៩៦៥ មកម្ល៉េះ ដូចនេះ ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ចការ​ជាមួយគ្នា​បន្ថែមទៀត​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​។ ទ​ន្ទឺ​ម​នេះ ឯកឧត្តម ឌើ​ក​អេ​រិ​កសាន់ រួម​និង​សមាជិក​គណៈប្រតិភូ​អាមេរិក ក៏បាន​កោតសរសើរ​កា​រដឹក​នាំ​របស់​សម្តេច​តេ​ជោ ដែល​ជាក់ស្តែង​ធ្វើអោយ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សន្តិភាព ស្ថេរភាព​នយោបាយ​។

​លោក ចង់អោយ​ប្រជាពលរដ្ឋ​អាមេរិក និង​អ្នកវិនិយោគ​អាមេរិក អាចមក​ឃើញ​ស្ថានភាព​កម្ពុជា​ជាក់ស្តែង នៃ​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជា​សព្វថ្ងៃ​តែម្តង​។

​ជាងនេះទៀត ដោយ​មើលឃើញថា កម្ពុជា​ជា​ប្រទេស​ល្អ និង​មាន​ប្រជាពលរដ្ឋ​ដ៏​ល្អ ដូចនេះ សហរដ្ឋអាមេរិក​ចង់​អោយមាន​កិច្ច​សហ​ប្រតិ​ប្តិ​ការ និង​ការពង្រឹង​មិត្តភាព​បន្ថែមទៀត ជាមួយ​កម្ពុជា ទាំង​ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស លើ​វិស័យ​កសិកម្ម ដោយ​ទីក្រុង​វ៉ាស៊ីនតោន អាចធ្វើ​ការនាំ​ផ្លែ​ប៉ោម ទឹកដោះគោ ចូលមក​កម្ពុជា រីឯ​កម្ពុជា​អាច​នាំចេញ អង្ករ និង​កសិផល​ផ្សេងទៀត​ទៅកាន់​រដ្ឋ​វ៉ា​ស៊ី​ង​តោន​វិញ​បានដែរ​។

​ឆ្លើយតប​ក្នុង​ចំនុច​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក ជាទូទៅ​មាន​លក្ខណៈ​ជិតស្និទ្ធ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដូចជា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរ​ណ៌ និង​វិនិយោគ ជាដើម​។ ប៉ុន្តែ​កន្លងមក​ក៏មាន​ដំណាក់កាល​ប្រឈម​មួយចំនួន​ដែរ​។ ទ​ន្ទឺ​ម​នោះ សម្តេច​តេ​ជោ បាន​លើកឡើងថា អ្នក​ដែល​យល់​ពី​ប្រទេស​កម្ពុជា​ដែរនោះ គឺ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។ ចំនុច​សំខាន់​មួយទៀត ដោយសារ​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ កម្ពុជា​មានការ​បោះឆ្នោត​ជាតិ ដែលមាន​គណបក្ស​ជាច្រើន​ចូលរួម គឺ​ឈរលើ​ប្រព័ន្ធ​លិទ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចនេះ សម្តេច ស្វាគមន៍​នូវ​ការវិល​ត្រឡប់មកវិញ របស់​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល រៀបចំ​ការបោះឆ្នោតជាតិ​នេះ ដើម្បី​ចូលរួម​អង្កេត​ការ​ណ៌ ។

​បន្ថែម​ពីនេះ​នៅក្នុង​ជំនួប​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​អាហា​រូប​ករ​ណ៌​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អាមេរិក​ផងដែរ​។ ជាពិសេស នាពេល​ខាងមុខនេះ លោក នឹងមាន​ឳ​កាស​ជួប​ជាមួយ​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត រួមទាំង​កូន​របស់​សម្តេច​ទាំងបី​ដែល​ធ្លាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក​តែម្តង ៕​

ផ្លូវជាតិ​លេខ​៣ ជា​ផ្លូវ​របៀង​ដ៍​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​

​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង ១៣៤​គីឡូម៉ែត្រ ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត ត្រូវបាន​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​ផ្លូវ​ឡើងវិញ នៅ​ព្រឹក ថ្ងៃ​ច័ន្ទ​ទី ០៧ ឧសភា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ផ្លូវ​នេះ​គ្រោង​នឹង​ប្រើពេល​៤២​ខែ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២១៩​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អះអាងថា ក្រោយ​ស្ថាបនា​រួច​ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​របៀង​ដ៍​សំខាន់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទេសចរណ៍​។

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ប្រវែង ១៣៤ គីឡូម៉ែត្រ​ពី​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់ទុក ផ្លូវជាតិ​លេខ​៣​ថា​ជា​ផ្លូវជាតិ​ដ៍​មាន​សារៈសំខាន់​មួយ​សម្រាប់​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន ការទាក់ទាញ​ទេសចរ​និង​ការតភ្ជាប់​ទៅកាន់​ខេត្ត​ជាតា​រា​រះ​នៅ​ទិស និរតី​ដូចជា​ខេត្តកំពត កែប ព្រះសីហនុ និង​ខេត្តកោះកុង​។

ផ្លូវជាតិ​មួយ​នេះ​មិនមែន​ត្រឹម ដើម្បី​ទាក់ទាញ​ទេសចរ​តែមួយ​នោះទេ ប៉ុន្តែ​ខេត្ត​ដែ ល​នៅជាប់​មាត់សមុទ្រ​របស់​កម្ពុជា​សុទ្ធសឹង​ជា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ធំ ដែល​ត​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​ក្រៅប្រទេស​ផងដែរ​។ ខេត្តកំពត ជា​ខេត្ត​មាន​សក្តានុពល​មួយ មិន​ថា វា​រី​អគ្គិសនី ផលិតផល​កសិកម្ម ទេសចរ​ធម្មជាតិ និង ជា អនាគត​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខេត្ត​នេះ​ជា​ខេត្ត​តែមួយគត់​ដែល​ផលិត​អំបិល​ដ៍​ធំ​បំផុត​មួយ ដោយ​ធ្វើការ​ផ្គត់ផ្គង់​នៅតាម​បណ្តា​ខេត្ត​នានា​។ សម្រាប់​ផ្លូវជាតិ​លេខ​៣​មាន​តួនាទី​សំខាន់ ដើម្បី​ធ្វើការ​ចែកចាយ​អំបិល​ទៅកាន់ ខេត្ត​ផ្សេងទៀត ដូច្នោះ​នេះ​ជា​អ្វីដែល​រដ្ឋាភិបាល​បាន​ខិតខំ​ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក​និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ នឹងត្រូវ​សាងសង់​ជា​ពីរ​កំណាត់ ដោយ​កំណាត់​ទី​១ ភ្នំពេញ (​ចោមចៅ​) ទៅដល់​ផ្លូវបំបែក​គូស​កំណាត់​ផ្លូវ​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​បែក​គូស មាន​ប្រវែង ៦៩​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា​៤​គន្លង​(២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ​។ កំណាត់​ទី​២: បែក​គូស​-​ក្រុង​កំពត​កំណាត់​ផ្លូវ​ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត មាន​ប្រវែង​៦៤​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ ទទឹង​១១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ​។

​គម្រោង​នេះ​នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ដោយ​ប្រើ​រយៈពេល​សាងសង់ ចំនួន ៤៨​ខែ​។

​បើតាម​រដ្ឋមន្ត្រី​សាធារណៈការ និង​ដឹកជញ្ជូន កំណាត់​ផ្លូវជាតិ​លេខ​៣ គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន ៥ រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្តកំពត និង​អា​ចត​ភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ ខេត្ត​ព្រះសីហនុ​តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ខេត្តកោះកុង ច្រកព្រំដែន​កម្ពុជា​-​ថៃ តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៤៨៕​

កម្ពុជា​-​តំបន់​ម៉ា​កាវ ចុះ MoU ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​ច្រើន​វិស័យ​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហ​ប្រ​តុ​ប​ត្តិ​ការ​អន្តរជាតិ​កាលពី​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួប​ជាមួយ​ឯកឧត្ដម ឈី សៃ​អន (Chui Sai On) នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្រោយ​ជំនួប​នេះ​ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំបន់​រដ្ឋបាល ពិសេស​ម៉ា​កាវ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ក្របខ័ណ្ឌ​កិច្ច​សហ ប្រតិបត្តិ​ការលើក​កំពស់​មិត្តភាព​។​

​ការចុះ​អនុស្សារណៈ​នេះ មាន​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ វប្បធម៌ ការសិក្សា និង​បណ្តុះបណ្តាល ពាណិជ្ជកម្ម ការផ្លាស់ប្តូ​រវាង​យុវជន និស្សិត និង​ធុរកិច្ច​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោកជំទាវ អ៊ា​ត សោភា អនុរដ្ឋលេខាធិការ​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មានប្រសាសន៍​បញ្ជាក់បន្ថែម​ដូចនេះ​ថា​៖​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍​លើកឡើងថា ដំណើរ​ទស្សនកិច្ច​នេះ​ជួយ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​យើង​ទាំងពីរ (​កម្ពុជា -​ចិន​) ក៏ដូចជា​បើក​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ជាមួយ​កម្ពុជា​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ជាមួយ​ឯកឧត្ដម ឈី សៃ​អន នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជួប​សាវ​នា​ការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួប​សាវ​នា​ការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ជាមួយ​លោក ឈី សៃ​អន នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ និង​អញ្ជើញ​ចូលរួម​ទស្សនា​រូបភាព​ទាក់ទង​ប្រធានបទ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​៕​

សវនាការ​នៅ​តុលាការ​កំពូល​សម្រេច​ប​ន្ត​ឃុំខ្លួន​លោក កឹម សុខា ៦​ខែ​ទៀត


ភ្នំពេញ ៖ មន្ត្រី​តុលាការ​កំពូល ថ្លែងថា បន្ទាប់ពី​បញ្ចប់​សវនាការ លោក​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោលគឺ បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រយៈពេល​៦​ខែ​បន្តទៀត ។​​

តុលាការ​ពុំបាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៃ​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​សវនាការ​ទេ ដោយសារ​សវនាការ​នេះ ជា​រឿង​មុន​អង្គសេចក្តី ពុំមាន​វត្តមាន​ជន​ត្រូវ​ចោទ ក៏​ដំណើរការ​បានដែរ គ្មាន​ខុស​នីតិវិធី​ឡើយ ។​

​បញ្ជាក់ដែរថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉ា​គី​ស្ថាន រួច​ជីវិត​ពី​ការ​លួច​បាញ់ប្រហារ​

​ប៉ា​គី​ស្ថាន ៖ ក្រុមមន្ត្រី​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​លោក អាសា​ន់ អ៊ី​កបាល់ (Ahsan Iqbal) បាន​រងរបួស​នៅក្នុង​ការប៉ុនប៉ង​ធ្វើឃាត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈដែល​ហេតុការណ៍​នេះ​ទំនងជា​ការបង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​មុនពេល​ការបោះឆ្នោត​សកល​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ា​គី​ស្ថាន​ត្រូវ​ឃាតករ​លប​បាញ់​ចំ​ត្រូវ​ដៃស្តាំ នៅពេល​លោក​កំពុង​ចូលរួម​នៅក្នុង​វេទិកាសាធារណៈ ក្នុង​មណ្ឌលបោះឆ្នោត ដែល​លោក​ឈរឈ្មោះ​ជា​បេក្ខជន​។ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ខេត្ត​ពុន​ចាប់ បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ថា ប៉ូលិស និង​ប្រជាជន​បាន​ចាប់​ឃាត់ខ្លួន​ទាន់ មិន​ឲ្យ​ឃាតករ​បាញ់​គ្រាប់​ទី​២ សំដៅ​លោក Ahsan Iqbal​។ តាម​អ្នកនាំពាក្យ​ដដែល លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉ា​គី​ស្ថាន គ្មាន​រងគ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវបាន​គេ​ដឹក​យកទៅ​ព្យាបាល​បន្ទាន់ នៅ​មន្ទីរពេទ្យ​

​សូមជម្រាបថា លោក អ៊ី​កបាល់ (Iqbal) គឺជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្សកាន់អំណាច និង​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក ណា​វ៉ាស់ ហ្សា​រី​ហ្វ (Nawaz Sharif) ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​៕

អ្នកស្រាវជ្រាវ​អំពាវនាវ​ឲ្យ​ថតចម្លង​សាស្ត្រា​ស្លឹករឹត​បុរាណ​ពី​ក្រដាស​បញ្ចូល​ជា​ទិន្នន័យ​កុំព្យូទ័រ​

​ភ្នំពេញ ៖ ឯកសារ​បុរាណ​ជាច្រើន ដែល​សរសេរ​លើ​ក្រដាស បាន​បន្សល់​នៅតាម​វត្ត​អារាម​យូរ​ឆ្នាំ​ហើយ និង​កំពុង​ពុកផុយ ប្រឈម​ការបាត់បង់​នូវ​ឯកសារ​កេរដំណែល​ប្រវត្តិសាស្ត្រ​នេះ​ទាំងស្រុង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការយកចិត្តទុកដាក់​អភិរក្ស​នោះទេ​។

​ជា​យូរ​មកហើយ​ដែល​ក្រុម​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រមូល​មក​រក្សាទុក​កេ​រ្តិ៍​ដំណែល​ដូនតា ប៉ុន្តែ​ក្រដាស​ទាំងនោះ​មិនអាច​រក្សាទុក​បានយូរ​តទៅទៀត​ទេ ទើប​មានការ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ថតចម្លង​បញ្ចូល​ទៅក្នុង​ទិន្នន័យ​កុំព្យូទ័រ ប្រយោជន៍​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​។​

ប្រធាន​អភិរក្ស​សាស្ត្រា​ស្លឹករឹត នៅ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ លោក ឡេង កុក​អាន អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ប្រញាប់​ថតចម្លង សាស្ត្រា​បុរាណ ពី​ក្រដាស​ទៅ​បញ្ចូល​ទៅក្នុង ទិន្នន័យ​កុំព្យូទ័រ ។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង នៅ​គ្រា​ដែល​ក្រុម​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ កំពុង​ប្រមូល​ឯកសារ​ព័ត៌មាន​កម្ពុជា​ទាំងអស់​ដើម្បី​បញ្ជូនទៅ​រក្សាទុក នៅ​សារមន្ទីរ​ប៊ុ​យ​ឡាក់​ប្រទេស​បារាំង​។​

​លោក ឡេង កុក​អាន បន្តថា ឯកសារ​ក្បួន​ខ្មែរ​មាន កាប វាន ក្រាំង ជាដើម​ដែល​បារាំង​បាន​រក្សាទុក​តាំងពី​សម័យ ព្រះមហាក្សត្រ​ជំនាន់​មុន ដែលជា​ឯកសារ​ក្រដាស កំពុងតែ​ចាស់​ខ្លាំង​ចង់​ពុក​ទៅហើយ លោក​ស្នើសុំ​រាជរដ្ឋាភិបាល ជួយ​ថតចម្លង​ស្នាដៃ ព្រឹទ្ធាចារ្យ​បុរាណ​មក​រក្សាទុក នៅក្នុង​ទិន្នន័យ​កុំព្យូទ័រ កុំ​ឲ្យ​បាត់បង់​។ ទន្ទឹម​នោះ ឯកសារ​បុរាណ​ច្រើន​ទៀត ដែល​ដំកល់​នៅក្នុង​វត្ត​អារាម ក៏​ក្រដាស​កំពុង​ចាស់​ដែរ គួរ​ចម្លង​ឯកសារ​បុរាណ​នោះ​ទុក​ក្នុង​ឌីជីថល ឬ​កុំព្យូទ័រ ងាយស្រួល​ដល់​មនុស្ស​ជំនាន់​ក្រោយ ស្រាវជ្រាវ​រកមើល​ឯកសារ​ទាំងនោះ តាមចិត្ត​ចង់បាន​។​

​លោក ឡេង កុក​អាន បន្តថា ការស្នើសុំ​ឲ្យ​ចាប់ផ្តើម​ថតចម្លង ឯកសារ​បុរាណ​ពី​ក្រដាស​ទៅជា​ទិន្នន័យ​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួល​យកទៅ​ពិចារណា​។ ប៉ុន្តែ​បើ​ការពិចារណា​នោះ​បន្ត​យូរ​ទៀត ដោយសារ​ខ្វះ​ថវិកា គឺ​បញ្ហា​នោះ កើតមាន​ដដែល​ចំពោះ​សាស្ត្រា​ស្លឹករឹត វាន ក្រាំង​ជាដើម ដែល​ចងក្រង​ដោយ​អ្នកប្រាជ្ញ វិទ្យាសាស្ត្រ​បូរាណ​របស់​ខ្មែរ​នោះ​។​

​លោក ឡេង កុក​អាន ឲ្យ​ដឹងថា ឯកសារ​របស់​ខ្មែរ​បុរាណ​មានចែង​នៅក្នុង សា​ស្រា្ត​ស្លឹករឹត វាន និង ក្រាំង ដែល​ក្នុងនោះ​មាន ច្បាប់ទម្លាប់​បុរាណ ប្រវត្តិ​វប្បធម៌​ជាតិ របាំ​តាម​តំបន់​ឬ​ទំនៀមទម្លាប់​ពាក្យ​ប្រៀនប្រដៅ ជាដើម ដែល​ចែង​នៅក្នុង​នោះ​គួរតែ​រក្សាទុក​៕

ពលរដ្ឋ​៤៤​នាក់​ថ្មី​ទៀត សង្ស័យ​ពុល​នំអន្សម​អាំង នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង

​ខេត្តក្រចេះ ៖ ពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ចំនួន​៤៤​នាក់ សង្ស័យ​ពុល​នំអន្សម​អាំង ស្ថិតនៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ នៅក្នុង​នោះ មាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​២៨​នាក់​។នេះ​បើតាម​សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់ មាន​អា​ការៈមិន​ស្រួលខ្លួន ក្រោយពី​បរិភោគ​នំអន្សម​អាំង ដែល​លក់​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។​

​សូមជម្រាបថា នេះ​គឺជា​ករណី​ពុល​ថ្មី​មួយទៀត បន្ទាប់ពី​ថ្ងៃទី​៣​ខែឧសភា សប្តាហ៍​មុន មាន​ករណី​សង្ស័យ​ពុល​ស្រា និង​ទឹក​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​រហូតមក​ដល់ពេលនេះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​កើន​ដល់​១១​នាក់ និង​ជាង​១៥០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​ប​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​មាន​អ្នកជំងឺ​ខ្លះ​បាន​ធូរស្រាល​ហើយ ក្នុងនោះ​មាន​អ្នកជំងឺ​ធ្ងន់​ប្រមាណ​១២​នាក់ ត្រូវបាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ខេត្តក្រចេះ មិនទាន់​បង្ហាញ​ច្បាស់លាស់​ពី​ករណី​ដែល​គេ​អះអាងថា ពុល​នំអន្សម​នោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា អ្នកជំងឺ​ដែលមាន​អា​ការៈពុល​អាហារ​ទាំងអស់ កំពុង​ត្រូវបាន​សង្គ្រោះ​ព្យាបាល និង​គ្មាន​អ្នកស្លាប់​ក្នុងករណីនេះ​ទេ​៕

ការប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​មិន​កំណត់​អាយុ​ទេ​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាសថា ការប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​នឹងមិន​កំណត់​អាយុ​នោះទេ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​និស្សិត​ពេទ្យ​ទាំងអស់​អាច​ចូល​បំពេញការងារ​រដ្ឋ ព្រោះ​ការសិក្សា​ជំនាញ​ពេទ្យ​នេះ​ត្រូវការ​ពេលវេលា​យូរ​ទម្រាំ​រៀន​ចប់​។​ក្រៅពីនេះ សម្តេច​តេ​ជោ បានប្រកាស​ពិនិត្យឡើងវិញ​ក្នុង​ការដំឡើង​ឋានន្តរ​ស័​ក្កិ និង​ឋានៈ​នៅក្នុង​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​ទាំងអស់ ដើម្បី​ឲ្យ​ប្រាកដថា ការដំឡើង​នោះ ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​រាជធានី​ភ្នំពេញ ជិត​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​សាជាថ្មី​ថា ចំពោះ​ការប្រឡង​ចូល​ក្របខណ្ឌ​ជា​មន្ត្រីរាជការ​ផ្នែក​សុខាភិបាល គឺ​មិនត្រូវ​បានកំណត់​អាយុ​ទៀត​ទេ ពីព្រោះ​ដូចជា​អ្នករៀន​ពេទ្យ​ឯកទេស​ជាដើម គឺ​ត្រូវ​ប្រើ​រយៈពេល​យូរ​ឆ្នាំ​ទម្រាំ​រៀន​ចប់ ហើយ​ចង់​ធ្វើជា​មន្ត្រីរាជការ​សុខាភិបាល​ផ្នែក​ពេទ្យ តែ​បែរជា​ហួសពេល​ហួស​អាយុ​។

បើតាម​សម្តេច ទោះ​អាយុ​ប៉ុន្មាន​ក៏​អាច​ប្រឡង​ចូល​បានដែរ ចាប់ពីពេលនេះ​តទៅ​។ តែ​ទោះយ៉ាងណា​ក៍ដោយ សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់ៗ​ថា ចំពោះ​ការស្នើសុំ​សម្តេច​អោយ​ការលើកលែង ឬ​ប​ន្ឋូ​រ​បន្ថយ​លើ​វិញ្ញាសារ​ប្រឡង​ចូល​ពេទ្យ គឺ​មិន​អាចធ្វើ​បានឡើយ​។ មានន័យថា ទាល់តែ​ចេះ​ទើប​ជាប់ មិនអាច​យក​សមត្ថភាព​អ្នកដទៃ ឬ​មិន​រៀន​ផង បាន​ជាប់​នោះទេ​។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៅតែ​អះអាងថា វិស័យ​អប់រំ​គឺជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ដែល​រាជរដ្ឋាភិបាល​មិន​ភ្លេច យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់ លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ក្នុង​ការជួយ​ជំរុញ​វិស័យ​អប់រំ​ជាតិ​អោយ​កាន់​តែមាន​គុណភាព រីកចម្រើន​ទៅមុខ និង​ទទួលបាន​ជោគជ័យ​។​

ក្រៅពី​ការងារ​អប់រំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៍​ប្រកាស​ពិនិត្យឡើងវិញ​នូវ​ការ​តម្លើង ឋានន្តរ​ស័​ក្កិ និង​ថ្នាក់ នៅក្នុង​ក្រសួង មន្ទីរ ស្ថាប័ន​ទាំងអស់ ដើម្បី​ឲ្យ​ប្រាកដថា ការ​តម្លើង​ថ្នាក់​អោយ​មន្ត្រី និង​តំឡើង​ស័​កិ្ក​ដល់​កងកម្លាំង​របស់ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​ក្នុង​ច្បាប់​។ សម្តេច​តេ​ជោ បាន​ក្រើនរំលឹក​ដល់​រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​គ្រប់​ក្រសួង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​រឿងនេះ គឺ​ត្រូវ​តំឡើង​ឋានន្តរស័ក្តិ​អោយបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ កុំ​ធ្វើ​តាមតែ​បទបញ្ជា ហើយ​កុំ​គិតតែ​តំឡើង​ឋានន្តរ​ស័​ក្កិ និង​តួនាទី​របស់ខ្លួន​ឬ​បក្ស​ពួកខ្លួន​មិនបាន​គិតគូរ​ដល់​មន្ត្រី​នៅក្រោម​ឱវាទ​។ តាមច្បាប់​នៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​គឺ​ក្រោយ​រយៈពេល​០២​ឆ្នាំ​ត្រូវ​ស្នើសុំ​តំឡើង​ឋា​ន្ត​រ​ស័​ក្កិ​ចំនួន​០១​ដង​។ សម្តេច​បាន​លើក​ជា​សំណួរ​ថា តើ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បានធ្វើ​ត្រឹមត្រូវ​តាម​ការកំណត់​ក្នុង​ច្បាប់​ហើយ​ឬ​នៅ​។​

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ជំនួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅក្នុង​រាជធានី​ភ្នំពេញ​៕

កាំកុងត្រូល​ច្រកទ្វារ​ប៉ោយប៉ែត​ រងការរិះ គន់ថា«​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​យកលុយ​»

​ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ និង​កម្មករ​អូស​រទេះ​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​រិះគន់​មន្ត្រី​កាំកុងត្រូល ថា ជា​ក្រុម​«​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​យកលុយ​»​ពី​ឈ្មួញ ក្នុងករណី បិត​ភ្នែក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿងឧបភោគ បរិភោគ និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី ឬ​ខូចគុណភាព ចូល​យ៉ាង​រលូន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ ការដែល​ឈ្មួញ​ខិលខូច​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​គេច​ផុតពី​ការបង្ក្រាប គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ក្នុង​ស្ថាប័ន​ជំនាញ បើកដៃ​ឲ្យ​ធ្វើ គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

​សូមជម្រាបថា ជា​ញឹកញាប់​គែ​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ តែងតែ​ចុះ​ត្រួតពិនិត្យ ទំនិញ​ខូចគុណភាព​នៅលើ​ទីផ្សារ ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​ឬ​គ្រឿង​ឧបភោគបរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ស្នាដៃ​។ ចំណែក​មន្ត្រី​បក្ខពួក​មួយចំនួន​ដែល​ឃុបឃិត​គ្នា​បិទបាំង​ការ​នាំចូល​ទំនិញ​ខូចគុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី នៅតែ​ប្រព្រឹត្តិ​អំពើពុករលួយ​ដដែល ។ ដោយសារតែ ម្តង​ចាប់ ម្តង​បើកដៃ​ឲ្យ​នាំចូល នេះហើយ ទើបត្រូវ​អ្នករស់នៅ​ក្រុង​ប៉ោយប៉ែត​ដាក់​រហស្សនាម​ឲ្យ​មន្ត្រី​កាំកុងត្រូល ខ្លះ​ថា «​ដៃ​ម្ខាង​បង្ក្រាប ដៃ​ម្ខាង​យកលុយ​»​។

​ក្រុមកម្មករ​អូស​រទេះ​ព្រំដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការនាំ​ទំនិញ​ចូល​នេះ គេ​ឃើញ​មាន​ក្រុម​ជើងសា​របស់​កាំកុងត្រូល​នៅ​ប្រចាំ​ច្រកទ្វារ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​ថៃ​ចូលមក​ក្រុង​ប៉ោយប៉ែត យ៉ាង​សន្ធឹកសន្ធាប់​។ ប្រភព​បន្តថា គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី ត្រូវបាន​ឈ្មួញ​យកទៅលក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បន្តទៅ​ទីផ្សារ​នៅតាម​បណ្ដា​ខេត្ត​នានា​។ ហេតុនេះ​សួ​ម​ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរ​ពិនិត្យឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​បន្ទាយមានជ័យ ដែល​បណ្ដោយ​ឧ្យ​ក្រុម​ឈ្មួញ​នាំយក​សាច់​គ្រប់​ប្រភេទ​ឆ្លងដែន​មក​ចែក​។​

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​មួយចំនួន​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ គឺមាន​ការឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រពន្ធ និង​បក្ខពួក​ទើប​អាច​ឆ្លង​ផុតពី​ច្រកទ្វារព្រំដែន​ចូលមក​ដល់ទី​ផ្សារ​។ ចំណែក​ពលរដ្ឋ ឬ​កម្មករ​អូស​រទេះ​ដែល​លួច​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​តិចតួច បើ​គ្មាន​ទំនាក់ទំនង​ទេនោះ នឹង​ត្រូវគេ​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ សម្រាប់​អ្នក​ដែល​បង់លុយ​តាម​ការកំណត់​គឺ​តែង​ចៀស​ផុតពី​ការបង្ក្រាប​រហូត​។​

​បញ្ហា​នេះ អ្នក​សារ​ព័​ត៏​មាន​មិនទាន់​ទទួលបាន​បកស្រាយ​ពី​លោក សាន វិជ្ជា​សារា​វុ​ធ ប្រធាន​សាខា​កំ​កុងត្រូល​ខេត្តបន្ទាយមានជ័យ នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​របស់លោក​ទាក់​ទង​បាន​ហើយ តែ​គ្មាន​អ្នកទទួល​៕