All posts by មេគង្គ ប៉ុស្តិ៍

ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​កម្ពុជា សម្រាប់​២០១៨

​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​វិទ្យាស្ថាន​ជាតិ NIPTICT កាលពី រសៀល ថ្ងៃទី​២១​ខែមិថុនា នេះ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង ព័​ត៌ មាន កម្ពុជា ដល់​ក្រុមហ៊ុន​ដែល​ទទួល ជ័យលាភី​ប្រចាំឆ្នាំ ២០១៨ និង​ការជួបជុំ​រវាង​ក្រុមហ៊ុន បច្ចេកវិទ្យា សាជីវកម្ម ធនាគារ គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​។​

​ការប្រកួតប្រជែង​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​កម្ពុជា គឺជា​កម្មវិធី​ប្រកួត ប្រជែង ថ្នាក់ជាតិ​ដែល​ផ្តល់ឱកាស ដល់​យុវជន ក្នុង​ការជំរុញ​នវានុវត្តន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា​គម នាគ​មន៍ និង​ព័ត៌មាន ក៏ដូចជា​លើកទឹកចិត្ត​បង្កើត​គំនិត​ថ្មីៗ​ក្នុងចំណោម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​
ជ័យលាភី​លេខ​១ ដែលមាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក បាន​ទៅលើ​ក្រុមហ៊ុន Morakot VB ដែលជា​ក្រម​ហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ផ្តោត សំខាន់​លើ​ប្រព័ន្ធ​ធនាគារ សម្រាប់ គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ ធនាគារ ហាង​បញ្ចាំ និង​ប្រតិបត្តិ​ករ ឥណទាន​។​
​ជ័យលាភី​លេខ ២ ដែលមាន​ប្រាក់រង្វាន់ ៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក បាន​ទៅលើ​ក្រុមហ៊ុន SoyoCambodia​ជា​កម្មវិធី​ទស្សនា​ភាពយន្ត​ដំបូង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា ដែល​បណ្តុំ​ទៅដោយ ភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដ រាប់ពាន់​រឿង ជាមួយនឹង​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ និង ផ្តល់​ភាពងាយស្រួល​និង​សំបូរបែប​ក្នុងការ​ទស្សនា​បាន​នៅលើ​ឧបករណ៍​គ្រប់​ប្រភេទ​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​។​
​
ជ័យលាភី​លេខ ៣ ដែលមាន​ប្រាក់រង្វាន់ ២​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក បាន​ទៅលើ​ក្រុមហ៊ុន បេន​ជី ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ផ្តោត​សំខាន់​ក្នុងការ​គាំទ្រ សហគ្រាស​ធុន​តូច និង មធ្យម ដើម្បីអោយ​ពួកគេ​អាច​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ទទួលបាន និង​ធ្វើការ​ទូទាត់ វិ​ក្ក័​យ​ប​ត្រ លឿន ព្រមទាំង​អាច​ទទួលបាន​កម្ចី ដោយ​ផ្អែកលើ របាយការណ៍​ហិរញ្ញវត្ថុ តែប៉ុណ្ណោះ ។ ក្រៅពី​ជ័យលាភី​ខាងលើ ក៏បានផ្ដល់​ពានរង្វាន់​ល្អ​បំផុត​តាម​វិស័យ មួយចំនួនទៀត​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នា​គម បាន​មានប្រសាសន៍ថា ក្រៅពី​ប្រកួត​ក្នុងស្រុក កម្ពុជា​ក៏​នឹង​បញ្ជូន​យុវជន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅតាម​បណ្តា ប្រទេស​ជាច្រើន​ទៀត ដើម្បី​ដកស្រង់​បទពិសោធន៍ និង​វាស់វែង​សមត្ថភាព បន្ថែម​របស់​យុវជន យើង​។​

​សូមបញ្ជាក់ថា ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​២០១៨ ផ្តល់​នូវពាន រង្វាន់​ចំពោះ​សមិទ្ធិផល បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ បំផុត​ក្នុង ប្រទេស​កម្ពុជា រៀបចំឡើង​ដោយ វិទ្យាស្ថាន​ជាតិ NIPTICT និង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី មូលនិធិ នៃ​ការកសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ លើ​វិស័យ ទូរគមនាគមន៍ និង​បច្ចេក វិទ្យា គមនាគមន៍​និង​ព័ត៌មាន និង​វិស័យ​ឯកជន​មួយចំនួនទៀត​។​

សាលា​មធ្យមសិក្សា​បច្ចេក​ទេស JVC ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ក្រុមហ៊ុន​វាយតម្លៃ​អន្តរជាតិ នៅ​ប្រទេស​សិង្ហបូរី​

​ភ្នំពេញ ៖ សាលា​មធ្យមសិក្សា​បច្ចេក​ទេស​ហ្ស៊ី​វ៉េ​សេ​ទទួលបាន​ការវាយតម្លៃ​គុណភាព​កម្រិត​ល្អ​បង្គួរ ពី​នាយកដ្ឋាន​គុណភាព នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ក្រុមហ៊ុន GIC ដែលជា​ក្រុមហ៊ុន​វាយតម្លៃ​មួយ មានការ​ទទួលស្គាល់ លំដាប់ ថ្នាក់​អន្តរជាតិ មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបូរី​។​
​

នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015 កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា នេះ ឯកឧត្តម ស៊ឹម សូ​រិ​ន ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​នាយក​សាលា​មធ្យមសិក្សា បច្ចេកទេស JVC​បាន​មានប្រសាសន៍​ឱ្យដឹងថា សាលា​នេះ បាន វិវត្តន៍​ខ្លួន ពី​មជ្ឈមណ្ឌល​បណ្តុះ បណ្តាល​បច្ចេកទេស JVC មកជា សាលា​មធ្យម​បច្ចេកទេស JVC ហើយ​មានការ​ឧបត្ថម្ភ​គាំទ្រ ពី​អង្គការ​ស្ម័គ្រចិត្ត ជនជាតិ​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុន ទាំង​អគារ ឧបករណ៍​សម្ភារៈ ដែល​បំពាក់​ក្នុង​សាលា​និង​រោង​ជាង សម្រាប់ធ្វើ​ការបណ្តុះបណ្តាល​ទៅលើ​ជំនាញ បច្ចេកទេស​ជួសជុល​រថយន្ត ដែល​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​។​
​

លោក​បញ្ជាក់ថា សាលា​មធ្យម​បច្ចេកទេស JVC មាន​ទីតាំងនៅ​ផ្លូវ​លេខ​៦​អា ភូមិ​ដើម​គរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ សាលា​បាន​ដំណើរការ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស​ជាច្រើន​ដូចជា​៖ កម្រិត​សញ្ញាបត្រ ជាន់ ខ្ពស់​បច្ចេកទេស កម្រិត​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង កម្មវិធី ស្ពាន ចម្លង​បន្ត​ជំនាញ​ជាដើម​។​
​

នាឱកាស​ពិធី​ប្រគល់​វិញ្ញាបនបត្រ អាយ អេស អូ នេះ ឯកឧត្តម បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងឱ្យដឹងថា ស្ថិតក្នុង​បរិបទ​សកល ភាវូបនីយ៍កម្ម ប្រទេស​មានការ​រីកចំរើន​លូតលាស់​ឥតឈប់ឈរ និង​មានការ​ប្រកួតប្រជែង ដើម្បី ស្វែងរក​ឧត្តមភាព គុណភាព​ផលិតផល និង​សេវាកម្ម​ឱ្យមាន​កម្រិត​អ​ប្បរមា ជាពិសេស ការ កសាង​កម្លាំង​ពលកម្ម ឱ្យមាន​សមត្ថភាព នឹង​លទ្ធភាព​ប្រើប្រាស់​បច្ចេកទេស​គ្រប់​កម្រិត ដើម្បី ឈានទៅ​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម ប្រកបដោយ​ចិ​រ​ភាព​។​

​ឯកឧត្តម បន្តថា ការអប់រំ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស និង​វិជ្ជា​ជិ​វៈ គឺជា​កត្តា​ដែល មិន អាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និង​ជម្រុញ​ឱ្យ​អ្នកសិក្សា​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេក ទេស ជាមួយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ក្លាយជា​ពលករ​ជំនាញ អ្នកបច្ចេកទេស ក្នុងការ​បង្កើន​ធនធាន មនុស្ស​សម្រាប់​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​ប្រទេស កំពុងមាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​ពិតប្រាកដ​។​

​ឯកឧត្តម​បញ្ជាក់ថា តាមរយៈ​ការប្រគល់​វិញ្ញ​បន​ប​ត្រ​នៅពេលនេះ គឺជា​ម៉ែត្រ​វាស់​មួយ ក្នុង ការ កំណត់​នូវ​បទដ្ឋាន នៃ​ការដឹកនាំ​របស់​គណៈ​គ្រប់គ្រង និង​គុណភាព​នៃ​ការអប់រំ បច្ចេកទេស ជំនាញ និង​ការវិវត្ត​របស់​សាលា​មួយ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ និង​មានការ​កែលំអ បំពេញ បន្ថែម​។ ក្រៅពីនេះ ក៏​ជាការ​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ក្នុងការ​បំពេញ ការងារ និង​ការ​ជម្រុញ​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង តម្រូវការ​ចាំបាច់ នូវ​កម្លាំង ពលកម្ម ដែលមាន​ជំនាញ ក្នុង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​៕​

នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា ផ្តល់ឱកាស​សិស្ស​ក្រីក្រ​អាច​សិក្សា​ដោយ​ជំពាក់​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានស្នើ​ឲ្យ​គ្រប់​គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា នានា នៅ​កម្ពុជា​ពិចារណា​ក្នុងការ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​អាច ធ្វើការ សិក្សា​បាន ដោយ​ទូទាត់​ប្រាក់​បង់ថ្លៃ​សាលា​នៅ​ពេ ល​ក្រោយ​ជំនួស​វិញ​។
​

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិ​ញ្ញា ប​ត្រ​ជាន់ខ្ពស់​ដែល បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ ពេញ​ប្រមាណ​ជាង ៣​ពាន់​នាក់​នៅ កោះ ពេជ្រ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​សាកល​វិទ្យា ល័យ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​សិក្សា និង​ពិចារណា​លើ​ការផ្តល់​លទ្ធភាព​ផ្តល់ ឱកាស​ដល់​សិស្ស និស្សិត​ក្រីក្រ​អាច​ចូលរៀន ដោយ​ជំពាក់​សិន​រឺ​បង់​តិចតួច​សិន ដើម្បី​ជួយ​ពួកគាត់ ឲ្យ​ទទួលបាន​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា​។
​គួរកត់សំគាល់​ដែរ​ថា កាលពី​ម្សិល​ម៉ិ​ញ​ក្នុងឱកាស​បិទ​សន្និបាត​ទេសចរ​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៍បាន​អំពាវនាវ​ដល់​បណ្តា​ធនាគារ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា ផ្តល់ប្រាក់ កម្ចី​សម្រាប់​និស្សិត​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​អាចមាន​ឱកាស​បន្ត ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​។​
​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ជម្រុញ និង​លើកទឹកចិត្ត​និស្សិត​ដែល​បញ្ចប់ ការសិក្សា​ត្រូវ​បន្ត​ការ ខិតខំ​បន្ត​រៀនចំណេះ​ជំនាញ​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា ធនធានមនុស្ស​ដែលមាន សមត្ថភាព​ពិត ប្រាកដ​។ សម្តេច​តេ​ជោ​បញ្ជាក់ថា គ្មាន ការចេះដឹង​ណាមួយ​ដែល​នៅ​ទ្រឹង​នៅ​មួយកន្លែង​នោះទេ និស្សិត​គួរ​រៀន​អ្វីដែល​ថ្មី តាមរយៈ​ការសិក្សា​ទៅមុខទៀត​ផងដែរ​៕​

យក​ដុំថ្ម​វាយ​កញ្ចក់​ទូ​លួច​យក​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ទាន់

​កណ្តាល ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពី​ពួកគេ​ទាំងពីរ​នាក់​ផ្សុំ​គំនិត​គ្នា ដោយ​ម្នាក់​ជា​អ្នក​ឡើង ដើម កំពីងរាជ មើលផ្លូវ និង​ម្នាក់ទៀត​លបចូល​ក្នុងផ្ទះ​អ្នកស្រុក យក​ដុំថ្ម​វាយ​កញ្ចក់​ទូរ​បែក រួច​រើកកាយ បំណង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិនបាន​សម្រេច ដោយសារ​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ។ អំពើ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៨​ព្រឹក ថ្ងៃ​១០ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។​
​
លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ជន សង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១- ឈ្មោះ ជួន ពន្លឺ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ នៅ ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ​នាង ដួងតារា​ហៅ​ដួង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ក្តាន់​រយ ឃុំ ដំណាក់ អំពិល ស្រុ​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ពៅ វ​តី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​យោងតាម​សម្តី​ស្ត្រី​ម្ចាស់ផ្ទះ​រងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ (​ជនរងគ្រោះ​) កំពុង​នៅក្នុង​បន្ទប់ទឹក ពេល​ចេញពី​បន្ទប់ទឹក​វិញ​ស្រាប់តែ​ឮសូរ​គ្រាំង​នៅ​ខាងលើ​ផ្ទះ ដោយមាន​ការសង្ស័យ គាត់​ក៏​ពរ​ចៅ​ដើរ​ឡើងទៅ​លើផ្ទះ​ស្រាប់តែ ឃើញ​ជនសង្ស័យ នាង ដួងតារា ហៅ​ដួង នេះ​កំពុង​នៅលើផ្ទះ ធ្វើ​សកម្មភាព​រើ​កក​កាយ ក្នុង​ទូ​។ ឃើញ​ដូច្នេះ​គាត់​ក៏​ទាញ​ទ្វារ​បិត ហើយ​ជនសង្ស័យ​ទាញ​ទ្វារ​បើក​ទាញ​ចុះ​ទាញ​ឡើង​ជាមួយគ្នា ខណៈនោះ ជនសង្ស័យ​បាន​យក អំបែង​កញ្ចក់​ចាក់ទៅលើ​រូបគាត់ បណ្តាលឱ្យ​មុត​ខ្នងដៃ​បន្តិច ហើយ​ជនសង្ស័យ​រត់តាម ជណ្តើរ​ចុះ គេចខ្លួនបាត់​។​

​ស្ត្រី​ដដែល​បន្ថែមថា ពេល​គាត់​ចុះពីលើផ្ទះ ក៏​ជួប​ឈ្មោះ ជួន ពន្លឺ កំពុង​ចុះ​ពីក្រោម​ដើម កំពីងរាជ ហើយ​រត់​គេចខ្លួនបាត់ ។ ក្រោយមក រូបគាត់ (​ស្ត្រី​រងគ្រោះ​) ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋ​បាន​នគរបាល​ដំណាក់​អំពិល​ឱ្យ ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ នាង ដួងតារា​ហៅ​ដួង​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួនគេ បាន​ឡើងផ្ទះ​ស្ត្រី​រងគ្រោះ ធ្វើ​សកម្មភាព​យក​ដុំថ្ម​វាយ​កញ្ចក់​ទូរ​បែក​ហើយ បាន​រើ​រក​អីវ៉ាន់ ត្រូវ​ម្ចាស់ ផ្ទះ​មក​ទាន់​ក៏​រត់គេច​តែម្តង​។ រីឯ​ជនសង្ស័យ ជួន ពន្លឺ​បាន​សារភាពថា​៖ ខ្លួន​ជា​អ្នក​ឡើង​ដើម កំពីង រាជ ដើម្បី​មើលផ្លូវ​ឲ្យ​ឈ្មោះ​នាង ដួងតារា ហៅ​ដួង​ដើម្បី​ធ្វើ​សកម្មភាព​ចូល​លួច ហើយ​កន្លងមក ខ្លួន ធ្លាប់​លួច​លុយ​លោក​វត្ត​ដំណាក់​អំពិល​(​លុយ​ក្នុង​ហិប​មុខ​ព្រះ​បដិមា​)​សម្រាប់​ទុក​កសាងបាន ប្រហែល ១០​ដង ទៀតផង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក អង្គស្នួល កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​រួចរាល់​ហើយ ៕

នគរបាល​យក​ដីកាកោះ​ហៅ​លោក សម រង្ស៊ី ទៅ​បិទ​នៅមុខ​អតីត​ទីស្នាក់ការ CNRP

​ភ្នំពេញ ៖ មន្ត្រីនគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ បាន​ចុះមក​បិទ​ដីកា​កោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅមុខ​អតីត​ទីស្នាក់ការ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អញ្ជើញលោក​សម រង្ស៊ី ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។
​

គួរ​រំលឹក ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្ដម​អង្គ វង្ស វ​ឌ្ឍ​នា​បានធ្វើ​អធិបញ្ជា​ឲ្យ​តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ រឿង​ព្រះរាជសារ​ក្លែងក្លាយ​។

​វិធានការ​របស់​ឯក​ឧត្ដម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បែបនេះ បាន​ធ្វើឡើង​ស្របពេល​មានការ​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ តាមច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមាថ ថា ព្រះរាជសារ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​បំផុត ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នោះ​គឺជា​ព្រះរាជ សារ​ក្លែងក្លាយ និង​គ្មាន​តំលៃ ទោះបីជា​ព្រះបរមរាជវាំង​ចេញមុខ​ប្រកាស ថា ព្រះរាជសារ​នោះ​ជា​ព្រះរាជសារ​ពិតប្រាកដ មិន​ក្លែងក្លាយ​ក៏ដោយ​៕​

ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង កំពុង​សិក្សា​ពី​សក្តានុពល លើ​វិស័យ​ជាច្រើន​ក្នុង​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី ៖ ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ លោក Oh Nak Young ឯកអគ្គរដ្ឋទូត​កូរ៉េ ខាងត្បូង ប្រចាំ​ព្រះរាជា​ណា​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​លើ​វិស័យ ទេសចរណ៍ កសិកម្ម រ៉ែ ធនធានទឹក និង​បរិស្ថាន ជាមួយ ឯកឧត្ដម ប៉េង ស​ម្បិ​ត្ត អភិបាលរង​ខេត្តមណ្ឌលគិរី ដោយមាន​ការ ចូលរួម​ពី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ កម្មវិធី​នេះ បានរៀបចំ នៅ​អគារ​ប្រជុំ​របស់​សាលា ខេត្តមណ្ឌលគិរី ។

​ឯកឧត្ដម ប៉េង ស​ម្បិ​ត្ត អភិបាលរង​ខេត្ត បាន​ជម្រាបជូន ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង អំពី​ទីតាំង ភូមិសាស្ត្រ និង សក្កា​នុព​ល​របស់​ខេត្តមណ្ឌលគិរី ដើម្បី​មាន​ភាពងាយស្រួល​ដល់ ការ​មក​បណ្តាក់ទុន វិនិយោគ​របស់ ក្រុមហ៊ុន សហគ្រាស​កូរ៉េ ដែល​ផ្តោត​សំខាន់​ទៅលើ​ទីផ្សារ ក្នុងការ​បង្វែ​ទិសដៅ ពី ផលិតកម្ម ដែល​រដ្ឋាភិបាល​កូរ៉េ​កំពុងតែ​ត្រួតពិនិត្យ​វិធីសាស្ត្រ​ផ្សេងៗ ដូចជា​ការចេញ​ដំណាំ កសិផល របស់​កម្ពុជា ទៅ​ប្រទេស​កូរ៉េ និង ដើម្បី​ជួយ​គាំទ្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងការ​កែលំអរ អតុល្យភាព​រវាង​ប្រទេស​ទាំងពីរ ។ ឯកឧត្តម បានស្នើ​ដល់ ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​ក​ម្ពូ​ជា បន្ត​ជម្រុញ អ្នក វិនិយោគ​នៃ​ប្រទេស​កូរ៉េ​ចូលមក​បណ្តាក់ទុន​វិនិយោគ​ក្នុង​ខេត្តមណ្ឌលគិរី អោយបាន​កាន់​ច្រើន បន្ថែមទៀត ដើម្បី​ប​ង្កើ​ឱកាស​ការងារ​ទទួលបាន​ប្រាក់​កំ​រ៉ៃ ធានា​កាន់​បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ កម្ពុជា ។
​
ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា​លោក Oh Nak Young បាន​មានប្រសាសន៍ថា​កិច្ច​សហ​ប្រតិ​ប​តិ្ត រវាង រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កំពុងមាន​ការកើនឡើង​លើ​គ្រប់​វិស័យ ដោយឡែក​ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដាច់​ស្រ​យ៉ា​ល ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ពិបាក​ក្នុង​ការនាំ​កសិផល​ចេញទៅ​ក្រៅ​ស្រុក រដ្ឋាភិបាល កូរ៉េ បាន​បង្កើត​ក្រុមការងារ ដើម្បី​មក​សិក្សា​ស្វែងយល់​ទៅ​វិស័យ​សំខានៗ​មួយចំនួន​ដូចជា កសិកម្ម ទេសចរណ៍ រ៉ែ និង​ថាមពល ធនធានទឹក និង​បរិស្ថាន ។ លោក Oh Nak Young ឯកអគ្គរដ្ឋទូត​កូរ៉េ ប្រចាំ​កម្ពុជា បាន​បញ្ញា​ក់ថា បច្ចុប្បន្ននេះ នៅ​ខេត្តមណ្ឌលគិរី មាន​ក្រុមហ៊ុន​មួយចំនួន​កំពុងធ្វើការ ពិសោធន៍ ដាំដំឡូង​បារាំង ស្ត្រូ​បេ​រី កាហ្វេ អា​បូ​ខា​ដូ និង ធូ​រេ​ន​ផងដែរ​។ លោក​បាន​សំណូមពរ​ដល់ រដ្ឋបាលខេត្ត និង អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​គាំទ្រ​ក្រុមហ៊ុន ដែល​មក​បណ្តាក់​ទុនវិនិយោគ ដើម្បីអោយ​ក្រុមហ៊ុន​ទទួលបាន​ជៅ​គ​ជ័យ ៕​

សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​សុ​ី​សង​ភ្នាល់​ចាក់បាល់​តាម​អុ​ី​ន​ធឺ​ណែ​ត​ពីរ​កន្លែង​នៅ​ក្រុង​បាត់ដំបង​

ខេត្ត​បាត់​ដំប​ងះ កំលាំង​ក្រុម បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក ប៉ង់​ចាន់ សុ​យុទ្ធ​ធារ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ទីតាំង​លួចលាក់​លេងល្បែង​សុ​ី​សង​ភ្នាល់​ចាក់បាល់​តាម​អី​ុ​ន​ធឺ​ណែ​ត​ចំនួន​ពីរ​កន្លែង​ឃាត់ខ្លួន​មនុស្ស​១៩​នាក់​។​

សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៧-៤០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​យីហោ Gold Cafe Net និង​ចំណុច​ទីតាំង​Master Net​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង និង​ខេត្តបាត់ដំបង​។​
នៅក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី ចំនួន​១៩​នាក់​ក្នុងនេះ​បុគ្គលិក​ចំនួន​៣​នាក់ រួម​និង​ដកហូត​វត្ថុតាង​
-LCD​កុំព្យូទ័រ ចំនួន​២៩​គ្រឿង​
-​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​២៣​គ្រឿង​
-​ឃីបត ចំនួន​២៣​គ្រឿង​
-​ម៉ៅ ចំនួន​២៦​គ្រឿង​
-​ទូរទស្សន៍ ចំនួន​៥​គ្រឿង​
-​ហាត់​ឌី​សកាំ​មេ​រ៉ា​ចំនួន​២​គ្រឿង​
-​ម៉ាស៊ីន​ព្រី​ន​ធំ ម៉ាក កា​ណុន ចំនួន ០១​គ្រឿង​
-​ម៉ា​ស៊ីម​ព្រី​ន​បុ​ង​បាល់ ចំនួន​១​គ្រឿង​
-​ម៉ាស៊ីន​គិត​លេខ​ចំនួន ២​គ្រឿង រួម​និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​
ជនសង្ស័យ​ពាក់ព័ន្ធ​និង​ប្រព្រឹត្ត​ល្បែង​សុ​ី​សង​តាម​អុ​ី​ន​ធឺ​ណែ​ត​ខាងលើ​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ក្នុងនោះ​សិស្សសាលា​ចំនួន​១៤​នាក់​ត្រូវបាន​អប់រំ​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​លែ​ក​បុគ្គលិក​និង​ម្ចាស់​ទីតាំង សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​បញ្ជូនទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាប់ដៃ​ជាមួយ​សកល​វិទ្យាល័យ ស៊ី​ង​ហ័​រ របស់​ចិន លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​សាកលវិទ្យាល័យ​ស៊ី​ង​ហ័​រ (Tsinghua) របស់ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​អប់រំ​។​
​

សូមជម្រាបថា សាកលវិទ្យាល័យ​ស៊ី​ង​ហ៊ួ គឺ​សាកលវិទ្យាល័យ​ដ៏​ចំណាស់ និង​ធំ​មួយ​របស់ ប្រទេស​ចិន ដែលមាន​អាយុកាល​ជាង ១០០​ឆ្នាំ​ហើយ​។ សាកលវិទ្យាល័យ​នេះ ធ្លាប់បាន​បង្រៀន ប្រធានាធិបតី​ចិន​ជាច្រើន​នាក់ ក្នុងនោះ​ក៏មាន​លោក ជីន ស៊ី​ពីង ដែលជា​ប្រធានាធិបតី​ចិន សព្វថ្ងៃ នេះ ផងដែរ​។​

​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ភ្វេ​ភាគី​រវាង​សាកលវិទ្យាល័យ​ទាំងពីរ បន្ទាប់ពី​ការចុះ​អនុស្សារណៈ យោគយល់​គ្នា​ត្រូវបាន​បញ្ចប់ ឯកឧត្តម ជេ​ត ជាលី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានស្នើ សុំ ឱ្យ​ភាគី​ចិន ជួយ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម​, ជួយ​បណ្តុះបណ្តាល​សាស្ត្រាចារ្យ របស់​សាកល វិទ្យាល័យ​ភូមិន្ទ​មួយចំនួន​ឱ្យដល់​កម្រិត​បណ្ឌិត និង​ជួយ​លើ​ផ្នែក​រដ្ឋបាល​សាធារណៈ​។​

លោក​សាកលវិទ្យាធិការ បាន​បន្ថែមថា សាកលវិទ្យាល័យ ស៊ី​ង​ហ័​រ​បានផ្តល់​អាហា​រូប ករ​ណ៍ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង​១៥០​នាក់​រួចមកហើយ មិនតែប៉ុណ្ណោះ មាន​មន្ត្រី​របស់​កម្ពុជា​ជាច្រើន​នាក់​ទៀត ក៏​ធ្លាប់​បានទទួល​អាហារ​រូបករណ៍ ពី​សាកលវិទ្យាល័យ នោះ​ផងដែរ​។​

……………………………..(……​ដាក់​សម្ភាសន៍​…..​ឯ​.​ឧ ជេ​ត ជាលី​…….​ចាប់ពី​…..​ស៊ី​ង​ហ័​រ មាន​មន្ត្រីជាន់ខ្ពស់​ច្រើនណាស់​……..​រហូតដល់​….​បុគ្គល​មួយៗ​ក៏​ចំណេញ​ច្រើន​)………………….
​ជាមួយគ្នានេះ លោកជំទាវ ចិន សូ (Chen Xu)​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកល​វិទ្យា ល័យ ស៊ី​ង​ហ័​រ​ដែលជា​សាកលវិទ្យាល័យ​លំដាប់​លើ​ពិភពលោក​ផង​នោះ បាន​សន្យាថា នឹង​រៀបចំ កម្មវិធីសិក្សា​ជួយ​បណ្តុះបណ្តាល​សាស្ត្រាចារ្យ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​សំណើ របស់ ឯ​.​ឧ ជេ​ត ជាលី​។​
​

លោកជំទាវ​ចិន សូ​បញ្ជាក់ថា ទោះជា​យ៉ាងណា ក្រុមប្រឹក្សាភិបាល​របស់​សាកល វិទ្យាល័យ Tsinghua កំពុង​ពិនិត្យ​សំណើ​ពីរ​ទៀត ហើយ​ក្រុមការងារ សុំ​ធ្វើការ​ពិនិត្យ​ជាមុនសិន​ថា តើ​សំណើ មួយណា​ដែល​ត្រូវ​សម្រេច​បន្ទាន់​ហើយ​សំណើ​ណា​នឹងត្រូវ​ពិនិត្យ​លទ្ធភាព​ជាមួយ​ថ្នាក់ដឹកនាំ​មុន នឹង សម្រេច​ជូន​។​

​សូមបញ្ជាក់ថា ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយ​សាកលវិទ្យាល័យ Tsinghua ជា​ឱកាស​ដែល​ក៏​ក​ម្រេ​មួយ ដែល​ខាង​ភាគី​ចិន បង្កើត​កិច្ច​សហប្រតិបត្តិ​ជាមួយ សាកលវិទ្យាល័យ នេះ ក្នុង​ការជួយ​កម្ពុជា​ឲ្យ​កាន់​តែមាន ភាពរឹងមាំ និង​ចំណេះដឹង​ថ្មីៗ ពី​ប្រទេស​ចិន​៕​

កង​អង្គរក្ស ចល័ត​យោធបរិក្ខារ​ពី​ក្រុង​តាខ្មៅ​ទៅ​បាត់ដំបង​ដើម្បី​ធ្វើ​ព្យុហយាត្រា​ថ្ងៃកំណើត​យោធភូមិភាគ​ទី​៥

​ភ្នំពេញ ៖ ទីបញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ជូនដំណឹង​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នេះ ដល់​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​អាជ្ញាធរ​រាជ ធានី​ភ្នំពេញ និង​ខេត្តកណ្តាល ថា ខ្លួន​នឹងធ្វើ​ការ​ចល័ត​កម្លាំង និង​យោធបរិក្ខារ ចេញពី​ទីបញ្ជាការ​អង្គរក្ស នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តបាត់ដំបង សម្រាប់​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ មាន​មូលដ្ឋាន​នៅ​ទី​រួម​ខេត្តបាត់ដំបង​។​
​
សូមជម្រាបថា ពិធី​នេះ ធ្វើឡើង​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ថ្ងៃកំណើត​យោធភូមិភាគ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​។ ក្រោយពី​បញ្ចប់​កម្មវិធី​នេះ កម្លាំង និង​យោធបរិក្ខារ នឹងត្រូវ​ចល័ត​មក​ទីបញ្ជាការ​អង្គរក្ស នៅ​តាខ្មៅ ខេត្តកណ្តាល វិញ​។​

​ជាមួយគ្នានេះ បញ្ជាការដ្ឋាន​អង្គរក្ស ក៏បាន​អំពាវនាវ​ផងដែរ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​aខាងលើនេះ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ កុំឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ស្នើ​ឱ្យជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​ការ​ចល័ត​កម្លាំង និង​យោធបរិក្ខារ​នេះ​ផងដែរ កុំឱ្យ​មានការ​ភ្ញាក់ផ្អើល ជាពិសេស ក្រែង​មាន​ជន​អគតិ​មួយចំនួន​យកទៅ​ឃោសនា​បំភាន់ ខុសពី​ការពិត​៕​

ក្រុមចោរឆក់​វ័យក្មេង​២​នាក់​អស់​ល័​ក្ខ​ពេលធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជន​ជាតិចិន​បានសម្រេច​

​ភ្នំពេញ​៖ ជនសង្ស័យ​វ័យក្មេង​២​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនបរទេស​បានសម្រេច តែ​ត្រូវបាន ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​០៥​នាទី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​ឡើង​ស្ពាន​ហង្ស (​ផ្លូវ​សបិត​) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ មាន​ជនបរទេស​មួយក្រុម (​ជនជាតិ​ចិន​) មាន​ស្រី​មាន​ប្រុស​ខ្លះ​ស្ពាយ​កាបូប​ខ្លះ​កាន់​ទូរស័ព្ទ បាន​ចេញពី​ភោជនីយដ្ឋាន​ដើរ​ថ្មើ​ជើង ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ខាងលើ បំរុង​នឹង​ឡើង​រថយន្ត​ភ្លាមនោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បានសម្រេច រួច​ប្រឹង​បើក​គេចខ្លួន តែ​លទ្ធ​ទទួលបាន គឺ​ត្រូវបាន​ជន​ជាតិចិន​ទាំងនោះ​ចាប់បាន​កន្ទុយ​ម៉ូតូ ក្រ​វេស​ក្រវាត់ ដួល​ម៉ូតូ ផ្អើលឆោឡោ​ដល់​ប្រជាពលរដ្ឋ​ចាប់បាន​ទាំង​២​នាក់​តែម្តង​។

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ទី​១ ប៉ា សុភា ១៦ ទី​២​ឈ្មោះ​
​អៀង រដ្ឋ​ណ្ណា អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ម្តុំ​ច្បា​អំពៅ ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ដែលមាន​ស្លាក​លេខ​ភ្នំពេញ​១DD-២៤៤៩ រីឯ​ទូរស័ព្ទ​ឆក់​បានសម្រេច​នោះ​ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លើស ពណ៌​ស បណ្តាលអោយ​បែក​អេក្រង់​។

​ជនសង្ស័យ​ទាំងពី​នាក់​ខាងលើ បាន​សារភាព​នៅ​ចំពោះមុខ​សម​ត្ថិ​កិច្ច​ថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​ជនជាតិ​ចិន​ទាំងនោះ​ពិតប្រាកដ​មែន ក្រោយពេល​ធ្វើការ​សាកសួ​រ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​តាម​និតិ​វិធី​៕​

ប្រយ័ត្ន កាហ្វេ និង​ឱសថ​« MADURA BOX» អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្លាប់

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២១ ខែមិថុនា នេះ បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដោយបាន​ហាមឃាត់​ការនាំ​ចូល ចែកចាយ តាំង​លក់ និង​ប្រមូល​ត្រឡប់មកវិញ​នូវ​កាហ្វេ និង​ឱសថ​បំប៉ន​សុខភាព​ក្លែងក្លាយ​១​ប្រភេទ ដែលមាន​កាហ្វេ​ឈ្មោះ MADURA BOX/4 Sachets និង​ឱសថ​បំប៉ន​សុខភាព​ឈ្មោះ MADURA BOX/ 10Capsules​។​

​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា បន្ទាប់ពី​រកឃើញថា នៅក្នុង​ផលិតផល​ទាំង​២​នេះ មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ Sidenafil ដែល​ប្រើ​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់ (​ស្លាប់​ដោយសារ​គាំងបេះដូង​) ។​

​សេចក្តីប្រកាស​ដដែល ក៏បាន​អំបាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ផលប៉ះពាល់​ដោយ​ឱសថ​នេះ ឬ​បើ​ឃើញ​មានការ​ចរាចរណ៍​ចែកចាយ​ឱសថ​ក្លែងក្លាយ​ដូចខាងលើ​នេះ សូម​ទាក់ទង​រាយការណ៍​ផ្តល់ព័ត៌មាន​ទៅ​នាយកដ្ឋាន​ឱ​សង ចំណី​អា​ហរ នៃ​ក្រសួង​សុខា​ភ​បាល​តាមរយៈ​លេខ​ទូ​ស័ព្ទ ៖ ០១១ ៥៧៤ ៧៨៧៕​

ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិន ​នឹងផ្តល់ អត្ថប្រយោជន៍​ច្រើនដល់សេដ្ឋកិច្ចកម្ពុជា

​ភ្នំពេញ ៖ ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្រោម​ការវិនិយោគ​របស់​វិនិយោគិន​ចិន មកពី​ខេត្ត​ស៊ី​ឈួន នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ផ្ដល់នូវ​ប្រាក់ចំណូល ផ្តល់ឱកាស​ការងារ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​ពី​បរទេស​មកកាន់​កម្ពុជា​។​

​ខណៈ​វិស័យ​សំណង់​លំនៅឋាន និង​សំណង់​អគារ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា កំពុងមាន​ការរីកដុះដាល​ជា​បន្តបន្ទាប់ វិនិយោគិន​ចិន​បាន​សម្លឹងមើល​ពី​ការវិនិយោគ​ក្នុង​វិស័យនេះ ដោយបាន​បើក​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ នោះ​គឺ​ផ្សារ​លក់រាយ​នូវ​គ្រឿង​សង្ហា​រឹម​សម្រាប់​បំពាក់​តាម​អគារ​និង​លំនៅឋាន ។

ថ្លែង​នៅក្នុង​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​ពាណិជ្ជកម្ម ចេង​ឌូ​បា​យី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចាប់​អារ​ម្ម​ណ៌​ថា វត្តមាន​របស់​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយសារ​ផ្សារ​នេះ នឹង​ស្រូបយក​ទំនិញ​ក្នុងស្រុក ដែល​ផលិត​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជំរុញ​ការនាំចេញ ។

លើសពីនេះ ផ្សារ​នេះ នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែមទៀត ។ រដ្ឋមន្ត្រី​បន្តថា កំណើន​រឹងមាំ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​វឌ្ឍនភាព​នៃ​វិស័យ​សំណង់ បានធ្វើ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ស​ម្ភា​រៈ និង​គ្រឿង​សង្ហា​រឹម​ប្រណិតៗ​។​

ការមកដល់​នៃ​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​តាមបែប​ស៊ី​វិ​ល័យ ស្របតាម​បរិបទ​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច ។ លោក​បាន​អំពាវនាវ ដល់​បណ្ដា​សហគ្រិន និង​ផលិតករ​កម្ពុជា សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដាក់តាំង​បង្ហាញ​ផលិតផល និង​មុខទំនិញ នៅក្នុង​បរិវេណ​ពិព័រណ៍​ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន ចេង​ឌូ​បា​យី ដើម្បី​ស្វែងរក​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម មកពី​ប្រទេស​ចិន សំដៅលើ​ការលក់ និង​ចែកចាយ​ទៅកាន់​ទីផ្សារ​ធំៗ​នៅក្នុង​ប្រទេស​ចិន ។

​លោកស្រី ឆាង យី​ង (Zhang Ying) អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​បានអោយដឹងថា ប្រទេស​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​យុទ្ធសាស្ត្រ​ចតុកោណ សម្រាប់​ការអភិវឌ្ឍន៍​ជាតិ ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​កម្រិត​មធ្យម នៅ​ឆ្នាំ ២០៣០ ។
​លោកស្រី​បន្តថា ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​មក វា​បានទទួល​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ក្នុង​វិស័យ​កសិកម្ម ថាមពល ការដឹកជញ្ជូន និង​យុទ្ធសាស្ត្រ​ចតុកោណ ។ ខេត្ត​ស៊ី​ឈួន​ជា​ចំណុច​សំខាន់​នៃ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ និង​ជា​ច្រករបៀង​ចរាចរណ៍​សំខាន់​នៅ​អាស៊ីអាគ្នេយ៍ ។

​ខេត្ត​នេះ មាន​ដី​សមត្ថភាព​ឧស្សាហកម្ម​យ៉ាងខ្លាំង​ក្លា និង​បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ចិន​និង​អាស៊ីអាគ្នេយ៍ ដើម្បី​បំពេញ​អោយ​គ្នា​ទៅវិញទៅមក និង​សម្រេចបាន​នូវ​ភាពរុងរឿង​និង​ការអភិវឌ្ឍន៍​ជាទូទៅ ។​គួរ​កត់សម្គាល់ថា បច្ចុប្បន្ន​ប្រទេស​ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា ។​
បើតាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ស្តីពី​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បង្ហាញថា ចាប់ពី​តាំង​ឆ្នាំ​២០០៤ រហូតដល់​ខែមិថុនា ឆ្នាំ​២០១៧ ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន មាន​ចំនួន​សរុប ៧២៦ ពាន់​លាន​ដុល្លារ ហើយ​បាន​ឈរ​ក្នុង​លំដាប់​ទី​១ ក្នុងចំណោម​ប្រទេស​ដៃគូ​ទាំងអស់ ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន នៅក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៥​ពាន់​៨​រយ​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ១​ពាន់​លាន​ដុល្លារ និង​នាំចូល​ពី​ប្រទេស​ចិន​មាន​ចំនួន ៤​ពាន់​៧​រយ​លាន​ដុល្លារ ៕
​

សម្តេច​តេ​ជោ ផ្តល់​អនុសាសន៍​៤​ចំនុច​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង អាស៊ាន

​ភ្នំពេញ ៖ នៅក្នុង​អនុ​សាស​ន៌​គន្លឹះ​សំខាន់​ចំនួន​៤​ចំនុច ដែល​សម្តេច​តេ​ជោ បានដាក់​ចេញ​សំដៅ​ជម្រុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ​ណ៌​របស់​អាស៊ាន អោយបាន​កាន់តែខ្លាំង​ថែមទៀត ក្នុងចំណោម​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រមាណ ៣០​លាន​នាក់​នោះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ផ្តល់​កម្ចី​ការប្រាក់​ទាប ដល់​និស្សិត ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​ក្នុង​គោលដៅ​អភិវឌ្ឍ ទេសចរ​ណ៌​កម្ពុជា​ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២​ស្តីពី «​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​កត់សំគាល់ថា វិស័យ​ទេសចរណ៍​ពិភពលោក​កំពុង​ចូលរួម​បង្កើត​ចំណូល​ជាតិ​ស្មើនឹង ១០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​ធ្វើដំណើរ​នៅ​ទូទាំង​ពិភពលោក​ស្មើនឹង​៣០​ភាគរយ នៃ​ការនាំចេញ​ផ្នែក​សេវាកម្ម និង ៧​ភាគរយ នៃ​ការនាំចេញ​សរុប ស្ថិតក្នុង​លំដាប់​លេខ​៣ នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក ខណៈដែល​ការនាំចេញ​ប្រេងឥន្ធនៈ​ស្ថិត​លំដាប់​លេខ​១ និង​ការនាំចេញ​ផលិតផល​គីមី​ស្ថិត​លំដាប់​លេខ​២​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ពិភពលោក​ទាំងមូល ទទួល​បានទេ​ចរណ៍​អន្តរជាតិ​ជាង ១​ពាន់​៣​រយ​លាន​នាក់ មាន​កំណើន ៧​ភាគរយ​។
​តាម​ការ​ព្យាករ ទេសចរណ៍​ពិភពលោក នឹង​នៅតែ​បន្ត​កើនឡើង​តទៅទៀត ដោយ​ឆ្នាំ​២០២០ ពិភពលោក​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង ១​ពាន់​៤​រយ​លាន​នាក់ និង កើន​ដល់​១​ពាន់​៨​រយ​លាន​នាក់​នា​ឆ្នាំ​២០៣០​។ ក្នុងនោះ នៅក្នុង​ឆ្នាំ​២០១៧ តំបន់​អាស៊ាន ទទួល​ទេសចរ​អន្តរជាតិ​ចំនួន ១២៥​លាន​នាក់ និង​បាន​បង្កើត​ចំណូល​សរុប​ប្រមាណ ៩៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​១២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​តំបន់​អាស៊ាន​ទាំងមូល​។

​សម្តេច​តេ​ជៅ បាន​លើកឡើងថា សម្រាប់​ប្រទេស​កម្ពុជា ក៏ ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅនឹងកន្លែង ដែល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​។ ដោយ​តាម​គោលដៅ​របស់​កម្ពុជា គឺ​រំពឹងថា​នឹង​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នា​ឆ្នាំ​២០២០ និង ១០​លាន​នាក់ នា​ឆ្នាំ​២០២៥ ហើយនឹង​កើន​ដល់ ១៥​លាន​នាក់ នា​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​តាម​គោលដៅ​រំពឹងទុក​ទាំង​សម្រាប់​តំបន់​អាស៊ាន និង ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បានផ្តល់​នូវ​អនុ​សាស​ន៌​សំខាន់​ចំនួន​៤ ចំនុច សម្រាប់​បន្ត​ការអនុវត្ត លើ​វិស័យ​ទេសចរ​ណ៌ ក្នុងនោះ ៖ ទី​១• ត្រូវ​យកចិត្តទុកដាក់​ចំ​ញេះ​ចរន្ត​នៃ​ការរីកចម្រើន​វិស័យ​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ពិសេស​ក្នុង​បរិការណ៍ បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង ការរីកចម្រើន​នៃ បញ្ញា​សិប្បនិម្មិត ដូចជា ប្រព័ន្ធ​កក់​សំបុត្រ​ធ្វើដំណើរ​, បន្ទប់​ស្នាក់នៅ​, មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​កំពុង​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​កម្រិត​ខ្លាំង​ឡើង ។ ទី​២ បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​អ្នកជំនាញ​ដូចគ្នា​ក្នុង​តំបន់ ។ ទី​៣•​ជំរុញ​បង្កើត​យន្តការ​ទទួលស្គាល់​បទពិសោធន៍​រួម ដោយ​ឈរលើ​គោលការណ៍​គុណភាព និង ក្របខណ្ឌ គតិយុត្ត​នៃ​ប្រទេស​នីមួយៗ ។ និង​ទី​៤ ស្នើសុំ​ដៃគូ​អភិវឌ្ឍ​, អង្គការ​ជាតិ​-​អន្តរជាតិ សហការ និង ជួយ​គាំទ្រ ដល់​ប្រទេស​សមាជិក​ឤ​ស៊ាន តាម​ការជាក់ស្តែង ដើម្បី​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ពិនិត្យមើល ការផ្តល់​ប្រាក់កម្ចី​ការប្រាក់​ទាប ដល់​និស្សិត​ខ្មែរ​ដើម្បី​រៀន​ជំនាញ​ទេសចរណ៍​។

​សម្តេច​តេ​ជោ បាន​ចាត់តាំង​ឱ្យ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិភាក្សា​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សិក្សា​រៀបចំ​ការផ្តល់​ប្រាក់កម្ចី​ដល់​និស្សិត​សម្រាប់​រៀន​ជំនាញ​ទេសចរ ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត ដែល​ធ្វើយ៉ាងណា​ធានា​ដល់​ការ​ចំណេញ​ទាំងអស់គ្នា គឺ​ធនាគារ ដែល​ផ្តល់​ប្រាក់កម្ចី ត្រូវ​ទទួលបាន​ប្រាក់​ដើម បូក​ជាមួយ​ការប្រាក់​ត្រឡប់មកវិញ នៅពេល​និស្សិត​រៀន​ចប់ ចំណែក​និស្សិត ក៏​ទទួលបាន​ជំនាញ និង​ចំណេះដឹង​ផ្នែក​ទេសចរ​ណ៌​ផងដែរ​៕
​

អាជ្ញាធរ​ក្រុងភ្នំពេញ ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម បង្កើន​លទ្ធភាព​ការងារ​

 

​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ មន្ត្រី​ពាក់ព័ន្ធ ភ្នាក់ងារ​ប្រមូល​សំអាត​សំរាម និង​អាជ្ញាធរ​សង្កាត់ ខ័​ណ្ឌ ទាំងអស់​មក​ប្រជុំ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រមូល​សំរាម នៅតាម​បណ្តារ​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឱ្យមាន​បរិស្ថាន​ល្អ ធានាបាន​ថា រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព ស្អាត​ល្អ សក្តិសម​ជាទី​ក្រុង​ទាន់សម័យ​នៅ​អាស៊ីអាគ្នេយ៍​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង​បាន​ជម្រុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាមមើល​ជាប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិនបាន​ទៅ​ដឹកជញ្ជូន ហើយ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា ចៀល​វៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​

​លោក អភិបាល បានលើកឡើង​ទៀតថា រដ្ឋបាល​រាជធានី នឹងធ្វើ​ឡ​ដុត​សំរាម នៅតាម​តំបន់​ជាយក្រុង​មួយចំនួន ពិសេស​ទីតាំង​ណា ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើនឡើងៗ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់ នឹង​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​បង្ករ​ឱ្យមាន​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​សុខភាព សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​។​

ទន្ទឹមគ្នា​នោះដែរ លោក បាន​មើលឃើញថា ការដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈខុស​បច្ចេក​ទេស ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើងវិញ គឺ​កាត់​ឱ្យមាន​ចន្លោះ​ខាងក្រោម​ឱ្យបាន​ធំ​ជាង​នេះ ដើម្បីឱ្យ​ទឹក​អាច​ហូរ​ចេញចូល​នាំយក​សំរាម និង​ដី​ចេញពី​ទ្រូងផ្លូវ​កុំឱ្យ​ទៅ​កក​នៅ​កណ្តាល​ទ្រូងផ្លូវ​តទៅទៀត​។ ក្រៅពីនេះ ក៏បាន​ស្នើឱ្យ អាជ្ញាធរ​សង្កាត់ ខណ្ឌ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​យុទ្ធនាការ បោស​កើប ឬ​ប្រមូល​ដី និង​ខ្សាច់​ទាំងនោះ​ចេញ​ឱ្យបាន​ជាប្រចាំ​។​

ទាក់ទិន​នឹង​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម របស់​ប្រជាជន​ពលរដ្ឋ​វិញ ក៏ត្រូវ​តែមាន​វិធាន​ជាប្រចាំ​ផងដែរ កុំ​គិតថា ការធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន វា​នាំឱ្យមាន​ផលប៉ះពាល់ ឬ ដោ​ន​ភាព​ដល់ ការបោះឆ្នោត ត្រូវ​រួមគ្នា​គិតពី​បញ្ហា​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​សំខាន់​សំរាប់​យើងទាំងអស់គ្នា​៕​

ចិន ពិចារណា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨ នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Chen Xu​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សកល​វិទ្យាល័យ Tsinghua របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា សកលវិទ្យា​ល័យ​Tsinghua ជា​សកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​ចិន ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ និង​មានបទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ប្រទេស​ចិន​ភាគច្រើន​ចេញពី​សកល​វិទ្យាល័យ​មួយ​នេះ​។

​ក្នុងជំនួប​ពិភាក្សា​នោះដែរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​ផ្តោតជាសំខាន់​លើ​ចំណុច​ចំនួន​មានដូចជា​៖ ពាក់ព័ន្ធ​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ​នាពេល​អនាគត​។​ខាង​សកល​វិទ្យាល័យ នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ចំ​បោះ​លើ​គ្រូ​បង្គោល​កម្ពុជា​។​ពាក់ព័ន្ធ​លើ​ការបណ្តុះបណ្តាល​មន្ត្រីរាជកា​រយៈពេល​វែង ដែល​ខាង​ភាគី​ចិន នឹង​ផ្តល់​អាហារូបករណ៍ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត សកល​វិទ្យាល័យ​មួយ​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់យោបល់​ទៅ​រដ្ឋាភិបាល​ចិន ធ្វើ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ធំៗ​ជាច្រើន​ទៀត​។ ខាង​សកល​វិទ្យាល័យ​Tsinghua ចង់បាន​ព័ត៌មាន​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ថា តើ​មាន​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បែបណា ដើម្បី​សកលវិទ្យា​ល័យ​ទទួលយក​ព័ត៌មាន​ទាំងនេះ រៀបចំ​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ ផ្តល់​ជូនទៅ​រដ្ឋាភិបាល​ចិន​សម្រាប់​ជួយ​គាំទ្រ​ដល់​កម្ពុជា​។

​លោក ឡៅ ហ៊ីម បាន​បញ្ជាក់ថា កន្លងមក​មន្ត្រីរាជកា​រ​របស់​ក្រសួង​ការងារ​ក៏​ធា្ល​ប់ទ​ទួលបាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​នេះដែរ ។ ក្រសួង​បានស្នើ​សុំ​ទៅ សកល​វិទ្យាល័យ​ផ្តល់​អាហារូបករណ៍​ជាច្រើន ទៅលើ​ការបណ្តុះបណ្តាល​ធន​ធន​មនុស្ស ជាពិសេស​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​វិស័យ​កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ទំនើបៗ​និង​ផ្នែក​ផ្កាយរណប ផងដែរ ។​

​លោ​កម​បន្តថា បច្ចុប្បន្ន​និស្សិត​កម្ពុជា ខ្វះខាត​ជំនាញ​ខាង​ផ្កាយរណប​នេះ ដែល​ក្រសួង​ត្រៀម​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(NPIC)​។ ក្រោយពេល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន ក្រសួង​នឹង​រៀបចំ​កិច្ចការ​នេះ​ឱ្យ​បានល្អ ស្របតាម​តម្រូវ​ការជំនាញ​ចាំបាច់​ដើម្បី​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​នៅលើ​ពិភពលោក​៕​