All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង​វប្បធម៌​ប្រាប់​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ថែរក្សា​នូវ​អ្វី​ដែលជា​របស់​ខ្មែរ​

​ភ្នំពេញ ៖ ក្នុងឱកាស​នៃ​ពិធី​បិទ​សន្និបាត និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​អាណត្តិ​ទី​១ ឆ្នាំ ២០១៨-២០២០ របស់​សមាគម​មិត្ត​តន្ត្រីករ កាលពី​រសៀល​ថ្ងៃទី​១២ មិថុនា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា បាន​ថ្លែង​គូសបញ្ជាក់ថា វប្បធម៌​របស់​ជាតិ ទាំង​រូបិយ​ក្តី ទាំង​អ​រូបិយ​ក្តី អ្នក​ដែល​ត្រូវ​បន្តវេន​ថែរក្សា​គឺ​យុវជន​ជំនាន់​ក្រោយ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​ដោយឡែក​លោក យន់ ខៀន ប្រធាន​សមាគម​មិត្ត​តន្ត្រីករ​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ទៅនឹង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែរ​ថា យុវជន គឺជា​អ្នកថែរក្សា​នូវ​អ្វី​ដែលជា​របស់​ជាតិ​ដូចជា​ភ្លេង បុរាណ​ជាដើម​។ លោក​ថា បើ​យើង​មិនចេះ​លេងភ្លេង​ខ្មែរ​ទេ ក៏​សូម​ត្រឹមតែ​បាន​ស្គាល់ អោយ​តម្លៃ និង​ថែរក្សា​វា​ទៅបាន​ហើយ តែបើ​ចេះ​លេង​ទៀត​គឺ​កាន់តែ​ល្អ​។​

​សូមជម្រាបថា​៖ សមាគម​មិត្ត​តន្ត្រីករ​ត្រុ​ូ​វ​បាន​បង្កើតឡើង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​ជួយ ជម្រុញ​ការអភិរក្ស ថែរក្សា និង​លើកស្ទួយ​គ្រប់​ទម្រង់​តន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សមាគម​បាន ដាក់ចេញ​នូវ​ផែនការ​អាទិភាព​ដ៏​មាន​សារសំខាន់​មួយ​គឺ បើក​ថ្នាក់​បង្រៀន​តន្ត្រី​,​ថត​តន្ត្រី និង​ចម្រៀង​ខ្មែរ ដើម្បី​ចងក្រង​ជា​ឯកសារ​រក្សាទុក និង​រៀនសូត្រ​បន្ត ព្រមទាំង​ការរៀបចំ​ពិ​ព័ណ៌​តន្ត្រី​ខ្មែរ មាន​ឧបករណ៍ តន្ត្រី​ជាដើម​៕​

លោក ហ៊ីង ប៊ុន​ហៀ​ង ឆ្លើយតប​ទៅ​អាមេរិក​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់លោក​

​ភ្នំពេញ ៖ ក្រោយពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ​អាមេរិក បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ដោយ​លើក​ហេតុផល​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រួចមក ឆ្លើយតប​ភ្លាមៗ លោក ហ៊ីង ប៊ុន​ន​ហៀ​ង បាន​ថ្លែង​ទាំងអស់​សំណើច​ថា «​ឲ្យ​ដកយក​ទ្រព្យសម្បត្តិ​របស់លោក​ឲ្យ​អស់​ចុះ បើ​មាននៅ​អាមេរិក​»​។​

​លោក ហ៊ីង ប៊ុន​ហៀ​ង ដែលជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​នាយកដ្ឋាន​រតនាគារ​អា​មេ​រិ​ក ប្រកាស​នៅ​ថ្ងៃទី​១២ ខែមិថុនា នេះ ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ដោយ​លើក​ហេតុផល​ថា លោក ហ៊ីង ប៊ុន​ហៀ​ង បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​ភ្ជាប់​លោក​ជាមួយ​ករណី​ហិង្សា​កាលពី​ឆ្នាំ ២០១៥ ថា «​សមាជិក​កង​អង្គរក្ស​ចំនួន​៣​នាក់ ដែល​បាន​ចាប់​បញ្ជូនទៅ​ពន្ធនាគារ​នោះ បាន​សារភាពថា ពួកគេ​ពិតជា​បាន​ចូលរួម​ប្រើ​ហិង្សា​វាយ​ទៅលើ​អ្នកតំណាងរាស្ត្រ​អតីត​គណបក្សប្រឆាំង​ពីររូប​មែន​។ ក្រោយមក​អង្គរក្ស​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ រួមទាំង​ទទួលបាន​ការដំឡើង​តំណែង​ថែមទៀត​។​

​លោក ហ៊ីង ប៊ុន​ហៀ​ង ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក នៅក្រោម​ច្បាប់ GLOBAL MAGNITSKY ដែល​បង្កើតឡើង​ក្នុង​គោលបំណង​បង្កក​ទ្រព្យ​របស់​បុគ្គល​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ,​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​គំរាម​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ​ជាដើម​.​។​

​ក្រោយពី​អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ការចោទប្រកាន់ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​អះអាង​​ ថា `​«វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​។ ជាមួយនឹង​ការ​អស់សំណើច លោក​ហ៊ីង ប៊ុន​ហៀ​ង ក៏បាន​ប្រាប់​ទៅ​អាមេរិក​វិញ​ថា ឲ្យ​ដកយក​ទ្រព្យសម្បត្តិ​របស់លោក​ឲ្យ​អស់​ចុះ បើ​មាននៅ​អាមេរិក​…»៕
​

CMAC រកឃើញ​គ្រាប់​ទម្លាក់​ពី​យន្តហោះ ទម្ងន់​ជាង​២០០​គ​.​ក្រ នៅ​ស្រុក​ជុំ​គី​រី

​កំពត ៖ មន្ត្រី​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី​១១ ខែមិថុនា ២០១៨ មាន​រកឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ប្រភេទ MK82 មួយ​គ្រាប់ នៅក្នុង​មូលដ្ឋាន​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​

​គ្រាប់បែក MK82 ទំងន់​ជាង​២២០​គីឡូក្រាម​នេះ ត្រូវបាន​ដឹក​ទៅ​បន្សាប​នៅ​ទីបញ្ជាការ CMAC ខេត្តកំពង់ឆ្នាំង​៕​

បង្ក្រាប​បទល្មើស​ជលផល​នៅក្នុង​តំបន់​អភិរក្ស​ផ្សោត​កាំ​ពី ខេត្តក្រចេះ​

​ខេត្តក្រចេះ ៖ ឧបករណ៍​នេសាទ​ជាច្រើន​ប្រភេទ ដែល​ជនល្មើស​បាន​លបលួច​ចូលមក​នេសាទ នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​ចុះបង្ក្រាប​បាន កាលពី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១២ ខែមិថុនា តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​

​ជាមួយនិង​សកម្មភាព​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី របស់​ក្រុមមន្ត្រី​ឆ្នាំ​ទន្លេ​នា​យប់នោះ គឺ​សមត្ថកិច្ច បាន​ចាប់​ឃាត់​ទូក​នេសាទ​៤​គ្រឿង ដែល​បានធ្វើ​សកម្មភាព​បើក​បណ្តែតមង​ក្រលា​ធំៗ ចាប់​ត្រី​នៅក្នុង​តំបន់ហាមឃាត់​។

​ប្រធាន​ឆ្នាំ​ទន្លេ និង​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា ការចុះ​បង្ក្រាប បទល្មើស​នាសា​ទ​ក្នុង​ដែន​អភិរក្ស និង​ជា​រដូវ​បិទ​នេសាទ​នេះ គឺមាន​ការចូល​រួមសហកា​រណ៍ ពី​កម្លាំង​សហគមន៍​នេសាទ​ជ្រោយ​បន្ទាយ កម្លាំង​ឆ្នាំ​ទន្លេ និង​កម្លាំង​ខណ្ឌ​ជលផល​ក្រចេះ​ផងដែរ​។​

​លោក​បាន​បន្តថា ក្នុងការ​ចុះបង្ក្រាប​នេះ​គឺ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​ទូក​ម៉ាស៊ីន​ចំនួន​០៤​គ្រឿង មង​បណ្តែត​ចំនួន​០៤​ត្បូង មាន​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ ហើយ​វត្ថុតាង​ទាំងនោះ​ត្រូវបាន​យកមក​រក្សារ​ទុក​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​។ ដោយឡែក​ម្ចាស់​ទូក​នេសាទ​ខុសច្បាប់​ទាំង​៤​ខាងលើ​គឺ​បាន​គេចខ្លួនបាត់​នៅពេលដែល​សមត្ថកិច្ច​អូស​ទូក​ចូលដល់​ខាង​។

​ជាមួយគ្នានេះ ប្រធាន​ឆ្មាំ​ទន្លេ​ក្រចេះ ក៏បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់​សូមមេត្តា​កុំ​ចូលមក​នេសាទ​ក្នុង​តំបន់ហាមឃាត់ ដែលជា​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី និង​អន្លង់​ត្រី​មេ​ពូជ​មិនថាឡើយ​រដូវ​បើក​នេសាទ​ឬក៏​រដូវ​បិទ​នេសាទ​នោះទេ ប្រយោជន៍​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​មានជីវិត​របស់​យើង​៕​

តម្លៃ​ប្រេងឥន្ធនៈ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ​ទាំងអស់ ដូចជា​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មិន​ឲ្យ​លើសពី ៤,២០០​រៀល ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​ត​ត្រូវ​លក់​មិន​ឲ្យ​លើសពី ៤,០០០​រៀល ក្នុង​១​លីត្រ ដែល​តម្លៃ​នេះ ចាប់​អនុវត្ត​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ។ នេះ​បើតាម ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការកំណត់​៖​

ប៉ូលិស​ខណ្ឌដង្កោ​បញ្ជូន​ជ​នស​ង្ស​យ័​៥​នាក់​ទៅ​តុលាការ​រឿង​ចោរកម្ម

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប​ញ្ជួ​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​. ពីរ​បទ​ដោយសារ​ការ​គាស់​ទំ​លុះ​ទំលាយ (​គាស់​ចំរឹង​បង្អួច​ចូល​លួច​យក​ទ្រព្យ សម្បត្តិ និង​គ្រឿងអលង្ការ​) ។​

​ជនរងគ្រោះ​មាម​ឈ្មោះ ឌិន ឡាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់​គ្រឿងសំណង់ មាន​ទីលំនៅ​ផ្ទះ លេខ​D9 ផ្លូវលំ ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ប​ញ្ជួ​ន​ទៅ​តុលាការ​មាន​ឈ​ឆ្មោះ​ទី​០១​ឈ្មោះ សាន ជាតក់ ហៅ តក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​
​ទី​០២​ឈ្មោះ បូ សុខ​ហួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​
​ទី​០៣​ឈ្មោះ យុន បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​
​ទី​០៤​ឈ្មោះ ឌូ រតនា ហៅ​ហុយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​
​ទី​៥​ឈ្មោះ នួន លីម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ស្នាក់​នៅក្នុង​រោងស្នាក់នៅ ក្បែរ​គំនរ​សម្រាម ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​បើតាម​សម្ដី​ពីរ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​. កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥​និង​៣០​នាទី ទាបភ្លឺ គាត់​បាន​ចាក់សោរ​ទ្វារផ្ទះ និង​ទ្វាររបង​ផ្ទះ ហើយ​នាំគ្នា​ចេញទៅ​ធ្វើការ​រៀងៗ​ខ្លួន ។ រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ង​ច​ថ្ងៃខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ​បាន​ត្រឡប់​វិញ ហើយ​បាន​ចាក់សោរ​ទ្វារ​ដើរចូល​ក្នុងផ្ទះ ឃើញ​បង្អួច​ត្រូវបាន​ចោរ​គាស់​ចំរឹង​ទំលាក់​ទៅលើ​ឥដ្ឋការ៉ូ រួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មាន​ខ្សែ​រក​ផ្លាក​ទីន​ចំនួន​០២​ខ្សែរ សរុប​ចំនួន​០៤​ជី និង​សំភារៈ​ផ្សេងទៀត​មួយចំនួន ហើយ​គេចខ្លួនបាត់ ។

​ជនរងគ្រោះ​បន្តទៀតថា​ពេលនោះ​រូបគាត់​ក៏បាន​ទៅសុំ​ម្ចាស់ផ្ទះ​ឈ្មោះ សាន ច​ន្ធូ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ដែលមាន​ផ្ទះ​ក្បែរ​គ្នា មើល​កា​ម៉េ​រ៉ា​សុវត្ថិភាព​ដែ​ដាក់​នៅខាងមុខ​ផ្ទះ​របស់​គាត់ បានឃើញ​ជនសង្ស័យ​ឈ្មោះ នួន លីម ជា​អ្នកធ្វើ​សកម្មភាព​គាស់​ចំរឹង ប​ង្អូ​ច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ខាងលើ ។

​លុះដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ នួន លីម បានមក​ធ្វើ​សកម្មភាព​លួច​គាស់​យ​ប​ង្អូ​ច​ផ្ទះ​របស់​ប្រជាពលរដ្ឋ ម្ដងទៀត គ្មាន​មនុស្ស​រស់នៅ​បិទទ្វារ​ចាក់សោរ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ឃើញ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយជួយ​អន្តរាគមន៍ ហើយដោយ​កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅក្បែរ​កន្លែងកើតហេតុ​នោះ​ស្រាប់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នួន លីម ភ្លាមៗ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ​ពេលនោះ​ជនសង្ស័យ​ឆ្លើយ​សារ​ភព​ថា​រូបគេ​នៅ​បក្ខពួក​៤​នាក់​ទៀត ។

​លុះ​ថ្ងៃទី​១០ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១០​និង​៣០​នាទី សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើរ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ បាន​៤​នាក់​បន្តទៀត​និង​បាន​យកមក​សួរ​នាំនៅ​អធិការ​ខណ្ឌដង្កោ​និង​ករ​សាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ពលករ​ខ្មែរ​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅ​ខេត្ត​ឈុន​បុរី​

​ប្រទេស​ថៃ ៖ ពលករ​ខ្មែរ ឆ្លងដែន​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ​ត្រូវ​ខ្សែ​ចរន្ត​អគ្គីសនី ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ខណៈដែល​ជនរងគ្រោះ បាន​លូន​ចូលទៅ​ឆ្កឹះ​យក​បាល់​ដែល​បាន​រត់​ចូលទៅ​ក្រោម​បន្ទប់​ស្នាក់នៅ​របស់​កម្មករ ហើយ​បាន​ប៉ះ​ទៅនឹង​ជញ្ជាំង​ស័ង្កសី ដែលមាន​ចរន្ត​ឆ្លង បណ្តាលអោយ​ឆក់​តែម្តង ។​

យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​គឺ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុច​ក្បែ​ផ្លូវ​សុខុម​វីត ស្ថិត​ក្នុងភូមិ ៧ ឃុំ​បាន​កៅ ស្រុក​ផាន​ថង ខេត្ត​ឈុន​បុ​តី ប្រទេស​ថៃ ។​សាក្សី​ម្នាក់​ឈ្មោះ ណាន ធៀន​តឿ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ពលករ​ខ្មែរ​ដូចគ្នា ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​បាន​និយាយថា ថ្ងៃកើតហេតុ​គឺជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​របស់​ពលករ​គ្រប់រូប ក៏ដូចជា​មន្ត្រីរាជការ​ដែរ ។

នៅ​ល្ងាច​នោះ ជនរងគ្រោះ ដែលមាន​ឈ្មោះ កង កឿ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាមួយនឹង​មិត្តភក្តិ​ជាច្រើនរូប បាននាំគ្នា​លេង​បាល់ទះ​នៅ​នឹង​វាល​មួយកន្លែង ក្បែ​កន្លែង​សម្រាក​របស់​ពលករ​ខ្មែរ ។​សាក្សី​បាន​បន្តថា នៅពេល​នោះដែរ បាល់​បាន​ខ្ទាត​រត់​ចូលទៅ​ក្រោម​កន្លែង​បន្ទប់​សម្រាក​ទើប​ជនរងគ្រោះ​បាន​យក​ឈើ​លូក​ចូលទៅ​ឆ្កឹះ​តែ​មិន​ដល់​បាល់ ហើយ​គេ​ក៏បាន​លូន​ចូលទៅ​បន្ថែមទៀត ដែល​នៅពេលនោះ​ដើមដៃ របស់​ជនរងគ្រោះ​បាន​ប៉ះ​ទៅនឹង​ជញ្ជាំង​ស័ង្កសី​ស្រាប់តែ​ជនរងគ្រោះ​ប្រកាច់​រួច​បាត់មាត់​ស្តូកស្តឹង​នៅក្បែ​ជ​ណ្ជាំ​ង​នោះ​តែម្តង ទើប​ធ្វើអោយ​មានការ​ឆោ​រ​ឡោ​ឡើង នៅពេល​នោះដែរ​ក៏មាន​តម្រួត​ចុះមក​ពិនិត្យ​ភ្លាមៗ​ទៅលើ​ទីតាំង​កើតហេតុ ដោយបាន​រកឃើញថា នៅ​ខាងលើ​ដំបូល​នៃ​បន្ទប់​ស្នាក់នៅ​របស់​កម្មក​រឆ្ល​ង​ដែន​មាន​ខ្សែភ្លើង​រត់​កាត់​ពីលើ​ហើយ​នៅជាប់​នឹង​ស័ង្កសី​តែម្តង លុះ​ពេល​មាន​ខ្យល់​បក់​មក​ប៉ះ​ធ្វើអោយ​ខ្សែភ្លើង​នោះ​មុត​នឹង​ស័ង្កសី និង​ដាច់​សំបក​ឆ្លង​ចរន្ត​ទៅនឹង​ស័ង្កសី​ដោយ​មិនមាន​នរណា​ដឹង​ទាល់តែសោះ​។​ក្រុម​តម្រួត​បាន​ហៅ​អ្នកគ្រប់គ្រង​ទីតាំង​នេះ មក​សួន​នាំ និង​ធ្វើការ​ស្រាវជ្រាវ រកមុខ​អ្នក​ដែល​ត​ខ្សែភ្លើង​ដើម្បី​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន និង​ទទួលទោស​ទៅតាម​ផ្លូវច្បាប់​៕​

រដ្ឋាភិបាល ៖ ជាង​១៣​ឆ្នាំនេះ បាន​ជួយ​ឲ្យ​កុមារ​ចាក​ផុតពី​កម្លាំង​ពលកម្ម​បាន​៣៦​ម៉ឺន​នាក់​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា កម្លាំង​ពលកម្ម​កុមារ​បាន​ថយចុះ​យ៉ាងគំហុគ បើ​គិត​ចន្លោះ​ឆ្នាំ​២០០០ ដល់ ២០១៣ រដ្ឋាភិបាល​បាន​ជួយ​ក្មេង​ប្រមាណ​៣៣​ម៉ឺន​នាក់ ពី​ចំនួន​៧៥​ម៉ឺន​នាក់ ហើយ​ក្នុង​អា​ណិ​ត្ត​ថ្មី​នេះ​គឺ​ជួយ​កុមារ​បាន​ប្រមាណ ជា​៣​ម៉ឺន​នាក់​បន្ថែមទៀត សរុប​ប្រមាណ​៣៦​ម៉ឺន​នាក់​។​

​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​បញ្ចប់​ខួប​លើក​ទី​១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​នេះ​នៅ​ទីស្តីការក្រសួង ឯកឧត្តម វ៉េង ហៀ​ង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​លើកឡើងថា ចំនួន​ខាងលើនេះ បើ​ធៀប​នឹង​គោលដៅ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ (UNDP) ប្រទេស​កម្ពុជា​បាន​គៀក​បំផុត​ក្នុងចំណោម​ប្រទេស​ទាំង​៥​លើ​ពិភពលោក ក៏ដូចជា​សហរដ្ឋអាមេរិក បាន​វាយតម្លៃថា កម្ពុជា ជា​ប្រទេស​នាំមុខ​ក្នុងចំណោម​ប្រទេស​ចំនួន​១៣ លើ​ពិភពលោក ក្នុង​ការងារ​ប្រឆាំង​កម្លាំង​ពលកម្ម​កុមារ​ផងដែរ​។​

​បើទោះជា​កម្ម​ពលកម្ម​កុមារ មានការ​ថយចុះ​យ៉ាងនេះ​ក៏ដោយ ឯកឧត្តម អគ្គលេខាធិការ​បានលើកឡើង​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​ជួបប្រទះ នាពេល​កន្លងមក ទាមទារ​ឱ្យមាន​ការពង្រឹង នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោកជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិកា​ក្រសួង ការងារ​និង​បណ្តុះបណ្តាល បាន​មានប្រសាសន៍ថា នៅ​ប្រទេស​កម្ពុជា​ចំនួន​ពលកម្ម​កុមារ​ក្នុង​វិស័យសេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ពី​ចំនួន ៧៥​ម៉ឺន​នាក់ មក​ត្រឹម​ជាង ៤២​ម៉ឺន​នាក់ និង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​បាន​ថយចុះ​ជាង ២៥​ម៉ឺន​នាក់ មក​ត្រឹម​ជាង ២៣​ម៉ឺន​នាក់ ទោះបី​កំណើនប្រជាជន​បាន​កើនឡើង​ពី​១០​លាន​នាក់​ក្នុង​ឆ្នាំ​២០០១ ដល់​ជិត​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៣​។ ទន្ទឹមនេះ​ចំនួន​កុមារ​បម្រើ​ការងារ​ក្នុងផ្ទះ​បាន​ថយចុះ​ពី​ជិត​០៣​ម៉ឺន​នាក់​នៅ​រា​ធានី​ភ្នំពេញ​ឆ្នាំ​២០០១ មក​ត្រឹម​ជាង ៦​ពាន់​នាក់ នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១២​។​

​លោកជំទាវ រដ្ឋលេខាធិការ​បញ្ជាក់​ថា សម្រាប់​អាណត្តិ​ទី​៥ បាន​ដក់ហូត និង​ទប់ស្កាត់​ពលកម្ម​កុមារ ប្រមាណ​៣​ម៉ឺន​នាក់ ដើម្បីឱ្យ​កុមារ​ទទួល​ការអប់រំ បណ្តុះបណ្តាល​ជំនាញ និង​សមាហរណកម្ម ទៅក្នុង សង្គមជាតិ​វិញ​។ ក្រសួង​បា​នព​ង្រី​ការងារ​សមរម្យ​សម្រាប់​យុវជន​ប្រមាណ ១៤០០​នាក់ និង​ក្រុមគ្រួសារ​ពលកម្ម​កុមារ​ក្រីក្រ​ប្រមាណ​២​ពាន់ តាមរយៈ​កម្មវិធី​លើកកម្ពស់​ឱកាស​សេដ្ឋកិច្ច​និង​បង្កើត​មុខរបរ​ចាប់តាំងពី​ឆ្នាំ​២០១២-២០១៦​។​

​គួរ​បញ្ជាក់ថា ចំនួន​ពលកម្ម​កុមារ​ត្រូវបាន​កាត់បន្ថយ ពី​ចំនួន​១៦.៥% នៅ​ឆ្នាំ​១៩៩៩ មក​នៅត្រឹម​៨.៧% នៅ​ឆ្នាំ​២០១៦ ដែល​កៀក​នឹង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ដោយឡែក​ចំនួន​ពលកម្ម​កុមារ នៅក្នុង វិស័យសេដ្ឋកិច្ច​រៀបរ​យ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​ពី​ចំនួណ​៧៦​ករណី នៅ​ឆ្នា​២០១៣ ចំនួន​៣៤​ករណី នៅ​ឆ្នាំ​២០១៤ មក​ត្រឹម​១៣​ករណី នៅ​ឆ្នាំ​២០១៥ ចំនួន​៤​ករណី​នៅ​ឆ្នា​២០១៦ ចំនួន​២​ករណី នៅ​ឆ្នាំ​២០១៧ និង​០១​ករណី​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ ស្របពេល​កម្លាំង​ពលកម្ម​នៅតាម​សហគ្រាស គ​រឹះ​ស្ថាន កើនឡើង​ពី​៥០​ម៉ឺន​នាក់ ដល់​៧៣​ម៉ឺន​នាក់​៕​

ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​ទ​ទឺង​៣០​ម៉ែត្រ​ថ្មី​ទៀត ដើម្បី​សំរួល​ចរាចរណ៍​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ ដោយ​ធ្វើ​ការតភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ ប្រយោជន៍​ដើម្បី​ជួយ​សំរួលការ​កក​ស្ទៈ​ចរាចរណ៍​អោយមាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពា​ក្ស​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់អោយដឹង នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​វត្តមាន ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ មិថុនា​នេះ​នៅ​សាលា​រាជ​ធនា​នី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​ដែលមាន​ទ​ទឺង​៣០​ម៉ែត្រ​នេះ គឺមាន​គោលបំណង​ពីរ​៖ ទី​១​ដើម្បី​អនុវត្ដ​ន៍​ទៅតាម​គំរោង​ប្លង់​មេ​នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក​ផង និង​ទី​២​គឺជា​ការរៀបចំ​អោយមាន​សរសៃឈាម​បន្ថែមទៀត​នៅក្នុង​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​អោយមាន​លក្ខណៈ​ល្អប្រសើរ​ក៏ដូចជា​សំរួល​និង​កាត់បន្ថយ​ការ​កក​ស្ទៈ​ចរាចរណ៍​នៅក្នុង​តំបន់​ច្រមុះជ្រូក​ស្ទឺ​ង​មានជ័យ ។​

​លោក​ម៉េ​ត មាស​ភក្តី បន្តថា​វត្តមាន​ផ្លូវ​មួយ​ខ្សែរ​នេះ​និង​ជួយ​ប្រជាពលរដ្ឋ​អាចមាន​លទ្ធភាព​ធ្វើដំណើរ​កាត់​មកដល់ ផ្លូវជាតិ​លេខ​២​តែម្តង​ហើយ​ផ្លូវ​ខាងលើនេះ​និង​មាន​ការតភ្ជាប់​ជាមួយនិង​ស្ពាន​មួយ​ខ្សែរ​ស្របតាម​ផ្លូវ​នេះ​ផងដែរ​។

​លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​ប្លង់ និង​ផលប៉ះពាល់​ផ្សេងៗ​ដែល​កើតមានឡើង​មុន​ហ្នឹង​សំរេច​ធ្វើការ​ស្ថាបនា​ផ្លូវ​ខាងលើនេះ​។​

​គួរ​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែរ​ថ្មី​នេះ​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ២ មក​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ ចេញ​តាម​មុខ​ផ្សារ​ប៉េសេ​ថ្មី ស្ថិតក្នុង​ខណ្ឌមានជ័យ ដោយ​គ្រោង​ប្រសិទ្ធ​នាម​ថា ជា​វិថី អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង​៕​

សភា​អនុម័តយល់ព្រម​លើ​កញ្ចប់​​ថវិការាជរដ្ឋាភិបាលទូទាត់​ជូន​ក្រុមហ៊ុន​២

​ភ្នំពេញ ៖ សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋា​ភិ បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ​អិ​ល​ធី​ឌី និង​សំណើសុំ​អនុម័ត​សេចក្តីព្រាង ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ិន​ធើ​ណេ​សិ​នណល អ៊ី​ន​វេស​មែន ឌី​វើ​ឡុ​ប​មែន​គ្រុប ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​លើក​យកមក​ពិនិត្យ តាមរយៈ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា​នេះ​។​

​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំង​២​ខាងលើ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ញើ ជូន​រដ្ឋសភា​កាលពី​សប្តាហ៍​មុន និង​ទុកជា​ការប្រញាប់ ដែលនាំអោយ​ថ្ងៃនេះ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋ សភា​យក​
សេចក្តីព្រាងច្បាប់​ទាំង​២​នេះ​មក​ប្រជុំ​ដើម្បី​ពិនិត្យ និង​អនុម័ត ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​នាពេលនេះ​បានសម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ​ទៅជូន​គណៈកម្មការ​ទី​២ និង​ទី​៦ ធ្វើការ​ពិនិត្យ​សិក្សា និង​ស្រាវជ្រាវ រួច​ដាក់ជូន​មក​រដ្ឋសភា​វិញ​ដើម្បី​ប្រជុំ និង​អនុម័ត​នាពេលខាងមុខ​។​

​បើតាម​លោក ឈាង វុន សមាជិក​រដ្ឋសភា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ិន​ធើ​ណេ​សិ​នណល អ៊ី​ន​វេស​មែន ឌី​វើ​ឡុ​ប​មែន​គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ​ខាង​ផ្នែក​អគ្គិសនី ជា​ដៃគូ​សហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​ឈានឡើង​បន្ថែមទៀត តាមរយៈ​ការពឹង​ផ្អែកទៅលើ​ផ្នែក​ថាមពល​សម្រាប់​ដំណើរការ​លើ​វិស័យ​ឧស្សាហកម្ម​៕​

មហា​គង​ជ័យ​អាស៊ាន មិត្តភាព​កម្ពុជា​-​ថៃ បាន​ដំឡើង​នៅ​វត្ត​ឧណ្ណាលោម​

​ភ្នំពេញ ៖ គង​ជ័យ​យក្ស ឬ គង​ជ័យ​អាស៊ាន​មិត្តភាព កម្ពុជា​-​ថៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះសង្ឃ​ថៃ ថ្វាយ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មកដល់​កម្ពុជា និង​បានធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​តម្លើង​រួចរាល់​ហើយ រង់ចាំ​ដល់​ថ្ងៃ​ប្រា​រព​ពិធី​រៀបចំ​អភិ​សេធ​ជា​ផ្លូវការ​តាម​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​។​

ពិធី​ក្រុង​ពាលី តម្លើង​គង​ជ័យ អាស៊ាន​នេះ បានធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតី សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មានការ​ចូលរួម​ពី​លោកជំទាវ ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង រួមទាំង​លោកតា លោកយាយ​ជា​ពុទ្ធបរិស័ទ​មួយចំនួន​ផងដែរ​។

​លោក សក្តិ ចាន់​បូ​ទុំ ដែលជា​អ្នក​នាំ​គង​ជ័យ​ដ៏​ធំ​នេះ មក​តម្លើង បាន​ប្រាប់​ឱ្យដឹងថា គង​ជ័យ​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​គង​ជ័យ​អាស៊ាន មិត្តភាព កម្ពុ​ចា​ថៃ មាន​ទំងន់​២៥០០​គីឡូក្រាម មានមុខ​កាត់​៧​ម៉ែត្រ និង​តម្លើង​លើ​ទីតាំង​ដែលមាន​កំពស់​សរសរ​៩​ម៉ែត្រ នៅក្នុង​បរិវេណ​មុខ​វត្ត​ឧណ្ណាលោម ក្នុង​រាជធានី​ភ្នំពេញ​។ សរសរ​សម្រាប់​តម្កល់​គង​ជ័យ​នេះ បានទទួល​ការឧបត្ថម្ភ​ទាំងស្រុង ពី​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​។​

​នៅក្នុង​ពិធី​តម្លើង​គង​ជ័យ​អាស៊ាន​មិត្តភាព​កម្ពុជា​-​ថៃ នា​ល្ងាច​ថ្ងៃទី​១១​ខែ មិថុនា​នេះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​បាន​មាន​ព្រះបន្ទូល​ឱ្យដឹងថា គង​នេះ តំណាងឱ្យ​ប្រទេស​ជា​សមាជិក អាស៊ាន នៅលើ​នោះ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ការរួម​រួមគ្នា ការពារ​នូវ​សុខសន្តិភាព នៅក្នុង​តំបន់ និង​ពិភពលោក ការពារជាតិ សាសនា នៅតាម​ប្រទេស​រៀងៗ​ខ្លួន ។

​ម​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ បាន​មាន​ព្រះបន្ទូល​ទៀតថា តាម​ប្រពៃណី​ពី​បូរាណ​គង​ជ័យ គឺជា​អ្នក​នាំមុខ​ក្នុងការ​ធ្វើសឹក​សង្គ្រាម នឹង​ជា​អ្នក​នាំមក​នូវ​ជ័យ​មង្គល ផ្តល់​ក្តី​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ ពិសេស​គឺ​ដើម្បី​រក្សា​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ជូន​ប្រជាជន​និង​ប្រទេសជាតិ និង អភិវឌ្ឍ វិស័យ​ព្រះពុទ្ធសាសនា និង​ព្រះមហាក្សត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គង​ជ័យ​អាស៊ាន​នេះ នឹង​រៀបចំ​ប្រារ​ព​ពិធី​អភិ​សេធ​ដ៏​មហោឡា​រឹក​នា​ថ្ងៃទី​១៨ ខែមិថុនា​ខាងមុខនេះ ស្រប​ពេលដែល វត្ត​ឧណ្ណាលោម នឹង​រៀបចំ​ពិធីបុណ្យ​ផ្កា​មហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​យក កសាង​ផ្លូវ​មួយ​ខ្សែ នៅក្នុង​ស្រុក​កងមាស ខេត្ត កំពង់ចាម​៕​

នាយករដ្ឋមន្ត្រី ស្នើ​ឲ្យបញ្ឈប់​ការ​បញ្ឆេះ​រឿង​ព្រះសង្ឃ​នៅ​បន្ទាយមានជ័យ​ឆាន់​ពោត​

​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ មិថុនា នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានស្នើ​សូមកុំ​អោយមាន​ការនិយាយ​បន្តទៀត​លើ​រឿងអាស្រូវ ព្រះ​ស​ង្ឈ​ឆាន់​ពោត ជាមួយ​នារី​ម្នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​សម្តេច​ព្រមាន ចំឈ្មោះ​អ្នក​ដែល​បញ្ឆេះ​រឿងនេះ​អោយ​កាន់តែខ្លាំង​នោះ គឺ​លោក ផែង វណ្ណៈ និង ខាន់ ចាន​សុផល តែម្តង​! សម្តេច​បាន​ព្រមាន​ថា បើ នៅតែ​បន្ត​បញ្ឆេះ​រឿងនេះ​ទៀត អ្នក​ទាំងពីរ​នឹង​អាច​ត្រូវ​ដកចេញ​ពី​ការងារ​បច្ចុប្បន្ន​ជាម​ន្ត្រី​យោធា ដើម្បី​កុំអោយ​ប៉ះ​។​

ខណៈដែល​រឿងអាស្រូវ​នៃ​ការ​បែកធ្លាយ​វីដេអូ​ព្រះ​ស​ង្ឈ​ឆាន់​ពោត ជាមួយ​នារី​ម្នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រយៈពេល​ស​ប្តា​ហ៌​មកនេះ នៅក្នុង​ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​អំពាវនាវ ដោយ​ស្នើសុំ​កុំអោយ​មានការ​និយាយ​បន្តទៀត​លើ​រឿងនេះ ដើម្បី​កុំអោយ​ប៉ះពាល់​ជារួម​ដល់​ព្រះពុទ្ធសាសនា និង តម្លៃ​ស្ត្រី​ខ្មែរ តែម្តង​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា នេះ​ជា​រឿង​បុគ្គល ហើយក៏​ត្រូវបាន​ចាត់ការ​ទៅតាម វិន័យ​សាសនា ហើយ​ដែរ ប៉ុន្តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​លើក​រឿងនេះ មក​និយាយ​ជា​បន្តបន្ទាប់​បន្ថែមទៀត​។ សម្តេច​តេ​ជោ បាន​ព្រមាន​ចំឈ្មោះ​អ្នក​ដែល បញ្ឆេះ​រឿងនេះ​តែម្តង គឺ​លោក ផែង វណ្ណៈ និង លោក ខាន់ ចាន់​សុផល ដែល​បាន​ទៅ​សម្ភាស​ន៌​ផ្ទាល់​ព្រះ​ស​ង្ឈ និង នារី ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ដែល​រឹតតែ​ធ្វើអោយ​រឿងនេះ ទទួលរង​ការរិះគន់​ខ្លាំង កំពុង​ធ្វើអោយប៉ះពាល់​ដល់ តម្លៃ​ព្រះពុទ្ធសាសនា និង​ស្ត្រី​ខ្មែរ​។​

ខ្ញុំ​សូម​អំពាវនាវ​រឿង​ពោត​ស្ងោ​ពោត​ដុត​នេះ សូមអោយ​បញ្ចប់​រឿងនេះ​បានទេ ដើម្បី​រក្សា​តម្លៃ​ព្រះពុទ្ធសាសនា​ខ្មែរ និង​រក្សា​តម្លៃ​ស្ត្រី​ខ្មែរ រឿង​មនុស្ស​តែ​ពីរ​នា​កសោះ​ធ្វើអោយ​ពោត​ឡើងថ្លៃ ចុះថ្លៃ មិន​សំ​ហេតុផល​សោះ​! អ្នក​ដែល​ពូកែ​បង្កើត​រឿង​គឺ ផែ​វណ្ណៈ ដែល​សម្ភាស​ន៌​ខាង​លោក​។ ឯ ខាន់​ចាន់​សុផល ទៅ​សម្ភាស​ន៌​ខាង​ស្រី វា​មិន​ខុសពី​ចាំ​សង្អារ​ប្រជល់​គ្នា​ទេ​… អស់លោក​សុទ្ធតែជា​មន្ត្រី​យោធា បើ​នៅតែ​បន្ត​មានតែ​បណ្តេញចោល​ពី​ជួរ​កងទ័ព​តែម្តងទៅ​…​កុំ​តាំងខ្លួន​ជា​តុលាកា​កាត់ក្តី​…៕
​

ផ្លូវជាតិ​លេខ​៦ជាង​២​៦០គ​.​ម​. ភ្ជាប់​ពី​ខេត្តកំពង់ចាម​ទៅ​ខេត្តសៀមរាប បើក​ឲ្យ​ចរាចរណ៍​

​កំពង់ចាម ៖ ស្របពេល​នៃ​ការសម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​ឆ្លងកាត់​ខេត្តកំពង់ចាម កំពង់ធំ និង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានលើកឡើង​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ស្ពាន​មួយចំនួនទៀត​ដែលមាន​រដ្ឋាភិបាល​ចិន​ជា​ដៃគូ​! ប៉ុន្តែ​សម្តេច​ក៏បាន​ថ្លែង​សូម​ការ​អា​ធ្យា​ស្រ័យ​ដល់​ប្រជាពលរដ្ឋ និង​ពន្យល់​ពី​មូល​ហេតុដែល​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេសាប ពី​ខេត្តកំពង់ឆ្នាំង​មកកាន់​ខេត្តកំពង់ធំ មិនទាន់​អាច​ចាប់ផ្តើម​ធ្វើបាន ព្រោះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់​ជាមុនសិន ពី​ផលប៉ះពាល់​នានា​ក្នុង​តំបន់​ទន្លេសាប ។

​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​សរុប ២៤៨​ក្បៀស​៥៣​គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ត្រូវបាន​ស្ថាបនា និង​កែលម្អ​ឡើងវិញ​រួចរាល់ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ កន្លងមក បន្ទាប់ពី​ចំណាយពេល​ស្ថាបនា ៥០​ខែ ចាប់​តាំង ពី​ខែឧសភា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ថវិកា​ជាង ២៥៥​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​នៅ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ កំណាត់​ផ្លូវ​នេះ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​ជា​អធិបតីភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

​បើតាម​ការបញ្ជា​ក់រប​ស់ លោក​ឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ថ្នល់កែង ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ចាម ប្រវែង​ជិត ៤៤​គីឡូម៉ែត្រ​! ខេត្តកំពង់ធំ ប្រវែង ជាង​១៤៤ គីឡូម៉ែត្រ និង​ខេត្តសៀមរាប ប្រវែង​ជាង ៦០​គីឡូម៉ែត្រ​។
​សម្តេច​តេ​ជោ បានចាត់ទុក​កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ​ថា គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជាតិ ជាពិសេស​វិស័យ​ទេសចរណ៍ ដោយសារ​ខ្សែ​ផ្លូវ​នេះ មាន​សក្តានុពល ត​ភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តសៀមរាប និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​។ បន្ថែម​ពីនេះ តាមរយៈ​ខ្សែ​ផ្លូវ​នេះ ក៏​នឹង​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧ​ស្សហកម្ម របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ផងដែរ​។
​តាមរយៈ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​លើកឡើងថា មិត្ត​ចិន​គឺជា​ដៃគូ​យ៉ាងសំខាន់​ដែល​បាន​ជួយ​ត​ភ្ជាប់​ផ្ទៃក្នុង​នៃ​ប្រទេស​កម្ពុជា ដែល​ជម្រុញ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង កាត់បន្ថយ​ភាពក្រីក្រ​។

​ទ​ន្ទឺ​ម​នេះ សម្តេច​តេ​ជោ បាន​បង្ហាញថា គម្រោង​ស្ថាបនា​ស្ពាន​ពី​ខេត្តក្រចេះ មកកាន់​ខេត្តកំពង់ធំ គឺជា​គម្រោង​អទិភាព​មួយ​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន រួម​និង​គម្រោង​ផ្លូវ​ពី​ខេត្តកោះកុង ឆ្លងកាត់​ថ្មដារ ទៅ​សំឡូត ខេត្តបាត់ដំបង មានតម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ ក៏​នឹងត្រូវ​បញ្ជូន​សំណើរ​ហិរញ្ញប្បទាន​ទៅកាន់​រដ្ឋាភិបាល​ចិន​ផងដែរ​។ ប៉ុន្តែ ចំពោះ​គម្រោង ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ​ង​សាប ពី​ខេត្តកំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់ចំនុច​កំពង់ថ្ម គឺ​មិនទាន់​អាច​ចាប់ផ្តើម​ស្ថាបនា​បាន​នោះទេ ដោយសារ​គម្រោង​ដែល​គ្រោង​ចំណាយ​ថវិកា​ជាង​១០០​លាន​ដុល្លារ​នេះ ត្រូវការ​ពេលវេលា​សិក្សា​អោយបាន​ច្បាស់លាស់​ពី​ផលប៉ះពាល់​នានា ដូចជា​ផល​នេសាទ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ទន្លេសាប​ជាមុនសិន ៖ ខ្ញុំ​ក៏​ធ្លាប់បាន​ប្រកាសថា នឹងមាន​ផ្លូវ​មួយ​ខ្សែ​ទៀត​ពី​កំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់​កំពង់ថ្ម ដោយ​ចំណាយ​ជាង​១០០​លាន​ដុល្លារ​! តែ​សូម​ប្រជាពលរដ្ឋ​អា​ធ្យា​ស្រ័យ ដែល​មិនទាន់​ចាប់ផ្តើម​សាងសង ដោយសារ​ត្រូវធ្វើ​ឆ្លងកាត់​ទន្លេសាប ដូចនេះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់ ផលប៉ះពាល់​នានា ដូចជា ផល​នេសាទ​ត្រី និង​ការរស់នៅ​របស់​ប្រជាជន​តំបន់​ទន្លេសាប​នេះ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន កម្ពុជា​បានសម្រេច​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​២៣​ខ្សែ រួចមកហើយ មាន​ប្រវែង​សរុប ២​ពាន់​៣០១​គីឡូម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​ប្រមាណ ១​ពាន់​៣០០​លាន​ដុល្លារ​អាមេរិក​។ ចំណែក​គម្រោង​ផ្លូវ​កំពុង​សាងសង់ មាន​ចំនួន​៧​ខ្សែ មាន​ប្រវែង ប្រមាណ ៧៣៤​ក្បៀស​៨២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ៧០៥​លាន​ដុល្លារ​អាមេរិក​។ ចំណែក គម្រោង​ផ្លូវ​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ១​គម្រោង​ទៀត គឺ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុងភ្នំពេញ​ទី​៣ ដែលមាន​ប្រវែង​សុ​រប ៥២​ក្បៀស​៩៨​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២៦៧​ក្បៀស​៦៧ លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ស្ពាន​ធំៗ​ដែល​ត្រូវបាន​សាងសង់​រួចរាល់​ហើយ មាន​ចំនួន ៧​ស្ពាន មាន​ប្រវែង​សរុប ៦​ពាន់​៨២៤​ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់​ចំនួន​១​ទៀត គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូចឆ្មា ប្រវែង​១១១៣​ម៉ែត្រ បូករួម​ទាំង​ផ្លូវ​ត​ភ្ជាប់​ស្ពាន ត្រូវ​ចំណាយ​ថវិកា​ជិត​៥៧​លាន​ដុល្លារ​។

​បើ​គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៨​នេះ សរុប​គម្រោង ទាំង​បាន​សាងសង់​រួចរាល់ កំពុង​សាងសង់ និង​ត្រៀម​សាងសង់ ត្រូវបាន​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​មាន​ទឹកប្រាក់​ប្រមាណ ២​ពាន់​៥៥៣​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ថវិកា​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៦ សរុប​ប្រមាណ ២៥៥ លាន​ដុល្លារ​អាមេរិក គឺជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​៥​ភាគរយ សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ ។

​សមិទ្ធផល​កំណាត់ ផ្លូវជាតិ​លេខ​៦ គឺជា​កំណាត់​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​សាងសង់ឡើង​ក្រោម​កម្ចី របស់​រដ្ឋាភិបាល​ចិន​៕
​

ភោជនីយដ្ឋាន​ថ្មីៗ​ជាង​៣០​យីហោ បង្ហាញ​វត្ត​មាននៅ តំបន់​បឹងកក់​

​ភ្នំពេញ ៖ អាជីវករ​ក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​កម្ពុជា កំពុង​សម្លឹង​ពី​សក្ដានុពល​វិនិយោគ ក្នុង​តំបន់​បឹងកក់ ដោយសារ​តំបន់​នេះ​កំពុង​តែមាន​ភាព​ទាក់ទាញ និង​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​សំខាន់ៗ​ទាំងបី​ក្នុង​រាជធានី​ភ្នំពេញ ។​

ស្របពេល​កំណើន​ប្រាក់ចំណូល​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្តបន្ទាប់ តម្រូវការ​អាហារ និង​ភេសជ្ជៈ ជាពិសេស​ម៉ាក​ល្បីៗ​ទាំង​ក្នុងស្រុក​និង​ក្រៅ ក៏​ឃើញថា​មាន​កំណើន​ខ្ពស់​ដែរ ដែល​ធ្វើអោយ​អាជីវក​រលើ​វិស័យនេះ បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ នៅតាម​ផ្សារ​ទំនើប​តូចធំ និង​នៅតាម​តំបន់​សក្ដានុពល​មួយចំនួន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។
​ជាការ​កត់សម្គាល់​តំបន់​បឹងកក់​ដែល​ពី មុន​ជា​បឹង​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​ភោជនីយដ្ឋាន អាហារ និង​ភេសជ្ជៈ​ល្បីៗ​ដែលជា​ម៉ាក​ក្នុង​និង​ក្រៅ​ស្រុក​បាន​សម្រុក​បើក​ជា​បន្តបន្ទាប់​នៅ​តំបន់ បឹងកក់ ហើយ​រហូតដល់​ពេលនេះ មាន​ប្រមាណ​៣០​យីហោ​កំពុង និង​ត្រៀម​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ ។

​លោក សែ វិចិត្រ ប្រធាន​ផ្នែក​ការអភិវឌ្ឍន៍​អាជីវកម្ម នៃ​មជ្ឈមណ្ឌល​កម្សាន្ត​អេ​ដិ​ន​ហ្កា​ដិ​ន នៅ​កណ្ដាល​តំបន់​បឹងកក់​បានអោយដឹងថា កត្តា​ដែល​ធ្វើអោយ​ហាង​អាហារ និង​ភេសជ្ជៈ ល្បីៗ​លំដាប់​ពិភពលោក បាន​ចូលមក​កាន់​តំបន់​បឹងកក់ ពីព្រោះ​ទីនោះ​ជា​តំបន់​ចំនុចកណ្ដាល​នៃ​ទីប្រជុំ​រវាង​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នកមាន​ចំណូល​មធ្យម ហើយក៏​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ទាំងបី​គឺ​ខណ្ឌទួលគោក ខណ្ឌដូនពេញ និង ខណ្ឌ ៧​មករា ដែល​សុទ្ធសឹងតែ​ជា​បណ្ដុំ​ដោយ​អ្នកមាន​ជីវភាព​ធូ​ធារ ។ ម្យ៉ាងទៀត នៅ​តំបន់​នោះ ក៏​សំបូរ ទៅដោយ​បណ្ដុំ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផងដែរ ។

​លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ គេ​មើលឃើញថា តំបន់​នោះ កំពុងអភិវឌ្ឍន៍​ទៅ​កន្លែង​ភោជនីយដ្ឋាន និង​ភេសជ្ជៈ ហើយ​នាពេល​អនាគត​ខាងមុខ​ដ៏​ខ្លី ទីនោះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​បន្ថែម​ពីលើ កន្លែង​ផ្ដល់​សេវាកម្ម​ភេសជ្ជៈ និង​ម្ហូបអាហារ​។ ជាក់ស្ដែង​នៅ​តំបន់​បឹងកក់​បាននិងកំពុង​ត្រៀម បើក​ជា​ក្លឹប​កម្សាន្ត និង រោងភាពយន្ត សម្រាប់​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស​ដែល​មក​កម្សាន្ត​នៅ​ភ្នំពេញ ផងដែរ​។
​បើតាម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​វាយតម្លៃ​អចលនទ្រព្យ​ក៏បាន​លើកឡើង​ផងដែរ​ថា បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​រាជធានី​ភ្នំពេញ ។

​លោក ឌឹ​ត ច​ណ្ណា បានអោយដឹងថា នៅ​ថ្ងៃ​អនាគត បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ក្នុងនោះ​បណ្ដា​ធនាគារ ការិយាល័យ នឹង​អាច​លេច​វត្ត​មាននៅ​តំបន់​នោះ ។

​លោក​បន្តថា តំបន់​នេះ ជា​ចំណុចកណ្ដាល​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​វា​ក៏​ជាប់​នឹង​ស្ថាប័ន​កំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ ដូចជា​ទីស្ដីការគណៈរដ្ឋមន្ត្រី និង សាលា​រាជធានី​ភ្នំពេញ​ជាដើម ។ ម្យ៉ាងទៀត​តំបន់​នោះ ក៏​ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​ឆ្លងកាត់ និង​ស្ថិត​នៅជាប់​មហាវិថី​សំខាន់ៗ​ទៀង​ផង ៕
​

ផ្សារ​ទំនើប​ចំនួន​១៣​ទៀត នឹង​បង្កើតនៅកម្ពុជា​ក្នុងឆ្នាំនេះ

​ភ្នំពេញ ៖ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចង់​ប្រែក្លាយ​ក្រុងភ្នំពេញ​អោយទៅជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ក្នុង​តំបន់​នោះ បើតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ នឹងមាន​វត្តមាន​ផ្សារ​ទំនើប​ចំនួន​១៣​ទៀត បង្កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​! ដូចនេះ​នឹងធ្វើ​អោយ​ទំហំ​ទីផ្សារ​ទំនើប កើនឡើង​ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា បើ​គិត​ក្រឡា​ផ្ទៃ​សរុប​រួមបញ្ចូល​គ្នា នៃ​ផ្សារ​ទំនើប​ទាំងអស់ ។

កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បាន​ចេញទៅ​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស ដូចជា​នៅ​ទីក្រុង​ហុងកុង និង ប្រទេស​សិង្ហ​បុរី​ជាដើម ដោយសារ នៅ​ទីនោះ​មានឈ្មោះ​ល្បី​ថា​ជា​បណ្តុំ​ទីផ្សារ​ដែលមាន​លក់​ផលិតផល ម៉ាក​ល្បី​របស់​ពិភពលោក ដ៏​សំបូរបែប​។

ខណៈដែល​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​ដើម្បី​ទាក់​យក​ចំណូល​បន្ថែមទៀត ពី អ្នកទេសចរ​មកពី​ក្រៅប្រទេស​ផង​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចង់អោយ​ទីក្រុង​ភ្នំពេញ ក្លាយជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ផងដែរ សម្រាប់​ការដើរ​ទិញ​ទំនិញ​ដែល​ផ្តោត​ទាំង​លើ​គុណភាព និង​បរិមាណ ដូចជា​នៅក្នុង​ផ្សារ​ទំនើប​នៃ​អគារ​ចក្ក​វា​ឡ៏​ប្លែក​គេ ដែលមាន​សុទ្ធតែ​ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​របស់​ពិភពលោក ជាដើម ។
​ទន្ទឹមនេះ បើ​យោងតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ផ្សារ​ទំនើប​ថ្មីៗ​ចំនួន​១៣ ទៀត កំពុង​ត្រៀមខ្លួន​បង្កើត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ផ្ទៃក្រឡា សរុប នៃ​ផ្សារ​ទំនើប​ទាំងនេះ មាន​ជាង ១៤​ម៉ឺន​៧​ពាន់​ម៉ែត្រក្រឡា ខណៈដែល ទំហំ​ផ្សារ​ទំនើប​សរុប​ដែល​កំពុងដំណើរការ និង​បានបញ្ចប់​ការសាងសង់​ហើយ​នោះ មាន​ប្រមាណ​២២​ម៉ឺន​ម៉ែត្រក្រឡា​។ ដូចនេះ​ការវិនិយោគ ផ្សារ​ទំនើប​នៅ​កម្ពុជា នឹង​កើន​ទំហំ​ផ្ទៃក្រឡា​សរុប ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា​។

​តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ Propertyarea.asia បាន​បញ្ជាក់ថា ទីតាំង​ផ្សារ​ទំនើប ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំនេះ រួមមាន ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម​។ ចំណែក​គម្រោង​សាងសង់ ទីតាំង​លក់រាយ​ជាច្រើន​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាងសង់ មានដូចជា PH Eco Mall និង Diamond Peng Hourt Mall ជាដើម​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា បច្ចុប្បន្ននេះ ការវិនិយោគ​ទៅលើ​ទីតាំង លក់រាយ​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​ក្នុងឆ្នាំនេះ និង​មាន​ទីតាំង​លក់រាយ​ប្រហែល​១១​នឹង​បើក​ដំណើរការ ក្នុងចំណោម​ផ្សារ​ទំនើប​ចំនួន​១៣​ទីតាំង​។

​យោងតាម​របាយការណ៍​របស់ ក្រុមហ៊ុន CBRE Cambodia នេះ ក៏បាន​បង្ហាញ​ដែរ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ នៅ​កម្ពុជា​នឹងមាន​ទីតាំង​លក់រាយ​ប្រហែល​២៩ ភាគរយ​ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​! ២៦​ភាគរយ ក្នុង​ខណ្ឌចំការមន​! ១៩ ភាគរយ​ក្នុង​ខណ្ឌទួលគោក​! ១៣​ភាគរយ​ក្នុង​ខណ្ឌ​ច្បារអំពៅ​! ៦​ភាគរយ ក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌមានជ័យ និង​១​ភាគរយ​ក្នុង​ខណ្ឌ​៧​មករា​៕
​