ភ្នំពេញ ៖ ឯ.ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេចក្តីសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលហាមមិនឲ្យមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ធ្វើដំណើរចូលទឹកដីអាមេរិក ថាជាការសម្រេចចិត្តខុស ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក និងបំផ្លាញលិទ្ធិប្រជាធិបតេយ្យដែលសហរដ្ឋអាមេរិកបានសាងនៅកម្ពុជា។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ បានធ្វើឡើងភ្លាមៗ នាព្រឹកថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសដាក់កំហិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងក្រុមគ្រួសារ មិនឲ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិក ក្រោមហេតុផលថា មន្ត្រីទាំងនោះបានធ្វើឱ្យខូចដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯ.ឧ ផៃ ស៊ីផាន បានលើកឡើងថា “សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកជាការសម្រេចចិត្តមួយខុសពីស្ថានភាពពិតប្រាកដរបស់កម្ពុជា អំពីការប្រឹងប្រែងពង្រឹងលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ចំពោះគណបក្សដែលត្រូវបានរំលាយរួចទៅហើយនោះ គឺ សម រង្ស៊ី និង កឹមសុខា មិនបានរួមជាដៃគូក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យដែលជាទំនិញរបស់សហរដ្ឋអាមេរិកចង់ បាននោះទេ គឺ សម រង្ស៊ី និង កឹម សុខា តែងតែធ្វើពហិការ គេតែងតែមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ គេប្រឆាំងជាមួយស្ថាប័នជាតិទាំងបី មានរាជរដ្ឋាភិបាល សភា និងតុលាការ ។ ឯ.ឧ បន្តថា ការសម្រេចចិត្តរបស់ក្រសួងការបរទេសអាមេរិក នាពេលនេះ មិនត្រឹមតែជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ក៏ជាការបំផ្លាញមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទៀតផង”។
ឯ.ឧ ផៃ ស៊ីផាន បន្ថែមថា “ការសម្រេចចិត្តរបស់ក្រសួងការបរទេសអាមេរិកនេះគឺអយុត្តិធម៌ចំពោះអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា រួមទាំងការប្រឹងប្រែងរបស់កម្ពុជា ហើយអ្វីដែលកើត ឡើងនេះ គឺសហរដ្ឋអាមេរិកទេ ដែលបង្ហាញថា ខ្លួនមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនស្វែងយល់ឲ្យបានច្បាស់គ្រប់ជ្រុងជ្រោយនៅក្នុងការសម្រេចចិត្ត។ ចំពោះសេចក្តីសម្រេចចិត្តនេះ ដែរ គឺទទួលបានសារមិនល្អពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក វីល្លៀម ហេដ ដែលលោកបានយល់ច្រលំថា កម្ពុជាមានជំហរប្រឆាំងនឹងសហរដ្ឋអាមេរិក គឺជាការយល់ខុស ១០០%ដែលជាការបរិហារលើភក្តីភាពរបស់កម្ពុជា ចំពោះសហរដ្ឋអាមេរិក”។
គួរកត់សម្គាល់ថា នេះជាលើកទីពីរហើយដែលអាមេរិកប្រើវិធានតឹងរ៉ឹងមកលើកម្ពុជា បន្ទាប់ ពីការបញ្ឈប់ផ្តល់ជំនួយរបស់អាមេរិកមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា។
សូមជម្រាបផងដែរថា ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក មិនបានចុចឲ្យចំឈ្មោះថា តើមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះដែលត្រូវបិទទិដ្ឋាការនោះទេ តែបានភ្ជាប់ សមាជិកគ្រួសាររបស់មន្ត្រីទាំងនោះ ក៏មិនឱ្យចូលទៅកាន់ដឹកដីអាមេរិកផងដែរ។
ទោះជាយ៉ាងណាក៏ក្តី ការប្រកាសរបស់ក្រសួការបរទេសអាមេរិក ក៏បានអំពាវនាវរំឮកឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្វិលស្ថានការទាំងអស់ឲ្យវិលទៅរកស្ថានភាពដូចដើមឡើងវិញ ដែលទង្វើនេះ អាចឈានទៅរកការលើកលែងការហាមឃាត់ថ្មីរបស់អាមេរិកនេះវិញ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រាជ រដ្ឋាភិបាល ឯ.ឧ ផៃ ស៊ីផាន បានបញ្ជាក់អះអាងថា ការអំពាវនាវរបស់អាមេរិក គឺមិនអាចឱ្យធ្វើតាមបានទេ ដោយកម្ពុជានៅតែបន្តដំណើរទៅមុខដដែល៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានបោះឆ្នោតលោក នុត សុខុម ឱ្យធ្វើជា អនុប្រធានគ.ជ.ប ។ ចំណែកលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ បានជាប់ជាសមាជិកគ.ជ.ប ផងដែរ ។
ទន្ទឹមនោះរដ្ឋសភាក៏បានការប្រកាសសុពលភាពរបស់ តំណាងរាស្ត្រថ្មី១៦រូបផងដែរ ដែលតំណាងរាស្ត្រថ្មីទាំង១៦រូបនោះនៃរដ្ឋសភា បានបញ្ចប់ហើយ នៅវេលាម៉ោងជិត៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងចូលស្បថកាន់តំណែងនៅរដ្ឋសភា ក្នុងថ្ងៃនេះតែម្តង ៕

រាជធានីភ្នំពេញ ៖ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក យូ ហុកគ្រី ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា ប្រកាសទទួលស្គាល់ជាបេក្ខជនអនុប្រធានទី១ នៃរដ្ឋសភា ហើយ កាលពីព្រឹកមិញ ។ ចំណែកការបោះឆ្នោតជ្រើសតាំងលោក យូរ ហុកគ្រី នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គខាងមុខ។ នេះបើតាមសេចក្តីប្រកាសលទ្ធផលរបស់រដ្ឋសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ៕


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងកាលពីម្សិលមិញថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ខណៈដែលទោសនេះជាទោសក្បត់ជាតិ នេះបើយោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រៃរាជាណាចក្រកម្ពុជា។ លោកបានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយព្រោះថា ការអំពាវនាវនោះគឺជាការញុះញង់ឲ្យកងទ័ពផ្តួលរំលំរដ្ឋាភិបាល ធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ ៕


រាជធានីភ្នំពេញ ៖ គំនុំចាស់រវាងព្រះសង្ឃ និងព្រះសង្ឃបានដោះស្រាយ ក្នុងវត្តទួលសំរោងបណ្តាលឲ្យ ព្រះសង្ឃ១អង្គរងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវត្តទួលសំរោង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ព្រះសង្ឃរងគ្រោះមានព្រះនាម វ៉ា សែម ព្រះជន្ម៤៦ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង រងរបួសដេរ១២ថ្នេរ ចំណែកព្រះសង្ឃបង្កព្រះនាម អ៊ី វ៉ាហៃ ព្រះជន្មប្រហែល ២៥ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង និងម្នាក់ទៀត មិនស្គាល់ឈ្មោះ។
ប្រភពពីព្រះសង្ឃរងគ្រោះបានឲ្យដឹងថា ព្រះអង្គ និងសង្ឃបង្កធ្លាប់មានទំនាស់ពាក្យសម្ដីគ្នា បន្តិចបន្តួចម្តងរួចមកហើយ ហើយមកដល់ពេលនេះ ទើបខាងសង្ឃបង្កគុំគួន ទើបធ្វើបែបនេះមកលើព្រះអង្គតែម្តង។ ក្រោយពេលកើតហេតុ ព្រះសង្ឃរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ តែយ៉ាងណារឿងនេះសមត្ថកិច្ច មិនទាន់អាចធ្វើអ្វីបាននៅឡើយទេ គឺបានត្រឹមឈរនៅមុខខ្លោងទ្វារវត្ត រង់ចាំទាល់តែព្រឹកទើបអាចដោះស្រាយបាន៕


រាជធានីភ្នំពេញ ៖ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានកូរ៉ុមចូលរួមចំនួន១០២រូប មកពីគណបក្សចំនួន៤ ដើម្បីប្រកាសសុពលភាពរបស់តំណាងរាស្ត្រថ្មី១៦រូប រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែងផងដែរ។
សូមបញ្ជាក់ថា តំណាងរាស្ត្រថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយ គ.ជ.ប, ៤រូប មកពី CPP ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់ គ.ជ.ប។ ដោយឡែក បេក្ខជនអនុប្រធាន-សមាជិក គ.ជ.ប ថ្មី៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូនោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម៕


ប៉ាឡេស្ទីន ៖ កាលពីថ្ងៃពុធ ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងនៅប្រទេសលីបង់បានបញ្ចេញប្រតិកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជាទីក្រុងរបស់ប្រទេសអ៊ីស្រាអែល ជាទង្វើមួយដែលអាចនឹងបន្ថែមអំពើហិង្សានៅក្នុងពិភពលោក។
មេដឹកនាំហាម៉ាសនៅទីក្រុងហ្គាហ្សាលោក អ៊ីស្មែល រ៉ាដវ៉ាន បានហៅផែនការនេះថា «អយុត្តិធម៌» ហើយបានអំពាវនាវឲ្យគេបណ្ដេញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទាំងអស់ចេញពីទឹកដីនៅពិភពអារ៉ាប់និងពិភពអ៊ីស្លាម។ ទន្ទឹមនេះដែរ ក្រុមអ្នកតវ៉ាគ្រប់ស្រទាប់ទាំងអស់បានប្រមូលផ្ដុំគ្នានៅក្នុងជំរំជនភៀសខ្លួនមួយនៅទីក្រុងបេរួតប្រទេសលីបង់ដើម្បីតវ៉ាប្រឆាំងនឹងការទទួលស្គាល់នេះផងដែរ។
តំណាងក្រុមហាម៉ាសនៅប្រទេសលីបង់បានប្រាប់ក្រុមអ្នកកាសែតពីថ្ងៃម្សិលមិញថា ការទទួលស្គាល់របស់អាមេរិកនេះគឺជាឈ្លានពានមិនត្រឹមតែទៅលើពលរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើប្រទេសនៅតំបន់អារ៉ាប់ និងអ៊ីស្លាមទាំងមូលថែមទៀត។
សូមបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធដោយមិនអើពើនឹងការព្រមានអំពីកំហុសឆ្គងជាប្រវត្តិសាស្ត្រដែលអាចបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា៕

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មទី២បង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,២៣៤លើក បណ្តាលអោយស្លាប់ចំនួន១,៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។
របាយការណ៍ដដែលបញ្ជាក់ថា ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០%, ស្រវឹង១០%, កក្តាយានយន្ត៤%, និងងងុយគេង១% ។ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)៕

រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលាដែលបានកំណត់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។
ចំពោះមូលហេតុនៃការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃនេះ ត្រូវបានអគ្គិសនីកម្ពុជាបញ្ជាក់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕


មូស្គូ ៖ ថ្លែងក្នុងវេទិកាមួយក្នុងទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបន្តឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៨ទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
លោក ពូទីន បានសួរទៅកាន់តែអ្នកចូលរួមដែលភាគច្រើនយុវជនថា ពួកគេគាំទ្ររូបលោកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៨ ដែរឬទេ? អ្នកចូលរួមទាំងអស់បានឆ្លើយថានឹងគាំទ្ររូបលោកឱ្យបន្តធ្វើជាប្រធានាធិបតីរុស្ស៊ីនៅអាណត្តិក្រោយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនឹងត្រូវប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបើតាមការស្ទង់មិតជាច្រើនគេរំពឹងថា លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបន្តជាប់ឆ្នោតជាប្រធានាធិបតីជាមួយអណត្តិទៀត៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧កម្មកររោងចក្រ “ម៉េង ដាហ្វូតវៀ” ដែលមានទីតាំងនៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៤០០នាក់បន្តធ្វើកូដកម្ម ដោយបានដើរចេញពីរោងចក្រមកប្រមូលផ្តុំគ្នានៅផ្លូវធំវេងស្រេង ក៏ប៉ុន្តែអត់មានការបិទផ្លូវទេ។
បើតាមកម្មករដែលចូលរួមធ្វើបាតុកម្ម បានឲ្យដឹងថា ពួកគាត់មកធ្វើបាតុកម្មនេះ គឺដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច ៖ ១-សូមឲ្យក្រុមហ៊ុនបើកប្រាក់៥% គិតចាប់ពីបើករហូតដល់ឆ្នាំ២០១៨។ ២-សូមឲ្យក្រុមហ៊ុនផ្តល់លុយព្រឹម១៥ដុល្លារក្នុងមួយខែ។ ៣-សូមឲ្យក្រុមហ៊ុនផ្តល់លុយធ្វើ ដំណើរ ឬស្នាក់នៅ១៥ដុល្លារក្នុងមួយខែ។
សូមបញ្ជាក់ថា រោងចក្រ “ម៉េង ដាហ្វូតវៀ” មានកម្មករសរុប៥០០០នាក់៕


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញនៅស្ថានទូតជប៉ុនបានរៀបចំពិធីចុះហត្ថលេខាសម្រាប់ការផ្តល់ជំនួយឥតសំណង ដោយភាគីជប៉ុនដឹកនាំដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជាតំណាងដោយ៤ស្ថាប័ន។
ជំនួយឥតសំណងទាំងនេះនឹងគាំទ្រដល់គម្រាងអភិវឌ្ឍចំនួន៤ នៅជនបទរបស់កម្ពុជា ក្នុងនោះរួមមាន៖ ទី១ ៖ គម្រោងជួសជុលផ្លូវមួយខ្សែ ក្នុងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ នូវថវិកាចំនួន៨៧,៥៨៧ដុលា្លរ។ ទី២ ៖ សម្រាប់សាងសង់អគារអគារមណ្ឌលសុខភាពគ្រញូងសែនជ័យ ខេត្តក្រចេះ នូវថវិកាចំនួន ៨៩,៦៣២ដុលា្លរ។ ទី៣ ៖ សម្រាប់សាងសង់អគារមណ្ឌលសុខភាពបារ៉ុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នូវថវិកាចំនួន ៨៤,៩៧២ដុល្លារ និង៤ ៖ គម្រោងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិច និងម៉ាស៊ីនឆ្លុះអេកូ នៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប នូវថវិកា ៦៧៥៤៥ ដុល្លារ៕

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានសម្រេចដាក់បញ្ចូលអង្គភាពសារព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំនួន០៩ នៅក្នុងបញ្ជីខ្មៅ «ទីភ្នាក់ងារបរទេស» ដោយសារតែបានប្រព្រឹត្តល្មើសច្បាប់ យោងតាមមាត្រា៦ មានចែងនៅក្នុងច្បាស់ស្តីពីវិស័យសារព័ត៌មាន របស់សហព័ន្ធរុស្ស៊ី។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT ។
ការសម្រេចដាក់អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនទាំង០៩នេះត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូអះអាងថា ជាការឆ្លើយតបវិញយ៉ាងសាកសមទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលខ្លួនមិនអាចទទួលយកបាន នោះគឺការដាក់សម្ពាធលើសារព័ត៌មានរុស្ស៊ី Russia Today America (RT) ប្រចាំនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន និងអង្គភាព ដែលបម្រើការលើប្រព័ន្ធផ្សាយទាំង ០៩ មានចែងក្នុងបញ្ជីខ្មៅនោះរួមមាន៖
១៖ សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)
២៖ វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេសរុស្ស៊ី
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (បណ្តាញវិទ្យុ RFE/RL)
៩៖ គំរោងផ្សព្វផ្សាយ IdelRealii project (បណ្តាញវិទ្យុ RFE/RL)
សូមបញ្ជាក់ថា បញ្ជីខ្មៅមួយសម្រាប់ដាក់អង្គភាពព័ត៌មានណាមួយ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាស់ប្រទេសរុស្ស៊ី ហើយអង្គភាពដែលមានជាប់ឈ្មោះក្នុងនេះ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសរុស្ស៊ីនោះឡើយ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍