អូទ្រីស ៖ សារព័ត៌មាន Telegraph ចេញផ្សាយថា ប្រទេសអូទ្រីសបានផ្ដល់ភាពស្របច្បាប់លើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាហើយ ដោយតុលាការធម្មនុញ្ញនៃប្រទេសមួយនេះបានសម្រេចអនុញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយនឹងគ្នាយ៉ាងយូរនៅឆ្នាំ២០១៩ ខាងមុខនេះ។
តាមរយៈការអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាដោយស្របច្បាប់នេះ បានធ្វើប្រទេសអូទ្រីសក្លាយជាប្រទេសទី១៦នៅក្នុងតំបន់អឺរ៉ុប ស្របគ្នាជាមួយបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងនោះរួមមានទាំង បារាំង អាល្លឺម៉ង់ អង់គ្លេស និងអេស្ប៉ាញដែលសុទ្ធសឹងជាប្រទេសអនុញាតលើអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ។
សូមបញ្ជាក់ថា ការអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសអូទ្រីសនេះត្រូវបានអនុញាតឱ្យមានទំនាក់ទំនងឯកជនតាំងតែពីឆ្នាំ២០១០ មកម្ល៉េះ៕


ញូដេលី ៖ មន្ត្រីឥណ្ឌាម្នាក់បាននិយាយថា សមាជិកសភាឥណ្ឌាពីររូប គឺលោក Sharad Yadav និងលោក Ali Anwar ត្រូវបានដកតំណែងពីសភាជាន់ខ្ពស់ដោយចោទថា បានចូលរួមក្នុងក្បួនតវ៉ារៀបចំដោយគណបក្សប្រឆាំង ប្រឆាំងនឹង គណបក្សរបស់ខ្លួនឯង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមន្ត្រីឥណ្ឌារូបនេះ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការដកសមាជិកភាព នៃសមាជិកសភាខាងលើ កើតមានឡើងបន្ទាប់ពីគណបក្សរបស់អ្នកទាំងពីរ គឺគណបក្ស Janta Dal-United បានដាក់ញ្ញតិមួយទៅកាន់ប្រធានសភាជាន់ខ្ពស់ ដើម្បីស្នើដកតំណែងអ្នកទាំងពីរ ដោយចោទថា បានចូលរួមក្នុងក្បួនតវ៉ារៀបចំដោយគណបក្សប្រឆាំង ប្រឆាំងនឹង គណបក្សរបស់ខ្លួនឯង។
មន្ត្រីរូបនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សមាជិសភាមកពីគណបក្ស Janta Dal-United លោក Sharad Yadav និងលោក Ali Anwar ត្រូវបានដកសមាជិកសភាហើយ រីឯប្រធានសភាជាន់ខ្ពស់ ក៏បានយល់ស្របនឹង Janta Dal-United ដែរថា សមាជិកសភាទាំងពីរនាក់ មានឆន្ទៈបោះបង់ចោលអភ័យឯកសិទ្ធិ តាមរយៈការធ្វើ សកម្មភាពប្រឆាំងនឹងការដឹកនាំ នៃគណបក្សរបស់ខ្លួន ក៏ដូចជាចូលរួមជាមួយនឹងគណបក្សប្រឆាំង»។
សូមជម្រាបថា លោក Sharad Yadav បានជាប់ឆ្នោតជាសមាជិកសភាជាន់ខ្ពស់កាលពីឆ្នាំមុន ហើយអាណត្តិរបស់លោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ខណៈ និងលោក Ali Anwar នឹងផុតអាណត្តិនៅឆ្នាំក្រោយ៕


ខេត្តកណ្តាល ៖ មន្ដ្រីតុលាការជាន់ខ្ពស់ខេត្តកណ្ដាលបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចម្សិលមិញថា មនុស្សទាំង៦៤នាក់ ដែលចូលលេងសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯមត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្ដែទោសនេះត្រូវបានតុលាការសម្រេចព្យួរ ដូច្នេះត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ទាំងអស់តែម្ដង។
មន្ដ្រីរូបនោះបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ ប្រធានតុលាការខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ាប់ កូនប្រសាលោក ហ៊ុន សាន ដាក់ពន្ធនាគារដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ។ ការសម្រេចនេះបន្ទាប់ពីសវនាការត្រូវបានបញ្ចប់ និងយោងតាមមាត្រា៤ នៃច្បាប់ល្បែងស៊ីសង។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានប្រាប់អ្នកកាសែតថា ដំបូងឡើយមនុស្សជាង១៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះ អាសន្ន ប៉ុន្តែដោយអ្នកខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ ។ ដូច្នេះនៅសល់តែមនុស្ស៦៤នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅតុលាការ ។ ចំណែកវត្ថុតាងដែល ត្រូវបានរឹបអូសវិញ រួមមាន រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល៕


ភ្នំពេញ ៖ រដ្ឋសភាគ្រោងប្រកាសសុពលភាពតំណាងរាស្ត្រថ្មី១៦រូបបន្ថែម នៅថ្ងៃទី៧ ធ្នូ នេះ នៅក្នុង កិច្ចប្រជុំពេញអង្គមួយ ហើយរដ្ឋសភាក៏នឹងរៀបចំរចនាសម្ព័ន្ធថ្មីរបស់រដ្ឋសភាឲ្យបានត្រឹមត្រូវ ផង ដែរ មុនពេលចាប់ផ្តើមការងាររបស់ខ្លួនឡើងវិញ។ ក្រោយពេលនេះមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៧ រដ្ឋសភា នឹងប្រជុំសម្រេចប្រគល់កៅអីអនុប្រធានទី១ និងគណៈកម្មការជំនាញរដ្ឋសភា របស់អតីតគណបក្សសង្គ្រោះជាតិ ដែលនៅទំនេរ ទៅគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងអស់ ។ នេះបើយោងតាមការឱ្យដឹងពី អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ឯ.ឧ ឡេង ប៉េងឡុង ។
ឯ.ឧ ឡេង ប៉េងឡុង បានបញ្ជាក់ ថា ដើម្បីរៀបចំរចនាសម្ព័ន្ធឲ្យសមស្របទៅនឹងអាសនៈ ក្នុងរដ្ឋសភា ដែលមានតំណាងរាស្ត្រ១២៣រូប ចូលបំពេញការងារជំនួសអតីតគណបក្សសង្គ្រោះជាតិ នោះ រដ្ឋសភានឹងសម្រេចបែងចែកអាសនៈអនុប្រធានទី១ និងគណៈកម្មការជំនាញរបស់អតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអស់។
ឯ.ឧ ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងផងដែរថា អ្នកតំណាងរាស្ត្រថ្មី មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងទទួលបានតួនាទីជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា។ក្នុងនោះ តួនាទីជាប្រធានគណៈកម្មការចំនួន៥ និងអនុប្រធានគណៈកម្មការជំនាញរដ្ឋសភាចំនួន ៥។
សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា ៥ ដែលនឹងត្រូវបែងចែកតួនាទី ជាប្រធានគណៈកម្មការ ទៅឲ្យគណបក្សទាំង៣ ដែលទើបទទួលបានអាសនៈនៅរដ្ឋសភា រួមមាន៖១-គណៈ កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ២-គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឈន៍ជនបទ បរិស្ថាន និងធនធានទឹក ៣-គណៈកម្មការអប់រំ យុវ ជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ៤-គណៈកម្មការសុខាភិបាល សង្គម កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និង៥-គណៈ កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។ រីឯគណៈកម្មការរដ្ឋសភា ៥ ទៀត ដែលគណបក្សទាំង ៣ ទើបតែទទួលបានអាសនៈថ្មី នៅរដ្ឋសភា គឺជាគណៈកម្មការ ដែលមានប្រធាន មកពីគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងអាសនៈគណៈកម្មការជំនាញវិញ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវបានតួនាទីជាប្រធានគណៈកម្មការជំនាញទី១, គណៈកម្មការជំនាញទី៣ ,គណៈកម្មការជំនាញទី៧, គណៈកម្ម ការជំនាញទី៨ និងគណៈកម្មការជំនាញទី១0 ព្រមទាំងតួនាទីអនុប្រធានគណៈកម្មការជំនាញចំនួន៥ទៀត របស់អតីតគណបក្សសង្គ្រោះជាតិផងដែរ។
ទោះជាយ៉ាងណាក្តី ឯ.ឧ. ឡេង ប៉េងឡុង មិនបានបញ្ជាក់ថា តើមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចរូបណាដែលនឹងត្រូវបានទទួលនូវតួនាទីជាអនុប្រធានទី១ នៃរដ្ឋសភានោះទេ។ កន្លងមក ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្លាប់ជានាយករដ្ឋមន្ត្រីទី១នៃរាជរដ្ឋា ភិបាល និងជាព្រះប្រធានរដ្ឋសភា ហើយនៅពេលថ្មីៗនេះ ព្រះអង្គធ្លាប់បានបដិសេធទទួលកៅអីអនុប្រធានទី១នេះ តែព្រះអង្គបានបង្ហាញសញ្ញាបើកផ្លូវឲ្យ លោក យូ ហុកគ្រី នឹងក្លាយជាអនុប្រធាន៕

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីរសៀលម្សិលមិញថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឱ្យ លោក រ៉ុង ឈុន រួមទាំងសហជីព និងតំណាងសង្គមស៊ីវិលមួយចំនួនចូលជួបលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងផ្លុង) នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕


រាជធានីភ្នំពេញ ៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀប ចំការបោះឆ្នោត (គជប) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខ លោក កឹម សុខា នៅគុគត្រពាំងផ្លុងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩៖៣០នាទីព្រឹក ។
គេមិនដឹងថា តើតុលាការនឹងសម្រេចតាមការស្នើសុំរបស់ក្រុមលោក រ៉ុង ឈុន នោះ ឬយ៉ាងណា នោះទេ ខណដែលករណីលោក កឹម សុខា នេះ កន្លងមកសូម្បីតែក្រុមគ្រួសារមិនទាន់អាចចូលសួរសុខទុក្ខបាននៅឡើយ ៕


ភ្នំពេញ ៖ មុខសញ្ញាឆក់តាមផ្លូវកាលពីយប់មិញនៅតាមផ្លូវ២១៧វេងស្រេងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោក្របួចបានទាំងចង្កោមកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ លី ប៊ុនលីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិខ្វារសង្កាត់ដង្កោខណ្ខដង្កោ។ ទី២ ឈ្មោះ ចន រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ និងទី៣ ឈ្មោះ សំ ចាន់មុន្នី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាឡីសង្កាត់សង្កោខណ្ខដង្កោ។
ជនរងគ្រោះឈ្មោះ នាង លាងឆេង ភេទស្រី អាយុ២៣ឆ្នាំមុខរបរអ្នកលក់គ្រឿងសំអាងនៅម្តុំធនាគារកាណាឌីយ៉ាកណ្តាលបានប្រាបអោយដឹងថាមុនពេលដែលមានក្រុមក្មេងទំនើងមកធ្វើសកម្មភាពឆក់កាបូបនេះដោយរូបនាងបានជិះម៉ូតូជាមួយនិងប្តីចេញពីកន្លែងលក់ត្រឡប់ទៅផ្ទះវិញនៅឯភូមិថ្មគោលសង្កាត់ចោមចៅខណ្ខពោធិសែនជ័យស្រាប់តែកំពុងតែធ្វើដំណើរនៅតាមផ្លូវ២១៧វេងស្រេងដល់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យក៏មានម៉ូតូ៣គ្រឿងជិះមកក្បែរក៏ឆក់កាបូបតែដោយរូបនាងចាប់កាបូបនោះជាប់ធ្វើអោយជនង្ស័យដែលជិះម៉ូតូមួយគ្រឿងបានដួលពេលនោះក៏មានអ្នកធ្វើំណើរតាមផ្លូវជួយដេញចាប់បានម្នាក់ចំណែកបក្សពួកវាផ្សេងទៀតបានរត់គេចខ្លួនអស់ហើយបានប្រគល់អោយសមត្ថកិច្ច។
តាមសម្តីពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានសាកសួរទៅលើជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានកាលពីយប់ក៏បានដឹងពីគ្នីគ្នាវានៅសម្ងំលាក់ខ្លួនបានបន្តទៅយកនៅខណ្ឌដង្កោបានឃាត់ខ្លួនបាន២នាក់បន្តទៀត ហើយ២នាក់ទៀតបានរត់គេចខ្លួនបាត់ហើយកម្លាំងសមត្ថកិច្ចនឹងបន្តទៅស្រាវជ្រាវរកបក្យពួកវាបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បាននិងកំពុងឃុំខ្លួននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


រាជធានីភ្នំពេញ ៖ សភាបានកំណត់យកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីប្រកាសសុពលភាពរបស់តំណាងរាស្ត្រថ្មី១៦រូប រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៣រូបផងដែរ ។
អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានបញ្ជាក់ថា តំណាងរាស្ត្រថ្មី១៦រូប ដែលទទួលស្គាល់ដោយគ.ជ.បនោះរួមមាន ១១រូប មកពី CPP ខណដែលតំណាងរាស្ត្រទាំងនោះបានមកពីការបែងចែកអសនៈ ដោយ គ.ជ.ប និងតំណាងរាស្ត្រថ្មីជំនួសតំណាងរាស្ត្រ CPP ដែលបានលាលែង ។
ចំណែកបេក្ខជនអនុប្រធាន-សមាជិក គ.ជ.បថ្មី៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូនោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម ៕

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈបានសម្រេច កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៧នៅត្រង់ចំណុចចម្ការស្វាយចន្ទីជនរងគ្រោះ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក ពុធ សាវី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែឆ្នូនេះថា ជនរងគ្រោះឪពុកប្រើទៅបោកខោអាវម្នាក់ឯងនៅខាងក្រោយផ្ទះរបស់ខ្លួន ហើយត្រឡប់មកផ្ទះវិញជួបជនសង្ស័យចាប់រំលោភនៅចម្ការស្វាយចន្ទីបានសម្រេចតែម្តង។ លោកអធិការរងបានបន្តថា បន្ទាប់មកមានក្មេងម្នាក់បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ ហើយក្មេងនោះបានរត់ទៅប្រាប់ឪពុកស្ត្រីរងគ្រោះ ហើយមកវាយទៅលើជនសង្ស័យ២ដំបង រួចតេប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។
អធិការរងបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ធ . វ អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ ហើយនាងក៏មានសតិមិនគ្រប់។ ចំណែកជនសង្ស័យឈ្មោះ ធួយ ធឿន ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា ការចាត់វិធានការលើគណបក្សសង្គ្រោះជាតិរបស់ស្ថាប័ននិតិប្បញ្ញាត្តិ និងនិតិប្រតិបត្តិនិងតុលាការ ស្របទៅនឹងច្បាប់របស់កម្ពុជា សំដៅរក្សាឲ្យបាននូវផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ គឺឯករាជ្យអធិបតេយ្យភាព ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ៕


រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនបុរសបីនាក់ប្រគល់ឲ្យប៉ូលិសខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីជនសង្ស័យជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០យកទៅប្រចាំនៅកុងស៊ីបញ្ចាំក្នុងតំលៃ១៧០០០ដុល្លារអាមេរិករួចគេចខ្លួនបាត់លុះមកដល់ព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៧ក្រុមហ៊ុនលីហួរស៊ីធីលីង ត្រេនស្ព័រថេសិន(ខេមបូឌា)ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្យ័យចំនួន៣នាក់នោះ ១/ឈ្មោះ មៀច ស៊ីដេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង ភូមិវិហារចិន ឃុំស្វាយបង្គំ ខេត្តសៀមរាប (អ្នកជួលរថយន្ត) ២/ឈ្មោះ កែវ ភួង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបូរីពិភពថ្មី ផ្សារដីហុយ ខណ្ឌសែនសុខ (អ្នកធ្វើសាក្សី)៣/ឈ្មោះសង ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ (អ្នករួមដំណើរជាមួយ) ។
បើតាមតំណាងក្រុមក្រុមហ៊ុន លី ហួរ បានឲ្យដឹងថា ក្រុមហ៊ុនបានជួលរថយន្តឡិចស៊ីស៤៧០ចំនួន២គ្រឿងឲ្យទៅឈ្មោះ ងួន ហេង ដោយគ្រឿងតម្លៃ១១០០ដុល្លារក្នុងមួយខែ ស្រាប់បែរជា ឈ្មោះ ងួន ហេង បានយករថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 ជួលបន្តឲ្យទៅឈ្មោះ កែវ ភួង និង ឈ្មោះ មៀច ស៊ីដេត បានក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយខែ តែបែរជាមនុស្សទាំង២នាក់ខាងលើ លួចយករថយន្តជួលនោះទៅដាក់បញ្ចាំបន្តទៀត នៅក្រុមហ៊ុនចិនមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ក្នុងតម្លៃ១៧០០០ដុល្លារទៅវិញ រួចមកជួលរថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546 ពីឈ្មោះ ងួន ហេង មួយគ្រឿងទៀតកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មកជិះធ្វើតែមិនដឹង ។
ប្រភពដដែលបន្តទៀតថា ដឹង ឃើញ ការជួលរថយន្តខាងលើ មានសភាពមិនប្រក្រតី កាលពីជួល ឲ្យទៅមនុស្សទី១ បែជាឃើញរថយន្ត នៅមនុស្សទី២ជិះ និងយកទៅបញ្ចាំទៀត ទើបស្រាវជ្រាវ តាមដានភ្លាមៗទីបំផុតប្រទះឃើញរថយន្តខ្លួននៅអ្នកផ្សេងជិះ ឃើញឃាត់ប្តឹងប៉ូលីសនាំទៅសាកសួរ។
តាមសម្តីជនជាតិចិនអ្នកទទួលបញ្ចាំថា ជនសង្ស័យទាំង២ខាងលើពិតជាអ្នកយករថយន្តទៅបញ្ចាំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមកក្នុងតម្លៃ១៧០០០ដុល្លារ។
ក្រោយពីសាកសួរ រឿងរ៉ាវអង្គហេតុខាងលើ កើតឡើងនិងមានឯកសារ បញ្ចាំនៅខាងក្រុមហ៊ុនលី ហួរ ទើបនគរបាលខណ្ឌពោធិសែនជ័យ ប្រគល់រថយន្តមួយគ្រឿងនិងមនុស្ស២នាក់ ដែលជាអ្នកជួលជិះទី២ ទៅឲ្យខាងនគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្ត៕


ហ្ស៊ីមបាវ៉េ ៖ ប្រធានាធិបតីថ្មីនៃប្រទេសហ្ស៊ីមបាវ៉េបានស្បថចូលកាន់តំណែងដើម្បីដឹកនាំគណៈរដ្ឋមន្ត្រីថ្មីដែលរួមបញ្ចូលទាំងក្រុមអ្នកស្មោះនឹងគណបក្សកាន់អំណាច និងមន្ត្រីនៅជួរកងទ័ពដែលបានជួយបណ្ដេញលោក រ៉ូប៊ឺត មូហ្គាបេ អតីតមេដឹកនាំប្រទេសនេះចេញពីអំណាច។
ប្រធានាធិបតីថ្មីលោក អេមឺសុន មីណានហ្គាកវ៉ា (Emmerson Mnangagwa) បាននិយាយក្រោយពីវិធីស្បថចូលកាន់តំណែងពីថ្ងៃចន្ទម្សិលមិញថា គោលនយោបាយជាអាទិភាពគឺត្រូវស្ដារសេដ្ឋកិច្ចប្រទេសជាតិដែលកំពុងតែជួបវិបត្តិឡើងវិញ។
សូមរំលឹកថា កាលពីថ្ងៃទី១៥ខែវិច្ឆិកា លោកឧត្តមសេនីយ៍ទោ ម៉ូយ៉ូ បានប្រកាសពីការដណ្ដើមអំណាចពីរដ្ឋាភិបាលដែលធ្វើឲ្យលោក មូហ្គាបេ បង្ខំចិត្តចុះចេញពីអំណាចក្រោយពីលោកបានកាន់អំណាច រយៈពេល៣៧ឆ្នាំ ហើយលោក មីណានហ្គាកវ៉ា ដែលត្រូវបានលោក មូហ្គាបេ បណ្ដេញពីតំណែងជាអនុប្រធានាធិបតីនោះត្រូវបានគណបក្សកាន់អំណាចសម្រេចជ្រើសរើសយកធ្វើជាប្រធានាធិបតីថ្មីដើម្បីបន្តតំណែងពីលោក មូហ្គាបេ៕

អាហ្វហ្គានីស្ថាន ៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានជិះម៉ូតូបើកការវាយប្រហារនៅខាងក្រៅពហុកីឡដ្ឋានបាល់ទាត់មួយនៅក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតរងរបួស។
យោងតាមអ្នកនាំពាក្យឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់, ក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារ នោះរួមមានស្ត្រីម្នាក់ និងកូនក្មេងតូចម្នាក់។ អ្នកនាំពាក្យបានបន្ថែមថា ការវាយប្រហារនោះបានកើតឡើងក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីការប្រមូលផ្តុំគ្នារបស់អ្នកគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស់រ៉ាហ្វ ហ្គានី (Ashraf Ghani) បានបញ្ចប់នៅពហុកីឡដ្ឋានបាល់ទាត់។
ទោះបីយ៉ាងណាភ្លាមៗនោះមិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនោះនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមក្នុងតំបន់មួយដែលមានទំនាក់ទំនងជាមួយក្រុមអាយស៊ីសកំពុងស្វះស្វែងពង្រីកទីតាំងមូលដ្ឋានរបស់គេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួនបុរស ជនជាតិនីហ្សេរីយ៉ាម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលាងលុងកង្វក់តាមរយះរូបភាពផ្ញើប្រាក់ពីសហរដ្ឋអាមេរិកមកកម្ពុជា រួចយកប្រាក់ដដែលនោះផ្ញើពីកម្ពុជា ទៅអាមេរិកវិញចំនួន៩០ម៉ឺនដុល្លារ ។
មន្ត្រីតុលាការបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ា នេះឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ។ ចំណែកបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនឈ្មោះ BELLO និងប្រពន្ធខ្មែរឈ្មោះ គឹម ស្រីខួច អាយុ២២ឆ្នាំ ៕


យ៉េមែន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អតីតប្រធានាធិបតីយ៉េមែន លោក Ali Abdullah Saleh បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយរបស់ក្រុមឧទ្ទាមហ៊ូទី នៅឯទីក្រុងសាណាអា ប្រទេសយ៉េមែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សរបស់លោក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ក្រុមឧទ្ទាមហ៊ូទី បានបង្ហោះរូបភាពសាកសពបុរសម្នាក់ ដែលគេជឿជាក់ថា ជាអតីតប្រធានាធិបតីយ៉េមែនរូបនេះ ខណៈនៅលើបណ្ដាញទំនាក់ទំនងសង្គមក៏មានការអះអាងថា លោក Ali Abdullah Saleh បានស្លាប់ផងដែរ។ ការស្លាប់របស់លោក Ali Abdullah Saleh ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍