រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១០ខែដំបូង នៃឆ្នាំ២០១៧ បានកើតឡើងចំនួន២,៩៥៨លើក បណ្តាលឲ្យស្លាប់ចំនួន ១,៤៦៩នាក់ និងរបួសចំនួន៤,៥៣០នាក់ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៤.៨នាក់ និងរបួសចំនួន ១៥.១នាក់ ដោយសារមូលហេតុការបើកបរលើសល្បឿនកំណត់៣៦% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្តាំ១៣% វ៉ាជែង១១% បត់១០% ស្រវឹង១០% កត្តាយានយន្ត៣% និងងងុយ១%។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន៤៣លើក ស្មើ១% ស្លាប់កើនចំនួន៤៤នាក់ ស្មើ៣% និងរបួសថយចំនួន៨២៣នាក់ ស្មើ១៨%។ នេះបើយោងតាមរបាយការណ៍របស់អនុគណៈកម្មការទី២ (អនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក)។
របាយការណ៍បន្តថា ពាក់ព័ន្ធរថយន្តដឹកអ្នកដំណើរ៖ រយៈពេល១០ខែដំបូងនៃឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍មានចំនួន៥៥លើក បណ្តាលឲ្យស្លាប់ចំនួន៣៦នាក់ និងរបួសចំនួន១៦៤នាក់ ក្នុងនោះបង្កឡើងដោយក្រុមហ៊ុនដឹកអ្នកដំណើរចំនួន៣៣លើក ស្នើ៦០% ដោយសារមូលហេតុការបើកបរលើសល្បឿនកំណត់ ២១លើក មិនគោរពសិទ្ធិ០៩លើក មិនប្រកាន់ស្តាំ០៧លើក វ៉ាជែង០៨លើក ខុសលក្ខណៈបច្ចេកទេស០៥លើក ស្រវឹង០១លើក បត់មិនប្រយ័ត្ន០២លើក មនុស្សរត់ចូលឡាន០២លើក។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន៣០លើក ស្មើ១២០% ស្លាប់កើនចំនួន០៦នាក់ ស្មើ២០% និងរបួសកើនចំនួន១០នាក់ ស្មើ៦%។
ពាក់ព័ន្ធរថយន្តដឹកទំនិញ៖ រយៈពេល១០ខែដំបូងនៃឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍មានចំនួន៥0លើក បណ្តាលឲ្យស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៣៥នាក់ ក្នុងនោះបង្កឡើងក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន២៥លើក ស្មើ៥០% ដោយសារមូលហេតុ ការបើកបរលើសល្បឿនកំណត់២២លើក, មិនគោរពសិទ្ធិ០៧លើក, មិនប្រកាន់ស្តាំ០១លើក វ៉ាជែង០៩លើក, បត់មិនប្រយ័ត្ន០២លើក, ងងុយ០២លើក, លក្ខណៈបច្ចេកទេស០៣លើក, ដួលចូលឡាន០១លើក, ថ្នើជើងរត់ចូលឡាន០២លើក, រេចង្កូតធ្លាក់ផ្លូវ ០១លើក។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន៦៧លើក ស្មើ៥៧% ស្លាប់ថយចំនួន៥៤នាក់ ស្មើ៦៣% និងរបួសថយចំនួន១២៧នាក់ ស្មើ៧៨%។
របាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈមានចំនួន១១លើក ស្លាប់ចំនួន០៥នាក់ និងរបួសចំនួន០៩នាក់ ហើយមូលហេតុកើតគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿនកំណត់០៦លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែងគ្រោះថ្នាក់០២លើក, ខុសលក្ខណៈបច្ចេកទេស០១លើក។ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន០៥លើក ស្មើ៨៣% ស្លាប់កើនចំនួន០២នាក់ ស្មើ៦៦% និងរបួសកើនចំនួន០៦នាក់ ស្មើ២០០%៕

រុស្ស៊ី ៖ ប្រទេសរុស្ស៊ីបាននិយាយពីថ្ងៃពុធថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃអង្គារគឺជាការបង្កហេតុមួយដែលបានធ្វើឲ្យប៉ះពាល់ដល់ឱកាសនៃការដោះស្រាយវិបត្តិដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ន។
លោក ឌីមីទ្រី ផេស្កូវ មន្ត្រីនាំពាក្យប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងក្ដីសង្ឃឹម ថា ភាគីពាក់ព័ន្ធទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ក្នុងការទប់ស្កាត់ស្ថានការណ៍នៅឧបទ្វីបកូរ៉េកុំឲ្យឈានទៅដល់សេនារីយ៉ូកាន់តែអាក្រក់បំផុត។ ទន្ទឹមនោះលោក ផេស្កូវ ក៏បានប្រកាសថ្កោលការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងថាជាសកម្មភាពបង្កហេតុដែលបានបង្កើនភាពតានតឹង និងពន្យារពេលការចាប់ផ្ដើមនៃកិច្ចប្រឹងប្រែងក្នុងការដោះស្រាយស្ថានការណ៍វិបត្តិនេះ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះបានកើតឡើងនៅពេលគណៈប្រតិភូរដ្ឋសភាប្រទេសរុស្ស៊ីកំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង និងត្រូវបានគេចាត់ទុកថាមានកម្លាំងខ្លាំងនិងឆ្ងាយជាងមីស៊ីលដែលប្រទេសនេះបានបាញ់កាលពីពេលមុនៗ៕

យេម៉ែន ៖ ក្រុមសាក្សី និងមន្ត្រីមូលដ្ឋាននៅប្រទេសយេម៉ែនបាននិយាយថា ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយបានវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុងកំពង់ផែអាដែននៅភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សចំនួន៥នាក់និងរបួស១២នាក់។
មន្ត្រីសន្តិសុខមូលដ្ឋានបាននិយាយថា ការផ្ទុះនេះបានបំផ្លាញអគារក្រសួងហិរញ្ញវត្ថុ បំផ្លាញលំនៅឋាននិងបង្កអគ្គិភ័យនៅហាងមួយចំនួននៅតំបន់នេះផងដែរ។
ក្រុមចារកម្ម SITE នៅសហរដ្ឋអាមេរិកដែលតាមដានគេហទំព័រក្រុមជីហាដនិយមបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសយេម៉ែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
សូមបញ្ជាក់ថា ទីក្រុងអាដែនត្រូវបានសង្កេតឃើញកើតមានអំពើហិង្សាយ៉ាងឃោរឃៅជាមួយការវាយប្រហារជាបន្តបន្ទាប់និងការធ្វើឃាតនានាដែលជាស្នាដៃរបស់សាខាក្រុមរដ្ឋអ៊ីស្លាម៕

អាមេរិក ៖ ក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នាដោយជេរប្រមាថគ្នាយ៉ាងខ្លាំងកាលពីថ្ងៃពុធម្សិលមិញនៅមុនពេលលោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថារបស់លោកស្ដីពីកំណែទម្រង់ពន្ធដារនៅទីក្រុងសេនឆាឡេសនៅរដ្ឋមីស្សួរីសហរដ្ឋអាមេរិក។
អ្នកតវ៉ាជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅក្រៅមជ្ឈមណ្ឌលអនុសញ្ញាសេនល្វីសនៅជាយទីក្រុងសេនឆាឡេសជាទីដែលលោក ត្រាំ គ្រោងនឹងនិយាយនៅទីនោះ។
ក្រុមអ្នកប្រឆាំងលោក ត្រាំ បានស្រែកប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ពន្ធដារថា «តើនេះជាបែបផែននៃលទ្ធិប្រជាធិបតេយ្យឬ?» ចំណែកក្រុមអ្នកគាំទ្រវិញបាននិយាយថា «អ្វីដែលបានសន្យាត្រូវតែធ្វើ ហើយត្រូវរក្សាការសន្យាជានិច្ច»។
ទោះបីយ៉ាងណាការប្រឈមមុខគ្នានេះបានកើនឡើងខ្លាំង ប៉ុន្តែត្រូវបានកងកម្លាំងប៉ូលិសបានធ្វើអន្តរាគមន៍ដើម្បីបំបែកក្រុមអ្នកតវ៉ាទាំងនេះ៕

ភ្នំពេញ ៖ យោងតាមលិខិខតមួយច្បាប់ជាភាសាអង់គ្លេស ដែលចេញដោយក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការកម្ពុជា ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ បានសម្រេចលុបលិខិតឆ្លង ដែនការទូត របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៦រូប ហើយតំណាងរាស្ត្រទាំង ៥៦រូបនេះ ក៏ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះជាអ្នកតំណាងរាស្ត្រក្នុងអាណត្តិនេះដែរ ។ការប្រកាសលុបចោលលិខិតឆ្លងដែនការទូតរបស់អតីតមន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិនាពេលនេះ គឺធ្វើឡើងនៅក្រោយពេលដែលគណបក្សមួយនេះ ត្រូវ បានតុលាការកំពូលចេញសាលដីការំលាយជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លង ទៅនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់ប្រធានបក្ស គឺលោក កឹម សុខា។សូមបញ្ជាក់ថា ក្រសួងការបរទេស បានសម្រេចលុបចោលលិខិតឆ្លងដែនការទូតរបស់អតីត តំណាងរាស្ត្រនេះ ធ្វើឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅម្ល៉េះ តែបណ្តាញព័ត៌មាន ទើបទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ជាការកត់សម្គាល់ ឈ្មោះក្នុងបញ្ជីដែលត្រូវលុបចោលលិខិតឆ្លងដែននេះ គ្មានឈ្មោះទណ្ឌិត សម រង្ស៊ី ទេ គឺមានតែឈ្មោះលោក កឹម សុខា និងមន្ត្រីចំនួន៥៥រូបផ្សេងទៀត តែបែរជាមានឈ្មោះ ឯ.ឧ. ឡុង ប៊ុន្នី ដែលទើបបានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ៕




ខេត្តកំពង់ស្ពឺ ៖ ទីតាំងផលិតសំបកសាច់ក្រកមួយកន្លែង ដែលផលិតដាក់ជាតិគីមី និងគ្មានច្បាប់អនុញ្ញាត ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង នៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ត្រូវបានកម្លាំងចម្រុះគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះបង្ក្រាបកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះរកឃើញ ធុងប្រើរួចចំណុះ១៥០គីឡូក្រាម ចំនួន១៣០០ធុង, ធុងប្រើរួចចំណុះ២៥០គីឡូក្រាម ចំនួន១០០ធុង, ធុងអំបិលចំណុះ១៥០គីឡូក្រាម ចំនួន១០០០ធុង, ហីត្រូសែន ៥០% ចំណុះ៣៥លីត្រ ចំនួន២៩ធុងស្មើ១០០០លីត្រ, ធុងពោះវៀន ប្រើប្រាស់បាន៣ធុង ប្រភេទ២៥០គីឡូក្រាម ស្មើ៧៥០គីឡូក្រាម, ធុងពោះវៀនប្រើប្រាស់បាន១៥ធុងប្រភេទ ១០០គីឡូក្រាមស្មើ១៥០០គីឡូក្រាម, ធុងខ្លាញ់សរសម្រាប់លៀបលើក្រណាត់ច្រកស្រោម ១៣ធុង ចំណុះ២៥លីត្រស្មើ ៣២៥លីត្រ, ថ្នាំលៀបឲ្យរអិល ៣ប៉ាវ ៧៥គីឡូក្រាម, ទឹកពង្រីកពោះវៀន ២០ធុងស្មើ៧០០គីឡូក្រាម, អីធឺរ៉ុកst50 ៥ធុងស្មើ ១,៧៥០គីឡូក្រាម, ធុងពោះវៀនចំនួន៦៥០ធុង ស្មើ៩០០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ៦៤កេសតូច ស្មើ ៨០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ១៤កេសធំ ស្មើ១៨២គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច២០ដុំ ស្មើ ៤០គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច៤ថង់ ស្មើ ១២គីឡូក្រាម។
សមត្ថកិច្ចបញ្ជាក់ថា ទីតាំងដែលមានម្ចាស់ឈ្មោះ កែប ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ បានយកផលិតផលដែលគាត់ផលិតបាននោះមកលក់នៅផ្សារអូឫស្សីរៀងរាល់ថ្ងៃ និងផ្សារមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ហើយសារធាតុនាំចូលមកពីប្រទេសចិន។ សិប្បកម្មមួយនេះគ្មានច្បាប់អនុញ្ញាតិ ហើយការផលិតមានជាតិគីមីហាមឃាត់ និងទីតាំងគ្មានអនាម័យប៉ះពាល់បរិស្ថាន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់ ចំពោះសិប្បកម្មមួយនេះ៕


បង់ក្លាដែស ៖ ឆ្មាំព្រំដែនចំនួន១៣៩នាក់ត្រូវបានតុលាការកំពូលនៅប្រទេសបង់ក្លាដែសសម្រេចតម្កល់សាលដីកាកាត់ទោសប្រហារជីវិតពីបទបង្កភាពបះបោរនៅឆ្នាំ២០០៩ដែលបានសម្លាប់មនុស្សចំនួន៧៤នាក់ក្នុងនោះមានមេបញ្ជាការយោធាចំនួន៥៧នាក់។
តុលាការបានកាត់ទោសប្រហារជីវិតមនុស្សចំនួន១៥២នៅឆ្នាំ២០១៣ ប៉ុន្តែដោយសារឆ្លើយតបទៅនឹងសាលាឧទ្ធរណ៍ តុលាការកំពូលបានសម្រេចសម្រាលទោសមនុស្សចំនួន៨នាក់ឲ្យនៅត្រឹមជាប់ទោសមួយជីវិត និងលើកលែងទោសមនុស្សចំនួន៤នាក់។ ទន្ទឹមនោះបុរសម្នាក់ទៀតបានស្លាប់នៅពេលកំពុងបន្តនីតិវិធីតុលាការរយៈពេល៣៧០ថ្ងៃមុនពេលតុលាការកំពូលបានប្រកាសសាលដីកាកាលពីថ្ងៃចន្ទ ខណៈមនុស្សសរុបចំនួន៨៤៦នាក់ភាគច្រើនជាឆ្មាំព្រំដែនកំពុងប្រឈមនឹងការកាត់ទោស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ដល់២៦ខែកុម្ភៈឆ្នាំ២០០៩ ឆ្មាំព្រំដែនបានធ្វើការបះបោរនៅក្រោយរយៈពេល២ខែបន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី ស៊ែក ហាស៊ីណា បានឡើងកាន់តំណែងនៅប្រទេសនេះ៕

កូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀតហើយដោយបានបាញ់ចេញពីតំបន់ស្ថិតភាគខាងជើងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធនេះ។
ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា នាយសេនាធិការរួមរបស់ប្រទេសកូរ៉េខាងត្បូង និងអាជ្ញាធរសហរដ្ឋអាមេរិកកំពុងវិភាគអំពីចម្ងាយចរណ៍របស់មីស៊ីលនេះដែលប្រហែលជាបានធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅដែនសមុទ្រនៃប្រទេសជប៉ុន។
ក្រោយពីមានការបាញ់មីស៊ីលនេះហើយភ្លាម នៅថ្ងៃពុធនេះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុនក៏មិនបានអង្គុយនៅស្ងៀមដែរដោយលោកបានអំពាវនាវឲ្យអង្គការសហប្រជាជាតិកោះហៅសមាជិកប្រជុំជាបន្ទាន់ដើម្បីពិភាក្សាពីបញ្ហានេះ។ បើទោះជាយ៉ាងណាលោក អាបេ បានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃនេះថា ប្រទេសជប៉ុននឹងមិនផ្ទាញ់តបចំពោះការបង្កហេតុណាមួយទេដោយលោកគ្រាន់តែសន្យាថានឹងជំរុញឲ្យមានការបង្កើនសម្ពាធកាន់តែខ្លាំងឡើងថែមទៀតតាមរយៈការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
ដោយឡែកមន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបាននិយាយថា គេបានរកឃើញ និងតាមដានការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ហើយជឿជាក់ថា វាជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណលោកវរសេនីយ៍ឯក រ៉ុប ម៉ានីង បាននិយាយពីថ្ងៃអង្គារថា កាំជ្រួចមីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់សេននី (Sain Ni) ប្រទេសកូរ៉េខាងជើង ហើយបានធ្វើដំណើរចម្ងាយប្រហែល១ពាន់គីឡូម៉ែត្របន្ទាប់មកបានធ្លាក់នៅសមុទ្រជប៉ុន។
សូមបញ្ជាក់ថា នេះគឺជាការបាញ់មីស៊ីលលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីប្រទេសនេះបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមហោះរំលងប្រទេសជប៉ុនកាលពីថ្ងៃទី១៥ខែកញ្ញាដែលធ្វើឲ្យប្រទេសជប៉ុននិងប្រទេសមួយចំនួនទៀតថ្កោលទោសយ៉ាងខ្លាំង៕

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បានពុលត្រីកំពតស្លាប់ ខណៈក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ ដែលករណីនេះកើតឡើងកាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នៅភូមិត្បូង ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ស្ត្រីរងគ្រោះឈ្មោះ សំ ឡី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទិញត្រីកំពតយកមកធ្វើម្ហូប។ លុះក្រោយពេលហូបរួចបានមួយសន្ទុះ ស្រាប់តែមានអការៈក្អួតចង្អោរ។ ពេលឃើញដូចនេះ ក្រុមគ្រួសារក៏បានដាក់ការសន្និដ្ឋានថា ស្ត្រីរងគ្រោះច្បាស់ជាពុលអ្វីម្យ៉ាង។ ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានដឹកបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តែជាអកុសល្យ គាត់ក៏បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវតែម្តង៕

រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលាដែលបានកំណត់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
តាមរយៈសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕



រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រថ្មីទាំង១១រូបមកពីគណបក្សប្រជាជនកម្ពុជាទៅរដ្ឋសភារួចរាល់ហើយ។
សូមបញ្ជាក់ថា គ.ជ.ប បានសម្រេចបែងចែកអាសនៈចំនួន១១ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលបដិសេធមិនទទួលយកទៅឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សនេះ មានសំឡេងច្រើនលើសលប់ នៅតាមមណ្ឌលនៃអាសនៈនោះ បើធៀបនឹងគណបក្សដទៃ។
បេក្ខជនតំណាងរាស្ត្រថ្មីទាំង១១រូប មកពីគណបក្សប្រជាជនកម្ពុជាដែលត្រូវបានគ.ជ.ប បញ្ជូនទៅ រដ្ឋសភា រួមមាន ៖


រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយក៏សម្លាប់ចោលនៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺពេជ្រ» ដោយទុកសាកសពនៅក្នុងបន្ទប់។ ករណីបង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ជាន់ទី២ ក្នុងផ្ទះសំណាក់យីយោ ពន្លឺពេជ្រ មានទីតាំងផ្ទះលេខ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា នារីរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណអាយុប្រហែល៣៥ឆ្នាំ (គេចខ្លួន)។ នគរបាលបញ្ជាក់ថា បើតាមការបំភ្លឺម្ចាស់ផ្ទះសំណាក់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤២នាទី ជនសង្ស័យ អាយុប្រហែល៣៥ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ស មិនចាំស្លាកលេខ បានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់ខាងលើ។
ប្រភពបន្តថា លុះដល់វេលាម៉ោង៣ម៉ោង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯង ជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យ អ្នកមើលការខុសត្រូវផ្ទះសំណាក់បាន ឡើងទៅមើលក្នុងបន្ទប់ ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ ហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចកតែម្តង៕


រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីស្នើសុំពីអាជ្ញាធរអប្សរាចុះកាលពីថ្ងៃទី២៧វិច្ឆិកានេះ បានស្នើសុំដល់អ្នកលក់ដូរចល័ត នៅមុខបរិវេណប្រាសាទអង្គរវត្ត ឲ្យផ្អាកសកម្មភាពរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ធ្នូ ឆ្នាំ២០១៧ ដើម្បីថែរក្សារបៀបរៀបរយ ក្នុងពិធីបួងសួងសុំសេចក្តីសុខ៕


អូស្ត្រាលី ៖ ក្រុមមន្ត្រីអូស្ត្រាលីបាននិយាយនៅថ្ងៃអង្គារនេះថា ប៉ូលិសអូស្ត្រាលីបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំគម្រោងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះទៅលើតំបន់មួយស្ថិតក្នុងទីក្រុងមែលប៊ន (Melbourne) ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសអូស្ត្រាលី។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋវីកតូរៀ (Victoria) បាននិយាយថា បុរសសង្ស័យសញ្ជាតិអូស្ត្រាលីវ័យ២០ឆ្នាំដែលមានឪពុកម្តាយជាជនជាតិសូម៉ាលីនោះបានព្យាយាមទទួលយកកាំភ្លើងវែងបាញ់ដោយស្វ័យប្រវត្តិមួយដើមពីមនុស្សមួយក្រុមដើម្បីបើកការវាយប្រហារទៅលើតំបន់ប្រជុំជនមួយកន្លែងដែលមនុស្សរាប់ពាន់នាក់តែងតែប្រមូលផ្តុំគ្នានៅថ្ងៃឆ្លងឆ្នាំសកលរៀងរាល់ឆ្នាំ។
ប៉ូលិសប្រឆាំងអំពើភេរវកម្មបានតាមដានបុរសសង្ស័យដែលត្រូវបានគេស្គាល់ថា ជាក្រុមជ្រុលនិយម និងជាអ្នកគាំទ្រក្រុមអាយស៊ីសនោះនៅក្នុងឆ្នាំនេះ ហើយបានឈានដល់ការចាប់ខ្លួននៅពេលដែលរូបគេបានជួបជាមួយមនុស្សមួយក្រុមនោះ។ ទន្ទឹមនោះប៉ូលិសរំពឹងថា បុរសសង្ស័យនោះនឹងចូលបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងមែលប៊ននៅថ្ងៃអង្គារនេះ ឬថ្ងៃពុធដោយចោទប្រកាន់ពីបទរៀបចំគម្រោងការវាយប្រហារភេរវកម្មដែលត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះច្បាប់កាន់កាន់អាវុធ ហើយពលរដ្ឋអូស្ត្រាលីត្រូវបានហាមឃាត់មិនឲ្យកាន់កាប់កាំភ្លើងស្វ័យប្រវត្តិទេ៕

ខេត្តរតនគិរី ៖ មនុស្សម្នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលវត្តលំផាត់ លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ ២៧៣-២៧៤ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
អធិការនគរបាលស្រុកលំផាត់ លោក ថេង ចន្ទ័ធី បានឲ្យដឹងថា រវាងរថយន្តបាឡែន នឹងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុក៏រថយន្តបាឡែនវ៉ាក់អើរនឹងគោយន្តបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។ លោកអធិការបានបន្តថា បណ្តាលមកពីគោយន្តកន្ទ្រៃមិនបានដាក់ចំណាំងផ្លាតជាសញ្ញាអ្នកក្រោយមិនបានមើលឃើញ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះញ៉ែក រថយន្តម៉ាកកាមរីបាឡែន ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ ២S.៣១៧៨ ក្រោយកើតហេតុរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងអធិការនគរបាលស្រុកសហការជាមួយនគរបាលខេត្តចុះមកអន្តរាគមន៍ និងវាស់វែងជួយហៅរថយន្តសង្គ្រោះបន្ទាន់នៃស្នងការដ្ឋាននគរបាលខេត្តនឹងរថយន្តមណ្ឌលសុខភាពស្រុកដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកអ្នកស្លាប់ខាងភាគីគោយន្តកន្ទ្រៃម្នាក់ និងរងរបួសធ្ងន់ស្រាលជាច្រើនអ្នកមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារប្រញាប់ដឹកអ្នករបួសទាំងនោះទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
បច្ចុប្បន្នរថយន្ដ និងគោយន្តកន្ត្រៃ សមត្ថកិច្ចកំពុងរកមធ្យោបាយស្ទូច យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកលំផាត់ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍