រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រស្ទាហ្វយូម្នាក់បានស្លាប់ បន្ទាប់ពីកម្មការិនីរូបនោះដួលសន្លប់នៅក្នុងរោងចក្រ ហើយត្រូវរថយន្តសាមុយ ដឹកមកដល់មន្ទីរពេទ្យ តែជាអកុយសល បានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យរុស្ស៊ី ។ ករណីនេះកើតឡើងវេលាម៉ោង១១ និង១៤នាទី ក្រោយពេលដួលសន្លប់ នៅក្នុងរោងចក្រ ស្ទាហ្វយូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីអ្នករស់នៅជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះមុនពេលមកធ្វើការ គាត់ហាក់ដូចជាមិនស្រួលខ្លួន ពេលមកដល់កន្លែងស្គេនមេដៃ ពេលស្គេនហើយ ជនរងគ្រោះ បានអង្គុយចុះ ដោយអស់កម្លាំងខ្លាំងពេក ភ្លាមនោះកម្មករដូចគ្នាបាននាំគ្នា ជួយរិតប្រេងខ្យល់ និងជួយធ្វើចលនាឲ្យ ក្រោយមកខាងរោងចក្រ បានបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យមូលមិត្ត តែមន្ទីរពេទ្យថាគ្មានលទ្ធភាពមើលអ្នកជំងឺ ត្រូវបានបញ្ចូនបន្ត ទៅមន្ទីរពេទ្យរុស្ស៊ី តែពេលមកដល់មន្ទីរពេទ្យ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅហើយ ៕

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា៕ សូមមេត្តាមើលតារាងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន និងគណប្រតិភូនៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមពិធីតាំងពិព័រណ៍ ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល៣ថ្ងៃក្នុងសប្តាហ៍ក្រោយនេះ ដែលចាប់ផ្តើមពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

ខេត្តកណ្តាល ៖ ក្មេងជំទង់២នាក់បានស្លាប់ ហើយ២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងទាំង៤នាក់ បាននាំគ្នាយកគ្រាប់ផាវ ទៅកែច្នៃធ្វើជាគ្រាប់ បែកបោកលេង ប៉ុន្តែការកែច្នៃ របស់ពួកគេមិនមានបច្ចេកទេស បណ្តាលឲ្យផ្ទុះស្លាប់២នាក់និង២នាក់ទៀតរងរបួសធ្ងន់តែម្តង ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងរងគ្រោះដល់ស្លាប់នោះទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំមានមុខរបរសិស្ស ទី២-ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស ចំណែកអ្នករបួសធ្ងន់ទ១ -ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្សត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន បានព្រមានជាថ្មី ទៀត ចំពោះដំណើរឆ្ពោះទៅរំលាយគណបក្សសង្គ្រោះជាតិ ដោយសម្តេចអះអាងថា នៅកម្ពុជាមានគណបក្សនយោបាយច្រើនណាស់ ប្រសិនបើអត់ពីគណបក្សនយោបាយមួយ ក៏នៅមានគណបក្សជាច្រើនទៀត ចូលរួមការបោះឆ្នោតបានដែរ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅក្នុងពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ មុនពេលសម្តេច អញ្ជើញទៅប្រទេសចិន ។
សម្តេច ហ៊ុន សែន បានថ្លែងថា អំពើក្បត់ជាតិ មិនអាចអត់ឱនឲ្យបាននោះទេ ហើយ សភាបើកការប្រជុំនៅថ្ងៃនេះបើអំពើក្បត់ជាតិនេះ ត្រូវបានសមគំនិត ដោយក្របខណ្ឌបក្ស ទាំងមូល បក្សនោះក៏នឹងត្រូវទទួលរងនូវការដាក់ពិន័យ ខាងផ្នែកច្បាប់ គឺរំលាយគណបក្ស នយោបាយចោលតែម្ដង មិនអនុញ្ញាតឲ្យអំពើក្បត់ណាមួយ មកបំផ្លាញប្រទេសរបស់យើង ដូចកាលពីឆ្នាំ១៩៧០ទៀតទេ ។
សម្តេចបញ្ជាក់បន្ថែមថា វាជាភព្វសំណាងណាស់ ដែលកម្ពុជាបានរកឃើញអំពើក្បត់ របស់ជនក្បត់ជាតិ ដែលយើងបានចាប់ខ្លួនរួចមកហើយ ប្រសិនបើបក្សនយោបាយមួយនេះ នៅតែបន្តរារាំងហើយការពារជនក្បត់ជាតិ នេះមានន័យថា បក្សមួយនេះគឺក្បត់ជាតិ ហើយដូច្នេះ គ្មានពេលវេលាដើម្បីនឹងត្រូវទុកបក្សនេះក្នុងដំណើរលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា តទៅទៀតទេ ៕

សេអ៊ូល ៖ រដ្ឋមន្ត្រីកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានធ្វើការព្រមានថា វិធានការលើកក្រោយរបស់កូរ៉េខាងជើង នឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលរងការឈឺចាប់ ដែលមិនធា្លប់ជួបនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបើសិនជានៅតែចចេសជំរុញឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៦។ នេះបើយោងសារព័ត៌មាន Channel News Asia។
ការព្រមានរបស់ទីក្រុងព្យុងយ៉ាងធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យអនុម័តការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាការឆ្លើយតបទៅនឹងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើង កាលពីថ្ងៃទី០៣ ខែកញ្ញា។ ទន្ទឹមនោះជាឆ្លើយតបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសលោកនឹងសងសឹកសហរដ្ឋអាមេរិកវិញ បើសិនជាទណ្ឌកម្មត្រូវបានអនុម័តមែននោះ៕

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចជិត៦០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខសណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោយក្រុមអ្នកតំណាងរាស្ត្រ បក្សសង្គ្រោះជាតិគ្រោងជួបជុំប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្លាំងសមត្ថកិច្ចជិត៦០០នាក់ ដែលកំពុងការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាខេត្ត និងកម្លាំងប្រជាការពារផងដែរ ក្រោយទទួលដំណឹងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនាំគ្នាមកកាន់ទីនេះ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឃើញមានតែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ប៉ុណ្ណោះ មកពន្ធនាគារត្រពាំងផ្លុង គឺលោក រៀល ខេមរិន្ទ ហើយពុំមានអ្នកគាំទ្រច្រើននោះឡើយ ៕


រាជធានីភ្នំពេញ ៖ រដ្ឋសភាបានសម្រេចឱ្យស្ថាប័នតុលាការបន្តនីតិវិធីរបស់ខ្លួនចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិនិត្យ និងសម្រេចចំពោះករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយនឹងមានតំណាងរាស្ត្រមួយចំនួនចូលរួម ខណៈដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានប្រកាសថា ពួកគេនឹងធ្វើពហិកា ដោយមិនព្រមចូលរួមប្រជុំរដ្ឋសភានៅថ្ងៃនេះឡើយ៕

អាមេរិក ៖ ខ្យល់ព្យុះចំឡែកអ៊ីម៉ាបានវាយប្រហាររដ្ឋហ្វ្ល័រីដាជាមួយល្បឿនខ្យល់បក់ជាង២០០គីឡូម៉ែត្រក្នុង១ម៉ោងកាលពីថ្ងៃអាទិត្យដោយជន់លិចផ្លូវមួយចំនួនព្រមទាំងដាច់ភ្លើងតាមលំនៅឋាន និងក្រុមហ៊ុនជាង១,៥លានកន្លែងព្រមទាំងបានផ្ដួលរំលំឧបករណ៍ស្ទួយគ្រឿងសំណង់មួយគ្រឿងនៅលើអគារខ្ពស់មួយនៅទីក្រុងម៉ៃអាមីនៅរដ្ឋនេះផងដែរ។
ខ្យល់ព្យុះអ៊ីម៉ានេះបានធ្វើដំណើរទៅដល់ឆ្នេរសមុទ្ររដ្ឋហ្វ្លរីដាកាលពីព្រឹកថ្ងៃអាទិត្យ ហើយគេរំពឹងថា ខ្យល់ព្យុះអ៊ីម៉ានេះនឹងបន្ថយល្បឿនរបស់ខ្លួននៅពេលធ្វើដំណើរទៅដល់ឆ្នេរសមុទ្រខាងលិចនៅរដ្ឋហ្វ្ល័រីដានៅព្រឹកថ្ងៃចន្ទនេះ។
ផ្លូវជាច្រើនគ្មានអ្នកធ្វើដំណើរនៅទូទាំងជ្រោយហ្វ្ល័រីដានេះដោយសារខ្យល់បក់ខ្លាំងលាយឡំដោយការធ្លាក់ភ្លៀងជន់លិចផ្លូវទាំងនេះ ខណៈប្រជាពលរដ្ឋប្រហែល១២ម៉ឺន៧ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីជម្រកមួយចំនួននៅទីក្រុងម៉ៃអាមីនិងទីក្រុងមួយចំនួនទៀត។
ខ្យល់ព្យុះនេះបានបង្ខំឲ្យមន្ត្រីអាជ្ញាធរជម្លៀសប្រជាពលរដ្ឋមូលដ្ឋានរាប់លាននាក់ចេញពីលំនៅឋានខ្លួនទៅរកកន្លែងមានសុវត្ថិភាពនៅក្នុងរដ្ឋនេះដើម្បីគេចពីគ្រោះធម្មជាតិខ្លាំងបំផុតនេះ។ ប៉ុន្តែទោះយ៉ាងណារហូតមកដល់ពេលនេះគ្មានរបាយការណ៍ពីអ្នកស្លាប់ឬរបួសបណ្ដាលមកពីគ្រោះកំណាចនេះទេ៕

ម៉ិចស៊ីកូ ៖ ចំនួនមនុស្សសា្លប់ដោយសារគ្រោះរញ្ជួយដីកម្រិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានកើនដល់៩០នាក់ហើយ ខណៈមនុស្ស២០០នាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមអាជ្ញាធរម៉ិចស៊ីកូ គ្រាន់តែនៅក្នុងរដ្ឋ Oaxaca តែមួយគត់មានមនុស្ស៧១នាក់ បានស្លាប់និង១៥នាក់នៅក្នុងរដ្ឋ Chiapas រីឯ០៤នាក់ផ្សេងទៀតនៅឯរដ្ឋ Tabasco។ ដោយឡែកក្រៅតែពីបានផ្ដាច់យកអាយុជីវិតមនុស្ស គ្រោះរញ្ជួយដីដ៏ប្រល័យនេះក៏បានបំផ្លាញទាំងស្រុង អគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតព្រមទាំងធ្វើឱ្យប្រជាជានជិតមួយលាននាក់ គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
ជាមួយគ្នានោះដែរប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃនៅទូទាំងប្រទេស ស្របពេលព្យុះ Hurricane Katia បាននិងកំពុងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកាលពីថ្ងៃសៅរ៍ មុននឹងវាប្រែក្លាយជាព្យុះត្រូពិចវិញ ក៏ប៉ុន្តែក្រុមអាជ្ញាធរព្រួយបារម្ភថា ព្យុះមួយនេះអាចនឹងបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រ ម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វាធំជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់នៅតាមបណ្តារដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត។ គ្រោះរញ្ជួយដីនេះមានជម្រៅ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រនៅចម្ងាយ១២៣គីឡូម៉ែត្រ ភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយ មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែ បន្តការងាររបស់ពួកគេនៅឡើយ៕


ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំក្រុមការងារសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីបំពេញបេសកកម្មសិទ្ធិមនុស្សបន្ទាន់ ដែលត្រូវរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ អំពីស្ថានភាពសិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងការការពារភាពស្របច្បាប់ជាបន្តបន្ទាប់ នៅក្រោយពេលមានការចាប់ខ្លួនប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា ដោយអះអាងថា ធ្វើឡើងក្នុងគោលដៅថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ រួមទាំងពន្យល់ដល់សហគមអន្តរជាតិ អំពីកម្ពុជាពិត និងកម្ពុជាលើសារព័ត៌មានបរទេសផងដែរ។
នេះបើតាមការឲ្យដឹងពីលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមFacebook ។ លោក ជិន ម៉ាលីន ក៏នឹងរួមដំណើរជាមួយលោក កែវ រ៉េមី ដែរ៕

កណ្តាល ៖ កាលពីរសៀលថ្ងៃទី០៨ ខែ កញ្ញា កន្លងទៅនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពីអនុវត្តសាលក្រមរបស់តុលាការកំពូល នៅព្រឹកថ្ងៃទី ០៨ ខែ កញ្ញា កន្លងទៅ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសាធារណៈមតិធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពក្នុងការអនុវត្តសាលក្រមនោះ ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បាននិយាយថា ភាគីចាញ់ក្តីបានមកសុំម្ចាស់ដីឈ្មោះ លឹម ម៉ាច ស្នាក់នៅជាបណ្តោះអាសន្ន ដោយធ្វើតូបប៉ះកង់ដើម្បីចិញ្ចឹមគ្រួសារ ។ ដោយមានការអាណិតអាសូរ ម្ចាស់ដីខាងលើបានអនុញ្ញាតឲ្យរស់នៅលើដីចំណីថ្នល់ដែលស្ថិតនៅពីមុខដីរបស់ខ្លួន ។ ត្រង់ចំណុចនេះ ត្រូវបានភាគីចាញ់ក្តីបដិសេធទាំងស្រុង ដោយពួកគាត់និយាយថា មិនដែលស្គាល់មុខម្ចាស់ដីទាល់តែសោះ សូម្បីតាំងតែមានទំនាស់ប្តឹងផ្តល់គ្នាតាំងពីសាលាដំបូងខេត្តកណ្តាលរហូតដល់តុលាការកំពូល គឺមិនដែលបានជួបមុខម្ចាស់ដីម្តងណាទាល់តែសោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ តុលាការខេត្តកណ្តាល បានចុះអនុវត្តសាលក្រមរបស់តុលាការកំពូល ។ ការអនុវត្តសាលក្រមនោះបានប្រើកម្មករ និង គ្រឿងចក្រ វាយកម្ទេចផ្ទះប្រជាពលរដ្ឋភាគីចាញ់ក្តីចំនួនបីខ្នងរៀបដល់ដី ក្រុមគ្រួសារភាគីចាញ់ក្តីចំនួនពីរនាក់បានដួលសន្លប់ស្រីម្នាក់ ប្រុសម្នាក់ ។ សកម្មភាពរបស់សមត្ថកិច្ចក្នុងការចុះអនុវត្តសាលក្រមនោះ ត្រូវបានសាធារណៈមតិធ្វើការរិះគន់យ៉ាងខ្លាំង ដោយសារសមត្ថកិច្ចបានប្រើភាពបង្ខំទាំងកម្រោល សូម្បីតែកម្មករក៏មានសិទ្ធិចាប់អោបគ្រៀក និង សែងក្មេងស្រី ស្ត្រីជាម្តាយស្ទើររបូតសម្លៀកបំពាក់អស់ពីខ្លួន ។ ការអនុវត្តនេះដែរ គេនៅបានឃើញខាងម្ចាស់បំណុលបញ្ជារលើកងកម្លាំង មន្ត្រីអាជ្ញាសាលាទៀតផង ។ ការធ្វើបែបនេះ សាធារណៈមតិរឹតតែធ្វើការរិះគន់បន្ថែមទៀត ដោយនិយាយថា សកម្មភាពនេះ វាផ្ទុយពីច្បាប់ទាំងស្រុង ។
គួរបញ្ជាក់ផងដែរ បន្ទាប់ពីអនុវត្តសាលក្រមចប់ទាំងបង្ខំនោះ នៅរសៀលថ្ងៃដដែល
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានចុះទៅពិនិត្យស្ថានការ និង បានសួរសុខទុកភាគីចាញ់ក្តី ហើយក៏បានដោះស្រាយរកដីសង្គមកិច្ចជូនប្រជាពលរដ្ឋបានរស់នៅបន្តទៀត ។ ការចុះទៅជួបប្រជាពលរដ្ឋនោះ លោកមិនបាននាំយកនូវអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋភាគីចាញ់ក្តីឡើយ ខណៈដែលពួកគាត់គ្មានទីជម្រក ប៉ុន្តែលោកបានសន្យាថា នឹងដោះស្រាយរកដីឲ្យពួកគាត់បានជ្រកកោន ។ ទោះជាយ៉ាងនេះក្តី ភាគីចាញ់ក្តីនៅតែអះអាងថា មិនចេញទៅណាពីដីលំនៅឋានដែលគេវាយកម្ទេចនោះឡើយ ដោយពួកគាត់និយាយថា ដីដែលពួកគាត់រស់នៅនោះ គឺជាដីចំណីផ្លូវ និង ជាដីរដ្ឋ បើរដ្ឋត្រូវការ ពួកគាត់ប្រគល់ឲ្យរដ្ឋវិញ ។ ប៉ុន្តែតុលាការត្រូវប្រគល់ឲ្យឯកជនទៅវិញ ដូច្នេះពួកគាត់នឹងទាមទារយកឲ្យបានមកវិញដើម្បីធ្វើជាទ្រព្យ សម្បត្តិរដ្ឋ ។ ក្រោយពីវាយកម្ទេចផ្ទះចំនួនបីខ្នងហើយ ថ្ងៃទី 9 ខែ កញ្ញា នេះ គេបានឃើញម្ចាស់បំណុលធ្វើរបងសង្កសីព័ទ្ធជំវិញហើយភាគីចាញ់ក្តី នៅមិនទាន់ទៅណាឆ្ងាយពីដីនោះដែរ ៕




ភ្នំពេញ ៖ លោក Bernard Krisher ជាអតីតម្ចាស់កាសែត The Cambodia Daily ដែល កំពុងរស់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញមុខសុំការទទួលខុសត្រូវ ជំនួសកូនស្រីរបស់ខ្លួន គឺអ្នកស្រី Deborah Krisher Steel ដែលម្ចាស់ថ្មីរបស់ The Cambodia Daily ករណីជំពាក់ បំណុលពន្ធកម្ពុជារយៈពេល១០ ជាង៦លានដុល្លារ ។
ការលើកឡើងរបស់អតីតម្ចាស់កាសែតនេះ ត្រូវបានអគ្គនាយក នៃអគ្គនាយក ដ្ឋាន ពន្ធដារ លោក គង់ វិបុល ឆ្លើយតបវិញថា គឺជារឿងនីតិបុគ្គល គ្មានជនណាមួយអាចមក ទទួលខុសត្រូវជំនួសបានទេ អ្នកណាជំពាក់ពន្ធ អ្នកនោះត្រូវតែសង។
ក្នុងលិខិតរបស់លោក Bernard Krisher ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា អតីតម្ចាស់កាសែត The Cambodia Daily រូបនេះ បង្ហាញក្តីសោកស្តាយ ចំពោះ ការបិទកាសែតដែលមានអាយុកាល២៤ឆ្នាំមួយនេះ និងបានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យរូបលោកជាអ្នកទទួលខុសត្រូវ ចំពោះការជំពាក់ពន្ធជាង៦លានដុល្លារនេះ ដោយហេតុផលថា ក្នុងអំឡុងពេលជំពាក់ប្រាក់ពន្ធនោះ កាសែត The Cambodia Daily គឺ ស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយកូនស្រីរបស់ខ្លួន ទើបតែគ្រប់គ្រងបន្តបានត្រឹម តែ ៤ខែប៉ុណ្ណោះ។
អគ្គនាយកពន្ធដារ លោក គង់ វិបុល បានបញ្ជាក់ឆ្លើយតបចំពោះសុំការទទួលខុស ត្រូវបំណុលពន្ធជំនួសរបស់ លោក Bernard Krisher អតីតម្ចាស់កាសែត The Cambodia Daily ថា រឿងនីតិបុគ្គល គឺជារឿងនីតិបុគ្គល មិនអាចចេះតែមាននរណា សុំមកទទួលខុស ត្រូវនោះទេ ជំពាក់ពន្ធរបស់រដ្ឋគឺត្រូវតែសងជាចាំបាច់។
សូមបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងជំពាក់បំណុលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យប្តឹងថ្នាក់ដឹកនាំ៣រូប របស់កាសែត The Cambodia Daily រួចហើយ រួមមាន ម្ចាស់ស្ថាប័ន, បណ្ណាធិការ និង ចាងហ្វាយការផ្សាយកាសែត Cambodia Daily ។ នៅបន្ទាប់ ពីមានការប្តឺងនេះ ទើបលោក Bernard Krisher ដែលជាអតីតម្ចាស់កាសែត The Cambodia Daily បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបង្ហាញពី ការសោកស្តាយ និងទទួលស្គាល់កំហុសពីការខកខានបង់ពន្ធជូនរដ្ឋ ព្រមទាំងបានចាត់ ទុកថា ការបញ្ឈប់ការផ្សាយរបស់កាសែត The Cambodia Daily មិនមែនជារឿងនយោ បាយ នោះឡើយ៕

ម៉ិចស៊ីកូ ៖ សារព័ត៌មាន ABC News ចេញផ្សាយនៅព្រឹកនេះថា ចំនួនអ្នកស្លាប់បានកើនដល់៦១នាក់ហើយ ខណៈប្រធានាធិបតីម៉ិចស៊ីកូសម្រេចប្រកាសយកពេល០៣ថ្ងៃដើម្បីធ្វើការកាន់ទុក្ខដល់ជនរងគ្រោះទូទាំងប្រទេស ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានអង្រួនកក្រើកបណ្តោយឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូកាលពីម្សិលមិញ។
ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto បានថ្លែងឲ្យដឹងថា មនុស្សចំនួន៦១បានបាត់បង់ជីវិត ដោយ៤៥នាក់នៅរដ្ឋ Oaxaca, ១២នាក់នៅរដ្ឋ Chiapas, និង០៤នាក់នៅរដ្ឋ Tabasco ហើយលោក បានសម្រេចប្រកាសយកពេល០៣ថ្ងៃ ដើម្បីធ្វើការកាន់ទុក្ខដល់ជនរងគ្រោះទូទាំងប្រទេស។ ក្រៅពីមានមនុស្សស្លាប់ គ្រោះរញ្ជួយដីខាងលើ ថែមទាំងបានដួលរលំអគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតផងដែរ។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ ខណៈលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយមានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍