រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះសភាស៊ើបសួរសាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿងក្ដីអតីតសង្ឃ ហន សុផាន្នី ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមេធាវីការពារក្តី លោក ជូង ជូងី ។
អតីតសង្ឃ ហន សុផាន្នី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងលោក លី សុខា សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន២លោក លី សុខា បទល្មើសគឺ បទកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃមួយអង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕



រាជធានីភ្នំពេញ ៖ ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកម្តាយទារករងគ្រោះកាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ដោយចោទប្តីប្រពន្ធដែលជាអ្នកមើលថែកូនរបស់គាត់ថាបានលូកប្រដាប់ភេទកូនស្រីគាត់ដែលទើបតែមានអាយុ១២ខែ២០ថ្ងៃបណ្តាលអោយហូរឈាមយ៉ាងខ្លាំង ហើយពេលនេះកូនស្រីរបស់គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យសហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យដោយមានការចូលរួមអង្គការថែទាំកុមារ និងទារកបានបើកគណៈកម្មការចំរុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជៀសវាងការភាន់ច្រឡំរយៈពេល១២ម៉ោង ហើយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផាបានប្រាប់ថា ទារកខាងលើត្រូវបានរងគ្រោះដោយវត្ថុរឹងលូកចូលក្នុងប្រដាប់ភេទ ហើយសមត្ថកិច្ចបានសម្រេចឃុំខ្លួនស្ត្រីដែលជាអ្នកមើលថែទាំទារកឈ្មោះ តោ ស្រី អាយុ៣៦ឆ្នាំ។ ដោយស្ត្រីសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់បានងូតទឹកអោយទារកខាងលើនោះមិនប្រយ័ត្នបានជ្រុលដៃរុកចូលក្នុងប្រដាប់ភេទក្មេងស្រីខាងលើបណ្តាលអោយមុតក្រចកដៃរបស់គាត់។
ដោយឡែកបុរសជាប្តីឈ្មោះ ព្រំ វិរះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញដោយមិនមានការពាក់ពន្ធ័បទល្មើសអ្វីនោះទេ។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើត្រូវបានឃុំបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕


ប្រទេសថៃ ៖ តាមរបាយការណ៍មួយបានឲ្យដឹងថា តម្រួតថៃបានចាប់អាវុធត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែតមួយចំនួននៅក្នុងខេត្តស្រះកែវ ដែលអាវុធទាំងនោះត្រូវបានជនសង្ស័យឆ្លើយសារភាពថា បានយកពីខាងទឹកដីកម្ពុជាដោយភាគីខ្មែរជាអ្នកផ្តល់ឱ្យ ខណៈដែលជនសង្ស័យចំនួន៥នាក់បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃចូលទៅក្នុងប្រទេសថៃដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កំលាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវបានចុះសហការជាមួយកំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេតនិងកំលាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការបន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅលើកំណាត់ផ្លូវលេខ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿងបានបង្ហាញខ្លួននៅ កន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។ ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃគឺជនសង្ស័យចំនួន៥នាក់ត្រូវបានចាប់ខ្លួនដែលពួកគេទាំងនោះមានឈ្មោះ ទី១-ឈ្មោះ ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ, ទី៣-ឈ្មោះ ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ , ទី៤-ឈ្មោះ ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៥-ឈ្មោះ មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។
សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿងគឺបានរកឃើញវត្ថុតាងមួយចំនួនដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ដែលក្នុងនោះរួមមាន កាំភ្លើងផ្លោងធុន៨២មីល្លីម៉ែត្រចំនួន២ដើម, កាំភ្លើងផ្លោងធុន៨១មីល្លីម៉ែត្រចំនួន១ដើម, គ្រាប់ផ្លោងធុន៨២មីល្លីម៉ែត្រចំនួន៣គ្រាប់, គ្រាប់រ៉ុក្កែតដុតឆ្នួនចំនួន៣ឈុត, រថយន្តចំនួន៣គ្រឿង និងទូរស័ព្ទដៃចំនួន៦គ្រឿង ។
កំលាំងតម្រួតថៃបានចាត់បញ្ជូនជនសង្ស័យរួមជាមួយនឹងវត្ថុតាង ទៅកាន់
ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ៕


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ពាក់ព័ន្ធអំពើពុករលួយ ដោយដាក់ពន្ធនាគារកំណត់ម្នាក់ៗ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល តែទោសនេះត្រូវបានកាត់តម្រឹម តម្រូវឲ្យជនជាប់ចោទជាប់ក្នុងពន្ធនាគារគិតពីថ្ងៃចាប់ឃុំខ្លួនរហូតដល់ថ្ងៃប្រកាសសាលក្រមនេះ ទោសសល់ប៉ុន្មានត្រូវព្យួរ ។
សូមជម្រាបថា ជនជាប់ចោទត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី០២ មិថុនា ឆ្នាំ២០១៧ ដូច្នេះបើគិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ពួកគេបានជាប់ពន្ធនាគារតែម្នាក់៤ខែ១៧ថ្ងៃ ប៉ុណ្ណោះ ។ ដូច្នេះពួកគេទាំង២នាក់ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនៅថ្ងៃម្សិលមិញនេះ៕

រាជធានីភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ប្រតិកម្ម ចំពោះចៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបម្នាក់ ដែលហ៊ានចេញលិខិតបញ្ជាក់ កិរិយាមាយាទ ឲ្យពលរដ្ឋ ខណដែលខ្លួនពុំមានសិទ្ធិ។ លោកបញ្ជាក់ថា មេឃុំមិនមានសិទ្ធិចេញការបញ្ជាក់ ដូចនេះទេ ព្រោះមេឃុំពុំមែនជាអ្នកគ្រប់គ្រង សាលក្រម ឬសាលដីកាតុលាការផ្តន្ទាទោស បុគ្គលណាម្នាក់នោះទេ! សូមពិនិត្យអត្ថបទក្រម នីតិវិធីព្រហ្មទណ្ឌ អំពីសមត្ថកិច្ចដែលមានតួនាទី អនុវត្តកិច្ចការនេះ! មេឃុំចៅសង្កាត់ត្រូវព្យាយាម ស្វែងយល់អំពីច្បាប់ ដើម្បីជៀសវាងកំហុសបែបនេះ ។
សូមជម្រាបថា មានរឿងភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកពីគណបក្ស សង្គ្រោះជាតិ បានចេញលិខិតបញ្ជាក់ កិរិយាមាយាទដល់ប្រជាពលរដ្ឋ ដោយបានសរសេរថា៖ «យើងចៅសង្កាត់ សង្កាត់ស្វាយដង្គុំ សូមបញ្ជាក់ថា ណាប់ រើន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប, ជាប្រជាពលរដ្ឋ មានកិរិយាមាយាទស្លូតបូត មិនដែលប្រព្រឹត្តបទល្មើសណាមួយ ដែលនាំឲ្យការចោទប្រកាន់ពីតុលាការសោះឡើយ ។
ចៅសង្កាត់រូបនោះបានសរសេរបន្តថា ក្នុងនាមយើងជាចៅសង្កាត់ស្វាយដង្គុំ និងជាអ្នករស់ នៅក្នុងភូមិដូចគ្នា សូមធានាថាបុគ្គលខាងលើនេះមិនបានប្រព្រឹត្តដូចអ្វីដែល គេបានចោទ ប្រកាន់នោះទេ ។
ទង្វើរបស់លោកចៅសង្កាត់រូបនោះបានបង្ហាញថា គាត់មិនយល់អ្វីទាំងអស់អំពីតួនាទី ភារកិច្ច ឬច្បាប់ ហើយអាចនិយាយថា គាត់ជាមនុស្សល្ងង់មិនបានរៀនសូត្រ និងមិនមានសមត្ថភាពអាចដឹក នាំឃុំសង្កាត់នោះឡើយ ហើយមនុស្សដូចគ្នានេះ ត្រូវបានបក្សប្រឆាំងលើកឲ្យធ្វើមេឃុំចៅ សង្កាត់ច្រើនណាស់ ៕


រាជធានីភ្នំពេញ ៖ លោក ស៊ុន ឆៃ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ស្នើថវិកាពីរាជរដ្ឋាភិបាល ដើម្បីបង្កើត ការិយាល័យបោះឆ្នោត និងការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅតាមបណ្តោយព្រំដែន និងតាមប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនោះច្រើន ។ ប៉ុន្តែការស្នើនេះមិនមែនជាករណីដែលទាមទាឲ្យប្ដូរច្បាប់ទេ ប៉ុន្តែ គ.ជ.ប ត្រូវទទួលខុសត្រូវក្នុងការដែលរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឲ្យបំពេញ ក្នុងការធានាការបោះឆ្នោត ។
ការស្នើសុំដូច្នេះរបស់លោក សុន ឆៃ គឺនៅក្នុងកិច្ចពិភាក្សា តុមូលស្ដីពីអនុសាសន៍ សម្រាប់ធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ៕

រាជធានីភ្នំពេញ ៖ យុវជនព្រូរថយន្តវ័យ១៧ឆ្នាំម្នាក់ត្រូវបានឪពុកម្ដាយខាងស្រីប្ដឹងនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់ ខណៈដែលយុវជនរូបនេះកំពុងឱបថើបកូនស្រីទាំងថ្ងៃ ដែលការចាប់ខ្លួននោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះរបស់ក្មេងស្រីខាងលើ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនខាងលើនេះឈ្មោះ យន់ សុខឃីម អាយុ១៧ឆ្នាំ មុខរបរព្រូ រថយន្តស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះភ ស ហ អាយុ១៣ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោម ចៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុស និងក្មេងស្រីទាំងពីរនាក់នោះ បានបង្កាត់ភ្លើងស្នេហ៍តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយពួកគេបានស្គាល់គ្នា និងមានទំនាក់ទំនងស្នេហានេះ បានរយៈពេលកន្លះខែមុនតែប៉ុណ្ណោះ។ ប្រភពបន្តថា ពួកគេបានសាសងគ្នាតាមរយៈទូរស័ព្ទ និងបានស្រឡាញ់គ្នាខ្លាំងណាស់ រហូតដល់វេលាយប់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានណាត់ជួបគ្នាជាលើកដំបូង បន្ទាប់មកបាននាំគ្នា ចូលទៅផឹកស៊ីរាំលេង ក្នុងកំសាន្តឌីស្កូ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខសែនជ័យ។
ប្រភពបញ្ជាក់ថា ពេលនោះពួកគេទាំងពីរនាក់បានស្ម័គ្ររួមរ័កមេត្រីជាមួយគ្នាបានសម្រេចចំនួន២ដង ហើយរហូតដល់ព្រឹកឡើងទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែខាងប្រុសនៅមិនទាន់អស់ចិត្តទៀតដោយនៅថ្ងៃបន្ទាប់បានតាមទៅរកនាងដល់ផ្ទះ និងបានឱបថើបគ្នាទាំងថ្ងៃថែមទៀត ចៃដន្យឪពុកម្ដាយខាងស្រីក៏ប្តឹងឲ្យឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកទៅធ្វើការសាកសួរសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ឃាត់ខ្លួនពីបទល្បួងក្មេងស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ ខណៈដែលការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាយ សៀន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៧ ម៉ោងប្រមាណ១៤ រសៀល ក្នុងរោងចក្របានលួងលោមរំលោភបាន១លើក ។ លុះដល់នៅថ្ងៃទី១៧ ខែកក្កដា ម៉ោង៩ព្រឹក នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង លួងលោមរំលោភបានសម្រេច១លើកទៀត។ លុះមកដល់ថ្ងៃទី១៨ ខែកក្កដា ជនរងគ្រោះបានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយសមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យមកសួរនាំ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕

រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើប្រព័ន្ធ Facebook របស់សម្តេចថា ចាប់តាំងពីពេលបោះឆ្នោត ឃុំសង្កាត់ មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលជាសមាជិក គណបក្សប្រជាជន ក៏មានសន្ទុះកើនឡើង យ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស ។ នេះគឺបង្ហាញអោយឃើញ កាន់តែច្បាស់ថា គណបក្សប្រជាជន នឹងទទួលជ័យជំនះ នៅក្នុងការបោឆ្នោតឆ្នាំ២០១៨ ជាបន្តទៀត ។
សម្តចថែមទាំងសរសេរថា ប្រទេសជាតិមានសន្តិភាពយូរអង្វែង គឺមានការរីកចម្រើនយូរអង្វែង ។សម្តេចបន្តថា “ការខិតខំប្រឹងប្រែង របស់សម្តេច មកដល់សព្វថ្ងៃនេះ បានបង្ហាញឲ្យប្រជាពលរដ្ឋ បានឃើញច្បាស់ នូវការរីកចម្រើនពិតរបស់កម្ពុជា ។ សន្តិភាព បានផ្តល់ឱកាសឲ្យយើង កសាងប្រទេសជាតិ បានលឿនឆ្ពោះទៅមុខ” ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា បានបន្តថា “សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវ ច្បាស់លាស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលធានាបាននូវ បរិយាកាសវិនិយោគល្អ ជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុល និងបំផ្លើសព័ត៌មានអាក្រក់ ពីក្រុមខិលខូចមួយចំនួនឡើយ ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថា នឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរ ដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយ ប្រាក់ចំណូលសមរម្យ ដែលធ្វើឲ្យជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង” ៕

ប៉េកាំង ៖ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ទីក្រុងប៉េកាំងបានសម្រេចចិត្តបញ្ជូននាវាពិឃាតដ៏មានឥទ្ធិពលរបស់ខ្លួនឱ្យចូលរួមនៅក្នុងសមយុទ្ធយោធាជាមួយរុស្ស៊ីនៅឯឈូងសមុទ្របាល់ទិចនៅសប្ដាហ៍។ នេះបើយោងតាមសារព័ត៌មាន Russian Today ។
សមយុទ្ធយោធានៅឯសមុទ្របាល់ទិចនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយមានការចូលរួមពីនាវាចម្បាំងរាប់សិបគ្រឿង រួមទាំងយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រនៃប្រទេសទាំងពីរ។ ចំណែកឯ កម្មវត្ថុចម្បង នោះគឺបង្កើនបទពិសោធន៍ ក៏ដូចជាប្រសិទ្ធិភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង ព្រមទាំង ទប់ស្កាត់រាល់ការគំរាមកំហែងទាំងឡាយដល់សន្តិសុខសមុទ្រ ហើយមិនប៉ុណ្ណោះសមយុទ្ធយោធានេះ ក៏នឹងអាចជួយបង្កើនសមត្ថភាពកងនាវាចម្បាំងចិន និងរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធយោធាសមុទ្ររវាងមហាយក្សទាំងពីរនៅឈូងសមុទ្របាល់ទិចនេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ៕

តេហេរ៉ង់ ៖ សភាជាតិអ៊ីរ៉ង់បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលមានគោលដៅប្រយុទ្ធប្រឆាំងនឹងសកម្មភាពអាមេរិកក្នុងការសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។
ការអនុម័តច្បាប់នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ទាក់ទិននឹង កម្មវិធីមីស៊ីលផ្លោង និងការចូលរួមចំណែកបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់។
ជុំវិញច្បាប់ថ្មីនេះដែរ អ្នកនាំពាក្យសភាអ៊ីរ៉ង់ លោក Ali Larijani បានថ្លែងថា ការបោះឆ្នោតនេះគឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រជាជនអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអាមេរិក…ហើយរដ្ឋបាលអាមេរិក ត្រូវតែទទួល ស្គាល់សាររបស់យើងថាការចាត់វិធានការប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវសងមកវិញនូវតម្លៃតបស្នងយ៉ាងសាកសម។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សមាជិកសភាអ៊ីរ៉ង់ ២១២នាក់ បានបោះឆ្នោតអនុម័តលើច្បាប់ប្រឆាំងសហរដ្ឋអាមេរិក ហើយបើតាមច្បាប់នេះ ទីក្រុងតេហេរ៉ង់ បានយល់ព្រមទម្លាក់កញ្ចប់ថវិកា ២៦០លាន ដុល្លារបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង និងចំនួនទឹកប្រាក់ដូចគ្នានេះនឹងត្រូវចំណាយទៅលើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ៕

មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីម្សិលមិញថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការចាត់វិធានការស្របច្បាប់សងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន បញ្ចប់ទៅដោយគ្មានលទ្ធផល ពាក់ព័ន្ធនឹងការទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ប្រគល់កម្មសិទ្ធិទូតរុស្ស៊ីក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន ដែលត្រូវបានរឹបអូសត្រឡប់មកវិញ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា «រុស្ស៊ីបញ្ជាក់ជាថ្មីឡើងវិញថាបើសិនជា ទីក្រុងវ៉ាស៊ីតោនមិនព្រមប្រគល់កម្មសិទ្ធិទូតរុស្ស៊ី ត្រឡប់មកវិញទេនោះ ឬក៏នៅតែបង្កជាឧបសគ្គដល់ស្ថាប័នទូតរបស់យើង នោះយើងនឹងប្រើប្រាស់សិទ្ធិស្របច្បាប់ចាត់វិធានាការសងសឹក ឱ្យខានតែបាន»។
ទីក្រុងមូស្គូបានបញ្ជាក់ថាខ្លួនពិតជាមានការរំពឹងជាខ្លាំងទៅលើកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងសមាភាគីអាមេរិក លោក Thomas Shannon ស្ដីពីជម្លោះការទូតរវាងប្រទេសទាំងពីរ ប៉ុន្តែនៅចុងបញ្ចប់គ្មានដំណោះស្រាយណាមួយត្រូវបានឯកភាពគ្នានោះឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យធ្វើការបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យថា បានលួចស៊ើបយកការណ៍នៅសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបិទទីតាំងអគារចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីផងដែរ៕

ដោយ ៖ ន ខ
ខេត្តកំពត ៖ លោក កៅ ផានណារឹទ្ធប្រធានការិយាល័យសូរិយោដីស្រុកកំពង់ត្រាចដែលរងការចោទពីពលរដ្ឋរឿងរត់ឯកសារធ្វើផ្លង់ដី ប្ដូរប្រភេទដី កាត់ឈ្មោះផ្លង់ដីយកលុយរាប់ពាន់ដុល្លារ ហើយប្រើពេលយូរាប់ឆ្នាំលោកចេញមុខទទួលស្គាល់ថាពិតជាបានធ្វើបែបនេះពិតមែន។
លោកបានប្រាប់អ្នកយកព័ត៏មានយើងថា ក្នុងស្រុកកំពង់ត្រាចខេត្តកំពតមានប្រជាពលរដ្ឋស្ទើរតែទាំងអស់ដែលមានប្លង់ដីជាប្រពន្ធ័ ហើយតម្រូវការប្រជាពលរដ្ឋភាគច្រើនតែរឿងកាត់ឈ្មោះប្លង់ដី និងប្ដូរប្រភេទដីនោះទេហើយពលរដ្ឋភាគច្រើនពួកគាត់ច្រើនតែអោយខាងជំនាញរបស់លោករត់ការអោយពីថ្នាក់មូលដ្ឋានដល់ខាងជំនាញខេត្តដោយពួកគាត់ផ្ដល់លុយចាប់ពី១០០០ដុល្លាឡើងទៅដល់ក្រុមរបស់លោក។
លោកបន្ដទៀតថា លុយដែលពលរដ្ឋផ្ដល់ជូនលោករត់ការឯកសារខាងលើគឺមិនមែនជាលុយពុករលួយនោះទេវាជាលុយថ្លៃឈ្នួលរត់ការចុះឡើងដើម្បីបានឯកសារត្រឹមត្រូវនិងស្របតាមប្រពន្ធ័ច្បាប់ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវច្បាប់គឺតម្រូវអោយពលរដ្ឋរត់កាឯកសារដោយខ្លួនឯង គឺមិនតម្រូវអោយខាងមន្ត្រីជំនាញរបស់លោករត់ការនោះទេ។
ជុំវិញការលើកឡើងរបស់លោកប្រធានការិយាល័យសូរិយោដីស្រុកកំពង់ត្រាចបែបនេះពលរដ្ឋបានលើកថាពួកគាត់ចង់រត់ការដោយខ្លួនឯងណាស់តែខាងមន្ត្រីសូរិយោដីស្រុកយកលេសគ្រប់រឿងដោយសម្អាងថាខ្វះឯកសាមិនគ្រប់តាមនិតិវិធីតែបើអោយលុយពួកគេរត់ការអោយវិញគឺគេធ្វើឯកសារខ្លួនគេត្រូវទាំងអស់ដូច្នេះពួកគាត់ជាពលរដ្ឋនៅតែរងគ្រោះរហូត។
ជុំវិញករណីខាងលើលោកយិន វុធប្រធានមន្ទីសូរិយោដីនិងនគររូបនីយកម្មនិងសំណង់ខេត្តកំពតបានអោយដឹងថាលោកមិនបានដឹងរឿងប្រធានការិយាល័យស្រុកកំពង់ត្រាចធ្វើបែបនេះដាក់ពលរដ្ឋរបស់ខ្លួននោះទេហើយការរត់ឯកសារខាងលើជាអំពើខុសច្បាប់តែលោកនិងកោះហៅលោកកៅ ផានណារឹទ្ធមកបំភ្លឺជុំវិញការចោទពីពលរដ្ឋ៕


រាជធានីភ្នំពេញ ៖ នៅព្រឹកនេះ ព្រឹទ្ធសភា បានអនុម័តទាំងស្រុងសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយក្នុងសំឡេងគាំទ្រ៤២លើ៤២រូប ខណដែលព្រឹទ្ធសភាមកពីគណបក្សប្រឆាំងមិនបានចូលរួមអនុម័តនោះទេ ៕

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះស្ថានីយប្រេងសាំងមួយកន្លែង នៅក្បែរស្ពានអូរតាគុជ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍បានបន្តថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះកម្លាំងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញបានចេញឡានទឹកទៅចំនួន១១គ្រឿង ប៉ុន្ដែបាញ់អស់៤គ្រឿងប៉ុណ្ណោះ។ សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ការខូចខាតនោះរួមមាន ឆេះម៉ូតូ៤គ្រឿង កុងទ័រសម្រាប់ចាក់ប្រេង២ និងសម្ភារៈផ្សេងៗជាច្រើនទៀត ប៉ុន្ដែពុំមានមនុស្សរងរបួសនោះទេ។
ទោះបីយ៉ាងណាមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់នោះទេ ព្រោះកំពុងធ្វើការសួរនាំបន្ដទៀត៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍