មណ្ឌលគិរី ៖ ម៉ូតូពីរគ្រឿង ដែលម្ចាស់កែច្នៃទុកសម្រាប់ដឹករបស់ធ្ងន់ៗឬហៅថាម៉ូតូដែកនោះ បានបុកគ្នាពេញទំហឹងបង្កឱ្យអ្នកបើកបរទាំងពីរស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍បានកើតឡើងកាលពីម៉ោង០៨យប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចក្បែរបង្គោលសីមា ព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនិងស្រុកស្នួល ខេត្តក្រចេះ។
ប្រភពពីអ្នកឃើញហេតុការណ៍ប្រាប់ថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងមានដឹកឈើតូចៗប្រហែល១០គ្រាប់ បោះពួយពីទឹកដីស្រុកកែវសីមា ពីទិសខាងកើតមកខាងលិច លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងទៀត បោះពួយពីផ្លូវដី ទិសដៅពីលិចទៅកើត ហើយម៉ូតូទាំងពីរគ្រឿងនោះបានបុកផ្ទុបគ្នា ពេញទំហឹង បោកក្បាលអ្នកបើកបរទាំងពីរនាក់និងផ្លូវជាតិ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
នគរបាលស្រុកកែវសីមាឱ្យដឹងថា ជនរងគ្រោះទាំងពីរមានឈ្មោះសេង សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានស្លាប់ក្រោយរងរបួសធ្ងន់ត្រង់ក្បាល បាក់ដៃ បាក់ជើង។ចំណែកម្នាក់ទៀតជាជនជាតិចាមឈ្មោះអាន ជី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏បានស្លាប់ព្រោះរងរបួសធ្ងន់ធ្ងរដែរ។ទោះជាយ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋាន ពី តើនណា ខុសនណាត្រូវនោះទេ ដោយក្រុមគ្រួសារទាំងពីរកំពុងយកសព ទៅធ្វើបុណ្យតាមប្រពៃណីសិន៕




ភ្នំពេញ ៖ លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រភាគីច្រើននៅក្នុងរដ្ឋសភារបស់គណបក្សប្រជាជន បានបញ្ជាក់ថា រដ្ឋសភានឹងកោះប្រជុំពេញអង្គ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាករណីរឿងសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខា បន្ទាប់ពីតុលាការ សម្រេចចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្នុងអំពើក្បត់ជាតិ។សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិ នៅវេលាម៉ោងប្រមាណ១២៖៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន តុលាការ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំង នៅមិនទាន់សម្រេចថា នឹងចូលរួម ក្នុងកិច្ចប្រជុំរដ្ឋសភា ដែលរៀបចំនៅថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះនៅឡើយទេ៕

រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានប្រតិកម្មភ្លាមៗ ចំពោះសេចក្តីថ្លែងការណ៍របស់តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា ដោយស្នើឲ្យពួកគេបញ្ឈប់ជាបន្ទាន់នូវការបកស្រាយ ដើម្បីបំភន្ត័សាធារណមតិ ។
ក្រសួងយុត្តិធម៌ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលចុះផ្សាយនាថ្ងៃទី០៦ ខែកញ្ញា នេះ។ ក្រសួងយុត្តិធម៌ បានហៅសេចក្តីថ្លែងការណ៍របស់តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិថា ជាការបកស្រាយបំភ្លៃខ្លឹមសារពិតប្រាកដនៃអភ័យឯកសិទ្ធិសភា ដើម្បីបំភ័ន្តសាធារណមតិថា ការចាប់ខ្លួន ការឃាត់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនអ្នកតំណាងរាស្ត្រក្នុងគ្រប់ករណីទាំងអស់ត្រូវសុំលើកអភ័យឯកសិទ្ធិ ៕




ឥណ្ឌា ៖ អ្នកកាសែតដ៏លេចធ្លោម្នាក់ក្នុងប្រទេសឥណ្ឌាដែលតែងតែរិះគន់នយោបាយជាតិនិយមរបស់ក្រុមហិណ្ឌូត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅផ្ទះរបស់លោកស្រីស្ថិតនៅក្នុងទីក្រុងបាំងហ្គាល័រ ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ។
លោកស្រី ឡាំងឃីស វ័យ៥៥ឆ្នាំត្រូវបានគេបាញ់សម្លាប់ត្រង់ក្បាល និងដើមទ្រូងដោយក្រុមខ្មាន់កាំភ្លើងដែលបានប្រើប្រាស់ម៉ូតូធ្វើជាមធ្យោបាយធ្វើដំណើរ។ មូលហេតុដែលជំរុញអោយមានឃាតកម្មនេះមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈដែលកំពុងស្រាវជ្រាវស្វែងរកតំរុយ។
លោកស្រី ឡាំងឃីស គឺជាអ្នកកាសែតដ៏ល្បីល្បាញម្នាក់ទៀតដែលត្រូវបានគេបានសម្លាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមសកម្មជនបាននិយាយ ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាកំពុងតែក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ក្រុមជាតិនិយមរ៉ាឌីកាល់ហិណ្ឌូ។
ជុំវិញករណីនេះសមាជិកនៃសមាគមអ្នកកាសែតឥណ្ឌាបានសម្ដែងការខឹងសម្បា និងថ្កោលទោសចំពោះអំពើឃាតកម្មនេះ និងបានថា ពួកគេនឹងធ្វើការតវ៉ានៅក្នុងរដ្ឋធានីញូដេលី នៅថ្ងៃពុធនេះ៕


សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា រថយន្ដបាញ់មីស៊ីលនៃប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួនបួនគ្រឿងបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយនៅថ្ងៃព្រហស្បតិ៍នេះ នៅឯមូលដ្ឋានអាមេរិកនៃតំបន់សឹងជូ ស្ថិតក្នុងខេត្តជីយ៉ុងសាងខាងជើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ការដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD គឺជារឿងបន្ទាន់ត្រូវតែធ្វើដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយ ពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ។
លោកបន្ថែមថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដបាញ់មីស៊ីលចំនួន០៦ គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ទោះបីយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់ក្នុងការប្រតិបត្តិការនៅឡើយទេ៕

រាជធានីភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង១០ និង០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយក្នុងនោះក៏មានរបៀបវារៈ ពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា កិច្ចប្រជុំនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖ទី១៖ ពិនិត្យលើរបាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា ទី២៖ ពិនិត្យលើលិខិតរបស់តំណាងរាស្ត្រដែលមានហត្ថលេខីចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញទី៣៖ គឺកំណត់ពេលដើម្បីបើកកិច្ចប្រជុំវិសាមញនេះតែម្តង ៕


រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញគោល នយោបាយថ្មីរបស់ រាជរដ្ឋាភិបាលថា នឹងឧបត្ដម្ភថវិកាដល់កម្មការិនីឆ្លងទន្លេចំនួន ៤០ម៉ឺនរៀល សម្រាប់អ្នកសម្រាលបានកូនម្នាក់ ។ ចំណែកកម្មការិនីដែលសម្រាលបានកូនភ្លោះពីរនាក់ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាប់អ្នកសម្រាលបានកូនភ្លោះបី ១,២០០,០០០រៀល។ គោលនយោបាយឧបត្ថម្ភសម្រាប់កម្មការិនីសម្រាលកូននេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ ។ ការប្រកាសបែបនេះធ្វើឡើងកាលពីម្សិលមិញ ខណៈដែលសម្តេចជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅសួនឧស្សាហកម្មកាណាឌីយ៉ា៕

រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានប្រតិកម្មតបទៅនឹង ការសម្រេចចិត្តខុសឆ្គង របស់ពួកបរទេសមួយចំនួន ទាក់ទងសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។ សម្តេចបានថ្លែងថា សូមមិត្តភក្តិបរទេសមួយចំនួនស្តាប់សំដីលោក កឹម សុខា ឲ្យបានច្បាស់ ហើយសម្តេចបានចោទជាសំណួរថា បើសិនជាករណីនេះ កើតឡើងនៅប្រទេសរបស់ពួកគេ នោះ តើពួកគេទទួលយកបានទេ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើលឃ្លោង ឃ្លាឱ្យបានច្បាស់ មួយម៉ាត់ៗៗៗៗ សូមកុំច្បោលៗ តើប្រទេសរបស់អ្នកអាចទទួលយកបានទេ ប្រសិនបើសម្តីបែបនេះ បើអ្នកជាខ្ញុំ។ អ្នកត្រូវស្តាប់ឱ្យច្បាស់ “គេបញ្ជា គេបញ្ជាគេប្រាប់ខ្ញុំ ឱ្យធ្វើនេះ គេប្រាប់ខ្ញុំឱ្យធ្វើនោះ គេឱ្យខ្ញុំយកម៉ូឌែល យូហ្គោស្លាវី ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញ ទេ មានសាស្ត្រាចារ្យមកពីអាមេរិក មកពីកាណាដា”…។ លេងអញ្ចឹងៗ ហើយតាំងខ្លួនជា អ្នកស្នេហាជាតិស្អីទៀត»។
សម្តេច ហ៊ុន សែន បានបន្ថែមទៀតថា លោក កឹម សុខា បានក្បត់ជាតិរបស់ខ្លួនឯង ហើយឃុបឃិតជាមួយប្រទេស ព្រមទាំងបានធ្វើខុសនូវសម្បថរបស់ខ្លួន នៅមុខព្រះមហា ស្វេតឆត្រ ព្រះមហាក្សត្រ និងសម្តេចសង្ឃ ដែលថាស្មោះត្រង់ចំពោះជាតិខ្មែរ មិនឱ្យបរទេស មកបង្គាប់បញ្ជា ឬជ្រៀតជ្រែកដល់ កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ ៕

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញបានសម្រេចឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មាន។
លោកបញ្ជាក់បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខ និងសាកសួររចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»។
សូមរម្លឹកថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា៕

ភ្នំពេញ ៖ លោក ប្រាយុទ្ធ ចាន់អូចា កើតនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ១៩៥៤ នៅខេត្ត ណាក់ខុន រ៉ាតឆាស៊ីម៉ា ប្រទេសថៃ គឺជាមេបញ្ជាការយោធាភូមិន្ទថៃ ហើយគឺជាប្រធានក្រុមប្រឹ ក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ដែល បច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រីថៃ ខណៈក្រុម ប្រឹក្សា បានតែងតាំងលោក រួមជាមួយសមាជិក យោធា មួយចំនួនទៀត ដែលក្រុមប្រឹក្សានេះមានអំណាចតែងតាំងនាយករដ្ឋមន្ត្រីនិង គ្រប់គ្រងតំណែង នាយក រដ្ឋមន្ត្រី។ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា អតីតជា មេបញ្ជាការ កងទ័ពភូមិន្ទថៃ ដែលមុខ តំណែងនេះ លោក បានគ្រប់គ្រងពីខែ តុលា ឆ្នាំ២០១០ ដល់ ខែតុលា ឆ្នាំ២០១៤។ បន្ទាប់ពីត្រូវបានតែងតាំងជា មេបញ្ជាការយោធា លោកប្រាយុទ្ធ មានបុគ្គលិកលក្ខណៈ ជាអ្នករាជានិយមខ្លាំង និងជាអ្នកប្រឆាំង អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រាដែលត្រូវបានគេចាត់ទុកជាអ្នករឹងទទឹងក្នុងរបបយោធា។ អំឡុងវិបត្តិនយោបាយ ដែលបានចាប់ផ្តើមក្នុងខែ វិច្ឆិកា ឆ្នាំ២០១៣ និងការតវ៉ានានា ដែល ពាក់ព័ន្ធ ប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា លោក ប្រាយុទ្ធ បានអះ អាងថា យោធា គឺអព្យាក្រិតនិងមិនអាចធ្វើរដ្ឋប្រហា។ ទោះជាយ៉ាងណា នៅក្នុងខែ ឧសភា ឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហាយោធា ប្រឆាំងរដ្ឋាភិបាល លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ហើយបន្ទាប់មក បានបន្តគ្រប់គ្រងប្រទេស ក្នុងនាម ជាមេដឹកនាំ ក្រុមប្រឹក្សាជាតិ ដើម្បី សន្តិភាព និងសណ្តាប់ធ្នាប់។ នៅក្នុងខែ សីហា ឆ្នាំ ២០១៤ យោធា បានគ្របដណ្តប់ អង្គនិតិបញ្ញតិជាតិ លើសលប់ ដែលសមាជិក របស់ខ្លួន ត្រូវបានរើសដោយផ្ទាល់ដោយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ។
លោក ប្រាយុទ្ធ ចាន់អូចា គឺជានាយករដ្ឋមន្ត្រីថៃ ទី២៩ ដែលបានចូលបន្តកាន់តំណែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤៕

ហ្សឺណែវ ៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានព្រមានថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនកញ្ចប់កាដូរបន្ថែមទៀតទៅកាន់សហរដ្ឋអាមេរិក ខណៈមហាអំណាចផុតលេខមួយនេះ កំពុងប្រមូលផ្ដុំកម្លាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកនេះ។
លោក ហាន តែសុង ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបែបនេះនៅក្នុងសន្និសីទសហប្រជាជាតិស្ដីពីការរំសាយសព្វាវុធក្រោយរយៈពេល២ថ្ងៃបន្ទាប់ពីប្រទេសរបស់លោកបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដោយជោគជ័យថ្មីៗនេះ។
លោកបានប្រាប់កិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវថា លោកមានមោទនភាពខ្លាំងណាស់ដែលថាកាលពី២ថ្ងៃមុនប្រទេសរបស់លោកបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សេនដោយជោគជ័យសម្រាប់គ្រាប់រ៉ុក្កែតឆ្លងទ្វីបតាមផែនការសម្រាប់បង្កើនកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ប្រទេសលោក។ លោក ហាន បានបញ្ជាក់ថា វិធានការការពារខ្លួនរបស់ប្រទេសកូរ៉េខាងជើងនៅពេលថ្មីៗនេះគឺជាកញ្ចប់អំណោយ ឬកាដូមួយដែលត្រូវផ្ញើទៅឲ្យគ្មានអ្នកណាផ្សេងក្រៅតែពីសហរដ្ឋអាមេរិកនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ លោក រ៉ូប៊ឺត វូដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផ្នែករំសាយអាវុធបាននិយាយថា ប្រទេសកូរ៉េខាងជើងបានប្រឆាំងនឹងសហគមន៍អន្តរជាតិម្ដងហើយម្ដងទៀតជាមួយនឹងការសាកល្បងសព្វាវុធផ្សេងៗ ហើយថា ការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងនេះនឹងលែងអនុគ្រោះទៀតហើយ។
ចំណែកប្រេសិតប្រទេសកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ពួកគេនឹងប្រើគ្រប់មធ្យោបាយការទូតទាំងអស់ដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងឯកោទាំងស្រុង និងដាក់សម្ពាធទៅលើប្រទេសនេះឲ្យបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ បានចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងចង់ធ្វើសង្គ្រាមជាមួយការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់ ព្រមទាំងបានបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាបំផុត ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ៕


រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានថា ក្នុងពេលឆាប់ៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យទៅលើករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។ កិច្ចប្រជុំនេះអាចនឹងធ្វើឡើងបន្ទាប់ពីសភាទទួលបានរបាយការណ៍ជាក់លាក់ ទាក់ទងករណីចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិរូបនោះ ៕


រាជធានីភ្នំពេញ ៖ រដ្ឋបាលធានីភ្នំពេញកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញនូវសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាជប៉ុន ( ស្ពានជ្រោយចង្វាទី១ ) ចាប់ពីថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៧តទៅ រហូតដល់ការដ្ឋានត្រូវបានបញ្ចប់។
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបានរាជធានីភ្នំពេញទាំងស្រុង ៖


ភ្នំពេញ ៖ នារីជាជនសង្ស័យម្នាក់បានអាសោបន្ទប់ជួលលួចយកខោខ្លីមិនសម្រេចត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃសចាប់វ៉ៃខ្នោះ ហេតុការនេះកាលពីម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ឋិតនៅក្នុងនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។
នារីជាជនសង្ស័យមានឈ្មោះសី អាលី ហៅ ពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះមឿន សារិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
បើតាសម្ដីពីជនរងគ្រោះបានអោយដឹថា នូវមុនពេលកើតហេតុរូបគេបានចាក់សោទុវាបន្ទប់ហើយទៅធ្វើការដូចសព្វដង ស្រាប់តែមាននារីជាជនសង្ស័យបានជិះនាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DH-7530 មកធ្វើសកម្មភាពប្រើផ្លែរណារអារដែក អារកាត់មេសោរទ្វារផ្ទះរបស់របស់គេ រួចបាន ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះរើកកាយសំភារៈលួចយកបានខោខ្លីពណ៌ត្រេអ៊ីចំនួន១ ហើយឡើងងជិះបំរុងនិងគេចខ្លួន
ដោយនូវពេលនោះក៏មានអ្នកជិតខាងបានឃើញនិងបានខលទៅប្រាប់រូបគេ ពេលដែលគេមកដល់ក៏បានឃើញសកម្មភាពនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសអោយជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលព្រៃស។
បច្បុន្ននារីជាជនសង្ស័យនិងវត្ថុតាងត្រូវបានសម្ថតកិច្ចកំពុងតែសាកសួនៅអធិការខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ចូនទៅលាដំបូងរាជធានីភ្នំពេញដើម្បីចាត់កាតាមផ្លូវច្បាប់៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍