រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញឲ្យដឹងថា ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕ សូមអានសេចក្តីថ្លែងការណ៍របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញខាងក្រោម៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៩នាក់ ដោយសង្ស័យជាប់ពាក់ពន្ធ័ក្នុងករណីបំផ្ទុះរថយន្តកាលពីព្រឹកថ្ងៃទី១ ខៃកញ្ញាកន្លងទៅថ្មីៗនេះនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។
តាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១.ឈ្មោះ សាំង សោភ័ណ ភេទស្រី អាយុ៣១ឆ្នាំ, ២.ឈ្មោះ ថាន់ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ, ៣.ឈ្មោះ យ៉ាត សុគន្ធ ហៅតារីវ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ, ៤.ឈ្មោះ ហ៊ា មុយ ភេទស្រី អាយុ៦០ឆ្នាំ, ៥.ឈ្មោះ អ៊ុក ភុំ ភេទប្រុស អាយុ៤៥ឆ្នាំ, ៦.ឈ្មោះ រិន នាត ភេទប្រុស អាយុ៣២ឆ្នាំ, ៧.ឈ្មោះ គីង ច្រិប ភេទប្រុស អាយុ៤៨ឆ្នាំ, ៨.ឈ្មោះ ប៊ូ ធីតា ភេទស្រី អាយុ២៨ឆ្នាំ, និង៩.ឈ្មោះ អៀរ ម៉ុយយូ ហៅលាងយូ ភេទស្រី អាយុ៦៥ឆ្នាំ, ទាំង៩នាក់នេះ មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាមន្ត្រីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ជនទាំង៩នាក់ខាងលើ មិនមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះរថយន្តទេ គ្រាន់តែជាប់ពាក់ព័ន្ធនឹងការរកស៊ីទិញលក់ផាវដោយមិនដឹងថា ជាការស៊ីខុសច្បាប់ប៉ុណ្ណោះ។ បន្ទាប់ពីរកឃើញថា មិនមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះរថយន្តទាំង៩នាក់ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
ក្រោយការស៊ើបអង្កេត ដោយឆ្លងតាមការស្រាវជ្រាវ និងធ្វើការត្រួតពិនិត្យលើវត្ថុតាង សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះរថយន្ត គឺដោយសាររថយន្ត១គ្រឿងនោះ ដឹកផាវគ្រាប់បែកចំនួន៨កេះ មានការធ្វេរប្រហែស ដោយទុកខុសបច្ចេកទេស៕


រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កាលពីម្សិលមិញតំណាងអយ្យការបញ្ចប់ការសាកសួរ និងពិនិត្យភស្តុតាងលើសំណុំរឿង លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង ហើយការសាកសួរនោះនឹងបន្តធ្វើនៅថ្ងៃនេះបន្តទៀត ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកសារភាពអំពីការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕

ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ-កម្មការិនីនៅក្នុងក្រុមហ៊ុន KNN នៅក្នុងខេត្តកោះកុងជាង២០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅវេលាម៉ោងប្រមាណ៧ និង០០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ហើយក្នុងនោះមានមួយចំនួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាគេពុំទាន់ដឹងអំពីមូលហេតុ នៃការដួលសន្លប់នេះ នៅឡើយទេ គ្រាដែលក្រុមអ្នកជំនាញកំពុងចុះទៅពិនិត្យ៕



សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង លោក ដូណាល់ ត្រាំ បានឯកភាពគ្នាលុបចោលការដាក់កំហិតក្នុងការផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាកូរ៉េខាងត្បូងក្នុងទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកPark Soo-hyun បានថ្លែងថា ការព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក មូន និងលោក ត្រាំ កាលពីម្សិលមិញនេះ។ លោកបញ្ជាក់ថា លោកប្រធានាធិបតី មូន បានពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចន្លោះពីម៉ោង១០ និង៤៥នាទីយប់ ដល់ម៉ោង១១ និង២៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ដោយអ្នកទាំងពីរបានជជែកគ្នាពីវិធានការទប់ទល់នឹងកូរ៉េខាងជើង ក្រោយបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។
បន្ថែមពីលើនេះ អ្នកទាំងពីរ ក៏បានឯកភាពគ្នាលុបចោលការដាក់កំហិតលើការផលិតមីស៊ីលផងដែរ ដើម្បីពង្រឹង សមត្ថភាពយោធាកូរ៉េខាងត្បូងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាង។
សូមជម្រាប់ថា បើតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល ចង់ផលិតឬក៏ចង់បង្កើនចំនួនសព្វាវុធរបស់ខ្លួន ត្រូវទទួលការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ជាមុនសិន៕

រ៉ង់ហ្គូន ៖ អ្នករាយការណ៍សិទ្ធិមនុស្សរបស់ UN ប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee បានរិះគន់យ៉ាងខ្លាំងលើជ័យលាភីភាពពានរង្វាន់ ណូបែលសន្តិភាព និងជានិមិត្តរូបលិទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជី ចំពោះបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហិនយ៉ា។ នេះបើតាមសារព័ត៌មាន BBC ។
លោកស្រី Yanghee Lee បាននិយាយថា ស្ថានភាពនៅក្នុងរដ្ឋ Rakhine គឺមានសភាពធ្ងន់ធ្ងរបំផុត ហើយវាដល់ពេលវេលាដែលលោកស្រីស៊ូជី ត្រូវចេញមុខធ្វើអន្តរាគមន៍។ ការថ្លែងបែបនេះ របស់លោកស្រី Lee ធ្វើឡើងបន្ទាប់ពី អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិរ៉ូហិនយ៉ា ៨៧,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសបង់ក្លាដែស ខណៈមនុស្សជិត៤០០នាក់ បានស្លាប់ ដោយសារអំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល និងកងជីវពលរ៉ូហិនយ៉ា។
ជាមួយគ្នានេះរដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ីក៏បានស្នើឱ្យមានការបើកកិច្ចប្រជុំជាបន្ទាន់ ស្របពេលប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ចាត់ទុកថា អំពើហិង្សាប្រឆាំងនឹងរ៉ូហិនយ៉ា គឺជាអំពើប្រល័យពូជសាសន៍ រីឯរដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានព្រមានលោកស្រីស៊ូជីដែរថា ជម្លោះនេះអាចនឹងធ្វើឱ្យប្រទេសរបស់លោកស្រីខូចកិតិ្តយស។
អំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា និងរ៉ូហិនយ៉ា បានផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំ២០១៦មកម្លេះ ហើយមកទល់ពេលកុំថា ឡើយលោកស្រីស៊ូជី សូម្បីតែអង្គការសហប្រជាជាតិ ក៏ពុំទាន់អាចដោះស្រាយជម្លោះជាតិសាសន៍ រុំារ៉ៃនេះបានដែរ។
គួរបញ្ជាក់ថា លោកស្រីអ៊ុង សានស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥ ដែលធ្វើឲ្យមានការរំពឹងថាលោកស្រីអាចនឹងដោះស្រាយវិបត្តិជម្លោះជាតិសាសន៍ជនជាតិដើម ភាគតិចមូស្លីមរ៉ូហិនយ៉ា ក៏ប៉ុន្តែអ្វីៗបែរជារឹតតែស្មុគស្មាញជាងមុនទៅទៀត៕

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលបញ្ចូលក្នុងក្របខណ្ឌរដ្ឋនូវគ្រូបង្រៀនឥស្លាមជាង១៥០០នាក់ ដែលជាការជួយបន្ថយបន្ទុកដល់សហគមន៍ឥស្លាមក្នុងប្រទេសកម្ពុជាយើងដែរ ។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជាសម្រេចដាក់បញ្ជូលគ្រូបង្រៀនខ្មែរឥស្លាមជាង១៥០០នាក់ឲ្យទទូលបានក្របខណ្ឌរដ្ឋដោយថានេះជាការជួយបន្ថយបន្ទុកចំណាយរបស់សហគមន៍ខ្មែរឥស្លាមក្នុងប្រទេសកម្ពុជា ។ ការថ្លែងបែបនោះធ្វើឡើងក្នុងឱកាសដែលសម្តេចចូលរួមក្នុងពិធីសម្ពោធព្រះវិហារឥស្លាម ជើមៀក កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះនៅខេត្តកំពង់ចាម ។ ទន្ទឹមនោះសម្តេចបញ្ជាក់ថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គក្នុងការកសាងប្រទេសជាតិនោះឡើយ»៕


ភ្នំពេញ ៖ ចុងសប្តាហ៍នេះ ក្រសួងរ៉ែ និងឋាមពល នឹងរៀបចំសិក្ខាសាលាចំនូនពីរដាក់ដោយឡែកពីគ្នា នៅសាលប្រជុំនៃអគ្គនាយកដ្ឋានប្រេងកាត។
បើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ បានឱ្យដឹងថា កម្មវិធីទី១ ប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែកញ្ញា ផ្តោតទៅលើ «ដំណើរឆ្ពោះទៅកាន់ប្រទេសផលិតប្រេង» និងនៅថ្ងៃទី៧ ខែកញ្ញា ផ្តោតទៅលើ«ការចូលរួមវិស័យរ៉ែក្នុងកំណើនសេដ្ឋកិច្ច»។
សូមជម្រាបថា អ្នកដែលមានបំណងចូលរួមក្នុងសិក្ខាសាលានេះ អាចអញ្ជើញចុះចាប់ពីពេលនេះតទៅ ឬតាមរយៈទូរស័ព្ទដូចខាងក្រោម ៖ …

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រើវិធានការក្តៅ ចំពោះកាសែតបរទេសមួយឈ្មោះ Cambodia Daily ដោយអគ្គនាយកដ្ឋានមួយនេះ បានធ្វើលិខិតស្នើសុំកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។ ការប្រើវិធានការក្តៅនេះ គឺបន្ទាប់ពីកាសែត Cambodia Daily បានប្រកាសបិទទ្វារដោយខ្លួនឯងដំណាលគ្នានៃថ្ងៃឱសានវាទដែលកំណត់ដោយអគ្គនាយកដ្ឋាន ។
យោងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy) មានលោកស្រី Deborath Krisher Steele ជាអភិបាលសហគ្រាស និងលោក DOUGLAS ERIC STEELE ជាអ្នកចាត់ការទូទៅ មិនបានបំពេញកាតព្វកិច្ចសារពើពន្ធ បានត្រឹមត្រូវ ដោយជំពាក់បំណុលពន្ធចំនួន ២៥,៧៥ពាន់លានរៀល (ប្រមាណជាង៦លានដុល្លារសហរដ្ឋអាមេរិ) ៕



ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដើម្បីបង្កើន ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងវិស័យឯកជន តាម រយៈការផ្លាស់ប្តូរព័ត៍មានគ្នាទៅវិញទៅមក ព្រមទាំងធ្វើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ គាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍវិស័យឯកជន សំដៅផ្តល់នូវទំនុក ចិត្តបន្ថែមទៀតដល់ផ្នែកឯកជនក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា ជំនួបថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពលើ ប្រធានបទមួយចំនួនដែលវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរួមមាន៖ (១).វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន,(២).គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន,(៣).តួ លេខចម្បង និងសំខាន់ៗពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគនៅកម្ពុជា និង(៤).វឌ្ឍនភាពនៃ ការអនុវត្តគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
លោក សុខ ចិន្តាសោភា បានទទួលស្គាល់ថា រាជរដ្ឋាភិបាល និងផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់ និងមិន អាចខ្វះបានដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ច ជាតិឲ្យកាន់តែលួតលាស់បន្ថែមទៀត។ លោកថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលធ្វើយ៉ាងណាឲ្យបរិយាកាសវិនិយោគនៅ កម្ពុជាកាន់តែមានភាពអំណោយផល ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេសធ្វើការបណ្តាក់ទុនឲ្យកាន់តែច្រើនឡើង។
ដោយឡែកប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួល ដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានធ្វើឡើងចំនួន១៧ដងរួចមកហើយចាប់ពីឆ្នាំ១៩៩៩ និងតាមរយៈភារកិច្ច របស់ស្ថាប័ននេះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេចការងារ នីតិសម្បទា និងអភិវឌ្ឍន៍ និងការវិនិយោគនានាដែលតម្រូវឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាធ្វើការ ស្អិតល្មួតជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក៕
រ៉ង់ហ្គូន ៖ អាជ្ញាធរមីយ៉ាន់ម៉ាបានបង្ខំចិត្តបិទទ្វារសាលារៀនសរុប៤១៨កន្លែង នៅក្នុងទីក្រុងចំនួនបីនៃភាគខាងជើងរដ្ឋ Rakhine ខណៈការប៉ះទង្គិចគ្នាដោយអាវុធរវាងក្រុមសកម្មប្រយុទ្ធ Arakan Rohingya Salvation Army (ARSA) និងកងកម្លាំងរដ្ឋាភិបាលមាតាប្រជាធិបតេយ្យរបស់ លោកស្រី អោងសាន ស៊ូជី នៅតែបន្តកើតមាន។ នេះបើតាមសារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar។
តាមនាយកដ្ឋានអប់រំនៃរដ្ឋ Rakhine បានឲ្យដឹងថា នៅក្នុងចំណោមសាលារៀនទាំង៤១៨ទីតាំង ដែលបានបិទ្វារ មាន១៨៣សាលា នៅក្នុងទីក្រុង Maungtaw, ២១២សាលានៅឯទីក្រុង Buthidaung និង ២៣សាលា នៅក្នុងទីក្រុង Yathedaung ខណៈដែលសិស្សចំនួន៨០,០០០នាក់បានចុះឈ្មោះចូលរៀនតាមសាលានានាក្នុងទីក្រុង Maungtaw សម្រាប់ឆ្នាំសិក្សា២០១៧នេះ ដោយចាប់ផ្ដើមចូលរៀនកាលពីខែមិថុនា មកម្ល៉េះ។
ជម្លោះជាតិសាសន៍រដ្ឋ Rakhine អស់រយៈជាច្រើនសប្ដាហ៍មកនេះបានផ្ដាច់យកជីវិតមនុស្សជិត៤០០នាក់ ខណៈដែល៣៨,០០០នាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស ដោយក្នុងនោះភាគច្រើនជាជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា៕


វ៉ាស៊ីនតោន ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកនេះថា ជាវិធានការឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងបន្ទាប់ពីបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ជាថ្មីម្តទៀតអាមេរិកបានចេញមុខព្រមានត្រង់ៗថា នឹងប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំដើម្បីបង្ក្រាបរដ្ឋកុម្មុយនីស្ដដ៏ឯកោមួយនេះ។
ការព្រមាននេះធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោះប្រជុំទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាពីការធ្វើតេស្ដនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោក Mattis បានបញ្ជាក់ថា រាល់ការគំរាមកំហែងលើសហរដ្ឋអាមេរិក ឬរាល់ទឹកដីអាមេរិក ដូចជាកោះហ្គាំ (Guam) ឬក៏សម្ព័ន្ធមិត្តរបស់យើង នោះនឹងត្រូវប្រឈមមុខនឹងកម្លាំងយោធាទ្រង់ទ្រាយធំជាការឆ្លើយតប… ហើយយើងមិនមែនកំពុងស្វែងរកការបំផ្លាញប្រទេសណាមួយ (កូរ៉េខាងជើង) នោះទេ ក៏ប៉ុន្តែដូចខ្ញុំបាននិយាយ គឺយើងមានជំរើសជាច្រើនដែលត្រូវធ្វើដូច្នោះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ នៅឯតំបន់ Punggye-ri នៃខេត្ត North Hamgyeong របស់ប្រទេសកូរ៉េខាងជើង៕

សេអ៊ូល ៖ ជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់ប្រទេសកូរ៉េខាងជើង កងកម្លាំងយោធានៃប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលផ្លោងហ៊ីនម៉ូ និងយន្តហោះប្រយុទ្ធ F-15K នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាននិយាយថា ក្នុងសមយុទ្ធដែលប្រើគ្រាប់មីស៊ីលផ្លោងហ៊ីនម៉ូ និងយន្តហោះប្រយុទ្ធ F-15K របស់ខ្លួនបានវាយលុកយ៉ាងត្រឹមត្រូវ ទៅនឹងគោលដៅ ដែលបានគ្រោងទុក នៅសមុទ្រខាងកើត ។ ប្រភពបន្តថា មីស៊ីលផ្លោងឈ្មោះ Hyunmoo ត្រូវបានបាញ់អំឡុងការធ្វើសមយុទ្ធនៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០១៧នេះ គឺដើម្បីឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយឡែកបើតាមយោធារបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា គោលដៅទៅនឹងគោលដៅ ដែលត្រូវបានបង្កើតឡើងនេះ ត្រូវបានកំណត់ដោយពិចារណា លើទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye Ri របស់កូរ៉េខាងជើងនៅខេត្តភាគឦសាន របស់ប្រទេសមួយនេះ៕

ភ្នំពេញ ៖ ជនសង្សយ័ដែលជាឃាតករិតករសម្លាប់កូនស្រីបង្កើតខ្លួនឯង ករណីនេះគឺផ្តើមចេញពីជនអគតិខាងលើបានចាប់រំលោភម្តាយក្មេកខណះដែលប្រពន្ធដឹងក៏បានសុំលែងលះគ្នាបានរយៈពេល៣ថ្ងៃជនសង្ស័យខាងលើនេះបានយកកូនស្រីបង្កើតរបស់ខ្លួនពីខេត្តស្វាយរៀងមកលេងផ្ទះប្អូននៅបន្ទប់ជួលលេខ១០៩ភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោកាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧ ខណៈពេលដែលប្អូនស្រីរបស់ជនសង្ស័យទៅធ្វើការបាត់ជនសង្ស័យបានយកខ្សែរិតករកូនស្រីរបស់ខ្លួនស្លាប់ក្នុងបន្ទប់ជួលខាងលើ។
ក្នុងថ្ងៃតែមួយជនសង្ស័យឆ្លៀតរត់ទៅដល់ខេត្តស្វាយរៀងទៅសម្លាប់ឪពុកក្មេកម្នាក់ទៀតបានសម្រេចរួចក៏ជិះរថយន្តឈ្នួលឆ្ពោះទៅសង្ងំលាក់ខ្លួននៅឯស្រុកកំណើតរបស់ខ្លួននៅស្រុកគងពិសីខេត្តកំពង់ស្ពឺលុះព្រឹកឡើងថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧កម្លាំងនគរបាលខណ្ឌដង្កោនិងកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការនគរបាលរាជនីភ្នំពេញសហការជាមួយកម្លាំងអធិការដ្ឋានស្រុកគងពិសីបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ
សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ខាងលើមានឈ្មោះ អង សំណាង អាយុ២៦ឆ្នាំ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការនគរបាលរាជនីភ្នំពេញដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕



ភ្នំពេញ ៖ កាសែតបរទេស The Cambodia Daily បានផ្សាយនៅថ្ងៃទី៣ កញ្ញានេះថា នឹងបិទការចេញផ្សាយ របស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធ ជូនរដ្ឋាភិបាល កម្ពុជា តាមការកំណត់។
យោងតាមការប្រកាសរបស់កាសែត The Cambodia Daily បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ គឺគម្រប់៣០ថ្ងៃនៃការកំណត់ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យកាសែត The Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធរដ្ឋ ចំនួនជាង៦លានដុល្លារ ក្រោយដំណើរការនៅកម្ពុជាដោយគ្មានបង់ពន្ធរយៈពេលជាង១០ឆ្នាំមកនេះ។
សូមបញ្ជាក់ថា ករណីឈានដល់ការបិទបញ្ឈប់ប្រតិបត្តិការរបស់អង្គភាពព័ត៌មាន The Cambodia Daily បន្ទាប់ពីមានឯកសារពន្ធដារត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហាញថា កាសែត The Cambodia Daily ដែលបានធ្វើអាជីវកម្មព័ត៌មាននៅកម្ពុជា រយៈពេល១០ឆ្នាំមកនេះ ពុំបានបង់ពន្ធជូនរដ្ឋនោះទេ ដែលទឹកប្រាក់ជំពាក់ពន្ធរដ្ឋ រហូតដល់ 25,756,015,695 រៀល (ប្រមាណ៦លានដុល្លារ)។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានថ្លែងបញ្ជាក់ថា៖ «បើទោះបីមានការបិទក៏ដោយ ក៏ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង, អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ ព្រោះយើងអនុវត្តតាមច្បាប់សារពើពន្ធរបស់កម្ពុជា។ អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា នេះ ព្រោះជាថ្ងៃឱសានវាទ»។
ជាថ្មីទៀត កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការហួសចិត្តចំពោះកាសែត The Cambodia Daily ដែលរកស៊ីមិនបង់ពន្ធនៅកម្ពុជា ហើយនៅពេលដែលរដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធតាមច្បាប់ បែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា ផ្តាច់ការ និងបំបិទសិទ្ធិសេរីភាព សារព័ត៌មានឯករាជ្យ ទៅវិញ៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍