វ៉ាស៊ីនតោន៖សារព័ត៌មានអាមេរិក Wall Street Journal បានផ្សាយថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងបន្ថែមការចំណាយជិត៨ពាន់លានដុល្លារទៅលើការធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធា, ការបង្កើតសមយុទ្ធយោធាច្រើនជាងមុន, និងការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់អាស៊ី។
ការបោះជំហាននេះ ត្រូវបានធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងរបបដឹកនាំទីក្រុងព្យុងយ៉ាង កំពុងបន្តមានភាពតានខ្លាំងចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាន់គោលជំហរតឹងរ៉ឹងជាងមុនដាក់ទីក្រុងព្យុងយ៉ាង នៅក្រោយពេលដែលរដ្ឋកុម្មុនិស្តដ៏ចចេសរឹងរូសមួយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួន និងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ និងច្រើនសាបន្តបន្ទាប់គ្នា ហើយថែមទាំងបានប្តេជ្ញាថានឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ទៀតផង។
ម្យ៉ាងវិញទៀត ដោយសារតែការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗនិងម៉ឹងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន បូករួមទាំងការវាយប្រហារដោយគ្រាប់មីស៊ីលយ៉ាងចាស់ដៃទៅលើមូលដ្ឋានទ័ពស៊ីរី ក៏ដូចជាវត្តមានក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឺកដើរដោយថាមពលនុយក្លេអ៊ែរ USS Michigan នៅដែនទឹកក្បែរឧបទ្វីបកូរ៉េ៕

សេអ៊ូល៖នៅថ្ងៃអង្គារនេះប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ទី១៩ ជំនួសលោកស្រី ផាក គឺនហេ ដែលត្រូវបានសភា និងតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយ កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
សារព័ត៌មានដដែលបញ្ជាក់ថា ក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំង៥រូបមានដូចជា លោក Moon Jae-in, លោក Hong Joon-pyo, លោក Ahn Cheol-soo លោក Yoo Seong-min និងលោកស្រី Sim Sang-jeung គេសង្កេតឃើញថា លោក Moon Jae in មកពីគណបក្សប្រជាធិបតេយ្យ គឺមានលទ្ធភាពខ្ពស់ជាងគេថានឹងអាចជាប់ឆ្នោតជាប្រធានាធិបតី។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថាលោក Moon ជាអ្នកនយោបាយម្នាក់ ដែលអាចនឹងធ្វើឱ្យនយោបាយកូរ៉េខាងត្បូង ចំពោះកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ផ្លាស់ប្ដូរទាំងស្រុង បើសិនជាលោកជាប់ឆ្នោតមែននោះ៕

ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖សង្វៀនជល់មាន់ដុះស្លែងមួយកន្លែងត្រូវបានកម្លាំងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ឃឹម ស៊ុនសូដា ចុះទៅបង្ក្រាបផ្ទាល់ ធ្វើក្រុមអ្នកញៀនល្បែងជល់មាន់ភ័យនាំគ្នារត់ហុយដីយ៉ាងប្រសេកប្រសាចដោយបន្សល់ទុកនៅវត្ថុតាង ស្បែកជើង បងរុំជើងមាន់ របងសង្វៀន ម៉ូតូ៥គ្រឿង ឧបករណ៍ជាច្រើនទៀត។ ប្រត្តិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៨ ខែឧសភា ឆ្នាំ២០១៧ នៅម្តុំបន្ទាយ៩១ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបានដកហូតបានម៉ូតូថ្មីចាស់ចំនួន៥គ្រឿងនិងមាន់គក់ចំនួន២ក្បាល។
ប្រភពព័ត៌មានបានអោយដឹថា មុនឈានដល់ការបង្ក្រាបនេះ គឺមានសេចក្តីរាយការណ៍ថា ទីតាំងខាងលើមានបើកវង់ល្បែងស៊ីសង ប្រភេទជល់មាន និងបៀ និងអាប៉ោង យ៉ាងគគ្រឹកគគ្រេង ទាំងព្រឹកទាំងថ្ងៃ ទើបលោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងបង្ក្រាបតែម្តង ដោយមិនអនុញ្ញាតអោយមានល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទស្ថិតនៅក្នុងដែនដីខណ្ឌពោធិ៍សែនជ័យឡើយ។
ដោយឡែក លោកអធិការ យឹម សារ៉ាន់ ខណ្ឌពោធិ៍សែនជ័យ មួយរយៈចុងក្រោយនេះលោកបានទំលាក់ដៃចុះក្នុងការចុះបង្ក្រាប បនល្បែងខុសច្បាប់នានា ពិសេសឆ្នោតយួនតែម្តងដែលស្ថិតនៅស្លាកឆ្នោតខ្មែរ បើកកត់យ៉ាងអនាធិបតេយ្យ ជាច្រើនឆ្នាំមកហើយ ហាក់ដូចជាដូចត្រូវរ៉ូវជាមួយ អាជ្ញាធរមូលដ្ឋានខ្លាំងណាស់៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យមានគ្នា២នាក់ជាបក្ខពួកដើរផឹកស៊ីជាមួយគ្នាបានយកកាំបិតអារកប្លន់យកម៉ូតូពីមិត្តភក្តិរួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣-៣០នាទី ថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៧នៅចំណុចទីស្នាក់ការបក្សឃុំតាសែន ស្ថិតក្នុង ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ដួង ដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(រងរបួសធ្ងន់) ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ពាក់ស្លាកលេខភ្នំពេញ 1AG:6375 ។
ជនសង្ស័យមានគ្នា២នាក់ឈ្មោះ រ័ក្ស ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងរួមនិងបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះបានប្រើប្រាស់កាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូរួចគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង៕


ខេត្តរតនគិរី៖អភិបាលខេត្តរតនគិរី លោក ថង សាវុន បានបញ្ឈប់ការដឹកប្រមូលឈើមូល របស់ក្រុមហ៊ុន ហ្សូមវ៉ាង ចូលរោងចក្រ បន្ទាប់ពីក្រុមហ៊ុននោះ បានដឹកប្រមូលឈើមូល អនាធិបតេយ្យ ក្នុងបរិវេនក្រុមហ៊ុន ក្រៅអនុតំបន់ មិនស្របទៅនឹងគោលការច្បាប់។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ម៉ីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំង ចុះឃាត់រថយន្តដឹកឈើមូល២គ្រឿង គឺរថយន្តបាកុងមួយគ្រឿង និងរថយន្តស្ទូចមួយគ្រឿង របស់ក្រុមហ៊ុន ហ្សូមវ៉ាង(រដ្ឋសាខន) នៅចំណុចត្រពាំងចំបក់ ស្ថិតនៅព្រំប្រទល់ ភូមិសាមុតលើ ស្រុកលំផាត់ និងភូមិតាកុកព្នង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្ដមអភិបាលខេត្ត។
លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ លោក សុខ ម៉ីន បានឲ្យដឹងកាលពីថ្ងៃ៧ថា តាមបទបញ្ជាពីឯកឧត្ដមអភិបាលខេត្ត ឲ្យលោកឃាត់រថយន្តដឹកឈើមូល របស់ក្រុមហ៊ុនខាងលើ ដើម្បីត្រួតពិនិត្យឯកសារ និងតំបន់ដែលក្រុមហ៊ុនដឹកប្រមូលឈើនោះ ថាតើជាដីរបស់ក្រុមហ៊ុនដែរឬទេ។ លោកមេបញ្ចាការ បានបន្តថា ក្រោយពីឃាត់រថយន្តពិនិត្យឃើញថា ក្រុមហ៊ុននេះ ធ្វើសកម្មភាពដឹកប្រមូលឈើមូលចូលក្រុមហ៊ុន ថ្វីត្បិតតែក្នុងបរិវេណដីក្រុមហ៊ុន តែមិនស្របតាមគោលការនៃច្បាប់។ ដោយដឹកក្រៅអនុតំបន់ ហើយគ្មានគណៈកម្មការត្រួតពិត្យ បំពេញឯកសារឲ្យបានត្រឹមត្រូវ។ ដូច្នេះឯកឧត្ដមអភិបាលខេត្ត សម្រេច ឲ្យក្រុមហ៊ុននេះ ផ្អាកការដឹកប្រមូលឈើមូលបន្តទៀត ហើយរង់ចាំ រៀបចំឯកសារពីស្ថប័នពាក់ព័ន្ធឬថា្នក់ក្រសួង និងបង្កើតក្រុមគណៈកម្មការត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់ ទើបអនុញ្ញាតឲ្យដឹកប្រមូលឈើមូលចូលក្រុមហ៊ុនបន្តទៀត។
តំណាងក្រុមហ៊ុន ហ្សូមវ៉ាង ម្នាក់មិនបញ្ចេញឈ្មោះ បានអះអាងថា ឈើមូលដែលពួកគេប្រមូលដឹក គឺជាឈើដែលមានគេលួចកាប់ក្នុងដីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏ដឹកប្រមូលយកមករក្សាទុក ក្នុងក្រុមហ៊ុនដើម្បីធ្វើការបង់ពន្ធជូនរដ្ឋ។ លោកបន្តថា ក្រោយពីមានការត្រួតពិនិត្យ របស់អាជ្ញាធរខេត្តថា មិនសមស្របតាមច្បាប់នេះ លោកនឹងបំពេញសុំណុំឯកសារទៅថ្នាក់ខេត្តឲ្យបានស្របច្បាប់ ដើម្បីដឹកប្រមូលឈើមូលនេះបន្តទៀត។
ចំណែកលោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់នៅថ្ងៃទី៨ ខែឧសភា នេះថា ឈើទាំងនេះ លោកបានបញ្ជាទៅនាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ឲ្យសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីប្រមូលដឹកឈើនេះ ដាក់ក្នុងក្រុមហ៊ុន ហើយសុំគោលការណ៍ទៅថ្នាក់លើ ថាតើឈើទាំងនេះត្រូវពិន័យ ឬក៏តម្រូវឲ្យក្រុមហ៊ុនបង់ពន្ធ។
គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនីមួយៗ បើទោះជាមានផ្ទៃដីទំហំប៉ុណ្ណាក៏ដោយ តាមច្បាប់ត្រូវចែកចេញជាឡូដ៍ ឬហៅថា អនុតំបន់ ដើម្បីឲ្យក្រុមហ៊ុននោះ កាត់ឈើឈូសឆាយដាំដុះ តំបន់នោះ ប្រចាំឆ្នាំរួចរាល់ ទើបក្រុមហ៊ុនសុំច្បាប់ ឬអាជ្ញាប័នបន្ត ពីថ្នាក់ក្រសួង ដើម្បីឈានទៅ អភិវឌ្ឍន៍ តំបន់ថ្មីទៀតនាឆ្នាំបន្ត។ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ តែងតែមានទំនាស់ជាមួយប្រជាពលរដ្ឋ ពីករណីឈូសឆាយព័ទ្ធយកដីប្រជាពលរដ្ឋ និងមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាញឹកញាប់ ថាក្រុមហ៊ុន ហ្សូមវ៉ាង(រដ្ឋសាខន) តែងតែលួចដឹកឈើចេញពីព្រៃសហគមន៍ និងលួចដឹកឈើពាស់វាលពាស់កាល អនាធិបតេយ្យ ពេញតែបរិវេណក្រុមហ៊ុន៕



លីប៊ី៖ទូកដឹកជនភៀសខ្លួនមួយគ្រឿងបានលិចចូលទៅក្នុងផ្ទៃសមុទ្រ ក្បែរឆ្នេរនៃប្រទេសលីប៊ីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨០នាក់ រួមមានទាំងស្ត្រី និងកុមារបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
ប្រភពដដែលបញ្ជាក់ថា មនុស្សសរុបចំនួន១៣២នាក់ បានឡើងជិះធ្វើដំណើរនៅលើទូកខ្យល់មួយគ្រឿង កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក៏ប៉ុន្តែវាក៏បានចាប់ផ្តើមលិចចូលទៅក្នុងផ្ទៃទឹកបន្តិចម្តងៗ នៅប៉ុន្មានម៉ោងក្រោយមក ហើយមានអ្នកនៅរស់រានមានជីវិតប្រមាណតែ៥០នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលបានដឹកពួកគេទាំងនោះមកទម្លាក់នៅតំបន់ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលីនាថ្ងៃអាទិត្យ៕

រាជធានីភ្នំពេញ៖ឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជននានាសរុបចំនួន ១៣,៤១០,២៨០ដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧។ ទិវានេះបានប្រារព្ធធ្វើឡើងក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

រាជធានីភ្នំពេញ៖លោក ហ៊ុន សាន ដែលត្រូវជាបងប្រុសសម្តេច ហ៊ុន សែន ត្រូវបានគេដឹងថា កំពុងស្វែងរកការអន្តរាគមន៍ពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងទំនាស់ដីធ្លីជាមួយលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
យោងតាមលិខិតមួយច្បាប់របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយទប់ស្កាត់ការប្រើអំណាចរបស់មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ ដោយចោទថា មន្ត្រីនគរបាលរូបនោះ តែងតែការពារជនល្មើស នៅក្នុងសំណុំរឿងជម្លោះដីធ្លីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លក ហ៊ុន សាន បានរៀបរាប់ក្នុងលិខិតថា មន្ត្រីក្រោមបង្គាប់របស់រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានគំរាមកំហែងលើរូបលោក ក្រុមគ្រួសារ និងសហការី អំឡុងពេលចុះទៅរៀបចំអភិវឌ្ឍន៍លើដីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន សាន ក៏បានចោទប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ ថា តែងតែការពារជនល្មើស ដែលលោក ហ៊ុន សាន ថា ពួកគេបានរំលោភយកដីរបស់លោក និងដីកូនប្រុសរបស់លោក ។ ដូច្នេះលោកស្នើទៅសម្តេច ស ខេង ឲ្យថ្កោលទោស និងចាត់វិធានការ “ម៉ឺងម៉ាត់” ទៅលើលោក ម៉ក់ ជីតូ ដោយបានចោទថា មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ តែងតែប្រើអំណាចកៀបសង្កត់ជិះជាន់អ្នកស្លូតត្រង់ ដើម្បីផលប្រយោជន៍ និងបក្ខពួកខិលខូចមួយក្ដាប់តូច៕


ខេត្តកំពត៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពតស្ទាក់បង្ក្រាបបានរថយន្តម៉ាកសាំយ៉ុង១គ្រឿងដឹកឈើប្រភេទធ្នង់ពេញរថយន្តកាលពីវេលាម៉ោង១១ និង២០នាទី ជិតកណ្តាលអធ្រាត្រ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ក្រឡាញ់ ឃុំភ្នំប្រសាទ ស្រុកកំពុងត្រាច ខេត្តកំពត។
លោក ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តដែលដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការនេះបានឲ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបខាងលើនេះ បង្ក្រាបបានរថយន្តដឹកឈើ ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2A-6372 ចំណែកអ្នកបើកបរគេចខ្លួនបាត់។ លោកបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាង បានប្រគល់ឲ្យ ទៅកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ប្រជាពលរដ្ឋបានលួចរាយការណ៍ពីបញ្ហាគ្រឿងញៀនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ តែហាក់បីដូចជាដេញពិនអោយគោស្តាប់ចឹង ទង្វើនេះបានធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានភ័យខ្លាចយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចនៅមានកម្រិតណាស់។ បច្ចុប្បន្នចរាចរបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅដូចទីផ្សារស៊រីចឹង រីឯអំពើចោរកម្ម លួចឆក់ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទកំពុងរីករាលដាលយ៉ាងអនាធិបតេយ្យ ហើយសមត្ថកិច្ចបង្ក្រាបបានតិចតួចបំផុត។ ទាំងនេះនៅមិនទាន់គិតពីប៉ុស្តិ៍នគរបាលមួយចំនួនទៀតដែលកើតមានដែរ តែលាក់លៀមរបាយការណ៍មិនឲ្យថ្នាក់លើដឹងនៅឡើយទេ។ ប្រពលរដ្ឋម្នាក់មិនបញ្ជាក់ឈ្មោះបានបង្ហើបអោយដឹថា៖ គាត់ស្នាក់នៅម្តុំខាងក្រោយប៉ុស្តិ៍ចោមចៅ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជារៀងរាល់យប់ម៉ោងប្រហែល៨-៩នៅម្តុំផ្ទះរបស់គាត់គឺមានទាំងអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀន មានស្រីមានប្រុសស្ទាវៗបានមកពរពាក់ពរពូនគ្នា ចេញចូលផ្ទះសំណាក់ បង្កសំលេងរំខាន។ ប្រភពដដែលបានបន្តទៀតថា៖ រាល់សកម្មភាពរូបគាត់បានឃើញ គឺគាត់បានលួចទៅរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅដែរ តែគ្មានបានការអីបន្តិចសោះ ហាក់បីដូចជាដាស់ខ្លាអោយចូលព្រៃចឹង! ទើបរូបគាត់ទ្រាំរស់នៅទាំងបង្ខំ។ ប្រព័ត៌មានពីជ្រុងមួយបានអោយដឹងទៀតថា៖ ទីតាំងចែកចាយគ្រឿងញៀន ទាំងកន្លែងសង្ងំប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅ មានមិនតិចកន្លែងទេចាប់ពីព្រំប្រទល់ខណ្ឌមានជ័យ ដូចជា៖ ម្តុំផ្ទះឡ, ក្រោយវត្តគោកបញ្ជាន់, ម្តុំផ្សារត្រពាំងថ្លឹង, ក្រោយវត្តជម្ពូវ័ន្ត, ផ្សារព្រៃទា និងមានកន្លែងជាច្រើនទៀត។ ដោយហេតុថា ក្រុមអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតែចរាចរដោយយ៉ាងរលូត ទាំងនេះជាភស្ដុតាងបង្ហាញថា៖ សមត្ថកិច្ចមិនមានសមត្ថភាពបង្ក្រាបឬ? ជាងនេះទៅទៀតប្រជាពលរដ្ឋស្នើសុំអធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួង សុវណ្ណ យកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីផ្ដល់ភាពកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត៕

ហ្សាការតា៖អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា អ្នកទោសច្រើនជាង៤០០នាក់បានរត់គេចចេញពីពន្ធនាគារមួយកន្លែង ស្ថិតនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែត្រូវបានក្រុមប៉ូលិសឥណ្ឌូនេស៊ីចាប់បាន២១៩នាក់មកវិញ។ នេះបើតាមសារព័ត៌មាន CNN។
អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងទៀតថា អ្នកទាំងនោះបានរត់គេចចេញពីពន្ធនាគារ Sialang Bingkuk ស្ថិតក្នុងទីក្រុង Pekanbaru នៃខេត្ត Riau កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឆ្មាំពន្ធនាគារ។ ប៉ុន្តែប៉ូលិសឥណ្ឌនេស៊ី ចាប់បានអ្នកទោស២១៩នាក់មកវិញ ខណៈ២០០នាក់ផ្សេងទៀត កំពុងសម្ងំលាក់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ អ្នកទោសច្រើនជាង ២០០នាក់ ក៏ធ្លាប់បានហែកគុករបៀបនេះផងដែរ នៅក្នុងទីក្រុង Medan នៃកោះស៊ីម៉ាត្រា ដោយនៅកាលណោះ មានមនុស្ស០៥នាក់ ត្រូវបានសម្លាប់៕

ដោយ៖កូននាគកំណាច
ក្រចេះ៖លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានលើកឡើងថា ការតស៊ូ អំណត់ ព្យាយាម គង់បានសម្រេចជោគជ័យក្នុងជីវិត ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពីមេរៀនជីវិតសម្រាប់យុវជន ក្រោមប្រធានបទ គុណប្រយោជន៍នៃការសិក្សា ដែលប្រព្រិត្តទៅកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ៥រយនាក់ ដែលជាសិស្សានុសិស្ស និងជានិស្សិត ។
ទាក់ទិនទៅនឹងមេរៀនជីវិត បុរសម្នាក់ ដែលពោរពេញដោយបទពិសោធន៍ ធ្លាប់ឆ្លងកាត់នូវឧបសគ្គនឹងភាពបរាជ័យជាច្រើន ហើយបានព្យាយាមរហូតទទួលបានជោកជ័យក្នុងជីវិត និងក្លាយជាមនុស្សដែលមានឥទ្ធិពលមួយរូបនៅក្នុងសង្គមនាពេលបច្ចុប្បន្នលោកបណ្ឌិត ម៉ុង ឬទ្ធី បានមានប្រសាសន៍បន្តថា ឯកឧត្តមមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារដៃទាំងទ្វេរ និងដោយខ្លួនឯងផ្ទាល់ ។ លោកបន្តថា គ្មាននរណាអាចជួយយើងបាន១០០ភាគរយក្រៅពីខ្លួនឯងនោះទេ ។
លោក មានប្រសាសន៍បន្តទៀតថា ជីវិតរបស់លោក គឺពោរពេញដោយភាពល្វីងជូរចត់ កើតក្នុងគ្រួសារក្រីក្រ មានបងប្អូនច្រើន ជីវភាពលំបាកតោកយ៉ាក រៀនក៏មិនបានខ្ពស់ ឋិតក្នុងសម័យប្រទេសមានសង្គ្រាម កុំតែមានជ័យជំនះថ្ងៃ៧ មករា ១៩៧៩ មិនដឹងទៅជាយ៉ាងណាទេ ។ បើប្រៀបធៀបនឹងបច្ចុប្បន្ននេះ ក្មួយៗពិតជាមានសំណាងខ្លាំងណាស់ បានកើតក្នុងសម័យប្រទេសជាតិមានសុខសន្តិភាពពេញលិញ មានគ្រប់សប់បែបយ៉ាង តាំងពីអាហារហូចចុក កន្លែងស្នាក់នៅ (ផ្ទះ) សម្លៀកបំពាក់ និងកាសិក្សារៀនសូត្រក៏បានខ្ពង់ខ្ពស់គ្រប់គ្នា ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានជម្រុញស្មារតីដល់ក្មួយៗដែលជាធនធានមនុស្សដ៏សំខាន់ ថា ភាពជោគជ័យ គឺកើតឡើងដោយការតស៊ូ អំណត់ ព្យាយាម ជំនះនូវរាល់គ្រប់ឧបសគ្គ ដោយមិនបោះបង់ចោល ជាពិសេសការចេះចាប់យកឱកាស។
លោក បានធ្វើការណែនាំទៅដល់សិស្សានុសិស្សថា ដែលជាសិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ជាពិសេសអ្នកដែលត្រូវត្រៀមប្រលងបាក់ឌុបឆ្នាំនេះ ដែលនិងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុននេះ ។ លោកបន្តថា ចង់ឲ្យសិស្សនិស្សិតទាំង មានការចូលរូមលើកស្ទួយសង្គមជាតិឲ្យកាន់តែរីកចម្រើន ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះយុវជន-យុវនារីទាំងគ្នា គឺជាទំពាំងស្នងឬស្សី ៕





ប៉ារីស៖សារព័ត៌មាន BBC ចេញផ្សាយថា លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតជុំទី០២ ជ្រើសរើសប្រធានាធិបតីបារាំងបានបង្ហាញថា លោក Emmanuel Macron បានទទួលជ័យជម្នះ៦៥% លើលោកស្រី Marine Le Pen ដែលនេះមានន័យថា លោក Macron នឹងក្លាយជាប្រធានាធិបតីបារាំងទី០៨ មានវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្របារាំង។
យោងតាមលទ្ធផលបោះឆ្នោតបឋម អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច ក្រោមរដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ វ័យ៣៩ឆ្នាំ លោក Macron បានទទួលសំឡេងគាំទ្រ៦៥% ទល់នឹង ៣៥% របស់លោកស្រី Le Pen។
នេះគឺជាលើកទីមួយហើយ ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ ដែលប្រធានាធិបតីបារាំង មិនមែនជាបេក្ខជនមកពីគណបក្សសង្គម និយម ឬក៏សាធារណរដ្ឋ ដែលតែងតែផ្លាស់វេនគ្នាដឹកនាំបារាំង។ លោក Emmanuel Macron អាចនឹងការស្បថចូលកាន់តំណែងជាប្រធានាធិបតី ថ្មីនៅពាក់កណ្ដាលខែឧសភានេះ ពោលគឺមុនការបោះឆ្នោតសភា ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសតាំងសមាជិកសភា៥៧៧នាក់៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប គាំទ្រលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលហាមឃាត់ដល់គណបក្សនយោបាយទាំង១២ឲ្យបញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនា តាមបណ្តាទីតាំង និងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ពីជំហររបស់គជបថា «យោងតាមទិដ្ឋភាពជាក់ស្តែងទាំងពីរនេះ គ.ជ.ប បានសម្រេច និងយល់ព្រមថា ការហាមឃាត់មិនឲ្យមានការ ដង្ហែក្បួននៅតាមដងផ្លូវ ទីប្រជុំជន និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ គឺសមហេតុសមផលដោយសារ តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ ហើយការបោះឆ្នោតគ៏ធ្វើឡើង ក្នុងទឹកដីរបស់អាជ្ញាធរ មិនមែនតែគណបក្សនយោបាយ នោះទេ គឺទាំងអស់គ្នា។ នេះជាកិច្ចការចាំបាច់របស់អាជ្ញាធរ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនិងសម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍ ដូចនេះ គ.ជ.ប ទទួលយកបាន និងគាំទ្រចំណាត់ការ»។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ករណីមានគណបក្សនយោបាយណាមួយ បំពានលើចំណាត់ការរបស់ សាលារាជធានីភ្នំពេញ ថា «អាជ្ញាធរហាម តែគាត់នៅតែបំពាន គឺគាត់មានកំហុសជាមួយអាជ្ញាធរ កំហុសនេះក៏ប្រឈមជាមួយច្បាប់ បោះឆ្នោតដែរ ពីព្រោះសេចក្តីណែនាំឲ្យមានការសហការជាមួយអាជ្ញាធរដែនដី ពីព្រោះការបោះឆ្នោតមិនមែនដើរធ្វើអីស្រេចតែចិត្តលើ ដែនដីអាជ្ញាធរគ្រប់គ្រង នោះទេ។ បើគិតលើ អាជ្ញាធរដែនដី គាត់ខុសមួយហើយ ជាមួយគ.ជ.ប គាត់កាន់តែខុសថែមទៀត»។
សូមបញ្ជាក់ថាសាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះបានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។
លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ៕

ការ៉ាកាស់៖ការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយអស់រយៈពេលជាងមួយខែមកហើយនេះបានបណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់៣៧នាក់ ខណៈដែល៧១៧នាក់ទៀតបានរងរបួស និង១៥២នាក់ ផ្សេងទៀតកំពុងបន្តជាប់ឃុំនៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។
អាជ្ញាធរវេណេស៊ុយអេឡាបានឲ្យដឹងថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) អ្នកតវ៉ាវ័យ២០ឆ្នាំម្នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងចំក្បាល ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៧នាក់ គ្រាដែលក្រុមបក្សប្រឆាំងក៏បាននិងកំពុងរៀបចំការធ្វើបាតុកម្មជាបន្តបន្ទាប់ទៀត៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍