ខេត្តកំពត៖បុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីជនជាតិហ្វាំងឡង់ត្រូវបានកម្លាំងនគរបាលក្រុងកំពតឃាត់ខ្លួនបន្ទាប់បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ។
តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល កម្លាំងផែនគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងកំពត បានសហការជាមួយកម្លាំងការិយាល័យអន្តោប្រវេសន៍ខេត្តកំពត និងប៉ុស្តិ៍អណ្តូងខ្មែរ បាននាំខ្លួនជនបរទេស ឈ្មោះ Sirkia Hannah Elisa ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ហ្វាំងឡង់ មុខរបរអ្នកចាក់សាក់ ដែលស្នាក់នៅបឹងហ្គាឡូព្រែកកំពត ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ក្នុងករណីនេះ ជនសង្ស័យបានធ្វើសកម្មភាព វាយទូរម៉ាស៊ីនATM (ABA) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៤៥នាទីយប់ ដែលកើតឡើង នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្រោយឃាត់ខ្លួនភ្លាម កម្លាំងក៏បានបញ្ជូនទៅការិល័យអន្តោប្រវេសន៍ខេត្តកំពត ដើម្បីដោះស្រាយ និងអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែកនៅម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ មានករណីហិង្សាមួយ ឈានទៅបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលកើតឡើងនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។ បង្កឡើងដោយជនសង្ស័យ ឈ្មោះ MOORE BENGAMINJAMES ជនជាតិអង់គ្លេស ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លង លេខ ៥៣១៧៤៤៣២៤ សព្វថ្ងៃស្នាក់នៅផ្ទះសំណាក់ «មុំាងឃីរីផាប់ប្លេក» ស្ថិតនៅភូមិ សង្កាត់កើតហេតុ។
ជនសង្ស័យរូបនេះ ផឹកស្រាស្រវឹង ហើយធ្វើសកម្មភាពវាយបំផ្លេចបំផ្លាញ់ទ្រព្យសម្បតិ្ត នៅផ្ទះសំណាក់យីហោ «១យប់ទៀត» របស់ជនរងគ្រោះឈ្មោះ តុត មីនកាលី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ជនសង្ស័យរូបនេះ ក្រោយធ្វើសកម្មភាពហើយ ក៏ត្រូវកម្លាំងនគរបាលក្រុងកំពត ចុះធ្វើការឃាត់ខ្លួនបាន នៅកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នបាន និងកំពុងឃាត់ខ្លួនសាកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕


ខេត្តរតនគិរី៖នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកងរាជអាវុធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយលោក សុខ ម៉ីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បង្ក្រាបរឹបអូសរថយន្តឡង់គ្រីស័រ កែច្នៃចំនួន៥គ្រឿង ដឹកឈើសុក្រមពេញ ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ត្រង់ចំណុចភ្នំក្រហម ក្នុងចំការកៅស៊ូក្រុមហ៊ុន៧៤ នៅមិនឆ្ងាយប៉ុន្មានពីព្រំដែន បំរុងចេញទៅលក់ប្រទេសវៀតណាម តាមច្រករបៀង ភ្នំក្រហម ដែលមានប៉ុស្តិ៍សង្កេតការណ៍លេខ៦០១ ចំណុះឲ្យនគបាលវរៈការពារព្រំដែនគោកលេខ៦២៣ និងប៉ុស្តិ៍កងទ័ព ចំណុះឲ្យវរៈការពារព្រំដែនគោក១០២ ខណៈពេលដែលរថយន្តល្មើសនោះ កំពុងធ្វើចរាចរណ៍។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ លោក សុខ ម៉ីន បានឲ្យដឹងថា លោកស៊ើបបានដំណឹង ការលួចចរាចរណ៍បទល្មើសឆ្លងដែននេះ យូរមកហើយដែរ តែលោករកចំណុចផ្លូវដែលគេធ្វើសកម្មភាពនេះមិនឃើញ លោកមិននឹកស្មានថា គេអាចលួចដឹកកាត់តាមចំការកៅស៊ូ ដែលមានជ្រោះ មានភ្នំដូច្នេះសោះ ទើបតែថ្ងៃនេះ លោកបានទទួលសេចក្ដីរាយការណ៍ច្បាស់ និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកក៏ដឹកនាំកម្លាំងចុះរុករក បានប្រទះឃើញរថយន្តល្មើសមែន តែជនល្មើសបានបើករថយន្ត ប្រសេច ប្រសាច រត់ចូលក្នុងចំការកៅស៊ូ ហើយរត់គេចខ្លួនបាត់អស់ ធ្វើឲ្យលោកស្មុគស្មាញក្នុងការរុករក និងរឹបអូសយកភស្ដុតាងមករក្សាទុក។ លោកបានបញ្ជាក់ថា ភស្ដុតាងឈើ និងរថយន្ត កំពង់ធ្វើកាដឹកជញ្ជូន មិនទាន់រួចរាល់នៅឡើយទេ យកទៅរក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។
ករណីរថយន្តដឹកឈើឆ្លងដែនល្មើសច្បាប់ តាមច្រករបៀងខាងលើ លោក យ៉ាត ដែលជានាយប៉ុស្ដិ៍ ច្រករបៀងភ្នំក្រហម បានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លី នៅថ្ងៃនេះដែរថា ក្នុងយប់ថ្ងៃទី៤ ទី៥ នេះគឺលោកបិតមិនឲ្យចេញ។
ចំណែកលោក ងួន សុវណ្ណា នាយវរៈនគរបាលការពារព្រំដែនគោកលេខ៦២៣ បាននិយាយតាមទូស័ព្ទប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លាំងៗ នៅថ្ងៃនេះដែរថា ឈើដែលគេដឹកឆ្លងដែននេះបន្តិចបន្ទួច បើពូកែចាប់អញ្ចឹង ទៅចាប់តាមផ្លូវ ១៩ គេដឹកហូរហែរតាមផ្លូវរាល់ថ្ងៃ ម៉េចក៏មិនទៅចាប់ ព្រមទាំងនៅក្រុងបានលុង គេចាប់ច្រើនលើក ច្រើនសារមកហើយនៅមិនទាន់អស់ទេ។
សូមជម្រាបថា រយៈពេលប្រមាណជា៣ខែ មកហើយ នៅចំណុចប៉ុស្តិ៍លេខ៦០១ ភ្នំក្រហមនេះ បានលេចឮព័ត៌មានថា មានការលួចលាក់ធ្វើជំនួញឈើខុសច្បាប់ តាមច្រកនេះ ដោយសារតែមានការបើកដៃពីនាយប៉ុស្តិ៍ ឈ្មោះយ៉ាត។ ហើយការបង្ក្រាប ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ត្រូវបានគេសង្កេតឃើញថា មានតែកម្លាំងកងរាជអាវុធហត្ថប៉ុណ្ណោះ តែងតែដុតដៃ ដុតជើង ឈ្មុះឈ្មុល រុករកចុះបង្ក្រាបយ៉ាងសកម្ម រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តរតនគិរី៕


ខេត្តពោធិ៍សាត់៖ស្ត្រីម្នាក់រន្ទះបាញ់ស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ ពេលកំពុងជំរះស្មៅជាមួយគ្នា ខណៈមានខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ចំស្លាប់នោះឈ្មោះ ១-ចេន ភេទស្រី អាយុ២០ឆ្នាំ ជាអ្នកស៊ីឈ្នួលជំរះស្មៅឲ្យគេ រស់នៅភូមិឃុំអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (ស្លាប់) និងអ្នករងរបួសធ្ងន់ឈ្មោះ ឈន ញឹក ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចំការឲ្យគេ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុ មានខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ ជនរងគ្រោះទាំង២នាក់ បានទៅជំរះស្មៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់ចំស្ត្រីឈ្មោះ ចេន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឈន ញឹក របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសលវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


ដោយ៖កូននាគកំណាច
ក្រចេះ៖មន្ត្រីជំនាញមួយរូបសូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរថា ធម្មតាឡានដឹកឈើមកពីលើរហូតឆ្លងកាត់កម្លាំងសមត្ថកិច្ចហូហែបណ្តាក់គ្នា ហេតុអីមិននាំគ្នាចាត់ ទុកឲ្យរបូតមកដល់ក្រោមធ្វើអី ឬ មួយអ្នកខាងលើមិនចេះធ្វើការឬមិនចង់ធ្វើការ បញ្ហានេះត្រូវរួមគ្នាធ្វើទើបវាទៅរួច បើខាងលើមិនធ្វើ បណ្តោយឲ្យមក វាងាប់ៗតែអាអ្នកនៅក្រោមគេនោះឯង។
ជាក់ស្តែងយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងចម្រុះដឹកនាំដោយលោកនាយសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង បញ្ជាដោយលោកនាយផ្នែករដ្ឋបាលព្រៃឈើឆ្លូងលោក អ៊ុយ ស្រី បានចុះចាប់ឃាត់បានឡានសាំយុងមួយគ្រឿងដឹកឈើអារពេញណែន នៅភូមិសាស្ត្រឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ហើយបានរុញទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើទាំងយប់ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ក្បួនឡានដឹកឈើអាមានរាប់សិបឡានចេញពីក្នុងឃុំអូរគ្រៀងឋិតក្នុងភូមិសាស្ត្រស្រុកសំបូរក្បួនហែតម្រៀបនៅពេលយប់ស្ងាត់ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧ យ៉ាងរលូន រហូតមកដល់ស្រុកឆ្លូង ត្រូវបានលោកនាយផ្នែកបញ្ជាឲ្យលោកនាយសង្កាត់ចាប់បានឡានមួយគ្រឿង ខណៈក្រុមឡានជាច្រើនគ្រឿងទៀត បានគេចខ្លួនបាត់អស់។
ទន្ទឹមនឹងការបង្ក្រាបបានឡានសាំយ៉ុងដឹកឈើអាស្ទើរពេញឡាននោះ ត្រូវប្រភពមួយចំនួនលើកឡើងថា ដោយសារតែមានការបញ្ជាពីស្ថាប័នអយ្យការ និងអាជ្ញាធរ ទើបអស់លោកមន្ត្រីជំនាញចេញមុខមកបង្ក្រាប ព្រោះកាលកន្លងមកនៅតាមកំណាត់ផ្លូវជាតិលេខ៧ គេតែងតែឃើញក្បួនឡានដឹកឈើហូរហែ ដោយមិនបានរំខានដល់អស់លោកមន្ត្រីជំនាញទេ ជាពិសេសលោកប្រធានមន្ទីរកសិកម្មដែលមានលោក អោក ដារ៉ុន អនុប្រធានមន្ទីរទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសព្រៃឈើក្នុងទឹកដីខេត្តក្រចេះ។
ផ្ទុយមកវិញសកម្មភាពនៃការដឹកជញ្ជូនកាន់តែកើតឡើងលើសមុនទ្វេរដង គ្រប់រូបភាព រហូតពេលខ្លះក្រុមឡានដឹកឈើទាំងនោះបើកបរប្រសេកប្រសាចកណ្តាលយប់បែបអនាធិប្បតេយ្យ ឆ្លងកាត់មុខមហាជនយ៉ាងណាក៏លោកមន្ទីរជំនាញអត់ខ្វល់ ក្នុងនោះជំនាញមេព្រៃបានត្រឹមអង្គុយមើលឡានបើកកាត់មុខ ដោយមិនចេញចាប់ព្រោះគ្មានបទបញ្ជា។
ប្រភពច្បាស់ការណ៍អះអាងថា ក្នុងមួយយប់ៗមានឡានដឹកឈើប្រភេទសាំយុងរាប់សិបគ្រឿង ចេញពីភូមិសាស្ត្រភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ឆ្លងកាត់តាមស្នាក់ការអស់លោកមន្ត្រីជំនាញហូរហែហេតុអីមិនចាប់ បែជាបណ្តែតបណ្តោយឲ្យឡានទាំងនោះរួចផុត រហូតដល់ស្រុកឆ្លូង ទើបសមត្ថកិច្ចជំនាញចេញចាប់បានមួយគ្រឿង ឬ មួយមន្ត្រីដែលមានស្នាក់ការខាងលើរវល់មិនសូវនៅកន្លែងទើបមិនដឹងថាមានឡានដឹកឈើចេញនិងឆ្លងកាត់ស្នាក់ការរបស់ខ្លួនដែលនៅប្រចាំការ២៤ម៉ោង។
ចំពោះបញ្ហាទាំងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកជាមតិរិះគន់ដល់ស្ថាប័នមានសមត្ថកិច្ចជំនាញមួយក្តាប់តូច ដែលមានកាតព្វកិច្ច ចាប់បង្ក្រាបបទល្មើស នៅក្នុងខេត្តក្រចេះ មានគ្រប់ស្ថាប័ន មនុស្សដូចស្រមោចតាមស្នាក់ការ និងដងផ្លូវ ហេតុអ្វីមិនយកភ្នែកមើលបទល្មើសបើកកាត់មុខ ឬ មួយអស់លោកពាក់វែនតាខ្មៅងងឹតបាំងមើលមិនឃើញ ឬក៏អស់លោកមានជាប់ពាក់ពន្ធទទួលបានផលប្រយោជន៍ពីក្រុមអ្នករកស៊ីដឹកឈើតាមឡានសាំយុងទាំងនោះដែរឬយ៉ាងណា៕


រាជធានីភ្នំពេញ៖មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា មហាវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើការឃោសនាបោះឆ្នោតនោះទេ ដោយថា ការឃោសនាទាំងនោះអាចនាំឲ្យមានការកកស្ទះចរាចរណ៍នៅពេលហែក្បួន។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវដែលត្រូវហាមឃាត់នោះរួមមាន មហាវិថីនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជុំវិញផ្សារនានានៅរាជធានីភ្នំពេញ៕

រាជធានីភ្នំពេញ៖នៅព្រឹកនេះក្រុមសមត្ថកិច្ចបានចុះឃាត់ខ្លួនអន្តោប្រវេសន៍ជនជាតិវៀតណាមចំនួន២១នាក់ នៅខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណដែលអន្តោប្រវេសន៍ទាំងនោះកំពុងរស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បញ្ជាក់ថា ជនជាតិវៀតណាមទាំង២១នាក់ខាងលើ គឺសុទ្ធតែគ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវទាំងអស់គ្នា៕


រាជធានីភ្នំពេញ៖អគ្គិសនីកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នាតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដោយមូលហេតុជួសជុល ផ្លាស់ប្ដូរ និងរុះរើគន្លងខ្សែ បណ្ដាញក្នុងការពង្រីកផ្លូវ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុងខាងក្រោម៖


រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី០៦ដល់ទី១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។ ទន្ទឹមនោះក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕


ម៉ូស៊ូល៖កងទ័រដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមបន្តការសម្រុកទៅមុខជាថ្មីម្តងទៀត នៅតំបន់ចុងភាគពាយ័ព្យ នៃមូលដ្ឋានស្នូលរបស់ក្រុម ISIS ដែលស្ថិតនៅប៉ែកខាងលិចទីក្រុងម៉ូស៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
យោងតាមប្រភពពីយោធាប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា កងកម្លាំងប្រតិកម្មពិសេសនៃប៉ូលិសសហព័ន្ធ និងកងទ័ពជើងគោកអ៊ីរ៉ាក់ នាវេលាម៉ោង៦៖០០ទីនាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងទីក្រុងម៉ូស៊ូល) បានរុលចូលទៅកាន់តំបន់ Mushairfah, Kanisah, និង Harmat ដែលស្ថិតនៅចុងភាគពាយ័ព្យនៃប៉ែកខាងលិចរបស់ទីក្រុងម៉ូស៊ូល និងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធ ISIS ផងដែរ៕

ញូដេលី៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយថា កងទ័ពឥណ្ឌាកាលពីម្សិលមិញបានបាញ់សាកល្បង និងទទួលជោគជ័យធំធេងលើមីស៊ីលផ្លោងប្រភេទ Agni-II ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍន៍ដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា។
សារព័ត៌មានដដែលបន្តថា មីស៊ីល Agni-II បានវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅជាង ២,០០០គីឡូមែត្រ ដែលនេះគឺបង្ហាញពីភាពកាន់តែរីកចំរើនទៅមុខ នៃប្រព័ន្ធអភិវឌ្ឍន៍សព្វាវុធរបស់មហាយក្សឥណ្ឌា ក៏ដូចជាសមត្ថភាពមីស៊ីលរយៈចំងាយមធ្យម ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងវាយប្រហារលើគោលដៅរបស់សត្រូវ ទាំងនៅលើដី និងនៅលើផ្ទៃទឹក។ ប្រភពបញ្ជាក់ថា ការបាញ់គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញពីកោះ wheeler នៃតំបន់ឆ្នេរនៃរដ្ឋ Odisha។
គួរបញ្ជាក់ថា ការបាញ់នេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធានៃប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលជាប្រភេទ Cruise Missile មានឈ្មោះថា Brahmos ដោយជោគជ័យ ដែលជាជំនាន់ថ្មីបំផុតទើបតែត្រូវបានបង្កើនសមត្ថភាព យ៉ាងទំនើបលើសមុនៗ៕


រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពរឹងក្រញ៉ង់ម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវជនមិនស្គាល់មុខចាក់សាំងដុតសម្លាប់ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍បន្តថា ព័ត៌មានបឋមបានឲ្យដឹងថា ក្រៅពីសាកសពនេះ គេក៏ឃើញមានរថយន្តកូរ៉េមួយគ្រឿង និងកានសាំងមួយ ស្ថិតនៅក្បែរទីតាំងកើតហេតុផងដែរ ដោយពុំឃើញមានម្ចាស់ឡើយ។ សេចក្តីរាយការណ៍បញ្ជាក់ថា ជុំវិញករណីដ៏រន្ធត់នេះកម្លាំងសមត្ថកិច្ចកំពុងចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីវែកញែករកមូលហេតុ៕


ម៉ិកស៊ិក៖អាជ្ញាធរជាតិប្រទេសម៉ិកស៊ិកបានប្រកាសថា ស្ដេចគ្រឿងញៀន Damaso Lopez Nunez ដែលជាស្ដេចជួញដូរគ្រឿងអន្ដរជាតិត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងម៉ិកស៊ិក។
នៅក្នុងសន្និសីទកាសែតមួយរបស់មេបញ្ជាការអាជ្ញាធរជាតិព្រហ្មទណ្ឌបានអោយដឹងថា យើងបានធ្វើការចាប់ខ្លួនស្ដេចគ្រឿងញៀនអន្ដរជាតិ Damaso Lopez Nunez នៅក្នុងភាគឦសាននៃទីក្រុងម៉ិកស៊ិក បន្ទាប់ពីធ្វើការស៊ើបអង្កេតតាមដានគេប៉ុន្មានថ្ងៃមក។ ប្រភពបញ្ជាក់ថា ក្នុងប្រតិបតិ្តការចាប់ខ្លួនស្ដេចជួញដូរគ្រឿងអន្ដរជាតិរូបនេះពុំមានប្រើអំពើហិង្សាផ្ទុះអាវុធដាក់គ្នាឡើយ។
គួរបញ្ជាក់ថា ស្ដេចគ្រឿងញៀន Damaso Lopez Nunez គឺជាមនុស្សដ៏សំខាន់របស់ក្រុមឧក្រិដ្ឋ Sinaloa ដែលជាក្រុមជួញដូរគ្រឿងញៀនអន្ដរជាតិដែលសហរដ្ឋអាមេរិកកំពុងស្វែងរកចាប់ខ្លួនអស់រយៈពេលជាយូរផងដែរ៕

ខេត្តកំពង់ធំ៖ស្ត្រីម្នាក់ត្រូវប្តីចិត្តតិរច្ឆានកាប់ជាច្រើនកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ រួចប្តីរូបនេះបានផឹកថ្នាំកណ្តុរសម្លាប់ខ្លួនតាមក្រោយ តែត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រោះខឹងរឿងសុំ រួមរ័កប្រពន្ធមិនព្រម ដោយប្រាប់ថា មិនស្រួសខ្លួន (មករដូវ)។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីឈ្មោះ ផេង ធឿង ភេទប្រុស អាយុ៣៨ ស្ត្រីជាប្រពន្ធឈ្មោះ អួន សាអ៊ីម អាយុ៣៦ឆ្នាំ មុខរបរជាកសិករធ្វើស្រែ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុ បុរសជាប្តីតែងមានចរិកប្រច័ណ្ទប្រពន្ធតាំងពីរៀបការ បានផឹកស្រាស្រវឹងរហូតយប់ជ្រៅបន្តិចសុំប្រពន្ធរួមរ័ក ប្រពន្ធប្រាប់ថា មិនស្រួលខ្លួន (មករដូវ) តែប្តីមិនយល់ចិត្តរូបនេះបានបង្កឲ្យមានអំពើហិង្សាឈ្លោះទាស់សំដីគ្នា រហូតទាញបានកាំបិតផ្គាក់កាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ រួចផឹកថ្នាំកណ្តុរសម្លាប់ខ្លួនឯង តែត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនទាន់ប្រាកដថា រស់ឬស្លាប់ទេ។
ក្រោយកើតហេតុសាកសពប្រពន្ធត្រូវក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់បុណ្យពិសាខបូជាឆ្នាំនេះគណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានសម្រេចមិនស្នើសុំឱ្យមានការលើកលែងទោស ដល់ទណ្ឌិតនោះទេ គឺមានតែការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប៣៥នាក់ (ស្ត្រី៣នាក់)ប៉ុណ្ណោះ។លោកថ្លែងបែបនេះក្រោយពេលប្រជុំពិនិត្យចំពោះសំណើមកពីមូលដ្ឋាន រយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ។
លោក គឹម សន្តិភាព បានថ្លែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ទណ្ឌិតសរុប២៧៤នាក់ (ស្ត្រី២៣នាក់) ពីពន្ធនាគាររាជធានី-ខេត្ត ចំនួន១៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឱកាសបុណ្យពិសាខបូជាខាងមុខនេះ។ លោកបញ្ជាក់ថា ជាលទ្ធផល ក្រោយកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេច ពុំមានការស្នើសុំលើកលែងទោសដល់ទណ្ឌិតនោះទេ គឺមានតែការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប៣៥នាក់ (ស្ត្រី៣នាក់) ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌិតចំនួន២៧៤នាក់ ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យពិសាខបូជាខាងមុខនេះ៕

រាជធានីភ្នំពេញ៖ជនជាតិនីហ្សេរីយ៉ាចំនួន៦០នាក់ ចូលមកធ្វើការដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិគ្រឹះមហាលាភ ផ្ទះលេខBis ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យមានជនបរទេសចំនួន៦០នាក់ (ប្រុស) ជនជាតិនីហ្សេរីយ៉ា គ្មានឯកសារត្រឹមត្រូវ បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
សម្រាប់ជនជាតិនីហ្សេរីយ៉ាទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍