រាជធានីភ្នំពេញ ៖នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នឹងដឹកនាំថ្នាក់ដឹកក្រសួងចំនួន៨រូប ចូលបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា ។
សមាសភាពទាំងនោះរួមមាន៖លោក ស៊ុយ សែម រដ្ឋមន្ត្រី, លោក ហូ វិចិត្រ រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ, លោក ញឹក សុមេធ អនុរដ្ឋលេខាធិការ, លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ, លោក ប៉េង ណាវុធ អគ្គនាយករងធនធានរ៉ែ និង លោក ហ៊ីង ទន់ ប្រធាននាយកដ្ឋានរ៉ែសំណង់។
គួរបញ្ជាក់ថា ការចូលបំភ្លឺនេះធ្វើឡើងតាមការស្នើកោះអញ្ជើញរបស់ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការអនុវត្តការងារមួយចំនួន រួមនិងភាពមិនប្រក្រតីនៃរបាយការណ៍នាំចេញខ្សាច់របស់ប្រទេសកម្ពុជា៕
កូឡុំប៊ី ៖អាជ្ញាធរកូឡុំប៊ីនិយាយថា មនុស្ស២នាក់បានស្លាប់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ក្រោយបុរស២នាក់បានជិះម៉ូតូបានបោះគ្រាប់បែកចូលទៅក្នុងរង្គសាលមួយកន្លែងនៅក្នុងទីក្រុង Tumaco ស្ថិតនៅភាគនិរតីនៃប្រទេសកូឡុំប៊ីកាលពីយប់មិញ។
ក្រុមមន្ត្រីបាននិយាយថា ជនរងគ្រោះចំនួន២៣នាក់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្បែរនោះ ហើយជនសង្ស័យចំនួន២នាក់នោះអាជ្ញាធរមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ខណៈអាជ្ញាធរបានចេញសេចក្ដីតាមចាប់ខ្លួនជនសង្ស័យទាំងនេះ។
យោងតាមការិយាល័យការពារសាធារណរដ្ឋបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះមានករណីឃាតកម្មចំនួន១៣៥ករណីហើយដែលបានកើតឡើងទាំងនៅទីជនបទនិងតំបន់ក្រុងនៅក្នុងទីក្រុងទូម៉ាកូនេះ៕
រាជធានីភ្នំពេញ ៖នៅព្រលឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យផ្ទះជួល និងសិប្បកម្មឈើ ស្ថិតភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានឃាត់ខ្លួនជនជាតិវៀតណាម៣៨នាក់ដែលស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ជាមួយគ្នានេះផងដែរកម្លាំងជំនាញឃាត់ខ្លួនបានជនជាតិវៀតណាម៣៨នាក់ ស្រី១៣នាក់ ដែលស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារចាត់ការបន្ដ៕
អាល្លឺម៉ង់ ៖មនុស្សរាប់រយនាក់នៅក្នុងទីក្រុងប៊ែកឡាំងនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានប្រមូលផ្ដុំគ្នាដើម្បីប្រឆាំងនឹងការវាយប្រហារយោធាទៅលើទីក្រុងអាឡេប៉ូនៃប្រទេសស៊ីរី។ ក្រុមអ្នកតវ៉ាទាំងនេះគឺភាគច្រើនជាពលរដ្ឋស៊ីរីដែលបានភៀសខ្លួនទៅរស់នៅក្នុងឋានៈជាអ្នកស្វែងស្វែងរកជ្រកកោននៅប្រទេសអាល្លឺម៉ង់ ហើយពួកគេបានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅជិតវិមានប្រានដិនប៊ើកនៅប្រទេសអាល្លឺម៉ង់។
ក្រោយពីបានស្រែកទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខិតខំប្រឹងប្រែងថែមទៀតក្នុងការបញ្ចប់ការវាយប្រហារនេះហើយ ក្រុមអ្នកតវ៉ាបានបន្តក្បួនរបស់ពួកគេអហិង្សាទៅកាន់ស្ថានទូតនៃប្រទេសរុស្ស៊ីនៅក្នុងទីក្រុងប៊ែកឡាំងជាបន្តទៀត។
ក្រុមអ្នកតវ៉ាជាច្រើនបានកាន់បដាដែលសរសេរថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ីបានមានការពាក់ព័ន្ធនឹងអ្វីដែលពួកគេបានអះអាងថាគឺជាអ្នកសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុងអាឡិបប៉ូនៃប្រទេសស៊ីរី។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារ ក្រុមឧទ្ទាមនៅប្រទេសស៊ីរីបានសម្រេចកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់គ្នាមួយដើម្បីជម្លៀសជនស៊ីវិលចេញពីភាគខាងកើតនៃទីក្រុងអាឡេប៉ូ ខណៈភាគីរុស្ស៊ីបានប្រកាសថា សកម្មភាពយោធាទាំងអស់បានបញ្ឈប់ហើយៗពេលនេះរដ្ឋាភិបាលស៊ីរីត្រូវបន្តគ្រប់គ្រងទីក្រុងអាឡិបប៉ូនេះឡើងវិញ៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖កម្លាំងនគរបាលអន្តរាគមន៍ក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីកាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៦នៅចំណុចក្រុមទី៨ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ៖
ឈ្មោះ ទូច ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ជាអ្នកកាន់ថ្នាំញៀន) និងបក្ខពួកម្នាក់ទៀតជា(មេខ្លោង)បានជិះម៉ូតូរត់គេចខ្លួនបាត់។
វត្ថុតាងដកហូតបានរួមមានថ្នាំញៀនម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន01ថង់ធំនិងម្សៅក្រាមពណ៌សថ្លាសង្ស័យថាថ្នាំញៀនខ្ចប់ និងក្រដាស់ប្រាក់៥០០រៀល និង១០០០រៀលចំនួន១កញ្ចប់ទៀត។
ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕
ហុងកុង ៖មនុស្សចំនួន២៩ដែលបច្ចុប្បន្នជាបុគ្គលិក និងជាអតីតបុគ្គលិកនៃស្ថាប័នហិរញ្ញវត្ថុចំនួន ៥ ក្នុងនោះមានទាំងធនាគារចំនួន៤ផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមការសង្ស័យថាប្រព្រឹត្តអំពើសូកប៉ាន់ ទាក់ទងនឹងការទម្លាយព័ត៌មានរបស់អតិថិជន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីពី កាលពីថ្ងៃម្សិលមិញ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយបានឲ្យដឹងថា បុគ្គលិកធនាគារនេះត្រូវបានចាប់ខ្លួនពីបទសូកប៉ាន់ថ្នាក់លើដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន។សេចក្ដីប្រកាសនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន DBS Group Holdings បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនសហការជាមួយអាជ្ញាធរហុងកុងជុំវិញការលេចធ្លាយព័ត៌មានសម្ងាត់របស់អតិថិជន។
ទោះបីយ៉ាងមនុស្សដែលត្រូវបានចាប់ខ្លួនទាំងអស់ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ ប៉ុន្តែការស៊ើបអង្កេតកំពុងតែដំណើរការបន្ត ដោយស្ថាប័នហិរញ្ញវត្ថុទាំងអស់ បានយល់ព្រមសហការជាមួយស្ថាប័នប្រឆាំងអំពើពុករលួយ៕
រាជធានីភ្នំពេញ ៖ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមស្ថានីយ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយសាំងធម្មតាលក់ ៣៥០០រៀលក្នុងមួយលីត្រ និងសាំងស៊ុបពែរ ថ្លៃ៣៥៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត ថ្លៃ៣១៥០រៀលក្នុងមួយលីត្រ៕
រាជធានីភ្នំពេញ ៖មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី បានប្រាប់អ្នកកាសែតនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យប្តឹឲ្យលុបឈ្មោះជនបរទេសចំនួន៤៨៤០នាក់ ចេញពីបញ្ជីបោះឆ្នោតវិញ បន្ទាប់ពីគណបក្សបានរកឃើញថា អ្នកទាំងនោះមិនបានបំពេញលក្ខណៈតាមច្បាប់សញ្ជាតិរបស់កម្ពុជា ។
យ៉ាងណាក៏ដោយ លោកស្រី ម៉េង សុភារី បញ្ជាក់ថា ការប្តឹងឲ្យលុបឈ្មោះ គ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ បន្ទាប់មក យើងនឹងពិនិត្យមើលថា តើជនណាដែលយើងត្រូវប្តឹងទៅក្រសួងមហាផ្ទៃនិងទៅតុលាការ បន្តទៀត ទាក់ទិននឹងការប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្នុងការមកចុះឈ្មោះបោះឆ្នោត រួមទាំងការប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអត់ស្របច្បាប់ ។
ទាក់ទិនករណីនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ដំណាក់កាលនេះ គ.ជ.ប មិនទាន់អាចបង្ហាញបានថា តើមានឈ្មោះជនបរទេសប៉ុន្មាននាក់ ដែលបានចុះឈ្មោះរួច ហើយត្រូវលុបចេញពីបញ្ជីវិញ ដោយសារតែពួកគេមិនបានបំពេញលក្ខណៈសញ្ជាតិនោះទេ ដោយថាត្រូវរងចាំថ្ងៃបិទប្រកាសបញ្ជីដំបូងនៅដើមខែក្រោយជាមុនសិន ។ ប៉ុន្តែក្រោយបិទបញ្ចប់ការចុះឈ្មោះ គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន៩៧ លោកថាក្នុងនោះមាន៤បណ្តឹង ប្តឹងពីជនបរទេសដែលបានចុះឈ្មោះរួចហើយ៕
ខេត្តកំពង់ចាម ៖តាមព័ត៌មានទទួលបានលោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្ស៊ី បានចូលទៅកាន់តំណែងជាមេឃុំឡើងវិញ បន្ទាប់ពីចេញពីពន្ធនាគារព្រៃសជិតមួយសប្តាហ៍។ មេឃុំរូបនោះក៏បានបង្ហាញនូវក្តីសប្បាយរីករាយផងដែរ ខណៈបានទៅកាន់មុខតំណែងដែលបានបាត់បង់ជិត១ឆ្នាំ។
លោក ស៊ាង ចែត មេឃុំស្រកនៃស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី ៨ ខែធ្នូតាមរយៈការសម្រុះសម្រួលនយោបាយរវាងមេដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិបន្ទាប់ពីឃុំខ្លួនជាង ៦ ខែនៅពន្ធនាគារព្រៃស។
លោក ស៊ាង ចែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនៅតែទទូចឱ្យមេដឹកនាំគណបក្សទាំងពីរធ្វើយ៉ាងណាឱ្យលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០១៧ បន្ទាប់ពី គជប បានបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី ៣០ ខែវិច្ឆិកាមុនពេលលោកចេញពីពន្ធនាគារ៕
អន្តរជាតិ ៖លោក Antonio Guterres បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទជាអគ្គលេខាធិការទីប្រាំបួននៃអង្គការសហប្រជាជាតិដោយនិយាយថា អង្គការពិភពលោកមួយនេះត្រូវតែផ្លាស់ប្តូរស្របពេលប្រឈមនឹងវិបត្តិជាសកលដូចជាសង្គ្រាមនៅប្រទេសស៊ីរីជាដើម។
ក្នុងអំឡុងពិធីបុណ្យមួយនៅឯមហាសន្និបាត អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសព័រទុយហ្គាល់រូបនេះបានស្បថចូលកាន់តំណែងអមជាមួយប្រធានមហាសន្និបាតលោក Peter Thomson ។
លោក Guterres នឹងត្រូវចូលកាន់កាងារជំនួសលោក Ban Ki-moon នៅថ្ងៃទី១ខែមករាស្របពេលការបង្ហូរឈាមនៅតែកំពុងបន្តក្នុងប្រទេសស៊ីរីនិងសំណួរថាតើតួនាទីរបស់អាមេរិកនៅក្នុងពិភពលោកនឹងត្រូវផ្លាស់ប្តូរដោយរបៀបណាក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ។
លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយថា “អង្គការនេះគឺជាគ្រឹះនៃពហុភាគីនិយមហើយបានរួមចំណែកដល់សន្តិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប៉ុន្តែឥឡូវនេះបញ្ហាប្រឈមគឺបានកើនឡើងលើសពីសមត្ថភាពរបស់យើងដើម្បីឆ្លើយតប។ អង្គការសហប្រជាជាតិត្រូវតែត្រៀមខ្លួនដើម្បីផ្លាស់ប្តូរ”។
អ្នកនយោបាយសង្គមនិយមវ័យ៦៧ឆ្នាំរូបនេះបានឲ្យដឹងទៀតថា អង្គការសហប្រជាជាតិត្រូវតែទទួលស្គាល់កំហុសរបស់ខ្លួននិងកែទម្រង់របៀបដែលខ្លួនធ្វើការដោយលោកបានលើកឡើងពីការបរាជ័យដើម្បីទប់ស្កាត់វិបត្តិភាពនានាដូចជាភាពទន់ខ្សោយខ្លាំង។
ដោយធ្លាប់ជាប្រធានផ្នែកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេលមួយទសវត្សរ៍ លោក Guterres បានស្បថចូលកាន់តំណែងចំពេលដែលកងកម្លាំងស៊ីរីបានវាយយកទីក្រុងអាឡេប៉ូទាំងមូលមកវិញដែលជាចំណុចរបត់ដ៏មានសក្តានុពលមួយនៅក្នុងសង្គ្រាមជិតប្រាំមួយឆ្នាំមកនេះ។
លោក Guterres បានប្តេជ្ញាចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយជម្លោះដែលជាសញ្ញាបង្ហាញពីតួនាទីដ៏សកម្មរបស់អគ្គលេខាធិការ៕
ដោយ៖បញ្ញា
ភ្នំពេញ ៖គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ឃាត់យុវជនប្រុសស្រី៦នាក់ត្រូវបានមកប្រមូលផ្តុំគ្នាសេបគ្រឿងញៀននៅក្នុងផ្ទះដែលបានបើកហ្គេមបាញ់ត្រីនេះដែលស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិចោមចៅ សង្កាត់វោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ២០១៦នេះ។
ការចុះបង្ក្រាបនេះដោយសារតែមានការចូលរួមសហការពីប្រជាពលរដ្ឋ និងអាណាព្យាបាលរាយការណ៍បន្ទាប់ពីបានពង្វក់កូនរបស់ពួកគាត់ភ្លេចទាំងសាលា មិនទាំងចូលផ្ទះ ហើយខ្លះចេះលួចទ្រព្យសម្បត្ដិ លុយកាក់ក្នុងផ្ទះយកមកលេងហ្គេមនេះទៀតផង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះបើកហ្គេមបាញ់ត្រីខុសច្បាប់ក្នុងខណ្ឌពោធិ៍សែន មានសរុបមិនតិចជាង១០កន្លែងទេដោយឡែកពេលចុះត្រួតពិនិត្យទីតាំងខាងលើអាជ្ញាធរខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ ទូហ្គេមបាញ់ត្រី២ទូ ម៉ូតូ២គ្រឿង ថ្នាំញៀនមួយកញ្ចប់ កៅអី២០ កង្ហាល់១ ធុងទឹកកក១ ទឹកសុទ្ធ២យួរ និងសំភារៈប្រើប្រាស់មួយចំនួន។
ក្រោយពេលបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ មនុស្សទាំង៦នាក់ត្រូវបាននាំខ្លួនទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការអប់រំ រីឯទូរហ្គេមយកទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យរង់ចាំការកម្ទេចចោលនៅពេលក្រោយ៕
បាល់ទាត់ ៖បន្ទាប់ពីការចាប់ឆ្នោតរើសគូនៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ប្រព្រឹត្តិទៅរួចរាល់ហើយកាលពីថ្ងៃម្សិលមិញក្នុងនោះក្រុមខ្លាំងៗនៅអឺរ៉ុបមួយចំនួនសុទ្ធតែមិនបានជួបគ្នា។
ក្រុមអង់គ្លេសទាំង៣និងប្រឈមមុខជាមួយក្រុមជើងខ្លាំង ដូចជា Arsenal ប៉ះ Bayern Munich។ Manchester City ប៉ះ Monaco ។ចំណែកជើងឯកអង់គ្លេស Leicester ត្រូវប៉ះ Sevilla របស់អេស្ប៉ាញ។
ជាមួយគា្ននោះដែល ក្រុមការពារតំណែងជើងឯក Real Madridប៉ះក្រុមមកពីអ៊ីតាលី Napoli, Atletico Madrid ប៉ះ Bayer Leverkusen ខណៈត្រូវប៉ះ Barcelona ត្រូវប៉ះជើងឯកបារាំង Paris St-Germain។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី១ Champions League វគ្គ១៦ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤/១៥ និង ២១/២២ ខែកុម្ភៈ ហើយចំណែកជើងទី២វិញនិងត្រូវធ្វើថ្ងៃទី ៧/៨ និង ១៤/១៥ ខែមិនាឆ្នាំ ២០១៧៕
រាជធានីភ្នំពេញ៖លោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា អ្នកដែលប៉ុនប៉ងបំបែករូបលោកចេញពីលោក កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ។ លោកថា សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រខ្មែរ។
នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី លោកសរសេរថា រូបលោកនិងលោក កឹម សុខា មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេនោះទេ។ លោកបញ្ជាក់ថា កុលបុត្រខែ្មរទាំង២នាក់នេះបង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើមនិងថ្លៃថ្នូរដែលដាច់ខាតមិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ។
គេមិនដឹងថា តើអ្នកណាដែលបំបែកបំបាក់លោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ, ហើយក៏មិនដឹងថា តើលោក សម រង្ស៊ី ឬ អ្នកផ្សេងទៀតដែលកំពុងតែយល់សប្តិសុទ្ធសាធនោះ៕
បាល់ទាត់ ៖យោងតាមសារព័ត៌មានប៊ីប៊ីស៊ីផ្សាយថា កីឡាករ Cristiano Ronaldo បានឈ្នះពានកីឡាករលេងល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ Ballon d’Or បន្ទាប់ពីជួយឲ្យក្លឹប Real Madrid ឈ្នះជើងឯក UEFA Champions League និងព័រទុយហ្គាល់ ឈ្នះពាន Euro នៅទឺកដីប្រទេសបារាំង។
នេះជាលើកទី៤ហើយ ដែលកីឡាករវ័យ៣១ឆ្នាំ ជនជាតិព័រទុយហ្គាល់រូបនេះឈ្នះពានលំដាប់កំពូលរបស់ FIFA ប្រចាំឆ្នាំ២០១៦ ក្រៅពីធ្លាប់ឈ្នះ៣ដងផ្សេងទៀតក្នុងឆ្នាំ២០០៨-២០១៣ និងឆ្នាំ២០១៤ នាពេលកន្លងទៅ គ្រាដែល Lionel Messi របស់ក្លឹប FC Barcelona ធ្លាប់ឈ្នះបាន៥ដង។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជុំផ្តាច់ព្រ័ត្រលើកទី៣ យប់ថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងទីក្រុង Nyon ប្រទេសបារាំង នៃទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុង UEFA Champions League និង UEFA Europa League អតីតកីឡាករក្លឹប Manchester United និង Sporting Lisbon ខាងលើទទួលបានសំឡេងគាំទ្រច្រើនជាងគេ គ្រាដែល Messi ឈ្នះនៅលេខ២ និង Antoine Griezmann របស់ក្លឹប Atletico Madrid បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍