រាជធានីភ្នំពេញ៖តំណាងរាស្ត្របក្សប្រឆាំងបានប្រតិកម្មភ្លាមៗថា យើងមិនអាចទទួលយកការបំភ្លឺរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសភាកាលពីព្រឹកមិញនោះទេ ។ ជាក់ស្តែងយើងបានចោទសួរសំណួរដូចជា ការបាត់លុយមូលនិធិសកល៤១ម៉ឺនដុល្លារ និងការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនទៀត ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លើយថា លោកបានធ្វើកិច្ចការដោយគោរពតាមនីតិវិធីរបស់រដ្ឋទាំងអស់។
តំណាងរាស្ត្របក្សប្រឆាំងបានបញ្ជាក់ថា យើងចោទសួររឿងលក់អាគារមន្ទីរពេទ្យចំការមន តែលោក ម៉ម ប៊ុនហេង ឆ្លើយថា ចំពោះពេទ្យចំការមន គឺអាជ្ញាធររាជធានីភ្នំពេញ មានគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងវិស័យសុខាភិបាល ហើយយើងខ្ញុំក៏ឯកភាពដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីរដ្ឋដែលមានផងដែរ ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការឆ្លើយរបស់លោក ម៉ម ប៊ុនហេង គឺមិនចំសំណួរ ហើយថាការបំភ្លឺនេះគឺជាគេចវេសពីការទទួលខុសត្រូវ។ ករណីដូចរឿងការបាត់បង់មូលនិធិសកលក្នុងការទិញមុង គឺធម្មតាមូលនិធិសកលគេអ្នកផ្តល់ជំនួយឲ្យក្រសួងសុខាភិបាលចាត់ចែង ហើយអ្នកដែលធ្វើឲ្យបាត់មូលនិធិហ្នឹង គឺមន្ត្រីក្រសួងសុខាភិបាល ។ ដូច្នេះក្រសួងសុខាភិបាលក៏ដូចជាក្រសូងនានារបស់រដ្ឋដែរតែងតែមានសវនកម្មផ្ទៃក្នុង ដើម្បីស៊ើបអង្កេតមើលរឿងហ្នឹង ថាតើបាត់យ៉ាងម៉េច ដាក់ទណ្ឌកម្មយ៉ាងម៉េច។ បើខ្លួនថាវាហួសសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្ម នោះបានគេរុញឬប្តឹងទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បានគេចាត់វិធានការថែមទៀត។ ប៉ុន្តែមកដល់នេះ យើងអត់ឃើញមានមន្ត្រីណាជាប់គុកផងហ្នឹង គឺវាស្ងាត់ទៅវិញទៅ ។
លោក អេង ឆៃអ៊ាង លើកឡើងថា រឿងដោះដូរមន្ទីរពេទ្យ រដ្ឋច្រើនណាស់ អាគារក្រសួងសុខាភិបាលហ្នឹង គឺការដោះដូរអត់មានតម្លាភាព ។ លោកបន្តថា នៅមន្ទីរពេទ្យចំការមនជាប់វិមានឯករាជ្យនេះ យើងអត់ដឹងថាការដោះដូរអាគារហ្នឹងដោះដូរយកទៅណា លក់របៀបម៉េច បានតម្លៃប៉ុន្មាន គឺអត់។ ហើយដូចការដោះដូរមន្ទីសម្ពពក្រុងមុខបុរីកីឡាក៏អត់ដឹង គាត់ឆ្លើយអត់ច្បាស់លាស់។ អ្វីដែលគួរហួសចិត្ត គឺការដោះដូរមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ គេវ៉ៃតម្លៃឆ្នាំ២០១២ អាគាររដ្ឋមួយការ៉េតែ១៥០០ដុល្លារ ដែលតម្លៃទីផ្សារ៣៥០០ដុល្លារ» ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បញ្ជាក់ថា រឿងនេះមិនអាចបញ្ចប់ត្រឹមនេះទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងប្រជុំផ្ទៃក្នុងសិនថានឹងធ្វើអីទៀត ៕

អាល្លឺម៉ង់៖ប៉ូលិសអាល្លឺម៉ង់កាលពីថ្ងៃពុធបានឃុំខ្លួនជនជាតិទុយនេស៊ីម្នាក់ដែលពួកគេជឿថាអាចមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅទីផ្សារលក់ផលិតផលបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំងដោយចោទប្រកាន់គាត់ថា មានទំនាក់ទំនងជាមួយលោក Anis Amri ដែលជាជនសង្ស័យវាយប្រហារហើយត្រូវបានបាញ់សម្លាប់ក្នុងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន។
នេះគឺជាការចាប់ខ្លួនលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ដោយក្រុមអ្នកស៊ើបអង្កេតដែលកំពុងព្យាយាមរកឲ្យឃើញថាតើ Amri មានអ្នកចូលរួមផ្សុំគំនិតដែរឬក៏អត់នៅក្នុងការវាយប្រហារថ្ងៃ១៩ខែធ្នូនៅពេលដែលគាត់ប្លន់រថយន្តដឹកទំនិញមួយគ្រឿងនិងបានបើកវាចូលទៅក្នុងទីផ្សារបុណ្យណូអែលទីក្រុងប៊ែកឡាំងដោយបានសម្លាប់មនុស្សចំនួន១២នាក់។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនសង្ស័យដែលបានស្លាប់ឈ្មោះ Anis បានកត់លេខទូរស័ព្ទរបស់ជនជាតិទុយនេស៊ីវ័យ៤០ឆ្នាំម្នាក់នេះនៅក្នុងទូរស័ព្ទរបស់គាត់។ ការស៊ើបអង្កេតបានបង្ហាញថា គាត់អាចមានការពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ”។
ជនសង្ស័យរូបនេះត្រូវបានគេយកទៅឃុំឃាំងនៅព្រឹកថ្ងៃពុធបន្ទាប់ពីមន្ត្រីប៉ូលិសសហព័ន្ធបានឆែកឆេរផ្ទះក្នុងទីក្រុងប៊ែកឡាំងនិងអគារការងាររបស់គាត់។
លោក Amri វ័យ២៤ឆ្នាំបានរត់គេចហើយត្រូវបានផ្តោតអារម្មណ៍នៃការតាមប្រមាញ់រយៈពេលបួនថ្ងៃមុនពេលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសនៅក្នុងទីក្រុង មីឡេន ភាគខាងជើងប្រទេសអ៊ីតាលីបន្ទាប់ពីគាត់បានបាញ់ដាក់ប៉ូលិសមុន។
ប៉ូលិសអាល្លឺម៉ង់បាននិយាយថា ពួកគេបានរកឃើញស្នាមម្រាមដៃនិងលិខិតអនុញ្ញាតលំនៅដ្ឋានបណ្តោះអាសន្នរបស់គាត់នៅលើឡានដែលប្រើក្នុងការវាយប្រហារទីក្រុងប៊ែកឡាំង។
ការវាយប្រហារនៅទីក្រុងប៊ែកឡាំងនេះត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាមដែលបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រមុនដែលបង្ហាញពី Amri កំពុងសច្ចាចងសម្ព័ន្ធភាពទៅនឹងមេក្រុម IS លោក Abu Bakr al-Baghdadi ៕


រាជធានីភ្នំពេញ៖មន្ត្រី CPP និងមន្ត្រី CNRP បានលើកឡើងនូវគំនិតមួយចំនួនទាក់ទងករណីតុលាការប្រកាសបិទសំណុំរឿងឃាតកម្មលើលោក កែម ឡី ហើយការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាច និងមន្ត្រីបក្សប្រឆាំងនោះ គឺបន្ទាប់ពីការរិះគន់និងការយល់ច្រឡំរបស់បុគ្គលមួយចំនួន។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ CNRP បានលើកឡើងថា ការប្រកាសបិទបញ្ចប់ការស៊ើបសួរ ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មិនអាចឈានដល់ការបិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ប៉ុន្តែគឺដើម្បីបន្តដំណើរការរឿងក្ដីទៅមុខទៀត ។ លោកថា តាមធម្មតា គេផ្អាកតែការស៊ើបសួរ នៅតុលាការរាជធានីភ្នំពេញ ហើយគ្រាន់តែចៅក្រមស៊ើបសួរ គេបិទការស៊ើបសួរ ដើម្បីបន្តដំណើរក្ដីតទៅមុខទៀត ។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងថា សំណុំរឿង លោកបណ្ឌិត កែម ឡី ទុកឲ្យតុលាការជាអ្នកដោះស្រាយ តាមនីតិវិធីច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ទើបជាការល្អប្រសើរ ធ្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋអស់ចិត្ត។
យោងតាមលិខិតជូនព័ត៌មាន ស្ដីពី ការបិទបញ្ចប់ការស៊ើបសួរ របស់ សាលាដំបូងរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ផ្ញើទៅលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានឲ្យដឹងថា “ក្រោយពីបានស៊ើបសួរ ប្រមូលភស្ដុតាងដែលទាក់ទិន ករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី រួចមក សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទ ការស៊ើបសួរលើសំណុំរឿងនេះ”។
សូមបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ កន្លងទៅ ភ្លាមៗនោះផងដែរ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ រហ័សនាមថា ជួប សម្លាប់។ ក្រោយហេតុការណ៍នេះកើតឡើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្កោលទោសយ៉ាងម៉ឺងមាត់ ចំពោះឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី ដែលនេះជាអំពើព្រៃផ្សៃបំផុត ដែលមិនអាចអត់ឱនឲ្យបានឡើយ៕

ប៉ាគីស្ថាន៖មនុស្សយ៉ាងតិច៣៦នាក់បានស្លាប់នៅពេលផឹកស្រាដែលមានជាតិពុលនៅក្នុងពិធីបុណ្យណូអែលនៅប្រទេសប៉ាគីស្ថាន ខណៈដែលមន្ត្រីបានអះអាងថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា មនុស្សរាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅខេត្ត Punjab ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌាក្រោយពីពួកគេបានទទួលទានសុរាដែលមានជាតិពុល ខណៈជនសង្ស័យបង្កហេតុមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។
ដោយឡែកលោក Umair Ahmed ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យសម្ព័ន្ធមិត្តនៅក្នុងទីក្រុងហ្វៃសាឡាបាដនៃប្រទេសប៉ាគីស្ថានបាននិយាយថា មនុស្សរាប់សិបនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
គួរបញ្ជាក់ថា គ្រឿងស្រវឹងភាគច្រើនហាមឃាត់ចំពោះតែពលរដ្ឋមូស្លីមនៅប្រទេសប៉ាគីស្ថានតែប៉ុណ្ណោះ ចំណែកពលរដ្ឋមិនមែនមូស្លីម គឺមិនត្រូវបានហាមឃាត់នោះទេហើយភាគច្រើនគឺជាគ្រឹស្តសាសនិកដែលអាចមានសិទ្ធិទិញគ្រឿងស្រវឹងហូបបានដោយមិនខុសច្បាប់ ហើយតែងមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំដោយសារករណីនេះ៕

រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូនេះ បានសម្រេចតែងតាំងលោក ឡុង វិសាលោ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសថៃ៕

បាល់ទាត់៖ខ្សែការពារក្លិប Valencia កីឡាករ Joao Cancelo ត្រូវបានគេរាយការណ៍ថាអាចនឹងទៅចូលរួមជាមួយក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះក្រោយពីក្លិបទាំងពីរបានព្រមព្រៀងគ្នាក្នុងតម្លៃ២៥លានផោនសម្រាប់កីឡាករអន្ដរជាតិព័រទុយហ្គាល់រូបនេះ។
Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការត្រឡប់មកវិញនៅ ខ្សែការពារស្លាបស្តាំប៉ុន្មានខែចុងក្រោយដើម្បីជំនួសកន្លែងបន្ទាប់ពីកីឡាករ Dani Alves ចាកចេញទៅកាន់ Juventus ក្នុងអំឡុងពេលទីផ្សារដោះដូរនៅរដូវក្តៅមុន។
បច្ចុប្បន្ននេះកីឡាករ Sergi Roberto បានកាន់កាប់តួនាទីការពារស្លាបស្តាំឲ្យក្លឹបយក្ស Barcelona នៅរដូវកាលនេះប៉ុន្តែវាត្រូវបានគេយល់ថាគ្រូបង្វឹកលោក Luis Enrique ចង់ដាក់ខ្សែការពារ Joao Cancelo មកបំពេញទីតាំងនោះជំនួសវិញ។
កាលពីដើមខែនេះត្រូវបានគេអះអាងថាក្រុម Barcelona ត្រូវបានរៀបចំដើម្បីចំណាយ ២៥លានផោនក្នុងការនាំយក Cancelo ហើយ បើយោងតាមកីឡាកិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមហើយឥឡូវនេះកីឡាករវ័យ២២ ឆ្នាំរូបនេះនឹងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទឹកដី Camp Nou នៅចុងបញ្ចប់នៃយុទ្ធនាការនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា Cancelo បានស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ក្នុងការបង្ហាញខ្លួន៤លើកសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់៕

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកនេះក្រុមគ្រួសាររួមទាំងអ្នកគាំទ្របានផ្ទុះការតវ៉ា នៅខាងកើតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយទាមទារឲ្យមានការដោះលែងលោក ឌិន ពុទ្ឋី ហៅ ម៉ុង ពុទ្ឋី បន្ទាប់ពីរងការចោទប្រកាន់ថាបានបើករថយន្តបុកលោកវរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយរងប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ការតវ៉ាត្រូវប្រឈមនឹងកម្លាំងសមត្ថកិច្ចឬដំណោះស្រាយបែបណានោះទេ ខណៈដែលលោក ឌិន ពុទ្ធី មន្ត្រីបក្សប្រឆាំងកំពុងស្ថិតក្នុងការឃុំឃាំងបណ្តោះអាសន្ននៅឡើយ៕


រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងនឹងជំរុញអោយមានការតភ្ជាប់ផ្លូវដែកទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅឆ្នាំ ២០១៧ខាងមុខនេះដើម្បី សម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអោយកាន់តែ សម្បូរបែបបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសារធារណការ និងដឹកជញ្ជូនបានថ្លែងដូច្នេះ នៅក្នុងពិធីបូកសរុប លទ្ធផលការងារឆ្នាំ២០១៦និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ ដោយលោកបានបញ្ជាក់ថា គម្រោងនេះត្រូវបានឯកភាពពីសម្តេច ហ៊ុន សែន រួចហើយ ហើយក្រសួងសារធារណការ និងដឹកជញ្ជូនកំពុងធ្វើការជាមួយស្ថាប័ន ពាក់ព័ន្ធដើម្បីសិក្សាពីលទ្ធភាព និងស្វែងរកទូរថភ្លើងធន់ស្រាលសម្រាប់ប្រតិបត្តិការនេះ។
លោករដ្ឋមន្ត្រីបន្ថែមថា អ្នកដំណើរអាចជិះរថភ្លើងពីស្ថានណីយ៍ភ្នំពេញ ចូលទៅព្រលានយន្ត ហោះចំណាយពេលប្រហែល ២៥ទៅ ៣០នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដើម្បីសម្រួលដល់ ការធ្វើដំណើររបស់កម្មករ-កម្មការនីធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញផងដែរ៕

ខេត្តរតនគិរី៖កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យអន្តោប្រវេស នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន១៧នាក់(ភេទប្រុស) ។ ការចុះប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅត្រង់ចំណុចភូមិសមុទ្រក្រោម សមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា ក្នុងចំណោម ជនជាតិវៀតណាមចំនួន១៧នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន៥នាក់ គ្មានលិខិតឆ្លងដែនចំនួន១២នាក់មកឆ្លងដែនរកស៊ីអាឈើខុសច្បាប់ នឹងមធ្យោបាយធ្វើដំណើរម៉ូតូចំនួន៨គ្រឿង។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៧នាក់ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចហើយនឹងបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ៕


ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវស្រីបង្កើតប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ចាប់រំលោភនាងជាបន្តបន្ទាប់ចំនួន៤លើកដែលការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
នគរបាលស្រុកសង្គមថ្មីបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ នួន ហួ អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំណែកកូនស្រីរងគ្រោះឈ្មោះ ហ.ស.ន អាយុ១៧ឆ្នាំ។
យោងតាមពាក្យបណ្ដឹងរបស់យុវតីរងគ្រោះបានឲ្យដឹងថា ចាប់រំលោភលើកទី១នៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០១៦ នៅលើផ្ទះរបស់ខ្លួន, ចាប់រំលោភលើកទី២ នៅវេលាម៉ោង៩យប់ ថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០១៦ នៅខ្ទមចាំចម្ការអូរដំបង ខាងលិចភូមិស្ទឹង ឃុំរអាង, ចាប់រលោភលើកទី៣ នៅវេលាម៉ោងប្រហែល១២យប់ ថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះខ្លួនឯង និងលើកទី៤ នៅវេលាម៉ោងប្រហែល១២យប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះខ្លួនឯង តែមិនបានសម្រេចទេ។
នារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ដោយទ្រាំមិនបាននូវទង្វើដែលឪពុកបង្កើតខ្លួនឯងតែងតែព្យាយាមចាប់រំលោភបែបនេះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។
នគរបាលបានឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុកដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ខេត្តកំពត៖បុរសម្នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារស្នេហាត្រីកោន កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មានករណីឃាតកម្មមួយបានកើតឡើងមនុស្សម្នាក់ត្រូវបានស្លាប់ដោយគេលបកាប់និងពូថៅនៅចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។
ជនរងគ្រោះខាងលើត្រូវគេស្គាល់ឈ្មោះសៅចាន់ថន (ហៅខូយ)ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅរស់នៅភូមិដំណាក់ចំបក់ឃុំសំរោងលើស្រុកបន្ទាយមាស។
ប្រភពព័ត៌មានពីក្រុមប្រជាពលរដ្ឋកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះខាងលើធ្លាប់មានការទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ដែលជាប្រពន្ធជនដៃដល់ ចំណែកជនដៃដល់ត្រូវគេស្គាល់ឈ្មោះ ជ័យ ប៉ុនធឿន ភេទប្រុសអាយុ ៣៨ឆ្នាំមានទីលំនៅរស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីមេម៉ាយខាងលើនោះត្រូវគេស្គាល់ឈ្មោះ កែវ ច្រាន់ អាយុ៤០ឆ្នាំត្រូវជាប្រពន្ធរបស់ជនដៃដល់ខាងលើ តែត្រូវបានលែងលះគ្នាអស់រយៈពេល២ខែទៅហើយ ក៍ព្រោះតែភ្លើងចប្រច័ណ្ឌក៍បានព្យាយាមឃ្លាំមើល ឃើញថាមានប្រុសដេកនៅផ្ទះជនដៃដល់ខាងលើក៍លបកាប់ប្រហាទៅលើជនរងគ្រោះនិងពូថៅសម្លាប់តែម្តង។
ក្រោយកើតហេតុព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៦កម្លាំងនគបាលបច្ចេកទេសនិងកម្លាំងការិយាល័យនគបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគបាលខេត្តបានធ្វើការត្រួតពិនិត្យទៅលើសពជនរងគ្រោះឃើញថាសាកសពត្រូវគេកាប់ជាច្រើនពូថៅពិតប្រាកដមែន។ ចំណែកស្ត្រីមេម៉ាយឈ្មោះ កែវ ច្រាន់ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស៊ើបអង្កេតបន្ត។ ចំណែកសាកសពជនរងគ្រោះខាងលើ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យត្រួតពិនិត្យរួច បានប្រគល់អោយទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីរ។
លោក ទន់ រ៉ូ អធិកាស្រុកបន្ទាយមាសបានបញ្ជាក់អោយដឹងថា ជនដៃដល់ឈ្មោះ ជ័យ ប៉ុនធឿង ដែលត្រូវជាប្តីមុនរបស់ស្ត្រីមេម៉ាយ២ខែខាងលើ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលឈឹង សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីឃាតខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ៕



រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងនេះមួយចំនួន ចូលបំភ្លឺជូនរដ្ឋសភា ជុំវិញបញ្ហាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
ការចូលបំភ្លឺនេះ ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការអនុញ្ញាត ដោយរាជរដ្ឋាភិបាលកម្ពុជា៕

ភ្នំពេញ៖ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនបុរសជាប្តីម្នាក់ត្រូវស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចអោយចាប់ដោយចោទប្រកាន់ពីបទចាក់សោរឃុំឃាំងអស់១យប់ និងអោយសមត្ថកិច្ចជួយរំដោះចេញពីការចាប់ឃុំឃាំងរបស់អតីតប្តីនេះ ហេតុការណ៍នេះបានបង្កអោយមានការភាក់ផ្អើល នាព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះលេខ15G, ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការឈ្លោះគ្នាខ្លាំងរឿងសុំមើលក្រដាសសាលក្រមដែលលែងលះគ្នារួច ដោយចាប់ឃុំនាងតាំងពីយប់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦។
ប្រភពបានឱ្យដឹងថា អតីតប្តី-ប្រពន្ធខាងលើ ប្តីឈ្មោះ ធី សុវណ្ណ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ លី ភារុន អាយុ៣៤ឆ្នាំ មានកូន២ (ប្រុស១ ស្រី១) ទាំង២នាក់ជាថៅកែផ្ទះសំណាក់យីហោ «ភីរុន» ក្នុងភូមិកើតហេតុខាងលើ ។
ក្រោយមានហេតុការណ៍ចាប់បង្ខាំងទុកនេះ និងមានសេចក្តីរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទាំងប្តី និងប្រពន្ធនាំមកប៉ុស្តិ៍ចោមចៅ ។
ប្រភពបន្តបានឱ្យដឹងទៀតថា ស្ថិតក្នុងប៉ុស្តិ៍ចោមចៅទៅហើយ ទាំងប្តី-ប្រពន្ធនៅមានការប្រកែកឡូឡាខ្លាំងទៀត ដោយបុរសប្តីនោះ បានបង្ខំឱ្យប្រពន្ធដកពាក្យបណ្តឹងវិញទៅ តែប្រពន្ធមិនព្រម ស្រាប់តែប្តីចង់ហក់ទៅវាយនាងទៀត ។
ពេលនោះស្ត្រីជាប្រពន្ធនៅតែមិនព្រម ដកពាក្យបណ្ដឹងដដែល ព្រោះតែឆ្អែតចិត្តជាមួយប្ដីដែលតែង តែធ្វើបាបរូបនាងជាប្រពន្ធបន្ត។
លុះក្រោយមកដោយដោយសារតែកូនៗ របស់នាងទាំង២នាក់បានទូរស័ព្ទ សុំអង្វរឲ្យនាង ដកពាក្យបណ្ដឹងលើកលែងទោសឲ្យឪពុក ព្រោះមិនចង់ឲ្យជាប់គុក ទើបនាងជាប្រពន្ធ អាណិតពាក្យអង្វរក របស់កូនប្រុសស្រីក៏សម្រេចដកពាក្យបណ្ដឹងវិញ ប៉ុន្តែបានសុំឲ្យនគរបាល ជួយអប់រំ និងធ្វើកិច្ចសន្យា សុំកុំឲ្យប្ដីប្រើហឹង្សាលើរូបនាងតទៅទៀត និងដោះលែងឲ្យមានសេរីភាពវិញ៕


រាជធានីភ្នំពេញ៖សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ និងជាអតីតអនុប្រធានទី១ព្រឹទ្ឋសភា បានយាងសោយទិវង្គតនៅវេលាម៉ោងប្រមាណ ១០ និង៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះក្នុងព្រះជន្ម៨០ព្រះវស្សា។ នេះបើយោងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់តាមទំព័រ Facebook របស់លោក ៕

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកជីក្រែងបានចាន់បុរសល្មោភកាមវ័យចំណាស់ម្នាក់ជាមនុស្សពិការដោយសារជំងឺលើសឈាម បន្ទាប់ពីធ្វើសកម្មភាពចាប់ក្មេងស្រីម្នាក់យកទៅផ្ទះរបស់ខ្លួន រួចអូសចូលបន្ទប់ទឹកធ្វើសកម្មភាពរំលោភរហូតបានសម្រេច ហើយមិនអស់ចិត្តអូសឡើងលើគ្រែរំលោភរហូតបានសម្រេចម្តងទៀត។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ មិល ម៉ន ភេទប្រុស អាយុ៥៩ឆ្នាំ ជាមនុស្សពិការដោយសារជំងឺលើសឈាម រស់នៅភូមិចាប់ខ្លួន ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ព.ស អាយុ៦ឆ្នាំ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប ។
ម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់និងគ្រួសារបានចេញពីផ្ទះទៅច្រូតស្រូវបាត់ លុះដល់ត្រឡប់មកផ្ទះវិញបានឮក្មេងៗប្រាប់ថា គេឃើញតាចាស់ម្នាក់ចាប់ឱបកូនស្រីគាត់នៅក្នុងបន្ទប់ទឹក និងនៅលើគ្រែ នៅក្នុងផ្ទះជនសង្ស័យ។ ពេលនោះគាត់បានយកកូនស្រីទៅមកពិនិត្យប្រដាប់ភេទនៅមន្ទីរពេទ្យគន្ធាបុប្ផាក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យប្រាប់ថា ក្មេងស្រីនេះត្រូវបានគេចាប់រំលោភសេពសន្ថវៈ ភ្លាមៗនោះគាត់ក៏ទៅប្តឹងឱ្យសមត្ថកិច្ចនគរបាលស្រុកឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្តង។
សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឱ្យដឹងថា បន្ទាប់ពីបានទទួលពាកក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជនសង្ស័យតែម្តង រួចនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់ ។
ជាមួយគ្នានេះនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ទឹក និងនៅលើគ្រែក្នុងផ្ទះរបស់ខ្លួនពិតប្រាកដមែន៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍