ខេត្តកំពង់ធំ៖សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ស្រី ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក រស់នៅភូមិពោធិ៍បាក់.ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៣។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីមានពាក្យបណ្ដឹងពីម្តាយរបស់សិស្សស្រីថ្នាក់ទី៣ម្នាក់ចោទប្រកាន់ថា បានរំលោភកូនស្រីរបស់គាត់រហូតដល់ទៅ៤ដង។ សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានយកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគ្រូបង្រៀនឈ្មោះ ស្រី ឃីម បានសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះបានសម្រេច៤ដងដូចការចោទប្រកាន់មែន
ដោយឡែកបើតាមប្រភពពីម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា កាលពីថ្ងៃទី៧, ៨, ៩ និងថ្ងៃចុងក្រោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យជាគ្រូបង្រៀនរូបនេះបានចាប់រំលោភកូនស្រីរបស់គាត់ដែលទើបតែមានអាយុ១២ឆ្នាំបានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅ៤ដងនៅផ្ទះរបស់ជនសង្ស័យ ។ បន្ទាប់ពីគាត់ដឹងការពិត គាត់ជាម្តាយក៏ទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យយកទៅកាត់ទោសតាមច្បាប់៕

រាជធានីភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយ ក្រោយពីអ្នករើសអេតចាយម្នាក់កំពុងកាយលើគំនរសំរាម ស្រាប់តែប្រទះឃើញជើងមនុស្សស្លាប់នៅក្នុងគំនរសំរាមនោះ ដោយមានរុំកន្សែងពោះគោជុំជិត ហើយត្រូវគេសង្ស័យថា អាចជាមនុស្សស្រីផង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០១៦ ស្ថិតតាមបណ្តោយផ្លូវ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕


ខេត្តពោធិ៍សាត់៖កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ សង្កាត់ព្រៃឈើបាកាន បានចុះប្រតិបត្តិការ បង្ក្រាបរថយន្តហុកឡដឹកឈើគ្រញូងបង្កប់ បានមួយគ្រឿងនៅចំណុចភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ លើកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបររថយន្តដឹកឈើគ្រញូងម្នាក់ និងរថយន្តមួយគ្រឿង ហើយបានយកប្រគល់ឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបញ្ជាក់ថា ឈើគ្រញូងដែលបង្ក្រាបបាននោះមានចំនួន ១៦៣ដុំស្មើនិង២៨៨២ គីឡូក្រាម បច្ចុប្បន្នកំពុងរក្សា ទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តពោធិសាត់ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញមានប្រជាពលរដ្ឋខ្មែរចំនួន ៧,១៩០,៦៧៨ នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕

រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កើតឡើងចំនួន៥៥លើក (ឆ្នាំ២០១៥ មាន៣៤លើក) ថយ២១លើក ស្មើ៣៨ភាគរយ ក្នុងនោះអ្នកស្លាប់មានចំនួន១៤នាក់ (ឆ្នាំ២០១៥ មាន២៥នាក់) ថយ១១នាក់ ស្មើ៤៤ភាគរយ ចំណែកអ្នករងរបួសធ្ងន់ មាន៣៣នាក់ (ឆ្នាំ២០១៥ មាន៦១នាក់) ថយ២៨នាក់ ស្មើ៤៦ភាគរយ និងរងរបួសស្រាលមានចំនួន១៧នាក់ (ឆ្នាំ២០១៥ មាន១៦នាក់) មានការកើនឡើងម្នាក់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្តាលមកពីបើកបរមិនប្រកាន់ស្តាំ បើកបរដោយសារងងុយដេក មិនគោរពសិទ្ធិស្រវឹងបើកបរលឿន និងមានកត្តាផ្លូវជាដើម។
ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រៀបធៀបឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន២៤លើក (ឆ្នាំ២០១៥ មាន១០លើក)ថយ១៤លើក ស្មើ៥៨ភាគរយ ក្នុងនោះអ្នកស្លាប់មានចំនួន៣នាក់ (ឆ្នាំ២០១៥ មាន១៣នាក់) ថយ១០នាក់ ស្មើ៧៧ភាគរយ ចំណែកអ្នករងរបួសធ្ងន់ មាន១១នាក់ (ឆ្នាំ២០១៥ មាន២៦នាក់) ថយ១៥នាក់ ស្មើ៥៨ភាគរយ និងរងរបួសស្រាលមានចំនួន៤នាក់ (ឆ្នាំ២០១៥ មាន៨នាក់) មានការថយចុះ៤នាក់ ស្មើ៥០ភាគរយ៕

ខេត្តកំពង់ស្ពឺ៖អធិការនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានក្រុមចោរ២នាក់ បានបន្លំខ្លួនចូលទៅផ្ទះលក់ចាប់ហួយ និង Wing មួយកន្លែងរួចហើយឆក់កាបូបលុយរបស់ម្ចាស់ផ្ទះ ដែលមានទឹកប្រាក់ក្នុងនោះប្រហែល ៧,៥០០ដុល្លារ ទៅបាត់តែម្តង។ ។ករណីនេះកើតឡើងនៅម៉ោងប្រមាណ ៤ និង១៥នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវចោរឆក់កាបូបនោះមានឈ្មោះ សូត្រ ស្រីនាង រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ២នាក់, គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ និងភិនភាគនៅឡើយ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវបន្តទៀត ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនដៃឆៅទាំងពីរនាក់ខាងលើ៕

ខេត្តស្ទឹងត្រែង៖រថយន្តដឹកឈើប្រណីតមួយគ្រឿងត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបទបញ្ជារបស់មេ បញ្ជាការអាវុធហត្ថខេត្ត ដោយសារមានសេចក្តីរាយការណ៍ថា រថយន្តមួយគ្រឿងនោះបានលួចដឹកឈើប្រណីត ឆ្ពោះទៅកាន់ទីផ្សារគោលដៅ នៅវេលាម៉ោង៧ និង២០នាទីយប់ ក្នុងថ្ងៃទី១៤វិច្ឆិ នៅលើផ្លូវជាតិលេខ៧Aត្រង់ចំណុចប្រសព្វ និងផ្លូវជាតិលេខ៩ថ្មី ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។
ក្រោយការបង្ក្រាបបានរថយន្តដឹកឈើប្រណិតមួយគ្រឿងនោះរួចមក សមត្ថកិច្ចអាវុធហត្ថបានយកទៅកាន់ទីបញ្ជាការដ្ឋានអាវុធ ហត្ថខេត្តទាំងយប់ផងដែររួមទាំងអ្នកបើកបរ ។ ឯនៅព្រឹកថ្ងៃទី១៥នេះទើបកម្លាំងអាវុធហត្ថធ្វើការប្រគល់រថយន្តដឹកបទល្មើសនិងឈើប្រណិតរួមនិងអ្នកបើកបរជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើជំនាញបានឲ្យដឹងថា រថយន្តដែលដឹកឈើប្រណិតត្រូវបានបង្ក្រាបនេះជាប្រភេទរថយន្តសាំយ៉ុងពណ៌សំបក ឪឡឹក ពាក់ស្លាកលេខភ្នំពេញ2W.0847 ហើយអ្នកបើកបរមានឈ្មោះហួ ជៀប អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ ។ រីឯឈើប្រណិតដែលផ្ទុកក្នុងរថយន្តខាងលើនោះជាប្រភេទឈើធ្នង់មានចំនួន៥៣ដុំ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះចេញពីក្នុងក្រុងស្ទឹងត្រែងឆ្ពោះទៅកាន់ប្រទេសវៀតណាម រី ឯម្ចាស់ឈើត្រូវបានគេស្គាល់ថាឈ្មោះវ៉េត ហើយសេចក្តីរាយការណ៍បានឲ្យដឹងទៀតថារថយន្តដឹកឈើខាងលើនេះ បំរុងលោតឆ័ត្រតែដោយមានសេចក្តីរាយការណ៍ទៅដល់សមត្ថកិច្ច ទើបត្រូវអាវុធហត្ថបង្ក្រាបបានតែម្តង ។
បច្ចុប្បន្ន រថយន្តដឹកឈើនិងវត្ថុតាងឈើប្រណិតរួមទាំងអ្នកបើកបរនិងជាម្ចាស់រថយន្តត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿងត្រៀមនិងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងយោធារបស់ថៃនៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៦បានចាប់បញ្ជូនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចំនួន១៦៥នាក់មកកាន់ស្រុកកំណើតវិញកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សៅ ប៊ុនរឹទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងបានអោយដឹងថា ពលករខ្មែរដែលឆ្លងដែនចូលក្នុងទឹកដីថៃទាំងអស់ខាងលើជាការលួចចូលខុសច្បាប់ក្រៅពីច្រកអន្តរជាតិក្នុងគោលបំណងទៅធ្វើការងារនៅក្នុងប្រទេសថៃ ស្របពេលដែលសមត្ថកិច្ចថៃត្រួតពិនិត្យស្វែងរកពលករធ្វើចំណាកស្រុកគ្មានច្បាប់អនុញ្ញាតទើបមានការឃាត់ខ្លួនបញ្ជូនមកស្រុកកំណើតវិញតែម្តង។
ពលករខ្មែរទាំងអស់ដែលសមត្ថកិច្ចថៃបញ្ជូនតាមច្រកទ្វារអន្តរជាតិដូងវិញនេះសរុបចំនួន១៦៥នាក់ មានស្រីចំនួន៦៥នាក់និងក្មេង១៧នាក់ភាគច្រើនរស់តាមតំបន់ព្រំដែន ក្រោយពីការបញ្ជួនដល់ទីតាំងមាត់ច្រកកម្លាំងនគរបាលអន្តោប្រវសន៍មានវិធានការណែនាំ អប់រំហើយធ្វើកិច្ចសន្យាអោយបញ្ឈប់ ហើយអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
ប្រភពព័ត៌មានពីមជ្ឈដ្ឋានជុំវិញហេតុការណ៍ខាងលើបានរិះគន់អង្គភាពនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង និងសមត្ថកិច្ចតាមច្រករបៀងតំបន់ព្រំដែនមិនបានយកចិត្តទុកដាក់រឹតបណ្តឹងការចេញចូលដោយប្រថុយប្រថានជាហេតុបង្ករការគ្រោះថ្នាក់របស់ពលករឡើយអោយតែទទួលលាភសក្ការៈមិនខ្វល់៕

អាហ្វហ្គានីស្ថាន៖ប្រធានព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា កងកម្លាំងសហរដ្ឋអាមេរិកអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានតាមរយៈការសួរចម្លើយឃោរឃៅឬប្រើហឹង្សាលើអ្នកទោសដែលភាគច្រើននៅចន្លោះឆ្នាំ ២០០៣-២០០៤។
ខណៈពេលកំពុងបង្ហាញលទ្ធផលនៃការស៊ើបអង្កេតចូលទៅក្នុងអំពើឃោរឃៅដែលប្រព្រឹត្តឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រះរាជអាជ្ញា Fatou Bensouda បាននិយាយថា ពួកសកម្មប្រយុទ្ធតាលីបង់ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងទ័ពអាមេរិកព្រមទាំង CIA សុទ្ធតែហាក់ដូចជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
ប៉ុន្តែជាដំបូងលោកស្រីបានគូសបញ្ជាក់អំពីការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាមនៃការធ្វើទារុណកម្មនិងការព្យាបាលជំងឺដែលទាក់ទងដោយកងទ័ពអាមេរិកដែលបានដាក់ពង្រាយទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងនៅក្នុងមន្ទីរឃុំឃាំងសម្ងាត់ដែលដំណើរការដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក៕

រាជធានីភ្នំពេញ៖បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធ័មដោយសារជុងនឹងរបងដែក ខណៈរត់ឡើងលើដំបូលផ្ទះអ្នកដទៃ រួចធ្លាក់មកវិញ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។
សមត្ថកិច្ចអះអាងថា បុរសរងគ្រោះសង្ស័យបែកថ្នាំ និងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រង់ចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យនិងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យនៅពេលបន្តិចទៀតនេះ៕



វ៉ាស៊ីនតោន៖ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ថា យុទ្ធសាស្ត្ររបស់លោកនៅក្នុងប្រទេសស៊ីរី មិនបានទទួលផ្លែផ្កាអ្វីឡើយ គ្រាដែលប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងទុកថានឹងផ្លាស់ប្ដូរគោលនយោបាយអាមេរិក ៣៦០ដឺក្រេចំពោះសំណុំរឿងស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ឆ្លើយតបទៅនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធសាស្ត្ររបស់លោកសម្រាប់ស៊ីរី ក្នុងរយៈពេល២ អាណត្តិមកនេះក្នុងនាមជាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា «ខ្ញុំទទួលស្គាល់ថាយុទ្ធសាស្ត្ររបស់ខ្ញុំនៅស៊ីរី មិនបានទទួលផ្លែផ្កាជាដុំកំភួននោះទេ ហើយនេះគឺអ្វីដែលខ្ញុំកំពុងបន្តគិតជារៀងរាល់ថ្ងៃ»៕

ខេត្តស្ទឹងត្រែង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកេសសាន្តឃាត់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើស្ត្រីម្នាក់កាលពីវេលាម៉ោង០៦ និង០៤នាទីយប់ថ្ងៃទី១៣ វិច្ឆិកា នៅក្នុងខ្ទមចាំចម្ការ គ្រាដែលប្តីនារីរងគ្រោះមិននៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ុត អឿន អាយុ៣០ឆ្នាំ ទីលំនៅក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន្ត (ចាប់បានភ្លាមៗ) ឯនារីរងគ្រោះមានអាយុ១៩ឆ្នាំ។
ប្រភពឱ្យដឹងថា ជនសង្ស័យបានចាប់នាងរំលោភរហូតបានសម្រេច នៅលើខ្ទមចម្ការមួយកន្លែង ខណៈដែលប្តីនាងមិននៅ ជាប់រវល់ទៅលេងបុណ្យក្នុងភូមិ ។ ដោយឡែក វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ គឺមានទូរស័ព្ទដៃមួយគ្រឿង និងអាវជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន្តសាកសួរ ដើម្បីចាត់ការតាមច្បាប់៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញមានប្រជាពលរដ្ឋខ្មែរចំនួន ៧,១៣៩,៣៤២នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕

បាល់ទាត់៖យោងតាមសេចក្តីរាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា Lionel Messi បានបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយក្រុមអ្នកមានបុណ្យ Barcelona ទេ ហើយថែមទាំងចង់ចាកចេញពីក្រុមនេះ មុនចប់កិច្ចសន្យាទៀតផង។
តាមប្រភពសារព័ត៌មានខាងលើបានអះអាងថា កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបដិសេធមិនព្រមបន្តកុងត្រាជាមួយ Barcelona តាំងពីពាក់កណ្ដាលខែកក្កដា អំឡុងពេលរូបគេធ្វើដំណើរសម្រាកលំហែកាយជាមួយក្រុមគ្រួសារ។ ម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះក៏បានពិចារណា ចង់ចាកចេញពីក្រុម យក្សអេស្ប៉ាញ មុនចប់កុងត្រានៅឆ្នាំ២០១៨ផងដែរ។
ហេតុផលដែលធ្វើឲ្យ Messi រារែកមិនចង់តកុងត្រាជាមួយ Barcelona គឺព្រោះតែរូបគេធុញថប់នឹងរឿងពន្ធនៅអេស្ប៉ាញ។ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ពន្ធនាគារ ២១ខែម្ដងហើយ ហើយកន្លងមកក៏បានឡើងតុលាការតវ៉ាជាច្រើនដងបន្តបន្ទាប់។
យ៉ាងណាមិញតាមពាក្យចចាមអារ៉ាមជាច្រើនថា Messi អាចនឹងវិលទៅក្រុមចាស់របស់គេនៅស្រុកកំណើត Newell’s Old Boys វិញ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍