រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានធ្វើរឿងភ្ញាក់ផ្អើលមួយទៀតហើយ ដោយលោកបានប្រកាសនៅពេលថ្មីៗ នេះថា លោកនឹងវិលចូលមកប្រទេសវិញ ដើម្បីជាថ្នូរនឹងការដោះលែងសកម្មជនរបស់ខ្លួន។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត៤នាទី ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោក សម រង្ស៊ី បាននិយាយថា” ខ្ញុំសុំប្រកាសតាមរយៈការសន្ទនានេះថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ។ ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម ភ្លាមនោះគឺគ្រាន់តែមានពេលរៀបចំខ្លួន ទិញសំបុត្រយន្តហោះ ធ្វើដំណើរមួយថ្ងៃពីរថ្ងៃ ២-៣ថ្ងៃ ខ្ញុំមកដល់ប្រទេសកម្ពុជាវិញ តែសុំតែមួយ ខ្ញុំមកយកខ្ញុំទៅធ្វើអីធ្វើទៅ ចង់ចាប់ដាក់គុក យកទៅសម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែងអ្នកស្នេហាជាតិ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិការ ក្នុងនោះគឺមានថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មានតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មានសមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ មានសកម្មជន គណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ខ្ញុំសុំឲ្យដោះលែង “។
លោក សម រង្ស៊ី ថែមទាំងបញ្ជាក់ទៀតថា ” ដោះលែង អ្នកទាំងអស់នោះពេលណា ដោះលែងអ្នកទាំងអស់នោះ ហើយសុំបន្ថែមអ្នកជាប់គុកផ្សេង មួយចំនួនទៀត មិនមែនជាគណបក្សសង្គ្រោះជាតិទេ ជាសមាជិកសង្គមស៊ីវិល ជាសមាជិកអង្គការក្រៅរដ្ឋាភិបាល ជាសមាជិកអង្គការផ្សេងៗ ដែលគេខំទៅជួយប្រជាពលរដ្ឋ ដោយភាពអព្យាក្រឹត្យ គេអត់មានគាំទ្រគណបក្សណាទេ គេខំទៅជួយជនរងគ្រោះ ចាប់គេដាក់គុកដែរ ដូច្នេះសុំឲ្យដោះលែងទាំងអស់ អ្នកដែលគ្រាន់តែជួយប្រជារាស្ត្រ ជួយគណបក្សង្គ្រោះជាតិ អ្នកស្នេហាជាតិ ក្នុងជួរគណបក្សសង្គ្រោះជាតិ រាប់ទៅ២០ជិត៣០នាក់ ដោះលែង២០ជិត៣០នាក់ហ្នឹងទៅ ពេលបានការដោះលែងទន្ទឹមគ្នា ឲ្យមានការធានារថា ដោះលែងអ្នកទោស២០-៣០ហ្នឹងទៅ គឺខ្ញុំសម រង្ស៊ី ទៅដល់ប្រទេសកម្ពុជាភ្លាមមួយរំពេច”។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយបានហៅការប្រកាសរបស់លោក សម រង្ស៊ី ថា កំពុងតែបោកប្រាស់សាធារណមតិ ហើយអាចចាត់ទុកជាសំដីមិនបានការសម្រាប់អ្នកនយោបាយកំសាកមួយនេះ៕

រាជធានីភ្នំពេញ៖តុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទ បដិសេធក្នុងការចូលខ្លួន នាថ្ងៃទី២៨ ខែតុលាខាងមុខនេះ។
ទាក់ទងសំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន ក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕

រាជធានីភ្នំពេញ៖គិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងក្រុមហ៊ុនឯកជនមានចំនួនពី៨ពាន់ទៅ១ម៉ឺននាក់ក្នុងមួយខែៗ ។ នេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា មានក្រុមហ៊ុនជាង ៦០ ដែលទទួលបានសិទ្ធិស្របច្បាប់ក្នុងការរៀបចំបែបបទនិងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ។ ចំណែកចំណូលបានមកពីពលករទៅធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១០០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលពួកគេបានផ្ញើមកឲ្យក្រុមគ្រួសារ៕

រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ដែលពាក់ពន្ធ័ករណីចោរកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចមុខសាលាប៊ែលធីអន្តរជាតិផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កាត់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់នោះទី១ /ឈ្មោះ ឡុង វិសាល ហៅអាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី២/ឈ្មោះ ជូរ ម៉េង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវរថភ្លើងក្រុម១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទ្រី គន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅផ្ទះជួលផ្លូវលំភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌរឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុជនសង្ស័យឈ្មោះ ឡុង វិសាល ហៅអាម៉ៅបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកធូរដេពាក់ស្លាកលេខភ្នំពេញ1CG0291ជិះចេញបានបន្តិចស្រាប់តែម៉ូតូអត់សាំង ក៏ចុះបណ្តើរមកដល់ក្នុងផ្សារសាមគ្គីជួបនឹងកម្លាំងល្បាតមានការសង្ស័យក៏ឃាត់ខ្លួនពួកគេយកមកប៉ុស្តិ៍ធ្វើការសួរនាំទើបដឹងថា អ្នកទាំងពីរពាក់ព័ន្ធនឹងករណីចោរកម្ម។
បច្ទុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

បាល់ទាត់៖ទីបំផុតកីឡាករ Timothy Fosu-Mensah បានសម្រេចចិត្ត ចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយនិងក្រុមបិសាចក្រហម Manchester United ហើយ។
កីឡាករវ័យ១៨ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ២០១៤ ហើយកីឡាករ Fosu-Mensah បានចុះកុងត្រាថ្មីដើម្បីអានាគតរបស់គេ នៅទឹកដី Old Trafford រហូតដល់ខែមិថុនាឆ្នាំ ២០២០ ។
Fosu-Mensah បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Mn Utd ពេលជួបជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីរដូវកាលមុននោះក្រោយការដឹកនាំរបស់លោក Louis Van Gaal ។
Fosu-Mensah បានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី នៅទីនេះនៅក្រុម Manchester United” ។ “ខ្ញុំសប្បាយរីករាយណាស់រាល់វិនាទីចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្លិបអស្ចារ្យនេះហើយខ្ញុំចង់បន្តការរីកចំរើនរបស់ខ្ញុំនៅទីនេះ ខ្ញុំបានធ្វើដូច្នេះមកដល់ពេលនេះ។
លោក Jose Mourinho បានបញ្ជាក់« Timothy Fosu-Mensah គឺជាកីឡាករវ័យក្មេងដែលមានសក្តានុពលយ៉ាងខ្លាំងខ្ញុំមានសេចក្តីរីករាយចំពោះការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គេហើយខ្ញុំសង្ឃឹមថា កីឡាករនិងមានរីកចម្រើននាអានាគត៕

រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៥,៩៩៩,១៧៧នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

ខេត្តកំពង់ធំ៖ក្មេងប្រុសស្រី៣នាក់ បានលង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ នៅតាមដងស្ទឹងសែនខេត្តកំពង់ធំដោយសារការធ្វេសប្រហែស របស់អាណាព្យាបាល ខណ:ដែលបុរសវ័យចំណាស់ម្នាក់ទៀត ក៏ បានលង់ទឹកស្លាប់ផងដែរដោយសារជំងឺស្កន់។
យោងតាមរបាយការណ៍របស់ស្នងការខេត្ត បានឲ្យដឹងថា ករណីទី១-បានកើតឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ជនរងគ្រោះ ឈ្មោះ រ៉ូយ ស្រីនិច ភេទស្រី អាយុ៣ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ខណៈទៅមុជទឹកលេងជាមួយនឹងឪពុក ហើយឪពុកភ្លេចមើល ករណីទី២-នៅថ្ងៃទី១៩ ខែតុលានេះ ក្នុង១ថ្ងៃ ស្លាប់៣នាក់ទៀត ដោយក្នុងនោះទី១-ឈ្មោះ យឿន យី ភេទប្រុស អាយុ៥៥ឆ្នាំ កើតជម្ងឺស្កន់ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង បានដួលផ្កាប់មុខឈ្លួកទឹកស្លាប់ ទី២-កុមារាឈ្មោះ សន សម្បត្តិ អាយុ៧ឆ្នាំ បានលង់ទឹកស្ទឹងសែនស្លាប់ នៅក្នុងភូមិតាំក្រសៅ ឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ និងទី៣-កុមារីឈ្មោះ ចន គីមហួន អាយុ៨ឆ្នាំ បានលង់ទឹកប្រឡាយអូរ៧៣ស្លាប់ គួរឲ្យអាសូរជាទីបំផុត។
ទន្ទឹមនោះក៏មានបុរសម្នាក់ទៀតក៏ត្រូវបានគេរាយការណ៍ថា បានលង់ទឹកស្លាប់ផងដែរ នៅក្នុងខេត្តនេះ ដោយសារតែមានជំងឺស្កន់៕


ខេត្តពោធិ៍សាត់៖ក្រុមចោរប្លន់ប្រដាប់អាវុធបា ប្លន់យករថយន្ត Highlander មួយគ្រឿងរបស់សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ម្នាក់ រួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ០៦ និង៥៧នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅម្តុំជិតផ្សារថ្មី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
រថយន្ត Highlander ដែលត្រូវចោរប្លន់យកនោះ ស៊េរីឆ្នាំ ២០០៤ ព័ណ៌ទឹកមាស ពាក់ស្លាកលេខ 2V-5355 លេខម៉ាស៊ីន 2A21348291 លេខតួ JTEGD21A940087114 ជាកម្មសិទ្ធិរបស់ឈ្មោះ ឈឹម ផាវ៉េត ភេទប្រុស អាយុ ៦៣ឆ្នាំ មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមស្នងការនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យមានតែម្នាក់គត់ ហើយមានកាំភ្លើងភ្ជង់ទៅលើជនរងគ្រោះ រួចជិះគេចខ្លួនដោយសុវត្ថិភាព។
ប៉ុន្តែយោងតាម សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា រថយន្តរកឃើញវិញហើយ ក្រោយពីចោរបើកដាក់ប្លុងចោលក្នុងវត្តពាលញែក ហើយនៅពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោស៕


ខេត្តពោធិ៍សាត់៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ដែលគេអះអាងថា ជាមេខ្លោងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលកាប់រុករានដីព្រៃសហគមន៍នៅស្រុកភ្នំក្រវ៉ាញ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាល១ និងវាល២ ក្នុងព្រៃសហគមន៍ (ព្រៃដៃគូឃុំសំរោង) ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាមេខ្លោងបំផុសបំផុលប្រជាពលរដ្ឋឲ្យកាប់រានដីព្រៃសហគមន៍នោះ មានឈ្មោះ ជា សារ៉ូ អាយុ ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយការឃាត់ខ្លួនមេក្លោងមកសួរនាំ និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញរួចមក កម្លាំងរបស់លោកបានប្រគល់ជនសង្ស័យទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា រយៈពេល៣ថ្ងៃ កម្លាំងចម្រុះ បានចុះប្រតិបត្តិការនិងដកហូតបានម៉ាស៊ីនត្រង់ទឺន័រ ០២គ្រឿង រុះរើ និងដុតកម្ទេចចោល ខ្ទមសង់ពីឈើលើដីចំនួន២៨ខ្នង ដែលបានសាងសង់លើដីព្រៃសហគមន៍ ៕


ខេត្តកែប៖មន្ត្រីនគរបាលជំនាញក្រុងកែបបានប្រាប់ឲ្យដឹងថា ជនសង្ស័យសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ ប្លន់យកក្រវិលកាឡៃតម្លៃ២៥០០រៀលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់បានហើយកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខណ:ជនសង្ស័យកំពុងធ្វើការងារសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
មន្ត្រីដដែលបន្តថា ការឃាត់ខ្លួននេះធ្វើឡើងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលក្រុង និងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល។ មន្ត្រីរូបនោះបញ្ជាក់ថា ជនដៃដល់ដែលប្លន់សម្លាប់ក្មេងស្រី យ៉ាងសាហាវឃោរឃៅឈ្មោះ តេង ពឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង និងខេត្តកែប។ ចំណែកសពក្មេងស្រីរងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែតុលា នៅក្រុងកែប ខេត្តកែបមានករណីសម្លាប់ក្មេងស្រីម្នាក់យ៉ាងសាហាវឃោរឃៅប្លន់យកក្រវិលកាឡៃ តំលៃ២៥០០រៀល រួចហើយក៏យកសពទៅ ទម្លាក់ចូល ទៅក្នុងទឹករណ្ដៅ៕



រាជធានីភ្នំពេញ៖បុរសស្រវឹងបើករថយន្តទៅបុកស្ត្រីជាអ្នកលក់បន្លែនៅផ្សារដើមគរម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៤៥ នាទីយប់ថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៦ ត្រង់ចំណុចមុខមន្ទីរពេទ្យអនាម័យក្រុង លើផ្លូវម៉ុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
រថយន្តម៉ាក NAVARA ពណ៌ ប្រផេះ ពាក់ស្លាកលេខ 2AF-9482PP បើកបរពីខាងកើតមកលិចលើផ្លវលេខ២១៧ ដោយ ឈ្មោះ សឿន ស៊ីម៉ា អាយុ៣១ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៦ ផ្លវលំ ភូមិអូបែកក្អមសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Navara ដែលបើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២១៧ លុះបើកមកដល់ចំណុចកើតហេតុ ខាងលើអ្នកបើករបរថយន្តបានបើកបុករ៉ឺម៉កម៉ូតូលក់បន្លែពីក្រោយ បណ្តាលអោយអ្នករួមដំណើរម្នាក់ហោះផ្លោងធ្លាក់ មកដីក៏ត្រូវរថយន្តកិនបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង។
ស្ត្រីដែលស្លាប់អាយុ៥៣ឆ្នាំមុខរបរលក់បនែ្ល ស្នាក់នៅភូមិកោះថ្មី ស្រុកកោះធំ ខេត្តកណ្តាល ហើយក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។
ចំណែកអ្នកបើកបរ នឹងរថយន្តបានប្រគល់ទៅឲ្យការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕



រាជធានីភ្នំពេញ៖សំណុំរឿងសុំចេញចរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ តុលាការកំពូល នឹងប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៦ ខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះបានបើកសវនាការសំណុំរឿង ចំពោះបណ្តឹងសុំចេញតុលាការកំពូល លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ស្នើទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ម្តងរួចមកហើយ តែត្រូវបដិសេធចោល៕

អារ៉ាប៊ីសាអ៊ូឌីត៖តុលាការទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចទោសកាត់ទោសប្រហារជីវិតព្រះអង្គម្ចាស់មួយអង្គដែលសមាជិកក្រុមគ្រួសាររាជ្យវង្សនៃព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីតពីបទមនុស្សឃាតលើបុរសវ័យក្មេងម្នាក់ កាលពីជាងបីឆ្នាំមុន។
យោងតាមសារព័ត៌មានសារព័ត៌មានអាល់អារ៉ាប៊ីយ៉ារបស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦ថា ព្រះអង្គម្ចាស់ដែលត្រូវកាត់ទោសប្រហារជីវិតនោះព្រះនាម Turki bin Saud al Sabir។ សារព័ត៌មានដដែលបញ្ជាក់ថា ព្រះអង្គម្ចាស់ Turki ត្រូវបានក្រុមអ្នកស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត និងតុលាការរកឃើញថា បានប្រព្រឹត្តអំពើមនុស្សឃាតលើបុរសម្នាក់ឈ្មោះ Adel al Mohaimeed បន្ទាប់ពីមានជម្លោះវាយតប់គ្នាមួយ។ ចំណែកឯក្រុមគ្រួសារជនរងគ្រោះបានបដិសេធទទួលយកសំណង និងស្នើឱ្យតុលាការអនុវត្តន៍តាមច្បាប់៕

រាជធានីភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតនាវេលាម៉ោង ៣ និង០០រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅការិយាល័យសិទ្ធិមនុស្ស អង្គសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ។ គេចាំមើលថា តើមន្ត្រី UN ម្នាក់នេះ នឹងនិយាយអ្វីខ្លះពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រោះកន្លងទៅមន្ត្រី UN មិនដែលនិយាយល្អពីកម្ពុជានោះឡើយ ។
គួរបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រី បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ លើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥។ កាលពីខែមីនា ឆ្នាំ២០១៦ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃដែរ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍