ខេត្តពោធិ៍សាត៖បុរសវ័យ៦៦ឆ្នាំម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលចុះទៅដោះត្រី ហើយត្រូវបានជាប់មងដែលដាក់រួច ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអូរឈើទាលរូង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
អធិការនគរបាលក្រុងពោធិ៍សាត់ លោក ឈន រិទ្ធិ បានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះ ទ្រិញ ទន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។ លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅមើលត្រី នៅចំណុចកើតហេតុខាងលើ ពេលចុះទៅមិនដឹងជាមូលហេតុអ្វី បានជាជាប់មងដែលកំពុងតែដាក់ត្រីនោះ ទាក់ជាមួយមង លង់ទឹកដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងរបស់យើងបានចុះស្រាវជ្រាវជុំវិញទីតាំងកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជាវ័នមង លង់ទឹកស្លាប់ខ្លួងឯងពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងរបស់យើងបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៣,៤១៩,៧៣៣នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបាញ់គណបក្សកាន់អំណាច ជាថ្មីទៀត កាលពីម្សិលមិញ ខណៈលោក កឹម សុខា បានអំពាវនាវឲ្យមហាគ្រួសារខ្មែរ និងអ្នកនយោបាយខ្មែរជួបជុំគ្នាដោះស្រាយបញ្ហាជាតិ។
លោក សម រង្ស៊ី បានថ្លែងថា «ទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែលមានតំណែងកាន់តំណែងនោះមួយជីវិត ពីព្រោះឱ្យតែមានខ្សែមានបក្ខពួក នៅក្នុងជួរគណបក្សកាន់អំណាច គឺនៅក្រាញអំណាច តំណែងខ្លះដល់អាយុ៦០-៧០ហើយ នៅតែចង់កាន់តំណែងហ្នឹង ចូលម្ឈូសទៀតក៏មិនដឹងដែរ វាមិនត្រូវទេ, សញ្ញាបត្រក្លែងក្លាយ ដូចមេដឹកនាំយើងមួយចំនួន ទៅទិញសញ្ញាបត្រក្លែងក្លាយ យកមកអួតយកមកបន្លំវាមិនត្រឹមត្រូវ ត្រូវតែឱ្យអ្នកដែលមាន សញ្ញាបត្រពិតប្រាកដ»។
ទាក់ទងការលើកឡើងរបស់លោក សម រង្ស៊ី ថ្មីៗនេះ សម្តេច ហ៊ុន សែន បានលើកថា បញ្ហានយោបាយនៅកម្ពុជា ដោយសម្តេចតេជោ បានលើកឡើងថា សភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងមានភាពស្ងប់ស្ងាត់បែបនេះ។ សម្តេចតេជោថា ការស្ងប់ស្ងាត់បែបនេះមានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ«នរណាបាញ់នរណាមុន ។
ចំណែកលោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook កាលពីម្សិលមិញថា ខ្ញុំ កឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សារជាថ្មីម្តងទៀត ខ្ញុំ សូមបួងសួងឲ្យក្រុម គ្រួសារខ្មែរគ្រប់រូបបានជួបជុំគ្នាដោយសប្បាយរីករាយ និងក៌ សូមឲ្យគ្រួសារនយោបាយ ខ្មែរបានជួបជុំគ្នាដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋខ្មែរជាមួយគ្នាផងដែរ។ ក្នុងឱកាសនេះដែរដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបុណ្យទានជូនបុព្វការីជនផងនោះ ខ្ញុំសូមអំពាវនាវជា ថ្មីម្តងទៀត ជាពិសេសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាង ការប្រើអំពើហិង្សា ឬពាក្យអសុរស ឬពាក្យវាយប្រហារ គ្នាដែលនាំឲ្យប៊ះពាល់ដល់បរិយាកាស នៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៊ះពាល់់ដល់បរិយាកាសនយោបាយយូរអង្វែង ទៅមុខទៀតផង ៕


ដោយ៖បញ្ញា
ភ្នំពេញ៖រថយន្តដឹកដីបុកបងប្អូនជីដូនមួយស្លាប់ម្នាក់និងរបួសធ្ងន់ប៉ើងធ្លាក់ប្រឡាយ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះខ័ណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានស្គាល់ថាបុរសឈ្មោះនឹមប៊ុនលីអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់បានស្លាប់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតនៅឃុំស្នំក្រពើ ភូមិក្រាំងកណ្តាល ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងប្អូនស្រីជីដូនមួយរបស់គាត់ឈ្មោះខាត់ចាន់រីអាយុ១៨ឆ្នាំមុខរបរកម្មការិនីរោងចក្របានរបួសធ្ងន់ធ្ងរ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាគេឃើញបុរសស្ត្រី២នាក់ជាបងប្អូនជីដូនមួយជិះម៉ូតូC125មួយគ្រឿងស្លាលេខភ្នំពេញ1FC-2130ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដី១គ្រឿងបើកក្នុងទិសដីពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នាបានវ៉ាជេងរថយន្តមួយគ្រឿងទៀតជ្រុលបុកមួយជនរងគ្រោះបណ្តាលឱ្យស្លាប់បុរសម្នាក់និងស្ត្រីម្នាក់ប៉ើងធ្លាក់ប្រឡាយរងរបួសធ្ងន់។
ក្រោយពេលកើតហេតុអ្នកបើករថយន្តមិនបាននៅទទួលខុសត្រូវទេគឺបានរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តនៅកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងរួច ស្ត្រីរងរបួសធ្ងន់បានសង្គ្រោះបន្ទាន់ សពប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ខេត្តកំពង់ធំ៖ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដោយសាររថយន្តធុនធំមួយគ្រឿងបុក និងកិន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលំ ភូមិអាត់ស៊ូ ឃុំប្រាសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នោះ ដោយសារតែរថយន្ត រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 3A-1183 បើកបរក្នុងល្បឿនលឿន ទៅបុកកិនក្មេងស្រីម្នាក់ ដែលរត់ឆ្លងផ្លូវ ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្តង៕



រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើពាក្យបណ្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ពីបទបរិហារកេរ្តិ៍ ។
លោក ម៉ម សូណង់ដូ ធ្លាប់បាននិយាយថា ចំពោះករណីនេះ លោកប្តឹងទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ហើយលោក ម៉ូម សូណង់ដូ ក៏ចង់សំណូមពរតុលាការជំរុញឲ្យមានការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។
គួរបញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្ត្រ២នាក់ ប៉ុន្តែលោក សម រង្ស៊ី ឲ្យតែម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិនពេញចិត្ត ក៏បង្កើតគណបក្សនឹងមកដើម្បីផ្ចាញ់ផ្ចាល់ ខឹងគេអត់ឲ្យតំណែង»។ នេះបើតាមការរៀបរាប់លិខិតរបស់ លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះកន្លងមក។ ប៉ុន្តែចំពោះរឿងនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ពុំបានបំភ្លឺនោះទេ ថែមទទួលទទួលស្គាល់នូវសង្ឃដីការបស់ព្រះអង្គទៀតផង៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មការបច្ចេកទេសត្រីភាគីនឹងបើកការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ បន្តទៀតនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ភាគីថៅកែរោងចក្រ បានយល់ព្រមដាក់តួលេខថ្មី ១៤៦.៣៧ដុល្លារ។ ចំណែកឯភាគីខាងសហជីពក៏ទម្លាក់តួលេខរបស់ខ្លួនមកនៅត្រឹម ១៧៧.៥៩ដុល្លារផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា តួលេខទាំងពីរនេះ នៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ៕

ភ្នំពេញ៖ករណីផ្ទុះអាវុធ២គ្រាប់ទាំងថ្ងៃបណ្តាលអោយបុរសម្នាក់រងរបួសធ្លាយយពីម្ខាងទៅម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងនៅខាងមុខវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទូច មករា អាយុ៣០ មុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលមុខវត្តស្ទឹងមានជ័យ។
តាមសំដីអ្នកឃើញហេតុការណ៍នេះប្រាប់អោយដឹងថាមុនពេលមានការផ្ទុះអាវុធនេះគឺមានខ្មាន់កាំភ្លើងមានគ្នា២នាក់ជិះម៉ូតូតាមកៀរម៉ូតូជនរងគ្រោះពីក្រោយដែលជិះគ្នា២នាក់ឲ្យចូលក្នុងវត្តស្ទឹងមានជ័យតែជនសង្ស័យមិនព្រមទៅ រួចធ្វើសកម្មភាពបាញ់ប្រហារ២គ្រាប់បណ្តាលឲ្យធ្លាយពីម្ខាងទៅម្ខាង រងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ ពេលនេះក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព៕



មីយ៉ាន់ម៉ា៖កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុបបានកោតសរសើរការរីកចម្រើនលើសិទិ្ធមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ានៅក្រោមការដឹកនាំរបស់លោកស្រីអ៊ួងសានស៊ូជី និងបាននិយាយថា ខ្លួននឹងមិនណែនាំឲ្យមានសេចក្តីសម្រេចមួយទេនៅឯអង្គការសហប្រជាជាតិដែលថ្កោលទោសប្រទេសនេះ។
ថ្លែងទៅកាន់ក្រុមភាពជាដៃគូស្តីអំពីប្រទេសមីយ៉ាន់ម៉ានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានហៅការរីកចម្រើនរបស់លោកស្រីស៊ូជីថាជា “សក្ខីភាពដ៏មានឥទ្ធិពលចំពោះការផ្លាស់ប្តូរមិនគួរឲ្យជឿដែលប្រទេសមីយ៉ាន់ម៉ាកំពុងឆ្លងកាត់”។
លោកស្រីបានថ្លែងថា “រដ្ឋាភិបាលបានចាត់វិធានការច្បាស់លាស់ដើម្បីកែលម្អសិទ្ធិមនុស្សនិងនឹងបានធ្វើឲ្យរឹងប៉ឹងឡើងវិញចំពោះដំណើរការសន្តិភាព។ អ្នកទោសនយោបាយត្រូវបានដោះលែង”។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ១២៥,០០០នាក់នៅតែត្រូវបង្ខាំងនៅក្នុងជំរំបណ្តោះអាសន្នបន្ទាប់ពីរលកនៃអំពើហិង្សាសម្លាប់មនុស្សនៅក្នុងឆ្នាំ២០១២រវាងពុទ្ធសាសនិកនិងអ្នកកាន់សាសនាឥស្លាមដែលជាលទ្ធផលបណ្តាលឲ្យមនុស្សជាង១០០នាក់ត្រូវបានសម្លាប់៕

កូរ៉េខាងជើង៖រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្របានប្រាប់អង្គការសហប្រជាជាតិថា “ការបន្តនុយក្លេអ៊ែរ” គឺជាវិធីតែមួយគត់របស់ប្រទេសរបស់លោកដើម្បីការពារខ្លួនហើយបានប្តេជ្ញាថានឹងជំរុញកម្លាំងយោធានុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។
ថ្លែងទៅកាន់មហាសន្និបាត លោក រី យ៉ុងហូ បាននិយាយថា ប្រទេសរបស់លោកនឹងបន្តចាត់វិធានការដើម្បីពង្រឹងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរជាតិរបស់ខ្លួនទាំងបរិមាណនិងគុណភាព។
លោកបាននិយាយបែបនេះគឺត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំនិងមានអានុភាពបំផុតដែលបង្កឲ្យមានការថ្កោលទោសនៅទូទាំងពិភពលោកនិងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវចាប់ផ្តើមការងារលើសេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មី។
លោក រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីខែឧសភាមកបានប្រាប់ក្រុមមេដឹកនាំពិភពលោកដែលកំពុងជួបជុំគ្នាថា “ការបន្តប្រដាប់អាវុធនុយក្លេអ៊ែរគឺជាគោលនយោបាយនៃរដ្ឋរបស់យើង។”
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនពីរលើក និងបាញ់សាកល្បងមីស៊ីលជាង២០គ្រាប់នៅឆ្នាំនេះ។ បន្ទាប់ពីការបំផ្ទុះចុងក្រោយបំផុតនៅថ្ងៃទី៩ខែកញ្ញា ក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនមានសមត្ថភាពដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីល៕

រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ៣,១៧០,៨៥៧ នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត៕

ខេត្តប៉ៃលិន៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរូបនោះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី អាយុទើបតែ៦ឆ្នាំ រហូតបានសម្រេច។ ហេតុការណ៍ចាប់ខ្លួលនោះធ្វើឡើងកាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។
ក្មេងស្រីរងគ្រោះមានឈ្មោះ ណ.ស.ន ភេទស្រីអាយុ៦ឆ្នាំ ចំណែកឯជនសង្ស័យ ឈ្មោះ អ៊ូ រឿន ហៅគ្រាល ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់ជាមួយដើមបណ្តឹងខាងលើ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងករណី រំលោភសេពសន្ថវ:ពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ប៉ិល សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍