នេប៉ាល់៖សារព័ត៌មានរដ្ឋនេប៉ាល់ចេញផ្សាយនាព្រឹកនេះថា រថយន្តមួយគ្រឿងបានបើកជ្រុលចង្កូតធ្លាក់ចូលក្នុងទន្លេ Trishuli ក្នុងស្រុក Chitwan បណ្តាលឲ្យមនុស្ស២០នាក់បានស្លាប់ និង១៧នាក់ទៀតរងរបួស។
អធិការប៉ូលិសស្រុក Chitwan លោក Basanta Kunwar បានឲ្យដឹងថា រថយន្តក្រុងខាងលើនេះ បានដឹកមនុស្ស ៣៩នាក់ (តៃកុងម្នាក់ និងព្រូម្នាក់) ធ្វើដំណើរនៅតាមដងផ្លូវដ៏មមាញឹកបំផុតមួយក្នុងខេត្ត ហើយទំនង ជាបានជ្រុលបង្កូត ទើបធ្លាក់ចូលទៅក្នុងទន្លេតែម្តងនៅវេលាម៉ោង ៤៖៤៥នាទីព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងកាត្មាន់ឌូ។
គួរបញ្ជាក់ថា អ្នកស្លាប់ត្រូវបានក្រុមសង្គ្រោះស្រង់ចេញពីក្នុងទន្លេជាបណ្តើរៗ ហើយដោយឡែកអ្នករងរបួសធ្ងន់និង ស្រាល ១៧នាក់ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យក្នុងស្រុក Bharatpur ដែលនៅក្បែរនោះ។ សម្រាប់ អ្នកបាត់ខ្លួនពីរនាក់ គឺតៃកុងឡាន និងព្រូ ពេលនេះអាជ្ញាធរកំពុងបន្តធ្វើការស្វែងរកក្នុងទន្លេ៕

ខេត្តពោធិ៍សាត់៖ចាប់តាំងពីថ្ងៃទី២៣ ខែសីហា អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបាននិងកំពុងចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញហើយបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។
លោក ជា ហ៊ាន ប្រធានអង្គការបានបញ្ជាក់ថា ឈើប្រណីតមានធ្នង់ជាដើមត្រូវបានគេកាប់ និងលាក់ទុកនៅក្នុងព្រៃសម្រាប់ទុកនាំទៅវៀតណាម។ ក្រៅពីហ្នឹងមានឈើប្រភេទម្រេញត្រូវគេអារជាក្តារបន្ទះៗសម្រាប់ប្រើក្នុងស្រុក។ សរុបទាំងអស់ប្រមាណ ៥០ ម៉ែត្រគុប ។ លោកបន្តថា អ្នកដើរព្រៃបានប្រាប់ពួកលោកពីបទល្មើសព្រៃឈើនោះហើយបន្ទាប់មកពួកលោកក៏បានរកឃើញឈើនោះប៉ុន្តែមិនមានឃើញកម្មករណាម្នាក់នៅទីនោះទេ។
លោក ជា ហ៊ាន ថែមទាំងបានអះអាងថា «ឈើទាំងអស់នេះជារបស់ឈ្មួញរកស៊ីធំៗតែគេយកពលរដ្ឋជាខែលឲ្យអារ និងដឹកឲ្យពួកគេ។ បទល្មើសហ្នឹងកើតនៅកន្លែងដែលបរិស្ថានគ្រប់គ្រងហើយគេអាចត្រូវគ្នា ។
ប្រជាពលរដ្ឋបានរិះគន់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នោះគឺស្ថិតក្រោមភ្នែកមន្ត្រីបរិស្ថាន ឬ អាចនិយាយថា មានការឃុបឃិតជាមួយមន្ត្រីឧទ្យានុរក្ស បើមិនដូច្នេះទេ គេមិនអាចធ្វើសកម្មភាពដោយរលូនបាននោះឡើយ៕

ខេត្តកណ្តាល៖បុរសជាអ្នកបើម៉ូតូម្នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅកណ្តាលថ្នល់ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅបុកជាមួយរថយន្តពេញទំហឹងកាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ២១.២២ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ហ្វុង ភេទប្រុសអាយុ២២ឆ្នាំ(ខ្មែរ)មុខរបរកម្មករមានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AG.1620។ចំណែករថយន្តបង្កម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AL.6989 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូក្នុងទិសដៅភ្នំពេញអ្នកលឿងមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែម៉ូតូបានទៅបុកជាមួយរថយន្តក្នុងទិសដៅច្រាសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដែលជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍រួចមកបានរត់គេចខ្លួនបាត់៕



ដោយ៖ប៉ែនសុផល
បាត់ដំបង៖ពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងបានរិះគន់ទៅលើបទល្មើសនេសាទនៅតាមបណ្តោយដងស្ទឹងសង្កែមាន ឆ្នុក,ស្បៃ,អ៊ុយ,សម្រះ កំពុងបំផ្លាញពូជត្រីធម្មជាតិ មិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ចុះទៅហាមឃាត់ ឬបង្ក្រាបនោះឡើយ ។
ពលរដ្ឋបានលើកឡើងថា បើទោះបីរដូវហាមឃាត់ ឬរដូវ នេសាទក៏ដោយ គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំគេតែងឃើញបទល្មើសនេសាទ ,ឆ្នុក ,ស្បៃ, អ៊ុយ,សម្រះ តែងកើតមានជាហូរហែគ្រប់ទី កន្លែងជាពិសេសក្នុងស្ទឹងសង្កែមានរាប់សិបកន្លែងចាប់ពីចំណុចខាងមុខសាលាខេត្ត រហូតទៅដល់ឃុំវត្តតាមិមក្នុង ស្រុកសង្កែនិងស្រុកឯកភ្នំខេត្តបាត់ដំបងតែម្តង ។
បទល្មើសនេសាទ ,ឆ្នុក,ស្បៃ , អ៊ុយ និងសម្រះ ទាំងអស់នេះកំពុងត្រូវបានបំផ្លាញរាល់ពូជត្រីធម្មជាតិហើយមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ចុះទៅធ្វើការហាមឃាត់ ឬបង្ក្រាបឡើយ ។
បើតាមការលើកឡើងពីខាងក្រុមអ្នករកស៊ីដាក់ ,ឆ្នុក ,ស្បៃ , អ៊ុយនិងសម្រះនៅក្នុងស្ទឹង
សង្កែបានប្រាប់ថា មន្ត្រីជលផលឲ្យដាក់អី ដាក់ទៅតែបើសិនជាខាងពត៍មានចុះផ្សាយលោកនិងចុះចាប់ ។
ជំវិញករណីបទល្មើសនេសាទនេះផងដែរ លោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបងបានប្រាប់(មេគង្គប៉ុស្តិ៍)យើងនារសៀលថ្ងៃទី២៥ សីហា នេះថារឿង ,ឆ្នុក, ស្បៃ, អ៊ុយ,និងសម្រះនៅក្នុងស្ទឹងសង្កែលោកទើបនឹងទទួលបាន ហើយលោកបានចាត់អោយខាងសង្កាត់ចុះទៅទប់ស្កាតនិងបង្ក្រាបឲ្យបានទាន់ពេល ។ រីឯលោក យឹម ហួរ នាយសង្កាត់រដ្ឋបាលជលផលខេត្តបានប្រាប់(មេគង្គប៉ុស្តិ៍)ផងដែរថាក្នុងបញ្ហាបទល្មើសនេសាទនៅស្ទឹងសង្កែនេះលោកបានរៀបចំចុះទៅទប់ស្កាត់និងធ្វើការបង្ក្រាបដោយផ្ទាល់ ។ ប៉ុន្តែដោយលោកជាប់ប្រជុំទើបលោកលើកទៅថ្ងៃស្អែកវិញដូច្នេះគម្រោងនេះត្រូវដាក់វិធានការជាក់ស្រែងនៅពេលក្រោយ ៕





ដោយ៖បញ្ញា
ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនតាមដីកាតុលាការពាក់ព័ន្ឋនឹងករណីលួចលុយជាង១០ម៉ឺនដុល្លារអាមេរិក និងលុយខ្មែរជាង២០០លានរៀល ពីក្រុមហ៊ុនស្បែកជើងវីងស្តារនៅខេត្តកំពង់ស្ពឺកន្លងទៅ។ ហេតុការណ៍ឃាត់ខ្លួននេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៥ សីហា ២០១៦ បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ-សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នគរបាលខេត្តកំពុងស្ពឺបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើឈ្មោះ វ៉ាន់ ចាន់ទុំ អាយុប្រហែល៣៣ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអតីតជំនួយការរដ្ឋបាលរបស់ក្រុមហ៊ុនខាងលើ ហើយកាលពីវេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅបានធ្វើសកម្មភាពគាស់ទូរដែកលួចយកលុយដុល្លារជាង១០ម៉ឺនដុល្លារ លុយខ្មែរជិត២០០លានរៀលនៅក្នុងក្រុមហ៊ុនវីងស្តារ ហើយក៏រត់គេចខ្លួនមកបាត់ស្រមោល។ បន្ទាប់មកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាបញ្ជាឲ្យជនសង្ស័យចូលខ្លួន តាមដីការលេខ១៩៧១ ដ.ប.ច/១៦ចុះថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦ចេញដោយលោកកែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ក្រោយពីមានដីកាបញ្ជាឲ្យជនសង្ស័យខាងលើចូលខ្លួនបំភ្លឺទើបកម្លាំងជំនាញខេត្តកំពង់ស្ពឺបានធ្វើការស្រាវជ្រាវកំណត់ទីតាំងនិងមុខសញ្ញាបានរហូតចាប់ខ្លួនបានតែម្តង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅបន្ទប់បានដកហូតវិទ្យុទាក់ទងមួយស្បោងធំ និងកាតសម្គាល់ខ្លួនមួយចំនួន រីឯជនសង្ស័យត្រូវបានកម្លាំងនគរបាលកម្រិតស្រាលខេត្តកំពង់ស្ពឺនាំខ្លួនទៅខេត្តកំពុងស្ពឺវីញដើម្បីចាត់ការតាមនីតិវធី៕



ដោយ៖ប៉ែនសុផល
បាត់ដំបង៖លោកស្រីសុខុនមេបញ្ជាការនគរបាលព្រុំដែនវរៈសេនាតូចលេខ៨១៧នៅថ្ងៃទី២៤ ខែសីហា បាននាំកម្លាំងក្នុងអង្គភាពចំនួន១២នាក់ចុះសួរសុខទុក្ខដល់ក្រុមគ្រួសាររបស់លោក រស់ ជាតប៊ី ជាមន្ត្រីបំរើការក្នុងអង្គភាព៨១៧ផ្នែកវិទ្យុទាក់ទងដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានឋិតក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ស្រី សុខុម បានបញ្ជាក់ថា ក្នុងនាមយើងជាគ្រួសារតែមួយបំរើជាតិការពារប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដូចគ្នាត្រូវតែចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដែលជាកម្លាំងចិត្តដល់ក្រុមគ្រួសារដែលបានលះបង់កម្លាំងកាយចិត្តបំរើជាតិមាតុភូមិ។ លោកបន្តថា មនុស្សម្នាក់ៗចៀសមិនផុតពីជំងឺឈឺស្លាប់នោះទេ គ្រាន់តែពេលវេលាយួរ ឬឆាប់ប៉ុណ្ណោះ។
ក្នុងការចុះសួរសុខទុក្ខនោះដែរលោកក៏បានជួយឧបត្ថមថវិកាចំនួន១.៥៤.០០០០រៀល(មួយលានហាសិបបួនម៉ឺនរៀល)ដើម្បីព្យាបាលបន្ត និងជួយកាត់បន្ថយនូវការខ្វះខាតក្នុងគ្រួសារបានមួយកំរិតដែរ។
ជាមួយគ្នានេះលោក រស់ ជាតប៊ី បានថ្លែងអំណរគុណចំពោះសណ្តានចិត្តដ៏ជ្រះថ្លារបស់លោកមេបញ្ជាការព្រមទាំងបងប្អូនរួមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក ហើយលោកខិតខំព្យាលបាលឲ្យឆាប់បានជាសះស្បើយ និងបានចូលរួមបំរើជាតិ និងរាជរដ្ឋាភិបាលវិញក្នុងពេលឆាប់ៗនេះ៕


មីយ៉ាន់ម៉ា៖ការរញ្ជួយដីដ៏មានឥទ្ធិពលមួយបានអង្រួនប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់និងបានបំផ្លាញវត្តព្រះពុទ្ធសាសនាសម័យបុរាណជាង១០០វត្តនៅក្នុងអតីតរដ្ឋធានី Bagan ដែលជាកន្លែងទេសចរណ៍ដ៏សំខាន់មួយ។
ក្រុមអង្កេតភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រគឺមានចំណុចកណ្តាលនៅចម្ងាយប្រហែល១៥ម៉ាយភាគខាងលិចតំបន់ Chauk ដែលជាទីប្រជុំជនមួយនៅភាគខាងត្បូងទីក្រុង Bagan ។ ទីភ្នាក់ងារនេះបាននិយាយថា វាបានវាយប្រហារនៅខាងក្រោមផ្ទៃផែនដីនៅជម្រៅប្រហែល៥២ម៉ាយ។ ការរញ្ជួយដីជ្រៅជាធម្មតាបង្កឲ្យមានការខូចខាតតិចនៅផ្ទៃខាងលើកាសែតរដ្ឋបានរាយការណ៍ថា វត្តអារាមសាងសង់ពីឥដ្ឋយ៉ាងហោចណាស់១៨៥វត្តនៅ Bagan ត្រូវបានបំផ្លាញ។
ទីក្រុង Bagan ដែលក៏ត្រូវបានគេស្គាល់ផងដែរថា Pagan គឺមានសំណង់រចនាសម្ព័ន្ធជាង ២.២០០ដោយរួមបញ្ចូលទាំងវត្តនិងប្រាសាទកសាងពីសតវត្សរ៍ទី១០ដល់ទី១៤ផងដែរ។ វត្តនិងប្រាសាទជាច្រើនមានភាពទ្រុឌទ្រោមរីឯផ្សេងទៀតត្រូវបានស្ដារឡើងវិញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានជំនួយពីអង្គការយូណេស្កូដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ៕

បាល់ទាត់៖Robbie Keane បានប្រកាសថាក្រោយពីការប្រកួតមិត្តភាពរវាងក្រុមសាធារណរដ្ឋអៀរឡង់ ជាមួយក្រុមអូម៉ង់ នៅ Dublin នាថ្ងៃទី ៣១ សីហា នេះចប់ទៅលោកនឹងចូលនិវត្តន៍ពីក្រុមជម្រើជាតិសាធារណរដ្ឋអៀរឡង់ហើយ។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Spurs រូបនេះស៊ុតបញ្ចូលទីបានចំនួន៦៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៥ ប្រកួតឲ្យក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់។
យ៉ាងណាមិញ ការប្រកួតមិត្តភាពរវាងក្រុមសាធារណរដ្ឋអៀរឡង់ ជាមួយក្រុម អូម៉ង់គឺជាការប្រកួតត្រៀមសម្រាប់ជម្រុះពានរង្វាន់ World Cup qualifier ជាមួយប្រទេស ស៊េបី នាថ្ងៃទី ៥ កញ្ញា ខាងមុខនេះ៕

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦នេះ ក្រុមកម្មកររោងចក្រខេមបួថិច ត្រេងឌីង ខេមភេនី ជាង១ពាន់នាក់បាននាំគ្នាបិទផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីទាមទារឲ្យមានអន្តរាគមន៍ដកមេការោងចក្រ ដោយសារតែប្រើអំពើមិនគប្បីជាច្រើនដល់កម្មករកម្មការិនី បំរើការងារក្នុងរោងចក្រ ។
សូមជម្រាបថា ការតវ៉ាបិទផ្លូវបណ្តាលឲ្យស្ទះចរាចរនោះ ធ្វើឡើងបន្ទាប់ពីកម្មករ កម្មការិនី បានដង្ហែក្បួនកាលពីម្សិលមិញ ដើម្បីសុំឲ្យអភិបាលខេត្តអន្តរាគមន៍ដកមេការោងចក្រចេញតែមិនមានដំណោះស្រាយ។
ការតវ៉ានេះក្រុមកម្មករនៅតែបន្តលើកបដាដោយទាមទាឲ្យក្រុមហ៊ុនបញ្ឈប់អ្នកគ្រងរោងចក្រជាស្ត្រីខ្មែរម្នាក់ឈ្មោះ ផាន់ សុភ័ក្រ ដែលត្រូវបានក្រុមកម្មករធ្វើការចោទប្រកាន់ថា បានជេប្ររមាថកម្មករដូចឆ្កែឆ្មា និងបានបញ្ឈប់កម្មករមួយចំនួនដោយគ្មានហេតុផល។
បើទោះបីជាមានការចុះទៅសម្របសម្រួលពីលោកអភិបាលរងក្រុងដូនកែវ កង អាណាន់ ដោយស្នើសុំឲ្យកម្មករទាំងអស់រងចាំដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងរង់ចាំលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវវិលត្រឡប់មកពីប្រទេសចិនវិញក្ដី ក៏ក្រុមកម្មករនៅតែបន្តបិទផ្លូវមិនឲ្យរថយន្តធ្វើដំណើរឆ្លងកាត់នោះទេ។
គួរបញ្ជាក់ថា ក្រុមកម្មករបានធ្វើការតវ៉ាជាង១សប្ដាហ៍មកហើយដើម្បីទាមទាលក្ខខណ្ឌការងារ៩ចំណុចពីក្រុមហ៊ុន ហើយលក្ខខណ្ឌចំនួន៨ត្រូវបានដោះស្រាយរួចរាល់ នៅសល់តែលមួយទៀតប៉ុណ្ណោះ គឺការទាមទាឲ្យដកអ្នកគ្រប់គ្រងរោងចក្រត្រូវបានថៅកែក្រុមហ៊ុនទាត់ចោល ដោយបានថៅកែបានព្រលយពាក្យថា សុខចិត្តបិទរោងចក្រចោលគាត់មិនដកអ្នកគ្រប់គ្រងរោងចក្រ ផាន់ សុភ័ក្រ នេះចេញទេ៕


នីហ្សេរីយ៉ា៖អង្គការ UNICEF បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កុមារជិតកន្លះលាននាក់នៅជុំវិញបឹងឆាដបានប្រឈមមុខនឹង “បញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ” ដោយសារតែគ្រោះរាំងស្ងួតនិងការបះបោររយៈពេលប្រាំពីរឆ្នាំរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមបូកូហារ៉ាមនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ។
ក្នុងចំណោមកុមារ៤៧៥.០០០នាក់ដែលត្រូវបានចាត់ទុកថាប្រឈមនឹងគ្រោះថ្នាក់ គឺមាន៤៩.០០០នាក់នៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ានឹងស្លាប់ក្នុងឆ្នាំនេះប្រសិនបើពួកគេមិនទទួលបានការព្យាបាល។ នេះបើយោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិដែលកំពុងអំពាវនាវសុំជំនួយទឹកប្រាក់៣០៨លានដុល្លារអាមេរិកដើម្បីទប់ទល់នឹងវិបត្តិនេះ។
ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ អង្គការ UNICEF បានឲ្យដឹងថា ខ្លួនទទួលបានតែ៤១លានដុល្លារតែប៉ុណ្ណោះពោលគឺស្មើនឹង១៣ភាគរយនៃអ្វីដែលខ្លួនត្រូវការដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់នៅក្នុងប្រទេសទាំងបួនដូចជា ឆាដ នីហ្សេរីយ៉ា នីហ្សេរនិងកាមេរូនដែល ជាប់ព្រំដែនបឹងឆាដ។អង្គការ UNICEF បានឲ្យដឹងថា នៅពេលដែលកងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ាបានចាប់យកនិងទទួលបានទឹកដីមកវិញ មន្ត្រីផ្នែកជំនួយបានចាប់ផ្តើមប្រមូលផ្តុំគ្នា៕

រាជធានីភ្នំពេញ៖ករណីថៅកែហាង «រតនៈរចនាម៉ូដ » បង្កហិង្សាវ៉ៃតារត់រឺម៉កកង់បីបណ្តាលឲ្យបាក់ដៃ ដោយគ្រាន់តែចតម៉ូតូកង់បីមុខផ្ទះជនបង្កនោះ ឥឡូវនេះ ត្រូវបានម្ចាស់ហាង ធ្វើការសម្របសម្រួលជាមួយបុរសរងគ្រោះ ដោយបានសងជំងឺចិត្តចំនួន៧៥០ដុល្លារ ដើម្បីបញ្ចប់រឿង ។
យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់បានឲ្យដឹងថា ការបង្កហិង្សា ដោយចេតនាបណ្តាលឲ្យភាគីម្ខាងទៀតរងរបួសនោះមិនអាចបញ្ចប់ត្រឹមបង់លុយនោះទេ ។ ប៉ុន្តែវានៅជាប់បណ្តឹងអាជ្ញា បើទោះជាជនរងគ្រោះយល់ព្រមទទួលសំណង និងដាក់ពាក្យបណ្តឹងក៏ដោយ ។ អាចនិយាយថា ជនបង្កត្រូវប្រឈមមុខច្បាប់បន្តទៀត សំខាន់ការផ្តន្ទាទោសតាមអ្វីដែលខ្លួនបានប្រព្រឹត្តិ ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ សីហា ២០១៦ នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បាន នាំម្ចាស់ហាងកាត់ដេរ «រតនៈរចនាម៉ូត» (ជនដៃដល់) មកធ្វើត្រាប់ ក្នុងពេលប្រើហិង្សាវាយលើបុរសជាអ្នករត់ម៉ូតូកង់៣ នោះ ។ បុរសដៃដល់ជាថៅកែហាងមានឈ្មោះពៅ រតនៈ អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣៨ ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ បុរសរងគ្រោះឈ្មោះយឹម សុខខុន អាយុ៥១ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ ស្នាក់នៅជិតបន្ទាយទួលក្រសាំង ក្នុងភូមិយួន ឃុំលេខ១ ខេត្តកណ្តាល ។
ពាក់ព័ន្ធករណីហិង្សា ដែលបុរសចំណាស់ជាអ្នករត់រ៉ឺម៉កម៉ូតូកង់៣ ត្រូវបានម្ចាស់ហាងកាត់ដេរ «រតនៈរចនាម៉ូត» វាយបាក់ដៃឆ្វេង នោះ គឺកើតឡើងដោយគ្រាន់តែចតរ៉ឺម៉កនៅមុខផ្ទះមួយភ្លែត ដើម្បីរង់ចាំម៉ូយនោះប៉ុណ្ណោះ ។ ក្រោយកើតហេតុនេះផងដែរ ក៏ត្រូវលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវលើករណីនេះ ៕


រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនដៃដល់ដែលជាម្ចាស់ហាង «រតន:រចនាម៉ូដ»ហើយបានប្រើហិង្សាវាយទៅលើតារត់ម៉ូតូកង់រហូតបាក់ដៃនោះត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ហើយនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ សមត្ថកិច្ចនគរបាល នឹងនាំខ្លួនម្ចាស់ហាង «រតនៈរចនាម៉ូដ» ទៅធ្វើតម្រាប់ពីសកម្មភាពដែលបានវាយតាម៉ូតូកង់បីម្នាក់រហូតបាក់ដៃ គ្រាន់តែចតម៉ូតូមុខហាងរង់ចាំម៉ូយនោះ។
ជនល្មើសត្រូវបានគេស្គាល់ឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះរហូតបាក់ដៃមែន ក្រោយឈ្លោះគ្នារឿងចតម៉ូតូកង់បីមុខហាង កាលពីម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។
ប៉ុន្តែបុរសរងគ្រោះ បានរៀបរាប់ថា មុនកើតហេតុគាត់បានឈប់មុខផ្ទះខាងលើ ដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិចក៏មានបុរសម្នាក់បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ហើយបានប្រាប់ឲ្យគាត់យកកង់បីចេញពីមុខផ្ទះភ្លាមៗ គាត់រៀបនឹងបណ្តើរកង់បី ចេញហើយតែបណ្តើរមិនទាន់ផង ក៏បុរសជាម្ចាស់ផ្ទះរូបនោះ បានបើកទ្វារផ្ទះរួចយកឈើជ្រុង វាយគាត់បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង។
ជនរងគ្រោះបន្តថា ក្រោយពីវាយបុរសចំណាស់ជាអ្នករត់កង់បីបណ្តាលឲ្យបាក់ដៃ ជនដៃដល់ជាម្ចាស់ផ្ទះបានបើកឡានចេញ ទៅបាត់ដោយទុកឲ្យម្ចាស់កង់បីដេកដួលនឹងឈឺចាប់ជាខ្លាំង ។ ភ្លាមៗនោះអ្នកដែលរស់នៅក្បែនោះអាណិតបានហៅឡានពេទ្យមកដឹកយកទៅព្យាបាល នៅមន្ទីពេទ្យ ផងដែរ ៕


ខេត្តកំពង់ស្ពឺ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ូលីសចាប់វ៉ៃខ្នោះ បន្ទាប់ពីបាននាំក្មួយស្រីអាយុ១១ឆ្នាំ ទៅបេះផ្កានៅលើភ្នំគិរីរម្យ ហើយបានចាប់រំលោភបានសម្រេច នាវេលាម៉ោងប្រមាណ១១ និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
ជនសង្ស័យ ជាឪពុកមាត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ឿន រ៉ា អាយុ៣១ឆ្នាំ មុខរបរបេះផ្ការលក់ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ជាបុរសមានប្រពន្ធ និងកូនចំនួន៣នាក់ ចំណែកក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីខាងប្រពន្ធជនសង្ស័យ ហើយត្រូវបានជនសង្ស័យរំលោភបានសម្រេចបន្ទាប់ពីនាំទៅបេះផ្កានៅចំណុចភ្នំបៃតង លើឧទ្យានជាតិគីរីរម្យ ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ ទៅបេះផ្កា នៅចំណុចភ្នំបៃតងលើឧទ្យានជាតិគីរីរម្យ ហើយបានធ្វើសកម្មភាពរំលោភ បានសំរេច ក្រោយមកត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍