ដោយ៖ប៉ែនសុផល
បាត់ដំបង ៖កម្លាំងជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានរកឃើញយានយន្ដដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៧ បើកបរលើសល្បឿនកំណត់ជាមធ្យមជាង១០០គ្រឿងក្នុង១ថ្ងៃ។
នៅក្នុងការចុះត្រួតពិនិត្យលើគោលដៅផ្លូវលេខ៥៧កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯក សាត គឹមសាន្ដ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថា ការចុះត្រួតពិនិត្យច្បាប់លើយានយន្ដគ្រប់ប្រភេទតាមគោលដៅឈរជើងនិងគោលដៅចល័តជាការពង្រឹងការគោរពច្បាប់ចរាចរណ៍របស់សាធារណះជនទាំងការប្រើប្រាស់នៅតាមបណ្ដាផ្លូវជាតិក្នុងនិងក្រៅទីប្រជុំជនឈានទៅកាន់ការកាត់បន្ថយអត្រាគ្រោះចរាចរណ៍ដែលកើតមានឡើងគួរអោយព្រួយបារម្ភនាពេលបច្ចុប្បន្ន។
ក្នុងខេត្តបាត់ដំបងការិយាល័យចរាចរណ៍ផ្លូវគោកបានគាត់សំគាល់ឃើញថាមានស្រុកចំនួន៦ដែលប្រឈមការគ្រោះថ្នាក់ខ្លាំងជាងគេក្នុងនោះមានស្រុកសង្កែ បាណន់ ថ្មគោល ស្រុកបវេល រតនះមណ្ឌលនិងស្រុកសំឡូត បណ្ដាលមកពីកត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរមិនគោរពផ្លាកសញ្ញា ផ្លាកល្បឿននិងអ្នកបើកបរមានផ្ទុកសារជាតិគ្រឿងស្រវឹង។
លោកវរសេនីយ៍ឯក សាត គឹមសាន្ដ បន្ដថា រាល់ការចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗកម្លាំងជំនាញត្រួតពិនិត្យល្បឿនយានយន្ដ ពិនិត្យរាល់បទដ្ឋានបច្ចេកទេសផ្សេងៗ សារជាតិស្រវឹង អប់រំ បិទផ្ទាល់ដល់គោយន្ដនូវសន្លឹកចំណាំងផ្លាត។ លោកបញ្ជាក់ថា យុទ្ធនាការដូចគ្នានេះនឹងបន្ដរហូតដល់បណ្ដាស្រុកទាំងអស់ក្នុងខេត្តបាត់ដំបង ដោយឡែកការត្រួតពិនិត្យនៅពេលនេះជាលទ្ធផលមានយានយន្ដបើកបរល្មើសល្បឿនកំណត់ចំនួន១១២គ្រឿង ពិន័យ៨៦គ្រឿង អប់រំម្ចាស់អ្នកបើកបរចំនួន២៦នាក់ និងត្រួតពិនិត្យ បិទសន្លឹកផ្ទាំងចំណាំងផ្លាតលើគោយន្ដបានជិត៥០០គ្រឿង៕
រាជធានីភ្នំពេញ ៖បើតាមទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅគ្រប់មណ្ឌលកំណែទាំងអស់ ដើម្បីអង្កេតមើលពីសកម្មភាព របស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មាធិការទាំងអស់ ជុំវិញការធ្វើកំណែរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦។
ប្រភពដដែលបញ្ជាក់ថា សកម្មភាព នៃការបំពាក់កាមេរ៉ាសុវត្ថិភាព ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់បន្ទប់កំណែទាំងអស់ និងបន្ទប់គណៈកម្មការកណ្តាល ក្នុងមណ្ឌលកំណែ ដើម្បីត្រៀមរៀបចំ ដំណើរការកំណែ។
គួរបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕
ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ ៖អ្នកនេសាទម្នាក់ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ឲ្យរងរបួសធ្ងន់ត្រង់ត្រគៀគ ខណៈដែលជនរងគ្រោះកំពុងនេសាទត្រីនៅតាមដងទន្លេ ក្នុងស្រុកសំបូរ។ ករណីផ្ទុះអាវុធនេះកើតឡើងនៅវេលាម៉ោង១១ និង៣០ថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅកណ្ដាលទន្លេចំនុចអន្លង់ត្រឡោក ស្ថិតក្នុងភូមិពន្ធតាជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តច្រេះ ។
ជនរងគ្រោះឈ្មោះ ឃឹម សុខខន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
ជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលើកលបមានគ្នាចំនួនពីនាក់ ពេលលើកលបហើយ ជនរងគ្រោះក៏បានបើកទូកត្រឡប់មកវិញ លុះដល់ចំណុចកើតហេតុ ក៏មានទូកមួយទៀត បើកទូកមកទន្ទឹមនឹងទូករបស់ជនរងគ្រោះ ដោយមានគ្នាពីរដែរ និងមានចំងាយពីគ្នាប្រហែលពី៣០ ទៅ៤០ម៉ែត្រ តែមិនស្គាល់មុខអ្នកទាំងនោះទេ។ ប្រភពបន្តថា ពេលកំពុងបើកទូកស្រាប់តែទូកម្ខាងទៀតអ្នកអង្គុយចំកណ្ដាលទូកលើកកាំភ្លើងអាការស្វាយបទបាញ់រះមកលើទូករបស់ជនរងគ្រោះចំនួន៧គ្រាប់ បណ្ដាលអោយត្រូវចំត្រគៀគ ហើយជនរងគ្រោះក៏បានឈប់ទូកដេកក្នុងទូក។ ចំណែកឯអ្នករួមដំណើរជាមួយគាត់ពេលឃើញដូចនោះ ក៏បើកទូកដឹកគាត់យកមកភូមិ ដើម្បីបញ្ជូនទៅព្យាបាល រីឯទូកម្ខាងទៀតជាខ្មាន់កាំភ្លើង បានបើកទូកត្រឡប់ឡើងលើវិញ គឺសំដៅទៅភូមិពន្ធតាជា។
ពាក់ព័ន្ធជុំវិញករណីផ្ទុះអាវុធនេះ លោក ណយ ស៊ីថាច អធិការងស្រុកសំបូរ ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧នេះថា លោកកំពុងនាំកំលាំងនៅកណ្ដាលទន្លេ ដើម្បីស៊ើបអង្កេត តែមិនទាន់មានតំរុយនៅឡើយទេ ហើយកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕
រាជធានីភ្នំពេញ ៖ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅរសៀលថ្ងៃទី២៦ ខែសីហានេះ បានសម្រេចចោទប្រកាន់ម្ចាស់ហាងរតនៈរចនាម៉ូដពាក់ព័ន្ធករណីវាយតាម៉ូតូកង់បីបណ្តាលឲ្យបាក់ដៃ ជាផ្លូវការ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
ម្ចាស់ហាងរតនៈរចនាម៉ូដ ឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣០ឆ្នាំត្រូវបានចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ»។
គួរបញ្ជាក់ថា បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕
បាល់ទាត់ ៖ក្លិបឆ្មាខ្មៅ Sunderland បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Javier Manquillo ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងសម្រាប់រដូវកាលនេះ ។
ខ្សែការពាររូបនេះ ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់មកក្រុម Watford ប៉ុន្តែបច្ចុប្បន្ននេះ Manquillo បានផ្លាស់មកកីឡដ្ឋាន Stadium of Light នៅលើកិច្ចសន្យាជាបណ្តោះអាសន្ន ហើយ ឆ្មាខ្មៅមានសិទ្ធិក្នុងការទិញផ្តាច់កីឡាកររូបនេះក្នុងកុងត្រារយៈពេល ៤ ឆ្នាំក្រោយកុងត្រាខ្ចីជើងនេះបានបញ្ចប់នៅចុងរដូវកាលនេះផងដែរ។
Manquillo យុវជនក្រោមអាយុ២២របស់អេស្ប៉ាញ បានចំណាយពេលមួយរដូវកាលពេញឲ្យក្រុមហង្សក្រហម Liverpool ប៉ុន្តែមិនសូវជោគជ័យនៅកីឡាដ្ឋាន Anfield នឹង រដូវកាល២០១៥-២០១៦ លេងឲ្យក្លឹប Marseille នៅក្នុងលីកកំពូលនៃប្រទេសបារាំង Ligue 1 ជាលក្ខណៈខ្ចី ដោយបង្ហាញខ្លួនបាន ៤៣ ប្រកួតហើយរកបាន ៣ គ្រាប់ផងដែរ៕
ខេត្តព្រះសីហនុ ៖ជនជាតិកូរ៉េ២នាក់ឪពុក និងកូនបានលង់ទឹកស្លាប់ បន្ទាប់ពីបានចុះមុជទឹកសមុទ្រ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៦ ខែសីហានេះ នៅឆ្នេរអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Lee Minseock អាយុប្រមាណ៤០ឆ្នាំ និងម្នាក់ទៀតជាកូនឈ្មោះ Lee Seungjae អាយុប្រមាណ៤ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ឳពុកកូន បានមកស្នាក់នៅក្នុងបន្ទប់លេខ២០ ក្នុងសណ្ឋាគារ រីហ្ស៊ត នៃយ៉ា ស្ថិតនៅក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា៕
ស៊ីរី ៖យ៉ាងហោចណាស់កុមារចំនួន១១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការវាយប្រហារដោយគ្រាប់បែកធុងមួយដែលធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលនៅលើសង្កាត់ពួកឧទ្ទាមកាន់កាប់ Bab al-Nayrab នៅភាគខាងត្បូងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី។
ក្រុមឃ្លាំមើលបានរាយការណ៍ផងដែរថា ជនស៊ីវិលប្រាំបីនាក់រួមទាំងកុមារពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការបាញ់របស់ក្រុមឧទ្ទាមលើតំបន់ភាគខាងលិចនៃទីក្រុងនេះដែលកាន់កាប់ដោយរដ្ឋាភិបាល។
អ្នកកាសែត AFP នៅតំបន់ Bab Al-Nayrab បានឃើញកម្មករជួយសង្គ្រោះនិងជនស៊ីវិលកំពុងជីកតាមកំទេចថ្មនៃអគារដែលដួលរលំ។ បុរសម្នាក់បានកាន់រាងកាយទារកគ្មានជីវិតម្នាក់ដែលមានទំហំតូចជាងកំភួនដៃរបស់គាត់។ ភ្នែករបស់វាបានបិទហើយរាងកាយរបស់វាគឺមានពណ៌សប្រឡាក់ដោយធូលីដីលើកលែងតែកន្លែងមានឈាម។
ទោះយ៉ាងណាក្តី លោកប្រធានាធិបតីបាសាអាល់អាសាដនិងរដ្ឋាភិបាលរបស់លោកបានបដិសេធការប្រើប្រាស់គ្រាប់បែកធុងនេះ។
បើយោងតាមក្រុមអង្កេតការណ៍បានអះអាងថា មនុស្សជាង២៩០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរីចាប់តាំងពីជម្លោះនេះបានចាប់ផ្តើម៕
បាល់ទាត់ ៖ទីបំផុតក្លិបកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Deportivo La Coruna ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Lucas Perez សម្រាប់រដូវក្តៅនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្លិប។
កាំភ្លើងធំ Arsenal បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកាលពីព្រឹកម្សិលមិញនឹងផ្តលជូននូវតម្លៃខ្លួន ១៧.១លានផោន ។
យោងតាមរបាយការណ៍របស់ BBC បានឲ្យដឹងថា ក្រុម Deportivo បានច្រានចោលការដេញថ្លៃរបស់ក្លិបកាំភ្លើងធំម្តងរួចមកហើយ ខណៈដែលក្រុមមួយនេះបានផ្តល់ប្រាក់មិនសក្ត័សមចំពោះតម្លៃរបស់ខ្លួន។
Lucas បានធ្លាប់ផ្សារភ្ជាប់ជាមួយនឹងក្លិបទូកក្តោង Everton ប៉ុន្តែក្រុម Arsenal ដេញថ្លៃក្នុងតម្លៃ ខ្ពស់ដើម្បី ទទួលបានការចុះហត្ថលេខាជាមូយនឹងកីឡាកររូបនេះ។
គួរបញ្ជាក់ថា ស៊ុតបាល់បញ្ចូលទី ១៧ គ្រាប់ក្នុងក្របខ័ណ្ឌ La Liga កាលពីរដូវកាលមុនហើយនឹង បានរួមចំណែកជាមួយនិងខ្សែការពាររបស់ក្លិប Valencia ទៀតផង៕
រាជធានីភ្នំពេញ ៖អ្នកនាំពាក្យ CNRP លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃសុក្រនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងជួបពិភាក្សាជាមួយលោក វីលៀម អេ ហេដ (William A.Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រឹកនេះ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីខ្លឹមសារនៃការជួបពិភាក្សាគ្នានោះទេ ។
យ៉ាងណាក៏ដោយ មន្ត្រីបក្សប្រឆាំងម្នាក់បានប្រាប់ថា ការពិក្សានោះផ្តោតលើស្ថានភាពនយោបាយនៅកម្ពុជា និងករណីសំណុំរឿងរបស់លោក កឹម សុខា នៅតុលាការរួមទាំងការបោះឆ្នោតផងដែរ៕
រាជធានីភ្នំពេញ ៖តាមពិតរឿងមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយនៅព្រឹកនេះ បុរសម្ចាស់ហាង «រតនៈរចនាម៉ូដ» ឈ្មោះ ពៅ រតនៈ ហៅប្រុស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវបានម្ចាស់ផ្ទះរតនៈរចនាម៉ូតវាយបាក់ដៃឆ្វេង ដោយគ្រាន់តែឈប់មុខផ្ទះបន្តិចដើម្បីរងចាំម៉ូយបន្តិច ដែលហេតុការណ៌នេះបានកើតឡើង នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
ទាក់ទងករណីហិង្សាខាងលើនេះ កាលពីម្សិលមិញ អ្នកសារព័ត៌មានទទួលបានដំណឹងថា ម្ចាស់ហាងបង្កហិង្សាបានយល់ព្រមសងជំងឺចិត្តទៅជនរងគ្រោះចំនួន៧៥០ដុល្លារ បញ្ចប់រឿង ។ ប៉ុន្តែមិនដឹងជាយ៉ាងណាទើបរឿងរ៉ាវមិនទាន់បញ្ចប់បាន ប៉ុន្តែអាចនិយាយថា ជនបង្កនៅជាប់បណ្តឹងអាជ្ញា ដែលត្រូវមកបញ្ចប់នៅតុលាការក៏អាចថាបាន៕
រាជធានីភ្នំពេញ ៖ក្រុមមេធាវីការពារក្តី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្តឹងទៅសាលាឧទ្ធរណ៍ ករណីចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ សម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ ដែលការសម្រេចនោះធ្វើឲ្យប៉ះពាល់សិទ្ធិនិងផលប្រយោជន៍របស់កូនក្តីយ៉ាងធ្ងន់ធ្ងរ។
សូមរំលឹកថា ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ថាន់ ឡេង នៅថ្ងៃទី២៣ ខែសីហាបាន សម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ដែលរងបទចោទ ប្រកាន់ បដិសេធក្នុងការចូលខ្លួន ទៅជំនុំជម្រះ។ យោងតាមខ្លឹមសារ លិខិតជូនដំណឹង របស់លោកចៅក្រម ថាន់ ឡេង ចុះថ្ងៃទី២៣ សីហា គឺបាន ប្រាប់មកជន ត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ តំណាង រាស្ត្រមណ្ឌល ខេត្តកំពង់ចាម ថា ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ២៤០១ ចុះថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាស ន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៣៨២ អ.យ.ឋ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាម បញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ យើងបានចាត់ការស៊ើប សួរចប់សព្វគ្រប់ និងបានសម្រេច បញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះតាម ដីកាដំណោះស្រាយលេខ២៨៩១ ក១.ដ.ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកតុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តបើកសវនាការកាត់ទោសក្រុមជនជាប់ចោទដែលមានលោកថោង សារ៉ាត់ នាព្រឹកថ្ងៃទី២៦ សីហា ២០១៦ នេះ លើសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ។ ប៉ុន្តែលោកថោង សារ៉ាត់ ពុំមានវត្តមានទេ មានតែក្រុមអង្គរក្ស ត្រូវបានបញ្ជូនមកតុលាការ៕
រាជធានីភ្នំពេញ ៖ប្រជាពលរដ្ឋបានធ្វើការតវ៉ាជាថ្មីទៀត ខណៈដែលក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ ស៊ីផាន បានធ្វើរបងថ្ម រំលោភយកដីទំនប់ស្រែប្រាំងចំណីផ្លូវសាធារណៈ ។ ចំណែកអាជ្ញាធរដែនដី មិនមានដំណោះស្រាយជូនពួកគាត់ឡើយ គឺទំនាស់ដ៏រ៉ាំរ៉ៃកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចទល់មុខអតីតរោងម៉ាស៊ីនអាឈើភូមិគ្រួសសង្កាត់សំរោង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋប្រមាណ១០គ្រួសារ នាដើមសប្តាហ៍នេះ បានចេញមកទាមទារឱ្យក្រុមហ៊ុននេះ បញ្ឈប់ការសាងសង់របងនោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែក្រុមហ៊ុនមិនបានស្តាប់នោះទេ ហើយនៅតែបន្តសកម្មភាពដដែល ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរដែនដីឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកពួកគាត់បានធ្វើការតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរសង្កាត់សំរោងធ្លាប់បានធានាអះអាងថារកដំណោះជូនពួកគាត់តែវាគ្រាន់ជាសន្យាខ្យល់ប៉ុណ្ណោះ ។ ក្រោយមកក៏មានការអន្តរាគមន៍ពីមន្ត្រីខណ្ឌព្រែកព្នៅផងដែរតែឥតប្រយោជន៍ដដែល។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា ដើម្បីការពារទ្រព្យសម្បត្តិរួមនោះ ប្រជាជនតវ៉ាទាំង១០គ្រួសារជាង ដាក់ពាក្យប្តឹងមក សាលាខណ្ឌព្រែកព្នៅ។ បើសិនជាខណ្ឌព្រែកព្នៅមិនហ៊ានចាក់ការទេ លោកនឹងឱ្យខាងក្រុងចុះ ទៅធ្វើការងាររឿងហ្នឹង។ លោកអភិបាលរងក្រុងបានស្នើសុំឱ្យប្រជាពលរដ្ឋ ដាក់បណ្តឹងការពារព្រទ្យសម្បត្តិសាធារណៈជាបន្ទាន់ដើម្បីការពារផលប្រយោជន៍រួម។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា លោកស្រី ស៊ុយ សុផាន ដើរបង្កបញ្ហាគ្រប់កន្លែង ។ ដូច្នេះលោកសុំឱ្យប្រជាជនតវ៉ា ទាំងនោះធ្វើលិខិត ជាលាយលក្ខណ៍អក្សរ ដាក់មកសាលាខណ្ឌព្រែព្នៅ លោកនឹងចុះទៅចាត់ការរឿងនេះជាបន្ទាន់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍