ស្លាប់​៦​នាក់ របួស​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ក្នុង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៨​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់ ៥​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១​នាក់​។ នេះ​យោងតាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៤​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​២​នាក់​) ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ​បញ្ជាក់ថា គ្រោះថ្នាក់​នៅលើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ៣​លើក រថយន្ត​ធំ ២​លើក ។ ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ២​លើក ស្លាប់​២​នាក់​, ប៉ៃលិន ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​), ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់ និង​ខេត្តកំពង់ចាម ១​លើក ស្លាប់​១​នាក់​(​ស្រី​) ។

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៥​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១២​នាក់ របួស​សរុប ២៧១​នាក់ របួសធ្ងន់ ១៩០​នាក់ របួសស្រាល ៨១​នាក់ ៕​