ព្រះរាជ​ជីវប្រវត្តិ ព្រះករុណា​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2015 ក+ ក-

​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​ព្រះបាទ ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដែល​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ បង្ហាញថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​ប្រសូត ( កើត ) នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះមហា​វិ​រក្ស​ត្រ នរោត្តម សីហនុ ព្រះវររាជបិតា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​សិក្សា​នៅ​សាលាបឋមសិក្សា នរោត្តម និង​វិទ្យាល័យ ដេ​កាត នៅ​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២​។ ចាប់ពី​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​១៩៦៧ ព្រះអង្គ​បាន​សិក្សា​នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា នៅ​វិទ្យាល័យ​ប្រា​ត ក្នុងប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​សិក្សា​ផ្នែក​សិ​ល្បះ របាំ តូរ្យតន្ត្រី ល្ខោន នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រា​ត ក្នុងប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី

-១៩៦៧-១៩៧១​។ នៅ​ឆ្នាំ​១៩៧០ ព្រះអង្គ​ទ្រង់​ទទួលបាន​មធ្យមសិក្សាប័ត្រ នៅ​ប្រា​ត ក្នុង​និទ្ទេស​ល្អ​ណាស់​។ ក្នុង​ឆ្នាំ​១៩៧១ ព្រះករុណា ក៏​ទទួលបាន​ជ័យលាភី​លេខ​១ ផ្នែក​របាំ​បុរាណ នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រា​ត​។​

-១៩៧១-១៩៧៥ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​សិក្សា​នៅ​សាកលវិទ្យាល័យ បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រា​ត​។ នៅ​ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​ទទួលបាន​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិតសភា​ផ្នែក​សិល្បៈ តន្ត្រី​ប្រា​ត​។​

-១៩៧៥​នោះដែរ ព្រះករុណា​ក៏​ទ្រង់​បាន​ព្រះរាជ​និពន្ធ​និក្ខេបបទ ស្តីពី ទស្សនៈ និង​ការគ្រប់គ្រង​សាលា​សិល្បៈ​នៅ​កម្ពុជា​។​

-១៩៧ -១៩៧៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​សិក្សា​ឧ​ត្ត​ម​សិក្សា​ខាង​ផ្នែក​ភាពយន្ត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។​
-១៩៧៦-១៩៧៩ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ជាប់​ក្រោម​ការឃុំ​ឃាំង​របស់​ខ្មែរក្រហម ជាមួយ​ព្រះវររាជបិតា និង​ព្រះវររាជ​មាតា រួមទាំង​ព្រះអនុជ សម្តេច នរោត្តម ន​រិ​ន្ទ្រៈ​ពង្ស​។​

-១៩៧-១៩៨០ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​ជា​ព្រះ​លេខា​ផ្ទាល់​របស់​ព្រះវររាជបិតា ក្នុងពេល​ព្រះអង្គ​គង់ប្រថាប់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

-១៩៨១-២០០០ ព្រះអង្គ​ទ្រង់​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ និង​ផ្នែក​គរុកោសល្យ​សិល្បៈ នៅ​វិទ្យាស្ថាន​អភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A. MOZART នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​
-១៩៨៤-១៩៨៨ នៅ​ប្រទេស​បារាំង ព្រះករុណា បាន​គង់​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង និង​ជា​អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​ក្រុម​របាំ​បា​លេ “DEVA”​។​

-១៩៨៨-១៩៩៣ ព្រះករុណា ទ្រង់​គង់​ជា​អគ្គនាយក និង​ជានា​យក សិល្បៈ​នៃ​សាជីវកម្ម​ខេមរភូមិន្ទ​ភាពយន្ត “​ខេមរា​ភាពយន្ត​”​។ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ​នូវ​ខ្សែភាពយន្ត​របាំ​បា​លេ ចំនួន​ពីរ​រឿង​៖ ១- រឿង សុ​បិ​ន្ត និង​រឿង​ទី​២- ធាតុ​ទាំង​៤​។​
-១៩៩២-១៩៩៣ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក៏ត្រូវ​បាន​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ​។​

-១៩៩៣-២០០៤ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​គង់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​យូណេស្កូ​។ នៅ​ឆ្នាំ​២០០៤ ព្រះករុណា ទ្រង់​គង់​ជា​សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា បារាំង​។​

នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍ងារ​ជា ស្តេច​ក្រុមឃុន​។ ព្រះមហាក្សត្រ បាន​ប្រោស​ប្រទាន​តែងតាំង​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៣​។​
​ព្រះមហាក្សត្រ ក៏បាន​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍ងារ ថ្វាយ​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជា សម្តេចព្រះ​បរមនាថ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៤​។​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០០៤​។​

​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្រៅពី​ភាសាជាតិ ព្រះអង្គ​ចេះ​ភាសា​បារាំង ភាសា​ឆេ​ក និង​ភាសា​អង់គ្លេស​។ ព្រះករុណា ទ្រង់​ទទួលបាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ និង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​។​

ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស Grand Officier De La Legion D’honneur នៃ​សាធារណរដ្ឋ​បារាំង និង Medaille D’argent De La Ville De Paris នៃ​សាធារណរដ្ឋ​បារាំង​៕zsawe