រាជធានីភ្នំពេញ៖លោក គង្គ ប៊ុនឈឿនដែលជាកវី ជើងចាស់មួយរូប ដែលគេស្គាល់គ្រប់គ្នាថា ជាម្ចាស់បទ « ដងស្ទឹងសង្កែ » បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧និង២០នាទី ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅមន្ទីពេទ្យ ប្រទេស Norway។
មរណភាពរបស់កវី គង្គ ប៊ុនឈឿន គឺជាការបាត់បង់កវីនិពន្ធដ៏ល្បីល្បាញប្រចាំកម្ពុជា ហើយក៏ជាការបាត់បង់នូវធនធានមនុស្សលើវិស័យសិល្បះ វប្បធម៌ផងដែរ ។ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកប្រាកដជាស្ថិតនៅជាប់នឹងស្មារតីលើកកម្ពស់វប្បធម៌ សិល្បះ សម្រាប់មនុស្សជំនាន់ក្រោយៗ ជារៀងរហូត៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានសម្លាប់មនុស្ស៥២នាក់ ថយចុះបើធៀបនឹងរយៈពេល៥ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៥ ខណៈអ្នករងរបួស ចំនួន២៣៩នាក់ ថយចុះដូចគ្នា ប្រៀបធៀបឆ្នាំ២០១៥ ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥ថ្ងៃនោះ បានកើតឡើងចំនួន១១៣លើក ចំនួននេះមានការថយចុះបើធៀបនឹងឆ្នាំមុន ដោយឆ្នាំមុនមានរហូតដល់១៥៨លើក ពោលគឺកើនឡើង២៨ភាគរយ ។ ដោយឡែកចំពោះមូលហេតុ ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក កត្តាយានយន្តជាដើម។
ចំណែកខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តព្រៃវែង៩លើកស្លាប់៨នាក់ ខេត្តតាកែវ៧លើកស្លាប់៨នាក់ ខេត្តកណ្តាល៧លើកស្លាប់៦នាក់ ខេត្តកំពង់ចាម ៨លើកស្លាប់៤នាក់ ខេត្តក្រចេះ៥លើកស្លាប់៤នាក់ ខេត្តកំពង់ឆ្នាំង៤លើកស្លាប់៣នាក់ ខេត្តកំពង់ស្ពឺ៧លើកស្លាប់៣នាក់ ខេត្តត្បូងឃ្មុំ៣លើកស្លាប់៣នាក់ និងខេត្តមួយចំនួនទៀត ។ ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៥នាក់ ខណៈអ្នករងរបួសធ្ងន់ស្រាលចំនួន៣២នាក់៕


ខេត្តព្រៃវែង៖សមត្ថកិច្ចខេត្តព្រៃវែងបានអះអាងថា តារាសម្តែង អ្នកស្រី សារ៉ាវឌី និងបុរសម្នាក់ទៀត ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ពុំមានពាក់ព័ន្ធនិងករណីប្លន់ ឬរំលោភនោះទេ។
លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែងបានបញ្ជាក់ថា តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ល្បឿនម៉ូតូដែលជនរងគ្រោះទាំងពីរនាក់នេះជិះ គឺលឿនខ្លាំងណាស់ ទើបបណ្តាលឲ្យបុកបង្គោលហើយដួលរបួសធ្ងន់ធ្ងរ មានជាប់គ្រួសពញខ្លួន ហើយភ្លាមៗនោះជនរងគ្រោះមិនទាន់ស្លាប់ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយកើតហេតុទើបជនរងគ្រោះស្លាប់នោះទេ។
លោកស្នងការនគរបាលក៏បានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ អតីតតារាសម្តែង សារ៉ាវឌី បានស្លាប់នៅកន្លែងកើតហេតុ ឯបុរសដែលជាអ្នកបើកបរម៉ូតូ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះមានក្លិនស្រា ហើយមានជាប់គ្រួសនៅកញ្ចឹងក។ លោកស្នងការរូបនោះអះអាងថា ចំពោះការចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ក៏មានវត្តមានឧត្តមសេនីយ៍មួយរូបនៅក្រសួងការពារជាតិដែលជាសាច់ញាតិគ្រួសារអ្នកស្រី សារ៉ាវឌីផងដែរ ហើយចំពោះករណីរហែកសំលៀកបំពាក់គឺបណ្តាលមកពីជនរងគ្រោះ ដួលអូសនិងគ្រួសលើផ្លូវ ហើយពុំឃើញមានភស្តុតាងណាជាប់ពាក់ព័ន្ធនិងករណីប្លន់ ឬរំលោភនោះទេ៕



រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅល្បាតពួនស្ទាក់ចាប់បានគ្រាដែល កំពុងធ្វើសកម្មភាពឡើងតាមបង្អួចបម្រុងលួចទ្រសម្បត្តិប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងកាលពីវេលានៅវេលាម៉ោង២ទៀបភ្លឺថ្ងៃ១៨ ខែមេសាឆ្នាំ២០១៦ ស្ថិតក្នុងបុរីញូវថោន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះ ទ្រី សុខ អាយុ២៣ឆ្នាំស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង បក្សពួកវាដែលចូលរួមធ្វើសកម្មភាពបានគេចខ្លួនឥឡូវសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់។ ប្រភពបញ្ជាក់ថា ជនសង្ស័យបានសារាភាពថាខ្លួនបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមផ្ទះច្រើនលើកមកហើយ ឥឡូវសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនឡើងតុលាការតាមនីតិវិធី៕

អេក្វាទ័រ៖គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅប្រទេសអេក្វាទ័រ (Ecuador) ដែលមានកម្រិតរហូតដល់៧.៨រ៉ិចទ័រនោះ បានសម្លាប់មនុស្សកើនឡើងដល់ ២៤៦នាក់ហើយ និងរងរបួសចំនួន២៥២៧នាក់ នេះបើតាមការបញ្ជាក់ពីអនុប្រធានាធិបតី អេក្វាទ័រ លោក Jorge Glas។ នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសានេះ។
ជាមួយគ្នានោះអគារផ្សេងៗ លំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយខ្លះទៀតបានខ្ទេចខ្ទីអស់តែម្តង។ មនុស្សភាគច្រើនដែលស្លាប់ និងរងរបួសនោះ គឺដោយសារតែ អគាររលំ និងបាក់បែកធ្លាក់សង្កត់ពីលើ ហើយមនុស្សជាច្រើនអាចកំពុង ជាប់ក្រោមគំនរអគារបាក់បែកបន្ថែមទៀត។ ទោះជាយ៉ាងណាចំនួនអ្នកស្លាប់អាចនឹងមានចំនួនកើនឡើងមន្ថែមទៀត៕

រាជធានីភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្ស៣៤នាក់ស្លាប់ និង១៥៣នាក់ផ្សេងទៀតរងរបួសក្នុងនោះរបួសធ្ងន់៩៧នាក់ និងរបួសស្រាល៥៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា នៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែមេសា ឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ មានចំំនួន៧៣លើក ហើយមូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារបើកបរក្នុងល្បឿនលឿន ស្រវឹង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តព្រៃវែង ៨លើក ស្លាប់៨នាក់, ខេត្តកណ្តាល ៦លើកស្លាប់៥នាក់, ខេត្តកំពង់ចាម ៦លើក ស្លាប់៤នាក់, ខេត្តកំពង់ឆ្នាំ ២លើកស្លាប់៣នាក់, ខេត្តកំពង់ស្ពឺ ៥លើក ស្លាប់២នាក់ និងខេត្តមួយចំនួនទៀត៕

ដោយ៖ ខេមរិន្ទ
ភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាចាត់ទុកការ ចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ជាករណីដូចគ្នានឹងករណីអតីតព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដោយលោកចាត់ទុកថានេះជា”បទល្មើសជាក់ស្តែង ” ។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការចាប់ខ្លួនតំណាងរាស្ត្របានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង ” ។ លោកបន្ថែមថា អ្វីៗអាស្រ័យលើតុលាការ។
អ្នកនាំពាក្យរងស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Woods Courtney បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅក្រោយពេលលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនថា ក្រសួងការបរទសអាមេរិកមានកាតព្វកិច្ច ផ្តល់ជំនួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិក នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែកកុងស៊ុលគ្រប់កាលៈទេសៈ”។
គួរបញ្ជាក់ផងដែរថា កន្លងទៅប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានអះអាងថា លោក អ៊ុំ សំអាន បានញុះញង់ឲ្យមានអស្ថិរភាពសង្គម និងមិនអាចអត់ឱនបាននោះទេ៕

ដោយ ខេមរា
ភ្នំពេញ៖លោកឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុនមនោ រតនៈ ខនស្ត្រាក់សិន ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ពាណិជ្ជករម្នាក់ នៅវេលាល្ងាចនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងករណីលោកឧកញ៉ារូបនេះ ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ដែលអ្នកខ្លះហៅថា សែកស្អុយក្នុងទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ។
មន្ត្រីនគរបាលមួយរូបបង្ហើបប្រាប់ថា អ្នកលោកឧកញ៉ា ងិន មនោ និងជាជំនួញដែលត្រូវនគរបាលឃាត់ខ្លួនឃាត់ខ្លួននោះ កំពុងត្រូវសមត្ថកិច្ចសាកសួរនៅក្រសួងមហាផ្ទៃនៅឡើយ មុននឹងបន្តនីតិវិធីផ្សេងទៀត ហើយបើសិនការផ្ទៀងផ្ទាត់ចម្លើយស៊ីគ្នានឹងការចោទប្រកាន់មែននោះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនទៅកាន់ស្ថាប័នតុលាការ ។
លោកឧកញ៉ា ងិន មនោ មិនអាចទាក់ទងសុំការពន្យល់ពាក់នឹងព័ត៌មានដូចខាងលើបានទេ កាលពីរសៀលថ្ងៃទី ១១ ខែមេសា ម្សិលមិញនេះ។
គួរជម្រាបថា លោក ងិន មនោ ប្រធានក្រុមហ៊ុនមនោ រតនៈ ខនស្ត្រាក់សិន ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៩/១៥៧ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩ ៕

កូឡាឡាំពួរ៖យោងតាមសារព័ត៌មាន Channel News Asia ផ្សាយថា សាលារៀនទាំងអស់នៅក្នុងស្រុក Perlis, Jerantut និង Temerloh ក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី ចំនួន ២៥៩កន្លែង ត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្ន ព្រោះតែរលកកម្តៅ El Nino នាពេលនេះ ហាក់នៅតែអាក្រក់ខ្លាំងឡើង។
ក្រសួងអប់រំម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយតាំងពីថ្ងៃអាទិត្យមកម្ល៉េះ អំពីការបិទសាលារៀន ទាំងអស់ខាងលើនេះជាបណ្តោះអាសន្ន ដើម្បីការពារដល់សុខុមាលភាពរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតសិក្សាចំនួន៩៧,៥៣៣នាក់។
គួរបញ្ជាក់ថា តំបន់មួយចំនួននៃរដ្ឋ Pahang សីតុណ្ហភាពបានកើនឡើងខ្ពស់បំផុត៣៧អង្សាសេ អស់រយៈពេល ៧២ម៉ោងកន្លងមកហើយ ដែលវាកំពុងបង្កជាគ្រោះរាំងស្ងួតកាន់តែខ្លាំង៕

អ៊ុយក្រែន៖នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseniy Yatsenyuk បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការិះគន់ ពីសំណាក់អ្នកនយោបាយត្រូវ”ធ្វើការ ផ្លាស់ប្តូរ” ។ ការប្រកាសលាលែងនោះគឺ បន្ទាប់ពី លោក Yatsenyuk បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីចាប់តាំងពី លោកជាអ្នកដែលនៅក្នុង រដ្ឋបាលលោក iktor Yanukovych អតីតប្រធានាធិបតី ដែលបានលាលែងពី តំណែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ។ លោកនឹងជូនដំណឹងដល់ សភានៅថ្ងៃអង្គារជុំវិញ បញ្ហាលាលែងពីតំណែងនេះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Petro Poroshenko បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីរូបនេះ បញ្ចប់មុខតំណែងនៅក្នុងខែកុម្ភៈដោយសារបាត់អ្នកគាំទ្រដោយសារតែមានរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា នឹងដកជំនួយពីអ៊ុយក្រែនវិញ ដរាបណាប្រទេសនេះមិនមានការកែទម្រង់ ថ្មីត្រឹមត្រូវនោះទេ៕

រាជធានីភ្នំពេញ៖លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP)បានថ្លែងអះអាងថា អភ័យឯកសិទ្ធិការពារ តែតំណាងរាស្ត្រណា ធ្វើការងារត្រូវច្បាប់ បើតំណាងរាស្ត្រណា ធ្វើការខុសពីច្បាប់កំណត់ អភ័យឯកសិទ្ធិមិនអាច ការពារបានឡើយ គឺត្រូវចាប់ខ្លួនប៉ុណ្ណោះ។
លោក សុខ ឥសាន្ដ បានបញ្ជាក់បន្ថែមថា “ការចាប់ខ្លួន អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រាះជាតិ (CNRP) លោក អ៊ុំ សំអាន គឺត្រូវនឹងនីតិវិធីច្បាប់។ លោកបន្តថា អភ័យឯកសិទ្ធិសម្រាប់ការពារ តែមន្ដ្រីនិងតំណាងរាស្ត្រ ឲ្យធ្វើការត្រឹមត្រូវ ប៉ុន្ដែអភ័យឯកសិទ្ធិមិនការពារ មន្ដ្រីតំណាងរាស្ត្រណា ធ្វើខុសពីច្បាប់”៕

ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ(CNRP) ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនហើយ នៅវេលាម៉ោងប្រមាណជាង១២យប់រំលងអធ្រត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកបានត្រឡប់មកដល់កម្ពុជាកាលពីម្សិលមិញ។
បើយោងតាមមន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តសៀមរាបថ្លែងប្រាប់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ ហើយនៅពេលនេះលោក អ៊ុំ សំអាន កំពុងបញ្ជូនមកកាន់រាជធានីភ្នំពេញ។ ការបញ្ជូនខ្លួនលោក អ៊ុំ សំអាន អាចនឹងមកដល់រាជធានីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ៕

ដោយ៖ស សាម
ខេត្តរតនគីរីៈមន្ត្រីនគរបាលខេត្តរតនគីរីជើងខ្លាំងម្នាក់ និងបក្ខពួក បានព្រួតគ្នាវាយអ្នក សារព័ត៌មានម្នាក់ក្រោយពេលទូរស័ព្ទហៅឱ្យលុយជាថ្នូរនឹងការជួយបិទបាំងករណីរថយន្ត១គ្រឿងដឹកឈើល្មើសច្បាប់ តែអ្នកសារព័ត៌មានរូបនោះមិនព្រមទទួលសំណូក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៥០នាទីថ្ងៃ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ ភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងប ខេត្តរតនគីរី។
តាមការឱ្យដឹងពីលោក ភួង ផុន អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារភ្នាក់ងារយកព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុប្រមាណជាកន្លះម៉ោង ឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាមន្ត្រីនគបាលប្រឆាំងគ្រឿងញៀន នៅស្នងការខេត្តរតនគីរី បានទូរស័ព្ទមកថា អោយប្រាក់ចំនួន៥០ដុល្លារ ជាថ្នូរនឹងករណី រថយន្តបាឡែនពណ៌ខ្មៅមួយគ្រឿងដឹកឈើខុសច្បាប់ តែលោកមិនទទួលនោះទេ។លោកបន្តថា បន្តិចក្រោយមកឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ និងឈ្មោះ ផេត សំណាង អាយុ ៣៤ ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស ព័ណ៌ខ្មៅ គ្មានស្លាកលេខបត់កាត់មុខទទឹងផ្លូវ បម្រុងកៀររថយន្តរបស់លោកទម្លាក់ពីលើថ្នល់ តែសំណាងល្អរថយន្តលោកបើកបរ មានល្បឿនយឺតៗ។
ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះបីជាពុំមានគ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្តែឈ្មោះ ផេត សំណាង បានចុះពីលើរថយន្តមកក្របួច.ក អាវអ្នកសារព័ត៌មាន ហើយឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាអ្នកទះកំផ្លៀង ។
លោកឧត្តមសេនីយ៍ នួន គឿន ស្នងការនគរបាលខេត្តរតនគីរីបានទទួលស្គាល់ថា បុរសឈ្មោះ ដុស វ៉ាន់វឌ្ឍនៈ ពិតជានគរបាលនៅស្នងការដ្ឋាននគរបាលខេត្តរតនគីរីប្រាកដមែន។
លោកបញ្ជាក់ថា លោកពុំទាន់ដឹងច្បាស់អំពីករណីនេះនៅឡើយទេ ព្រោះនៅថ្ងៃកើតហេតុ លោកជាប់មានធុរៈទទួលប្រតិភូប្រទេសវៀតណាម។យ៉ាងណាក៏ដោយ លោកលើកឡើងថា លោកនឹងពិនិត្យលើរឿងនេះ។
ពាក់ព័ន្ឋបញ្ហានេះ ពុំទាន់អាចសុំការអត្ថាធិប្បាយ ពីនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ឋ អគ្គស្នង ការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាល ជាតិបាននៅឡើយទេ ហើយនាយឧត្តមសេនីយ៍ ខៀវ សុភ័គ្គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ពុំ ទាន់សុំការអត្ថាធិប្បាយបាននៅឡើយដែរ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ឋិ មនុស្សអាដហុកប្រចាំខេត្តរតនគីរីបានថ្លែងថា ក្នុងករណីមានការគំរាមកំហែង ឫប្រើហិង្សាណា មួយលើអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាន តាមទីសាធារណៈ គឺជាអំពីខុសច្បាប់។
លោកលើកឡើងថា ក្នុងករណីចង់បំភ្លឺពាក់ព័ន្ឋ ការចុះផ្សាយណាមួយ ភាគីម្ខាងទៀតត្រូវប្រាប់ អង្គភាព សារព័ត៌មានដើម្បីចុះផ្សាយឡើងវិញ ហើយគេពុំគួរគំរាម ឫប្រើហិង្សាលើកអ្នកយក ព័ត៌មាននោះទេ។
លោកបញ្ជាក់ថា នឹងធ្វើការតាមដានលើ ករណីនេះ ព្រោះវាជាអំពើរំលោភសិទ្ឋិមនុស្ស និងរំលោភសិទ្ឋិរបស់អ្នកសារព័ត៌មាន។
មន្ត្រីប៉ូលីសដែលព្រួតគ្នាវ៉ៃអ្នកកាសែតលោក ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ មិនអាចទាក់ទងដ់ម្បីសុំការឆ្លើយតបបានទេ កាលពីរសៀលម្សិលមិញនេះ ។
បច្ចុប្បន្នអ្នកសារព័ត៌មានលោក ភួង ផុន កំពុងរៀបចំពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការលើករណីនេះ៕


ព្យុងយ៉ាង៖យោងតាមសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦នេះថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីភាពជោគជ័យនៃបាញ់ការសាកល្បងបាញ់គ្រាប់រ៉ុកែតឆ្លងទ្វីប។
តាមប្រភដខាងលើបានបញ្ជាក់ថា ភាពជោគជ័យនៃគ្រាប់រ៉ុកែតឆ្លងទ្វីបនេះគឺមានសារៈសំខាន់ក្នុងការពង្រឹងគុណភាពកម្លាំងនុយក្លេអ៊ែរនៅក្នុងវិស័យការពារជាតិរបស់កូរ៉េខាងជើងបន្ថែមទៀត។
គួរបញ្ជាក់ថា ការធ្វើតេស្តសាកល្បង ទទួលបានភាពជោគជ័យនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌល Sohae ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាច្បាស់លសា់នៃការបាញ់សាកល្បងនោះទេ៕

រាជធានីភ្នំពេញ៖ក្មេងស្ទាវពីរក្រុមបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងហុងកុងបណ្តាឲ្យរងរបួសធ្ងន់ទាំងសងខាងប្រមាណជិត១០នាក់។ ហេតុការណ៍នេះកើតឡើង នៅជិតផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៦។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនមានករណីវាយកាប់ចាក់គ្នានេះកើតឡើង គឺប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុ បាននាំគ្នាចាក់ធុងបាស់រាំលេងកម្សាន្ត ស្របពេលនោះដែរ ក៏មានក្រុមក្មេងស្ទាវមួយក្រុមប្រមាណជា១០នាក់ ជិះម៉ូតូបីគ្រឿងមកលេងផ្ទះជួលបងប្អូនក្បែរកន្លែងកើតហេតុ ខណៈដែលកំពុងជិះមកដល់បានជ្រុលចង្កូតទៅកិនជើង ស្ទាវមួយក្រុមទៀត នៅកន្លែងកើតហេតុ ភ្លាមៗនោះធ្វើឲ្យក្មេងស្ទាវដែលត្រូវគេជិះម៉ូតូកិនជើងនោះបានសួរនាំ រហូតបង្កជាពាក្យទំនាស់ពាក្យសំដីតឹងសរសៃកដាក់គ្នា ឈានទៅដល់ការទាញកាំបិត និងដំបងវាយកាប់គ្នា បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ជិត១០នាក់ និងខូចខាតម៉ូតូចំនួន៣គ្រឿង រីឯអ្នករងរបួសត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
ក្រោយមកសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានចុះមកអន្តរាគមន៌ដល់កន្លែងភ្លាមៗផងដែរ និងបានឃាត់ខ្លួនក្រុមក្មេងទំនើងម្ខាងទៀតបាន៤នាក់ ដើម្បីយកទៅសួរនាំរករឿងហេតុដែលបណ្តាលឲ្យមានហឹង្សារបង្កអោយមានរងរបួសធ្ងន់នេះកើតឡើង៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍