រាជធានីភ្នំពេញ ៖កាលពីរសៀលម្សិលមិញ រដ្ឋសភាបានធ្វើការអនុម័តសេចក្ដី ព្រាងច្បាប់ស្ដីពីសហជីព ដោយសំឡេងគាំទ្រ ៦៧លើ ៩៨សំឡេង ខណដែល លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំតាក់តែងឡើង អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ហើយក៏មានការជួបប្រជុំគ្នា ជាមួយភាគីពាក់ព័ន្ធ ជាច្រើនលើកផងដែរ។
យ៉ាងណាក៏ដោយ ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃចន្ទនេះ មានរបៀបវារៈ៤ ជាពិសេសរបៀបវារៈចុងក្រោយ ស្ដីពីសេចក្ដីព្រាងច្បាប់សហជីព ពិតជាមានការចម្រូងចម្រាស់ខ្លាំង ហើយក្រុមសហជីព និងសមាគមពាក់ព័ន្ធ បានដង្ហែក្បួនដាក់ញត្តិ ធ្វើសន្និសីទកាសែត និងឈានដល់ការប៉ះទង្គិចគ្នាទៀតផង នៅរង្វង់មូលសម្ដេចសង្ឃ ជួន ណាត៕
រាជធានីភ្នំពេញ ៖ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ។ នេះបើយោងតាមព្រះរាជក្រិត្យ លេខ នស.រកត ០៣១៦/៣៥៨ ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦នេះ៕
ខេត្តកណ្តាល ៖លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យឃាត់ខ្លួនម្ចាស់កំពង់ចម្លងអុងប៉ាង ស្រុកស្អាង ម្នាក់ទៀត ទាក់ទងហេតុការណ៍ ធ្លាក់រថយន្តក្នុងទឹកបណ្តាលឲ្យមនុស្សស្លាប់៧នាក់ពេលថ្មីៗ នេះ។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើង នៅវេលាម៉ោងប្រមាណ៧៖១៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បណ្តាលឲ្យស្លាប់៧នាក់ (ក្មេងៗចំនួន៥នាក់)៕
រាជធានីភ្នំពេញ ៖ACU បានសម្រេចឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ហើយ ហើយនឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU បានបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានឃាត់ខ្លួនគាត់ហើយពាក់ព័ន្ធអំពើពុករលួយ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់១២នាក់ (ស្រី៦នាក់) និងរបួសស្រាល៣នាក់ (ប្រុស)។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង៨លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ៦គ្រឿង, កង់ ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ២លើក(ស្លាប់១នាក់),បត់គ្រោះថ្នាក់១លើក, ប្រជែង២លើក។ ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់ (យប់១នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក , ផ្លូវខេត្តក្រុង ៤លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក។
ជាមួយគ្នានោះ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេស មានចំនួន ៥.០០២គ្រឿង ក្នុងនោះ បានធ្វើការអប់រំ ចំនួន២.២៨២គ្រឿង ពិន័យសរុប ២.៧២០គ្រឿង៕
បាល់ទាត់ ៖យោងតាម Facebook ផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសថា ពួកគេបានទិញយកកីឡាករកូរ៉េខាងត្បូង២នាក់បន្ថែមទៀតហើយ គឺ Sim Woon Sub និង Jang In Yong ក្នុងកុងត្រារហូតដល់ដាច់រដូវកាលនេះ បន្ទាប់ពីធ្វើការតេស្ដសមត្ថភាពប៉ុន្មានសប្ដាហ៍មកនេះ៕
បាល់ទាត់ ៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា លោកគ្រួបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Antonio Conte បានមកដល់នៅក្នុងទីក្រុងឡុងដ៍នឹងធ្វើការចុះកិច្ចសន្យាជាមួយ Chelsea នៅថ្ងៃស្អែកនេះ។
លោកគ្រួបង្វឹកសញ្ជាតិអីតាលីវ័យ៤៦ឆ្នាំរូបនេះ បានមានទំនាក់ទំនងក្នុងការមកដឹកនាំនៅកីឡដ្ឋាន Stamford Bridge ចាប់តាំងពីការចាកចេញរបស់លោក Jose Mourinho កាលពីខែធ្នូជាមួយនឹងអ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Guus Hiddink ដែលនិងអាចបណ្តេញចេញនៅពេលបញ្ចប់រដូវកាលនេះ។
តាមអះអាងរបស់លោក Di Marzio បានឲ្យឹដឹងថា វាពិតជាត្រឹមត្រូវមែន លោក Roman Abramovich ទទួលបានបុរសដែលគាត់ពេញចិត្តដែលនឹងមកដឹកនាំក្រុមមួយឲ្យទទួភាពជោគច័យនៅរដូវកាលក្រោយនេះ។
គួរបញ្ជាក់ថា លោកគ្រូវ័យ ៤៦ ឆ្នាំរូបនេះ នឹងដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីរហូតដល់យុទ្ធនាការបាល់ទាត់យ៉ូរ៉ូ ២០១៦ បញ្ចប់ ដែលនឹងរៀបចំឡើងក្នុងប្រទេសបារាំងនាពេលខាងមុខ៕
ខេត្តបន្ទាយមានជ័យ ៖បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ធ្វើការឃាត់ខ្លួនដោយតាមពាក្យបណ្តឹងពាក់ព័ន្ធពីបទចាប់រំលោភប្រពន្ធរបស់មិត្តភក្តិនៅតាមដងផ្លូវ កាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី៣០ មីនា ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ខណៈជនសង្ស័យដឹកជូននារីរងគ្រោះទៅរកប្តី។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះអឿ សុភា អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាមេផ្ទះ។
ប្រភពពីសមត្ថកិច្ចថា ការឃាត់ខ្លួននេះ គឺបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពចាប់នារីម្នាក់រំលោភបានសម្រេចនៅតាមផ្លូវ ខណៈដឹកនារីរងគ្រោះតាមម៉ូតូទៅរកប្តី។ ថ្ងៃកើតហេតុនោះ ជនសង្ស័យនិងប្តីនារីរងគ្រោះបានផឹកស៊ីជុំគ្នានៅផ្ទះ លុះស្រវឹងបុរសជាប្តីបានខ្ចីម៉ូតូជនសង្ស័យចេញទៅក្រៅ ។ ដោយម៉ូតូបែកកង់ ប្តីក៏បណ្តើរម៉ូតូត្រឡប់មកវិញសុំប្រាក់ប្រពន្ធទៅដូរពោះវៀនម៉ូតូឱ្យមិត្តភក្តិ ។ លុះប្រពន្ធមិនឱ្យ ទើបបុរសជាប្តីខឹង ក៏ទាញកង់ជិះចេញទៅបាត់។
ដោយបាត់ប្តីយូរពេក មិនឃើញត្រឡប់មកវិញ ក៏ពឹងជនសង្ស័យឱ្យជូនទៅរកប្តីនៅផ្ទះម្តាយរបស់នាង ។ ដឹងអី ដឹកដល់កណ្តាលផ្លូវ ត្រូវជនសង្ស័យឆក់ឱកាសចាប់រំលោភបានសម្រេច រួចដឹកមកផ្ទះវិញ។
នារីរងគ្រោះពេលឃើញប្តី ក៏បានរៀបរាប់ប្រាប់តាមដំណើររឿង ក៏រាយការណ៍ប្រាប់មេភូមិឱ្យជួយអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនតែម្តង ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់ស្ត្រីរងពិតប្រាកដម៉ែនពេលដឹកនាងទៅរកប្តីនាងស្ងាត់ផងក៏មានអារម្មណ៍ដោយអំណាចស្រវឹងសាធ្វើអោយគេហ៊ានធ្វើបែបនេះ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមច្បាប់៕
រាជធានីភ្នំពេញ ៖តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់ថា ពេលនេះឯករាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរេខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន និងសួរចម្លើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលតែ២ ឬ៣ថ្ងៃនេះ មន្ត្រីរបស់ក្រសួងការបរទេស២រូបហើយត្រូវបានACU ចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលួយ៕
រាជធានីភ្នំពេញ៖តំណាងសហជីពម្នាក់បានរងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រាវជាមួយកងកម្លាំងសមត្ថកិច្ចនៅចំណុចរង្វង់មូលសម្តេចសង្ឃ ជួន ណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ការរុញច្រានប៉ះទង្គិចគ្នានេះ បានធ្វើឡើងអំឡុងពេលក្រុមអង្គការសង្គមស៊ីវិលជិត១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យរដ្ឋសភាពិចារណាការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព នាព្រឹកថ្ងៃទី០៤ មេសា ២០១៦។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃចន្ទនេះ ក្រុមសង្គមស៊ីវិលប្រមាណ១០០នាក់បានប្រមូលប្តុំគ្នាតវ៉ា ឲ្យរដ្ឋសភាពិចារណាការអនុម័តច្បាប់សហជីព ខណៈរដ្ឋសភាកំពុងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន២៦រូប៕
រាជធានីភ្នំពេញ ៖លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចថានឹងមិនបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៤ ខែមេសានេះទេ ព្រោះថា គណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរនោះឡើយ ហើយក៏មិនមានអ្វីថ្មីនេះដែរ ។ ទន្ទឹមការលើកឡើងរបស់លោក យឹម សុវណ្ណ គេនៅមើលថា លោក កឹម សុខា ប្រធានស្តីទី CNRP ក៏មិនមានវត្តមានក្នុងសភានាព្រឹកថ្ងៃច័ន្ទ នេះផងដែរ ដោយសារតែលោកចេញទៅប្រទេសថៃ ជាមួយកូនស្រីបាត់ទៅហើយ៕
រាជធានីភ្នំពេញ ៖មន្ត្រីម្នាក់ដែលមានតួនាទីជាប្រធានការិយាល័យ អូស្ត្រាលីញូហ្សេឡែន នៅនាយកដ្ឋានអាស៊ី២នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយបញ្ចូនមកអយ្យការអមសាលាដំបូងរាជធានីនាព្រឹកថ្ងៃទី២ មេសា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយ តាមរូបភាពទទួលលុយពីក្រុមហ៊ុនបរទេសដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ។ បច្ចុប្បន្នមន្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារងលោក លី សុផាណា ។
មន្ត្រីក្រសួងការបរទេសរូបនេះ ឈ្មោះ អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបរទេសតែម្ដង ។ សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា មន្ត្រីរូបនេះអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
ទាក់ទងករណីនេះ កាលពីថ្ងៃ៣១ មីនា លិខិតជូនព័ត៌មានរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការផ្សព្វផ្សាយភ្លាមៗក្នុងក្រសួងផងដែរ ដែលសរសេរថា សូមឯឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ កុំមានការភ្ញាក់ផ្អើលចំពោះករណី «អង្គភាពប្រឆាំងអំពើពុករលួយ» បានចាប់មន្ត្រីក្រសួងការបរទេសមួយរូប នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះ ដោយសារមានភស្ដុតាងច្បាស់លាស់អំពីការទទួលលុយពីក្រុមហ៊ុនបរទេសដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេស ។ ដូច្នេះ សូមឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងបន្តការងាររបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕
នីហ្សេរីយ៉ា ៖មេដឹកនាំក្រុមអាល់កៃដា ដែលគេអះអាងថា ជាក្រុមរដ្ឋឥស្លាម Ansaru ត្រូវចាប់ខ្លួនបានហើយនៅក្នុងប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយពីសារព័ត៌មាន BBC។
អាជ្ញាធរបាននិយាយថា មេដឹកនាំដែលចាប់ខ្លួននោះឈ្មោះ Khalid al-Barnawi ws ត្រូវបានចាប់ខ្លួននៅ Lokoja នៃរដ្ឋធានីស្ថិតនៅ ភាគកណ្តាលរដ្ឋ Kogi ។
គួរបញ្ជាក់ថា មេដឹកនាំក្រុមរដ្ឋឥស្លាមដែលធំនោះ គឺក្រុម Boko Haram ដែលជាកងជីវពលរបស់ក្រុមជីហាដនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយគេស្គាល់ច្បាស់បានចាប់ចំណាប់ខ្មាំងបរទេសជាច្រើននាក់៕
រាជធានីភ្នំពេញ ៖នារី២នាក់ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមជិះម៉ូតូម៉ាកហង់ដាZOOMER X ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូម៉ាកហង់ដាស្កុពីបានសម្រេចដោយសុវត្ថិភាព។ ករណីនេះកើតឡើងនៅចំណុចនៅស្តុបនាគវ័ន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីទាំងពីរនាក់ខាងលើបានចេញពីពិធីខួបកំណើតមិត្តភក្ដិនៅមជ្ឈមណ្ឌលកោះពេជ្រ ធ្វើដំណើរតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅផ្ទះ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យជិះម៉ូតូម៉ាក ZoomerX មិនចាំពណ៌ និងស្លាកលេខ តាមពីក្រោយប្រដាប់ដោយអាវុធបានភ្ជង់ប្លន់ ធ្វើឱ្យនារីរងគ្រោះមានការភិតភ័យ ក៏បានឈប់ម៉ូតូដោយមិនអាចតដៃបាន ជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្ដង។ ប្រភពបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យយកទៅបាត់ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0774 បន្ទាប់មកសមត្ថកិច្ចបានមកដល់ ហើយបានត្រឹមតែយកនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍តែប៉ុណ្ណោះ៕
រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ រងរបួសធ្ងន់១៧នាក់ និងរបួសស្រាល ១៣នាក់។ នេះបើយោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើក បានបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន ១៥គ្រឿង, រថយន្តតូច ១២គ្រឿង, រថយន្តធំ ១គ្រឿង និងថ្មើរជើង ២នាក់។ មូលហេតុមកពី បើកបរល្បឿនលឿន ៩លើក, ប្រជែង៤លើក,មិនគោរពសិទ្ធិ២លើក,ស្រវឹង១លើក និងមិនប្រកាន់ស្តាំង១លើក។
ជាមួយគ្នានោះម្សិលមិញលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មានមធ្យោបាយចូលគោលដៅចំនួន ១៧.២៩១គ្រឿង (ម៉ូតូ ៦៤ភាគរយ),មធ្យោបាយល្មើស៣.២៩៧គ្រឿង (ម៉ូតូ៦៣ភាគរយ), អប់រំ១.៦៤៦គ្រឿង ស្មើនឹង៥០ភាគរយ និងពិន័យ១.៦៥១គ្រឿង(បង់ប្រាក់៩២ភាគរយ)៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍