All posts by មេគង្គ ប៉ុស្តិ៍

​វៀតណាម ស្នើ​កម្ពុជា​គាំពារ​អ្នក វិនិយោគ និង​អាណិកជន​វៀត​ណាម នៅ​កម្ពុជា

​លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​លេខា​ម​ជ្ឈឹ​ម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ដ​វៀតណាម បានស្នើ​សុំ​បាន​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ជួយ​បន្ត​និង​គាំទ្រ​ចំពោះ​វិនិយោគិន​ដែល​កំពុង​បោះទុន​វិនិយោគ​និង​ប្រកប​របរ​ទទួលទាន និង​អនិកជន​វៀតណាម​ដែល​កំពុង​រស់នៅ​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា​។​

​ការស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំ​នូ​ប​ពិភាក្សា​រវាង លោកស្រី ជុង ធី​ម៉ា​យ ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ នៅ​វិមាន​រដ្ឋសភា​។​

​ជាការ​ឆ្លើយតប សម្តេច ហេង សំរិន បាន​បញ្ជាក់ថា ស្ថិតក្នុង​ដំណាក់កាល​ថ្មី​នេះ កម្ពុជា​-​វៀតណាម​បាន​បន្ត​សហការគ្នា​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ដើម្បី​លើក កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

សំបុត្រ​ទស្សនា​ការប្រកួត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ពានរង្វាន់ Suzuki Cup ដាក់លក់​នៅ​ចុងខែ​នេះ

​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​ជូនដំណឹង​ថា សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ពា​ន​រង្វាន់ AFF Suzuki Cup 2018 រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃ​២៩ ខែតុលា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៦​ល្ងាច នៅ​បញ្ជរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​សម្រាប់​តម្លៃ​សំបុត្រ​មាន ២​ប្រភេទ គឺ​ប្រភេទ​ទី​១ មានតម្លៃ ៦.០០០​រៀល និង​ប្រភេទ​ទី​២ ជា​កន្លែង មាន​ដំបូល​មួយ​សន្លឹក​តម្លៃ​១២.០០០​រៀល ។

​សូម​ជម្រាប​ប​ថា កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ស្វាគមន៍ ម៉ាឡេស៊ី ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ និង​៣០​ល្ងាច នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​៕

​លោក ជាម ច​ន្នី អតីតមន្ត្រី CNRP ទទួលមរណភាពដោយសារ​ដុះ​សាច់​ក្នុង​ខួរក្បាល​

​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក​របស់លោក មុត ចន្ថា បានសរសេរថា លោក ជាម ច​ន្នី អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកំពង់ចាម បានទទួល​មរណភាព​ហើយ នៅ​រសៀល ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ នៅ​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ជំងឺ ដុំ​សាច់​ក្នុង​ខួរក្បាល​។

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ អតីត CNRP បាន​ថ្លែងថា តាម​ការផ្សព្វផ្សាយ​សារ​រំលែក​ទុក្ខ​របស់លោក មុត ចន្ថា មរណភាព របស់លោក ជាម ច​ន្នី គឺជា​ព័ត៌មាន​ពិត​ហើយ​។ លោក ជាម ច​ន្នី មាន​ជ​ន្នា​យុ ៥៨ ចូល ៥៩ឆ្នាំ​។ គាត់​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល ហើយ​គាត់​ធ្លាប់​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ពីរដង​រួចមកហើយ​»​។​

​គួររំលឹកថា នៅក្នុង​បក្ស លោក ជាម ច​ន្នី គឺជា​អ្នកមាន​ប្រជាប្រិយភាព​ម្នាក់ និង​មានការ​គាំទ្រ​ច្រើន​ពី​សកម្មជន​នានា ។ លោក ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ម្ដងដែរ កាលពី​អាណ​ត្ដិ​ទី ២ ខណៈដែល​លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ជាតិខ្មែរ​»៕

​អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ខុសច្បាប់​តាម​ដងស្ទឹង​ព្រែក​ត្នោត

​ភ្នំពេញ ៖ មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សំណង់​ផ្ទះល្វែង និង​តូប​ខុសច្បាប់​ចូល​ចំណី ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ក្រាំង​ពង្រ ប្រសិនបើ​ពួកគេ មិន​អនុវត្ដ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សាលាខណ្ឌ ដែល​បាន​ជូនដំណឹង​ឲ្យ​រុះរើ​នាពេល កន្លងមក​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ការសាងសង់​របស់ លោក​-​លោកស្រី នៅ​ទីតាំង​ខាងលើ​ពុំមាន​លិខិតអនុញ្ញាត​សាងសង់​នោះទេ ព្រោះ​បាន​សាងសង់​ចូល​ចំណី​ស្ទឹង​ព្រែក​ត្នោត​។ ដូច្នេះ​តម្រូវ​ឲ្យ បញ្ឈប់​សកម្មភាព​សាងសង់​ជាបន្ទាន់ និង​ត្រូវ​រុះ​រើចេញ​ជាបន្ទាន់​។ ករណី​មិន​អនុវត្ដ​តាម​ការ​ណែ នាំ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់វិធានការ​រុះរើ​សំណង់​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត ឬ​ការបាត់ បង់​អ្វី​ឡើយ​។ ក្នុងករណី​រឹងរូស នឹងត្រូវ​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​»៕

SONY DSC

​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ដាក់ឈ្មោះ វិថី​សម្តេច​វិបុល​បញ្ញា សុខ អាន

​សៀមរាប ៖ សេចក្តីប្រកាស​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ចាប់ពី​ចំណុច​កែង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់ទី​ស្នាក់ការ​អាជ្ញាធ​រ​ជាតិ​អប្សរា ត្រូវ​បានប្រកាស​ដាក់ឈ្មោះ​ថា «​វិថី​សម្តេច​វិបុល​បញ្ញា សុខ អាន​» ។ នេះ​បើតាម នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា ការកំណត់​ដាក់ឈ្មោះ​ដូច្នេះ គឺធ្វើឡើង​ដើម្បី​តបស្នង​សងគុណ​ដ៏​ថ្លៃថ្លា​របស់លោក សុខ អាន ក្នុង​បុព្វហេតុ​លើ​វិស័យ​បេ​ក​តិក​ភណ្ឌ ។ វា​កើតឡើង​ក្រោយ អាជ្ញាធរ​ជាតិ​អប្សរា ស្នើ​ទៅ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​កំណត់​ឈ្មោះ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ហៅ​ផ្លូវ​នេះ​ថា ផ្លូវ​៦០​ម៉ែត្រ ៕

ទិវា​ផ្សោត​មេគង្គ ឆ្នាំ​២០១៨ ធ្វើ​នៅ​ខេត្តក្រចេះ នា​រសៀល​ថ្ងៃទី​២៦ ខែតុលា នេះ

​ក្រចេះ ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា​(WWF)​បាន​បញ្ជាក់ថា ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​២០១៨​នឹងត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី​២៦ ខែតុលា នា​សួនច្បារ​បឹង​ហ្គា​ឡូ ទី​រួម​ខេត្តក្រចេះ​ចាប់ពី​ម៉ោង​៣​រសៀល​តទៅ ។​

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់​ដែរ​ថា កម្មវិធី​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន ក៏ត្រូវ​បានរៀបចំ ឡើង​ក្នុង​ទិវា​ផ្សោត​មេគង្គ ២០១៨ ដូចជា ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​របស់​ខេត្តក្រចេះ​, ការតាំង​បង្ហាញ​រូបថត​, ល្បែង​កម្សាន្ត​, ការឆ្លើយ​សំណួរ​ឈ្នះ​រង្វាន់​, ការសម្តែង​សិល្បៈ​ដោយ​តារា​ល្បីៗ ព្រមទាំង​កម្មវិធី​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ។​

​របាយការណ៍​ពី​អង្គការ WWF បញ្ជាក់ថា ក្នុង​ឆ្នាំ​១៩៩៧ ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ មាន​ប្រមាណ ២០០​ក្បាល តែ​បាន​ធ្លាក់​មក​នៅ​ប្រមាណ​៨០​ក្បាល ក្នុង​ឆ្នាំ​២០១៥ ។ បើ​គិត​ត្រឹម​ខែមេសា ឆ្នាំនេះ សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​កំពុង​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ បាន​កើនឡើង​ពី ៨០ ទៅ ៩២​ក្បាល ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​៕

​លក់​ដី​ទុក​លុយ​មើលជំងឺ តែ​ប្រពន្ធ​លួច​លុយ​រត់​បាត់ ប្តី​ចងក​ស្លាប់​

​ភ្នំពេញ ៖ បុរស​ចំណាស់​វ័យ​៦៥​ឆ្នាំ​ម្នាក់ ទំនងជា​តូចចិត្ត​ដោយមាន​ជំងឺ​ប្រចាំកាយ ហើយ​ត្រូវ​ប្រពន្ធ​លួងលោម​អោយ​លក់​ដី​យកលុយរ​ត់ទៅ​បាត់​ក៍​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​ធ្វើអត្តឃាត​តែម្តង​។​

ការធ្វើអត្តឃាត​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ និង​៥០​នាទី ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅលើ​ដើម​អាកាស្យា មាត់​ត្រពាំង ជាប់​របង​ព្រលានយន្តហោះ ក្រោយ​វត្ត​អង្គ​តា​មិញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ បន្សល់​សំបុត្រ​បណ្តាំ​មួយ​សន្លឹក មាន​ដាក់​លេខ​ទូរស័ព្ទ​កូនៗ សម្រាប់​ឲ្យ​អោយ​សមត្ថកិច្ច​ទំនាក់ទំនង​។​

​បុរស​ដែល​ធ្វើ​អត​ឃាត​នេះ ឈ្មោះ គឹម សុផល អាយុ​៦៥​ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ ទឹកនោមផ្អែម មាន​ប្រពន្ធ ឈ្មោះ កែ សំអុល អាយុ ៥៨ ឆ្នាំ មុខរបរ​លក់ដូរ និង​មានកូន​ចំនួន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ស្នាក់នៅ​បន្ទប់​ជួល លេខ បេ​១៨ នៅក្បែ​ង​កើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ស្នង ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​តាម​ព័ត៌មាន​អោយដឹងថា កាលពី​កន្លះ​ខែ​មុន បុរស​រូបនោះ បាន​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​ម្តង​រួចមកហើយ នៅក្នុង​ចេ​តី​យ៍​វត្ត​អង្គ​តា​មិញ តែ​មិនបាន​ស​ម្រ​ច ដោយ​អ្នកភូមិ​ឃើញ​ទាន់ ប្រាប់​កូនចៅ​ជួយសង្គ្រោះ ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះ​។ ការធ្វើអត្តឃាត​ដោយសារ​តែមាន​វិបត្តិ​ផ្លូវ ចិត្ត​និង​មាន​ជំងឺ​ប្រចាំកាយ​។​

​តាម​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា បុរស​រូបនោះ​មាន​ជំងឺ​ប្រចាំកាយ ហើយ​ប្រពន្ធ​បាន​ធុញទ្រាន់​នឹង​ការ​មើលថែ​។​ចំណែក​កូន​ក៍បាន​ចាកចេញ​អស់​។​

​តាម​ព័ត៌មាន​បាន​អោយដឹងទៀតថា រយះពេល​ប្រមាណ​ជិត​មួយខែ​ហើយ ស្ត្រី​ជា​ប្រពន្ធ​ក៍បាន​លួងលោម អោយ បុរស​រូបនោះ​អោយ​លក់​ដី​នៅ​ស្រុក ដើម្បី​យកប្រាក់​មក​ព្យាបាល​ជំងឺ ពេល​លក់​ដី​បាន​លុយ​ហើយ ប្រពន្ធ​បាន​យកប្រាក់​រត់គេច​បាត់ ប្រមាណ​កន្លះ​ខែ​មកហើយ​។​នៅពេល​ថ្មី​នេះ បុរស​រួប​នោះ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​ចៅ និង​កូន តែ​នៅ​ថ្ងៃកើតហេតុ កូនចៅ​មិន​នៅផ្ទះ​ទេ ធ្វើអោយ​បុរស​នោះ​មានឱកាស​ចង ក​សម្លាប់ខ្លួន​នឹង​ដើម​អាកាស្យា​បញ្ចប់​ជី​វិ​តែម្តង​៕

ស្រី​ងូតទឹក​ស្រាត​រត់​លេង​លើ​ឆ្នេរ មិនមែន​នៅ​សមុទ្រ​កម្ពុជា​ទេ​

​ព្រះសីហនុ ៖ រូបភាព​ស្ត្រី​ដែល​ងូតទឹក​ស្រាត​រត់​លេង​នៅ​​លើឆ្នេរសមុទ្រ ដែល​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​មិនមែន​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ​នោះទេ​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​របស់​អភិបាលក្រុង​ព្រះសីហនុ​លោក អ៊ី សុខ​ឡេង កាលពី​ថ្ងៃទី​២៥ ខែតុលា ម្សិលមិញ​នេះ ។​

​ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ រូបភាព​ស្ត្រី ស្រាត​ងូតទឹក និង​រត់​លេង​នៅលើ​ឆ្នេរ​​សមុទ្រ ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែលមាន​សម្លៀកបំពាក់់ ។ រូបភាព​នេះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​ចែកចាយ​ពីមួយ​ទៅមួយ​ដោយបាន​រិះគន់​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្ទុយ​ពី​ការអះអាង​របស់លោក​អភិបាលក្រុង​ព្រះសីហនុ ថា ការពិត​រូបនេះ គឺ​មិនមែន​នៅក្នុង​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​នោះទេ​។​

លោក​អភិបាលក្រុង​ព្រះសីហនុ ក៏បាន​សំណូមពរ​ទៅដល់​អ្នក​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក កុំ​ផ្សព្វផ្សាយ​អ្វីដែល​គ្មាន​ការពិត មិន​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​ភ័នច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេសជាតិ​៕

រដ្ឋមន្ត្រីក្រសួង​ការងារ គូ​វ៉ែត សន្យា​ការពារ​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ទីនោះ

​ភ្នំពេញ ៖ លោកស្រី ហ៊ី​ន អាល់ សា​ប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​រដ្ឋ គូ​វ៉ែត បាន​ថ្លែង​បញ្ជាក់​ក្នុងឱកាស​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក ថ្ងៃ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា គូ​វ៉ែត នឹង​ការពារ​យ៉ាង​ពេញលេញ​ដល់​ពលករ​កម្ពុជា​ដែល​ទៅ​ធ្ចើ​ការ​នៅ​ទីនោះ​។​

​តាមរយៈ​លោកស្រី​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច គូ​វ៉ែត សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​វិនិយោគិន​គូ​វ៉ែត មក​ធ្វើ​ទេសចរណ៍​កំសាន្ត ឬ​បណ្តាក់ទុន​អាជីវកម្ម នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ពីព្រោះថា កម្ពុ​ជាមាន​សក្តានុពល​អាច​វិនិយោគ​បាន​ច្រើន​វិស័យ និង​មាន សុខសន្តិភាព​។​

​គួរ​ជម្រាប​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ពង្រឹង និង​ពង្រីក​ការអនុវត្ត​កម្មវិធី​ហ្វឹកហ្វឺន​ដល់​ពល​ករក​ម្បូ​ជា ឲ្យ​កាន់​តែមាន​ជំនាញ​ការងារ​ច្បាស់លាស់​ ៕

ផ្ទុះ​លើ​អាកាស និង​ធ្លាក់​បំណែក​យាន(ដ្រូន)ចំនួន​៩​កន្លែង​ក្នុងស្រុក​គូលែន

​ខេត្តព្រះវិហារ ៖ សំឡេង​ផ្ទុះ​លើ​អាកាស​យ៉ាងខ្លាំង​លាយឡំ​នឹងមាន​បំណែក​ជាច្រើន​ធ្លាក់​មក​ដី​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៥ តុលា នេះ ហើយ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាច្រើន​នាក់ រួមទាំង​ប្រជាពលរដ្ឋ​ផង​នោះ បាន​ស្វែងរក​បំណែក​យាន្ដ​ធ្លាក់​មកលើ​ដី ចំនួន​៩​គោលដៅ ខ្លះ​ធ្លាក់​មកលើ​ដីឡូត៍ ខ្លះ​ធ្លាក់ចំ​ដីចំការ និង​ខ្លះទៀត​ចំ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​។​

​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សង្ស័យថា សំឡេង​ផ្ទុះ​បង្ក​ការភ្ញាក់ផ្អើល​រួមទាំង​បំណែក​ដែល​ធ្លាក់​មក​ដី​នោះ​ជា​បំណែក​យន្តហោះ​ដែល​គេ​សង្ស័យថា បាន​ផ្ទុះ​ធ្លាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ក្រោយ​មាន​សំឡេង​ផ្ទុះ​នៅលើ​អាកាស ក្រុមការងារ បាន​រកឃើញ​បំណែក​យាន​ដែល​ផ្ទុះ​នេះ ធ្លាក់​រាយប៉ាយ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​គូលែន ប៉ុន្ដែ​បំណែក​ដែលជា​ប្រភេទ​អាលុយមីញ៉ូម និង​ជ័រ ដែលមាន​ទម្ងន់​ជាង​៤០​គីឡូក្រាម មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស​សត្វ​នោះទេ គ្រាន់តែ​ខូចខាត​ដំបូលផ្ទះ​មួយចំណែក របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​ក្រសួង​កា​ពារ​ជាតិ​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ពិតជា​មាន​កណី​ផ្ទុះ​លើ​អាកាស និង​មាន​បំណែក​អា​លុយ​មី​ញូ​ម​ធ្លាក់​មក​ដី​ពិតមែន​។ លោក​ថា សង្ស័យ​ជា​ករណី​យាន (​ដ្រូ​ន​) គ្មាន​មនុស្ស​បើក ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​៕

ឡោមព័ទ្ធ​ចាប់​​ក្រុុម​ប្លន់ និង​លួច​រថយន្ត​មកពី​វៀតណាម​

​ភ្នំពេញ ៖ ប្រ​ត្តិ​ប​ត្តិ​ការ​ណ៌​ស្រាវជ្រាវ​ចុះបង្ក្រាប​ជនសង្ស័យ​ពាក់​ព​ន្ធ័​ករណី​ប្លន់​រថយន្ត​ពី​ប្រទេស​វៀតណាម ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ និង​ដកហូត​រថយន្ត​ច​ចំនួន​៣​គ្រឿង ស្លាក​លេខ​រថយន្ត វៀតណាម​ជាច្រើន បន្ទះ និង​សម្ភារៈ​សម្រាប់​កិប​ដោះដូរ​ស្លាក​លេខ​មួយចំនួន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​១ សង្កាត់ ស្ទឺ​ង​មានជ័យ​១ ខណ្ឌមានជ័យ​។

​ការចុះ​បង្ក្រាប​ជនសង្ស័យ​ខាងលើនេះ គឺមាន​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ង៉េ​ង​ជួរ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ជា​លទ្ធផល​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ពាក់​ព​ន្ធ័ និង​ករណី​ប្លន់ និង​លួច​រថយន្ត​ពី​ប្រទេស​វៀតណាម យកមក​ដោះដូរ​ស្លាក​លេខ​នៅ​ចំនុច​ផ្ទះល្វែង​ខាងលើ តែ​សមត្ថកិច្ច​មិនបាន​បង្ហើប​អោយដឹងពី​អត្តសញ្ញាណ និង​ចំនួន​ជនសង្ស័យ​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះទេ គ្រាន់តែ​ប្រាប់​អោយដឹងថា សមត្ថកិច្ច​របស់លោក និង​បន្តទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​បក្ខពួក​ដែល​នៅ​សេសសល់​បន្តទៀត​។​

​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​ត្រូវបាន​បញ្ជូន​ភ្លាមៗ​យកទៅ​កាន់​នាយក​ដ្ខា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​ទួលស្លែង ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​

 

​ភ្នំពេញ ៖ អតីត​មេ​គុក​ទួលស្លែង (​មន្ទីរ​ស​២១) កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ ត្រូវ​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ក្នុងអំឡុងពេល​ជាប់ទោស​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​។

​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​បញ្ជាក់ថា ឌុ​ច មាន​បញ្ហា​ផ្លូវដង្ហើម និង​រាក គាត់​ចាប់ផ្តើម​មាន​បញ្ហា​ជំងឺ​នេះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ កន្លងទៅ​។ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ខ្មែរ​-​សូ​វៀត​»​។​

​សូម​រំលឹកថា បុរស​វ័យ​៧៦​ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ នៅ​ទីក្រុង​ភ្នំពេញ ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។ កាលពី​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៣ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​បន្ត​ការអនុវត្ត​ទោស​អស់​មួយជីវិត​៕

​កម្ពុជា សម្រេច​ឲ្យ​ការិយាល័យ​សិទ្ធិមនុស្ស UN បន្ត​អាណត្តិ​២ ឆ្នាំ​ទៀត

​ភ្នំពេញ ៖ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet) ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​២៣ តុលា ក្នុង​ទីក្រុង​ហ្សឺ​ណែវ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​បន្ត​អាណត្តិ ២​ឆ្នាំ​ទៅមុខទៀត ដល់​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​ជំនួប​ទ្វេភាគី នេះ បាន​ឲ្យ​ដឹង​ដែរ​ថា « លោកជំទាវ​បានធ្វើការ​កត់សម្គាល់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​របស់​ស្ត្រី កុមារ កម្មករ កម្មការិនី អប់រំ និង​ការមិន​រើសអើង​។ លោកជំទាវ មី​សែ​ល បា​សែ​ឡែ​ត បាន​មានប្រសាសន៍ថា តាមរយៈ​ចំណុច​ល្អៗ​របស់​កម្ពុជា លោកជំទាវ​នឹង​បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ស្តីពី​កម្ពុជា​។​ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោកស្រី Michelle មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ផងដែរ​៕

​គណៈរដ្ឋមន្ដ្រី នឹង​បើក​កិច្ចប្រជុំ​នៅ​សុក្រ​ទី​២៦ តុលា នេះ

​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៨:៣០​
នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ក្នុង​វិមាន​សន្តិភាព ។​

​កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តឡើង​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំ​ឃាន់ៗ​មួយចំនួន មានដូចជា ៖

១. សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។​
២. សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​
៣. បញ្ហា​ផ្សេងៗ ក្នុងនោះ​មាន​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ ដូចជា ៖
១- កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​
២- សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្តីពី​បត្យាប័ន ៕

​កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ជិត​២៥០​លាន​ដុល្លារ​ថ្មីទៀតពី ADB

​ភ្នំពេញ ៖ កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ជិត ២៥០​លាន​ដុល្លារ​អាមេរិក ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB សម្រាប់​អនុវត្តន៍​គម្រោង និង​កម្មវិធី​ចំនួន​៤ រួមមាន​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​,​គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ,​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​។

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។​

​គួរ​ជម្រាប​ថា ក្នុង​ចំនួន​ហិរញ្ញប្បទាន​សរុប​ជិត​២៥០​លាន​ដុល្លារ​នោះ មាន​ទឹកប្រាក់​ប្រមាណ ៨៨,៥០ លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ជំហាន​ទី​៤​។ គម្រោង​នេះ នឹង​ជួយ​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ក្នុង​របៀង​អាទិភាព​ចំនួន​៣ គឺ​នៅ​ក្រុង​កំពង់ចាម ក្រុង​ក្រចេះ និង​ក្រុង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​៕