All posts by មេគង្គ ប៉ុស្តិ៍

ដឹក​កាំភ្លើងចេញទៅវៀតណាម ច្រើន ដងហើយ ទើបចាប់បានម្តង ចំនួន ៣៥ដើម

​ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១៖២០​នាទី នៅតាម​ផ្លូវ​ចូលទៅ​ព្រំដែន​ប្រ​ទស​វៀតណាម មាត់ច្រក ទន្លេ​ចាម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ​សមត្ថកិច្ច​ចម្រុះខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​ចំរុះ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0839 លួច​បង្កប់​កាំភ្លើងខ្លី ទំនើប​ចំនួន​៣៥​ដើម ដែលជា​ប្រភេទ​កាំភ្លើង​បាញ់​ឲ្យ​សន្លប់ និង​អាច បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​បាន​។​

​តាម​ការឆ្លើយ​សារភាព​ពី​មា្ច​ស់បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំងនេះ ខ្លួន​បាន​សាង​ពី​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ លាយឡំ​ជាមួយ​ទំនិញ​ចំ​ម្រុះ ដោយ​មិនបាន​ដឹងថា ជា​អាវុធ​ទេ​។ ម្ចាស់​រថយន្ត​បាន​បន្ថែមថា ខ្លួន​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ ក៏ត្រូវ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​តែម្តង​។​

​តាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស និង​មានការ​សម្របសម្រួល​ពី​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា ខេត្ត​ត្បូងឃ្មុំ ម្ចាស់​ទំនិញ និង​អ្នកបើកបរ ព្រមទាំង​អាវុធ​ខុសច្បាប់​ទាំងនេះ បាន​ប្រគល់ជូន​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

ក្រសួងបរិស្ថាន ប្រកាស​បញ្ឈប់​រាល់​កា​ឈូសឆាយ កាន់កាប់​ដី​ខុសច្បាប់ នៅ​គីរីរម្យ

​ក្រសួងបរិស្ថាន បានប្រកាស​បដិសេធ​នូ​វ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ «​គីរីរម្យ​» ដូចជា ការកាប់​ទន្ទ្រាន​កាន់កាប់ ការ ផ្ទេរ និង​ទិញ​លក់​ដី​ដោយ​ខុសច្បាប់​។

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន និង​កំពុង​ឈូសឆាយ កាន់កាប់​ដី​ដោយ​ខុសច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងអស់​។​

​ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​ណែ​នាំឱ្យ​រដ្ឋបាល​មូលដ្ឋាន ជាពិសេស​ភូមិ ឃុំ និង​ស្រុក បញ្ឈប់​ជាបន្ទាន់​នូវ​ការបញ្ជា​ក់លើ​លិខិត ទិញ​-​លក់​ដី​រដ្ឋ ផ្ទេរសិទ្ធិ ឬ​បញ្ជា​ក់លើ​ប្លង់​បង្ហាញ​ទីតាំង​ដី នៅក្នុង ដែន ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ គីរីរម្យ​ផងដែរ​៕

ក្រសួង​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​ឱសថ​ជំនួយ​ផ្លូវភេទ​ដែល​លក់​តាម​ហ្វេ​ស​ប៊ុ​ក

​គណនី Facebook ចំនួន​៥ ដែល​កំពុង​ប្រតិបត្តិ​ការលក់​ផលិតផល​ជំនួយ​ផ្លូវភេទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​ក្រសួងសុខាភិបាល​ចេញ​សេចក្ដីប្រកាស​ចាត់វិធានកា​រ​តឹងរឹង​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៨​។​

​គណនី Facebook ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​រកឃើញ​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​អាយុជីវិត​អ្នកប្រើប្រាស់​នោះ មានដូចជា គណនី Facebook ឈ្មោះ 4U, ជំនួយ​ផ្លូវ​ភេទបុរស​, ជំនួយការ​បុរស​, Krachaklum extra plus168 និង​មហា​ខ្លាំង​33Three​។​

​ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​អ្នក​ដែល​បាន​ទិញ​ឱសថ Krachaidum Extract Plus ដែល ជា​ផលិ​ត​ផល​នាំចូល​ពី​ប្រទេស​ថៃ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​៕

ផ្ទះ​បណ្តែត​លើ​បឹង​ទន្លេសាប​ជាង​២​ពាន់​គ្រួសារ ផ្លាស់​ទៅលើ​គោក​អស់ហើយ

​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ​វៀតណាម​នៅ​បឹង​ទន្លេសាប​សរុប​ទាំងអស់ មាន​ចំនួន ១.៨៣៦​ខ្នង​ផ្ទះ ដោយមាន​មនុស្ស​ចំនួន ១០.០៨៧​នាក់ ស្មើនឹង ២.៣៩៧​គ្រួសារ ត្រូវបាន​អាជ្ញាធរ​ជួយ រៀបចំ ធ្វើ​បន្លាស់​ទី​ទៅ​ដីគោក​រួច​អស់ហើយ​។​

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា នៅសល់​៧៥០​ផ្ទះ​ទៀត គឺជា​ផ្ទះ​ដែលមាន​បែ​ត្រី ដែល​គំ​ពុង​រៀបចំ​ធ្វើ​បន្លាស់​ទី ក្នុងនោះ នៅ​ស្រុក​កំពង់ត្រឡាច​, ស្រុក​ជល​គី​រី , ស្រុក​រលាប្អៀរ​, ក្រុង​កំពង់ឆ្នាំង​, ស្រុក​កំពង់លែង​, និង​ស្រុក​បរិបូរណ៍​។

​លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ប្រជាពលរដ្ឋ​ទាំងនោះ ទៅ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ​។ ចំពោះ​ផ្ទះ​នៅសល់ ៧៥០​ផ្ទះ ជា​ផ្ទះ​ដែលមាន​បែ​ត្រី គឺ​រៀបចំ​បន្លាស់​ទី​នៅ​ជំហាន​ទី​២ និង​កំពុងតែ​ផ្សព្វផ្សាយ​អនុវត្ត​ជំហាន​ទី​២ ដោយ​ជំហាន​ទី​១ បាន​ចប់​ជា​ស្ថាពរ​ហើយ​។ ដី​ដែល​បន្លាស់​ទី​មកលើ​គោក មាន​ទំហំ ៤០​ហិកតា​៕

ខេត្តកំពង់ឆ្នាំង ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥

​កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​រយៈពេល​៣​ថ្ងៃ នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩​។ ពី​ធី​នេះ នឹងមាន​ដាក់​ប​ញ្ជូ​ល​នូវ​ព្រឹត្តិការណ៍​កីឡា ទេសចរណ៍ ដាំ​ដើមឈើ ការតាំងពិព័រណ៍​សិប្បកម្ម ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ ការប្រគុំ​តន្ត្រី ការសម្តែង​សិល្បៈ​វប្បធម៌ ។ ល​។

​បុណ្យ​ទន្លេ​ត្រូវបាន​ដាក់បញ្ចូល​ក្នុងចំណោម​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​ទាំង​ប្រាំ​របស់​កម្ពុជា​រួមមាន បុណ្យ​សមុទ្រ បុណ្យអុំទូក អង្គ​រស​ង្គ្រា​ន្ត និង​ម៉ា​រ៉ា​តុង​អង្គរ ដើម្បី​អបអរសាទរ​យុទ្ធនា​ការឃោសនា​អាស៊ាន ASEAN@50 កាលពី​ឆ្នាំ​២០១៧​។​

​សូមជម្រាបថា សម្រាប់​បុណ្យ​ទន្លេ​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ មាន​ភ្ញៀវ​ចូលរួម​ប្រមាណ ១០​ម៉ឺន​នាក់ ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម មាន​ប្រមាណ ៥០​ម៉ឺន​នាក់ ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង មាន​អ្នកចូលរួម​ប្រមាណ​១៤​ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ​២០១៨ រៀបចំឡើង​ក្នុង​ខេត្តកណ្ដាល មាន​ភ្ញៀវ​សរុប​ប្រមាណ ១.៥​លាន​នាក់​៕

លោក សែម បូរ៉ា ប្រធាន TNM TV Online នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ល្ងាច​នេះ​

​ខេត្តកំពង់ចាម ៖ លោក សែម បូរ៉ា នាយក​ទូរទស្សន៍ ​ធីអិនអឹម ​អន​ឡាញ (  TNM Onling ) នឹងត្រូវ​សមត្ថកិច្ច​រៀបចំ​ឯកសា​រ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា នេះ បន្ទាប់ពី​បាន​សាកសួរ​ក្នុងករណី​ឆបោក​ប្រា​ក់រឿង​ទិញ​លក់​ដីធ្លី កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៨ តុលា នេះ​។​

​អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM លោក សែម បូរ៉ា ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ចាប់​ឃាត់ខ្លួន និង​ដាក់​ខ្នោះ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​រឿង​ទិញ​លក់​ដី​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ចាប់​ឃាត់ខ្លួន​លោក សែម បូរ៉ា នាយក​ទូរទស្សន៍ អន​ឡាញ TNM ប្រាកដ​មែន គឺ​សមត្ថកិច្ច​បាន​នាំខ្លួន​លោក សែម បូរ៉ា ពី​ស្រុក​បាធាយ មកកាន់​ស្នងការដ្ឋាន​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ទៅតាម​ពា​ក្ស​ប​ណ្តឺ​ងរ​បស់​ដើមចោទ​ម្នាក់​ពីបទ​ឆបោក​ប្រាក់​ប្រមាណជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រឿង​ទិញ​លក់​ដីធ្លី​។​

​បើ​យោងតាម​ពាក្យបណ្តឹង គឺ​លោក សែម បូរ៉ា បាន​ធានា​ទិញ​ដីស្រែប្រាំង​ពី​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ទំហំ ៨,៥០ហិកតាទៅឲ្យដើមបណ្តឹង ដែល​ធ្វើឡើង​តាំងពី​ខែមេសា ឆ្នាំ​២០១៨ មកម្ល៉េះ តែ​រហូតមក​ពេលនេះ ដើមបណ្តឹង​ដែលជា​ម្ចាស់​ប្រាក់​នៅតែ​មិនទាន់​ទទួលបាន​លិខិតផ្ទេរកម្មសិទ្ធិ​ដីធ្លី​ដូច​ការធានា​របស់លោក សែម បូរ៉ានោះឡើយ ខណៈដែល​លោក សែម បូរ៉ា បានទទួល​ប្រាក់​ពី​អ្នកទិញ​គ្រប់​ចំនួន​អស់ហើយ ទើបបានជា​កើតមាន​ករណី​ប្តឹងផ្តល់​នេះ​កើតមានឡើង​។​

​មន្ត្រី​ដដែល បន្តថា នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា នេះ បន្ទាប់ពី​បាន​សាកសួរ​រួចរាល់​ហើយ សមត្ថកិច្ច​នឹង​រៀបចំ​ឯកសារ​បញ្ជូន​លោក សម បូរ៉ា ទៅកាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។ ព័ត៌មាន​ល​ម្អិ​ល នឹង​បន្ត​ជម្រាបជូន​នៅពេល​បន្ទាប់​ទៀត ៕

​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប នឹងធ្វើ​ទស្សនកិច្ច​កម្ពុជា នៅ​ចុងខែ​នេះ​

​ភ្នំពេញ ៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។​

​មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈពេល​១​១ថ្ងៃនេះ លោកស្រី រ៉ូ​ណា ស្មី​ត គ្រោង​ជួបពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​មួយចំនួន ទៀត​។​

​តាម​ការគ្រោងទុក លោកស្រី រ៉ូ​ណា ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដោយមាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅវេលា​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​ការមើលឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​គួរ​រំលឹក​ជូន​ថា អ្នករាយការណ៍​ពិសេស អ​.​ស​.​ប តែងតែ​មក​បំពេញបេសកកម្ម​ផ្លូវការ​ជា​ទៀងទាត់​មកកាន់​ប្រទេស​កម្ពុជា ហើយ​នៅ​លើក​នេះ លោកស្រី​នឹងធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។ លោកស្រី រ៉ូ​ណា ស្មី​ត ត្រូវបានតែងតាំង​ជា​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប នៅក្នុង​ខែមីនា ឆ្នាំ​២០១៥៕ ដោយ ៖​ភិរ៉ាន

ក្រសួងមហាផ្ទៃ​ប្រកាស​បិទ​គណនី Facebook មួយចំនួន

​ភ្នំពេញ ៖ បទល្មើស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ត្រូវបាន​រកឃើញ​ដោយ​សមត្ថកិច្ច​នៃ​នាយកដ្ឋាន ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ រហូត​ឈានដល់​ការបិទជា​ស្ថាពរ​នូវ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​មួយចំនួន នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ រួមមាន​៖

១- ទំព័រ Facebook ឈ្មោះ សមាគម វៀតណាម​នៅ​កម្ពុជា​
២- ទំព័រ Facebook ឈ្មោះ Hun Mannet (​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​), Hun Manet, Prime Minister of Cambodia, Hun Manet (​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​)
៣- ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤- ទំព័រ សមាគម​វៀតណាម​នៅ​កម្ពុជា​។ លើសពីនេះ នៅមាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ​មួយចំនួនទៀត ដែល​នាយកដ្ឋាន​មិនបាន​បញ្ចេញ​ឈ្មោះ​។​

​សូមជម្រាបថា ការប្រកាស​បិទ​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​អះអាងថា ដើម្បី​ទប់ស្កាត់​ជនខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​លួច​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ផលប្រយោជន៍​ទុច្ចរិត​របស់​ពួកគេ ខណៈ​ប្រព័ន្ធ​ទំនាក់ទំនង Facebook នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ភាព​សំបូរបែប​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទូទាំងប្រទេស​៕

ម្ចាស់​បញ្ញើ “​សំបុត្រ​គ្រាប់បែក​” នៅ​អាមេរិក​ចាប់ខ្លួនបាន​ហើយ​

​អាមេរិក ៖ បុរស​អាមេរិកាំង​វ័យ​៥៦​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នេះ ក្នុង​រដ្ឋ Florida ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អា​មេ​រិ​ក​។​

​តាមរយៈ​ការពិនិត្យ DNA ស្នាម​ក្រ​យ៉ៅ​ដៃ និង​រលកសញ្ញា​នៃ​ទូរស័ព្ទ​ចល័ត បាន​នាំ​ផ្លូវ​សមត្ថកិច្ច​ទៅកាន់​ទីលាន​ចត​រថយន្ត​មួយកន្លែង នៅ​ភាគខាងត្បូង​រដ្ឋ Florida ហើយ​បាន​ចាប់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ Cesar Sayoc អាយុ ៥៦​ឆ្នាំ​ដែលជា​ម្ចាស់​បញ្ញើ​ប្រៃសណីយ៍​យ៉ាងតិច ១៤​កញ្ចប់​ដែល​ត្រូវបាន​រកឃើញ​។

ស្នាម​ក្រ​យ៉ៅ​ដៃ​ម្ចាស់​បញ្ញើ ត្រូវបាន​រកឃើញ​នៅលើ​កញ្ចប់​ផ្ញើ​ឲ្យ​តំណាងរាស្ត្រ Macine Waters ដែល​និង​កញ្ចប់​២​ទៀត ក៏​ត្រូវបាន​មុខព្រួញ​ផ្សេង​រកឃើញ​ដូចគ្នា​នៅ New York និង California ។​

រថយន្ត​របស់​ជនល្មើស Cesar Sayoc មាន​បិទ​រូបភាព​ដែល​បង្ហាញ​ពី​ការគាំទ្រ​ប្រធានាធិបតី Trump ហើយ​ប្រឆាំង និង​គណបក្ស​ប្រជាធិបតេយ្យ​។​គោលដៅ​វាយប្រហារ​ជនល្មើស សំដៅ​ទៅលើ​ឥស្សរជន​នយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់ ក្នុងនោះ​ក៏មាន​លោក Barack Obama និង​អ្នកស្រី Hillary Clinton ផងដែរ​៕

​ប្រាក់ខែ​មន្ត្រីរាជការ កម្លាំងប្រដាប់ អាវុធ បន្ត​ឡើង​ថែមទៀត​នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ធ្វើការ អនុម័ត​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី ២៦ ខែតុលា​នេះ​។ បើតាម​សេចក្តីព្រាងច្បាប់​នេះ បង្ហាញថា រដ្ឋ​គ្រោង​ចំណាយ​ជាង ៧​លាន ៧​សែន​លាន​រៀល សម្រាប់​ការដំឡើង​ប្រាក់បៀវត្ស​មូលដ្ឋាន ដំឡើង​ប្រាក់​បំណាច់​មុខងារ និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់ មន្ត្រី​ជាប់កិច្ចសន្យា​។

​ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​ឆ្នាំ​២០១៩ មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​កំណត់​ការ ចំណាយ ថវិកា​ថ្នាក់ជាតិ​ឲ្យ​ស្ថិតក្នុង​កំរិត​ចំនួន​ប្រមាណ​២៥​លាន ៧​សែន​លាន​រៀល ត្រូវជា ២៣,៤៥ ភាគរយ​នៃ​ផសស ពោល​គឺមាន​កំណើន​១០ ភាគរយ​ធៀប​ទៅនឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ក្នុងនោះ​ការចំណាយ​ចរន្ត​ថ្នាក់ជាតិ មាន​ចំនួន​ប្រមាណ​១៦​លាន​៨​សែន​លាន​រៀល និង​ចំណាយ មូលធន​ថ្នាក់ជាតិ មាន​ចំនួន​ជិត​៩​លាន​លាន​រៀល​។ នេះ​បើតាម​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ ២០១៩ ដែល​គណៈរដ្ឋមន្ត្រី​បានធ្វើ​អនុម័ត​។

រដ្ឋ​គ្រោង​នឹង​ចំណាយ​ថវិកា ប្រ មាណ​ជាង ៧​លាន ៨​សែន​លាន រៀល សម្រាប់​ការ​តម្លើង​បៀ​វត្ត​ន៍​បី​ផ្នែក​សំខាន់ៗ ក្នុងនោះ សម្រាប់​ការ​តម្លើង​បៀ​វត្ត​ន៍ មូលដ្ឋាន ដោយ​អនុវត្តន៍​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ សម្រាប់​ការ​តម្លើង​ប្រាក់​បំណាច់​មុខងារ ដែល នឹងត្រូវ​អនុវត្ត​នៅ ខែមេសា ឆ្នាំ​២០១៩ ដោយ​ផ្តល់​បន្ថែមចំនួន​៣​ម៉ឺន​រៀល​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​ប្រាក់​បំណាច់​មុខងារ​ក្នុង កម្រិត​ចាប់ពី​៧៥​ម៉ឺន រៀល ចុះក្រោម​។ ក្នុងនោះ​រដ្ឋ នឹង​ធ្វើការ​តម្លើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា ពី​៦០​ម៉ឺន​រៀល ទៅដល់​៦៥​ម៉ឺន រៀល ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ២០១៩​។​
​បើតាម​សេចក្តីព្រាងច្បាប់​ថវិកា​ដ​ដែល បាន​បញ្ជាក់ថា បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៅក្នុង​ឆ្នាំ​២០១៩ នឹងត្រូវ​ដំឡើង​ពីរដង គឺ​នៅ​ខែមករា និង នៅ​ខែមេសា​។ សម្រាប់​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​៖ នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ១​ម៉ឺន​៤​ពាន់ រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១​លាន ៧​ម៉ឺន​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ ដំ​ឡើងដល់​ប្រមាណ ១​លាន ១​សែន​រៀល ចាប់ពី​មេសា ឆ្នាំ​២០១៩​។

ចំពោះ បៀវត្ស​គ្រូបង្រៀន និង​គ្រូពេទ្យ ក៍​នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ១​សែន​១​ម៉ឺន​៤​ពាន់ រៀល នៅ​ឆ្នាំ​២០១៨ ដល់ ប្រមាណ ១​លាន ១​សែន​៧​ម៉ឺន​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង ដល់​ប្រមាណ ១​លាន​២​សែន​រៀល ចាប់ពី​ខែ មេសា ឆ្នាំ​២០១៩​។ បៀវត្ស​នគរបាលជាតិ ចាប់ពី​ពលបាលត្រី នឹងត្រូវ​ដំឡើង​ពី​ចំនួន ១​លាន ៩​ម៉ឺន​៨​ពាន់​រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ​) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១​លាន ១​សែន ៥​ម៉ឺន​៤​ពាន់​រៀល ( ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ ២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១​លាន ១​សែន​៨​ម៉ឺន​៤​ពាន់​រៀល ( ដោយ​គិត​បញ្ចូល របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។ សំរាប់​បៀវត្ស​យោធិន ចាប់ពី​ពលទោ​នឹងត្រូវ ដំឡើង ពី​ចំនួន ៩៧​ម៉ឺន ៦​ពាន់​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១​លាន ២​ម៉ឺន​៥​ពាន់​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១​លាន ៥​ម៉ឺន​៥​ពាន់ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១​លាន ១​សែន ១​ម៉ឺន​៤​ពាន់​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។​

​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ បង្ហាញថា ការដំឡើង​បៀវត្ស ជូន​មន្ត្រី​សាធារណៈ សម្រាប់​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា ចំនួន ២០ ប៊ី​លាន រៀល ដោយឡែក​ផ្សេងទៀត សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​ស្ថាប័ន អាច​ជ្រើសរើស​មន្ត្រី​មាន សមត្ថភាព និង​ជំនាញ​ខ្ពស់​ចូល​បម្រើ​ការងារ​រដ្ឋ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្តល់​កិច្ច សហការ​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​មុខងារសាធារណៈ ដើម្បី​រៀបចំ​ក្របខណ្ឌ និង​គោលការណ៍ សម្រាប់​ដាក់​ឲ្យ​ដំណើរការ​គម្រោង​នេះ​។​

​លើសពីនេះ រាជរដ្ឋាភិបាល បានគ្រោង​ថវិកា​ចំនួន ៥០​ប៊ី​លាន​រៀល ជា​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រី សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន នៅក្នុង​កញ្ចប់​ថវិការ​បស់​ក្រសួងសុខាភិបាល ដើម្បី​រ៉ាប់រង​លើ​ការ​ទ្រទ្រង់​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ​។ ទន្ទឹមគ្នានេះ បន្ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ គោល នយោបាយ​គាំពារ​សង្គម​ចំនួន​ពីរ គឺ​ប្រាក់ឧបត្ថម្ភ​មាតុភាព​ដល់​មន្ត្រីរាជកា​រ និង​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជា​ស្ត្រី និង​ប្រាក់ឧបត្ថម្ភ​បុណ្យសព​មន្ត្រីរាជការ ដែល​ទទួល​មរណ ភាព​ក្នុង ពេល​បំពេញបេសកកម្ម ឬ​គ្រោះថ្នាក់​ការងារ ដើម្បី​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី ដែល​ត្រូវបាន ដាក់​ឲ្យ​អនុវត្ត​រួចមកហើយ រាជរដ្ឋាភិបាល​ក៏បាន​គ្រោង​ថវិកា​ចំនួន ៦​ប៊ី​លាន​រៀល ដើម្បី​ទ្រទ្រង់ របបសន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈនៅក្នុង​កញ្ចប់​ថវិការ​បស់ក្រសួងសុខាភិបាល​ផងដែរ​៕

​លោក គង់ ក្រឹ​ង ឈ្នួ​ញ​ឈើ​ដ៏​មហិមា​នៅ​ភាគ​ឦសាន​ជ្រក​ក្រោម​ឥទ្ធិពល​ជាម​ន្ត្រី​យោធា

 

​ខេត្តក្រចេះ ៖ មជ្ឈដ្ឋាន​ជាច្រើន​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា ពិសេស​អ្នក​រស់នៅក្នុង​ខេត្តក្រចេះ សុទ្ធតែ​ស្គាល់ឈ្មោះ​ឈ្នួ​ញ​ឈើ គង់ ក្រឹ​ង គ្រប់ៗ​គ្នា ហើយ​អ្នក​ដែល​ស្គាល់​លោក គង់ ក្រឹ​ង ច្បាស់​ជាងគេ គឺ​ក្រុម​សមត្ថកិច្ច​ដែលមាន​អំណាច​លើ​បទល្មើស​ព្រៃឈើ និង​ថ្នាក់ដឹកនាំ​ខេត្ត​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីរដ្ឋបាល​សាធារណៈ​មួយរូប​នៅក្នុង​ខេត្តក្រចេះ បានបញ្ជាក់​ប្រាប់​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

​តាម​ការកត់សម្គាល់ មួយរយៈ​ចុងក្រោយ គេ​ឃើញ​លោក គង់ ក្រឹ​ង និង​អ្នកស្រី ម៉ាន សា​រ៉ស់ តែងតែ​ឧស្សាហ៍​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ជាដើម ដោយបាន​បរិច្ចាគ​ប្រាក់ឧបត្ថម្ភ​ខ្លះៗ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ មាន​ប្រជាពលរដ្ឋ​មួយក្រុម រស់នៅ​ជិត​ផ្សារ​ស្នួល ខេត្តក្រចេះ បានលើកឡើង​ពី​ចម្ងល់​របស់ខ្លួន​ថា
​តើ​ទ្រព្យសម្បត្តិ​បស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកស្រី ម៉ាន សា​រ៉ស់ បាន​មកពីណា​ច្រើន​ម្ល៉េះ បានជា​ឃើញ​គាត់​ផ្លាស់​ប្ទូ​រ​ជីវភាព​ទៅជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម​លឿន​រហ័ស​តែ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ​សោះ ?

​អតីត​អ្នក​បើកឡាន​ដឹកឈើ​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា របរ​រកស៊ី​ដ៏​ធំ​មហិមា​របស់លោក គង់ ក្រឹ​ង គឺ​ជំរុញ​ឲ្យ​មាន​ចលនា​កាប់បំផ្លាញ​ឈើ​ពី​គ្រប់ទិសទី​តាមរយៈ​ការដាក់​កម្លាំង​ពង្រាយ​ដើរ​ទិញ​ឈើ​ប្រណីត​លើសពី​តម្លៃ​ប្រកួតប្រជែង​ក្នុង​តំបន់ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ការដឹកជញ្ជូន​ឈើ​របស់លោក គង់ ក្រឹ​ង ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការដឹក​តាម​ឡាន មកជា​ការដឹក​តាម​ម៉ូតូ​យកទៅ​ស្តុក​ទុក​នៅក្រោយ​បន្ទាយ​ទាហាន​មួយកន្លែង របស់​វរៈ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​លោក គង់ ក្រឹ​ង នោះឡើយ ដែល​បង្ក​ឲ្យ​មាន​អ្នកស៊ីឈ្នួល​ដឹកឈើ បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​លើ​។ ករណី​ផ្លាស់ប្តូរ​វិធី​ដឹកជញ្ជូន​ពី​តាម​ឡាន មក​ដឹក​តាម​ម៉ូតូ​នេះ មិន​មែ​ខ្លាច​សម​ត្ថិ​កច្ច​ចាប់​នោះទេ ព្រោះ​បាន​ត្រូវរ៉ូវ​គ្នា​រួចហើយ គឺ​គ្រាន់តែ​បំភ័ន​ភ្នែក​តែប៉ុណ្ណោះ តែ​ពេល​ដឹកចេញទៅ​វៀតណាម គេ​ប្រើ​សុទ្ធតែ​រថយន្ត​ធុន​ធ្ងន់​ចំណុះ​សាម សែសិប​តោន​ឯណោះ​។​

​ប្រភព​ដដែល​បន្តថា លោក គង់ ក្រឹ​ង ជា​ឈ្នួ​ញ​រកស៊ី​ឈើ​ល្មើសច្បាប់​ធំជាងគេ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហេតុ​ដូច្នេះហើយ បានជា​លោក មាន​លុយ​រាប់ម៉ឺន​ដុល្លារ​សម្រាប់​បង្កក​អំណាច​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជំនាញ រួមទាំង​អ្នកកាសែត​រាប់រយ​នាក់​មកពី​ស្ថាប័ន​ខុសៗ​គ្នា​រហូតដល់​ទៅ​រាប់រយ​ស្ថាប័ន​ឯណោះ ដើម្បី​បិទ​ព័ត៌មាន​ពី​ជំនួញ​ឈើ​ខុសច្បាប់ ។ ការ​សូកប៉ាន់​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​ព័ត៌មាន​ប្រចាំ​នៅ​ខេត្តក្រចេះ​ម្នាក់ ដែល​លោក គង់ ក្រឹ​ង បាន​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​ចាត់ចែង​រឿង​លុយកាក់​សម្រាប់​អ្នកកាសែត​ណា​ដែល​ត្រូវ​បើក​ឲ្យ និង​មិនត្រូវ​បើក​ឲ្យ ដែល​ខ្លះ​ត្រូវ​បើក​ឲ្យ​មួយអាទិត្យ​ម្តង និង​ខ្លះទៀត​បើក​មួយខែ​ម្តង​។​

​ប្រភពព័ត៌មាន​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​អាវុធហត្ថ និង​គយ​ចល័ត​ក្នុង​ខេត្តក្រចេះ បានចាត់ទុក​សកម្មភាព​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ គង់ ក្រឹ​ង ជា​ប្រភព​ចំណូល​របស់​ពួកគេ​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ​ហាក់ដូចជា​ទុក​ឱកាស​ឲ្យមេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​លក់​ក្នុងស្រុក​យួន តាម​ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ដេ​៤ ក៏ដូចជា​តាម​ច្រក​ត្រពាំង​ស្រែ កាន់តែច្រើន​ថែមទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា សព្វថ្ងៃនេះ ក្រៅពី​ដឹកជញ្ជូន​ឈើ​ផ្ទាល់ខ្លួន លោក គង់ ក្រឹ​ង បាន​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ចាប់ពី​គីឡូម៉ែត្រ​លេខ​៨៨ រហូតដល់​គ្រប់​ច្រក​ឆ្លង​ព្រំដែន​ទៅ​វៀតណាម ក្នុងការ​ចេញមុខ​កាង​ឲ្យ​ឈ្មួញ​ដទៃទៀត​ដឹកឈើ​គ្រប់​ប្រភេទ​ឆ្លងដែន​យ៉ាង​មាន​ក្ដី​សុខ​បំផុត ហើយ​លោក គ្រាន់តែ​ជា​អ្នក​ចាំ​ដក​តុង​តែប៉ុណ្ណោះ ហើយ​បើ​ឈ្នួ្ញ​ញ​ឈើ​ណា​មិន​ឲ្យ​លោក គង់ ក្រឹ​ង កាង​បើកផ្លូវ ឬ​បើក​ច្រកព្រំដែន​ទេនោះ គឺ​មិនអាច​ដឹក​ចេញ​បានឡើយ​។

​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក កង់ ក្រឹ​ង ជាច្រើនលើក​ដើម្បី​សុំ​ការពន្យល់​ផ្ទៀង​ង​ផ្ទាត់​ពី​ព័ត៌មាន​ដូច​បាន​រៀបរាប់​ខាងលើ​នេះដែរ តែ​លោក គង់ ក្រឹ​ង មិន​បានទទួល​ទូរស័ព្ទ​សោះ​៕

​ឆ្នាំ​២០១៩ កម្ពុជា​ត្រូវការ​កម្ចី ១​ពាន់ ៩​រយ​លាន​ដុល្លារ​ពី​បរទេស

​ភ្នំពេញ ៖ បើតាម​ផែនការ​នៅក្នុង​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា កម្ពុជា ត្រូវការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ ក្នុង​កម្រិត​១​ពាន់​៤០០​លាន អេស​ដេ​អ៊ែរ​(SDR) រឺ​ប្រហែលជា​១​ពាន់​៩​រយ​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​អាទិភាព​ចំនួន​២៥​។​

​សេចក្តីព្រាង​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ គឺជា​របៀបវារៈ​សំខាន់​មួយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២៦ ខែតុលា​នេះ​។ យោងតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា គិត​ត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​សាធារណៈ​ក្រៅប្រទេស សរុប​ជាង ៦​ពាន់​៨២៥​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែល​កម្ពុជា ជំពាក់​ច្រើនជាងគេ គឺ​ប្រទេស​ចិន មាន​ប្រមាណ​៤៨.៣​ភាគរយ នៃ​ចំនួន​បំណុល​សរុប​។

នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ក៏​បង្ហាញ​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ពិ​ដាន​ក្នុង​ការខ្ចី​ថ្មី​សម្រាប់​ឆ្នាំ ២០១៩ ក្នុង​កម្រិត​១​ពាន់​៤០០​លាន អេស​ដេ​អ៊ែរ ដែល​តាម​ការបញ្ជា​ក់នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក របស់ ឯកឧត្តម ផៃ ស៊ី​ផាន ចំនួន​កម្ចី​ថ្មី​នេះ ស្មើនឹង​ប្រមាណ​១​ពាន់​៩​រយ​លាន​ដុល្លារ សម្រាប់ គម្រោង​ចំនួន​២៥ នៅក្នុង​ចំណោម​គម្រោង សរុប​ចំនួន​៣២ ក្នុងនោះ អាច​នឹងមាន​ការចុះហត្ថលេខា​កម្ចី ជាមួយ ធនាគារពិភពលោក ចំនួន​២​គម្រោង​!​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​៥​គម្រោង​! ជាមួយ មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម ១​គម្រោង​! ជាមួយ​រដ្ឋាភិបាល​ចិន​៧​គម្រោង​! ជាមួយ​ជប៉ុន​២​គម្រោង​! កូរ៉េ​៣​គម្រោង​! បារាំង​៣​គម្រោង​! ថៃ​១​គម្រោង​! ឥណ្ឌា​១​គម្រោង​។ គួរ​កត់សំគាល់ថា ផែនការ​កម្ចី​បរទេស​ទាំងនេះ នឹង​ប្រើ​ប្រាស់ក្នង​គោលដៅ​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម និង​វែង សម្រាប់​វិស័យ​អាទិភាព​មួយចំនួន ដូចជា វិស័យ​ថាមពល​! វិស័យ​ធារាសាស្ត្រ​! វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ៕

​ដំណឹង ស្វែងរក​កូនស្រី​អាយុ​១៧​ឆ្នាំ

​យើងខ្ញុំ​ជា​អាណាព្យាបាល សូម​ប្រកាស​ស្វែងរក​កូនស្រី​ម្នាក់​ដែល​ចាក​ចេញពីផ្ទះ នៅ​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​គ្មាន​ដំណឹង អស់​ពេល​ជាច្រើន​ថ្ងៃ​ហើយ មិនដឹងថា នាង​ទៅ​ទីណា និង​មាន​គ្រោះថ្នាក់​អ្វី​នោះឡើយ ដែល​រហូតមក​ដល់ពេលនេះ សាច់ញាតិ​ដែល​នាំគ្នា​ខិតខំ​ស្វះស្វែង​ដើររក​គ្រប់​ច្រកល្ហក ក៏​មិន​ទួលបាន​ដំណឹង​ពី​នាង​ដែរ​។ ម្យ៉ាងទៀត បើ​កូនស្រី បានទទួល​ដំណឹង​នេះ សូម​វិល​ត្រឡប់មកផ្ទះ​វិញ ឬ​ប្រាប់​ដឹង​ដំណឹង​ផង ក្រុមគ្រួសារ​មាន​ក្តីបារម្ភ​ចំពោះ​សុវត្ថិភាព​កូន​ខ្លាំងណាស់​។​

​សូមជម្រាបថា កូនស្រី​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ ប៉ុក ស្រី​នៅ អាយុ​១៧​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​កំពូល​សេរី ឃុំ​មាន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។

​យើងខ្ញុំ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជា​ពល​ដ្ឋ និ​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​គ្រប់​ទីកន្លែង បើសិនជា​បានឃើញ​ក្មេងស្រី​ដែលមាន​ភិនភាគ​ដូច​ក្នុង​រូបថត​ដែល​ភ្ជាប់​ជាមួយនេះ សូមមេត្តា​ជួយផ្ដល់​ព័ត៌មាន មកកាន់​លេខ​ទូរ​ស័​ព្វ 0887555148. 077282970 ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​៕ សូម​អរគុណ !

ពលរដ្ឋ​សម្រុក​ដក​ដំឡូង​មី​ស្រស់​លក់ គ្រា​ដែល​ហាងឆេង​តម្លៃ​កើនឡើង​

​ប៉ោយប៉ែត ៖ ដោយសារ​ឆ្នាំ ២០១៨ តម្លៃ​ដំឡូង​មី​ស្រស់​ឡើងថ្លៃ ពលរដ្ឋ​បាន​សម្រុក​នាំគ្នា​ដក លក់​បើទោះជា​ផលដំណាំ​មិនទាន់​គ្រប់​ខែ​ក៍ដោយ​។ ដំឡូង​មី​ស្រស់​រាប់សិប​តោន និង​ជាច្រើន​រថ យន្ត គេ ឃើញ​ឈ្មួញ​ដឹក​ចូល​លក់​នៅ​ស្តង់​ទិញ​ដំឡូង​មួយកន្លែង ក្នុងស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ មា ជ័យ​។​

​ឈ្មួញកណ្តាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយថា គាត់​ដើរ​ប្រមូល​ទិញ​ដំឡូង​មី​ស្រស់ ពី​គេ​នៅ ក្នុងស្រុក​ព្រះ​នេ​ត្ត​ព្រះ ក្នុង​១​គីឡូក្រាម តម្លៃ​២០១​រៀល ហើយ​ថា ឆ្នាំនេះ ខុសពី​បណ្តា​ឆ្នាំមុនៗ គឺ អ្នកស្រុក​មិន​ពិបាក​កាប់​ចិញ្ច្រាំ​ហាល​លក់​ចេញ​ដំឡូង​មី​ស្ងួត​ទេ​ព្រោះតែ​ដំឡូង​មី​ស្រស់​លក់បាន​ថ្លៃ​។​

​ចំណែក​ឈ្មួញ​ខ្លះ​អះអាងថា ដើរ​ប្រមូល​ទិញ​ដំឡូង​មី​ស្រស់​ពី​ខេត្តសៀមរាប និង​ខ្លះ​ថា​ប្រមូល ទិញ​ក្នុង​ខេត្តបន្ទាយមានជ័យ ដូចជា​ក្នុងស្រុក​អូរជ្រៅ​/ ស្វាយចេក និង​ថ្មពួក​។

​បើទោះជា​ការដឹកជញ្ជូន​ទៅរក​ទីផ្សារ​មាន​ចម្ងាយ​ឆ្ងាយ ប៉ុន្តែ​អ្នកស្រុក​សប្បាយចិត្ត​ដោយ​លើក ឡើង ថា​ឆ្នាំនេះ​ដំឡូង​មី​ស្រស់ លក់​ចេញ​បាន​ថ្លៃ​១​គីឡូក្រាម ២;៣៥​បាត គិត​ជា​ប្រាក់​ខ្មែរ​ជិត ៣០០​រៀល ពិសេស​ពួកគាត់​មិន​ពិបាក​កាប់​ហាល​ព្រួយ​បារ​ម្មណ៍​ពី​ទឹកភ្លៀង​ទៀតផង​។ លោក សោម យ៉ិ​ន ប្រធាន​ក្រុម​ហ៑ុន​ទទួល​ទិញ​ដំឡូង​មី ក្នុងស្រុក​ម៉ាឡៃ ប្រាប់​តាម​ទូរស័ព្ទ​ថា ឆ្នាំនេះ ដំឡូង​មី​ស្រស់ បាន​ថ្លៃ​ជាង​ឆ្នាំមុនៗ​ដោយ​លោក​លើកឡើងថា ឆ្នាំមុន ក្នុង​ខែ​នេះ​(​តុលា​)​តម្លៃ​១​គីឡូក្រាម ១ ;២ ឬ ១;៥០​បាត ប្រាក់​ថៃ តែប៉ុណ្ណោះ​។ ដោយឡែក​ឆ្នាំនេះ​ខែ​នេះ លោក​ថា ក្រុម​ហ៑ុន​លោក​ទទួល​ទិញ ពី​ពលរដ្ឋ​១​គីឡូក្រាម ២;៣៥​បាត​ប្រាក់​ថៃ​។

​ប្រធាន​ក្រុមហ៊ុន​ខាងលើ​បន្តថា ជាធម្មតា​ក្រុមហ៊ុន លោក​ទទួល​ទិញ​១​ថ្ងៃ​តែ​២០០​ទៅ​៣០០​តោន​តែប៉ុណ្ណោះ​ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​សម្រុក​ដឹក​ចូលទៅ​លក់​ច្រើន​ខ្លះ​ក៍​អាច​ដេក​រងចាំ​ដែរ​។ លោក​បន្តថា ជាការ​ពិត​ដំឡូង​មី​អ្នក​ព្រំដែន​ក្នុងស្រុក​ម៉​ឡៃ​មិនទាន់​ដក​លក់​បានទេ​ព្រោះតែ​ដី​ក្នុងស្រុក​មួយ​នេះ​ខុសពី​ដី​ស្រុក​ដ៍ទៃ​គឺ​ដីស្អិត​ហើយ​ស្ថានភាព​ផ្លូវ​ដឹក​ចេញពី​តាម​ចំការ​ក៍​លំបាក ហើយ​ដំឡូង​មី​ស្រស់​ដែល​ទទួល​ទិញ​បច្ចុប្បន្ន គេ​ដឹក​ពី​ខេត្តសៀមរាប និង​តាម​ស្រុក​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ​ដូចជា​ស្រុក​ព្រះនេត្រព្រះ​/​អូរជ្រៅ​/​ស្វាយចេក​និង​ស្រុក​ថ្មពួក​។​

​លោក​សំណូមពរ​សុំ​៣​យ៉ាង​ទី​១ សុំឱ្យ​ដំឡូង​ស្អាត​កុំ​ជាប់​ដី ទី​២​កុំ​ដក​ទុក​យូរពេក និង​ទិ​៣​កុំ​ដក ដំឡូង ដែល​នៅ​ខ្ចី​ពេក អាច​មិនសូវមាន​ម្សៅ ខាង​រោងចក្រ​ដែល​ទទួល​ទិញ​គេ​មិន​យក​។ លោក​បន្ត ទៀតថា​ក្នុងស្រុក​ម៉ាឡៃ​ឆ្នាំនេះ​ពលរដ្ឋ​ដាំដំឡូង​មី​ថយចុះ​ជាង​ឆ្នាំមុនៗ​ព្រោះ​នាំគ្នា​ងាក​ទៅ​ដាំពោត​ច្រើន​គួរ​ស​ម្យ​ហើយ​ថា​ដី​ដែល​ដំ​ពោត​ហើយ​មិនអាច​ដាំ​ដំ​ឡី​ង​មី​បានទេ​ព្រោះ​វា​ហួសពេល​៕

​ពុល​ត្រី​ក្រពត​សមុទ្រ​ស្លាប់​ម្នាក់ និង​៩​នាក់​ធ្លាក់ខ្លួន​ឈឺ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ៖ លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​នៅ​ថ្ងៃទី​២៥ ខែតុលា ម្សិលមិញ​នេះ​ថា ក្នុង​មួយ​សប្តាហ៍​នេះ នៅ​ខេត្ត​ព្រះសីហនុ មាន​កុមារី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត មុនពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​មនុស្ស​ចំនួន ៩​នាក់​ផ្សេងទៀត បាន ធ្លាក់ខ្លួន​ឈឺ ដោយសារ​ពុល​ត្រី​ក្រពត​សមុទ្រ​។

លោកស្រី លឹម សា​មាន បាន​សង្កត់ធ្ងន់ថា ចំនួន​មនុស្ស​ពុល​ត្រី​ក្រពត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ គួរ​ឲ្យ​ព្រួយបារម្ភ​។ បច្ចុប្បន្ន ជនរងគ្រោះ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ព្រះសីហនុ​។​

​បើតាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​២​នាក់ ជា​កម្មករសំណង់​នៅ​ម្តុំ​ឆ្នេរ​ព្រែកត្រែង ក្នុងស្រុក​ស្ទឹងហាវ មាន​ស្ថានភាព​ពុល​ត្រី ក្រពត ធ្ងន់ធ្ងរ និង​កំពុង​ទទួល​ការសង្គ្រោះ​ជាបន្ទាន់ ។

​គ្រូពេទ្យ​បញ្ជាក់​បន្ថែមថា នេះ​ជា​ជនរងគ្រោះ​ទី​៣​ហើយ ដែល​ពុល​ត្រី​ក្រពត​សមុទ្រ ក្នុងនោះ​មុននេះ​៣​ថ្ងៃ​ក៏មាន​កម្មករសំណង់​មួយរូប​ដែរ នៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក៏បាន​ពុល​ត្រី​កំពត​នេះ​ដូចគ្នា និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​គួរ​ជម្រាបជូន​ថា ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​នេះ អាចធ្វើ​ឲ្យ​អ្នកជំងឺ​ឈានទៅដល់​អាកា​រៈគាំង​បេះ ដូង​ស្លាប់ ប្រសិនបើ​គ្មាន​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​នោះ​៕