All posts by មេគង្គ ប៉ុស្តិ៍

២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​បុក​ខឿន​ផ្លូវត្រូវ​រថយន្ត​ធុន​ធំ​បើក​ថយក្រោយ​កិន​ថែម​

​ភ្នំពេញ ៖ បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ធ្ងរ​និង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ ក្រោ​ពេលដែល​ពួកគាត់​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ទៅធ្វើ​ការ​រោងចក្រ ហើយ​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ។​ស្របពេលនោះ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ហ៊ី​ណូ​ដឹក​ទ្រុងមាន់​បើក​រ៉ឺ​យែ​ថយក្រោយ​កិន​ថែម បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​តែម្ដង ចំណែក​ម៉ូតូ​បាន​ស្ថិតនៅក្រោម​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ សក​ថិ​ត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នោះ​មិនទាន់​ត្រូវបាន​ស្គាល់ឈ្មោះ​នៅឡើយ​។ នៅ​មុនពេល​កើតហេតុ​ពួកគាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​ស៊ី​រូស​ពណ៌ ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-1967 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ក្នុង​បំណង​ទៅ​ធ្វើការ​រោងចក្រ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ស្របពេលនោះ​មាន​រថយន្ត​ម៉ាក​ហ៊ី​ណូ​ព​ណ៍ស ពាក់​ស្លាក​លេខ​កំពត​3A-0729​បើក​រ៉ឺ​យែ​ថយក្រោយ​ជ្រុល​ទៅ​កិន​ទើប​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ចំ​ណែ​ល​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេ​ទ្រុ​ស្ស៊ី​យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ ដោយឡែក​រថយន្ត​និង​ម៉ូតូ​ក្រោ​ពី​ការវាស់វែង​រួច​នគរបាល​ចរាចរខ​ណ្ឌ​ដង្កោ​បាន​នាំយកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕
​

រដ្ឋសភា​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​

​ភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃទី​៧ មិថុនា នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមាន​សមាជិកសភា​ចូលរួម​ចំនួន ១០៨ រូប បានអនុម័ត​ជា​ឯក​ច្ឆ័​ន​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន ៦​ជំពូក ចែក ចេញ​ជា ៣០​មាត្រា ហើយ​តាម​ការគូសបញ្ជាក់​រប​ស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អុ​ិ​ត សំហេង ថា សេចក្តីព្រាងច្បាប់​មួយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចំនួន ២​គឺ​៖ ទី​១.​លើក កម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់​កម្មក​រ​និយោជិត និង ទី​២.​ជម្រុញអោយមាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ល្អប្រសើរ​ប្រកបដោយ​ភាព​ទាក់ទាញ​។​

រដ្ឋសភា ដែលជា​អ្នកពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​បាន បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ស្របតាម​ស្ថានភាព​នៃ​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ចសង្គម និង​ស្ថិតក្នុង​បរិបទ ដែល​ប្រទេស​ក្នុង​តំបន់​កំពុងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម អន្តរជាតិ ហើយ​ថា ការគ្រប់គ្រង​លើ​តម្លៃ​ពលកម្ម​ដ៏​សមស្រប​មួយ​គឺជា​ចំណុច​អាទិភាព​ដែល​ព្រះរាជា​ណា ចក្រ​កម្ពុជា​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ក្នុងន័យនេះ ការពង្រឹង​យន្តការ​កំណត់​ប្រាក់ ឈ្នួល​អប្បបរមា ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់ ប្រទេសជាតិ​។​

ចំណុច​មួយ ក្នុង​ជំពូក​២ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​បាន​ចែងថា ប្រាក់ ឈ្នួល យ៉ាងតិចណាស់​ក៏ត្រូវ​អោយ​ស្មើនឹង​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​ប្រាក់​ឈ្នួល​កម្រិត​ទាប​បំផុត ហើយ​ចំណុច​មួយ ក្នុង​ជំពូក​ទី​៣ ចែងថា ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវតែ​ជា​តួលេខ ឬ​អត្រា​បម្រែបម្រួល​ដែល អាច​ព្យាករណ៍​បាន ពោលគឺ​ត្រូវ​កើន​តាម​លំដាប់​បន្តបន្ទាប់​។

សូម​ជម្រាបជូន​ថា​៖ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នា​ព្រឹក​មិញ​នេះ ក្រៅពី​បាន ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ហើយ​នោះ​ក៏បាន​ពិភាក្សា និង​អនុម័ត លើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា​ផងដែរ​។​

​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បុរេប្រទាន​ថវិកា​ចំនួន ៤,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ ករណី​រោងចក្រ​
(​អត្ថ​ប​ទៈ​ចាន់ សុភឿន​,​រូបភាពៈ​ហេង សុខន​)
យោងតាម​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការងារ ដែល​បាន​ដាក់ជូន​សម័យប្រជុំ​រដ្ឋ សភា​ពិនិត្យ និង​អនុម័ត​លើ​វិសោធនកម្ម​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​លើកឡើងថា ក្នុង​ឆ្នាំ ២០១៨​នេះ រាជរដ្ឋាភិបាល​បានផ្តល់​បុរេប្រទាន​ថវិកា​ចំនួន ៤,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ ករណី​រោងចក្រ​ចំនួន​៩ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ដែល​បាន​បិទទ្វារ ហើយ​ធ្វើ អោយ​ប៉ះពាល់​ដល់​កម្មករនិយោជិត ចំនួន ៤១៦៥​នាក់ ដែល​អន្តរាគមន៍​នេះ មាន​គោលបំណង​ធានា​ការ ទទួលបាន​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​បណ្តេញចេញ និង​អត្ថប្រយោជន៍​ផ្សេងៗ ដែល​បានកំណត់​នៅក្នុង ច្បាប់​ស្តីពី​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត​គ្រប់រូប​។​

ក្នុង​សេចក្តីថ្លែងហេតុ​ខាងលើនេះ​បានបញ្ជាក់​ថា ស្ថិតក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​ឆាប់ រហ័ស វិស័យ​ការងារ​ត្រូវបាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​តែងតែបាន​ចូលរួម​អន្តរាគមន៍ ដោះស្រាយ​រាល់​ការលំបាក​របស់​បងប្អូន​កម្មករនិយោជិត ជាពិសេស​ក្នុងករណី​រោងចក្រ សហគ្រាស​បិទ ទ្វារ ដោយ​ម្ចាស់​រត់ចោល​៕
​

សង្គម​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​ព្រោងព្រាត ក្រោយ​ដោះលែង​អន្ទិត ស្រិល វណ្ណា​

ប៉ោយប៉ែត ៖ បន្ទាប់ពី​ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ព្រះនាម ស្រិល វណ្ណា​ហៅ អៀម វណ្ណា និង​ត្រូវបាន​នាំខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ការពារ​សុវត្ថិភាព​បញ្ញចៀ​ស​ហិង្សា​បាន​ប៉ុន្មាន​ម៉ោង​រួចមក សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​អន្ទិត​រូបនេះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ នា​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ថ្ងៃ​ដែល​បាន​ចាប់​ផ្សឹក​។​ ​ភ្លាមៗនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះព្រោងព្រាតពាក់ព័ន្ធនឹង រឿងនេះ ដែលភាគច្រើន ជាមតិរិះគន់។

​លោក សិទ្ធ ឡោះ ស្នងការ​ងរ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា ចៅអធិការ​វត្តភ្នំ​បាក់​លើ និង​ជា​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ដែល​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិនមែន​ឃាត់ខ្លួន​នោះទេ​គឺ​ដឹក​គាត់​ចេញពី​ហ្វូងមនុស្ស​ដែល​ចង់​ប្រើ​ហិង្សា​នៅក្បែរ​ព្រះវិហារ​ជា​កន្លែង​ផ្សឹក ហើយ​មកដល់ពេលនេះ​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ត្រូវបាន​ប្រគល់ជូន​មន្ទីរ​ធម្មការ​និង​សាសនា​ឲ្យ​ត្រឡប់​ទៅវិញ​ដើម្បី​ទៅពិនិត្យ​សម្ភារៈ​ក្នុង​កុដិ​វត្តភ្នំ​បាក់​លើ​។ ចំពោះ​ការដោះលែង​ទៅវិញ​នេះ គឺ​ដោយសារ​គ្មាន​ពាក្យបណ្តឹង​ចោទប្រកាន់​ណាមួយ​ទៅលើ​គាត់​ទេ ។​

​លោក ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ យិន យឿន ឲ្យ​ដឹ​ថា ក្រោយពេល​ផ្សឹក​ចៅអធិការ​វត្តភ្នំ​បាក់​លើ ដែល​បរាជិក​ដោយ​ចោទប្រកាន់​ពី​ស្ត្រី​ឈ្មោះ កាយ វិ​តា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បាន​ចោទថា​បាន​ចាប់​នាង​រំលោភ បានសម្រេច​និង​គម្រាម ហើយ​ត្រូវ​មន្ត្រី​ធម្មការ និង​សាសនា​ខេត្ត​រួមជាមួយ​មន្ត្រី​សង្ឃ​ផ្សឹក នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅក្នុង​វត្ត​សុមា​ធិ​ផល​ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ ក្នុង​ឱ​កា​នោះ គេ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោមរោម​ទំនងជា​ប៉ុនប៉ង​ប្រើ​ហិង្សា ហើយដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​ផ្ទុះ​ហិង្សា​កើតឡើង និង​ដើម្បី​ការពារ​សុវត្ថិភាព​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់ បានការ​ពារ​នាំយក​ឡើង​រថយន្ត​ដឹក​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ដឹក​ចេញ​តែម្តង ។​នៅ​សៀ​ល​ថ្ងៃ​ដដែល​មន្ត្រី​ធម្មការ និង​សាសនា​រួមជាមួយ​មន្ត្រី​សង្ឃ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​នាំខ្លួន​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ទៅ​វត្តភ្នំ​បាក់​លើ វិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សម្ភារៈ​ផ្ទាល់ខ្លួន ត្រូវបាន​ប្រគល់ជូន​ឲ្យ​ទទួលយក​ទៅផ្ទះ​វិញ​ហើយ រីឯ​វត្ត​នេះ​ត្រូវបានតែងតាំង​ថ្មី​ជា​បណ្តោះអាសន្ន​នូវ​ចៅអធិការ​វត្ត ព្រះនាម សុភា ទិ​ត្យ (​សាមណេ​)​ដែល​បួស​៥​វស្សា​មកហើយ ។​នៅ​វត្តភ្នំ​បាក់​លើ ស្ថិត​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ​។​

​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា ក្រោយពី​ផ្ទុះ​រឿង​បង្ហោះ​រូបភាព​ចៅអធិការ​វត្តភ្នំ​បាក់​លើ​មាន​រូប​ស្និត​ស្នាល​ជាមួយ​ស្ត្រី​ដើមចោទ​ហើយ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ប៉ះពាល់​សាសនា​ធ្វើ​ឲ្យ​ភាគី​នារី​ឈ្មោះ កាយ វិ​តា គ្រោង​ប្តឹង​សង្ឃ​អង្គ​នេះដែរ តែ​ត្រូវបាន​ចាស់ទុំ​សម្របសម្រួល​សុំ​កុំ​ឲ្យ​ប្តឹង​ដើម្បី​ទុក​ជជែក​គ្នា​រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅពេល​ក្រោយ​បន្តទៀត ទើប​សមត្ថកិច្ច​មិន​ចាត់ការ ព្រោះ​គ្មាន​ពាក្យបណ្តឹង និង​បានអនុញ្ញាត​ឲ្យ​អន្ទិត​រូបនេះ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ចំណែក ខាង​ស្រី ឈ្មោះ លី​តា ដែលជា​ក្មេងស្រី​វ័យ​១៩​ឆ្នាំ បាន​អះអាងថា នាង​បង្ហោះ​រូបភាព និង​វិ​ដេ​អូ កៀកកើយ​រវាង​នាង និង​សង្ឃ​បរាជិក ដោយសារតែ​ខាង​សង្ឃ​អង្គ​នោះ ព្យាយាម​គេច​ពី​នាង និង​បិទ​ទូរស័ព្ទ​មិន​ព្រម​ឆ្លើយឆ្លង​គ្នា ។ នាង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សង្ឃ ចាប់​លោក​នោះ ផ្សឹក ហើយ​នាង​ប្តឹង​ពីបទ​រំលោភ និង​គំរាម ប៉ុន្តែ​ដោយ​ចាស់ទុំ​សម្របសម្រួល​ទើប​ក្រុមគ្រួសារ​ពិចារណា​មិនទាន់​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​។​

​ទាក់ទិន​រឿងនេះ គេ​ឃើញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គេ​បង្ហោះ​រូបភាព Troll ជាច្រើន ពាក់ព័ន្ធ​ករណី​ព្រះសង្ឃ ស្រិល វណ្ណា ហៅ អៀម វណ្ណា ឆាន់​ពោត​ជាមួយ​ស្រី​ស្នេហ៍ ហើយ​កើតជា​រឿងរ៉ាវ ឈានដល់​ចាប់​ផ្សឹក​ព្រះសង្ឃ​បរាជិក​នោះ​។ នៅមាន​រូបភាព​ជាច្រើន​ទៀត ត្រូវបាន​គេ​បង្ហោះ​ឡើង រួមមាន​៖ “​ពោត ជា​អាវុធ​ប្រល័យ​លោក​” ហូប​ពោត​ខុស​បច្ចេកទេស “​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ជា​អ្នក​រកឃើញ​អាវុធ​ប្រល័យ​លោក គឺ​កញ្ញា លី​តា​”, “​ផ្អាក​ឆាន់​ពោត​មួយរយៈ​” “​ស៊ី​ពោត​ស្ងោរ អាច​នាំ​ឲ្យ​ខូចអនាគត ដូច្នេះ​មុននឹង​ស៊ី ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​” “​តើ​មួយណា​ជា​អាវុធ​ប្រល័យ​លោក​?” “​កញ្ញា លី​តា ស្ថាបនិក​រកឃើញ​អាវុធ​ប្រល័យ​លោក​” ជាដើម​៕
​

គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាសពី​កណ្តាល​ក្រុងភ្នំពេញ​ទៅ​ព្រលានយន្តហោះ ចាប់ផ្ដើម​ឆ្នាំក្រោយ​

​ភ្នំពេញ ៖ ដោយសារ​ការកកស្ទះ​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ចំបង​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានបង្ហាញ​កាន់តែច្បាស់ ពី​គម្រោង​ស្ថាបនា​រថភ្លើង​លើ​អាកាស​នា​ឆ្នាំក្រោយ ដោយ​កំណត់​យក​ទី​តាំងពី​ចំណុច​ជិត​ផ្សារ​ថ្មី ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៨​រយ​លាន​ដុល្លារ​អាមេរិក​។

​តាម​ការបញ្ជាក់​របស់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្ហាញថា ការសិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស និង រថភ្លើង​លើ​អាកាស ក្នុង​រាជធានី​ភ្នំពេញ​បាន​ចប់សព្វគ្រប់​ហើយ​នាពេលនេះ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ ដោយ​កំណត់​យក​ទីតាំង​ចាប់ពី​ចំណុច​ជិត​ផ្សារ​ធំថ្មី ឆ្ពោះទៅកាន់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សម្រួល ការធ្វើដំណើរ និង​ផ្តល់​ជម្រើស​កាន់តែច្រើន​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​រាជ ធានី​ភ្នំពេញ ក៏ដូចជា​ភ្ញៀវទេសចរ​អន្តរជាតិ ។

លោក ស៊ុន ចាន់ថុល បាន បាន​បញ្ជាក់ថា ហេតុផល​ដែល​ជ្រើសរើស​ទីតាំង​នេះ ព្រោះ​ជា​រៀងរាល់ថ្ងៃ មហាវិថី​សហព័ន្ធ​រុស្សី មាន​ភាព​កកស្ទះ​ច្រើនជាងគេ ជាពិសេស ជា​មហាវិថី​សំខាន់បំផុត​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា និង​ដោយសារ​ផ្លូវ​នេះ មាន​ភាព​មមាញឹក​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ចាក​ចេញទៅ​ក្រៅប្រទេស​តាមរយៈ​ការហោះហើរ​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោង​ស្ថាបនា​រថភ្លើង​លើ​អាកាស ពី​ចំណុច​ជិត​ផ្សារ​ធំថ្មី ទៅកាន់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នេះ មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨​រយ​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ។

ប៉ុន្តែ​ការស្ថាបនា​ផ្លូវ​រថភ្លើង​អាកាស​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​២​ដំណាក់កាល ដោយ​បែងចែក​គម្រោង​ផ្លូវ​នៅលើ​អាកាស​ចំនួន​១៤​គីឡូម៉ែត្រ និង​ផ្លូវ​នៅក្រោម​ដី ប្រវែង​៤​គីឡូម៉ែត្រ​ពី​ស្ថា​នី​យ៌​ចំណត​ដែល​ស្ថិតនៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង ។

​គួរ​បញ្ជាក់ថា គម្រោងការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ ត្រូវបានធ្វើ​ការសិក្សា​តាំងពី​អំឡុង​ឆ្នាំ​២០១៤ ទៅលើ​ផ្លូវ​ចំនួន​៣​ខ្សែ គឺ​ខ្សែ​ទី​១ ចាប់ផ្តើម​ពី​មហាវិថី​កម្ពុជា​ក្រោម​, មហាវិថី​ព្រះមុនីវង្ស​, មហាវិថី​សហព័ន្ធរុស្ស៊ី និង​រង្វង់​មូល​ចោមចៅ​។ ខ្សែ​ទី​២ ចាប់ ផ្តើម​ពី​មហាវិថី​ព្រះមុនីវង្ស រត់​ស្រប​ផ្លូវ​រថភ្លើង​(​ចាស់​) ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខ្សែ​ទី​៣ ចាប់ផ្តើម​ពី​ផ្សារ​ធំថ្មី​, មហាវិថី​ហ្សា​ល​ដឺ​ហ្គោល​, មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ និង​បត់​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ គឺជា​គំនិត​ផ្ដួចផ្តើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លងមក ។

ដោយ​នៅពេលនោះ សម្តេច​តេ​ជោ​បានស្នើ​រដ្ឋាភិបាល​ជប៉ុន ឲ្យ​ជួយ​គិតគូរ​ផ្ដល់ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹកជញ្ជូន ជាពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែបនេះ ដើម្បី​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ពលរ​ដ្ឋ ព្រមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេងៗ​។

បច្ចុប្បន្ន ក្នុង​រាជធានី​ភ្នំពេញ ក៏​កំពុង​ប្រើប្រាស់​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​ច្រើន​ដែរ ទាំង​ផ្លូវគោគ និង​ផ្លូវទឹក តាមរយៈ​ការផ្តល់សេវា​ដឹកជញ្ជូន​តាម​រថយន្ត សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ និង កាណូត​ដឹក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ពី​តំបន់​ព្រែក​ភ្នៅ ទៅដល់​ក្រុង​តាខ្មៅ ផងដែរ ៕
( រូបតំណាង )
​

អ្នក​ខ្ចីលុយ​ធនាគារ​ទិញ​ដី​ទុក«ខកចិត្ត»​ព្រោះ​គម្រោង​សង់​ព្រលាន​នៅ​ខេត្តកណ្តាល​មិន​ច្បាស់លាស់​

​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​កំពុង​ធ្វើអោយ​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង​ខ្លាំង ពេលនេះ​ស្ថិតក្នុង​ភាពមិន​ច្បាស់​នៅឡើយ​ថា នឹង​ត្រូវបាន​លុបចោល​វិញ ឬ​នៅ​បន្តដំណើរ​ការ​ដដែល ខណៈដែល​មិនទាន់មាន​ការជូនដំណឹង​ជា​ផ្លូវការ ពី​រាជរដ្ឋាភិបាល​នៅឡើយ​។​

​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី មាន​ផ្ទៃដី​ទំហំ​២៦០០​ហិកតា ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលជា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក OCIC ជាមួយ​ក្រុមហ៊ុន​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​នោះ កំពុងស្ថិត​ក្នុង​ភាពមិន​ច្បាស់​នៅឡើយ​ថា នឹង​ត្រូវបាន​លុបចោល​វិញ រឺ​នៅតែ​បន្ត​ដំណើរការ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន និយាយថា គម្រោង​នេះ​ត្រូវបាន​លប់ចោល​វិញ​ហើយ បន្ទាប់ពី​អ្នកជំនាញ​របស់​ចិន​បាន​សិក្សា​ចប់ ហើយ​បង្ហាញថា នៅ​ទីតាំង​នោះ​មិនអាច​សាងសង់​អាកាសយានដ្ឋាន​បានទេ ដោយសារ​ហេតុផល​បច្ចេកទេស និង​នគរូបនីយកម្ម​សំខាន់ៗ​ចំនួន​បី​៖ ទី​១ គឺ​ដោយសារ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅលើ​ផ្ទៃ​បឹង​ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការសាងសង់ ដោយសារ​ដី​ខាងក្រោម​ជ្រាយ ។ ទី​២ ទីតាំង​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅ​ជិត​ក្រុងភ្នំពេញ​ពេក ព្រោះ​រយៈពេល​យ៉ាងយូរ​១០​ឆ្នាំ​ទៀត ទីក្រុង​ភ្នំពេញ​នឹង​រីក​ទៅដល់​តំបន់​នេះ​។ ទី​៣ គឺ​ដោយសារ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិតនៅ​ក្បែរ​នឹង​ភូមិគ្រឹះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពេក​។

ទន្ទឹមនេះ ប្រភពពី​មន្ត្រី​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា គម្រោង​នេះ​កំពុង​បន្តដំណើរ​ការ​ដដែល​តា​ម​ការគ្រោងទុក​។ ទោះជា​យ៉ាងណា រឿង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ​នៅ​មិនទាន់ មានការ​បញ្ជាក់​ជា​ផ្លូវការ​ស្តីពី​បច្ចុប្បន្នភាព រឺ​ដំណើរការ​យ៉ាងណា​នៅឡើយ​។ ប៉ុន្តែ បើតាម​ការចេញផ្សាយរ​បស់ បណ្តាញសារព័ត៌មាន​នានា បានលើកឡើង​នូវ​ការឆ្លើយតប​របស់ លោក ម៉ៅ ភិ​រុន អភិបាលខេត្ត​កណ្តាល ថា លោក​មិនដែល​បានដឹង​ពី​គំរោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ​ទេ ហើយក៏​មិនបាន​ដឹងថា​គេ​នឹង​សាងសង់​នៅទីណា​ដែរ ព្រោះ​រហូតមកទល់​ពេលនេះ មិនទាន់​ទទួលបាន​ឯកសារ​ឬ​ព៌​ត​មាន​ពី​ក្រុមហ៊ុន​ណា​ថា​ចង់​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះឡើយ​។

បើតាម​ប្រភព​ព៌​ត​មាន​ផ្សេងទៀត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំ​ពុង​សិក្សា​សាងសង់​អាកាសយា​ដ្ឋា​ន​ថ្មី នៅ​ទីតាំង​ចាស់ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង និង​ទីតាំង​ថ្មី​មួយទៀត​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ការសិក្សា​លំអិត​និង​បញ្ចប់​នៅពេលណា និង​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។

សូមបញ្ជាក់ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ត្រូវ​ចំណាយ​ទុន វិនិយោគ​សរុប​ប្រមាណ ១​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក គឺជា​ការវិនិយោគ​រួមគ្នា​ក្នុងនោះ​មាន​កម្ចី​ពី​ធនាគារ​ចិន​ចំនួន​១​ពាន់​១​រយ​លាន​ដុល្លារ​! កម្ចី​ពី​ភាគទុន​ក្រុមហ៊ុន OCIC ចំនួន ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី​ចំនួន ១២០​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន OCIC មាន​៩០​ភាគរយ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែល​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា មាន​១០​ភាគរយ​។

​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវ​អភិវឌ្ឍ​ក្នុង​លំដាប់ថ្នាក់​4F និង​ដំណើរការ​ក្រោម​ឈ្មោះ ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co.,Ltd)​។

​គួរ​កត់សំគាល់ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន នៅក្នុង​ខែមករា ឆ្នាំ​២០១៨ ដែល​ចាប់ពីពេលនោះ​មក​ធ្វើអោយ​តម្លៃ​ដី​នៅក្នុង​តំបន​នោះបាន​ឡើងថ្លៃ​យ៉ាងខ្លាំង និង​មាន​អ្នក​សម្រុក​ទៅ​ទិញ​ទុក ដើម្បី​លក់​យកចំណេញ​នៅពេល​គម្រោង​នេះ​លេច​ជា​រូបរាង ប៉ុន្តែ​ដំ​ណឺង​នៃ​ការលប់ចោល​គម្រោង​សាងសង់​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នេះ នឹង​ធ្វើអោយ​សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​តំបន់​នោះ អាច​នឹង​ធ្លាក់ចុះ​វិញ​។

នាពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ធំៗ ចំនួន​៣​កំពុងដំណើរការ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ !​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​! និង​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​។ ចំណែក គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ត្រូវបាន​សម្រេច​ជា​គ្រោង​ប្លង់​រួចរាល់​ហើយ និង​រង់ចាំ​ការចាប់ផ្តើម​ដំណើរការ​សាងសង់​នាពេល​ឆាប់ៗ​នេះ លើ​ផ្ទៃដី​៧០០​ហិកតា និង​ចំណាយ​ថវិកា​ជាង​៩០០​លាន​ដុល្លារ​អាមេរិក ។​

​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកណ្តាល​នោះ ត្រូវបាន​គេ​អះអាងថា នឹង​ពន្យារពេល​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​អ្នកទិញ​ដី​នៅ​តំបន់​ដែល​គេ​គ្រោង​នឹង​សាងសង់​ព្រលានយន្តហោះ​នោះ ខកចិត្ត​និង​មាន​អ្នកខ្លះ​ចង់​ចង​.​ក ព្រោះតែ​ខ្ចីបុល​ពី​ធនាគារ​រាប់សែន​ដុល្លារ ៕

​

ស៊យ​មែន​ ចោរឆក់​កាបូប​​ហើយ ​មកជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ថែមទៀត​

​ភ្នំពេញ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​ចោរឆក់​កាបូប​របស់​ស្ត្រី​ដែល​ប្រពន្ធ​ដែល​ជិះ​ខាងក្រោយ​រត់​បាត់​ដោយ​សុ​វត្ថ​ភាព​ក្រោយពេល​ដឹងថា​ចោរឆក់​កាបូប​របស់​ប្រពន្ធ​របស់គាត់​ភ្លាម​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ដេញតាម​ជន​ស​ង្ស​យ័​ដោយ​ជិះ​បញ្ច្រាសទិស​ក៏បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាលអោយ​រងរបួស​ស្រាល​ទាំងសងខាង​
​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ័​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅ​ចំនុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ​យ័​ខណ្ឌ​មាន​ជ​យ័​រាជធានី​ភ្នំពេញ​
​

បើ​យោងតាម​សម្តី​បុរស​ដែល​ត្រូវ​ចោរឆក់​កាបូប​របស់​ប្រពន្ធ​គាត់​បាន​រៀបរាប់​អោយដឹងថា​មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​scoopy​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CX1547​ដឹក​ប្រពន្ធ​គាត់​ត្រលប់​មកពីផ្សា​ដើ​មគរខ​ណះ​ពេល​កំពុងតែ​ជិះ​ជិត​ដល់​ស្តុ​ប​ផ្សា​ដើម​គរ​ផ្លូវ​មុន្នី​រ៉េត​ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​ត្រូវ​ជន​ស​ង្ស​យ័​មាន​គ្នា​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រពន្ធ​របស់គាត់​អស់​លុយ​ជាង​១​លាន​រៀល​និង​ទូរ​សព្ទ័​អាយ​ហ្វូ​ន​សិច​ផ្លើស​១​គ្រឿង​ហើយ​គាត់​ក៏បាន​ជិះ​ដេញតាម​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ឃ្លិ​ចព​ណ៍ស​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ2492​ដោយ​រូបគាត់​បានបញ្ចប់​រឿង​សង​ថ្លៃ​ខូ​ត​ខាត​ដល់​ម្ចាស់​ម៉ូតូ​ឃ្លិ​ក​ចំនួន​៩០​ដុល្លា​ទៀត​។​ក្រោយមក​ក៏​ដឹក​ប្រពន្ធ​ទៅប្តឹង​នគរបាល​ប៉ុស្តិ​បឹង​សាឡាង​អោយជួយ​អន្តរាគមន៍​។​

គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់ របួសធ្ងន់​ស្រាល​៥​នាក់ នៅ​ស្រុក​ព្រៃនប់​

​ព្រៃនប់់ ៖ មនុស្ស​៥​នាក់​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ពៃ​នប់ រវាង​រថយន្ត​ធំ​ដឹក​ត្រី ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​កំពត​2A-0786 និង​រថយន្ត​តួ​រី​ស ពណ៌ ស្លែ ពាក់​ផ្លាកលេខ​ភ្នំពេញ​2L-3189 មាន​ទិសដៅ​ពី​ផ្ទុយគ្នា នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​ជិត​៧​ព្រឹក ថ្ងៃទី​៦ ខែមិថុនា​២០១៨ នេះ បណ្តាលអោយ​មនុស្ស​៥​នាក់​(​ស្រី​២​នាក់ )​ដែល​ជិះ​ក្នុង​រថយន្ត​តួ​រី​ស រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ​មាន​៤​នាក់​រងរបួស​ធ្ងន់ ។​

​ករណីនេះ បើតាម​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ថា កើតឡើង​ពេលដែល​រថយន្ត​ដឹក​ត្រី​ទិសដៅ​ចូលទៅ​ក្រុងព្រះសីហនុ បំរុង​បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ ប៉ុន្តែ​វ៉ា​មិន​ផុត ក៍​ជ្រុល​ទៅបុក​រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ​ដែល​កំពុងបើក​បរ​មក​ពីមុខ​បញ្ច្រាសទិស​គ្នា ។
​ឈ្មោះ​ជនរងគ្រោះ​ទាំង​៥​នាក់​រួមមាន​៖
១-​ឈ្មោះ​សួន ស៊ី​នេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​អ្នកបើកបរ​រថយន្ត​តួ​រី​ស​) ទីលំនៅ​ឃុំ អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ របួសធ្ងន់​។​
២-​ឈ្មោះ​ដែង ធា​រៈ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់​ខេត្តកំពង់ធំ របួសធ្ងន់​។​
៣-​ឈ្មោះ​កង វីន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ទីលំនៅ​ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់​ខេត្តកំពង់ធំ របួសធ្ងន់​។​
៤-​ឈ្មោះ​សឿង យ៉ុ​ន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជា​កង​ទ​ព័​អង្គភាព​ឆ​ត្រ័​យោង​៩១១ មធ្យ​។​
៥-​មនុស្ស​ស្រី មិនទាន់​ស្គាល់ឈ្មោះ របួសធ្ងន់​៕
​

នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ជួប​កម្មការិនី​ជាង​២​ម៉ឺន​នាក់ នៅ​ស្រុក​ជើងព្រៃ

​កំពង់ចាម ៖ គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ចំនួន​៤៤​លើក​ហើយ ដោយ​នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា នេះ សម្តេច​តេ​ជោ បាន​បន្ត​ជួប​ជាមួយ​កម្មករ​រោងចក្រ ជិត​២​ម៉ឺន​២​ពាន់​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស ក្នុង​ខេត្តកំពង់ចាម ក្នុងនោះ​មាន​រោងចក្រ សហគ្រាស ចំនួន​៧ មកពី​ស្រុក​ជើងព្រៃ និង រោងចក្រ​ចំនួន​១ មកពី​ស្រុក​បាធាយ​។ រោងចក្រ សហគ្រាស​ទាំង​៨​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១, ផលិត​ស្បែកជើង​ចំនួន​៥, ផលិត​ស្រោមដៃ​ចំនួន​១ និង​ផលិត​កា​រ៉ុង​ចំនួន​១​។ ចំណែក​ផលិតផល​ផលិត​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។ រោងចក្រ​ទាំងនេះ​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦, កាណាដា​ចំនួន​១ និង​ខ្មែរ​ចំនួន​១​។

​តាម​ការបញ្ជាក់​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ខេត្តកំពង់ចាម ជា​ខេត្ត​មួយ​ដែល​ធ្លាប់ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​កាលពី​អតីតកាល​ផងដែរ តែ​បច្ចុប្បន្ន​បានប្រែក្លាយ​ទៅ​ខេត្ត​មានការ​អភិវឌ្ឍ​ទាំង​វិស័យ​ឧស្សាហកម្ម និង​កសិឧស្សាហកម្ម​។ ពេលបច្ចុប្បន្ន ខេត្តកំពង់ចាម មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន​៤០០ មាន​កម្មករ និយោជិត ជាង​៣​ម៉ឺន​៥​ពាន់​៤​រយ​នាក់ ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៤ មាន​កម្មករនិយោជិត​ចំនួន​ជាង​២​ម៉ឺន​៥​ពាន់​៧​រយ​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៥២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

​លោក អ៊ិត សំហេង បាន​លើកឡើងថា ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្តកំពង់ចាម គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​ការងារ​ជូន​កម្មករ និយោជិត និង​ជា​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ស្របតាម​គោលនយោបាយ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ដែល​កំពុង​ប្រែក្លាយ​ខេត្តកំពង់ចាម ទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា គោលនយោបាយ​ពង្រាយ​រោងចក្រ សហគ្រាស​ទៅតាម​បណ្តា​ខេត្ត គឺជា​ចក្ខុវិស័យ និង​ជា​គោលនយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​អនុវត្ត​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ បន្ទាប់ពី​នយោបាយ​ពង្រាយ​សាលារៀន​ទៅតាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​ការងារ​ទៅជិត​កន្លែង​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​។

​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​មាន​ភាពល្អប្រសើ​រ ទាំង​ការ​តម្លើង​ប្រាក់ខែ​អប្បរ​មារ​ដល់​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​នេះ រួម​និង គោលនយោបាយ​គាំពារ​សង្គម​ជាច្រើន​ទៀត​ដែល​សម្រួល​ដល់​ជីវភាព​របស់ កម្មករ កម្មការិនី​។

ក្នុងនោះ គ្រាន់តែ​គោលនយោបាយ​គាំពារ​សុខមាលភាព​សម្រាប់​កម្មការិនី​មាន​ផ្ទៃពោះ គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​ចំណាយ​កញ្ចប់​ថវិកា​៩​ពាន់​៨​រយ​លាន​រៀល សម្រាប់​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី សម្រាលកូន ចំនួន ២​ម៉ឺន​៤​ពាន់​នាក់ ៕
​

​អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា​ធ្វើ​ឲ្យ​ទន្លេ​សេសា​ន្ត​ជន់​លិច​

​ខេត្តរតនគិរី ៖ មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេសា​ន្ត និង​ទន្លេស្រែពក ក្នុង​ខេត្តរតនគិរី ឲ្យ​មានការ​ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ​រក​ទីទួល​សុវត្ថិភាព​។​
ការសុំ​អំពាវនាវ​នេះ លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានផ្ដល់​បទ​សម្ភាស ដល់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ខេត្តរតនគិរី មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ថ្ងៃ ហើយ​ទឹកទន្លេ​មានទឹក​ឡើង​យ៉ាង​កំ​ហុក​។​

បើតាម​លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បើទោះជា​ទឹកទន្លេ​សេសា​ន្ត និង​ទឹក​ទន្លេស្រែពក ក្នុង​ខេត្តរតនគិរី មានកំ​រិត​កំពស់​ទឹក​មិនទាន់​ដល់​កំរិត​ប្រកាស់​អាស​ន្ត​យ៉ាងណាក៏ដោយ ក៏​ការសុំ​អំពាវនាវ​នេះ គ្រាន់​ជាការ​ដាសតឿន ដល់​ប្រជាពលរដ្ឋ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ក្នុង​ខេត្តរតនគិរី តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ មាន​៤​ស្រុក គឺ​ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​វើ​ន​សៃ និង​ស្រុក​លំផាត់ ស្រុក​ទាំង​៤​នេះ ប្រជាពលរដ្ឋ​សុទ្ធសឹង​រស់នៅ​តាម​ដង​ទន្លេ​សេសា​ន្ត​និង​ទន្លេស្រែពក​។ ប្រជាពលរដ្ឋ​ទាំង​ស្រុក​៤​ស្រុក​នេះ សុទ្ធតែ​ធ្លាប់​រងគ្រោះ ខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ទើរតែ​រៀងរាល់ឆ្នាំ ពិសេស​ជាងគេ​គឺ ស្រុក​លំផាត់ ដែលមាន​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ​ប្រ៉​ប​តា​មដង​ទន្លេស្រែពក​តែម្ដង​។​

គួរ​បញ្ជាក់ថា ទឹក​ទន្លេស្រែពក ស្ថិតក្នុង​ស្រុក​លំផាត់ ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​ទឹក​កើនឡើង​កំពស់ ៤.២៦​ម៉ែត្រ ក្នុង​កំរិត​ប្រកាសអាសន្ន​១២.៥០​ម៉ែត្រ​។ ទឹកទន្លេ​សេសា​ន្ត ស្ថិតក្នុង​ស្រក​អណ្ដូង​មាស ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ កំពស់​ទឹកបាន​កើន​កើនឡើង​៣.០៥​ម៉ែត្រ ដែល​ក្នុង​កំរិត​ប្រកាសអាសន្ន​៨.៥០​ម៉ែត្រ​។​
បើទោះជា​កំរិត​ទឹក​នៅ​ទាប​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​នៅ​ខេត្តរតនគិរី ទឹកជំនន់​អាច​បង្ករ​ជា​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ តែ​រយៈពេល​ពី​២​ទៅ​៣​ម៉ោង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​៕
​

ព្រឹទ្ធសភា​អាមេរិក ជួប​ជាមួយ ប្រធានាធិបតី​គុយបា ទើប​កាន់តំណែង​ថ្មី​

​អាមេរិក ៖ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក ជេ​ហ្វ​វ្លេ​ក Jeff Flake និង​អតីត​ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Google លោក​អ៊ី​រីក ឈ្មី​ត និង​ជា​អ្នកការទូត​កំពូល របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ ប្រ​ធានា​ធិ​ប តី គុយបា ថ្មី លោក មី​ហ្គែ​ល ឌៀ​សកា​នែ​ល ក្នុងប្រទេស គុយបា ជា​ជំនួប​ជាមួយ គណៈ ប្រតិភូ សហរដ្ឋអាមេរិក កំរិត​ខ្ពស់ ចាប់តាំងពី​លោក ឡើង កាន់តំណែង​។ លោក ឌៀ​ស កា​នែ​ល បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី កាលពី​ខែ មេសា បន្ត​តំណែង​ពី​លោក រ៉ូ​ល កា​ស្ត្រូ​។

​លោក វ្លេ​ក និង​លោក ឈ្មី​ត ដែល​បច្ចុប្បន្ននេះ ជា សមាជិក​គណៈនាយក នៃ​ក្រុមហ៊ុន Google parent Alphabet Inc កំពុងស្ថិត​ក្នុង ដំណើរ​ទស្សនកិច្ច រយៈពេល​២៤​ម៉ោង ដើម្បី​ពិភាក្សា​លើ ការធ្វើ​ឲ្យ​ប្រសើរឡើង ប្រព័ន្ធ អ៊ី​ន​ធឺ​ណេ​ត​នៅលើ​ប្រទេស​ដី​កោះ​មួយ​នេះ និង​បាន​ជួប​ជាមួយ រដ្ឋមន្ត្រីការបរទេស និង​មន្ត្រី​ក្រសួង​ទូរ​គម​នា​គម​ន៏​គុយបា​ផងដែរ​។ លោក​ដូ​ណា​ល់​ត្រាំ ដែល​បាន​ឡើងកាន់ តំណែង កាលពី​ខែមករា ឆ្នាំ​២០១៧ បាន​ដក​នូវ​គោលនយោបាយ​នៃ​ការជាប់​ទាក់ទង​ជា មួយ​កោះ​មួយ​នេះ ជា​គោលនយោបាយ របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា ។​

ក្រុមហ៊ុន Google បាន​ទាញយក​អត្ថប្រយោជន៍​ពី​ការបន្ធូរបន្ថយ​ភាពមិន​ចុះសម្រុង​គ្នា​នា សម័យកាល​របស់លោក​អូ​បា​ម៉ា​ដែល​រួមមាន​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​ឆ្នាំ 2016 ដើម្បី​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ ណេ​ត នូវ​ការចូល​ទៅកាន់​មាតិកា របស់ខ្លួន​កាន់តែ​ឆាប់រហ័ស​៕
​

លោក ត្រាំ និង​លោក គីម ចុង​អ៊ុន នឹង​ជួបគ្នា​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១២ មិថុនា នៅ​សឹង្ហ​បុរី​

​កូរ៉េ ៖ សេត​វិមាន​បាន​និយាយថា ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កំពុងដំណើរការ​ទៅ​យ៉ាង​ល្អ ហើយ​ភាគី ទាំងពីរ​គ្រោង​នឹង​ជួបប្រជុំ​នៅ​ម៉ោង 9 ព្រឹក​ម៉ោង ក្នុងប្រទេស​សឹង្ហ​បុរី នៅ​ថ្ងៃទី 12 ខែមិថុនា​។​

​ការប្រកាស​អំពី​ពេលវេលា សម្រាប់​កិច្ចប្រជុំ​លើកដំបូង រវាង​មេដឹកនាំ​ទាំងពីរ​នេះ បាន​ធ្វើឡើង​ត្រឹមតែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ត្រាំ បានទទួល​គណៈប្រតិភូ​ជាន់ខ្ពស់ កូរ៉េខាងជើង នៅ​សេត​វិមាន ។​

​អ្នកនាំពាក្យ​របស់​សេត​វិមាន លោកស្រី សា​រ៉ា សេន​ដ័​រ បាន​និយាយថា យើង​គិតថា​អ្វីៗ កំពុង បន្ត​ឆ្ពោះទៅមុខ និង​មានការ​រីកចំរើន​ល្អ​។

លោកស្រី ក៏បាន​ឆ្លើយតប​នឹង​សំនួរ អំពី​យុទ្ធនាការ ដាក់ សម្ពាធ​អតិបរិមា​របស់​សរ​ដ្ឋ​អាមេរិក​ទៅលើ​កូរ៉េខាងជើង ដោយ​និយាយថា គោលនយោបាយ​សហ រដ្ឋ​អាមេរិក មិនមាន​ការផ្លាស់ប្តូរ​ទេ ហើយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន នឹង​បន្ត​រក្សា​ទណ្ឌកម្ម លើ​ទី ក្រុង​ព្យុងយ៉ាង​។​

​កាលពី​សប្តាហ៍​មុន លោក Trump បាន​និយាយថា លោក​មិន​ចង់​ប្រើពាក្យ​ថា សម្ពាធ​អតិបរមា​” ដើម្បី​ពណ៌នា​អំពី​យុទ្ធនាការ​ទៀត​នោះទេ ដោយសារ​កូរ៉េខាងជើង កំពុង​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ថែមទៀត ទោះបី​សហរដ្ឋអាមេរិក​កំពុង​រក្សា​ទណ្ឌកម្ម​នាពេល​បច្ចុប្បន្ន​ក៏ដោយ​៕

ប្រធាន​ផ្តល់ជំនួយ​ ​UN គាំទ្រ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចអ្នកបង្កសង្គ្រាម​នៅ​ស៊ូដង់​ខាងត្បូង​

​ស៊ូដង់ ៖ អ្នកសម្របសម្រួល​ជំនួយការ​ជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ធំ ៗ ក្នុងការ​បង្កើន​ដាក់ទណ្ឌកម្ម លើ​ក្រុម​មេដឹកនាំ​ប្រទេស​ស៊ូដង់​ខាងត្បូង ដោយ​បង្កក​ទ្រព្យសម្បត្តិ និង ហាម ឃាត់​ការធ្វើដំណើរ ដើម្បី​នាំ​ភាគី​ទាំងអស់​ចូលក្នុង​តុ​ចរចា ក្នុង​បំណង​បញ្ចប់ ជម្លោះ រយៈពេល​ប្រាំ​ឆ្នាំ​។

លោក ម៉ាក ឡូ​ខក់ អ្នកសម្របសម្រួល​ផ្នែក​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា ការដាក់ទណ្ឌកម្ម​គួរតែ​ផ្តោតលើ ការបង្កើត​កងទ័ព និង​អ្នកមាន កាំភ្លើង ។​
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត ដើម្បី​បន្ត​ការដាក់ទណ្ឌកម្ម​មួយចំនួន ទៅលើ​ប្រទេស​ស៊ូដង់​ខាងត្បូង រហូតដល់​ពាក់កណ្តាល​ខែកក្កដា និង​ដើម្បី​ពិចារណា​លើ​ការដាក់​បំរាម​លើ​ការធ្វើដំណើរ និង​ការ​បង្កក​ទ្រព្យសម្បត្តិ ទៅលើ​មេដឹកនាំ​ស៊ូដង់​ខាងត្បូង​ចំនួន​ប្រាំមួយ​នាក់ ប្រសិនបើ​ជម្លោះ​របស់​ប្រទេស​នេះ មិន​បញ្ឈប់​ត្រឹម​ថ្ងៃទី 30 ខែមិថុនា​។​

​លោក ឡូ​ខក់ បាន​និយាយថា ធនធានធម្មជាតិ និង​ទ្រព្យសម្បត្តិ របស់​ប្រទេស​ស៊ូដង់​ខាងត្បូង ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ ខណៈពេលដែល​ភាគី​សង្គ្រាម កំពុង​ទទួលបាន​ប្រេង និង​មាស​របស់​ប្រទេស​នេះ​។

​ទោះបីជា​មានការ​ចាប់ពង្រត់ ឃាតកម្ម និង​ការ​លួច​ប្លន់​ក៏ដោយ បុគ្គលិក​ជំនួយ​ទាំងអស់ នឹង​បន្ត​នៅក្នុង​ប្រទេសមួយ​នេះ ដែលមាន​មនុស្ស 7 លាន​នាក់ ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌ ក្នុងការ​រស់រានមានជីវិត​។ លោក​ឡូ​ខក់ បាន​ព្រមាន​ថា ប្រទេស​ស៊ូដង់​ខាងត្បូង​គឺជា កន្លែង​គ្រោះថ្នាក់​បំផុត ក្នុង​ពិភពលោក ដោយ​និយាយថា បុគ្គលិក​ជំនួយ 100 នាក់ បាន​បាត់​បង់ជីវិត ចាប់តាំងពី​ឆ្នាំ 2013 មក ហើយ រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ ៕
​

អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គួរ​សម្រប​ខ្លួន​ទៅនឹង​សេដ្ឋកិច្ច​ឌីជីថល

​ភ្នំពេញ ៖ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​វិ​វត្ត​ន៌​ខ្លួន​ទៅកាន់​សេដ្ឋកិច្ច​បែប​ឌីជីថល នា​ឆ្នាំ​២០២៣​ខាងមុខនេះ វិស័យ​ឯកជន​ដែលជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក៏​ត្រូវតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​បរិបទ​ជា​បណ្តើរៗ​ពី​ការធ្វើ​អាជីវកម្ម​បែប​ប្រពៃណី ទៅកាន់​ការធ្វើ​អាជីវកម្ម​បែប​ទំនើប ទើប​អាច​តាម​ទាន់​ទីផ្សារ​ប្រកួតប្រជែង​។​

​នាពេល​បច្ចុប្បន្ន តំបន់​អាស៊ាន បាន​ឈាន​មកដល់​ដំណាក់កាល​បដិវត្ត​ន៌​នៃ​ឧស្សាហកម្ម​ទី​៤ ដែល​កំពុង​វិ​វត្ត​ន៌​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ទាំង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ការបំពេញ​កិច្ចការ​នានា ជាពិសេស អាស៊ាន ក៏​កំពុង​ឈានទៅរក​សេដ្ឋកិច្ច​បែប​ថ្មី​មួយ គឺ​សេដ្ឋកិច្ច​បែប​ឌីជីថល ដែល​តម្រូវអោយ​ប្រទេស​ជា​សមាជិក​ទាំង​១០ ត្រូវ​ពង្រឹងសមត្ថភាព​ដើម្បីអោយ​ដំណើរការ​នេះ​មាន​ភាពស៊ីសង្វាក់​គ្នា​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង របស់​ប្រទេស​នីមួយៗ​។

​ទន្ទឹមនេះ ប្រទេស​កម្ពុជា ក៏​កំពុង​រៀបចំខ្លួន​ដើម្បី​ប្រែក្លាយ​ទៅក្នុង​សេដ្ឋកិច្ច​បែប​ឌីជីថល​នេះដែរ នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​ដែរ ជាក់ស្តែង​តាមរយៈ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ កាលពី​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​យ៉ាងខ្លាំង អោយ​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ត្រូវ​ពង្រឹង​នូវ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ទំនើប ដើម្បី​តាម​អោយទាន់ ទៅនឹង​ការវិវត្ត​ន៌​របស់​ពិភពលោក​។ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ក្នុង​វិស័យ​ឯកជន សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ភាគច្រើន នៅ​ពុំទាន់​មានការ​ប្រើប្រាស់ ប្រព័ន្ធ​អាជីវកម្ម​បែប​ទំនើប រឺ​ហៅថា បែប​ឌីជីថល អោយបាន​ទូលំទូលាយ​នៅឡើយ ខណៈដែល​សហគ្រាស​ធំៗ​ជាច្រើន កំពុង​ប្រើប្រាស់ ប្រព័ន្ធ​អាជីវកម្ម ទាំង​បែប​ប្រពៃណី និង​បែប​ឌីជីថល ។ លោក យ៉​ន សុភា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​ជានា​យក​គ្របគ្រង​គេហទំព័រ​ពាណិជ្ជកម្ម Bizkhmer យល់ឃើញថា ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម គួរ​ចាប់ផ្តើម ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​តាមបែប​ទំនើប រឺ​ហៅថា Digital Marketing ដើម្បី ត្រៀម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បែប​ឌីជីថល​។ ជាពិសេស ការប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​តាមបែប​ទំនើប គឺ​មិន​ចំណាយ​ថវិកា​ច្រើន ដូច​ការប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ប្រពៃណី​នោះទេ​។

​ទន្ទឹមនេះ លោក មើលឃើញថា ដោយសារ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​សរុប ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដូចនេះ​បើសិនជា​ម្ចាស់​អាជីវកម្ម ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម បូកផ្សំ​ជាមួយ​យុទ្ធសាស្ត្រ​ទីផ្សារ​ទំនើប​អោយបាន​ត្រឹមត្រូវ នឹង​ធ្វើអោយ​ផលិតផល និង​ម៉ាក​យីហោ​របស់​អាជីវក​ម្មកា​ន់​តែ​រីកចម្រើន ៖៖៖ (​សម្ភាស​ន៌ លោក យ៉​ន សុភា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​ជានា​យក​គ្របគ្រង​គេហទំព័រ​ពាណិជ្ជកម្ម Bizkhmer ) គួរ​បញ្ជាក់ថា សហគ្រាស​ធុន​តូច និង មធ្យម មាន​ចំនួន​ប្រមាណ​៩០​ភាគរយ នៃ​ចំនួន​សហគ្រាស​សរុប​នៅ​កម្ពុជា​។

ពលករ​ខ្មែរ​ឈ្លោះ​វាយ​គ្នា​ស្លាប់​ម្នា​ក់នៅ​ ​ខេត្ត​ឈុន​បុរី​

ប្រទេស​ថៃ ៖ ជនរងគ្រោះ​ម្នាក់​ដែលជា​កម្មករ​ខ្មែរ​ធ្វើការ​នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​ជនរងគ្រោះ​រូបនេះ កំពុង​អង្គុយ​ធ្វើការ​សុខៗ ស្រាប់​តែមាន​ជនជាតិខ្មែរ​ដូចគ្នា បាន​លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ចំក្បាល​ពីក្រោយ ព្រមទាំង​បាន​វាយ​បន្ថែម​ទើប​រត់គេចខ្លួន​។​

​ហេតុការណ៍​ដែល​យើង​ទទួលបាន​ពី​សារព័ត៌មាន​ថៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុច​ទីតាំង​កន្លែង បាញ់ថ្នាំ​រថយន្ត មួយកន្លែង លេខ ១៩/១ ស្ថិត​ក្នុងភូមិ​១ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ។ ជនរងគ្រោះ​មានឈ្មោះ វ៉ា គឹម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ជនរងគ្រោះ​រស់នៅក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា នោះឡើយ ។

​បើតាម​ការអះអាង​ពីសា​ក្សី​ឈ្មោះ ស៊ុ សក្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ថៃ ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ កំពុង​អង្គុយ​ធ្វើការ​ជាធម្មតា ឯ​ខ្លួន​ក៏​នៅ​ធ្វើ​ការមិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ដែរ ។ ភ្លាមៗ​នោះ ក៏​ស្រាប់តែ​ឮ​ដូចជា​សម្លេង​គេ​វ៉ៃ​មនុស្ស លុះ​ពេល​ក្រលេក​មើលទៅ​ម្តងទៀត គឺ​ឃើញ ជនរងគ្រោះ​ដួល​ដេក​ទៅលើ​ដី ពោរពេញ​ដោយ​ឈាម​ទៅហើយ ហើយ​នៅ​ពីក្រោយ​ខ្នង ឃើញ​ឈ្មោះ ផេ​ក លៀប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ កំពុង​ឈរ​កាន់ដំបង​ឈើ​ជ្រុង​វាយ​បន្ថែមទៀត ទើប​ខ្លួន​បាន​លោត​ទៅ​ស្រែ​ឃាត់ ហើយ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង ។​

​ដោយឡែក​អ្នកស្រី ថុ​ន​ឌី សកល អាយុ​៣៧​ឆ្នាំ ជា​ថៅកែ​នៅ​កន្លែងកើតហេតុ​នេះ បានលើកឡើង និង​សរសើរ​ថា ជនសង្ស័យ​ខាងលើ គេ​គឺជា​មនុស្ស​រាបសា​រណាស់ ដោយ​មិនដែល​ចេះ​កោងកាច​ដាក់​អ្នកណាម្នាក់​ឡើយ ដោយ​គ្រាន់តែ​កន្លងមក គេ​ធ្លាប់មាន​រោគ​សរសៃប្រសាទ​ហើយ​សង្ស័យថា អាច​ខាន​លេបថ្នាំ​យូរពេក​ទើប​រោគសញ្ញា​នេះ​រើ​ឡើងវិញ ។

​បន្ទាប់មក ក្រុម​តម្រួត​ថៃ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ឈុន​បុរី ព្រមទាំង​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ផង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​មិនទាន់បាន​ទៅដល់​មន្ទីរពេទ្យ​ផង ។ ឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ថៃ តាម​ប្រមាញ់​នឹង​ចាប់ខ្លួនបាន​នៅត្រង់ចំណុច​ឃុំ​បាង​ប្លា​សយ ក្នុងស្រុក​មឿង និង​បាន​នាំយកទៅ​សាកសួរ​បន្ត​តាមច្បាប់ ៕​

សម្តេច ហេង សំរិន អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា

​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​មួយចំនួន​ដូចខាងក្រោម​៖

១- អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នូវ​៖ សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា -​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច “​គ​” ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ -​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា​។​

២- អង្គប្រជុំ​បានអនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​របៀបវារៈ​ស​ម័​យ​ប្រជុំ ដូចខាងក្រោម​៖
​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា ការពិភាក្សា និង​អនុម័ត សេចក្តីព្រាង ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច “​គ​” ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ -​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា​៕​