All posts by មេគង្គ ប៉ុស្តិ៍

អ្នកបើករថយន្ត​លោក ឡាយ វណ្ណៈ ត្រូវ​តុលាការ​សាកសួរ​ជុំវិញ​ការស្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា​

​ភ្នំពេញ ៖ បន្ទាប់ពី​ឃុំខ្លួន​មួយរយៈ​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី​២៥ ខែ ឆ្នាំ​២០១៨​នេះ លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​អ្នកបើករថយន្ត​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ គឺ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា​ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។​

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឡាយ វណ្ណៈ​និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ​និង​ឈ្មោះ​ជឹម​វុ​ធ​ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖​ទី​១​លោក​ឡាយ​វណ្ណៈ​អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក​ឡាយ​វណ្ណៈ​ទី​៣​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ​និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ​និង​លោក​ឡាយ ណា​រិ​ទ្ធ​ឡាយ​ណា​រិ​ទ្ធ​អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ​ហៅ​ថូត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា​៖
​មាត្រា​១៩៩៖ បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០(​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​)​នៃ​ក្រ​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។​

​មាត្រា​៥៣២៖​បទ​លាក់​បំបាំង​តម្រុយ​៖​អំពើ​កែប្រែ​លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគរ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២,០០០,០០០(​ពីរលាន​)​រៀល​ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕

សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​ក្នុង​អាណត្តិ​ថ្មី

ក្រចេះ ៖ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ពី​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា គម្រោង​ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេមេគង្គ ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ នឹងត្រូវ​លេច​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី នៃ​អាណត្តិ​ថ្មី​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា កម្ពុជា​ត្រូវការ​ស្ថាបនា​ស្ពាន​ថ្មី​មួយកន្លែង​ទៀត គឺ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៃ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប​។ ដោយ​នាពេល​បច្ចុប្បន្ន ការធ្វើដំណើរ​តាមផ្លូវ​គោគ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ មាន​ចម្ងាយ​រហូតដល់ ១២៩​គីឡូម៉ែត្រ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា គម្រោង​ស្ថាបនា​ស្ពាន​នេះ ត្រូវបាន​សិក្សា​រួចហើយ ដោយ​គម្រោង​នេះ​ត្រូវការ​ប្រើប្រាស់​ថវិកា​ជំនួយ​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ចិន​។ សម្តេច​បាន ប្រកាសថា គម្រោង​ស្ថាបនា​ស្ពាន​នេះ នឹងត្រូវ​បញ្ចប់​លេចចេញ​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​បន្តទៀត​។

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ដូចនេះ គឺ​នៅក្នុង ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ស្ថិតនៅក្នុង​ទី​រួម​ខេត្តក្រចេះ ៖ « ខ្ញុំ​សូម​ឳ​កាស​នេះ​បញ្ជាក់ជូន​បង​ប្ងូ​ន​ខេត្តក្រចេះ និង​អគ្គរដ្ឋទូត​ចិន យើង​ត្រូវការ​ស្ពាន​មួយទៀត​ឆ្លងកាត់​ទន្លេមេគង្គ ពី​ទី​រួម​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​សម្រួលការ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​…​វត្តមាន​របស់​ហ៊ុនសែន វត្តមាន​របស់​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​បន្ត​នេះ នឹង​បញ្ចប់​គម្រោង​សាងសង់​ស្ពាន​នេះ​…»​។

​សូមបញ្ជាក់ថា គិតពី​ឆ្នាំ​២០០១ ដល់​២០១៧ រដ្ឋាភិបាល​ចិន បានផ្តល់​ហិរញ្ញប្បទាន ឥត​សំណង និង ឥណទាន​ឥត​ការប្រាក់ ជាង ៤២៩៧​លាន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​អភិវឌ្ឍ​ន៌​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។

​ក្រៅពី​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន រដ្ឋាភិបាល​ចិន​ក៏បាន ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៨ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អិ​វ​ឌ្ឍ តាមរយៈ គម្រោង​មិត្តសម្លាញ់​អគារសិក្សា​ផ្លូវ​សូត្រ បាន​សាងសង់​អគារសិក្សា ចំនួន​១២​ខ្នង ស្មើនឹង​៨៧​បន្ទប់​។

​ដោយឡែក ក្នុង​គម្រោង​កែលម្អ​បរិស្ថាន​សាលារៀន និង​សម្ភារៈ​រូបវ័ន្ត ក្នុង​ឆ្នាំ​២០១៧-២០១៨ រដ្ឋាភិបាល​ចិន​បានផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤០​លាន​ដុល្លារ មក​កម្ពុជា​៕

ការចុះបញ្ជី​បក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្ដើម​ចុងខែ​មេសា​នេះ

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ករ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងខែ​មេសា រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។

​លោក នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ថា ការចុះ​ប​ញ្ចី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ​។ ចំណែក​ការស្នើសុំ​ពាក្យ និង​ដាក់ពាក្យ​ការចុះ​ប​ញ្ចី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ធ្វើ​នៅ​ទីស្ដីការ​គ​.​ជ​.​ប​តែម្ដង​។

​លោក​អនុប្រធាន គ​.​ជ​.​ប បានបញ្ជាក់ ថា ដោយ​យោងតាម​មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ដើម្បី​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​បាន ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៥​ដូចជា​៖​ទី​១.​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ទី​២.​មាន​អាយុ​២៥​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​។ ទី​៣.​មាន​សិទ្ធិ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ៤.​មាន​លំនៅដ្ឋាន ឬ​ទី​សំណាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ និង​ទី​៥.​មានការ​តែងតាំង​ពី​គណ​បក​ក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​មន្ដ្រីជាន់ខ្ពស់​គ​.​ជ​.​ប លោក នុត សុខុម បានបញ្ជាក់​បន្ថែមទៀត ថា ចំពោះ​ការស្នើសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប​ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យស្នើសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងនោះ គ​.​ជ​.​ប​នឹង​ចេញ​លិខិត​ជូនដំណឹង ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ ដើម្បី​កែតម្រូវ ឬ​បំពេញ​ចំណុច​ខ្វះខាត​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​រួច​។

​សូម​ជម្រាប ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅនេះ មាន​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ បើ​យោងតាម​របាយការណ៍ ដែល​គ​.​ជ​.​ប ទទួលបាន​ពី​ក្រសួងមហាផ្ទៃ មកទល់នឹង​ពេលនេះ មាន​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ចំនួន​៣៧​គណបក្ស​៕

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ក្រមសីលធម៌​តំណាងរាស្ត្រ​

ភ្នំពេញ ៖ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា សហការ​ជាមួយ​សមាគម​សមាជិកសភា កម្ពុជា និង​ការអភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្រាប់​ការសន្ទនា​មនុស្សធម៌ ព្រឹក​ថ្ងៃទី​២៥ មេសា​នេះ បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ក្រមសីលធម៌​តំណាងរាស្ត្រ ដោយ​មា​ការចូលរួម​ពី សមាជិក សមាជិកា​រដ្ឋសភា​ជាច្រើនរូប​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​មាន ប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ និង​សេរីភាព​នៃ​ការប្រតិបត្តិ​បេសកកម្ម​ក្នុង​នីតិកាល​របស់ខ្លួន តំណាងរាស្ត្រ​គ្រប់រូប ត្រូវគោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ច្បាប់​ស្តីពី​គណ បក្សនយោបាយ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​សភា និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ដូច​ខាង ក្រោម​៖
តំណាងរាស្ត្រ​ត្រូវមាន​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួមគ្នា​ពង្រឹង​ឯកភាព​ជាតិ​ផ្អែកលើ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​សិទ្ធិមនុស្ស និង​គោរព​ច្បាប់​ដោយ​ម៉ឺងម៉ាត់​,​ក្នុង ពេល​ប្រតិបត្តិការ​តាម​មុខតំណែង​របស់ខ្លួន តំណាងរាស្ត្រ​មិន​ត្រូ​ធ្វើ​សកម្មភាព​ណាមួយ​ទោះ ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី នាំអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​,​តំណាងរាស្ត្រ​ត្រូវ​តម្កល់​ផលប្រយោជន៍​របស់​ប្រជា រាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជាធំ​,​នៅ​គ្រប់​កាលៈទេសៈ ត្រូវ​ទុក​ផលប្រយោជន៍​ទូទៅ ខ្ពស់ជាង​ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​,​តំណាងរាស្ត្រ​មាន​សេរីភាព ឯករាជ្យភាព ក្នុងការ បំពេញ​មុខងារ​ក្នុង​នីតិកាល​របស់ខ្លួន ដោយ​មិន​ចំណុះ​ផ្នែក ហិរញ្ញវត្ថុ សំភារៈ និង​ស្មារតី ជាមួយ​បុគ្គល និង​មិន​ចំណុះ​បរទេស​ជាដើម​។​

ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការលើកឡើង​អំពី​កង្វះ​ការយល់ដឹង​ពី​ក្រមសីលធម៌​ជាទូទៅ​
​របស់​សមាជិកសភា​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​ថា មានការ​យល់ដឹង​តិចតួច​ពី​
​សញ្ញាណ​នៃ​ការប្រើ​ពាក្យ​ក្រមសីលធម៌​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​តម្រូវអោយ​ប្រព្រឹត្ត អ្វីដែល កំណត់​ការប្រព្រឹត្ត ការប្រព្រឹត្ត​ដែល​អាច​ទទួលយក ឬ​ក្រម​ដែល​តម្រូវអោយ​ទទួលយក​សំរាប់ អោយ​អ្នកនយោបាយ​អនុវត្ត​ផងដែរ​៕

លោក ឡាយ វណ្ណៈ ត្រូវបាន​ដក​ចេញពី​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តីសម្រេច ដក​ចេញពី​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។​
​យោងតាម​សេចក្ដីសម្រេច របស់​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ ថា​”​ប្រការ​១.​បញ្ចេញ​លោក​ឡាយ វណ្ណៈ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​”​។

​ប្រការ​២.​ខុទ្ទកាល័យ​គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក​ឡាយ វណ្ណៈ ត្រូវ​ប្រតិបត្តិ​តាម​សេចក្ដីសម្រេច​នេះ​។

​គួរ​រំលឹក ថា លោក​ឡាយ វណ្ណៈ និង​បងប្រុស​របស់លោក រួមទាំង​មនុស្ស​២​នាក់​ទៀត ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ឃាតកម្ម និង​លាក់បាំង​តម្រុយ ពាក់ព័ន្ធ​ករណី​ធ្វើឃាត​កម្ម​លើ​ស្ត្រី​ឈ្មោះ​ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​កំណាន់​របស់លោក​ឡាយ វណ្ណៈ​។

​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​៖​ទី​១.​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២.​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ​ទី​៣.​ឈ្មោះ​ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ទី​៤.​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។​

​លោក​ឡាយ វណ្ណៈ ត្រូវបាន​ដកដំណែង​មួយចំនួនទៀត​ផងដែរ ដែល​រួមមាន​៖​តំណែង​អភិបាលខេត្ត និង​ប្រធាន​គណបក្ស​ខេត្តតាកែវ​ផងដែរ​៕

លោក ស៊ុន ចាន់ថុល ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ព្រមាន​បិទ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ណា ដែល​នៅតែ​បន្ត​ដឹកទំនិញ​លើស​ទំងន់​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ការ​ថ្លែង​ព្រមាន​របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

​ថ្លែង​ទៅកាន់​អង្គពិធី និង​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​អះអាងថា​ការបង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់​មាន​លក្ខណៈ​ដូច​វែក​ចក លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ដើម្បី​កុំ​ឲ្យ​ដូច​វែក​ចក គឺ​យើង​ត្រូវយក​ចក​ចេញ​ឲ្យ​អស់​” ពោលគឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ និង​រក​ប្រភពដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។

​លោក​ទេសរដ្ឋមន្ដ្រី បានបញ្ជាក់​ទៀត ថា ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រូវតែ​បន្ត​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​និង​ម៉ឺងម៉ាត់​បំផុត ព្រោះ​ថាបើ​រថយន្ត​តែមួយ​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ២០​តោន​គឺ​ស្មើនឹង​រថយន្ត​១​សែន​៦​ម៉ឺន​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណីនេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួសជុល​ផ្លូវ​ឡើងវិញ​ក្នុង​មួយឆ្នាំៗ​។​នៅក្នុង​ឱកាស​ដដែល​នេះ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ទាំងអស់​រួបរួម​សា​គ្គី​សហការគ្នា​ឲ្យ បាន​រឹងមាំ ហើយ​សូមកុំ​ឲ្យ​មានការ​បែងចែក​ជា​ក្រុម ជា​បក្សពួក ពោលគឺ​មានតែ​ក្រុម​មួយគត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុ​ភូម​របស់​យើង​ឲ្យ​មានការ​រីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕

បុរស​ម្នាក់​ជិះ​កង់​ទៅ​ដាក់​អន្ទាក់​កណ្តុរ​ត្រូវបាន​រន្ទះ បាញ់​ស្លាប់​យ៉ាង ​អាណោចអាធម៌​

បាត់ដំបង : បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅពេល​ជិះ​កង់​ទៅ​ដាក់​អន្ទាក់​កណ្តុ​រខ​ណះ​ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​លាយឡំ​នឹង​ផ្គរ​រន្ទះ​ផង​នោះ​។

លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់ថា​៖​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់​មនុស្ស​ស្លាប់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៨-១៥​នាទី ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ស្វាយ​អា ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខ​ណះ​ដែល​ជនរងគ្រោះ​បាន​ជិះ​កង់​ចេញទៅ​ដាក់​អន្ទាក់​កណ្តុរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ផ្គរ​រន្ទះ​ផង​នោះ​។​
លោក​បន្តថា​៖​ជនរងគ្រោះ​ឈ្មោះ ទូច កាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ​ពិនិត្យ​ទៅលើ​សាកសព​និង​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុផល​

ជំនួប​រវាង​សម្តេច​តេ​ជោនិង​អភិបាល​តំបន់​ស្វយ័ត​ ក្វាង​ស៊ី ផ្តោតលើ​ពាណិជ្ជកម្មនិង​គម្រោង​អភិវឌ្ឍ​ន៌​កំពង់ផែ​ខេត្តកំពត

​ភ្នំពេញ ៖ នៅក្នុង​ឳ​កាស​ចូលជួប​សម្តែង​ការគួរសម សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​នេះ នៅ​វិមាន​សន្តិភាព ឯកឧត្តម ជិន វ៉ូ (Chen Wu) អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បាន​ជំរាបជូន​ថា គោលបំណង​ចំនួន​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់លោក​នៅ​កម្ពុជា​ពេលនេះ គឺ​ទី​១​ដើម្បី​គោរព​អញ្ជើញ សម្តេច​តេ​ជោ ក្នុងនាម​ជា​ប្រទេស​កិ​ត្ត​យស​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌ ពាណិជ្ជកម្ម​អាស៊ាន​ចិន លើក​ទី​១៥ នៅក្នុង​ទីក្រុង​ណាន​នី​ង ដែល​នឹង​រៀបចំ​ធ្វើ នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខ ។ និង​គោលបំណង​ទី​២ គឺ​ជម្រុញ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​រវាង​ខេត្ត​ក្វាង​ស៊ី ជាមួយ​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​ការ​ព្រមព្រៀងគ្នា រវាង​សម្ដេច​តេ​ជោ ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង នាពេល​កន្លងមក ក្នុងការ ការបង្កើត​សហគមន៍​វាសនា ចិន​អាស៊ាន​។

​ក្នុងន័យនេះ ឯកឧត្តម ជិន វ៉ូ បាន​បង្ហាញថា ខេត្ត​ក្វាង​ស៊ី បាន​ជំរុញ​អ្នកវិនិយោគ​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ដូចជា លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ទូរទស្សន៍ ផ្នែក​បច្ចេកវិទ្យា រោងចក្រ​កិន​អង្ករ និង​ផ្នែក​ទេសចរណ៍​ជាដើម ។ នៅក្នុង​វិស័យ​ទេសចរណ៍ ឯកឧត្តម ជិន វ៉ូ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់ ពី​ខេត្ត​ក្វាង​ស៊ី​មក​ទីក្រុង​ភ្នំពេញ​រួចហើយ បន្ថែម​ពីនេះ​នាពេលខាងមុខ​នឹងមាន​ការហោះហើរ​ត្រង់ ពី​ខេត្ត​ក្វាង​ស៊ី ទៅ​ខេត្តសៀមរាប​ផងដែរ​។​តាមរយៈ​ការហោះហើរ​ត្រង់នេះ ឯកឧត្តម ជិន វ៉ូ បាន​បញ្ជាក់ថា នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​នៅ​ខេត្ត​ក្វាង​ស៊ី​ប្រមាណ​10 ម៉ឺន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ចិន ប្រមាណ​0.2 % ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ។ ចំនុច​សំខាន់​មួយទៀត ដែល ឯកឧត្តម ជិន វ៉ូ បានបញ្ជាក់​នៅក្នុង​ជំនួប​ទ្វេភាគី​នេះ គឺ​នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ ភាគី​រដ្ឋាភិបាល​ចិន និង​កម្ពុជា នឹង​ចុះហត្ថលេខា លើ​អនុស្សារណៈ​សហការគ្នា ដើម្បី​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តកំពត ផងដែរ ។

​ពាក់ព័ន្ធ​នឹង​ការចូលរួម​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តកំពត​នេះ សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា កំពង់ផែ​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​អាចជា​របៀង​មួយទៀត ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។ សម្តេច ថ្លែង​បញ្ជាក់ថា របៀង​នោះ​មាន​សារសំខាន់​ស្របពេល ដែល​នាពេល​ខាងមុខនេះ នឹងមាន​ការពង្រីក​ផ្លូវជាតិ​លេខ​៣ ឱ្យបាន​ធំ​ទូលាយ​ជាង​មុន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពី​ខេត្តកំពត មកកាន់​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីនេះ សម្តេច​បាន​លើកឡើងថា នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៣ មាន​រោងចក្រ​ជាច្រើន និង​បណ្ដាញ​វា​រី​អគ្គីសនី​សំរាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ទៀតផង ដែល​នេះ​ជា​អំណោយផល នៅក្នុង​ការធ្វើជា​ច្រករបៀង​សេដ្ឋកិច្ច​មួយ​បន្ថែមទៀត​។ ដោយឡែក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ពី ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន ដែល​កំពុង​ឈានដល់​កម្រិត​ខ្ពស់​មួយ មាន​ភាពរឹងមាំ​។

​ជាមួយគ្នានេះ សម្ដេច​បានបញ្ជាក់​ការទទួលយក​សំណើរ ក្នុងការ​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ចិន​នៅ​ទីក្រុង​ណាន​នី​ងរ​បស់​ខេត្ត​ក្វាង​ស៊ី នាពេលខាងមុខ ដោយ​សម្តេច​ក៏​គាំទ្រ​ចំពោះ​អ្នក​វិនិយោគិន​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី​មករក​ស៊ី​នៅ​កម្ពុជា​អ​ផ​យ​កាន់តែច្រើន​ផងដែរ​។ សូមបញ្ជាក់ថា តាមរយៈ​ជំនួប​ទ្វេភាគី​នេះ ឯកឧត្តម ជិន វ៉ូ អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បាន​នាំមក​នូវ​អង្គ​ចំនួន ១៦០ តោន ជូន​តាមរយៈ​សម្ដេច​តេ​ជោ សម្រាប់ ប្រើប្រាស់​ជួយ​ក្នុង​វិស័យ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ៕

កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​សា​កែវ​ជួយ​ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​

​ប៉ោយប៉ែត ៖ បន្ទាប់ពី​មាន​ករណី​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២១​នាក់ បាន​រងគ្រោះថ្នាក់​ចរាច​រណ៍​នៅក្នុង​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​ទៅពិនិត្យ​ស្ថានភាព​របស់​ពលករ​នៅ​មន្ទីរពេទ្យ និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ថៃ បញ្ជូន​ពលករ​ខ្មែរ​ដែលមាន​របួសស្រាល​ចំនួន​១៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៨​។ អ្នករងរបួស​ធ្ងន់ និង​អ្នក​ថែទាំ​អ្នករបួស នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​នៅពេល​ក្រោយ បន្ទាប់ពី​អា​ការៈធូរស្រាល​។

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ឃុំ​ឌុ​ង​ឡេ​ក ស្រុក​មឿង​ប្រា​ជីន​បុរី ដោយ​រថយន្ត Pick-up មួយគ្រឿង​ដែល​ដឹក​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២១​នាក់ (​ស្រី​៥​នាក់​) ចេញពី​ច្រកព្រំដែន​បឹង​ត្រកួន​-​ណង​ចាន់ (​ខេត្តបន្ទាយមានជ័យ​-​ខេត្ត​សា​កែវ​) ឆ្ពោះទៅ​ខេត្ត​ឈុន​បុរី បាន​រេ​ចង្កូត​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ទាំងនោះ​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​សូម​ជូន​ភ្ជាប់​ជាមួយ​នូវ​បញ្ជី​ឈ្មោះ​ពលករ​ដែល​រងគ្រោះថ្នាក់ ៖

ចាក់សម្លាប់ថៅកែលក់គ្រឿងបន្លាស់ រថយន្តមួយកន្លែងនៅក្រុងសៀមរាប

សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប​អះអាងថា កំពុង​សស្រាក់សស្រាំ​ក្នុង​រឿង​ឃាតកម្ម​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​
​ស្នងការ​នគរបាល​ខេត្តសៀមរាប​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង បាន​ប្រាប់ អ្នកយកព័ត៌មាន​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៤ មេសា នេះ​ថា កម្លាំង​សមត្ថកិច្ច​កំពុង​ខិតខំ​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម ដែល​ជនដៃដល់​បាន ប្រើ​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់​លើ​បុរស​ជនរងគ្រោះ​ដែលជា​ថៅកែ​លក់​គ្រឿង បន្លាស់​រថយន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទិ​ត្យ ណា​រ៉ុង បាន​ថ្លែង​យ៉ាងខ្លី​ថា ពេលនេះ​សមត្ថ​កិច្ចខិតខំ​ក្នុង​កិច្ចការងារ​នេះ ដើម្បី​ស្វែងរក​ជនដៃដល់​យកមក​ផ្តន្ទាទោស​។​
​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៨​ព្រឹក​ថ្ងៃទី​24 ខែមេសា នេះ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​គ្មាន​យីហោ​មួយកន្លែង ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បន្ទាប់ពី​បុគ្គលិក​ដែល​បម្រើការ​នៅ​ទីតាំង​ខាងលើ ប្រទះឃើញ​ថៅកែ​របស់ខ្លួន​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម ក្នុង​បន្ទប់​គេង​។​

​ជនរងគ្រោះ​មានឈ្មោះ ពិត បារាំង អាយុ​45​ឆ្នាំ រស់នៅ​តែម្នាក់ឯង​នៅផ្ទះ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​កន្លែងកើតហេតុ និង​សាកសួរ​អ្នកជិតខាង ហេតុការណ៍​ចាក់​សម្លាប់​នេះ​អាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង​២១​យប់ ថ្ងៃទី​២៣ មេសា​។ ជនរងគ្រោះ​ត្រូវ​ឃាតករ​ចាក់​១​កាំបិត ចុង​ស្រួច​ចំ​បំពង់ក​ស្លាប់​តែម្តង​។ តែ​នៅ​មិនទាន់​សន្និដ្ឋានបានថា ឃាតករ​មាន​គ្នា​ប៉ុន្មាន់​នាក់​នោះឡើយ​។ ក្នុងពេល​ពិនិត្យ​កន្លែងកើតហេតុ ឃើញ​មាន​ស្នាម​គាស់​ថតតុ​២​ទៅ​បី​កន្លែង ដែល​ទំនងជា​គាស់​យក​ទ្រព្យសម្បត្តិ​។

​ប្រភព​បន្តថា អំពើ​ឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​មេម៉ូរី​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ជនដៃដល់​យកទៅ​បាត់​ដែរ​៕

គំនរ​សំរាម​នៅតាម​ផ្លូវ​សាធារណៈ​គ្មាន​អ្នកប្រមូល​យកទៅ​កម្ទេចចោល​

បាត់ដំបង : ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិន​យក​ចឹ​ត្ត​ទុកដាក់​បញ្ហា​គំនរ​សំរាម​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​សា​ធា​រណះ​ធ្វើអោយប៉ះពាល់​ទៅដល់​សុខភាព​ផ្លូវដង្ហើម​និង​បរិស្ថាន​។
ប្រជាពលរដ្ឋ​បានលើកឡើង​ដូចៗ​គ្នា​ថា​នៅ​ព្រឹក​ទី​២៤ ខែមេសា នេះ​ថា​៖ ផ្លូវ​ទីសាធារណៈ​ជាច្រើន​កន្លែង​នៅក្នុង​ក្រុង​បាត់ដំបង​ពិសេស​នៅ​ចំណុច​ខាងកើត​ភោជនីយដ្ឋាន​អ​ប្សា​រា ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង តែម្តង​បានក្លាយ​ជាទី​ចាក់សំរាម​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល​ជះក្លិន​មិនល្អ​ទៅលើ​ប្រជាពលរដ្ឋ​និង​ក្មេង​សិស្សសាលា​តូចៗ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សុខភាព​ផ្លូវដង្ហើម និង​បរិស្ថាន​ផងដែរ​។

ពួកគាត់​លើកឡើង​ទៀតថា​៖​គំនរ​សម្រាម​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​សា​ធា​រណះ​ទាំងអស់នេះ​ត្រូវបាន​ពួកគាត់​ប្រទះឃើញ​គេ​ដឹកយក​មកចាក់​ចោល​រយះ​ពេល​យូរថ្ងៃ​មកហើយ​ធ្វើអោយ​រលួយ​ស្អុយ​ជះក្លិន​មិនល្អ​មកលើ​ពួកគាត់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​ហើយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មានការ​យ៉ឺ​ត​យ៉ាវ​ហាក់​មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​អោយ​ក្រុមហ៊ុន​សំរាម​មក​ប្រមូល​ដឹក​ឬ​ដុតចោល​ឡើយ​។​

ពួកគាត់​បាន​សំណូមពរ​ទៅដល់​មន្ត្រី​ជំនាញ​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​អោយជួយ​ចុះទៅ​រៀបចំ​កែលំអ​ទៅលើ​ទីតាំង​កន្លែង​សម្រាម​ខាងលើ​នោះ​ផង​ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផង​បាត់បង់​សណ្តាប់ធ្នាប់​សា​ធា​រណះ​និង​បរិស្ថាន​ផងដែរ​។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សំរាម​ខាងលើនេះ​លោក កត បូរ៉ាន ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា​បញ្ហា​សំរាម​វា​ជា​កិច្ចកា​ងារ​របស់​សាលាក្រុង ពេល​លោក​ចេញពី​ប្រជុំ​លោក​និង​ចុះទៅ​មើល​។​

ចំណែក​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍​ផងដែរ​ថា​៖​លោក​ស្មានតែ​គេ​ប្រមូល​ដឹក​អស់ហើយ តែ​មិន​អី​ទេ​ចាំ​លោក​អោយ​ខាង​ក្រុមហ៊ុន​សំរាម​ចុះទៅ​ប្រមូល​ដឹកយក​ចេញ​៕

សម្ដេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​សណ្ឋាគារ ដឹ​រ៉ូយ៉ាល់ សេន​កោះរ៉ុង​

​ព្រះសីហនុ ៖ នៅក្នុង​ដំណើរ​ទៅកាន់​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា​គឺ​ដោយសារ​គោលបំណង​ចំនួន​ពីរ ទី​១ ដើម្បី សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ឌឺ រោះ​យ៉ា​ល់ សេន កោះរ៉ុង និង​ទី​២ គឺ​ដើម្បី​ចេញ​បទបញ្ជា​បញ្ចប់​បញ្ហាដីធ្លី និង​ការកាប់​ទន្ទ្រាន​យក​ដី​យ៉ាង​អណាធិបតេយ្យ​នៅលើ​កោះរ៉ុង​តែម្តង​។​

នៅក្នុង​ឳ​កាស​អញ្ជើញ​ជា​អ​ធីប​តី ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឌឺ រ៉ូយ៉ាល់ សេន កោះរ៉ុង (De Royal Sand Koh Rong) ដែល​ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត ដល់​បណ្តា​ក្រុមហ៊ុន​ផ្តល់​សេវា​ទេសចរ​ណ៌ នៅលើ​កោះរ៉ុង ចូលរួម​រក្សា​បរិស្ថាន​លើ​កោះ​នេះ ជាក់ស្តែង​ដូចជា សណ្ឋាគារ De Royal Sand Koh Rong បានគិត​គូរ​យ៉ាង​ល្អ​ពី​បរិស្ថាន ដូចជា ការប្រើ​ម៉ាស៊ីន​ដុត​សម្រាម ការសំអាត​ឆ្នេរ​ជាប្រចាំ និង ការប្រើ​ថាមពល​សឡា​ជាដើម​។ ទ​ន្ទឺ​ម​នោះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា ដី និង​ធនធានធម្មជាតិ​នៅលើ​កោះ គឺជា​សម្បត្តិ​របស់​រដ្ឋ ហើយ​គ្រាន់តែ​រដ្ឋ​ផ្តល់ជូន​អ្នក​និ​យោគ​សម្រាប់​អភិវឌ្ឍ​ក្នុង​រយៈពេល​កំណត់​ប៉ុណ្ណោះ ដែល​ការបញ្ជាក់​នេះ​គឺ​កុំអោយ​មាន​ការយល់ច្រលំ​បន្តទៀត រហូត​កើតមាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដូច​ពេលកន្លងមក​។

សម្តេច​តេ​ជោ បាន​ចាត់ទុកថា កោះរ៉ុង​គឺជា​តំបន់​ក្តៅ​ជាងគេ​ក្នុង​បញ្ហា​ជម្លោះដីធ្លី ដូចនេះ​ដើម្បី ពន្លត់ភ្លើង​នេះ​បាន សម្តេច​តេ​ជោ​បានដាក់​វិធានការ អោយ​បញ្ឈប់​សកម្មភាព​ការទន្ទ្រាន​យក​ដី​លើ​កោះ និង​បញ្ជា​អោយ​អាជ្ញាធរខេត្ត​ព្រះសីហនុ រួម​និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ត្រូវ​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​ភាពទន់ភ្លន់ គឺ​ត្រូវ​ពិនិត្យមើល​រវាង​ប្លង់​មេ​ជាមួយនឹង​សណ្ឋាន​ដី​ជាក់ស្តែង ជាពិសេស​ក៏ត្រូវ​ពិនិត្យ​អោយ​ច្បាស់​ផងដែរ​ថា អ្នក​ទាមទារ​ដី​ទាំងនោះ​ជា​ប្រជាពលរដ្ឋ​រស់នៅ​អចិ​ន្ត្រៃ​យ៌​លើ​កោះរ៉ុង​នេះ​ពិត​រឺ​អត់​។​គោលបំណង​មក​ពេលនេះ គឺ​ចង់​ពន្លត់ភ្លើង​លើ​កោះរ៉ុង ! ចង់​មើលថា​អ្នកធំ​ណាំ​នៅ​ពី​ក្រោយខ្នង​! ត្រូវគោរព​តាម​ប្លង់​មេ ដោយមាន​ភាពទន់ភ្លន់​….. ហើយ​អ្នក​មិនមែនជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង មុន​ឆ្នាំ​២០០៨ គូរ​តែ​ចាញ់​! កោះរ៉ុង​ជា​តំបន់​ក្តៅ​ជាងគេ រឿង បញ្ហាដីធ្លី ។

​តាម​ការ​ថ្លែង​បញ្ជាក់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បច្ចុប្បន្ន នៅលើ​កោះរ៉ុង មាន​១២២១​ក្បាលដី ដែល​ត្រូវបាន​វាស់វែង​កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​មកដល់ពេលនេះ រដ្ឋាភិបាល​បានចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ទើបបាន​ចំនួន ៦៣៧​ក្បាលដី ដែលមាន​ទំហំ​ប្រមាណ ៥២៥​ក្បៀស​២៥​ហិកតា ប៉ុណ្ណោះ ទៅអោយ​ប្រជាជន ២៩៤​គ្រួសារ​! នៅសល់ ៥៨៤​ក្បាលដី​ទៀត មិនទាន់​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​បាន ដោយសារ​ក្បាលដី​ខ្លះ​នៅមាន​បញ្ហា​នៅឡើយ​។ គួរ​បញ្ជាក់ថា កោះរ៉ុង មាន​ទំហំ​៧៨​គីឡូម៉ែត្រ​ក្រឡា ជា​កោះធំ​ជាងគេ​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចម​ង្ងាយ​ប្រមាណ​២២ គីឡូម៉ែត្រ​ពី​ខេត្ត​ព្រះសីហនុ​។ កោះរ៉ុង​មាន​ឆ្នេរ​ខ្សាច់ ចំនួន​២៨​កន្លែង ក្នុង នោះ​ឆ្នេរ​ខ្សាច់​សក្បុស មាន​ប្រវែង​៨ គីឡូម៉ែត្រ ដែល​ចាត់ទុកជា​ឆ្នេរ​ស្អាត​ជាងគេ​នៅ​តំបន់​អាស៊ី ៕


ព្រឹទ្ធសភា​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប

​ភ្នំ​ពែ​ញ ៖ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩:០០​នាទី​ព្រឹក ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ការបើក​សម័យប្រជុំ​ដំបូង នីតិកាល​ទី​៤ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​-​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា​។
​បន្ទាប់ពី​ពិធី​បើក​ជា​ផ្លូវការ អង្គ​ព្រឹទ្ធសភា បាន​ដំណើរការ​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ម៉ុម ជឹម​ហុយ ប្រធាន​បណ្តោះអាសន្ន​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​៖

១-​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង ៦២​រូប គឺ​៖

១.​ឯកឧត្តម ស៊ើ​យ កែវ គណបក្ស​ប្រជាជន​កម្ពុជា
២.​ឯកឧត្តម ម៉ុម ជឹម​ហ៊ុយ គណបក្ស​ប្រជាជន​កម្ពុជា
៣.​លោកជំទាវ ទី បូរ៉ា​ស៊ី គណបក្ស​ប្រជាជន​កម្ពុជា
៤.​ឯកឧត្តម ថុង ច​ន់ គណបក្ស​ប្រជាជន​កម្ពុជា
៥.​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន គណបក្ស​ប្រជាជន​កម្ពុជា
៦.​ឯកឧត្តម សួន លន់ គណបក្ស​ប្រជាជន​កម្ពុជា
៧.​ឯកឧត្តម យ៉ង់ សែម គណបក្ស​ប្រជាជន​កម្ពុជា
៨.​ឯកឧត្តម ឡាវ ម៉េង​ឃី​ន គណបក្ស​ប្រជាជន​កម្ពុជា
៩.​ឯកឧត្តម សុខ យា​ត គណបក្ស​ប្រជាជន​កម្ពុជា
១០.​សម្ត​ច​វិបុល​សេនា​ភក្តី សាយ ឈុំ គណបក្ស​ប្រជាជន​កម្ពុជា
១១.​ឯកឧត្តម សុខ ឥសាន គណបក្ស​ប្រជាជន​កម្ពុជា
១២.​ឯកឧត្តម ទេព ង​ន គណបក្ស​ប្រជាជន​កម្ពុជា
១៣.​ឯកឧត្តម ចាន់ ណា​រ៉េត គណបក្ស​ប្រជាជន​កម្ពុជា
១៤.​ឯកឧត្តម ណាំ ទុំ គណបក្ស​ប្រជាជន​កម្ពុជា
១៥.​ឯកឧត្តម ឈិ​ត គឹម​យា​ត គណបក្ស​ប្រជាជន​កម្ពុជា
១៦.​ឯកឧត្តម គង់ សារាជ គណបក្ស​ប្រជាជន​កម្ពុជា
១៧.​ឯកឧត្តម ឡាយ អ៊ី​ពិ​សិទ្ធិ គណបក្ស​ប្រជាជន​កម្ពុជា
១៨.​ឯកឧត្តម ជា ជេ​ដ្ឋ គណបក្ស​ប្រជាជន​កម្ពុជា
១៩.​ឯកឧត្តម ស៊ីម កា គណបក្ស​ប្រជាជន​កម្ពុជា
២០.​ឯកឧត្តម នៃ ប៉េ​ណា គណបក្ស​ប្រជាជន​កម្ពុជា
២១.​ឯកឧត្តម គិ​ន ណែ​ត គណបក្ស​ប្រជាជន​កម្ពុជា
២២.​ឯកឧត្តម អ៊ុក គង់ គណបក្ស​ប្រជាជន​កម្ពុជា
២៣.​លោកជំទាវ ស៊ឹង ស៊ី​យុ​ត គណបក្ស​ប្រជាជន​កម្ពុជា
២៤.​ឯកឧត្តម ប៉ុល លឹម គណបក្ស​ប្រជាជន​កម្ពុជា
២៥.​ឯកឧត្តម ម៉ាន់ ឈឿន គណបក្ស​ប្រជាជន​កម្ពុជា
២៦.​លោកជំទាវ អ៊ុ សូ​ម៉ា​នី​ន ចាត់តាំង​ដោយ​ព្រះមហាក្សត្រ
២៧.​ឯកឧត្តម អន ស៊ុ គណបក្ស​ប្រជាជន​កម្ពុជា
២៨.​ឯកឧត្តម ហែម ខន គណបក្ស​ប្រជាជន​កម្ពុជា
២៩.​ឯកឧត្តម ច្រឹង គឹម​ស្រ៊ា​ន គណបក្ស​ប្រជាជន​កម្ពុជា
៣០.​ឯកឧត្តម ខៀវ មុត គណបក្ស​ប្រជាជន​កម្ពុជា
៣១.​ឯកឧត្តម មួង ប៉យ គណបក្ស​ប្រជាជន​កម្ពុជា
៣២.​ឯកឧត្តម ទឹម ផន គណបក្ស​ប្រជាជន​កម្ពុជា
៣៣.​ឯកឧត្តម ជុំ វង គណបក្ស​ប្រជាជន​កម្ពុជា
៣៤.​ឯកឧត្តម ឡាន់ ឆន គណបក្ស​ប្រជាជន​កម្ពុជា
៣៥.​ឯកឧត្តម ឈួន ឡេង គណបក្ស​ប្រជាជន​កម្ពុជា
៣៦.​លោកជំទាវ មុំ សណ្តាប់ គណបក្ស​ប្រជាជន​កម្ពុជា
៣៧.​ឯកឧត្តម ម៉ែន ស៊ី​ផាន់ គណបក្ស​ប្រជាជន​កម្ពុជា
៣៨.​លោកជំទាវ ឱ សុខុម គណបក្ស​ប្រជាជន​កម្ពុជា
៣៩.​ឯកឧត្តម កុក អាន គណបក្ស​ប្រជាជន​កម្ពុជា
៤០.​ឯកឧត្តម ម៉ុង ឫទ្ធី គណបក្ស​ប្រជាជន​កម្ពុជា
៤១.​ឯកឧត្តម ប្រាក់ ចំរើន គណបក្ស​ប្រជាជន​កម្ពុជា
៤២.​ឯកឧត្តម ញ៉ែម សាម៉ន គណបក្ស​ប្រជាជន​កម្ពុជា
៤៣.​លោកជំទាវ ឯម ផលា​មុនី គណបក្ស​ប្រជាជន​កម្ពុជា
៤៤.​ឯកឧត្តម គឹម ធា គណបក្ស​ប្រជាជន​កម្ពុជា
៤៥.​ឯកឧត្តម សាយ បូ​រិ​ន គណបក្ស​ប្រជាជន​កម្ពុជា
៤៦.​ឯកឧត្តម ស្រី បេន គណបក្ស​ប្រជាជន​កម្ពុជា
៤៧.​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ចាត់តាំង​ដោយ​ព្រះមហាក្សត្រ
៤៨.​លោកជំទាវ មាន សំអាន គណបក្ស​ប្រជាជន​កម្ពុជា
៤៩.​ឯកឧត្តម អាយ ខន គណបក្ស​ប្រជាជន​កម្ពុជា
៥០.​ឯកឧត្តម ម៉ម ប៊ុននាង គណបក្ស​ប្រជាជន​កម្ពុជា
៥១.​ឯកឧត្តម សត ណា​ឌី គណបក្ស​ប្រជាជន​កម្ពុជា
៥២.​លោកជំទាវ ស៊ី វណ្ណ​ថា គណបក្ស​ប្រជាជន​កម្ពុជា
៥៣.​ឯកឧត្តម ជឹម លាវ គណបក្ស​ប្រជាជន​កម្ពុជា
៥៤.​ឯកឧត្តម លី យ៉ុង​ផាត់ គណបក្ស​ប្រជាជន​កម្ពុជា
៥៥.​ឯកឧត្តម ទេព យុ​ទ្ធី គណបក្ស​ប្រជាជន​កម្ពុជា
៥៦.​ឯកឧត្តម ឈើ​យ ចាន់ណា គណបក្ស​ប្រជាជន​កម្ពុជា
៥៧.​ឯកឧត្តម លី សារី គណបក្ស​ប្រជាជន​កម្ពុជា
៥៨.​ឯកឧត្តម សួន មាន ជ្រើសតាំង​ដោយ​រដ្ឋសភា
៥៩.​ឯកឧត្តម ឆាយ វណ្ណា គណបក្ស​ប្រជាជន​កម្ពុជា
៦០.​លោកជំទាវ ឃួន ឃុន​ឌី គណបក្ស​ប្រជាជន​កម្ពុជា
៦១.​ឯកឧត្តម ហេង បូរ៉ា គណបក្ស​ប្រជាជន​កម្ពុជា
៦២.​លោកស្រី ជា ច័ន្ទ​ទេវី ជ្រើសតាំង​ដោយ​រដ្ឋសភា​។

២-​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​ព្រឹទ្ធសភា
​ព្រឹទ្ធសភា បាន​បោះឆ្នោត​ជ្រើសរើស​ដាច់ដោយឡែក​ពីគ្នា​នូវ​ប្រធាន និង​អនុប្រធាន ២​រូប
​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយ​ទទួលបាន​លទ្ធផល​ដូចតទៅ​៖
១-​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រធានព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។
២-​ឯកឧត្តម នៃ ប៉េ​ណា ជា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។
៣-​ឯកឧត្តម ទេព ង​ន ជា​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ទាំង​៦២​រូប នឹង​អញ្ជើញ​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ នា​រសៀល​ថ្ងៃទី​២៣ ខែ​មេ​
​សា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦:០០​នាទី នៅក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

​ថ្ងៃ​ចន្ទ ៩​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦១
រាជធានី​ភ្នំពេញ​,​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨
អគ្គលេខាធិការ​

មេខ្យល់​ញុះញង់​ពលរដ្ឋ​ឲ្យ​ឈរឈ្មោះ​លក់​ដី​បឹង​ខ្យង​រាប់រយ​ហិកតា​នៅ​ស្រុក​ខ្សាច់កណ្តាល​

​ព្រៃវែង ៖ ពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ បានមក​ជួបជុំគ្នា​នៅ​ចំណុច “​ភោជនីយដ្ឋាន​បឹង​ឈូក​” នៅជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ដែល​ទីនេះ ជា​សកម្មភាព​ចល័ត​ទីតាំង​របស់​ឈ្មួញ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ខ្យង ឈរឈ្មោះ​លក់​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ដោយ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​ម្នាក់​តម្លៃ​១០០​ដុល្លារ​។​

​ការជួបជុំ​របស់​ពល​រដ្ឋ​នៅក្នុង​ទីតាំង​នៃ​”​ភោជនីយដ្ឋាន​”​ខាងលើ​គឺ​ពួកគាត់​សុទ្ធតែ​មកពី​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុង​គោលបំណង​មកជួប​ឈ្មួញកណ្តាល តាម​ការ​ណាត់ ដើម្បី​ទទួលយក​លុយ​លក់​ដី​បឹង​”​ខ្យង​”​ប្រមាណ​ជា​១០០​ហិកតា នៅក្រោយ​ភូមិ​របស់​ពួកគាត់​នោះ ឲ្យ​ទទួលបាន​លុយ​ម្នាក់​១០០​ដុល្លារ​ដូច​គេ​ដូច​ឯង​ដែរ​។​
​ពលរដ្ឋ​អះអាងថា ដី​បឹង​ខ្យង នេះ​កាលពីមុន​រហូតមកដល់​បច្ចុប្បន្ន គឺជា​ដី​បឹង​សាធារណៈ​របស់​រដ្ឋ ដែល​ពលរដ្ឋ​នៅ​ទីនោះ​ប្រមាណ​ជា​៨០​ភាគរយ បាន​អាស្រ័យ​ផល​ពី​ដី​បឹង​មួយ​នេះ​។ ប៉ុន្តែ​ពួកគាត់​លើកឡើងថា បើ​គេ​លក់​ដី​បឹង​នោះ​ក៍​លក់​ទៅ​ចុះ​ហេតុអ្វី​បានជា​ឈ្មួញ​តម្រូវ​ឲ្យ​មានឈ្មោះ​តែ​២២០​នាក់​? ខណៈ​អ្នកភូមិ​របស់​ពួកគាត់​មាន​រហូតដល់​ជាង​៣០០​គ្រួសារ​ស្មើនឹង​រាប់ពាន់​អ្នក​ឯណោះ​។​

ក្នុង​នោះគេ​កត់​ឈ្មោះ​រាប់បញ្ចូល​តែ​បក្ខពួក​គ្នា​គេ​ដោយ​គ្រួសារ​ខ្លះ​មាន​គ្នា​៦​នាក់​ទទួលបាន​លុយ​ម្នាក់​១០០​ដុល្លារ​ទាំងអស់​។ រីឯ​គ្រួសារ​ខ្លះ សូម្បីតែ​ម្នា​ក់ក៍​គ្មាន​ឈ្មោះ​ផង និយាយ​រួម​អ្នក​បាន​លុយ​គេ​នៅ​ស្ងៀម ចំណែក​អ្នក​មិនទាន់បាន​លុយ​គឺ​នៅតែ​អត់ និង​មានប្រតិកម្ម​ទើប​បែកធ្លាយ​ថា ឈ្មួញកណ្តាល​យក​ពលរ​ដ្ឋ​ឲ្យ​ឈរឈ្មោះ​លក់​ដី​បឹង​របស់​រដ្ឋ​ឲ្យ​ទៅ​ពួកខ្លួន “​ឈ្មួញកណ្តាល​” ជា​ថ្នូរ​ឲ្យ​លុយ​ម្នាក់​១០០​ដុល្លារ និង​ចុះឈ្មោះ​ថតរូប គូប​ពី អត្តសញ្ញាណ​ប​ណ្ណ័ ដើម្បី​យកទៅ​ក្លែងបន្លំ​ឯកសារ​ធ្វើ​ប្លង់​ព័​ទយ​កដី​បឹង​ខ្យង រាប់រយ​ហិកតា​ទុក​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ឫ​អ្នក​វិ​និ​យា​គ​បន្ត​ចំណេញ​រាប់ម៉ឺន​លាន​ដុល្លារ​ដោយ​ងាយ​។​

បើតាម​បងស្រី​ម្នាក់ បាន​បញ្ជាក់ថា អ្នក​ដែល​ទទួល​លុយ​ពី​ឈ្មួញ​មាន​ចំនួន​តិច​ទេ រីឯ​អ្នក​មានឈ្មោះ​ហើយ​មិនទាន់បាន​លុយ​ក៍មាន​ច្រើន​ដែរ ចំណែក​អ្នក​ដែល​មិនទាន់​មានឈ្មោះ​សោះ នៅមាន​ក៍រិត​តែ​ច្រើនជាង​នឹង​ទៅទៀត ហេតុនេះ​ទើប​អ្នក​ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​របស់​ឈ្មួញ និង​មិនទាន់បាន​លុយ បាននាំគ្នា​កាន់​អត្តសញ្ញាណ​ដើម្បី​មក​យកលុយ និង​ចុះឈ្មោះ​យកលុយ​ដែរ តែ​ទីបំផុត​បានត្រឹមតែ​សោក​ការ លុយ​ក៍​មិនបាន ពេលវេលា​ក៍​ខាត ព្រោះ​ឈ្មួញ​បានគេច​ខ្លួន​បាត់អស់ ដោយ​មិន​នៅ​ដោះស្រាយ​ដូច​ការ​ណាត់​នោះឡើយ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ការជួបជុំ​របស់​ពល​រដ្ឋ​បែបនេះ មិនមែនជា​លើក​ទី​១​ទេ គឺ​ច្រើនលើក​ហើយ នៅ​ស្រុក​ខ្សាច់កណ្ដាល ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​បែបនេះ ទើប​ឈ្មួញ​បង្វែរ​មកជួប​ជុំគ្នា​នៅឯ​ស្រុក​ពារាំង ខេត្តព្រៃវែង​វិញ​។​

យោងតាម​របាយការណ៍​របស់​សាលាឃុំ​ជ័យ​ធំ នៅពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា មេខ្យល់​ដែល​ទទួល​យកលុយ​ពី​ក្រុមហ៊ុន​ទុច្ចរិត ទៅ​ចែក​ប្រជាពលរដ្ឋ​ដើម្បី​ផ្តិតមេដៃ​លក់​បឹង​នេះ ទី​១​មានឈ្មោះ ម៉ៅ សឿន​,​ទី​២​ឈ្មោះ គឹម ឡុ​ក និង​ទី​៣​ឈ្មោះ យឿន រ៉ា ដែលមាន​ទី​លំនៅដ្ឋាន​ក្នុង​ឃុំ​នេះ​។​
​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៩​ខែមេសា លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក​ខ្សាច់កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ប្រើល្បិច​យក​បឹង​ធម្មជាតិ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​មក​ធ្វើជា​កម្មសិទ្ធិឯកជន ដោយ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ គឺ​ចាប់ខ្លួន​មេខ្យល់ និង​ឈ្មួញ​ទុច្ចរិត ដាក់ពន្ធនាគារ​ទៀតផង​។​

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រែក​ថ្មី ប្រមាណ​៥០​ទៅ​៦០​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​លុយ​ពី​ឈ្មួញ​ម្នាក់​១០០​ដុល្លារ សម្រាប់​ការ​ឈរឈ្មោះ​លក់​ដី​បឹង​ខ្យង ដោយ​ពុំមាន​ការទទួលស្គាល់ ឬ​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ឡើយ នេះ​អាចជា​ការចាញ់បោក​ក្នុង​ការទិញ​លក់​រវាង​ឈ្មួញ និង​ពលរដ្ឋ លើដី​បឹង​ទាំងមូល​ដោយ​ឲ្យ​តម្លៃ​ក្នុង​ម្នាក់ៗ​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ​៕

លោក ខៀវ សុ​ភ័​ក្រ ចាត់ទុក​អ្នករាយការណ៍​ព័ត៌មាន វិទ្យុ​អាស៊ីសេរី​មាន​ចរិត​ល្ងង់ខ្លៅ​

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ បានចេញ​លិខិត​ចំហរ​មួយ​ដោយ​ចាត់ទុកថា អ្នកសារព័ត៌មាន​វិទ្យុ អាស៊ី សេរី ពិតជា​មាន​ចរិត​ល្ងង់ខ្លៅ ដែល​តែងតែ​យល់ច្រឡំ​អត្ថន័យ​ថា «​គេ​ហុច​ដំបង ខ្លួន​យល់ថា​គេ​សំឡុត​» និង «​គេ​ឱ្យ​លាមក យល់ថា​ជា​ផ្កា​»​។​
​ក្នុង​លិខិត​ចំហ​នេះ បាន​បញ្ជាក់ថា ៖