All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបកម្មករ និយោជិតជាង១ម៉ឺន៩ពាន់នាក់នៅក្រុង បាវិត

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រ ជិត២ម៉ឺននាក់ទៀត នៅក្នុងក្រុងបាវិត ដូចនេះគិតចាប់តាំងខែសីហាឆ្នាំ២០១៧មកដល់ពេលនេះសម្តេចតេជោ បានជួបផ្ទាល់ជាមួយកម្មកររោងចក្រ ជាង៥០ម៉ឺននាក់ហើយ ដោយបានដាក់ចេញនូវសំណាញ់សុវត្ថិភាពសង្គមជាច្រើនសម្រាប់សម្រួលជីវភាពរបស់កម្មករ។

គិតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះជួបផ្ទាល់ជាមួយកម្មករ កម្មការិនី រោងចក្រ ចំនួន៤១លើកហើយ ដែលមានកម្មករសរុបជាង៥០ម៉ឺន៤ពាន់នាក់។

ដោយឡែកការចុះជួបសំណេះសំណាលលើកទី៤១រវាងសម្តេចតេជោ ជាមួយកម្មករកម្មការិនី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ មានចំនួនជាង១ម៉ឺន៩ពាន់នាក់ នៃរោងចក្រសហគ្រាសចំនួន៣២ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ គឺ តំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេស Dragon King ចំនួន ៤រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង ចំនួន៤រោងចក្រ។ រោងចក្រ និង សហគ្រាសទាំង៣២ ដែលមានវត្តមានក្នុងជំនួបសំណេះសំណាលក្នុងក្រុងបាវិតនេះ គឺមានអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន ខ្មែរ អាមេរិក និងអាឡឺម៉ង់។

រោងចក្រទាំងនេះ រួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើងកីឡា ដំឡើងកង់ ផលិតស្រោមដៃ ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី ផលិតតួកង់ ផលិតស៊ុមរូបថត ផលិតសម្ភារៈវេចខ្ចប់ ដំឡើងបង្អួច ផលិតគ្រឿងបន្លាស់កង់ ផលិតស្ទីកគ័ររូបភាពបិទកង់ ផលិតម៉ែត្រ ផលិតថ្នាំពណ៌លាបកង់ ផលិតគ្រឿងបន្លាស់នាឡិកាដៃ ផលិតខ្សែនាឡិកា ផលិតបារី ផលិតវាំងននស្លាបព្រិល និងផលិតប៉ុងស្មាអាវ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកត់សំគាល់ថា អង្គការសហប្រជាជាតិ បានកំណត់យក ប្រាក់ចំណូលប្រចាំថ្ងៃ១ដុល្លារ២៤សេន គឺជាបន្ទាត់នៃភាពក្រីក្រ តែនាពេលបច្ចុប្បន្ន កម្មការិនីនៅកម្ពុជា បានទទួលប្រាក់ខែជាមធ្យមប្រចាំថ្ងៃ ប្រមាណ៦ដុល្លារ ដូចនេះចំនួននេះគឺលើសពីចំណូលនៃបន្ទាត់ភាពក្រីក្រហើយ។

បន្ថែមពីនេះ សម្តេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន ដែលសម្តេចបានហៅថា ជាសំណាញ់សុវត្ថិភាពសង្គមដ៏សំខាន់ សម្រាប់ទ្រទ្រង់ជីវភាព និង សុខមាលភាពរបស់កម្មករកម្មការិនី។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះ ត្រូវបានផ្តល់ការគាំពារជាអាទិភាព ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ។

ទន្ទឺមនេះ សម្តេចបានស្នើអោយក្រសួងការងារ និងរោងចក្រទាំងអស់ សិក្សាពីការអនុញ្ញាត អោយប្តីដែលធ្វើការនៅរោងចក្រដូចគ្នា អាចឈប់សម្រាកក្នុងរយៈសមស្របពេលប្រពន្ធឆ្លងទន្លេផងដែរ ព្រោះនេះជាដំណាក់កាលពិបាកមួយក្នុងពេលឈប់សម្រាកមាតុភាព។ បើគិតចាប់តាំងពីការចាប់ផ្តើមអនុវត្តដំបូងពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានកម្មការិនី ជាង១ម៉ឺន៩ពាន់៣រយនាក់ បានឆ្លងទន្លេ ដោយទទួលបានកញ្ចប់ថវិកាក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ៧ពាន់៧រយលានរៀល ។ ខណៈដែលរាជរដ្ឋាភិបាល បានត្រៀមប្រាក់១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗក្នុងគោលនយោបាយគាំពារសង្គមសម្រាប់ទ្រទ្រង់កម្មការិនីមានផ្ទៃពោះ ទូទាំងប្រទេស។

បើតាមការបញ្ជាក់របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ការរីកចម្រើនក្នុងវិស័យរោងចក្រកាត់ដេរ គឺចាត់ទុកថាជាជោគជ័យនៃគោលនយោបាយទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារជូនកម្មករ និយោជិត! និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ! គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា! គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ! និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលកំពុងបន្តអនុវត្តនៅទូទាំងប្រទេស៕

ឆេះ​ឃ្លាំង​គ្រឿងបន្លាស់​រថយន្ត​ជាច្រើន​ល្វែង​នៅក្រោយ​ប៉ុស្តិ៍​ប៉ូលិស​ផ្សារ​ដើម​គ​

​ភ្នំពេញ​៖ អគ្គីភ័យ​បាន​លេប​ត្របាក់​ឃ្លាំង​លក់​រថយន្ត​និង​បន្លាស់​រថយន្ត​៣​កន្លែង​ជាប់ៗ​គ្នា​យ៉ាង​ស​ន្ទៅ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿន​មក​អន្តរាគមន៍​ភ្លាមៗ​។​

ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ឃ្លាំង​លក់​រថយន្ត និង​បន្លាស់​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​

តាម​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​អគ្គីភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​រថយន្ត​ដែល​នៅ​ខាងត្បូង​គេ ហើយ​បាន​បន្ត​ឆាបឆេះ​ឃ្លាំង​ដែល​នៅជាប់​នៅ​ដែលជា​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត​យ៉ាង​សន្ធោសន្ធៅ​ហើយ​បាន​បន្តទៅ​ឃ្លាំង​ដែលជា​ប់​គ្នា​មួយទៀត ភ្លាមៗ​នោះ​ក៏មាន​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​ផងដែរ​។ ទោះជា​យ៉ាង​អគ្គីភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយសារ​តែមាន​ប្រេង​លាយ​លំ​និង​ជ័រ​ថែមទៀត​ទើប​មានការ​ពិបាក​និង​ការ​គ្រប​គ្រង់​ស្ថាន​ការ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ធំក្លិន​ឈ្ងៀម​ចេញមក​ពី​បន្ទប់​ផ្ទះបាយ​របស់​កា​រ៉ា​ស់​ជួសជុល ដែលមាន​ស្តុ​ប​ក្បាល​រថយន្ត និង​គ្រឿង​ម៉ាស៊ីន ស្រាប់តែ​បាន​មួយសន្ទុះ​ក្រោយ​ក៏​ស្រាប់តែ​លេចចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ ភ្លាមៗ​នោះ​ម្ចាស់កា​រ៉ា​ស់​រួមទាំង​កម្មករ​ដែល​នៅក្នុង​ឃ្លាំង​កើតហេតុ​ខាងលើ​បាននាំគ្នា​បើករថយន្ត​ដែល​ចត​នៅក្នុង​កា​រ៉ា​ស​បើក​ចេញ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ ប៉ុន្តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​សន្ធោសន្ធៅ​រាលដាល​ដល់​រថយន្ត​បី​គ្រឿង​ទៀត បើក​ចេញ​មិនទាន់ គឺ​ឆេះ​អស់ទាំង​ស្រុង ហើយ​ឆេះ​ឆ្លង​រាល​ទៅ​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត​ដែល​នៅជាប់​នោះ​ចំនួន​២​ទៀត និង​បន្ត​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅជាប់​គ្នា​៣​ខ្នង ហើយ​បន្ត​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងក្រោយ​ជា​ជាច្រើន​ខ្នង​ទៀត ។​

កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រយះពេល​២​ម៉ោង​តែ​នៅតែ​មិនទាន់​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​។​ពាក់ព័ន្ធ​និង​ការឆាបឆេះ​ខាងលើ​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​ការខូចខាត​នោះ​ក៏​មិនទាន​អាច​សន្ធ​ម៉ត់​បាន​នៅឡើយ​ទេ​តែ​អាច​និង​ការខូចខាត​ខ្ទ​ង​ម៉ឺន​ដុល្លារ​។​បើ​គិត​ចាប់ពី​ម៉ោ​៦​ព្រឹក​នេះ​អគ្គីភ័យ​នៅ​មិនទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ​៕
​

ពលរដ្ឋ​ប្តឹង​មន្ត្រីប៉ូលិស​ខេត្តព្រៃវែង​ម្នាក់​ពីបទ​បង្ខាំង​កូនស្រី​វ័យ​១៥​ឆ្នាំ ទុក​បម្រើសេវា​ផ្លូវភេទ

​ព្រៃវែង ៖ មន្ត្រីនគរបាល​ខេត្តព្រៃវែង​ម្នាក់ ដែលមាន​ប្រពន្ធ​និង​កូន​២​នាក់ បាន​រង​បណ្តឹង​ចោទប្រកាន់​ពី​ពលរ​ដ្ធ​១​គ្រួសារ​ពីបទ​គំរាមកំហែង​បាញ់សម្លាប់​មួយ​ពូជ និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូន​របស់គាត់ ដែលមាន​អាយុ​ទើប​១៥​ឆ្នាំ​រហូត​បានសម្រេច​។​ក្នុង​ពាក្យបណ្តឹង​បាន​ចោទថា​

​ជន​ចុងចោទ បាន​យក​កូនស្រី​របស់គាត់ ទៅ​ចាក់សោរ​បង្ខាំង​ទុក​នៅក្នុង​ផ្ទះជួល​ក្នុង​រាជធានី​ភ្នំពេញ បង្ខំ​ឲ្យ​បំរើសេវា​បំរើ​ផ្លូវភេទ​ជាមួយ​ប្រុស​ផ្សេង ដើម្បី​យកលុយ​មក​ឲ្យ​ខ្លួនគេ​ទិញ​ថ្នាំញៀន​យកទៅ​ជួញដូរ និង​ប្រើប្រាស់​ផង​។

​បើតាម​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ល​.​ស​.​ហ​. អាយុ​១៦​ឆ្នាំ រស់នៅក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ព្រំ សារិទ្ធ អាយុ​៤៥​ឆ្នាំ ម្តាយ​ឈ្មោះ ហែម តង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​.​ឃុំ​ចាម​.​ស្រុក​កំពង់ត្របែក​. ខេត្តព្រៃវែង​បាន​រៀប​រាប់ទាំង​ទឹកភ្នែក ដោយ​ការឈឺចាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក (​មិន​ចាំ​ថ្ងៃ​) នៅ​ពាក់​កណ្តាលខែ​១១ ឆ្នាំ​២០១៧ ដែល​រូបនាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ហើយ​នៅផ្ទះ​តែម្នាក់ឯង ដោយ​ឪពុកម្តាយ​បាន​ចេញទៅ​ផ្សារ ក​អណ្តើក ដើម្បី​ទិញ​អីវ៉ាន់​
​រីឯ​ប្អូនៗ​បីនាក់​ទៅ​រៀន​អស់​។ ស្រាប់​តែមាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ឌឹ​ម មករា អាយុ​៣២​ឆ្នាំ មុខងារ​ជា​មន្ត្រីនគរបាល​ខេត្តព្រៃវែង និង​ត្រូវជា​កូនប្រុស​បង្កើត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ស្នងការរង​ខេត្តព្រៃវែង ទទួល​ផ្នែក​សេនាធិការ​ខេត្ត និង​ជា​មន្ត្រីនគរបាល​ដែល​ឪពុក​របស់គេ​លោក ឌឹ​ម យ៉ា​រ៉ុ​ម បាន​បញ្ជូន​ឲ្យ​មកឈរ​ជើង​នៅ​ព្រំដែន​កម្ពុជា​.​វៀតណាម​ច្រកស្វាយ​អា​ង៉ោង ។ បុរស​រូបនេះ ថែមទាំង​មាន​ប្រពន្ធ​កូន​២​នាក់​ទៅហើយ បាន​ដើរ​ចូលមក​ក្នុងផ្ទះ​រប​ស់​នាង​រួច​ដក​កាំភ្លើងខ្លី​ផ្ជុ​ង​គំរាមថា បើ​ហ៊ាន​ស្រែក និង​ប្រាប់​គេឯង​ឲ្យ​ដឹង គេ​នឹង​បាញ់សម្លាប់​មួយ​ពូជ​។ បន្ទាប់មក​ជននេះ ឌឹ​ម មករា បាន​អូស​ដៃ​នាង​ឡើងទៅ​លើផ្ទះ​ធំ​ដោយ​កាំភ្លើង​ផ្ជុ​ង​ក្បាល​ធ្វើ​សកម្មភាព​រំលោភ​នាងរ​ហូត​បានសម្រេច​ទើប​ប្អូនស្រី​នាង​មកពី​រៀន​វិញ​ទាន់​ក៍​ត្រូវ​ជន​ឈ្មោះ ឌឹ​ម មករា នេះ គំរាម​បាញ់សម្លាប់​ដែរ​។ តែ​ប្អូនស្រី​នាង​បាន​រត់​ចេញទៅ​ហៅ យាយ​បង្កើត នៅផ្ទះ​កូន​ខាងមុខ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន​។ តែ​ទំរាំ​យាយ​ទៅដល់ ជននេះ​បាន​រត់គេចខ្លួន​តាម​ទ្វារក្រោយ​ទៅ​បាត់​ដោយ​ទុក​ទូរស័ព្ទ​ធំ​១​គ្រឿង​មិន​ចាំ​ម៉ាក​សម្រាប់​ឲ្យ​ទាក់ទង​ទៅ​គេ​បើ​មិន​ដូច្នោះ​ទេ​គេ​នឹង​មក​បាញ់សម្លាប់​មួយ​គ្រួសារ​ទាំងអស់​។​

​ដោយ​ខ្លា​ចការ​គំរាម​ពី​ជន​ចុងចោទ​បាញ់សម្លាប់​ម៉ែឪ​បងប្អូន​ខ្លួន​សុខចិត្ត​ទ្រាំ​ឈឺចាប់​លាក់បាំង​មិនបាន​ប្រាប់​យាយ​ឪពុកម្តាយ​ថា ជននេះ​ចាប់រំលោភ​ខ្លួន​បានសម្រេច​នោះទេ ទោះបីជា​ពួកគាត់​ឈ្លេចសួរ​ដេញដោល​យ៉ាងណា​ក៍ដោយ​។ បន្ទាប់មក​ឪពុកម្តាយ​គិតថា ខ្លួន​នៅផ្ទះ​ខ្លាច​មាន​បញ្ហា​បន្តទៀត​ក៍​រំដោះ​បញ្ជូន​ខ្លួន “​ក្មេងស្រី​រងគ្រោះ​” ទៅធ្វើ​ការងារ​នៅកាស៊ី​ណូ ម៉ា​កៅ បាវិត ខេត្តស្វាយរៀង បាន​រយៈពេល​១​ខែ​កន្លះ​។

ជន​ឈ្មោះ ឌឹ​ម មករា បាន​ទូរស័ព្ទ​មក​គំរាម​នាង​ឲ្យ​ជិះឡាន​ឈ្នួល​ទៅ​ជួប​គេ​នៅ​ភ្នំពេញ បើ​មិន​ទៅ​គេ​នឹង​បាញ់សម្លាប់​មួយ​គ្រួសារ​។ ដោយ​គិតពី​សុខ​សុវត្ថិភាព​ក្រុមគ្រួសារ នាង​ក៍​ឡើង​ជិះឡាន​ឈ្នួល​ទៅ​ជួប​ជន​ចុងចោទ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មិនបាន​ប្រាប់​ក្រុមគ្រួសារ​ឲ្យ​ដឹង​នោះទេ​។​នារី​ដើមចោទ​បញ្ជាក់​បន្ថែមថា ជន​ចុងចោទ​ឈ្មោះ ឌឹ​ម មករា នេះ​មាន​ប្រពន្ធ​កូន​២​នាក់ ហើយ​ប្រពន្ធ​ត្រូវជា​បងប្អូន​ជីដូនមួយ​ជាមួយ​ក្រុមគ្រួសារ​របស់​នាង និង​រស់នៅ​ភូមិ ឃុំ ខាងលើ​ជាមួយគ្នា​”​ផ្ទះ​ក្បែរ​គ្នា​”​។​

​ខណៈដែល​នាង​ឡើង​ទៅដល់​ភ្នំពេញ​គឺ​ឈ្មោះ ឌឹ​ម​.​មករា បាន​នាំ​នាង​ទៅ​ដេក​ផ្ទះសំណាក់​”​យីហោ​”​ទន្លេ​មាស នៅ​ជិត​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ី​ធី​អិន គីឡូ​លេខ​៦ បាន​រយៈពេល​៤​ថ្ងៃ ក៍​ទៅ​ដេក​ផ្ទះ​បង​ពួកម៉ាក​គេ​នៅ​គីឡូ​លេខ​៨ បាន​២​ថ្ងៃ ក៍​បន្តទៅ​ដេក​ផ្ទះ​មិត្តភក្តិ​”​ជន​ចុងចោទ​”​នៅ​ទឹកថ្លា បាន​ប្រហែល​១​សប្តាហ៍ ក៍​ជួល​បន្ទប់​នៅក្បែរនោះ​ស្នាក់នៅ​តែម្តង​។​សរុបទៅ​រយៈពេល​បី​ខែ​នៅ​ភ្នំពេញ នាង​គ្មាន​សេរីភាព​ទេ គឺ​ឈ្មោះ​នេះ បាន​ចាក់សោ​បង្ខាំង​នាង​នៅក្នុង​ផ្ទះ ពេល​ទៅណា​ម្តងៗ​ជាមួយ​គេ​គឺ​គេ​បង្ខំ​ឲ្យ​ខ្លួន​ញញឹម​រីករាយ​។ មិនតែប៉ុណ្ណោះ​នាង​ចោទថា​ជននេះ​បាន​បង្ខំ​ឲ្យ​នាង​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង​យកលុយ​ឫ​ម៉ូតូ​មក​ឲ្យ​ជន​ចុងចោទ​លក់​យកលុយ​ទៅ​ថ្នាំញៀន​យកមកប្រើ​ប្រាស់​និង​យកទៅ​ជួញដូរ​រហូតដល់​ស្រុក​កំពង់ត្របែក​ទៀតផង​។​ហើយ​នៅពេលដែល​នាង​រកលុយ​បាន​ឲ្យ​គេ​ទិញ​ថ្នាំញៀន​គេ​នឹង​វាយ​បោចសក់​ធ្វើបាប​ជា​រៀងរហូត​។​នារី​រងគ្រោះ​បន្តថា​សម្បី​តែ​ទូរស័ព្ទ​ក៍​ជននេះ​មិន​ឲ្យ​ប្រើ​ដែរ​!​ហើយ​ទូរស័ព្ទ​ដែល​ជននេះ​ប្រើ​គឺ​យកឈ្មោះ​នាង​ដាក់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់គេ​។​ហើយ​នៅ​ថ្ងៃមួយ​ពេលដែល​ជននេះ​ចេញមកក្រៅ​មួយ​ភ្លែត​ខ្លួន​ក៍​យក​ទូរស័ព្ទ​លួច​តេ​មក​ប្រាប់​ឪពុក​ឲ្យ​ទៅយក​ខ្លួន​មក​ផ្ទះ​ផង​។​ហើយ​ឪពុក​នាង​ក៍បាន​តេ​ទូរស័ព្ទ​ទៅ​លួងលោម​ឲ្យ​វាទ​ន់​ចិត្ត​ហៅថា កូន​ឯង​នាំ​ប្អូន​មក​ផ្ទះ​វិញ ទើប​ជននេះ នាំមក​នៅ​ថ្ងៃទី​៨ ខែ​៤ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៨​យប់​។ ពេលមកដល់​ផ្ទះ​ជននេះ នៅតែ​មករក​រឿង​ស្រែក​ឡូឡា​គំរាមកំហែង​ទារ​យក​នាង​ឲ្យ​ទៅជា​មួយ​វា​វិញ ហើយ​ថែមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នាង ធ្វើ​ឲ្យ​ក្រុមគ្រួសារ​នាង​ភ័យ​ស្លន់ស្លោ តេ​ទៅ​ហៅ​ប៉ូលិស​ប៉ុស្តិ៍ ឲ្យ​មកជួយ​អន្តរា​គម ក៍​គេ​មិន​មក​។​
​

រកឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​អាមេរិក​ទម្ងន់​កន្លះ​តោន នៅ​ជិត​ភ្នំ​បួរ ក្នុងស្រុក​ជល​គី​រី

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​អង្គភាព​កំចាត់មីន ស៊ីម៉ាក កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​ធ្វើការ គាស់ យក​គ្រាប់បែក​មួយ​ប្រភេទ ដែលជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ នៅ​ចំណុច​ភ្នំ​បួរ ស្ថិតក្នុង​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ហើយ​បាន​ដឹក​យកទៅ​រក្សាទុក នៅ​ម​ជ្ឈ មណ្ឌល​ហ្វឹកហ្វឺន​កំចាត់មីន ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា គ្រាប់បែក​ទម្លាក់​ពីលើ​យន្ត​ហើយ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បាន​រាយការណ៍ ជូន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ស៊ីម៉ាក់ ក្នុងនោះដែរ ក៍មាន​បណ្តាញ​សង្គម​ហ្វេ​ស​បុក ក៍បាន​បង្ហោះ​រូបភាព ពី​ការប្រទះឃើញ​នេះដែរ បន្ទាប់មក​សមត្ថកិច្ច មូលដ្ឋាន​បាន​ព័​ទ្ឋ​ខ្យែ ការពារ មិនអោយ​ប្រជាពលរដ្ឋ ចូលទៅ​ជិត ដើម្បី​ការពារ​សុវត្ថិភាព ។ រហូតដល់​ព្រឹក ថ្ងៃទី​៨ ខែឧសភា ទើប​គេ​ឃើញ​មន្ត្រី ស៊ីម៉ាក់ ចុះទៅ​ត្រួតពិនិត្យ និង​ប្រើ​បច្ចេកទេស ដោះ​និង​គាស់​យក​គ្រាប់បែក ទម្លាក់​ពីលើ​យន្តហោះ​នោះ ដឹក​យកទៅ​អង្គភាព​ដើម្បី​រក្សាទុក តាម​ជំនាញ ។
​

យោងតាម​ប្រភពពី​មន្ត្រី​ស៊ីម៉ាក់ ដែល​បាន​ចុះ​ទៅយក​គ្រាប់​នោះ​ផ្ទាល់​បានអោយដឹងថាៈ​គ្រាប់បែក យ៉ាង​ធំ​នេះ មានឈ្មោះ MK.83 ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ជំនាន់​សង្គ្រាម ។​ជា​គ្រាប់​ទម្លាក់​ដែល ផលិត​នៅ​ប្រទេស​អាមេរិក ។ គ្រាប់​នេះ​មាន​ទម្ងន់ ១​ពាន់​ផោន​ឬ​ស្មើនឹង​ប្រមាណ​ជិត​៥០០​គីឡូក្រាម ។ លោក​បាន​បញ្ជាក់ថា គ្រាប់​ប្រភេទ​នេះ អាច​នឹង​ផ្ទុះ​បាន ប្រសិនបើ​យើង​ទៅ​ប៉ះ​ឬ​វាយ​ចំ​គីប​បំបែក​របស់​វា ប៉ុន្តែ​មន្ត្រី​អង្គភាព​ស៊ីម៉ាក​បាន ប្រើ​វិធី​តាម​ជំនាញ ដោះយក​គ្រាប់​នោះបាន​ដោយ​សុវត្ថិភាព ដើម្បី​យកមក​រក្សាទុក​នៅ​អង្គភាព​រួចហើយ ៕
​

ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​៤​នាក់ តាម​បណ្តឹង វិវាទ​ដីធ្លី​របស់​ឧកញ៉ា តាន់ តា​ត់​

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ក្នុងចំណោម ៦​នាក់ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​អោយ​ជាប់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ចោទ​ពីបទ «​ប្រើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨​។​

​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាន​ចុះហត្ថលេខា និង​បោះត្រា លោក ឡូត ផា​រី ចៅក្រម​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖

១– បញ្ជា​ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅ​ទូច ភេទ​ស្រី – ឈ្មោះ កៅ ហេង ហៅ​ចិក ភេទ​ប្រុស – ឈ្មោះ មែន ខេន ភេទ​ប្រុស និង​ឈ្មោះ ញ៉ា​ញ់ ជាតិ ភេទ​ប្រុស មាន​អាសយដ្ឋាន​នៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ជន​ត្រូវ​ចោទ​ទាំង ៤​នាក់ ត្រូវ​តុលាការ​បង្គាប់ ឲ្យ​នាំខ្លួន​ទៅ​ដា​ក់នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​។​

២– បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ទទួល​ជន​ត្រូវ​ចោទ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៤​នាក់ រហូតដល់​មាន​ដីកា​សម្រេច​ផ្សេង​ពីនេះ​។​
៣– បង្គាប់​ឲ្យ​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់​នៅពេល​បានឃើញ​ដីកា​នេះ ត្រូវ​សហការ​អនុវត្ត​ឲ្យ​បានល្អ ក្នុងករណី​ចាំបាច់​។​

​សូមបញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៦​នាក់ រស់នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​តាម​បណ្ដឹង​របស់លោក​ឧកញ៉ា តាន់ តា​ត់ អ្នកមាន​ទ្រព្យ​ដ៏​ល្បីល្បាញ ដែល​បាន​ប្តឹង​ចោទ​ពលរដ្ឋ​ទាំងនោះ​ពីបទ «​ប្រើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​»​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៦​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់បញ្ជូន ជាមួយ​ការដាក់​ខ្នោះដៃ ទៅកាន់​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​៧ និង​ទី​៨ ខែឧសភា ឆ្នាំ​២០១៨​។ ពលរដ្ឋ​ទាំង ៦​នាក់ បន្ទាប់ពី​ត្រូវ​តុលាការ​សាកសួរ​រួច​នៅ​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ ៤​នាក់ ក្នុងចំណោម ៦​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​អង្កា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​ទាំង ៤​នាក់ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកាឃុំខ្លួន ដាក់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ចាត់ទុក​ដីកា​បង្គាប់​នេះ​ថា មាន​ភាពអយុត្តិធម៌ បំផុត សម្រាប់​ពួកគាត់ ដែលជា​ម្ចាស់​ដី​ពិតប្រាកដ​។ ពួកគាត់ បាន​សំណូមពរ ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ប៊ុន រ៉ានី ជួយ​រក​យុត្តិធម៌ ដោយ​អនុគ្រោះ​។​

​នៅក្នុង​សំណុំរឿង​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ កំពុង​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​តាមដាន​ឃ្លាំមើល​សំ​មើល​សំណុំរឿង​ដីធ្លី​នេះដែរ ពួកគេ​បាន សម្តែង​ការសោកស្តាយ យ៉ាងខ្លាំង នៅ​គ្រា​ដែល​ទទួលបាន​ព័ត៌មាន​មក​ថា លោក ឡូត ផា​រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់ពន្ធនាគារ ទៅតាម​បណ្តឹង របស់លោក​ឧកញ៉ា តាន់ តា​ត់ អ្នកមាន​ទ្រព្យ​ដ៏​ល្បីល្បាញ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ដ៏​ដែល​បាន​លើកឡើងថា លោក ឡូត ផា​រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់ពន្ធនាគារ មាន​ភាព​អ​យុ​ត្តិ​ធ៌​មណាស់​៕
​

WIFI សាធារណៈ​ជា​ជំនួយ​កូរ៉េខាងត្បូង ដាក់​ដំណើរការ​នៅ​សួនច្បារ​វិមាន ឯករាជ្យ​និង​នៅមុខ​វាំង​

​ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​បំពាក់​ប្រព័ន្ធ​WiFi ដែល​ចំណាយ​ថវិកា ប្រមាណ​៤០​ម៉ឺន​ដុល្លា​អាមេរិក សំរាប់​អោយ​មនុស្ស​ទូទៅ​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​មិន​គិតថ្លៃ នៅ​សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​ខាងមុខ​ព្រះ​បរម​រាជ្យ​វាំង​។​

ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​WiFi ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ឯកឧត្តម ត្រាំ​ង អ៊ី​តឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ថ្លែងថា “​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ WiFi សាធារណៈ​នេះ ជា​ជំនួយឥតសំណង​របស់​ភាគី​កូរ៉េ ដែលមាន​ទឹកប្រាក់​សរុប​៤០​ម៉ឺន​ដុល្លា​អាមេរិក ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា​”​។ លោក បន្ថែមថា ក្រៅពី​ការដាក់​ប្រព័ន្ធ WiFi សាធារណៈ ភាគី​កូរ៉េ បាន​ជួយ​ភ្ជាប់​គម្រោង​១​ផ្សេងទៀត​ផងដែរ គឺ​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន (Digital Connectivity for school)​។

​លោក​រដ្ឋមន្ត្រី ថ្លែងថា WiFi សាធារណៈ និង​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន គឺ​ផ្តល់​ភាពងាយស្រួល​ជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុងការ​ប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត អំឡុងពេល​ស្នាក់នៅ លំហែកាយ​នៅ​ទីសាធារណៈ ក្នុង​រាជធានី​ភ្នំពេញ និង​ពង្រីក​សក្តានុពល​នៃ​ការប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត​អោយបាន​ទូលំទូលាយ និង​ផ្តល់​ភាពងាយស្រួល​ដល់​គ្រូ និង​សិស្ស ដើម្បី​សិក្សា​មេរៀន​ថ្មីៗ​។​
​
លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា ថ្លែងថា “​ចំពោះ​សេវា អ៊ិន​ធឺ​ណិ​ត​សាធារណៈ​នេះ មាន​ដាក់​នៅ​ទីតាំង​ចំនួន​២ ទី​១​ស្ថិតនៅ​សួនច្បារ​សម្តេច ហ៊ុន សែន ចាប់ពី​វិមានឯករាជ្យ​មក និង​ទី​២​ស្ថិតនៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​ការតភ្ជាប់​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​សាលារៀន មាន​ចំនួន​៣​ទីតាំង គឺ​១ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទី​២ វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ទី​៣ វិទ្យាល័យ អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​លោក​បញ្ជាក់ថា ប្រព័ន្ធ​WiFi សាធារណៈ​សំរាប់​ប្រើប្រាស់​នៅ​សួនច្បារ​ទាំងពី​ខាងលើនេះ គឺ​ប្រើប្រាស់​បណ្តាញ​កាប​អុ​ប​ទិ​កមាន​ប្រវែង ២៥៣៥​ម៉ែត្រ ដែលមាន​លទ្ធភាព​ផ្តល់​សេវា​អ៊ិន​ធឺ ណិ​ត​រហូតដល់​១​ពាន់​មេកាបៃ​។​

​លោក Oh Nak Young ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ថ្លែងថា “​ការដែល​រដ្ឋ​កូរ៉េ​ជួយ​ជំនួយ លើ​ផ្នែក​សេវា​អ៊ិន​ធឺ​ណិ​ត​នេះ ដោយ​សម្លឹង​ឃើញថា កម្ពុជា​ពិតជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស ប្រជាជន​កម្ពុជា​ទូទៅ​គឺ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ព័ត៌មានវិទ្យា​។ ជាមួយ​កូរ៉េ គឺ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផងដែរ​៕
​

អង្គអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស UN ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវច្បាប់​លើ​ក្រុម​ជំទាស់​

​ភ្នំពេញ ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​នៅ​សប្ដាហ៍​នេះ បាន​អំពាវនាវ​សាជាថ្មី ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​ការធ្វើ​ទុក​បុក​ម្នេញ​តាម​ប្រព័ន្ធតុលាការ​លើ​ក្រុម​សមាជិក សកម្មជន និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​បាន​ដកស្រង់​ដោយ VOA ។​
​
ការអំពាវនាវ​នេះ បានធ្វើ​ឡើងខណៈ​សាលាឧទ្ធរណ៍​របស់​កម្ពុ​ជា គ្រោង​បើកសវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​អ​តី​តី​មន្ត្រី​បក្សប្រឆាំង​១១​នាក់ ដែល​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី​១០ ខែឧសភា នេះ ពីបទ​បាន​បង្ក​សកម្មភាព​កុប្បកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​បាតុកម្មអហិង្សា​មួយ ដែល​ក្រោយមក​ក្លាយជា​ហិង្សា កាល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បានចាត់ទុក​ការចាប់​ក្រុម​សមាជិក​បក្សប្រឆាំង​ទាំង​នោះមក​កាត់ទោស​ថា បាន​ធ្វើឡើង​ដោយមាន​ហេតុផល​នយោបាយ​។ អ្នក​ទាំងនោះ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​ប្រាំពីរ ទៅ​២០​ឆ្នាំ​៕
​
សេចក្តីប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ និង​មាន​ចំណងជើង​ថា «​បញ្ឈប់​ការចាប់​ឲ្យ​ទទួលទោស ដោយ​គ្មាន​មូលដ្ឋាន​» បានបញ្ជាក់​ឲ្យ​ដឹងថា អាជ្ញាធរ គួរតែបញ្ឈប់​ទាំងអស់​នូវ​ការចោទប្រកាន់​ឲ្យ​មានទោស​អំពី​ការប្រព្រឹត្ត​អំពើ​«​កុប្បកម្ម​» ដែលមាន​ចរិត​នយោបាយ​ប្រឆាំងនឹង​សមាជិក​១១​នាក់ អ្នកគាំទ្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា ដែល​ឥឡូវ​ត្រូវបាន​គេ​រំលាយ​៕
​
​ភ្នំពេញ ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​នៅ​សប្ដាហ៍​នេះ បាន​អំពាវនាវ​សាជាថ្មី ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​ការធ្វើ​ទុក​បុក​ម្នេញ​តាម​ប្រព័ន្ធតុលាការ​លើ​ក្រុម​សមាជិក សកម្មជន និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​បាន​ដកស្រង់​រាយការណ៍​ដោយ VOA ។​

​ការអំពាវនាវ​នេះ បានធ្វើ​ឡើងខណៈ​សាលាឧទ្ធរណ៍​របស់​កម្ពុ​ជា គ្រោង​បើកសវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​អ​តី​តី​មន្ត្រី​បក្សប្រឆាំង​១១​នាក់ ដែល​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី​១០ ខែឧសភា នេះ ពីបទ​បាន​បង្ក​សកម្មភាព​កុប្បកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​បាតុកម្មអហិង្សា​មួយ ដែល​ក្រោយមក​ក្លាយជា​ហិង្សា កាល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បានចាត់ទុក​ការចាប់​ក្រុម​សមាជិក​បក្សប្រឆាំង​ទាំង​នោះមក​កាត់ទោស​ថា បាន​ធ្វើឡើង​ដោយមាន​ហេតុផល​នយោបាយ​។ អ្នក​ទាំងនោះ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​ប្រាំពីរ ទៅ​២០​ឆ្នាំ​៕

​សេចក្តីប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ និង​មាន​ចំណងជើង​ថា «​បញ្ឈប់​ការចាប់​ឲ្យ​ទទួលទោស ដោយ​គ្មាន​មូលដ្ឋាន​» បានបញ្ជាក់​ឲ្យ​ដឹងថា អាជ្ញាធរ គួរតែបញ្ឈប់​ទាំងអស់​នូវ​ការចោទប្រកាន់​ឲ្យ​មានទោស​អំពី​ការប្រព្រឹត្ត​អំពើ​«​កុប្បកម្ម​» ដែលមាន​ចរិត​នយោបាយ​ប្រឆាំងនឹង​សមាជិក​១១​នាក់ អ្នកគាំទ្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា ដែល​ឥឡូវ​ត្រូវបាន​គេ​រំលាយ​៕


​(លោក ប្រេដ អាដាម ប្រធាន Human Rights Watch ប្រចាំ​តំបន់​អាស៊ី)

ម្ចាស់​ថ្មី​ក្រុមហ៊ុន​«​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​» បណ្តេញ​និពន្ធ​នាយក​ម្នាក់

​ភ្នំពេញ ៖ លោក កៃ គឹម​សុង និពន្ធ​នាយក​កាសែត​ភ្នំពេញ ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​នៅ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​កាសែត​នេះ បានប្រកាសថា ត្រូវបាន​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី​ជា​ជនជាតិ​ម៉ាឡេស៊ី ដែលមាន​ទំនាក់ទំនង​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹម​សុង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​កាសែត នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ថា លោក​ពិតជា​ត្រូវបាន​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ បញ្ឈប់​ពី​ការងារ​ពិតប្រាកដ​មែន ដោយ​ពុំបាន​ជូនដំណឹង​មុន​នោះឡើយ​។​

លោក គឹម​សុង ប្រាប់ថា ម្ចាស់​ថ្មី​នៃ​កាសែត​មួយ​នេះ បាន​ប្រាប់​លោក​ថា លោក​បាន​សាង​កំហុស​ធំ​មួយ ដោយបាន​អនុញ្ញាត​ឲ្យ​ចុះផ្សាយ​អត្ថបទ​មួយ​នៅលើ​ទំព័រមុខ​នៃ​កាសែត​មួយ​នេះ ក្រោម​ចំណងជើង​ថា «​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ត្រូវបាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ាឡេស៊ី​»​។​

​លោក គឹម​សុង ប្រាប់ថា​៖ «​តាម Owner (​ម្ចាស់​)​ថ្មី គាត់​គិតថា ខ្ញុំ​បាន​សាង​កំហុស​ដ៏​ធំ​មួយ គឺ​អនុញ្ញាត​ឲ្យ​អត្ថបទ​មួយ​ចេញ​នៅ​ទំព័រមុខ គឺ​អត្ថបទ​ពាក់ព័ន្ធ​នឹង​លក់ ភ្នំពេញ​ប៉ុស្តិ៍ ហើយ​ក្នុងនាម​ជា Editor-in-Chief (​និពន្ធ​នាយក​) គេ​គិតថា មិនគួរ​ឲ្យ​ចេញ​អត្ថបទ​អញ្ចឹងទេ​។ បើកាលណា​ចេញ​អត្ថបទ​ហ្នឹង គឺជា​ការ​សាង​កំហុស​ដ៏​ធំ​មួយ អញ្ចឹង​ក្រុមហ៊ុន​ថ្មី​មិនអាច​ទទួលយកបាន​»​។​

​បើទោះបីជា​លោក​ត្រូវបាន​បណ្ដេញចេញ​ដោយ​ពុំមាន​ការជូនដំណឹង​ជាមុន​ក៏ដោយ ក៏​លោក គឹម​សុង បាន​ប្រាប់ថា លោក​នឹងមិន​តវ៉ា​នោះទេ​ជុំវិញ​ការបណ្ដេញ​បែបនេះ​៕​

អ្នកសម្របសម្រួល​ថ្មី​របស់​UN​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការបន្ត​កិច្ចសហការ​បន្ថែម​ជាមួយ​កម្ពុជា

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត ញឹម​
​វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​
​មហន្តរាយ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ អ្នកសម្របសម្រួល​អង្គ​ការ​សហ​ប្រជា​​ជាតិ​ថ្មី​ប្រចាំ​កម្ពុជា​លោកស្រី PAULINE TAMESIS បានបង្ហាញ​ពី​ជំហរ​ក្នុង​ការបន្ត​កិច្ច​សហ ការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ដើម្បី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ជាការ​ឆ្លើយតប លោក​បណ្ឌិត ញឹម វណ្ណដា ថា ជាការ​ពិត ការដែល​កម្ពុជា​មានកា​រ​រីកចំរើន​ដូច​សព្វថ្ងៃនេះ គឺ អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ និង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ជាមួយ​ដែល​កម្ពុជា​ខ្លួនឯងបាន​ខិតខំ​ប្រឹងប្រែង​ផងដែរ ។​

​លោក​បាន​ជម្រាបជូន​លោកស្រី PAULINE TAMESIS ថា សុខភាព​នៃ​កំណើន​សេដ្ឋ កិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងមាន​ភាពល្អប្រសើរ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៧% ឬ​លើសពីនេះ ដែល​កំណើន​នេះ​បានមកពី វិស័យ​មួយចំនួន​រួមមាន វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វិស័យ​សំណង់​។​ល​។ ក្នុងនោះ​កម្ពុជា​បាន​ទាក់ទាញ​អ្នកវិនិយោគ​ពី​ខាងក្រៅ​អោយមក​បណ្តាក់ទុន​ដែល​ទុនវិនិយោគ​របស់​ពួកគេ​បានរួម​ចំណែក​ធ្វើអោយ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​។

ក្នុងឱកាស​នេះ លោក​បណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចាត់ទុក​វត្តមាន​របស់ លោកស្រី​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​ថា មាន​សារៈសំខាន់​ខ្លាំង ណាស់​ក្នុង​ការបន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កន្លង យើង​តែងមាន​កិច្ចសហការ​ដ៏​ល្អ​ជាមួយគ្នា​។​

ជា​កិច្ច​ឆ្លើយតប​លោកស្រី PAULINE TAMESIS ថា សហប្រជាជាតិ​នៅតែ​បន្ត​ជួយ​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដដែល​ទៅតាម​អ្វីដែល​ខ្លួន​អាចជួយ​បាន​។
​លោកស្រី​ក៏បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ដល់​កម្ពុជា ដែល​បាន​រៀបចំឡើង​នូវ​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ ២០១៥​។

ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ​មាន​គោលដៅ​៖ ត្រៀម​បង្ការ ប​ន្ស៉ាំ​កាត់ បន្ថយ​គ្រោះថ្នាក់​មុនពេល​មាន​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ធម្មជាតិ ឬ​មនុស្ស​,​ឆ្លើយ តប សង្គ្រោះបន្ទាន់​ក្នុងពេល​មាន​គ្រោះមហន្តរាយ និង​ស្តារឡើងវិញ​ក្រោយពេល​មាន​គ្រោះ មហន្តរាយ​។ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ​ថា ដើម្បី​អាចអនុវត្ត​ច្បាប់​នេះ​បាន​ជោគជ័យ វា​ទាមទារ​អោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​៕​

ជំងឺគ្រុនឈាម​នៅ​ដើមឆ្នាំ​នេះ កើនឡើង​ខ្លាំង​ជាង​ដើម​ឆ្នាំមុន​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​​បញ្ជាក់ថា ករណី​ជម្ងឺគ្រុនឈាម​នា​ដើមឆ្នាំ​២០១៨​នេះ​មានការ​កើនឡើង​ទ្វេដង ធៀប​នឹង​រយៈ ពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​អត្រា​ចម្លង​ថ្មី​ស្ថិតនៅក្នុង​សភាព​អាច​គ្រប់គ្រង​បាន ខណៈ ដែល​រដូវ​នៃ​ការឆ្លង​នៃ​ជម្ងឺ​មួយ​នេះ​នៅ​បន្ត​មាននៅ​ពេលខាងមុខ​។​

របាយការណ៍​ដដែល​បាន​បន្ថែមថា ក្រសួង​ជំនាញ​បានចេញ​សេចក្តីជូនដំណឹង​អោយ ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​នេះ ដែលជា​ធម្មតា​តែង​កើតមាន​ក្នុង លក្ខណៈ​ធ្ងន់ធ្ងរ​រៀងរាល់ ៥ ឬ ៦ ឆ្នាំ​ម្តង ហើយ​ឆ្នាំនេះ​អាចជា​ឆ្នាំ​នៃ​ការកើនឡើង​នៃ​ជំងឺ​នេះ​។​
ក្នុង​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រា​នេះ​ដដែល​ក៏បាន​លើកឡើង​ផងដែរ​អំពី​ជម្ងឺផ្តាសាយបក្សី ដែល​បាន​កើតឡើង​ចំនួន ៣​ករណី គឺ​នៅ​រាជធានី ភ្នំពេញ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តព្រៃវែង​នៅ​ដើម​ឆ្នាំនេះ ដែល​ក្នុងនោះ​មាន​មាន់ និង​ទា​មួយ ចំនួន​បាន​ងាប់ និង​កម្ទេចចោល តែ​ជំងឺ​នេះ​មិនមាន​ការឆ្លង​រាលដាល​ដល់​មនុស្ស​ទេ​។

​កិច្ច សហការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​អាជ្ញាធរ មូលដ្ឋាន បាន​ទប់ស្កាត់​មិនអោយ​មានការ​ឆ្លង​រាលដាល​បន្តបាន​ទាន់ពេលវេលា ហើយ​វិធាន ការ​បសុព្យាបាល​នៅតាម​ភូមិសាស្ត្រ​រងគ្រោះ​ត្រូវបាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង ប្រយ័ត្ន យោងតាម​បទពិសោធន៍​ដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក និង​ការបាញ់​ថ្នាំ​សម្លាប់ មេរោគ​នៅតាម​កសិដ្ឋាន លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​តាម​ដងផ្លូវ រួមទាំង​ការ​ផ្សព្វ ផ្សាយ​អប់រំ និង​ចែក​ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការការពារ​ជម្ងឺផ្តាសាយបក្សី​នេះ​ផងដែរ​៕​

គ្មាន​ការ​លួច​កាត់​ដែក​ស្ពាន​បា​ឡេ​ដែល​ទើប​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ទេ​

​ភ្នំពេញ ៖ បន្ទាប់ពី​ចុះ​ពិនិត្យ​ល្អិតល្អន់ នៅលើ​ស្ពាន​ប៉ា​ឡេ​ដែលជា​កន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ រួចមក មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន OCIC បានបញ្ជាក់​យ៉ាងច្បាស់​ថា ពុំមាន​អ្នក​លួច​កាត់​ដែក​ក្រោម​ស្ពាន ឬ​ដៃ​ស្ពាន ដូច​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​លើកឡើង​នោះទេ​។

​នេះ​បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC បាន​អះអាងថា ក្រោយ​ចុះ​ពិនិត្យឃើញថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក ដែល​សេសសល់​ពី​ការសំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​ចេញ​ប៉ុណ្ណោះ​។ ចំពោះ​ដែក​ប៉ា​ឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិនមាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC ដែល​សាងសង់​ស្ពាន​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ ហើយ​អះអាងថា ស្ពាន​នេះ​គឺអាច​ធ្វើចរាចរ​ឆ្លងកាត់​ជាធម្មតា​៕​

អគ្គរដ្ឋទូត​អាមេរិក​នៅ​ភ្នំពេញ សរសើរ​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​

​ភ្នំពេញ ៖ លោក​អគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា សម្តែង​ការកោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ថែមទាំង​ជំ​រុគ​អោយ​អ្នកវិនិយោគ​បន្ត​បណ្តាក់ទុន​នៅ​កម្ពុ​ជា្យ​បាន​ច្រើន​ថែមទៀត​។​

លោក​អគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា William A. Heidt បាន​សម្តែង​ការកោតសរសើរ​ពី​ការរីកលូតលាស់​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈ​ជាង ២​ទ​.​ស​.​វ កន្លងមកនេះ ជាពិសេស​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច រង្វង់​៧​ភាគរយ​ដែល ប្រសាសន៍​លើកឡើងថា​នេះ​ធ្វើឡើង ក្នុង​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ ខែម​ដ្រា​យ ខេ​ម​បូ​ឌា​កាលពី​ថ្ងៃទី​៨ ខែឧសភា​។​លោក​បាន​លើកឡើងថា​ខែម​ដ្រា​យ ខេ​ម​បូ​ឌា​មកដល់​កម្ពុជា​ចំពេល​ដ៏​ត្រឹមត្រូវ​បំផុត ព្រោះ​សេដ្ឋកិច្ចកម្ពុជា​កំពុង​រីកចំរើន ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ទីក្រុង​ភ្នំពេញ​យើង​ឃើញ​មាន ២០០០០ (​ពីរម៉ឺន​) យូ​នី​ត (Unit) នៃ​ខុន​ដូ ហើយ​នៅ​ខេត្ត​ព្រះសីហនុ​មាន​អាគារ​ខ្ពស់ៗ មិនតិចជាង ២០ ទេ ដែល​កំពុង​សាងសង់ ហើយ​ទាំងនេះ​សុ​ទ្ឋ​តែ​ជា​អតិថិជន​សក្តានុពលរ​បស់ ខែម​ដ្រា​យ ខេ​ម​បូ​ឌា​។
​
លោក សៅ សុខ​នី ដែលជា​អ្នក ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា មាន​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្វែងរក​ឱកាស​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន រឺក៏​ពង្រីក​អាជីវកម្ម​ដែលមាន​ស្រាប់​។

​ក្រុមហ៊ុន ខែម​ដ្រា​យ មានការ​ទាក់ទាញ​ខ្លាំង​ពី​សំណាក់​បណ្ដា​អាជីវកម្ម​នៅ​ក្រុង​ប្រទេស​កម្ពុជា ដោយសារ ប្រវត្តិ​យូរអង្វែង​ក៏ដូចជា​ការប្រតិបត្តិ អាជីវកម្ម​ដែលមាន​ភាពរឹងមាំ​។​

ជាមួយ​នោះដែរ​លោក Manuszak ដែលជា​អគ្គនាយករង​ក្រុមហ៊ុន ខែម​ដ្រា​យ​អន្តរជាតិ បាន​មានប្រសាសន៍ថា ខែម​ដ្រា​យ បាន​ជួយ​អាជីវករ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​អោយទទួល​បាន ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​ជាង ៤០​ឆ្នាំ មកហើយ​។ ពួកយើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​ជាមួយ​លោក សៅ សុខ​នី ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​របស់គាត់​ជា​អ្នក​នាំ​សិទ្ធ​ផ្ដាច់មុខ ព្រមទាំង​ការគាំទ្រ​លើ ដំណើរ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ខែម​ដ្រា​យ ក្នុងប្រទេស​កម្ពុជា​។ ពួកយើង​មានជំនឿថា​ការរីកចម្រើន​របស់គាត់​នឹង​អាច​បន្ត​ទៅកាន់​ទីផ្សារ ផ្សេងទៀត​នៅ តំបន់​អាស៊ី អាគ្នេយ៍​។

​សូមបញ្ជាក់ថា ខែម​ដ្រា​យ ជា​ក្រុមហ៊ុន​ធំជាងគេ​លើ​ពិភពលោក ក្នុង​សេវាកម្ម​សំអាត​កំរាលព្រំ សំភារៈ​សង្ហា​រឹម​សា​ឡុង កំរាល​ឥដ្ឋការ៉ូ ដែលមាន​អ្នក​ចែកចាយ​សិទ្ធ​ជាង 3500​កន្លែង​ក្នុង​បណ្ដា​ជាង​៥៥ ប្រទេស​លើ​ពិភពលោក នឹងមាន​បទពិសោធន៍​ជាង 40​ឆ្នាំ បំរើសេវា​កម្ម​សំអាត​ចំនួន 10000 (​មួយ​ម៉ឺន​)​គេហដ្ឋាន និង​អាជីវកម្ម​ក្នុង​1​ថ្ងៃ​។ ក្នុង​រយៈពេល​ជាង​2​ទស្សវត្ស៍​មកហើយ ក្រុមហ៊ុន ខែម​ដ្រា​យ តែងតែបាន​ការទទួល​ស្គាល់ (Green Certified) តាមរយៈ​ការប្រើប្រាស់​នូវ​ផលិតផល​សំអាត​មាន​សុវត្ថិភាព​និង​គ្មាន​ជាតិពុល​៕

​លោកឯកអគ្គរដ្ឋ​ទូត William Heidt ក្នុង​សន្និសីទ​សារព័ត៌មាន ​នាពេលកន្លងមក

ស្ពានដែក​បា​ឡេ ឆ្លងពី​ខណ្ឌឫស្សីកែវ ទៅ​ខណ្ឌ​ជ្រោយចង្វា បើក​ឲ្យ​ធ្វើចរាចរ​ណ៍ហើយ​

​ភ្នំពេញ ៖ ស្ពានដែក​បា​ឡេ​ថ្មី​មួយ ដែល​អាជ្ញាធរ​បាន​សាងសង់​សម្រាប់​ឆ្លងកាត់​ពី​ចំណុចឃ្លាំង​សាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅ​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​ខណៈ​ស្ពាន​ជ្រោយចង្វា​ចាស់​កំពុង​ជួសជុល នឹងត្រូវ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។
​
សូមជម្រាបថា ស្ពានដែក​បា​ឡេ នេះ​ត្រូវ​បានទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៩​លាន​ដុល្លារ និង​ប្រើពេល​សាងសង់​៦​ខែ​។ ការហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ស្ពានដែក​ថ្មី​នេះ គឺ​រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ រួម​នឹង​ការធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ផងដែរ​។

​ស្ពានដែក​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​នេះ បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​០៥ ខែឧសភា ហើយ​បាន​សាកល្បង​ធ្វើតេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈានទៅ​ដាក់​ឲ្យ​ដំណើរ​ការធ្វើ​ចរាចរណ៍​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​៕​

ឆ្នាំនេះ កម្ពុជា​គ្រោង​នាំចូល​អំបិល​៣​ម៉ឺន​តោន​សម្រាប់​បំពេញ​​កង្វះខាត​ក្នុងស្រុក​

​ភ្នំពេញ ៖ កម្ពុជា​គ្រោង​នាំចូល​អំបិល​ពី​ប្រទេសជិតខាង​ប្រមាណ​៣​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ខណៈដែល​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើអោយ​ការផលិត​បរិមាណ​អំបិល​ក្នុងស្រុក​មិន​គ្រប់គ្រាន់​។​

​ដោយសារ​បរិមាណ​អំបិល នៅក្នុង​ស្តុក​របស់​សមាគម​អំបិល​កំពត​-​កែប អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ត្រឹម​ខែកញ្ញា ឆ្នាំនេះ​ប៉ុណ្ណោះ សមាគម​នេះ​គ្រោង​នឹង​នាំចូល​អំបិល​ប្រមាណ​៣​ម៉ឺន​តោន ពី​ប្រទេសជិតខាង សម្រាប់​មក​ផ្គត់ផ្គង់​បន្ថែម​។

​តាម​ការបញ្ជាក់​របស់​សមាគម​អំបិល​កំពត​-​កែប អោយដឹងថា នៅក្នុង​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​កសិករ​មិនអាច​ផលិត​អំបិល​បាន​ច្រើន ហើយ​បរិមាណ​អំបិល​មាន​ក្នុង​ស្តុក គឺអាច​ផ្គត់ផ្គង់​បាន​ត្រឹម​ខែកញ្ញា ប៉ុណ្ណោះ​។ ដូចនេះ សមាគម​កំពុងតែ​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស​ប្រមាណ​៣​ទៅ​៤​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ ខណៈ​អំបិល​ក្នុង​ស្តុក​មាន​ជាង​៤​ម៉ឺន​តោន គឺ​មិន​គ្រប់គ្រាន់​នោះទេ ។

​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប ខាង​សមាគម​អំបិល​កំពត​-​កែប ជាមួយ​រដ្ឋបាលខេត្ត បាន​ពិភាក្សាគ្នា​ជា​បណ្តោះអាសន្ន​ថា នឹងដាក់​សំណើ​ទៅ​ក្រសួងកសិកម្ម ក្នុងការ​នាំចូល​អំបិល​ពី​ប្រទេស​ថៃ ប្រហែលជា​៣​ទៅ​៤​ម៉ឺន​តោន ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៨​នេះ » ។

គួររំលឹកថា កាលពី​ឆ្នាំ​២០០៩ កម្ពុជា​ក៏​ធ្លាប់​នាំចូល​អំបិល​ពី​ប្រទេស​ចិន ចំនួន​៣​ម៉ឺន​តោន​ដែរ ។ ប៉ុន្តែ មូលហេតុ​ដែល​ខាង​សមាគម​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​មិនសូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ផលិតផល​អំបិល​របស់​ប្រទេស​ចិន ធ្វើ​ពី​រ៉ែ​ដូចគ្នា​នឹង​ប្រទេស​ថៃ​ដែរ​។ ទោះជា​យ៉ាងណា ការ​នាំចូល​អំបិល​ពី​ខាងក្រៅ​នេះ សមាគម​អះអាងថា គឺ​មិនមាន​ផលប៉ះពាល់ ដល់​អ្នក​ផលិត​អំបិល​ក្នុងស្រុក​ទេ ព្រោះ​ការ​នាំចូល​សម្រាប់តែ​ផ្គត់ផ្គង់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ការផលិត និង​ប្រមូល​ផល​អំបិល​នៅក្នុង​ខេត្តកំពត និង​កែប ធ្វើឡើង​ចាប់ពី​ខែកញ្ញា រហូតដល់​ខែមេសា​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧ ២០១៨​នេះ ការប្រមូល​ផល​អំបិល​បាន​ប្រមាណ ២​ទៅ​៣​ម៉ឺន​ប៉ុណ្ណោះ​។

​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញថា ឧស្សាហកម្ម​នេះ​រកបាន​ប្រាក់ចំណូល​ប្រហែល​២២​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​បរិមាណ​ផល​អំបិល​សរុប​បូករួម​ទាំង​បរិមាណ​អំបិល​សល់​ក្នុង​ស្តុក ប្រហែល​១៤​ម៉ឺន ៣​ពាន់​តោន​។

​ទិន្នផល​អំបិល​កំពត​-​កែប ក៏​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប ដូចជា អង់គ្លេស និង​ស្វ៊ី​ស​ផងដែរ ហើយ​កាលពី​ឆ្នាំ​២០១៧ ក៏មាន​ក្រុមហ៊ុន នាំ​ចេញទៅ​បារាំង​បាន​ចំនួន​១៨​តោន​ដែរ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើការ​នាំចេញ​បន្តទៀត​ទេ​៕​

សមាជិក​ព្រឹទ្ធសភា​អាមេរិក ៖ កម្ពុជា​ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង​

​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចាត់ទុក​កម្ពុជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ ដោយ​ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ។​

​លោក​ឌើ​ក អ៊ី​រីក​សិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​វ៉ា​ស៊ី​ង​តោន បាន​ថ្លែង​បញ្ជាក់​ទៅកាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​៧ ខែឧសភា​នេះ​ថា សហរដ្ឋអាមេរិក និង ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មិត្ត​របស់​សហរដ្ឋអាមេរិក មិនមែនជា​សត្រូវ​ទេ​។

​ប្រទេស​ទាំងពីរ មិនចាំបាច់​អោយមាន​ភាព​តានតឹង​រវាង​គ្នា​នោះទេ គឺ​មានតែ​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ជាពិសេស តាមរយៈ​ឆន្ទៈ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អាចធ្វើ​ការសហការ​ជាមួយ​លោក ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ដើម្បីអោយ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​។ ដោយ​លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិក មើលឃើញថា​កម្ពុជា​ថ្វី​ត្បិត​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៦​លាន​នាក់​មែន ប៉ុន្តែ​កម្ពុជា​ជា​ប្រទេសមួយ​មាន​សារៈសំខាន់ ក្នុង​តំបន់ ហើយ​ពិភពលោក​ក៏​មិនអាច​ប្រាប់​ប្រទេស​កម្ពុជា ថា​ត្រូវ​ដឹកនាំ​ប្រទេស​បែបណា​នោះទេ មានតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែលជា​អ្នកកំណត់​ជោគវាសនា​ខ្លួនឯង​។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅក្រោយពេល​ជំនួប​ទ្វេភាគី​នេះ បញ្ចប់​។ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ជាស​ម្រូ​វ​ជាមួយគ្នា​នោះទេ​។ ជាក់ស្តែង​ប្រទេស​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ចាប់តាំងពី ឆ្នាំ​១៩៦៥ មកម្ល៉េះ ដូចនេះ ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ចការ​ជាមួយគ្នា​បន្ថែមទៀត​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​។ ទ​ន្ទឺ​ម​នេះ ឯកឧត្តម ឌើ​ក​អេ​រិ​កសាន់ រួម​និង​សមាជិក​គណៈប្រតិភូ​អាមេរិក ក៏បាន​កោតសរសើរ​កា​រដឹក​នាំ​របស់​សម្តេច​តេ​ជោ ដែល​ជាក់ស្តែង​ធ្វើអោយ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សន្តិភាព ស្ថេរភាព​នយោបាយ​។

​លោក ចង់អោយ​ប្រជាពលរដ្ឋ​អាមេរិក និង​អ្នកវិនិយោគ​អាមេរិក អាចមក​ឃើញ​ស្ថានភាព​កម្ពុជា​ជាក់ស្តែង នៃ​ដំណើរការ​អភិវឌ្ឍ​រប​ស់​កម្ពុជា​សព្វថ្ងៃ​តែម្តង​។

​ជាងនេះទៀត ដោយ​មើលឃើញថា កម្ពុជា​ជា​ប្រទេស​ល្អ និង​មាន​ប្រជាពលរដ្ឋ​ដ៏​ល្អ ដូចនេះ សហរដ្ឋអាមេរិក​ចង់​អោយមាន​កិច្ច​សហ​ប្រតិ​ប្តិ​ការ និង​ការពង្រឹង​មិត្តភាព​បន្ថែមទៀត ជាមួយ​កម្ពុជា ទាំង​ខាង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស លើ​វិស័យ​កសិកម្ម ដោយ​ទីក្រុង​វ៉ាស៊ីនតោន អាចធ្វើ​ការនាំ​ផ្លែ​ប៉ោម ទឹកដោះគោ ចូលមក​កម្ពុជា រីឯ​កម្ពុជា​អាច​នាំចេញ អង្ករ និង​កសិផល​ផ្សេងទៀត​ទៅកាន់​រដ្ឋ​វ៉ា​ស៊ី​ង​តោន​វិញ​បានដែរ​។

​ឆ្លើយតប​ក្នុង​ចំនុច​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក ជាទូទៅ​មាន​លក្ខណៈ​ជិតស្និទ្ធ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដូចជា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរ​ណ៌ និង​វិនិយោគ ជាដើម​។ ប៉ុន្តែ​កន្លងមក​ក៏មាន​ដំណាក់កាល​ប្រឈម​មួយចំនួន​ដែរ​។ ទ​ន្ទឺ​ម​នោះ សម្តេច​តេ​ជោ បាន​លើកឡើងថា អ្នក​ដែល​យល់​ពី​ប្រទេស​កម្ពុជា​ដែរនោះ គឺ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។ ចំនុច​សំខាន់​មួយទៀត ដោយសារ​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ កម្ពុជា​មានការ​បោះឆ្នោត​ជាតិ ដែលមាន​គណបក្ស​ជាច្រើន​ចូលរួម គឺ​ឈរលើ​ប្រព័ន្ធ​លិទ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចនេះ សម្តេច ស្វាគមន៍​នូវ​ការវិល​ត្រឡប់មកវិញ របស់​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល រៀបចំ​ការបោះឆ្នោតជាតិ​នេះ ដើម្បី​ចូលរួម​អង្កេត​ការ​ណ៌ ។

​បន្ថែម​ពីនេះ​នៅក្នុង​ជំនួប​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​អាហា​រូប​ករ​ណ៌​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អាមេរិក​ផងដែរ​។ ជាពិសេស នាពេល​ខាងមុខនេះ លោក នឹងមាន​ឳ​កាស​ជួប​ជាមួយ​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត រួមទាំង​កូន​របស់​សម្តេច​ទាំងបី​ដែល​ធ្លាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក​តែម្តង ៕​