All posts by មេគង្គ ប៉ុស្តិ៍

អ្នកភូមិ​ដែល​ធ្លាប់​ពុល​ទឹក​ព្រែ​កនៅ​ស្រុក​ឆ្លូង​ទទួល​អណ្តូង​ទឹកស្អាត​ចំនួន​៧

​ខេត្តក្រចេះ ៖ មានប្រសាសន៍​នៅ​ចំពោះមុខ​ពលរដ្ឋ សុ​ទ្ឋ​សឹង​ជា​ជនជាតិដើម​ភាគតិច​ព្នង ជិត​៤០០​រយ​នាក់ នៅ​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​ធ្លា​ប់រង​អ​ការៈពុល​ទឹក​ព្រែក​និង​សម្លាប់​មនុស្ស​ជាង​១០​នាក់ លោក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​មានប្រសាសន៍ថា អណ្តូងទឹក​ស្អាត​ចំនួន​៧ និង​ត្រូវ​ខួង​ដាក់ឱ្យ​បងប្អូន​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្នុងនោះ​មាន​អណ្តូងទឹក​២ ជា​អំណោយ​របស់​ឯកឧត្តម​ផ្ទាល់ និង​អណ្តូងទឹក​ចំនួន​៥​ទៀត ជា​អំណោយ​របស់​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ​។​ ​មានប្រសាសន៍​បន្ត នៅ​ថ្ងៃទី​១២​ឧសភា លោក ពេជ្រ ប៊ុនធិន​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តក្រចេះ​បានស្នើរ​ឱ្យ​ពលរដ្ឋ​ដែល​រង​នៅ​អ​ការៈពុល ដែល​ទើប​និង​ជាសះស្បើយ ឈប់​មានការ​ភ័យខ្លាច ព្រោះ​ស្ថាន​ការ​នេះ ត្រូវបាន​អាជ្ញាធរ​ត្រួតត្រា​ស្ថានការណ៍ និង​រក​ពី​មូលហេតុ​នៃ​អកា​រៈ ដែល​បណ្តាលឱ្យ​អ្នកភូមិ​បាន​រង​អ​ការៈពុល និង​ស្លាប់ ឃើញ​អស់ហើយ និង​ត្រូវ​នាំ​កូនតូចៗ មក​ចូល​សាលារៀន​ដូចដើម​វិញ និង​មិន​ត្រូវមាន​ការភ័យខ្លាច​តទៅទៀត​នោះទេ​។ ​ជាមួយគ្នា​នោះ​លោក ពេជ្រ ប៊ុនធិន ក៏បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យមើល​នៅក្នុង​ទីតាំង​ភូមិ​កើតហេតុ ដែល​ធ្លាប់​ឆក់យក​ជីវិត​មនុស្ស​ចំនួន​១៣​នាក់​,​ស្រី​៨​នាក់ និង​រង​អ​ការៈពុល​ជាង​២០០​រយ​នាក់ និង​បាន​នែ​នាំ ដល់​ពលរដ្ឋ​ដែល​សុ​ទ្ឋ​សឹង​ជា​ជនជាតិភាគតិច​ព្នង ត្រូវ​ចេះ​ថែរក្សា​សុខភាព មិនត្រូវ​ពិសារ​ស្រា ស ដែលមាន​ប្រភព​មិន​ច្បាស់លាស់ គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ មិនត្រូវ​ប្រើប្រាស់​ទឹក​តាម​ព្រែក​តាម​អូរ ដែរ​ជា​ប្រភពទឹក​មិន​ស្អាត ហើយ​ងៀក​មកប្រើប្រាស់​ទឹកស្អាត ដែល​ផ្តល់ជូន​ពី​អាជ្ញាធរខេត្ត រហូតដល់​អណ្តូងស្នប់ ចំនួន​៧ ត្រូវបាន​ក្រុមការងារ ជីក​ជូន ដាក់ឱ្យ​ប្រើប្រាស់​រួចរាល់ ។​ ​បាតុភាព​នៃ​អ​ការៈពុល​នេះ​ត្រូវបាន​អ្នកភូមិ​ចាត់ទុកថា ជា​បាតុភាព​ដ៏​អាក្រក់​មួយ ពុំ​ធ្លាប់មាន​នៅក្នុង​ភូមិ​រប​ស់​ពួកគាត់​និង​បានធ្វើឱ្យ​អ្នកភូមិ​មានការ​តុ​ក​ស្លុត នៅពេល​ឃើញ សភាព​អ្នកភូមិ​ជាច្រើន​នាក់ បាន​ឈឺ​ស្លាប់​ភ្លាមៗ​បែបនេះ​។ តែ​យ៉ាងណា​ពួកគាត់​មាន​ភាពកក់ក្តៅ​នៅពេល​ឃើញ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រោម​ការដឹកនាំ​ពី​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ មានការ​យកចិត្តទុកដាក់ លើ​សុខទុក្ខ ការរស់នៅ​និង​ការជួយ​សង្គ្រោះ​ពួកគាត់ បាន​ទាន់ពេល​។​ ​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​មានប្រសាសន៍ថា ពេលនេះ​ស្ថាន​ការ​របស់​អ្នកភូមិ​ស្រែ​នន បាន​វិលត្រឡប់​មករក​សភាព​ដូចដើម​វិញ​ហើយ ចំណែក​អ្នកភូមិ​ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​ភូមិ និង​ខ្លះទៀត​ត្រូវបាន នាំទៅ​សង្គ្រោះ​ដោយសារ​រង​ការពុល​នោះ ពេលនេះ​ពួកគាត់ ក៏បាន​វិល​ចូលមក​រស់នៅ​ក្នុងភូមិ​ចាស់ របស់​ពួកគាត់​តាម​ធម្ម​តាម​វិញ ក្រោយពី​ស្ថានភាព​ពុល​បាន​ធូរស្រាល បន្ទាប់ពី​មានការ​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ ។​ ​ បើទោះបីជា​ស្ថានភាព​នៃ​អ​ការៈពុល​បាន​ធូរស្រាល​យ៉ាងណាក្តី តែ​កងកម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​ការ ឈរជើង​ជាប់​ប្រចាំការ​នៅ​តំបន់​ក្បែរៗ​ភូមិ ក្នុង​នោះបាន​ត្រៀម​រថយន្ត​សង្គ្រោះ ក៏ដូចជា​ក្រុមគ្រូពេទ្យ​នៅជាប់​ជាប្រចាំ​ជាប់​ជានិច្ច ក៏ដូចជា​ការផ្តល់​ទឹកស្អាត ពី​សំណាក់​អាជ្ញាធរ ជូន​អ្នកភូមិ​សំរាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​ សុំ​បញ្ជាក់ថា ការផ្ទុះ​អ​ការៈពុល ទៅលើ​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី គឺ​បាន​កើតឡើង កាលពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៨​ខែឧសភា ក្នុង​នោះបាន​បណ្តាលឱ្យ​អ្នកភូមិ ប្រុស​,​ស្រី​យ៉ាងតិច ចំនួន​១៣​នាក់ ស្រី​៨​បាន​ស្លាប់ និង​អ្នកភូមិ​ចំនួន ជិត​៣​រយ​នាក់​ទៀត បាន​រង​អកា​រៈ និង​ត្រូវបាន​ជួយសង្គ្រោះ​ពី​ក្រុមការងារ​អាជ្ញាធរខេត្ត​ក្រចេះ​៕ ​

ប្រជា​សហគម៍​ការពារ​ព្រៃឈើ​៧៤​នាក់ នៅ​ស្រុក​សន្ទុក ប្តឹង​ដក​ថ្នាក់ដឹកនាំ​ភូមិ​៣​នាក់​

កំពង់ធំ ៖ នៅពេល​គៀក​ការបោះឆ្នោត​ជិត​មកដល់ សហគមន៍ និង​សហគម៍​ការពារ​ព្រៃឈើ និង ប្រជា​លពរ​ដ្ឋ ៧៤​នាក់ នៅ​ភូមិ​អូរ​ធំ ឃុំ​ទិ​ពោធិ៍ ស្រុក​សន្ទុក បានដាក់​ពាក្យបណ្ដឹង​ទៅ​ឯកឧត្ដម​សុខ លូ អភិបាលខេត្ត​កំពង់ធំ សុំ​ឲ្យ​ដក​ថ្នាក់ដឹកនាំ​ភូមិ​៣​នាក់​ចេញ ដោយ​ពួកគាត់​ចោទប្រកាន់ថា ថ្នាក់ដឹកនាំ ភូមិ​អូរ​ធំ ៣​នាក់​នោះ បាន​ឃុបឃិត​គ្នា​រៀបចំ​បង្កើត​ខ្សែស្រឡាយ និង​បក្ខពួក ដើម្បី​ទទួលផល​ប្រ​យោ​ជ ន៍ និង​ជិះជាន់ កេងប្រវ័ញ្ច ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទៀតផង​។​

ការផ្ដល់​បទសម្ភាសន៍ ជាមួយ​អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ​ទាំងនោះ បាន​និយាយថា ថ្នាក់​ដឹក នាំ​ភូមិ​ទាំង​៣​នាក់ មាន​លោក សួង យឿន ភេទ​ប្រុស មាន​តួនាទី ជា អនុ​ភូមិ ,​លោក សោម សម មាន​តួនាទី​ផ្នែក​កសិកម្ម និង​លោក រៀង ជាង មាន​តួនាទី​ត្រៀម​ជា​ជំនួយការ​ភូមិ ។​

សូមបញ្ជាក់ថា លោក សួង យឿន ជា​អនុ​ភូមិ ទទួល​នាទី​ជា​មេភូមិ​ស្ដីទី ព្រោះ​លោក​មេភូមិ មរណភាព​។​

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បន្ត​ឲ្យ​ដឹងថា អ្នក​ទាំង​៣​នាក់​នេះ បាន​បង្កើត​បក្ខពួកនិយម បើ​មាន អំណោយ​សប្បុរសធម៌ ដល់​ជនក្រីក្រ ឬ​ជន​ជួប​គ្រោះធម្មជាតិ ឬ​ការផ្ដល់​ដី ស​សម្បទាន ជា​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ការ​ចំ​ពី​រៀបចំ​ពី​មូលដ្ឋាន​ភូមិ​ឃុំ​នោះ គឺ​គេ​ដាក់ឈ្មោះ​តែ​គ្នា​គេ និង​បក្ខ​ពួកគេ​តែប៉ុណ្ណោះ ឯ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត ឬ​អ្នក​ដែល​មិនមែនជា​បក្ខ​ពួកគេ គឺ​មិន​ឲ្យ នោះទេ​។​

ការផ្ដល់​បទសម្ភាសន៍​របស់​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន អ្នក​ទាំង​៣​នាក់​នេះ បាន​គំរាមកំហែង​ប្រជាពលរដ្ឋ​ណា ឲ្យ​តែមាន​ការតវ៉ា ឬ​មិន​ពេញចិត្ត ឬ​មិន​គាំ ទ្រ នឹង​សកម្មភាព​របស់​ក្រុម​បក្ខពួក​របស់គេ ដែល​ធ្វើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ជ្រួលច្របល់ និង​ភ័យ ខ្លាច ហើយ​ចំពោះ​ទង្វើ​ខាងលើនេះ ពួកគាត់​បាន​ប្ដឹងទៅ​ឃុំ និង​រដ្ឋបាល​ស្រុក​សន្ទុក ជាច្រើន​ដង​ហើយ ប៉ុន្តែ​មិនមាន​ការដោះស្រាយ ហេតុនេះ​ទើប​ពី​កាល​ថ្មីៗ​នេះ ពួកគាត់​បានដាក់​ពាក្យ​បណ្ដឹង ទៅ​ឯកឧត្ដម អភិបាលខេត្ត សុខ លូន និង​ឯកឧត្ដម បណ្ឌិត ងួន ញ៉ឹល ដើម្បី សុំ​ឲ្យ​ជួយ​ដោះស្រាយ និង​ដក​ថ្នាក់​ដឹក នាំ​ភូមិ​ទាំង​៣​នាក់​ចេញ​។​

ទោះជា​យ៉ាងណាក្ដី លោក សួង យឿន អនុ​ភូមិ​អូរ​ធំ បាន​ឆ្លើយតប នឹង​អ្នកសារព័ត៌មាន ថា រឿង នេះ បើ​ទះដៃ​ម្ខាង គឺ​មិនលឺ​ទេ ហើយ​ស្នាម​មេដៃ​ប្ដឹង​ទាំងនោះ គឺ​ក្លែងក្លាយ ៣០% ចំណែក​លោក អភិបាលស្រុក​សន្ទុក ទូច សុខា គឺ​មិនមាន​បំភ្លឺ​ឲ្យ​ដឹង​ដូចម្ដេច​នោះទេ ដោយសារ​ទូរស័ព្ទ របស់លោក ទាក់ទង​មិនបាន​៕
​

អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់ការ​ចំពោះ ​អ្នកផ្សា​យល​ក់ដី ក្នុង​តំបន់​អង្គរ​តាម​ហ្វេ​ស​ប៊ុ​ក​

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ប្រកាស​លក់​ដី​ក្នុង​រមណីយដ្ឋាន​អង្គរ និង​លើកឡើងថា ជា​ព័ត៌មាន​ភូតកុហក និង​ជា​កលល្បិច​បោកប្រាស់​របស់ ពួកគេ​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ភ័នច្រឡំ​។

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​បណ្ដា​យ​សង្គម​មួយ​មានឈ្មោះ Ear Heng Angkor ដែល​ក្រុមហ៊ុន​នេះ បានប្រកាសថា​ខ្លួន​មាន​ដី​ឡូ​តិ៍​ពុះ​លក់​និង​បង់​រំ​លោះ​ដែលមាន​ចំងាយ​ជិត​ទីប្រជុំជន សណ្ឋាគារ​ល្បីៗ និង​ជិត​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះផ្សាយ​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ ២០១៨ នេះ បានអោយដឹងថា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​បុគ្គល​មួយចំនួន​បានប្រកាស​ផ្សព្វផ្សាយ​លក់​ដីធ្លី នៅតាម​បណ្ដាញ​សង្គម ដោយ​លើកឡើងថា ដី​ទាំងនោះ បាន​កាត់​ចេញពី​រមណី​យ​ដ្ឋា​ន​អង្គរ និង​អាច សាងសង់​លំនៅឋាន​ស្រាល​បាន​ស្ថិតនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ​ក្រុង​សៀមរាប​។​លិខិត​បាន​បន្ដ ថា ការលើកឡើង​រប​ស់បុ​គ្គល​នោះ​ជា​ព័ត៌មាន​ភូមិ​កុហក ដើម្បី​ជា​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ព្រោះ​រាល់ ការ​ទិញដូរ​សាងសង់​លំនៅឋាន​ទាំងអស់ ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ធ្វើ​ឡើងទៅ តាម ផ្លូវច្បាប់​។​

​លិខិត​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​បន្ដ​ភូតកុហក សាធារណ ជន ក្នុង​គោលបំណង​កេងចំណេញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

ដើម្បី​ជៀសវាង​ខូចខាត ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវ ដល់​សាធារណជន​កុំអោយ ទិញ​ដី ក្នុង​រមណីយដ្ឋាន​អង្គរ ដូច​ព័ត៌មាន​បាន​ផ្សព្វផ្សាយ លក់​ដីធ្លី​នៅតាម​បណ្ដាញ​សង្គម ដែល​ស្ថិតនៅ​ភូមិ អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​កន្លងទៅ​ថ្មីៗ​នេះ​ដោយ​លើកឡើងថា ព័ត៌មាន​នេះ​ជា​កលល្បិច បោកប្រាស់​របស់​មនុស្ស​មួយ​ក្ដាប់​តូច​ហើយ​អាជ្ញាធរ​ជាតិ​អប្សរា មិន​ទទួលស្គាល់​រាល់​ការខូចខាត​បាត​ប្រយោជន៍​របស់​សាធារណជន​ដែល​បាន​ទិញ​ដីធ្លី​ក្នុង​រមណីយដ្ឋាន​អង្គរ​នោះឡើយ​។​
​
ថ្មីៗ​នេះ​មាន​Page Facebook ឈ្មោះ Ear Heng Angkor មួយ​បានប្រកាស​លក់​ដីធ្លី​នៅ​តំបន់ រមណីយដ្ឋាន​អង្គរ​នេះ​។ ក្រុមហ៊ុន​នេះ​បានប្រកាសថា ខ្លួន​មាន​ដីឡូត៍ ពុះ​លក់ និង​បង់​រំ​លោះ នៅក្នុង តំបន់​ពី​នៃ​ឧទ្យាន​អង្គរ ដែលមាន​ចំងាយ​ជិត​ទីប្រជុំជន សណ្ឋាគារ​ល្បីៗ និង​ជិត​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​ទោះ​យ៉ាងនេះ​ក្ដី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​យើង​មិនអាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន Ear Heng Angkor នោះ បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​ចំណែក​ការផ្សាយ​ឃោសនា​តាម​បណ្តាញ​សង្គម​នោះ ក៏​គេ​រកឃើញថា ម្ចាស់ Page បាន​លុបចោល​។​
​
យោងតាម​ជំពូក ១ មាត្រា​៤ នៃ​ព្រះរាជ​ក្រិ​ត្យ​លេខ​០០១​ន ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្ដីពី​ការកំណត់ និង​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្ដីសម្រេច​កាល​ពី ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្ដីពី​កំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ ត្រូវ​ហាមឃាត់​ដាច់ខាត ចំពោះ​ការធ្វើសកម្មភាព​ទិញ​លក់​ដី​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម យកចំណេញ​របស់​ក្រុមហ៊ុន និង​ឈ្មួញ ដើម្បី​យកទៅ​សាងសង់​សណ្ឋាគារ​ភោជនីយដ្ឋាន​និង​ខារ៉ាអូខេ​ជាដើម​៕
​

អង្គការសហប្រជាជាតិ​មិនបាន​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទេ​

​ភ្នំពេញ ៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៨ បាន​ច្រានចោល​សេចក្ដីសន្និដ្ឋាន​របស់​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន​ពាក់ព័ន្ធ​នឹង ករណី​លោក កឹម សុខា ថា មាន​ចរិត​នយោបាយ បន្ទាប់ពី​ក្រុមការងារ​នេះ ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។ តំណាង​កម្ពុជា បាន​ឆ្លើយតប​ថា ការទាមទារ​ឲ្យ​ដោះលែង​លោក កឹម​សុខា មិនមែនជា​ជំហរ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ​។​
​
សូម​រំលឹកថា ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន (WGAD) កាលពី​ថ្ងៃទី​៩​ឧសភា កន្លងទៅនេះ បានចាត់ទុក​ការឃុំខ្លួន​លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើឡើង​ដោយ​បំពាន​ច្បាប់​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​បន្ត​ឃុំ​លោក​កឹម សុខា រយៈពេល​៦​ខែ​ទៀត​ក្នុង​ពន្ធនាគារ​។ ហើយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន បានទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​ក្រោយពី​មាន​ព័ត៌មាន​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក៏​ចេញមក​ច្រានចោល ហើយ​ព្យាយាម​បកស្រាយ​ពី​ការពិត​អំពី​សាច់​រឿងនេះ តាមរយៈ​សេចក្តី ប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើ​ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ កន្លងមកនេះ ។
លោក ណី សំអុល តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​ជា​ឯកអគ្គរាជទូត បាន​ថ្លែង​បញ្ជាក់ថា ក្រុមការងារ​មួយ​ឈ្មោះ​ក្រុមការងារ​ទទួលបន្ទុក​ស្តីពី​ការឃុំខ្លួន​ដោយ​រំលោភ បំពាន (Working Group on Arbitrary and Detention) បានធ្វើ​សេចក្តីសន្និដ្ឋាន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប៉ុន្តែ​មិនមែនជា​សេចក្តីសន្និដ្ឋាន​របស់​អង្គការសហប្រជាជាតិ​នោះទេ​។

លោក ណី សំអុល បញ្ជាក់ថា «​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​របស់​អង្គការ​សហ ប្រជា ជាតិ​នេះ គ្រាន់តែ​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​មនុស្ស​មួយក្រុម​ប៉ុណ្ណោះ ដោយ​ពុំមាន​ទម្ងន់​ផ្នែក​ច្បាប់​ទៅលើ​រដ្ឋ​អធិបតេយ្យ​ណាមួយ​ឡើយ​។ លោក​ថា ពុំមាន​ពាក្យ​ណាមួយ​ដែលថា​អង្គការ សហ ប្រជាជាតិ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា នោះទេ​។ វា ជា​កំហុស​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ​ចំពោះ​សេចក្តីសន្និដ្ឋាន​នេះ​»​។​

តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ លោក ណី សំអុល បាន​រិះគន់​ក្រុមការងារ​ទទួល បន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន ថា បានធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​ពុំបាន​ផ្អែកលើ​ប្រភពពី​រដ្ឋា ភិ​បាល​កម្ពុជា គឺ​កំពុង​បន្ទាប​តម្លៃ​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​អព្យាក្រឹត និង​ឯករាជ្យភាព​របស់ខ្លួន​»​។

​បន្ទាប់មក​តំណាង​កម្ពុជា ក៏បាន​ឆ្លើយតប​នឹង​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ថា មានបំណង​កេងចំណេញ និង​ចង់​ធ្វើ​ឲ្យ​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​ខាងលើ ក្លាយទៅជា​រឿង​នយោបាយ ស្របពេល​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​៕​

( លោក ណី សំអុល ឯកអគ្គរាជទូត​កម្ពុ​ជា និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​)​

 

អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជិត​១​លាន​នាក់ រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ​

​ក្រុងព្រះសីហនុ ៖ ចំនួន​អ្នកទេសចរ​ណ៌ ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​! ដោយ​ត្រឹម​រយៈពេល​៤​ខែ​ឆ្នាំ​២០១៨ អ្នកទេសចរ​ណ៌​បាន​កើន​ឡើងដល់​ជិត​១​លាន​នាក់​។

​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជាង​៩៥​ម៉ឺន​៣​ពាន់​នាក់ គឺ​កើនឡើង​១៨,៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧​។ ក្នុងនោះ​មាន​អ្នកទេសចរ​ចិន ប្រមាណ​៥​ម៉ឺន​នាក់ កើនឡើង​៣៧​ភាគរយ រួមជាមួយ​អ្នកទេសចរ​ច្រើន​ជាតិ​សាសន៍​ទៀត​ក៏​កំពុង​កើនឡើង​ផងដែរ ដូចជា​ជនជាតិ រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម​។ នេះ​បើតាម​របាយ​ការ​ណ៌​របស់​មន្ទីរ​ទេសចរ​ណ៌ ខេត្ត​ព្រះសីហនុ​។

​កំណើន​អ្នកទេសចរ​នេះ ត្រូវបាន​ចាត់ទុកថា អាចមកពី​ការអភិវឌ្ឍន៍ យ៉ាង​លឿន​ក្នុង​ខេត្ត​នេះ ដោយ​ក្នុង​មួយ​សប្ដាហ៍ មាន​ជើងហោះហើរ​ប្រមាណ​២០២​ជើង មកពី​ក្រៅប្រទេស និង​ក្នុងស្រុក​មាន​ចំនួន​៣៤៨​ជើង បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​។

​តាម​ការបញ្ជាក់​របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នាពេល​កន្លងមក ក៏បាន​ចាត់ទុកថា ការរីកចម្រើន​វិស័យ​អាកាសចរ​ណ៌ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ណ៌ និង អ្នកវិនិយោគ​។ បន្ថែម​ពីនេះ លោក រំពឹងថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​គោលដៅ​ទេសចរ​ណ៌ និង​ពាណិជ្ជកម្ម​សំខាន់បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។

​បើ​គិត​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម មាន​ជាង​១១​ម៉ឺន​នាក់ កើនឡើង​ជាង​១០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​៦៩​កន្លែង ស្មើនឹង​៣​ពាន់​៥២១​បន្ទប់ ផ្ទះសំណាក់ ៣១៩​កន្លែង ស្មើនឹង​៤​ពាន់​២៩​បន្ទប់​! ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​មាន ២៥១​កន្លែង​! ហាង​ម៉ាស្សា​មាន​៤២​កន្លែង​! សេវា​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​មាន​១៧​កន្លែង​! ទីភ្នាក់ងារ​ទេសចរណ៍​៣១​កន្លែង និង​កីឡា​ទេសចរណ៍​១៧​កន្លែង​។

​ទន្ទឹមនេះ​នៅ​រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត នឹងមាន​សណ្ឋាគារ​បង្កើត​ថ្មី ប្រមាណ​២​ពាន់​ទៅ​២​ពាន់​៥​រយ​បន្ទប់ បន្ថែមទៀត នឹង​បើក​ដំណើរការ ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​៕​

ការនាំចេញ​អង្ករ​កម្ពុជា​ធ្លាក់ចុះ​៣​ខែ​ជាប់​គ្នានៅដើមឆ្នាំ​២០១៨ ជាង​៧​ភាគរយ

​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដំបូង ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​ជិត​២០​ម៉ឺន​តោន តែ​ទិន្នន័យ​នេះ​ធ្លាក់ចុះ​ជាង​៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧! ក្នុងនោះ ការនាំ​អង្ករ​ចេញ​មានការ​ធ្លាក់ចុះ​៣​ខែ​ជាប់​គ្នា ចាប់តាំងពី​ចន្លោះ​ខែកុម្ភៈ​ដល់​ខែមេសា​។​

​គិត​ចាប់តាំងពី​ខែមករា ដល់​ខែមេសា​ឆ្នាំ​២០១៨ បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​ជាង​១៩​ម៉ឺន​៧​ពាន់​តោន​។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ប្រមាណ​៧,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​បរិមាណ​នាំចេញ​ជាង​២១​ម៉ឺន​២​ពាន់​តោន​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។

​គួរកត់សំគាល់​ក្នុង​របាយ​ការ​ណ៌​នេះដែរ​ថា ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០១៨ នេះ​ការនាំ​អង្ករ​កម្ពុជា​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​រយៈពេល​៣​ខែ​ជាប់​គ្នា គិត​ចាប់តាំងពី​ខែកុម្ភៈ ដល់​ខែមេសា ឆ្នាំនេះ​។ ក្នុង​ខែកុម្ភៈ បិ​រិ​មាណ​នាំចេញ​បាន​ជាង​៤​ម៉ឺន​៧​ពាន់​៨​រយ​តោន ធ្លាក់ចុះ​ប្រមាណ​២៧​ភាគរយ​។ ខែមីនា មាន​បិ​រ​មាណ​៥​ម៉ឺន​២​រយ​តោន ធ្លាក់ចុះ​១២,៧​ភាគរយ​។ ខែមេសា មាន​ចំនួន​៣​ម៉ែន​៦​ពាន់​២​រយ​តោន ធ្លាក់ចុះ ២៦,១​ភាគរយ​។ ដោយឡែក ការនាំចេញ​អង្ករ​កាលពី​ខែមករា បាន​កើនឡើង​ជាង​២៨​ភាគរយ មាន​ចំនួន​ជាង​៦​ម៉ឹ​ន​២​ពាន់​៦​រយ​តោន ។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ តាមរយៈ ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ចំនួន​៦៧​ក្រុមហ៊ុន ទៅកាន់​ទីផ្សារ​ចំនួន​៥៤​ប្រទេស នៅលើ​ពិភពលោក បាន​ចំនួន​សរុប ១៩​ម៉ឺន​៧​ពាន់​៣៥៤​តោន​។ ក្នុងនោះ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ចំនួន​២៥​ប្រទេស មាន​ចំនួន​ជាង​៩​ម៉ឺន​៩​ពាន់​តោន​! ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន ចំនួន​៤​ប្រទេស ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី ប្រ៊ុយណេ វៀតណាម មាន​ចំនួន​សរុប​ប្រមាណ ២​ម៉ឺន​៧​រយ​តោន និង​ទៅកាន់​បណ្តា​ទីផ្សារ​ផ្សេងទៀត​ចំនួន​២៥​ប្រទេស មាន​ចំនួន​ជាង ៧​ម៉ឺន​៧​ពាន់​៧​រយ​តោន​។

​ក្នុងចំនោម​ប្រទេស​ទាំង​៥៤​នេះ ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ មាន​រហូតដល់​ជាង​៥​ម៉ឺន​តោន បន្ទាប់មក គឺ​ប្រទេស​បារាំង មាន​ចំនួន​ជិត​២​ម៉ឺន​៧​ពាន់​តោន និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង​១​ម៉ឹ​ន​៣​ពាន់​៧​រយ​តោន​។

​គួរ​បញ្ជាក់ថា អង្ករ​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​៩​ប្រភេទ រួមមាន ៖ អង្ករ​នាង​ម្លិ​ស​! អង្ករ សូ​ម៉ាលី​! អង្ករ​ផ្ការំដួល និង​ផ្កា​ម្លិ​ស អង្ករ​សរីរាង្គ អង្ករ​ភ្លឺ អង្ករ​ប្រណិត​គ្រាប់​វែង អង្ករ​ចំហុយ​គ្រាប់​វែង​! អង្ករ​ចម្រុះ និង​អង្ករ​ចម្រុះ​គ្រាប់​វែង​៕​

ក្រសួងពាណិជ្ជកម្ម​បក​ស្រាយ​ពី​តម្លៃ​សាំង​លើ​ទីផ្សារ​កម្ពុជា​ធៀប​នឹង​អន្តរជាតិ​

​ភ្នំពេញ ៖ ក្រោយពី​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ជាពិសេស​ពី​បណ្ដា​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បាន​បកស្រាយ​បន្ថែមទៀត ពី​ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា​ក្នុងប្រទេស​កម្ពុជា ។

​ថ្លែង​នៅក្នុង​សន្និសីទ​កាលពី នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រៀងរាល់​១០​ថ្ងៃ​ម្ដង អន្តរជាតិ​បានសម្រេច​កំណត់​តម្លៃ​ប្រេងសាំង​លក់រាយ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា តែ​ក្រសួង​បាន​គ្រប់គ្រង​តែ​តម្លៃ​ប្រេងសាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត​ប៉ុណ្ណោះ ពីព្រោះ​ប្រេងសាំង​ធម្មតា មានប្រើ​ច្រើនជាង​សាំង​ស៊ុប​ពែ ។​

​លោក បន្តថា ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ដោយសារតែ តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​ក៏​កើនឡើង​ដែរ ។​ម្យ៉ាងទៀត​ផលិតផល​ប្រេង​ដែល​កម្ពុជា​ប្រើប្រាស់​សព្វថ្ងៃនេះ ក៏បាន​នាំចូល​ពី ប្រទេស​ផលិត​ប្រេង​នានា ទើប​តម្លៃ ត្រូវតែ​ឡើងទៅ​តាម​ទីផ្សារ​អន្តរជាតិ​បែបនេះ ។
​លោក​បន្ថែមថា ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កន្លងមកនេះ មានន័យថា​ក្រសួង​បានគិត​គូរ និង​ចង់​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​និង​ធ​ម្យ​ម​តែ​មិនបាន​បែងចែក​វណ្ណៈ អ្នកមាន​អ្នកក្រ​ដូច​បណ្ដា​សារព័ត៌មាន​ចុះផ្សាយ ជាពិសេស​នៅលើ​បណ្ដាញ​សង្គម​នោះឡើយ ។

​លោក គឹម មាស សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​មានប្រសាសន៍​ផងដែរ​ថា​ដើម្បី​ធានា​គុណភាព​និង​ភាពត្រឹមត្រូវ​នៃ​ផលិតផល​ប្រេងឥន្ធនៈ​លក់​នៅលើ​ទីផ្សារ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏បាន​ចុះ​ពិនិត្យ​ជាប្រចាំ​ទៅលើ​ស្ថានីយ៍​ប្រេង​នានា​ទូទាំងប្រទេស ហើយ​បើ​រកឃើញថា​លក់​មិន​គ្រប់​លីត្រ អគ្គនាយកដ្ឋាន​នឹង​អប់រំ​ណែនាំ​លើក​ទី​១ ហើយ​បើ​នៅតែ​មិន​រាងចាល អគ្គនាយកដ្ឋាន​នឹង​ផ្សព្វផ្សាយ​ពី​ទីតាំង​និង​ឈ្មោះ​ស្ថានីយ៍​ប្រេង​អោយ​សាធារណៈជន​បាន​ជ្រាប ។

​គួរ​បញ្ជាក់ថា​រហូតមក​ដល់​ថ្ងៃនេះ តម្លៃ​ប្រេងសាំង​លក់រាយ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដែល​កំណត់ដោយ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​ពាក់​ព​ន្ធ័ ក្នុងនោះ ប្រេងសាំង​ធម្មតា មានតម្លៃ ៤១០០​រៀល​ក្នុង​មួយ​លីត្រ ប្រេងម៉ាស៊ូត ៣៩០០​រៀល​ក្នុង​មួយ​លីត្រ ចំពោះ​សាំង​ស៊ុប​ពែ​ដែល​មិនបាន​គ្រប់គ្រង​ដោយ​ក្រសួង​នោះ ក៏មាន​តម្លៃ ប្រមាណ​៤៤០០​រៀល​ក្នុង​មួយ​លីត្រ ៕​

​ប្រេង​ឆៅ​នៅ​អាស៊ី​ហក់​ឡើង​ខ្លាំង​អាច​ដល់​៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល

​ភ្នំពេញ ៖ តម្លៃ​ប្រេង​ឆៅ​នៅ​អាស៊ី កំពុង​ស្ទុះ​ងើបឡើង​ខ្លាំង​បើ​គិត​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ ខណៈដែល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ ព្យាករ​ណ៌​ថា​នឹង​អាច​កើន​ឡើងដល់ ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​តម្លៃ​ប្រេង​ឆៅ នៅ​អាស៊ី​បាន​កើនឡើង​ជាង ២​ភាគរយ ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​មាន​ព័ត៌មាន​ថា សហរដ្ឋអាមេរិក នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​នឹង​បើកចំហ​កម្មវិធី​អា​តូ​មិ​ក​របស់​ទីក្រុង​តេ​អេ​រ៉ង់ ជា​ថ្នូរ​សម្រាប់​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​។ ការដកខ្លួន​ចេញ​របស់​អាមេរិក ពី​កតិកាសញ្ញា​ឆ្នាំ​២០១៥ នេះ ធ្វើអោយមាន​ការព្រួយបារម្ភ​ថា​នឹង​ជំរុញ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ផ្នែក​ភូមិសាស្ដ្រ​នយោបាយ​ថ្មីៗ​។

នៅមាន​ហេតុផល​មួយចំនួនទៀត​នៅ​ពីក្រោយ​ការ​កើន​តម្លៃ​ប្រេង​ឆៅ​នេះ ដូចជា ដោយសារ​ការកម្រិត​ទិន្នផល​ផលិត​ប្រេង​របស់​អង្គការ OPEC និង រុស្ស៊ី ភាពមិនច្បាស់លាស់​នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា កំណើន​តម្រូវការ​ពិភពលោក និង​ការធ្លាក់ចុះ​ស្ដុក​ប្រេង​អាមេរិក ជាដើម​។ កត្តា​ទាំងនេះ ធ្វើអោយ​តម្លៃ​ប្រេង​ក្នុង​កិច្ចសន្យា​របស់​ប្រេង​ឆៅ Brent និង ប្រេង​ឆៅ WTI កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ថ្មីៗ​នេះ​ដល់​កម្រិត​ខ្ពស់បំផុត បើ​គិត​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។ ជាមួយគ្នានេះ តម្លៃ​ប្រេង​ឆៅ បាន​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងខ្លាំង​នៅ​អាស៊ី ដោយ​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​អាច​បន្ត​កើនឡើង​ដល់ ៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

លោក Hassan Rouhani ប្រធានាធិបតី ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែងថា នៅពេល​ថ្មីៗ​នេះ​ថា ប្រទេស​អ៊ីរ៉ង់ អាច​បន្ត​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម «​ដោយ​មិនមាន​កំណត់​» ប៉ុន្តែ​អ៊ីរ៉ង​នឹង​ពិភាក្សា​ការឆ្លើយតប​របស់ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ហត្ថលេខី​ផ្សេងទៀត​មុនពេល​ធ្វើការ​សម្រេចចិត្ត​៕
​

ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ខុសច្បាប់​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​នេះ ឯកឧត្ដម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស កម្ពុជា បានអនុញ្ញាត​ឲ្យ​អគ្គនាយករង​ការិយាល័យ គោលនយោបាយ​កិច្ចការបរទេស នៃ​ក្រសួង ការបរទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ក្នុងនោះ​ប្រធាន​ស្ថាប័ន សិទ្ធិ មនុស្ស​កម្ពុជា បញ្ជាក់ប្រាប់​មន្ដ្រី​នៃ​ក្រសួង​ការបទេស​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ ទៅ​បោះ ឆ្នោត គឺជា​អំពើ​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។
​
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​ប្រាប់ ដល់ មន្ដ្រី​នៃ​ក្រសួងការបរទេស​ជប៉ុន ថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺជា​អំពើ​ខុស​នឹង​ច្បាប់កំពូល​របស់​ជាតិ ព្រមទាំង​ច្បាប់​ស្ដីពី​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផងដែរ​។

​ការបញ្ជាក់​នេះ គ្រា​ដែល​ឯកឧត្ដម​កែវ រ៉េមី អនុញ្ញាត​ឲ្យ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OTAKA អគ្គនាយករង​ការិយាល័យ គោលនយោបាយ​កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ស្នាក់ការ​កណ្ដាល គណៈកម្មាធិការ​សិទ្ធិ មនុស្ស កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ ក្នុងជំនួប​នេះ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OT AKA បាន​សាកសួរ​ដល់​មន្ដ្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថា តើ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខុសច្បាប់​ដែរឬទេ​? ជាការ​ឆ្លើយ តប លោក កែវ រ៉េមី បានបញ្ជាក់ ថា កន្លងមក​ការអំពាវនាវ ឬ​ការឃោសនា​របស់​ថ្នាក់ដឹកនាំ នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ បាន​បំពាន​ច្បាប់ ដែល​បង្ក​ទៅជា​បទល្មើស​ព្រហ្មទណ្ឌ​។​

​ជាក់ស្ដែង​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ ឲ្យ ប្រជា ពលរដ្ឋ​កុំទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដែល​ការអំពាវនាវ​នេះ ខុស​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ និង​ខុសច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស តាំង​តំណាង រាស្ដ្រ​។

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​បន្ថែម ថា ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានចែង ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​សិទ្ធិ បោះ ឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោតអោយ​។ ចំណែក​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការ បោះ ឆ្នោត​ជ្រើសតាំង​តំណាង​វិញ ក៏បាន​ចែង ថា ការរារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ ទៅ​បោះឆ្នោត ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។ ដូច្នេះ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​បោះឆ្នោត​គឺជា​រឿង​ខុសច្បាប់​។​នៅក្នុង​ជំនួប ដដែល នេះដែរ​លោក​(​ម៉ាសា​តូ អូ​តា​កា​)Masato OTAKA អគ្គនាយករង​ការិយាល័យ គោល នយោបាយ កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ជប៉ុន បានបញ្ជាក់ ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ផ្ដល់ជំនួយ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និច្ច បើទោះបី​ជាមាន​ក្រុមមន្ដ្រី​មួយចំនួន​តូច នៃ​ប្រទេស ជប៉ុន បានស្នើ​ឲ្យ​ពិចារណា​លើ​បញ្ហា​នេះ​ក៏ដោយ​។
​
គួរ​រំលឹក ថា លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់​ម្ដង​ហើយ ម្ដងទៀត ថា ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល ទី ៦ នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ដោយ​គ្មាន​ការកែប្រែ​ឡើយ​។ ក្នុង នោះ លោក ស៊ិន ប៊ុន​ហុក បានបញ្ជាក់ ថា គ​.​ជ​.​ប នឹង​អនុវត្ដ​សមត្ថកិច្ច​រប​ស់​ខ្លួន ដោយ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​កប​ក្ស​៕​

ដកហូត​សត្វព្រៃ​កន្លែង​ដែល​២​នាក់​ប្តី​ប្រពន្ធ​ទិញ​ធ្វើ​ម្ហូប​បង្ហោះ​តាម​យូ​ធូប​

​កំពង់ចាម​ ៖ សមត្ថកិច្ច​ចំរុះ​បាន​បើក​ប្រតិបត្តិ​ចុះបង្ក្រាប​ទីតាំង​លក់​សត្វព្រៃ នៅត្រង់​ស្ពាន​ត្រោះ ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ​នា​រសៀល​ថ្ងៃទី​១០ ឧសភា ២០១៨ ដោយ​ដកហូត​បាន​សត្វ​ចំនួន​៣​ប្រភេទ រួច​បាន​ប្រមូល​ដុត​កំទេចចោល ។ ទីតាំង​ខាងលើ​នេះហើយ​ដែល​២​នាក់​ប្តី​ប្រពន្ធ​បាន​​មក​ទិញ​សត្វព្រៃ​យកទៅ​ធ្វើ​ម្ហូប ដោយបាន​បង្ហោះ​តាម​យូ​ធូប​នោះ ។​
​
លោក​អ៊ុង រី​ណា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ ប្រាប់​ឲ្យ​ដឹងថាៈ ដោយ​ទទួល​ការ​ពី​លោក​ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ចាត់​ឲ្យ​រូបលោក​ចុះ​សហការ​ជាមួយនឹង​លោក ម៉ម រិទ្ធី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អភិបាលរង​ស្រុក​បាធាយ នគរបាល​ប៉ុ​ស្ត៏​រដ្ឋបាល​ជាលា កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ឆ្មក់​ចុះទៅពិនិត្យ​នៅត្រង់​ខាងត្បូង​ស្ពាន​ត្រោះ ដើម្បី​ដកហូត​សត្វព្រៃ​ដែល​ដាក់លក់​ដោយ​ខុសច្បាប់​បាន​ចំនួន​៣​ប្រភេទ​ផងដែរ​។​

​លោក​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ​រូបនេះ​ប្រាប់​បន្តថា សត្វ​ដែល​ដាក់លក់​ក្នុងនោះ​មាន​ទាំង​ប្រភេទ​សត្វស្រុក​និង​សត្វព្រៃ​ត្រូវបាន​រកឃើញ​មានតែ​២​កន្លែង ដកហូត​មាន​ប្រភេទ​ដូចជាៈ ១-​សត្វ​ននាល​ខ្យង​ចំនួន​៩​ក្បាល ២-​មៀម​០១​ក្បាល ៣-​ក្រួច​អឺត​ចំនួន​១០​ក្បាល ។ ម្ចាស់​អ្នកលក់​សត្វព្រៃ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​មិន​ឲ្យ​លក់ ក្នុងករណី​នូវតែ​ចចេស​បើ​រកឃើញ​ក្នុងពេល​ខាងមុខ​ទៀត​នឹងត្រូវ​ចាត់វិធានការ​តាមច្បាប់​ជា​កំហិត ។

កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​រដ្ឋបាល​ព្រៃឈើ​ធ្លាប់បាន​សហការ​ជាមួយនឹង​អង្ក​ការ​វាយ​អេ​ត ចុះ​ចាប់​សត្វព្រៃ​ត្រង់​ម្តុំ​ស្ពាន​ត្រោះ​ខាងលើ បាន​ទាំង​ឡាំងៗ ហើយ​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច ចុះបង្ក្រាប​បន្តបន្ទាប់​ជាច្រើនលើក​។​សូម​បញ្ជាក់ថា​ទីតាំង​លក់​សត្វព្រៃ​នេះហើយ ដែល​២​នាក់​ប្តី​ប្រពន្ធ​បាន​ទិញ​យកទៅ​ដុត​និង​ធ្វើ​ម្ហូប​រួច​បង្ហោះ​តាម​យូ​ធូប ត្រូវបាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​( Face book ) ចែកចាយ​ពី​ម្នាក់​ទៅ​ម្នាក់​ហើយ​ត្រូវ​បាន​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជារ​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ស្រាវ​ស្រាវ​តាម​ចាប់​។​តែ​មិនទាន់​នឹង​បាន​ចាប់​ផង​ក៏ត្រូវ​បាន​២​នាក់​ប្តី​ប្រពន្ធ​នោះ ចេញមក​សារភាព​ពី​ទោសកំហុស​។​

​គួររំលឹកថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​ប្រជាពលរដ្ឋ​នៅត្រង់​ស្ពាន​ត្រោះ​នេះ បាន​លក់​សត្វស្រុក​ហើយ​បន្លំ​អ្នកធ្វើដំណើរ​ថា​ជា​សត្វព្រៃ លុះ​ក្រោយមក​អ្នកទិញ​នោះបាន​ជិះ​កាត់​មក​ក៏​ចុះ​ស្តីបន្ទោស​ម្តេចក៏​មិន​លក់​​សត្វព្រៃ​ពិត​ទៅ​ចាំបាច់​រកស៊ី​កុហក​ធ្វើ​អ្វី ?

បន្ទាប់ពី​ទទួលរង​នូវ​ការស្តីបន្ទោស​រួចមក​អ្នកលក់​រូបនោះ​ក៏​​បាន​ទៅ​ទិញ​សត្វព្រៃ​បន្តិចបន្តួច យកមក​ដាក់​ព​ន្យួ​រលក់​ជាប់​ច​ញ្ចើ​ម​ថ្នល់ជាតិ​លេខ​៦ហើយ​ត្រូវបាន​ស​ម​ត្ថ​កិច្ច​ចាប់បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​ធ្វើ​ឲ្យ​អ្នកលក់​រូបនោះ​និយាយ​ទាំង​ក្តុកក្តួល​ថា​«​លក់​សត្វស្រុក​ត្រូវគេ​ស្តីបន្ទោស លុះដល់​ពេល​លក់​សត្វព្រៃ​បែរជា​ត្រូវ​ចាប់​ទៅវិញ » ទោះជា​បែបណា​​ក្តី​សត្វព្រៃ​ច្បាប់​មិនបាន​អនុញ្ញាត​លក់ដូរ​នោះទេ ៕​

ខឹង​ប្រពន្ធ​ទៅធ្វើ​ការ​ដាច់​យប់ ទាញ​ញញួរ​វាយ​ក្បាល និង​ឆក់​ខ្សែភ្លើង​ធ្វើអត្តឃាត​រួមគ្នា

ភ្នំពេញ ៖ បុរស​ជាជាង​សំណង់​ម្នាក់ ដោយសារតែ​ភ្លើងកំហឹង រួម​និង​សេចក្តី​ប្រច័ណ្ឌ​ដោយសារ​ប្រពន្ធ​ទៅធ្វើ​ការ​នៅតាម​ហាង​ដាច់​យប់​ញឹកញាប់​ពេក ទ្រាំលែងបាន​ក៏ វាយ​និង​ឆក់​ខ្សែភ្លើង​បំណង​សម្លាប់​ប្រពន្ធ និង​សម្លាប់​ខ្លួនឯង តែ​បាន​ស្លាប់​ដូច​បំណង​តែម្នាក់ឯង ចំណែក​ស្ត្រី​ជា​ប្រពន្ធ បាន​រងរបួស ហើយ​រត់​រួច​ពី​សេចក្តីស្លាប់​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន​ឲ្យ​អ្នកជិតខាង​ជួយ ។​

ហេតុការណ៍​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង​៥០​នាទី ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​លេខ​៥ ជាន់​ទី​១ ផ្លូវ​លេខ ១០៣ ភូមិ ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​បុរស​ដែល​ប្រើ​ហិង្សា និង​ឆក់​ខ្សែភ្លើង​សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ សូរ ខ្លឹម អាយុ​៣៤​ឆ្នាំ ជាជាង​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គាដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​ឆក់​ខ្លួនឯង​ស្លាប់​ក្នុង​បន្ទប់ទឹក ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​គឺ​ឈ្មោះ អោក សាបាន អាយុ​៣៤​ឆ្នាំ បម្រើការ​នៅ​ភោ​ជនី​ដ្ឋា​ន និង​ខារ៉ាអូខេ បឹង សុបិន ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត ក្នុងភូមិ ស្នោ ឃុំ​ជាយ​កំពក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។​

តាម​នគរបាល​មូលដ្ឋាន បានអោយដឹងថា ទាក់ទិន​នឹង​អំពើហិង្សា និង​ឆក់​សម្លាប់​ខ្លួនឯង នោះ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដែល​ស្ត្រី​ជា​ប្រពន្ធ​ទៅធ្វើ​ការ​តាម​ហាង​ដាច់​យប់​ព្រឹក​ឡើង​ទើប ត្រឡប់មកផ្ទះ​វិញ ជាច្រើនលើក​ច្រើនសា​រួចមកហើយ ។​

តាម​ស្ត្រី​ជា​ប្រពន្ធ បានអោយ ដឹងថា នៅវេលា យប់​ថ្ងៃទី​១០ ខែឧសភា គាត់​បាន​ទៅធ្វើ​ការ​។​លុះ​នៅវេលា​ម៉ោង ប្រមាណ​៧​ព្រឹក ក៍បាន​ត្រឡប់មកផ្ទះ​វិញ​។ នៅពេលនោះ ប្តី​ក៍បាន​ទៅ​ទិញ បា​យមក​ហូប​ទាំង​២​នាក់ ព្រមទាំង​ដេក​លេង​ស្រាប់តែ​ប្តី​របស់គាត់​បាន​យក​ញញួរ មក​វាយ​គាត់ ចំនួន​៤​ញញួរ ត្រូវ​មុខ​មួយ​ញញួរ និង​ត្រូវ​ខាងក្រោយ ៣​ញញួរ និង​បាន​ទាញ អង្រែ​វាយ​ចំនួន ៣ អង្រែ​ទៀត និង​យក​ខ្សែភ្លើង​ដែល​ខាំ​ផ្តាច់​សំបក​មក​រឹត ក ហើយ​ឆក់ តែ​គាត់​បាន​ប្រឹង​រើបម្រះ​រួច រត់ ចេញមកក្រៅ​ស្រែក​អោយ​អ្នកជិតខាង​ជួយ និង​ប្រាប់​អោយទៅ​មើល​ប្តី ស្រាប់តែ​ឃើញ​ប្តី​ឆក់​ខ្លួន ឯង​ស្លាប់​នៅក្នុង​បន្ទប់ទឹក​បាត់ទៅហើយ​។​

តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយដឹងថា គាត់ និង​ប្តី​បានរួម​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​អស់​រយៈ ពេល​ជាង​១០​ឆ្នាំ មានកូន​២​នាក់ កូនប្រុស​បង​អាយុ​១៣​ឆ្នាំ និង​កូន​ប្អូន ស្រី អាយុ​៨ ឆ្នាំ​។​

តាម​អ្នកជិតខាង បានអោយដឹងថា បុរស​ជា​ប្តី ជា​មនុស្ស​ស្លូតបូត រាល់ថ្ងៃ​គេ​តែងតែ​ឃើញ បុរស​នោះ គិតតែ​ទៅធ្វើ​ការរក​ប្រាក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ក៏​ទៅធ្វើ​ការរក​ប្រាក់​ដែរ តែ​ដាច់​យប់​រហូត ជួនកាល​មិន​មក​ផ្ទះ ៣​យប់​ក៍មាន​ដែរ ទុកអោយ​ប្តី​នៅ​មើល​កូន​។ ប្រភព​បន្តថា ប្រហែលជា ដោយ​ទ្រាំ​លែង​នឹង​ទង្វើ​របស់​ប្រពន្ធ​ដែល​ដើរ​ដាច់​យប់​និយាយ​មិន​ស្តាប់ បាន​ទើប បុរស​ជា​ប្តី​មាន គំនិត​គិត​ខ្លី វាយ និង​ឆក់​សម្លាប់​ប្រពន្ធ និង​ខ្លួនឯង​តែម្តង ប៉ុន្តែ ចៃដន្យ អី ស្លាប់​តែ​ខ្លួនឯង​ម្នាក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​៕
​

តុលាការ​សាកសួរ​បង​ប្រុស​លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​លើ​ស្ត្រី ចេ​វ សុ​វ​ឌ្ឍ​នា

​ភ្នំពេញ ៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នេះ សាកសួរ​លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​ត្រូវជា​បងប្រុស​បង្កើត​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។​

​គួរ​បញ្ជាក់ថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងថា អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ​ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ​លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​
​
ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់ រួមមាន​ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក​ឡាយ វណ្ណៈ​, ទី​៣​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ទី​៤​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ​ជឹម​វុ​ធ​ហៅ​ថូត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨​តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​បាន​ចែងថា មាត្រា​១៩៩ បទ​ឃាតកម្ម​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ​ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​)​នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០(​ដប់​)​ឆ្នាំទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។​

​មាត្រា​៥៣២​បទ​លាក់​បំបាំង​តម្រុយ​អំពើ​កែប្រែ​លុបបំបាត់​ឬ​លាក់​បំបាំង​តម្រុយ​ឬ​ស្លាកស្នាម​នៅលើ​ទីកនលែង​នៃ​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២,០០០,០០០(​ពីរលាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕


​

World Bank ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​កើន​ដល់​៦,៩​ភាគរយ​

​ភ្នំពេញ ៖ នៅក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បានអោយដឹងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​រក្សា​ភាពរឹងមាំ នឹង​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​ល្បឿន​បន្តិច​រហូតដល់​ទៅ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​ការ​ស្ទុះ​ឡើងវិញ​ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ​និង​សំលៀកបំពាក់ អមដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ផងដែរ ។

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ត្រូវបាន​សម្ពោធ​នៅថ្ងៃនេះ​អោយដឹងថា ចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿន​លឿង​ផង សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យ​នៅតែ​បន្ត​មាន ហើយ​ក្នុងនោះ​រួមមាន​ការបាត់បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់​កម្មករ ពំ​នូ​នគរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែលមាន​មកជា​យូរ​មកហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាលមកពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែលមាន​ការ​ជំនួញ​ធំៗ​ក្នុង​ពិភពលោក​។

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួបប្រទះ ។ ការវិនិយោគ​ទៅលើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន ។
​
លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​អោយដឹង​ផងដែ​រថា បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែល​ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​ច្រើនជាងគេ​មួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ ។
​
ប៉ុន្តែ​ប្រទេស​ណា​ក៏​ដូច​តែ​គ្នា​ដែរ គឺ​សុទ្ធតែ​ខ្វះខាត​ជំនាញ​ដូចគ្នា គ្រាន់តែ​ការខ្វះខាត​ជំនាញ​នោះ​មាន​តិច​មាន​ច្រើន​ប៉ុណ្ណោះ ។ លោក​ថា ដើម្បី​អោយកម្លាំង​ពលកម្ម​ជំនាញ មាន​ប្រសិទ្ធភាព និង​ស្ថេរភាព​បានយូរ​នោះ ការបណ្ដុះបណ្ដាល​គួរតែ​ធ្វើឡើង​ដោយ​វិស័យ​សាធារណៈ ៕​

ស្រី្ត​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Natural Life TV» ចូល​សារភាព​

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ ប៉ូ​លីន និង​បុរស​ជា​ប្តី ដែល​បាន​បង្ហោះ ក្នុង​បណ្ដាញ​សង្គម​ស្តីពី ការសម្លាប់ សត្វ ព្រៃ បាន​ចូល​សារភាព​ពី​ទោសកំហុស និង​ទទួលកំហុស​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ជាមួយ សមត្ថកិច្ច​ពាក់​ព័​ន្ឋ នៅ​ក្រសួងបរិស្ថាន ។​ជាមួយគ្នានេះ​ផងដែរ​ក្រសួងបរិស្ថាន ក៏បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ទាក់ទង​នឹង​អ្នកប្រព្រឹត្ត​ល្មើស សម្លាប់​សត្វព្រៃ​នេះដែរ​។​

​ខណៈ​ចូលខ្លួន​សារភាព​នៅ​ក្រសួងបរិស្ថាន ស្ត្រី​រូបនេះ និង​ប្តី​របស់​នាង​បាន​សារភាពថា សត្វ​ទាំងនោះ មិន មែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ស្ត្រី​រូបនេះ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ហើយ​បានបង្ហាញ សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែមទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង​។ ការ​បង្ហោះ​នេះ គឺមាន​គោលបំណង​ស្វែងរក​ការមើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ថវិកា នៃ​ការ​ផ្សព្វ ផ្សាយពាណិជ្ជកម្ម​នានា​តាមរយៈ​ក្រុមហ៊ុន Google​។​
​
គួររំឭកថា នៅ​មុនពេល​ស្ត្រី​ខាងលើ​បាន​ចូល​សារភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​បញ្ជាក់ថា មិនទាន់​ដឹង​ច្បាស់​ថា នារី​ម្នាក់ រួមទាំង​អ្នកពាក់ព័ន្ធ​ក្នុងករណី​ចម្អិន​សត្វព្រៃ​ដែល​បង្ហោះ​តាម Youtube នោះ នឹងត្រូវ​មានទោស​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រមូល​ភស្តុតាង គ្រប់​ជ្រុងជ្រោយ​ជាមុន សិន​។ ចំពោះ​ការដាក់ទោស​ទាន់​វិញ ខាង​តុលាការ​ជា​អ្នកធ្វើ​ការបន្ត​។​

​លោក សៅ សុភាព បញ្ជាក់ថា «​ពេលនេះ​ក្រសួង​កំពុងធ្វើការ យើង​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង នេះ ហើយ​រក​ភស្តុតាង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន​។ មានទោស​យ៉ាងណា គឺ​ខាង​តុលាការ​ជា​អ្នកសម្រេច​។ យើង​បាន​ទាក់ទង​ទៅ​នារី​នោះ​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ហើយ​»​។​

សូមបញ្ជាក់ថា Youtube ដែលមាន​ឈ្មោះថា Natural Life TV បាន​បង្ហោះ​ពី​សកម្មភាព​នារី​វ័យក្មេង​ម្នាក់​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៅ​ចម្អិន​ជា​អាហារ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ប្រតិកម្ម​យ៉ាងខ្លាំង និង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​៕​

ចំនួន​ពលរដ្ឋ​ដែល​សង្ស័យ​ពុល​ទឹក នៅ​ស្រុក​កែវ​សីមា​ឡើងដល់​ជាង​៣០​នាក់​ហើយ​

​មណ្ឌល​គី​រី ៖
​គីត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នេះ​មាន​ជនរងគ្រោះ​ដែល​សង្ស័យ​ពុល​ទឹក នៅ​ស្រុក​កែវ​សីមា បាន​កើនឡើង​ជាង​៣០​នាក់​ហើយ​។ នេះ​បើតាម​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។
​

សូមបញ្ជាក់ថា ករណី​ពុល​ទឹក​នេះ​បានកើត​ឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ នៅ​ព្រឹក​នេះ​កើន​ឡើងដល់​ជាង​៣០​នាក់​។ ករណីនេះ​បានកើត​ឡង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​តាម​ព័ត៌មាន​បឋម កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ម្សិលមិញ ក្នុងចំណោម​ពលរដ្ឋ​ទាំង​១៤​នាក់​នេះ មាន​ពលរដ្ឋ​៦​នាក់ មាន​អាការ​ធូរស្បើយ និង​៨​នាក់​ទៀត កំពុងធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នូល ខេត្តក្រចេះ​។ នេះ​បើ​សម្ដី​លោក ស៊ុន ប៊ុនធឿន អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដែល​ត្រូវបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌល​គី​រី​។​
​បើតាម​លោក​អភិបាលខេត្ត ក្រោយ​កើតរឿង​ហេតុនេះ​ភ្លាមៗ នៅ​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច លោក​បាន​បញ្ជា​ផ្ទាល់​ទៅ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ចាត់​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ជំនាញ ចេញ​អន្ដរាគមន៍​ដើម្បី​បញ្ជូន​ពលរដ្ឋ​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​អាយុជីវិត​។​
​

សូមបញ្ជាក់ថា មកដល់ពេលនេះ ពលរដ្ឋ​រងគ្រោះ​ទាំង​១៤​នាក់​នោះ ក្រោយពី​មានការ​ជួយសង្គ្រោះ ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ហើយ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ មាន​អាកា​រៈ​ធូរស្បើយ​ដែល​អាច​ត្រលប់​ទៅ​គេហដ្ឋាន​បាន​វិញ​ហើយ នៅសល់​៨​នាក់​ទៀត កំពុងតែធ្វើការ​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​៕​