All posts by មេគង្គ ប៉ុស្តិ៍

ស្លាប់​កម្មករ​ម្នាក់ ពេល​ប៉ូលិស​ផ្ទុះអាវុធ​បង្ក្រាប​កន្លែង​ជល់​មាន់នៅ​សង្កាត់​ចោមចៅ​២

​ភ្នំពេញ ៖ កម្មករ​រោងចក្រ​ម្នាក់​បាន​រង​គ្រាប់កាំភ្លើង​ចំនួន ២​គ្រាប់​បណ្តាល​អោយស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈដែល​កំពុងតែ​ឈរ​លេង​នៅលើផ្ទះ​ជាន់​ទី​៣​ហើយ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​ប​ង្រា​ប​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ហើយ​គ្រាប់កាំភ្លើង​បាន​ហោះ​ទៅ​ត្រូវចំ​បំពង​ក ជនរងគ្រោះ​តែម្តង​។​
​
​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ កា​ណា​ស៊ី​ធី ស្ថិតនៅ​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​បន្ទាប់ពី​ស្លាប់ ស្ត្រី​ជា​ប្រពន្ធ​បាន​យំសោក​បោក​ខ្លួន​ហើយ​ទាមទារ​ឲ្យ​ក្រុមនគរបាល​ទទួលខុស​ត្រូវ ។​
​ជនរងគ្រោះ​ដែល​អះអាងថា​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង នគរបាល ឈ្មោះ​សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​ដុង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន ២​គ្រាប់​ចំ​បំពង់ក ធ្លាយ​មួយ​គ្រាប់ និង​បៀម​មួយ​គ្រាប់​។ ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ នុប ផាន្នី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នៅក្នុង​បន្ទុក​។​

​តាម​ព័ត៌មាន​អោយដឹង ថា នៅ​មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ក៍បាន​ចុះទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅក្នុង​ភូមិ កើតហេតុ​ក៍បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​គំរាម​ឡើងលើ ហើយ​ក្រុម​អ្នកញៀន​ល្បែង​បាននាំគ្នា​រត់​ប្រសាច ចៃដន្យ​គ្រាប់កាំភ្លើង​ហោះ​ទៅ​ត្រូវ​ជនរងគ្រោះ​ដែល​កំពុងតែ​ឈរ​នៅលើផ្ទះ​ជាន់​ទី​៣​។​
​តាម​ស្ត្រី​ជា​ប្រពន្ធ​បុរសរងគ្រោះ​បានអោយដឹងថា បន្ទាប់​ត្រឡប់​មកពីផ្សារ ប្តី​របស់ខ្លួន​បាន​ទៅ​ឈរ​នៅ​យ៉​ខាងមុខផ្ទះ​ជាន់​ទី​៣ មុខ​បន្ទប់​ប្អូន ស្រាប់តែ​ឮស្នូរ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​។ ភ្លាមៗ​នោះ ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​បាន​បាន​ទៅ​ដួល​តែម្តង​។

​តាម​ព័ត៌មាន​អោយដឹងថា ក្រុម​អ្នកញៀន​ល្បែងភ្នាល់​មាន់​ចំនួន​២​នាក់​ត្រូវបាន​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​មាន់​៦​ក្បាល ទ្រុង និង​កៅអី​មួយចំនួន ។
​តាម​ព័ត៌មាន​អោយដឹងថា ខណៈនោះ បង្កអោយមាន​ការភ្ញាក់ផ្អើល​ជាថ្មី​បន្ថែមទៀត ហើយ​កម្លាំង​នគរបាល​ក៍បាន​នាំ​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ នៅពេល​ទៅដល់​មន្ទីរពេទ្យ ក៍បាន​ដាច់ខ្យល់​ស្លាប់ ។​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ៍​តុង​ក្រោយមក​បញ្ជូនទៅ​ស្រុកកំណើត​។​

​តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី​ផ្ទុះអាវុធ​បណ្តាលអោយ​មនុស្ស​ស្លាប់ សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ កន្លែងកើតហេតុ រើស​បាន​សំបក​គ្រាប់​កាំភ្លើងខ្លី ចំនួន ៤​គ្រាប់ ។​ចំណែក​កម្លាំង​នគរបាល​ដែល​ចុះទៅ​បង្ក្រាប មាន​គ្នា ៦​នាក់​មាន​កាំភ្លើងខ្លី​ចំនួន​៥​ដើម ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ខណ្ឌ​ផងដែរ ៕

​

រឹបអូស​ឈើ​ជិត​១​រយ​ម៉ែត្រ​គីប ដែល​លាក់ទុក​ក្នុងព្រៃ​ខាងក្រោយ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​

​ខេត្តក្រចេះ ៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ចំណុះឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃ​ក្រចេះ បានឱ្យ ដឹង​នៅ​ថ្ងៃទី​១៩​ខែមករា នេះ ថា មាន​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​រាប់រយ​កំណាត់ ត្រូវបាន​ក្រុម មន្ត្រីសង្កាត់​រុករក​ឃើញ នៅក្នុង​ព្រៃ​ខាងក្រោយ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។​

​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​បន្តទៀតថា ជាមួយ និង​ការ ចុះបង្ក្រាប​ឈើ​ល្មើសច្បាប់​ជាច្រើន​គំនរ ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្នុង​ព្រៃ​នេះ គឺមាន​ការចូល រួម ពី​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៩១០ និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តក្រចេះ ។​

លោកនាយ​សង្កាត់​បន្តថា ជាមួយនិង​យុ​ទ្ឋ​នា​ការ​ពេញ​មួយ​ថ្ងៃទី​១៨​ខែមករា នេះ ក្រុមមន្ត្រី ជំនាញ បាន​រកឃើញ​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​២៦៩​ដុំ នឹងត្រូវ​ចាប់​បង្ក្រាប​រឹបអូស​ទាំងស្រុង រួច​នាំមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់វិធានការ និង​វាស់វែង​។​

ជាមួយនឹង​ការបង្ក្រាប​ឈើ​ល្មើសច្បាប់​រាប់រយ​កំណាត់ នឹង​ជាច្រើន​ម៉ែត្រ​គីប ពី​សំណាក់ កម្លាំង ចម្រុះ របស់​មេព្រៃ​អូរ​គ្រៀង​នា​ថ្ងៃនោះ គឺ​សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា ឈើ​ល្មើសច្បាប់ ទាំង នេះ ជា​របស់​មេ​ឈ្មួញ​រូប​ណា​នោះទេ ដោយ​សមត្ថកិច្ច​អះអាងថា ឈើ​ទាំងនេះ​គឺ​ក្រុម​ឈ្មួញ ដឹក យក មក​លាក់ទុក​ជាច្រើន​គំនរ​នៅក្នុង​ព្រៃ ខាងក្រោយ​ភូមិ​អូរ​គ្រឿង ស្រុក​សំបូរ ដើម្បី​រក ឱកាស​ដឹក ចេញ​។​

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង លោក កែវ ចំណាន បានបញ្ជាក់​ឱ្យដឹងថា ឈើ​ទាំង នេះ​សុ​ទ្ឋ​សឹង​ជា​ឈើ​អារ​លេខ​១​ឈ្លីក មាន​ចំនួន​២៦៩​ដុំ​ធំៗ និង​បាន​វាស់វែង​ឃើញថា មាន បរិមាណ ស្មើរ​និង​ជិត​១​រយ​ម៉ែត្រ​គីប និង​បាន​រក្សាទុក​បណ្តោះអាសន្ន ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ហើយ​កម្លាំង​ជំនាញ​និង បន្ត​ស្រាវជ្រាវ​ស្វែងរក​ជន​ជា​ម្ចាស់​ឈើ​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ តាមច្បាប់​ស្តីពី​ព្រៃឈើ ៕
​

រដ្ឋបាលខេត្ត​ព្រះសីហនុ​គ្រោង​ប្តឹង​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មាស សឿន រឿង​បរិហាកេរ្តិ៍​

​
​ព្រះសីហនុ ៖ បើ​យោងតាម​ការ​អោយដឹងពី​លោក​មេធាវី​ប្រចាំ​សាលាខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃ​១​កើត ខែមាឃ ឆាំ្ន​រកា នព្វស័ក ពស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆាំ្ន​២០១៨ បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​នឹងដាក់​ពាក្យ​ប្តឹង​ម្ចាស់​គណនី​facebook​ឈ្មោះ មាស សឿន ដែល​បាន​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត​បង្ខូច​កិត្តិយស​ថ្នាក់​ដឹង​នាំ​ខេត្ត​ព្រះសីហនុ​លោក យន្ត​មីន អភិបាលខេត្ត និង លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដោយបាន​វាយប្រហារ​ធ្ងន់ៗ​មកលើ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​។

នេះ​ជា​សារ​ទាំងស្រុង​ដែល​បាន​បង្ហោះ “​លោក យន្ត មីន និង​លោក ផៃ ប៊ុន​វណ្ណៈ​.​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​រំលោភ​លើដី​ការ​ក្សា​ការពារ​របស់​តុលាការ ហើយ​ឈូសឆាយ​យក​ដី​លក់​នៅ​ចំណុច​អូរត្រេះ​បាន​លុយ​រាប់លាន​ដុល្លា សូម​សម្តេច​ទាន​ជ្រាប​”​។​

​សារ​បែបនេះ​បាន​នឹង​កំពុង​ធ្វើអោយ​មតិ​មហាជន​មានការ​យល់ច្រឡំ​និង​ប៉ៈ​ពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ​។​
​បញ្ហា​នេះដែរ​ថ្នាក់ដឹកនាំ​ខេត្ត​បានធ្វើការ​បដិសេធថា​នេះ​ជា​រឿង​មិន​ពិត​ទេ​ហើយ​ការផ្សព្វផ្សាយ​រឿងនេះ​ជា​ទង្វើ​ទុច្ចរិត​ដែល​មិនអាច​ទទួលយក​បានឡើយ​។​

​ករណីនេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​បាន​ត្រៀម​ដាក់ពាក្យ​ប្តឹង​ម្ចាស់​គណនី​facebook ឈ្មោះ មាស សឿន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ញុះញង់​អោយ​សាធារណជន​យល់ច្រឡំ​និង​ស្នើ​សុំអោយ​ម​ត្ថ​កិច្ច​នគរបាល​និង​តុលា​ការផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់​ផង​។​

​លោក ផៃ ប៊ុន​វណ្ណៈ ថា​ករណី​ដី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ​នេះ​តាមពិត​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានទទួល​ដី​នេះ​ពី​លោក នាក់ សាវ៉ាត ទំហំ​១ ហក​តា ដើម្បី​ធ្វើការ​បែងចែក​ជូន​ប្រជាពលរដ្ឋ​២៦​គ្រួសារ​ដែល​មួយចំនួន​រស់នៅ​សំណង់​មិន​រៀបរយ​តាម​ដងផ្លូវ​សាធារណៈ​នៅ​ចំនុច​ភូមិ​៦​សង្កាត់​៤​ក្រុងព្រះសីហនុ​និង​មួយចំនួនទៀត​តាំង​លំនៅ​លើដី​កម្មសិទ្ធិ​របស់លោក​ឧក​ញ៉ា គង់ ទ្រី​វ​។​

ករណី​នេះដែរ រដ្ឋបាល​បាន​បែង​ជា​ឡូ​តិ៍ៗ​សំរាប់​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ដោយមាន​ការផ្តល់​លុយ​មួយចំនួន​ទៀតផង​សំរាប់​បងប្អូន​ប្រជាជនមាន​លទ្ធភាព​ធ្វើ​ផ្ទះ​នៅ​បន្ទាប់ពី​រើចេញ​ពី​កន្លែងចាស់​មក​នៅ​កន្លែង​ថ្មី​នេះ​មាន​ទីតាំង​នៅក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ក៍​ប៉ុន្តែ​ផ្ទុយទៅវិញ​មាន​មា្ច​ស់​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​មាស សឿន បែរជា​ផ្សាយ​បំ​ភ្លើ​ស​ការពិត​ថា ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​យក​ដី​ទៅ​លក់​យកលុយ​រាប់លាន​ដុល្លារ​ដាក់​ហោប៉ៅ​ទៅវិញ​ដែល​នេះ​ជា​រឿង​ខុសពី​ការេ​ពិត​ទាំងស្រុង​៕
​

​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ល្វេែង​នៅ​ព្រែកប្រា​

​ភ្នំពេញ ៖ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​៤​ល្វេ​ង​ដោយ​មិនដឹង​មូលហេតុ​អ្វី​នៅ​ឡើ​កាល​វេលា​ម៉ោង​៣​និង​១០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៨ នៅ​ចំនុច​មុខ ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល ព្រែកប្រា​ស្ថិតនៅ​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនដំបូង​គេ​ឃើញ​អណ្តាតភ្លើង​ឆេះ​ចេញពី​ខាងក្រោយ​ផ្ទះ​មាន​អ្នកជិតខាង​មក​គួ​ស​ទ្វារ ហៅ​ម្ចាស់ផ្ទះ​ដែរ​តែដោយសារ​ដេកលក់​ក្រ​ងើប​ពេក​ទំ​រ៉ាំ​ដឹង​ភ្លើង​ឆេះ​ពេញ​ផ្ទះ​ទៅហើយ​ក៏​រៀលដាល​ដល់ផ្ទះ​ផ្សេងៗ​ទៀត យ៉ាង​សន្ធោសន្ធៅ​ឆេះ​អស់​ផ្ទះ​៤​ល្វេ​ង​។​មានផ្ទះ​លក់ កាហ្វេ ទិញ​អេតចាយ ផ្ទះ​លក់​គុយទាវ ផ្ទះ​លក់ ស៊ុប​និង​ផ្ទះ​លក់​បាយ នំ​បញ្ចុក រង​កា​ខូចខាត​ទាំងស្រុង ប្រភេទ​ផ្ទះ​ល្វេ​ង​ក្រោម​ថ្ម​លើ​ឈើ​ប្រក់​ស័ង្កសី មួយ​ល្វេ​ងៗ​ទំ​ហ៊ុទ​ទឹង​៤​ម៉ែត្រ​បណ្តោយ​១២ ម៉ែត្រ​ចំណែក ទ្រព្យសម្បត្តិ​ខូចខាត​យ៉ាងច្រើន រលត់ទៅវិញ នៅ​ម៉ោង​៤​និង​២០​នាទី​នៅ​ថ្ងៃ​ដដែល​។​តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​នោះទេ​។​មូលហេតុ​ឆាបឆេះ​ខាងលើ សមត្ថកិច្ច​ពុំទាន់​ដឹង​នៅឡើយ​។​

​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​១៦​គ្រឿង ឡានទឹក​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់​៕​​

ឆ្នាំ​២០១៧ បង្ក្រាប​គ្រឿងញៀន​ជាង ៨​ពាន់​ករណី ឃាត់ខ្លួន​មនុស្ស​ជិត ១​ម៉ឺន​៨​ពាន់​នាក់​

ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន ៨​ពាន់ ១៥១​ករណី ឃាត់ខ្លួន​មនុស្ស ១៧​ពាន់ ៨៧៧​នាក់​។​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានចាត់ទុក​ការរង​គ្រោះ​ដោយសារ ឥទ្ធិពល​គ្រឿងញៀន​ថា​ជា​គ្រោះមហន្តរាយ​មួយ​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស ព្រមទាំង បានបង្ហាញ​នូវ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​កន្លងទៅនេះ​ថា ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន ៨​ពាន់ ១៥១​ករណី ឃាត់ខ្លួន​មនុស្ស​បាន ១៧​ពាន់ ៨៧៧​នាក់ ព្រមទាំង​បាន​រឹបអូស​គ្រឿង ញៀន​គ្រប់​ប្រភេទ មធ្យោបាយ​ប្រើប្រាស់​រួមទាំង​អាវុធ​វែង​ខ្លី​មួយចំនួន ក្នុងនោះ​អ្នកញៀន​ថ្នាំ មួយចំនួនធំ​ត្រូវ​បញ្ជូនទៅ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា​ទូទាំងប្រទេស​។​

បើ​យោងតាម​ការលើកឡើង របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល កន្លងទៅ​ថា កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​ឈ្មួញ​ទុច្ចរិត​បាន​ប្រើ ប្រាស់​ជាទី​តាំង​ដើម្បី​ដឹកជញ្ជូន​បន្តទៅ​កាន់​ប្រទេស​ទី​៣ ដែល​សមត្ថកិច្ច​បានធ្វើ​ការត្រួតពិនិត្យ និង​ចាប់​បានជា​បន្តបន្ទាប់​នាពេល​កន្លងមក ហើយ​ក្នុងនេះ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន​នៅ តែ​ប្រឈម​នឹង​សកម្មភាព​លួច​ចរាចរ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ទោះបី​សមត្ថកិច្ច បាន​បង្ក្រាប និង​កាត់ផ្តាច់​ខ្សែរយៈ​ទាក់ទង​ជាច្រើន​ក៏ដោយ ដែលនាំអោយ​យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​នឹងត្រូវ​អនុវត្ត​បន្តទៀត ដោយសារតែ​ការប្រើប្រាស់​សារធាតុ​ញៀន​បាន បន្ត​រាលដាល​ដល់ទី​ជនបទ ហើយ​ការបង្ក្រាប​បទល្មើស​ក៏មាន​ការកើនឡើង​លើស​ឆ្នាំ​កន្លង មក​។ ជា​លទ្ធផល​នៃ​ការបង្ក្រាប​បានធ្វើអោយ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយចុះ និង​ជះ ឥទ្ធិពល​វិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជាទូទៅ និង​បាន​ជួយ​កាត់បន្ថយ ទុក្ខលំបាក និង​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​អាណាព្យាបាល​ក្នុង​មូលដ្ឋាន​៕
​

លោក កឹម សុខា ប្រកាស​មិន​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ របស់លោក សម រង្ស៊ី ទេ​

​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បានប្រកាស​ជំហរ​របស់លោក​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ ជាតិ ដែល​បង្កើតឡើង​ដោយ លោក សម រ​ង្ស៉ី នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​លោក ផែង ហេង មេធាវី​របស់លោក កឹម សុខា ដែល​បាន​ជួប លោក កឹម សុខា កាលពី​ថ្ងៃទី​១៩ មករា ឆ្នាំ ២០១៨ ។​

​លោក ផែង ហេង បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក កាលពី​ម្សិលមិញ​នេះ​ថា លោក កឹម សុខា បានបញ្ជាក់​ប្រាប់​លោក​ថា គាត់​មិន​ចូលរួម​ជាមួយ​ចលនា​ណា ហើយក៏​មិនបង្កើត​ចលនា​ថ្មី ទៀត​ដែរ គាត់​បន្ត​នៅ​ជាមួយ​ប្រជាពលរដ្ឋ ដែល​បោះឆ្នោតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​លោក​បញ្ជាក់ថា លោក កឹម សុខា បានដឹង អំពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ តាមរយៈ ភរិយា​របស់លោក ដែល​បាន​ចូល​សួរសុខទុក្ខ​លោក​ញឹកញាប់ ហើយ​លោក​បានប្រកាស​ជំហរ របស់លោក​យ៉ាងច្បាស់​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​នោះទេ​។​

​ការប្រកាស​ជំហរ​របស់ លោក កឹម សុខា បានធ្វើ​ឡើង​ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​របស់ លោក​ជាច្រើន​នាក់ ក្នុងនោះ​មាន លោក យ៉ែម បុញ្ញឫទ្ធិ ផង​បាន​ជំទាស់ និង​មិន​ចូលរួម​ជាមួយ «​ចលនា​សង្គ្រោះ​ជាតិ​» ដែល​បង្កើតឡើង​ដោយ លោក សម រ​ង្ស៉ី​, លោកស្រី មូ សុខ​ហួរ និង លោក អេង ឆៃអ៊ាង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​នេះដែរ​។​

​ក្រុម​អ្នកគាំទ្រ លោក កឹម សុខា និង​អ្នកវិភាគ​មួយចំនួន បាន​លើកឡើងថា ការបង្កើត​ចលនា សង្គ្រោះ ជាតិ​នេះ គ្រាន់តែ​ដើម្បី​ដណ្តើម អំណាច​ពី​លោក កឹម សុខា តែប៉ុណ្ណោះ ហើយ​ចលនា​នេះ អាចជា​បន្ទុក​មួយ​ថ្មី​ដែល​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​លោក​បង្កើតឡើង ដើម្បី​បន្ថែម​បន្ទុក​ទោស កំហុស​ដល់ លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​អំពី​រឿង​ក្បត់ជាតិ នៅក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​៕
​

បុណ្យ​ទន្លេ​ឆ្នាំនេះ រៀបចំ​នៅ​ក្រុង​តាខ្មៅ​ ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា

​ភ្្នំពេញ ៖ ​តាម​ការគ្រោងទុក ឆ្នាំ​២០១៨ នេះ ខេត្តកណ្តាល​នឹងត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ ប្រារព្ធ​ពិធីបុណ្យ​ទន្លេ បន្ទាប់ពី​ខេត្តស្ទឹងត្រែង ដែល​បានរៀបចំ​ធ្វើ​យ៉ាង​អធិក​អធម៌​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។ បើតាម​មន្ត្រី​ទេសចរណ៍ បាន​ប្រាប់​ឱ្យដឹងថា ថ្ងៃ​កំណត់​បុណ្យ​ទន្លេ នឹង​ប្រារព្វ​ធ្វើឡើង រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃទី ៩ -១០ និង​ថ្ងៃទី​១១ ខែមីនា ខាងមុខនេះ ។​

​លោក ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថា ទីតាំង​ធ្វើ បុណ្យ​ទន្លេ​គ្មាន​ជម្រើស​ណា​ក្រៅពី​មាត់ទន្លេ​នាទី​ក្រុង​តាខ្មៅ នេះ​ទេ ពីព្រោះ​កន្លែង ដែល​រៀបចំ​ធ្វើ បុណ្យ​ទន្លេ​ហ្នឹង ត្រូវមាន​ទំហំ​ធំ វែង​ទូលាយ​ជាង​កន្លែង​ដទៃៗ​ទៀត ។ យើង​អាច​រៀបចំ​ជា វេទិការ បុណ្យ ការសម្តែង​សិល្បៈ និង​ស្តង់​ពិព័រណ៍​ផលិតផល សម្រាប់​ភ្ញៀវ​ទស្សនា​បាន ។​

​លោក​បន្តថា បញ្ហា​ស្តង់​តាំងពិព័រណ៍ ផលិតផល​ដែល​បានដឹង​មិនទាន់​ប្រាកដជា​ផ្លូវការ មាន ប្រមាណ​៥០០​ស្តង់​។ ចំណែក​កម្មវិធី​កីឡា​មាន​ច្រើន​ប្រភេទ ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ក្នុង កម្មវិធី សំដែង​នាឱកាស​នោះ ។ ប៉ុន្តែ​ក្រសួងទេសចរណ៍​នឹង​ខំ​ជំរុញឱ្យមាន​នាំយក​ទូក​ដឹក​ទេស​ចរមក ចូល រួម​ដង្ហែ​ក្នុងឱកាស​បុណ្យ​ទន្លេ​នេះដែរ ។ លោក ជួប សោ​ភ័​ណ្ឌ បន្ថែមថា បុណ្យ​ទន្លេ​នា​ក្រុង​តាខ្មៅ ឆ្នាំនេះ នឹងមាន​នាំយក​ក្រុម​សិល្បៈ​ល្អៗ និង​ល្បីៗ ទៅ​សំដែង​ជូន​ភ្ញៀវ ទស្សនា​ផងដែរ ។​

​មន្ត្រី​ទេសចរណ៍​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​ទេសចរ បរទេស ឱ្យចូល​ទស្សនា​កម្សាន្ត និង​ស្វែងយល់​ពី​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​និង​ជំរុញ​ញ​លើកកម្ពស់ ផលិត ផល​ក្នុងស្រុក សម្រាប់​បម្រើឱ្យ​ទីផ្សារ ។ លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់ទៀតថា បុណ្យ​ទ​ន្ល​នៅ​ក្រុង តាខ្មៅ​នេះ សង្ឃឹមថា និង​មាន​ទេសចរ​ក្នុងស្រុក​មក​កម្សាន្ត​ច្រើន ពីព្រោះ ក្រុង​តាខ្មៅ​នៅ​ជិត​រាជ ធានី​ភ្នំពេញ ដូច្នេះ​អ្នក​មកលេង​ច្រើន ហើយ​ផលប្រយោជន៍​ការហូបចុក​ការ​ស្នាក់នៅ​មួយចំណែក​ធំ បានមក​ក្រុងភ្នំពេញ ។ ពិសេស​ផ្ទះសំណាក់ សណ្ឋាគារ និង​ហាង​បរិភោគ​មួយចំនួន ។
​

សូមជម្រាបថា ឆ្នាំនេះ ខេត្តកណ្តាល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៤ បន្ទាប់ពី​បុណ្យ ទន្លេ​នៅ​ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ហើយ​បើ​ផ្អែក​តាម​កម្មវិធី ដែល​ធ្លាប់​ធ្វើបុណ្យ​ទ​ន្ល មុនៗ គឺមាន​កម្មវិធី​សែនព្រេន​ក្បួន​ដង្ហែ សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី មុននឹង​ចាប់ផ្តើម​កម្មវិធី​បុណ្យ ។ ក្រៅពី នោះ នៅមាន​កម្មវិធី​កីឡា​រត់ប្រណាំង និង​ជិះ​កង់​ប្រណាំង​ដើម្បី​សុខភាព និង​ការសំអាត​បរិស្ថាន ធ្វើឱ្យ​ទីក្រុង​ស្អាត ។ ព្រមទាំង​មានកម្ម​វិធី ដាំ​ដើមឈើ អាពាហ៍ពិពាហ៍ សំរាប់ គូ​ស្វាមី ភរិយា​ថ្មីថ្មោង ផងដែរ​៕

បញ្ជូន​ថៅកែ​ស្រី​ម្នាក់​ទៅ​តុលាការ​រឿង​បើក​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា​បង្កប់​សេវាកម្ម​ផ្លូវភេទ នៅ​ថ្ងៃទី​១៩ ខែមករា ត្រូវបាន​នគរបាល ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។​ បច្ចុប្បន្ន​ ស្ត្រី​រូបនេះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ស្ត្រី​រូបនេះ​ឈ្មោះ ប៉ែន រ៉ានី អាយុ ៣៩ ឆ្នាំ ស្នាក់​នៅផ្ទះ លេខ​6F ផ្លូវ​លឹម ឈាង​ហាក់ ទី​៣ ភូមិ​កន្ទោក ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ ដ្ឋា​ន​នគរបាល រាជធានី ភ្នំពេញ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ហាង​ម៉ាស្សា​មួ​យក​ន្លែ ង​យីហោ​“​តំលៃ​៣$”​ដែល​ស្ថិត​នៅផ្ទះ​លេខ 6F ផ្លូវ​លឹម ឈាង​ហាក់​ទី​៣​ភូមិ​កន្ទោក​ខាងជើង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ឃាត់ ខ្លួន​ថៅកែ​ស្រី​ម្នាក់​និង​មនុស្ស​ស្រី​៥​នាក់​ក្នុងនោះ​ក្មេងស្រី​ម្នាក់​ជា​អនីតិជន​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្ព​ព្រឹ​ត្ត​សញ្ចារកម្ម​៕
​

តុលា​ការមិន​អនុញ្ញាត​ឱ្យមាន​ការជួប​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ទេ​

​ភ្នំពេញ ៖ លោក​គី​ឫទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាតឱ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលជួប​លោក​កឹម​សុខា​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នោះទេ​។​

​លោក គី ឬ​ទ្ធី អះអាងថា​”​ដោយសារ​សំណុំរឿង​កំពុង​ស្ថិតក្រោម​ចំណាត់ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុនេះ​ការចូល​ជួប​ឬ​សួរសុខទុក្ខ​ឱ្យ​បានតែ​មេធាវី​និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទង​ក្នុង​សំណុំរឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ផ្សេងទៀត ការចូល​សួរសុខទុក្ខ​អាច​អនុញ្ញាត​ឱ្យបាន​ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​រួចរាល់​សិន​”​។​

​លិខិត​លោក​ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន​លោក​ជាម ច​ន្នី​លោក​កង​គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី​១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា​នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨ ខាងមុខ​។​

​ជាការ​កត់សម្គាល់ ការស្នើសុំ​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា ពេលនេះ ធ្វើឡើង​បន្ទាប់ពី មាន​តម្រុយ​ពី​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង​នៃ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​ពី​លោក កឹម សុខា​៕
​

លោក ពេជ្រ ស្រស់ ចាត់ទុក​សំដី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថា កំពុង​រំលោភ​សិទ្ធិមនុស្ស​ឆ្លង​ទ្វីប​

​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ទើប​មាន​វត្តមាន​ក្នុង ឆាកនយោបាយ​នៅ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ ដោយ​ចាត់ទុក​ការ​ថ្លែង​របស់លោក ភី​ល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson )​នាយករង នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​( Human Rights Watch) បាន និង​កំពុង​រំលោភសិទ្ធិ​មនុស្ស​ឆ្លង​ទ្វីប ។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រតិកម្ម​ថា «​លោក Phil Robert son បាន នឹង​កំពុង​រំលោភសិទ្ធិ​មនុស្ស​ឆ្លង​ទ្វីប​ហើយ ដោយ​លោក​ធ្វើការ​ប្រកាន់​ខ្ញុំ​ទាំង លោក​មិន បានដឹង​អំពី​ស្ថានភាព​របស់ខ្ញុំ​ច្បាស់លាស់ ម្យ៉ាងទៀត​លោក​បាន​បញ្ជា​តុលាការ​កម្ពុជា ឲ្យ​មក​កាត់ ទោស​ខ្ញុំ វា​គឺជា​ការរំលោភ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​» ។​

​សូមជម្រាបថា ការលើកឡើង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី លោក Phil Robertson នាយករង​នៃ​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្រង់​សំដី​ផ្សាយ​ថា លោក ពេជ្រ ស្រស់ ជា​អ្នកនយោបាយ មិនដឹង​អ្វី​សោះ​ទាក់ទង​នឹង​រឿង លោក កែម ឡី​។ លោក Phil Robertson ក៏បាន​ថ្លែង​វាយប្រហារ ទៅ​លោក ពេជ្រ ស្រស់ ផងដែរ​ថា​» ផ្លូវ​ដែល​នាំទៅរក​យុត្តិធម៌ មានតែ​មួយគត់​គឺ​ផ្តន្ទាទោស ពេជ្រ ស្រស់ ដោយសារតែ​ការដាក់​ពាក្យបណ្ដឹង​ក្លែងក្លាយ​នេះ ហើយ​បំផ្លាញ​ពេលវេលា​របស់​តុលាការ​»​។​

ឆ្លើយតប​ទៅនឹង​ការ​ថ្លែង​របស់​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ពេជ្រ ស្រស់ បាន​លើកឡើងថា លោក Phil Robertson គួរតែ​បិទ​អង្គការ Human Rights watch ចោល​ទៅ ដោយហេតុថា លោក​មិន​សម​ធ្វើជា​មនុស្ស​ពត់​តម្រង់​ឲ្យ​មនុស្ស គោរព​សិទ្ធិមនុស្ស​បាន នោះទេ ។​

លោក ពេជ្រ ស្រស់ បញ្ជាក់​បន្ថែមថា ក្នុងនាម​បរទេស មិនគួរ​ញុះញង់​ជាតិ​សាសន៍​ដទៃ​ឲ្យ បែកបាក់​ផ្ទៃក្នុង​នោះឡើយ ។ ចំណែក​ប្រព័ន្ធតុលាការ​បាន​ព្យាយាម​ដោះស្រាយ​បណ្តឹង​ជូន គ្រប់ ជនរងគ្រោះ ដោយ​ឈរលើ​គោលការណ​ណ៍​ស្មើភាព​នៅ​ចំពោះមុខ​ច្បាប់ ដើម្បី​ឲ្យ​ជនរងគ្រោះ ទទួលបាន​នូវ​ភាពយុត្តិធម៌​។​

​លោក ពេជ្រ ស្រស់ បញ្ជាក់​ទាក់ទិន​ទៅនឹង​រឿង​បច្ច័យ​បុណ្យសព​លោក កែម ឡី ថា តុលាការ​បាន​រកឃើញ​ពី​តម្រុយ​នៃ​ការ​ប្រ​ពឹ​ត្ត​បទល្មើស​របស់​ជន​ទាំងបី​នោះ ដែលជា​អតីត​អ្នកដឹកនាំ​ការងារ​បុណ្យសព​លោក​បណ្ឌិត កែម ឡី គឺ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា​៕

ស្ថាប័ន​គ្រប់គ្រង​គ្រោះមហន្តរាយ​អំពាវនាវ​ដល់​ឲ្យ​ចូលរួម​ ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​

​ភ្នំពេញ ៖ ដោយ​មើលឃើញថា គ្រោះ​អគ្គីភ័យ​បាន​កើតមាន​ឡើងជា​បន្ត​បន្ទាប់ នាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ជាថ្មី​ម្តងទៀត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូល រួម ក្នុងការ​ទប់ ស្កាត់ ការកើតមាន​គ្រោះ​អគ្គីភ័យ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គ្រោះមហន្តរាយ​ដែល​បង្ក ឡើង ដោយ សារ​មនុស្ស​។​

​នៅក្នុង​របាយការណ៍​ស្តីពី​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​គូសបញ្ជាក់ ថា អគ្គីភ័យ​គឺជា​គ្រោះថ្នាក់​ដ៏​កាច សាហាវ​មួយ​ដែលជា​បញ្ហា​ប្រឈម​របស់​សមត្ថកិច្ច ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិ ភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដោយសារតែ​អគ្គីភ័យ​នេះ​តែងតែ​កើត មាន​ច្រើន​នៅតាម​បណ្តា​ទី ប្រជុំជន ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍ និង​មានការ​ប្រើប្រាស់​ថាមពល និង​សំភារៈ​អគ្គិសនី​ដែល​ងាយ បង្ក​អោយ មាន​គ្រោះ​អគ្គីភ័យ ប្រសិនបើ​មានការ​ធ្វេស ប្រហែស ឬ​មិន​ប្រុងប្រយ័ត្ន​នោះ​។

​ដូច្នេះ​ទាមទារ​អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​អោយបាន​គ្រប់ៗ​គ្នា ជាពិសេស​អង្គភាព​ជំនាញ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និង​ឯកជន​នូវ​ចំណេះដឹង​ក្នុងការ​ប្រើប្រាស់​បំពង់ ពន្លត់អគ្គីភ័យ​បាន​ត្រឹមត្រូវ រួម​នឹង​បំពាក់​នូវ ឧបករណ៍ ទាំងនេះ​អោយបាន​គ្រប់គ្រាន់​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន ដាក់ចេញ​នូវ​អនុក្រឹត្យ​លេខ​១៣១​អនក្រ​.​បក ស្តីពី​លក្ខខណ្ឌ និង​វិធានការ​នានា​ស្តីពី​ការគ្រប់គ្រង ការបង្ការ និង ការ ពន្លត់អគ្គីភ័យ ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នា​២០១៧ ដែលមាន​គោលបំណង កំណត់​ពី​ការគ្រប់គ្រង ការបង្ការ និង​ការ​ពន្លត់អគ្គីភ័យ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការ​ស្តុក ទុក ការដឹកជញ្ជូន ការលក់ ការផលិត ការកែច្នៃ ការប្រើប្រាស់​សារធាតុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ ឆេះ​ចេញ​ជា​ប្រភព​ភ្លើង ឬ​ប្រភព​កម្តៅ ដែល​អាច​បង្កអោយមាន​អគ្គីភ័យ​៕
​

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ នៅ​ស្រុក​កំពង់លែង​

​កំពង់ឆ្នាំង ៖ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​គណៈ ក​ម្មា ធិ​ការ សុវត្ថិភាព​ចរាចរ​ណ៌ ផ្លូវគោក​ខេត្ត បាន​អំពាវ​អោយ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៌ ជាប្រចាំ ដើម្បី​សុខ​សុវត្ថិភាព ខ្លួន​យើង និង​អ្នកដទៃ ។

មានប្រសាសន៍​បែបនេះ នៅក្នុង​ការចុះ ពង្រឹង សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក នៅ​ស្រុក​កំពង់លែង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ ។ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​បាន​ថ្លែង ថាៈ នៅ​ស្រុក​កំពង់លែង​យើង​នេះ កាល​ដើម ឡើយ​មិនសូវមាន​ផ្លូវ​ខ្វាត់ខ្វែង និង​មាន​ផ្លូវ ក្រាល​កៅស៊ូ​ដូច​សព្វថ្ងៃនេះ​ទេ ។

ប៉ុន្តែ​សព្វថ្ងៃ​មាន​ផ្លូវ​ក្រាល កៅស៊ូ ផ្លូវ​ក្រាល​គ្រួស ក្រហម​ខ្វាត់ខ្វែង រីឯ​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ មាន​ម៉ូតូ​ជិៈ​ស្ទើ​គ្រប់​ផ្ទះ ម្លោះ​ហើយ​ចរាចរ​ណ៌ តាម​ដងផ្លូវ​ក៍​មមាញឹក​ដែរ ។ ហេតុនេះហើយ ក្នុងនាម​គណៈកម្មការ​សុ​វ​វត្ថិ​ភាព ចរាចរ​ណ៌​ផ្លូវគោក​ខេត្ត សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូល​រូ​ម​គោរព​ច្បាប់​ចរាចរ​ណ៌ ទាំង អស់​គ្នា ដូចជា​មិនត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ មិនត្រូវ​បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ជាតិ​ស្រវឹង មិនត្រូវ​ប្រើ ប្រាស់​សា​ធាតុ​ញៀន ក្នុងពេល​បើកបរ និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព ងងុយដេក​ជាដើម ព្រោះ​តាម ការស្រាវជ្រាវ​របស់​ក្រសួង​សាធារណៈការ ក៍​ដូចជា គណៈ​ក​ម្មា​ជាតិ សុវត្ថិភាព​ចរាចរ​ណ៌ បានអោយ ដឹងថាៈ កត្តា​គ្រោះថ្នាក់​កើតឡើង​ច្រើន គឺ​បណ្តាលមកពី​ចំណុច​ទាំងអស់​ខាងលើនេះ ។ ជាមួយគ្នានេះ គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៌​ផ្លូវគោក ក៍បាន​អំពាវនាវ​អោយ​បងប្អូន​អ្នកបើកបរ​យានយន្ត ទាំង អស់​សូម​បើកបរ​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ដូចជា​ការបើក​វ៉ា​ជែង បត់​ឆ្វេង បត់​ស្តាំ ជា ដើម ។ ក្រៅពីនោះ​អ្នកបើករថយន្ត​ត្រូវ​ពាក់​ខ្យែ​ក្រវ៉ាត់ អ្នក​ជិៈ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់ មើល​ក្រោយ បើកបរ​សូម​ត្រូវ​ប្រកាន់​ស្តាំ ។

ទន្ទឹម​នោះ ម្ចាស់​យានយន្ត​ត្រូវ​ត្រួតពិនិត្យ​រថយន្ត​របស់ ខ្លួន មុន ចេញដំណើរ​នឹង​សូម​ប្រកាន់ខ្ជាប់​នូវ​ក្រ​មសិល​ធម៌​របស់​អ្នកបើកបរ ដោយ​ចេះ​យោគយល់ អ​ធ្យា ស្រ័យ​គ្នា​ទៅវិញទៅមក ។ . ក្នុងឱកាស​នោះដែរ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន អោយដឹងថាៈ​ថ្ងៃនេះ យើង​បានធ្វើ​ការអប់រំ​និង​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរ​ណ៌​ផ្លូវគោក ចំពោះ អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​១​ម៉ឺន​៥​ពាន់​រៀល បន្ទាប់មក​យើង​បានប្រគល់​ជូន មួកសុវត្ថិភាព ថ្មី ទៅ​គាត់​វិញ​ចំនួន​១ ។ លោក​ក៍​បានបញ្ជាក់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ពាក់មួក​ទាំងនោះ​ថាៈ ថ្ងៃនេះ​ផាកពិន័យ​អស់ប្រាក់​តែ​បាន​មួក ហើយ​បើ​ថ្ងៃក្រោយ​មិន​ពាក់មួក​ទេ តែ​កាលណា​ចាប់​ផាកពិន័យ គឺ​ពិន័យ​ហើយ​គ្មាន​មួក​អោយ​ទៀត​នោះទេ ។

លោក​ក៍បាន​បញ្ជាក់ដែរថាៈ គណៈកម្មការ​សុវត្ថិភាព ចរាចរ​ណ៌​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង បានទទួល​មួកសុវត្ថិភាព ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំនួន​២៥០​មួក​ហើយ​បាន​ចែក​លើក​ទី​១ នៅ​ក្រុង កំពង់ឆ្នាំង​មាន​ចំនួន ៩៣​មួក និង​លើក​ទី​២​នៅ​ស្រុក​កំពង់លែង​នេះ ចំនួន​៨៥​មួក សល់​ប៉ុន្មាន​នឹង​បន្ត ចែក​តាម​ស្រុក​ដទៃទៀត​៕
​

ថៅកែ​រណ្តៅ​ដី​ក្នុង​ឃុំ​ស្វាយ​រលំ រង​ការចោទប្រកាន់ថា បាញ់​គំរាម​សមត្ថកិច្ច​ពេល​ចុះ​ពិនិត្យ​រណ្តៅ​ដី​

​កណ្តាល ៖ ថៅកែ​រណ្តៅ​ដី​ឈ្មោះ រឿង សំអាង ហៅ​ពៅ ទំនង​គេច​មិន​ផុតពី​សំណាញ់​ច្បាប់​ទេ បើទោះបី​មន្ត្រី PM ឈ្មោះ លី ចាន់​សុខុម ដែលជា​កូនចៅ​ថៅកែ​រណ្តៅ​ដី​រូបនេះ បាន​ឆ្លើយ​បង្វែរ​រឿង​ថា ថៅកែ របស់ខ្លួន​មិនមែនជា​អ្នកបាញ់​ក៏ដោយ ពោលគឺ​ចង់​បង្វែរ​រឿង​ពី​ខ្មៅ​ទៅ​ជាស ។ បញ្ហា​នេះ អធិការ​ស្រុក​ស្អាង​ក៏បាន​ព្រមាន​ថា​អ្នក​ព្យាយាម​ផ្តល់ព័ត៌មាន​មិន​ពិត​ក៏ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដែរ ។​

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ បានលឺ​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់​លាន់​យ៉ាងខ្លាំង​ចេញពី​ទីតាំង​កន្លែង​រណ្តៅ​ស្ថិតនៅ​ភូមិ​លេខ​៣​ឃុំ​ស្វាយ រលំ ស្រុក​ស្អាង នៅ​ចំ​ពី​ខាងក្រោយ​បន្ទាយ​សឹក​រង​ខេត្តកណ្តាល ។ ប្រភព​បាន​សង្ស័យថា ជនបង្ក ឈ្មោះ រឿង សំអាង ហៅ​ពៅ ជា​ម្ចាស់​រណ្តៅ​ដី​នោះ​។ ករណីនេះ មិនទាន់​ទទួល​ការបំភ្លឺ​ពី​ឈ្មោះ រឿង សំអាង ហៅ ពៅ​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​រប​ស់​ថៅកែ​រូបនេះ ទាក់ទង​មិន​ចូល​នៅ​រសៀល​ថ្ងៃទី ១៩ មករា នេះ ។​

លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ឱ្យដឹងថា ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​បាន​ហៅ​ឈ្មោះ លី ចាន់​សុខុម អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ជា​មេការ​រណ្ដៅ​ដី​ឈ្មោះ រឿង សំអាង ហៅ ពៅ ដោយ​ជននេះ​បាន​ព្យាយាម​ឆ្លើយ​បង្វែងដាន បើ​ទោះ​សមត្ថកិច្ច​សួរ នាំ យ៉ាងណាក៏ដោយ​។​

លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺ​របស់​មេ​ការ​រូបនេះ ប្រសិនបើ​ឆ្លើយបំភ្លឺ​បង្វែរ រឿង ពិត​នោះ ប៉ុន្តែ​បើសិនជា​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា ថៅកែ​របស់ខ្លួន​ជា​អ្នកប្រព្រឹត្តិ បាញ់ រហូតដល់​២០​គ្រាប់​នោះ ឈ្មោះ លី ចាន់​សុខុម នេះ​គឺ​ត្រូវ​ជាប់ទោស ពីបទ​លាក់​បំបាំង​ការពិត ត្រូវ ទទួលទោស​តាមផ្លូវ​ច្បាប់ ហើយ​ឈ្មោះ រឿង សំអាង ហៅ ពៅ​នេះ​ក៏​មិនអាច​គេចផុត ពី​ច្បាប់​ផ្តន្ទា ទោស ផងដែរ ៕
​

​រាំ​ធុងបាស់​ប៉ះគ្នា ព្រួត​វាយ​យុវជន​ម្នាក់​ស្លាប់នៅ​ស្រុក​គងពិសី​

​កំពង់​ស្ពឺះ​យុវជន​២​នាក់​ក្នុងចំណោម​បក្សពួក​មួយក្រុម​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៨​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​
នគរបាល​បាន​និយាយ​អោយដឹងថា យុវជន​២​នាក់​ដែល​នគរបាល​ឃាត់​មានឈ្មោះ​ទី​១ កាន សាន អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ស្វាយជ្រំ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទី​២​ឈ្មោះ សាន់ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅក្នុង​ភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បក្សពួក​ក្រុម​ជនដៃដល់​ជាច្រើន​អ្នក​កំពុង​រត់គេចខ្លួន​។​ចំណែក​យុវជន​រងគ្រោះ​មានឈ្មោះ​ស៊ីម ឧសភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អ​ង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​
សូម​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅលើ​ផ្លូវ​បេតុង ខាងត្បូង​វត្ត​អង្គ​តា​ភេ​ម ប្រហែល​២៥០​ម៉ែត្រ ភូមិ​ស្រែ​មាន់​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ករណី​ហិង្សា​ចេតនា​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណៈ​ភាព​នៃ​ជនរងគ្រោះ បង្កដោយ​ជនល្មើស​១​ក្រុម​បាន​ស្ទាក់​គប់ និង​វាយ​ជនរងគ្រោះ​ឈ្មោះ ស៊ីម ឧសភា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អ​ង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង បណ្តាល​ឲ្យ​របួស​ក្បាល​ខាងស្តាំ ផុង​លលា​ដ៏ ថ្ងាស់ និង​រលាត់​ដៃជើង ១១​កន្លែង ។​

មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ចេញពី​រាំ​ក្លិប ក្នុង​វត្ត​អង្គ​តា​ភេ​ម ពិធីបុណ្យ​ឆ្លង​សមិទ្ធផល ពេលមកដល់​ចំនុច​កើត​ក្រុម​ជនល្មើស បាន​ស្ទាក់​គប់​និង​វាយ​ឱ​របួសធ្ងន់​ហើយ​គេចខ្លួនបាត់ ។ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​ស្លាប់ ។​នគរបាល​បាន​សន្និដ្ឋាន ជា​ករណី​រាំ​ប៉ះគ្នា​។​រហូតដល់ ថ្ងៃទី​១៧.០១.២០១៨ កា​រិ​.​ធ្ងន់​បាន​ចុះ​សហការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនល្មើស​២​នាក់​:

១.​កាន សាន ភេទ​ប្រុស​២២​ឆ្នាំ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្រង់ ស្រុក​គងពិសី​២.​សាន់ សំណាង ភេទ​ប្រុស​១៨​ឆ្នាំ នៅ​ភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គងពិសី ។​

​ចំណែក​ជនសង្ស័យ​២​នាក់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ​បន្ត​ស្រាវជ្រាវ​បក្ខពួក​នៅ​សេសសល់​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ថា ការទន្ទ្រាន​កាន់កាប់​បឹង​តា​មោគ មាន​អ្នក​នៅ​ពីក្រោយ​ខ្នង

​ភ្នំពេញ ៖ ក្នុងឱកាស​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការទន្ទ្រាន​កាន់កាប់​បឹង​តា​មោគ នា​ថ្ងៃទី​១៨ ខែមករា​នេះ លោក សុខ សម្បត្តិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បាន​បញ្ជាក់ថា​ការទន្ទ្រាន​កាន់កាប់​ផ្ទៃ​បឹង​នេះ​រដ្ឋបាល​ខណ្ឌ ព្រែក​ព្នៅ​បានដាក់​កំណត់ និង​មានការ​យល់ព្រម​ពីសា​ម៉ី​ខ្លួន​ផង ថា​រុះរើ​សំណង់​ដែល​សង់​រំលោភ​ទ​ន្រា្ទ​ន លើដី​បឹង​តា​មោគ​នោះ​ចេញ​តែ​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ។​ប៉ុន្ដែ​មកទល់ពេលនេះ​រយៈពេល​២​សប្ដាហ៍​ហើយ សំណង់​ទាំងនោះ​ពុំទាន់​បាន​រុះរើ​នៅឡើយ ហាក់ដូច​ជាមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​។​

លោក សុខ សម្បត្តិ បាន​បញ្ជាក់ថា បើតាម​ព៌​ត​មាន​ពី​អាជ្ញាធរ​សង្កាត់ សំរោង និង​ពី​ភា្ន​ក់​ងារ​របស់​យើង អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​នោះ​គឺ ជា​អ្នកមាន​ឋានន្ដរៈស័ក្ដិ​ថែមទៀត​ផង សមត្ថកិច្ច​ខណ្ឌ​កំពុង​ស្រាវជ្រាវ បន្ថែមទៀត​ឲ្យ​បាន ច្បាស់លាស់ ។

លោក​អភិ​បាន​ខណ្ឌ​បាន​សំណូមពរ​ដល់​បងប្អូន​ទាំងនោះ សូមកុំ​លូកដៃ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​អាជ្ញាធរ ត្រូវ​យល់ថា នេះ​ជា​ដី​របស់​រដ្ឋ ជា​បឹង​របស់​រដ្ឋ អាចធ្វើ​អាជីវ​កម្មបាន​ក្នុង​ក​ម្រឹត​១ ដោយ​ការ​ដាក់មង ចងសន្ទូច ក្នុង​លក្ខណៈ​គ្រួសារ ប៉ុន្ដែ​មិន​អនុញ្ញាតិ អោយ​សាងសង់​សំណង់​ទាំងឡាយ ដែល​បម្រុង​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន ឡើយ​។ សូមកុំ​លូកដៃ ត្រូវ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ចៀសវៀង​នូវ​ភាព​ប្រឈម​ដោយ​ប្រកា​រណា​១ ដើម្បី​ទុក​ឲ្យ​រដ្ឋបាល​ខណ្ឌ បំពេញការងារ​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព ។ ប្រសិនបើ ក្នុងករណី​នៅតែ​បន្ដ​លូកដៃ បែបនេះ អាជ្ញាធរ​ខណ្ឌ និង​ចាត់វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ហើយ ។

ជាមួយនេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​រុះរើ សូម​រុះរើ នៅថ្ងៃនេះ​ជា​កំហិត ព្រោះ​សមត្ថកិច្ច​បាន​ទុកពេល​ឲ្យ​យូរហើយ តែ​ពួកគាត់​មាន​ចេតនា មិន​ព្រម​រុះរើ ដោយសារ​មាន​អ្នក​នៅ​ពី​ក្រោយខ្នង ។ ចំពោះ​ស៊ង​ត្រី អាជ្ញាធរ​ទុកពេល​ឲ្យ​៤​ខែ ដើម្បី​ធ្វើការ​រុះរើ​។​

ទោះជា​យ៉ាងណា​អាជ្ញាធរ​សំណូមពរ​យ៉ាងទទូច​សូម​ឲ្យ​បងប្អូន​រុះរើ​ដោយ​ខ្លួនឯង និង ឈប់​រំលោភ ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាស់ តទៅទៀត ។ ក្នុងករណី​មិន​ព្រម​រុះរើ​រដ្ឋបាល​ខណ្ឌ​នឹង​ប្រើ​កម្លាំង​របស់ខ្លួន ដើម្បី​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ឬ​ខូចខាត​សម្ភារៈ របស់​បងប្អូន​ឡើយ​។​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ មករា​នេះ សមត្ថកិច្ច​ចម្រុះ ខណ្ឌ​ព្រែក​ព្នៅ​ដែលមាន​កម្លាំង​សរុប​ប្រមាណ​ជាង​១០០​នាក់ បាន បង្ក្រាប​ដកហូត និង​ទប់ស្កាត់​សកម្មភាព រំលោភ​យក​ផ្ទៃ​បឹង​តា​មោគ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ស្ថិតក្នុង​ភូមិសាស្ដ្រ សង្កាត់​ព្រែក​ព្នៅ និង សង្កាត់​សំរោង ដែល​ការទន្ទ្រាន​កាន់កាប់ នេះ អ្នកខ្លះ​បានធ្វើ​ស៊ង​ចិញ្ចឹម​ត្រី​មាន​អ្នកខ្លះ​បោះបង្គោល ធំៗ ដើម្បី​កាន់កាប់ អ្នកខ្លះ​បានធ្វើ​ស៊ង​ចិញ្ចឹម​ត្រី ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ និង​មាន​សង់​ជា​សំណង់​ស្នាក់នៅ​ថែមទៀត​៕
​