ភ្នំពេញ ៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្ម នាំចេញ នាំចូល និង ខេត្តមួយ ផលិតផលមួយ នៅរាជធានីភ្នំពេញរយៈ៣ថ្ងៃ ក៏មានពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាង អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន ភីអេសអ៊ឹម គ្លូប៊ល វេនឈើ របស់ប្រទេសម៉ាឡេស៊ី ដើម្បីកសាងមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការ តភ្ជាប់ទំនាក់ទំនងលើការផ្លាស់ប្តូរពាណិជ្ជកម្ម។
លោក ម៉ាលិគ ម៉ូហ្សារ៉ាប Malik Musharaf អគ្គនាយកក្រុមហ៊ុន ភីអេសអ៊ឹម គ្លូប៊ល វេនឈើ(PFM Globle Ventures ) បានបញ្ជាក់នៅក្រោយពិធីចុះហត្ថលេខា លើអនុស្សារណយោគយល់គ្នា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថា “គោលបំណងនៃការចុះអនុស្សារណៈនៅថ្ងៃនេះ គឺចង់បានការអភិវឌ្ឍនលើផលិតផល ជាពិសេស គឺ ផលិតផល ឧស្សាហកម្ម ចំណីអាហារសម្រាប់អ្នកកាន់សាសនាអ៊ីស្លាម (ហាឡាល) ដោយសារពេលបច្ចុប្បន្ន មិនទាន់មានលិខិតបញ្ជាក់ពីហាឡាលនៅឡើយ។ អ្វីដែលខ្ញុំនឹងធើ្វ គឺការអភិវឌ្ឍផ្នែកហាឡាល សម្រាប់កម្ពុជា”។
លោកបន្តថា “យើងមាន២០ប្រភេទនៃហាឡាល ប៉ុន្តែកម្ពុជាចង់អភិវឌ្ឍន៍លើ ចំណីអាហារទៅលើ ពិព័រណ៌ចំណីអាហារ រស់ជាតិ យកចេញពី ពោត អង្ករ ដែលមានតម្រូវការលើពិភពលោក”។
លោកយល់ថា កម្ពុជាមានសក្តានុពលលើអង្គរ ពោត ម្រេច ដែលអាចស្វែងយល់ និងនាំចេញ ក៏ដូចផ្គត់ផ្គង់ដល់ឧស្សាហកម្មនានា នៅលើពិភពលោក សម្រាប់គ្រឿងផ្សំនានាលើចំណីអាហារ។ ផ្នែកហាឡាល មានទំហំធំដែលមានតម្លៃរហូតដល់៧០០ពាន់លានដុល្លារ តែកម្ពុជាខ្វះការផ្សព្វផ្សាយ។ ដូច្នេះយើងចង់បានគំរូមួយដែលកម្ពុជា ជាអ្នកធ្វើផ្ទាល់លើហាឡាល និងគ្រឿងផ្សំផ្អែកលើវត្ថុធាតុដើមនៅកម្បូជា។ យើងមកទីនេះដើម្បីអភិវឌ្ឍទីផ្សារនៅកម្ពុជានិងធ្វើកសិកម្មតាមកិច្ចសន្យា ជំនួបអាជីវកម្ម ដើម្បីអភិវឌ្ឍផលិតផល និងទីផ្សារដ៏សំខាន់នេះ។
លោកបញ្ជាក់ថា មានផលិតផលជាច្រើននៅកម្ពុជា ដែលជាផលិតផល ហាឡាលស្រាប់ និងមានតម្រូវការចាំបាច់ តែគ្មានការផ្សពផ្វាយចេញពីកម្ពុជា។ តទៅនេះ តាមរយៈ អនុស្សារណៈនេះ ផលិតផលកម្ពុជា ជាច្រើននឹងបានដឹងដល់ប្រទេសដែលអ្នកកាន់សាសនាអ៊ីស្លាម ពិសេស លើផ្នែកចំណីអាហារនេះតែម្តង។
ទាក់ទិននឹងបញ្ហានេះ លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានផងដែរ៕

ប៉ោយបែត ៖ តាមសេចក្ដីរាយការពីមន្ត្រីព្រំដែនកម្ពុជា-ថៃ ឱ្យដឹងថា ភាគីថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីចំនួន15នាក់(ស្រី5) ព្រោះតែរឿងបាត់ម៉ាស៊ីនបូមទឹកពលរដ្ឋរបស់គេចំនួន១គ្រឿងនៅភូមិចាក់សាន់ ឃុំនិងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រឈមនឹងទឹកដីកម្ពុជាភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសាភាគីថៃដោះលែងតែមនុស្សទុកម៉ូតូ12គ្រឿង ធ្វើឲ្យខាងភាគីកម្ពុជាឆ្លើយតបដោយឃាត់ទុករថយន្តថៃចំនួន5គ្រឿងវិញ ដើម្បីបើកការចចាររកដំណោះស្រាយ។
ហេតុការណ៌ខាងលើបានកើតឡើងនៅម៉ោង8និង30នាទីព្រឹកថ្ងៃទី18ធ្នូ2017។
ប្រភពថាពរដ្ឋទាំង15នាក់នោះមានទីលំនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ និងជាកម្មករចេញចូលស៊ីឈ្នួលចាក់អង្កាមឲ្យជនជាតិថៃឆ្លងព្រំដែនទៅព្រឹកវិលល្ងាច។ ប្រភពថានៅព្រឹកកើតហេតុនេះ ពលរដ្ឋខ្មែរទាំង15នាក់នោះ បានចូលទៅធ្វើការលើដីថៃដូចសព្វមួយដងស្រាប់តែត្រូវប្រជាការពារភូមិថៃ ធ្វើការឃាត់ខ្លួនតែម្តង ប៉ុន្តែដោយសារមានការអន្តរាគមន៌ជួយពីកម្លាំងជួរមុខកម្ពុជាយោធានិងនគរបាលការពារព្រំដែននិងអាជ្ញាធរដែនដីភាគីថៃក៌បានដោះលែងពលរដ្ឋខ្មែរទាំង15នាក់ឲ្យមកផ្ទះវិញ ប៉ុន្តែមិនដោះលែងម៉ូតូ12គ្រឿងទេ បើសិនរកមិនឃើញម៉ាស៊ីនបូមទឹកឲ្យគេវិញខណៈពលរដ្ឋខ្មែរទាំង15នាក់អះអាងថា មិនបានធ្វើអ្វីខុសច្បាប់ដូចគេចោទប្រកាន់នោះទេ។
ប្រភពបន្តថា ដោយសារបញ្ហាខាងលើនេះ សមត្ថកិច្ចព្រំដែនភាគីកម្ពុជា បានធ្វើការឃាត់រថយន្តដឹកអង្កាមរបស់ថៃចំនួន5គ្រឿងវិញ នៅចំណុចច្រករបៀងតំបន់5ស្ថិតក្នុងភូមិព្រៃចាន់ ជាថ្នូរក្នុងការរកដំណោះស្រាយ។
ជុំវិញករណីខាងលើមន្ត្រីយោធាប្រចាំចំណុចកើតហេតុ បានប្រាប់តាមទូរស័ព្ទថា ពិតជាកើតមានមែនប៉ុន្តែលោកថា សា្ថនការបានវិលមកភាពដេីមវិញហើយគឺម៉ូតូពលរដ្ធចំនួនខ្មែរ12គ្រឿងដែលគេចាប់ទុកនោះ ត្រូវបានភាគីថៃ ប្រគល់ឲ្យម្ចាស់វិញហើយ ចំណែករថយន្តដឹកអង្កាមរបស់ថៃ ដែលឃាត់នៅលើទឹកដីខ្មែរក៌ត្រូវបានភាគីកម្ពុជាដោះលែងវិញដូចគ្នាដែរ បន្ទាប់ពីភាគីទាំង2បើកការចចាររួចមក៕ ដោយ ៖ សុវណ្ណ



ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជាឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋ មន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម នាព្រឹកថ្ងៃទី១៨ធ្នូនេះ បានស្នើដល់ភាគីវៀតណាមឱ្យជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជាលើផ្នែកវិទ្យុ និងទូរទស្សន៍សម្រាប់ ជំនួសមន្ដ្រីចាស់ៗដែលត្រូវចូលនិវត្ដន៍។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រសួងសូមស្នើឱ្យភាគីវៀតណាមពិនិត្យលទ្ធភាពក្នុងការជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងព័ត៌មានលើផ្នែកវិទ្យុ និងទូរទស្សន៍ ដោយយកទៅសិក្សារៀនសូត្រនៅប្រទេសវៀតណាមដើម្បីពង្រឹង សមត្ថភាព ចំណេះដឹង និងការទទួលបាននូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ឯកឧត្តមបាន បញ្ជាក់ថា បច្ចុប្បន្ននេះមន្ដ្រីជំនាញបច្ចេកទេសផ្នែកវិទ្យុ ទូរទស្សន៍ និងកាសែតមួយចំនួន ដែលធ្លាប់បានទៅសិក្សានៅប្រទេសវៀតណាមបានចូលនិវត្ដន៍ និងមួយចំនួនទៀតត្រូវជិតដល់អាយុចូលនិវត្ដន៍ជាបន្ដបន្ទាប់ ដែលធ្វើឱ្យមន្ដ្រីជំនាញខាងផ្នែកនេះមានការខ្វះខាតច្រើន។
ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមបានផ្ដល់សម្ភារៈ ឧបករណ៍ និងម៉ាស៊ីនផ្សាយដល់វិទ្យុជាតិ រហូតដល់១៧ខេត្ដ និងបាន ជួយតម្លើងស្ថានីយ៍ទូរទស្សន៍ចំនួន ៥ខេត្ដផងដែរសម្រាប់ពង្រីកការផ្សាយឱ្យបានកាន់តែ ទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវព័ត៌មានពិត និងកម្មវិធីអប់រំ និងកម្សាន្ដ ជាច្រើនទៀត។
ជាការឆ្លើយតបឯកឧត្តម HOANG VINH BAO អនុរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងទូរគមនា គមន៍វៀតណាមបានទទួលយកសំណើរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជា ដោយសន្យាថានឹងបន្ដជួយបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ក៏ដូចជាមន្ដ្រីបច្ចេកទេសផ្នែកវិទ្យុ និងទូរទស្សន៍ និងបានស្នើឱ្យភាគីទាំងពីរជួបពិភាក្សាគ្នាបន្ថែមទៀតលើវិស័យព័ត៌មានថាតើកម្ពុជាទទួលបានអ្វីខ្លះ និងអ្វីដែលនៅសេសសល់ ក្នុងការស្នើឱ្យវៀតណាមបន្ដជួយបន្ថែមទៀត៕
បាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន៤៨នាក់យកទៅអប់រំបន្ទាប់ពីបានប្រមូលផ្តុំគ្នាពេលយប់ហើយផឹកស៊ីស្រវឹងស្រែកឡូឡា ជក់គ្រឿងញៀនគ្មានសណ្តាប់ធ្នាប់នៅលើសួនច្បារសាធារណៈកណ្តាលក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង ប្រធានក្រុមបង្កាបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា ប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះអនុវត្តលើ៣គោលដៅ ដែលគោលដៅទី១នៅក្នុងបរិវេណស្ថានីយ៍រថភ្លើង និង២គោលដៅទៀតនៅតាមទីសាធារណៈនានាក្នុងក្រុងបាត់ដំបង ។ ប្រតិបត្តិការចុះឃាត់ខ្លួននេះដែរ ធ្វើឡើងចាប់ពីម៉ោង១,០០នាទី រំលងអាធ្រាត ដល់ម៉ោង៣,៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
លោកវរ:សេនីយ៍ទោ សៀក ភា ប្រធានស្តីទីការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតស្រាល បានអោយដឹងថា ប្រតិបត្តិការចុះប្រមូលក្រុមក្មេងទំនើងទាំង៤៨នាក់ ជាការអនុវត្តក្រោមវិធានការរដ្ឋបាលដើម្បីអប់រំណែនាំដល់ក្រុមធ្វើសកម្មភាពជិះម៉ូតូជាន់ជន្ទល់កោសផ្ទប់តាមថ្នល់ រោរិ៍ម៉ាស៊ីន និងបង្ហោះម៉ូតូ ។ ជាងនេះទៀត ក្រុមនេះ បានប្រជុំគ្នាជាក្រុមផឹកស៊ីស្រវឹងស្រែកឡូឡានិងឈ្លោះប្រកែកគ្នាបង្កការភ័យខ្លាចដល់សាធារណះជនប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រៅពីនេះតាមចម្លើយរបស់ក្រុមក្មេងដែលឃាត់ខ្លួន បានសារភាពថាពួកខ្លួនស្ទើតែទាំងអស់មានជាប់សរធាតុញៀននិងជាមុខសញាចាស់ធ្លាប់ទទួលការអប់រំ ណែនាំម្តងរួចមកហើយ។
លោកវរ:សេនីយ៍ទោ សៀក ភា បន្តថា ក្រុមក្មេងទំនើងទាំងអស់ដែលឃាត់ខ្លួនយកមកអប់រំនេះចំនួន៤៨នាក់ ក្នុងនោះមានក្មេងចំនួន៥នាក់ជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀន ក្មេងមានជាប់សារធាតុញៀនចំនួន៣០នាក់ និង៣នាក់ផ្សេងទៀតជាក្មេងដើរពពាក់ពពូនតាមគ្នា៕



ខេត្តព្រះសីហនុ៖ក្រុមគ្រូទាយជនជាតិឥណ្ឌាចំនួន ៣នាក់ ត្រូបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនទាក់ទងបទចោទប្រកាន់ឆបោក ដែលប្តឹងដោយភ្ញៀវ ទេសចរជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងមកលេងកំសាន្តនៅតំបន់ឆ្នេសមុទ្រ នាខេត្តទេសចរណ៍ មួយ នេះ។
យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ការឃាត់ខ្លួនជនបរទេសទាំង ៣នាក់នេះ បន្ទាប់ពីទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថា មានជនជាតិឥណ្ឌា ៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវ ដែលមកលេងកម្សាន្ត នៅតាមឆ្នេរសមុទ្រ អូរឈើទាល ស្ថិតនៅ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនជាតិឥណ្ឌាទាំង ៣នាក់មកសួរនាំ រួមមាន៖
១-ឈ្មោះ SING SAWAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិត ឆ្លងដែនលេខ L995625 មានសុពលភាព ថ្ងៃទី៣.៧.២០២៤ មុខរបរទេសចរណ៍ ។
២-ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M 8535094 មានសុពលភាព ២៧.៥.២០២៥ មុខរបរ ទេសចរណ៍។
៣-ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥណ្ឌាកាន់លិខិតឆ្លងដែនលេខk0333465 មានសុពលភាព ថ្ងៃទី៦.៥.២០២២ ។ អ្នកទាំង៣ ស្នាក់នៅផ្ទះជួល ក្រុមទី១៦ ភូមិទី១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ អូស្ត្រាលី ជាភ្ញៀវទេសចរ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ទាក់ទងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងដែរថា ករណីនេះ សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវរួចហើយ ដោយមានសាក្សី និងភស្តុតាងគ្រប់គ្រាន់ អាចដាក់បន្ទុកលេីជាតិឥណ្ឌាទាំង ៣នាក់ ពីបទល្មើសឆបោក។ក្នុងនោះ មាន វត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន គឺលុយចំនួន ១៦០ដុល្លារ។
លោក កុល ផាលី បន្តថា ចំពោះជនសង្ស័យជនជាតិឥណ្ឌាទាំង ៣នាក់ខាងលើ សមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធីច្បាប់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាកខេត្តព្រះសីហនុដើម្បីបញ្ជូនបន្ត៕


តាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះជា ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំ រដ្ឋមន្ត្រីការ បរទេសនៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដែលបានប្រព្រឹត្តពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងតាលី ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ និងបានឯកភាពជា ឯកច្ឆន្ទ លើការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២។
រដ្ឋមន្ត្រីបានអបអរសាទរចំពោះការបង្កើតលេខាធិការដ្ឋានជាតិ/អង្គភាពសម្របសម្រួលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងប្រទេសទាំងប្រាំមួយ មុនកាលបរិច្ឆេទដែលបានកំណត់ ការទទួល និងការអនុម័តលើគម្រោងដំណាក់កាលទី១ដែលគាំទ្រដោយមូលនិធិពិសេស នៃកិច្ច សហប្រតិបតិ្តការមេគង្គ- ឡានឆាង ការបងើ្កត និងដំណើរការនៃក្រុមការងាររួមលើវិស័យអាទិភាព គន្លឹះ ទាំងប្រាំមួយ ការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹក មជ្ឈមណ្ឌលកិច្ចសហ ប្រតិបត្តិការបរិស្ថានមេគង្គ-ឡានឆាង និងមជ្ឈមណ្ឌលសកលសម្រាប់ការសិក្សាទន្លេមេគង្គ។ រដ្ឋមន្ត្រីបានកត់សម្គាល់ដោយសេចក្តីសោមនស្ស ដែលគម្រោងឆាប់ទទួលបានផលភ្លាមៗទាំង៤៥ និងគំនិតផ្តួចផ្តើមទាំង១៣ ដែលបានដាក់ចេញដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេស នៃកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ត្រូវបានបញ្ចប់ ការអនុវត្ត ឬសម្រេចបាន វឌ្ឍនភាពគួរឲ្យកត់សម្គាល់។ កិច្ចប្រជុំបានអនុម័តលើឯកសារដូចខាងក្រោម៖
១-សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើក ទី៣។
២-បញ្ជីគម្រោងដំណាក់កាលទី១ដែលឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ
មេគង្គ-ឡានឆាង នៅឆ្នាំ២០១៧ និង៣-ព័ត៌មានទំនាក់ទំនងទាន់ហេតុការណ៍របស់ លេខាធិការ ដ្ឋានជាតិ /អង្គភាពសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
គួរកត់សម្គាល់ផងដែរថា នៅក្នុងបញ្ជីគម្រោងដំណាក់កាលទី១ខាងលើ កម្ពុជាមានគម្រោង ចំនួន ១៦ ដែលត្រូវបានឯកភាពសម្រាប់យកទៅអនុវត្ត និងមានទឹកប្រាក់សរុប ៧.៣១៥.៩០៨ ដុល្លារអាមេរិក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិក មេគង្គ-ឡានឆាង ទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លា ឆ្ពោះទៅរក ភាពជោគជ័យ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជានឹងធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព»។
ទន្ទឹមនឹងការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី។ រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរយោបល់ស្តីពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការ ទ្វេភាគី នៅមុនការប្រារព្ធខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ ក្រោយ៕



ប៉ោយប៉ែត ៖ សមត្ថកិច្ចថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ កាលពីថ្ងៃទី15 ខែធ្នូឆ្នាំ២០១៧ នេះ ខណៈដែលពួកគេទាំង៥នាក់ កំពុងលូនចេញពីរន្ធក្រោមដី មួយកន្លែង ដើម្បីឆ្លងដែនដោយខុសច្បាប់ តាមរយៈមេខ្សល់។ ករណីឃាត់ខ្លួននេះ ធ្វើឡើងដោយ កំលាំងអន្តោប្រវេសន៍ និងកំលាំងតម្រួតថៃ ប្រចាំតំបន់ ខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយ បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែង ដែលបានសាងសង់ឡើងជាប់នឹងមាត់អូរព្រំដែនកម្ពុជា ថៃ នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុន ហ្គោលដិនកេត ស្ថិតក្នុងឃុំអារញ្ញ ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
នៅទីនោះមានរន្ធមួយដែលមានទំហំ ០,៥០ម៉ែត្រ ដែលក្រុមជនខិលខូចបានជីករូង ក្រោមដី សម្រាប់លូនឆ្លងចេញ ចូល ពី ប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ តាមក្រោមរបងថ្មនៃខ្សែបន្ទាត់ ព្រំដែន។ ដោយឃើញបែបនេះ កំលាំងថៃ ក៏បានអង្គុយចាំឃ្លាំមើលមួយសន្ទុះ ក៏បានឃើញ ពលករ ខ្មែរចំនួន៥នាក់ បានលូនចេញពីរន្ធបន្តបន្ទាប់ ទើបកំលាំងតម្រួតថៃ ឃាត់ខ្លួនដោយបានចាប់ ទាញ ចេញពីរន្ធ ព្រមទាំងបានសាកសួរបឋម គឺពលករខ្មែរទាំងនោះបានសារភាពថា រូង ក្រោមដីនេះ គឺជាស្នាដៃរបស់ក្រុមមេខ្យល់ សម្រាប់អោយពលករខ្មែរលូនឆ្លងចូល ទៅធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ដោយបង់អោយពួកគេក្នុងម្នាក់៧០០បាត ។
ក្រោយពេលឃាត់ខ្លួនភ្លាមៗ ក្រុមតម្រួតថៃបាននាំខ្លួនជនទាំង៥នាក់ នោះទៅកាន់ស្នងការ ដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ត រកមុខសញ្ញាមេក្លោងធំ ដែលនៅពី ក្រោយខ្នង ក្នុងរឿងនេះ។
សូមបញ្ជាក់ថា នេះមិនមែនជាករណីទិ១ទេ គឺធ្លាប់កើតឡើងជាញឹកញាប់ ហើយកាលពី រសៀលថ្ងៃទី១៦ ខែធ្នូ ម្សិលមិញនេះ ពលករខ្មែរទាំអស់នោះ ត្រូវបានសមត្ថកិច្ចថៃ សាកសួររួច រាល់ និងបានបញ្ជូនមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តជាតិ ប៉ោយប៉ែត វិញរួចហើយ៕



ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ក្នុងមួយឆ្នាំៗពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសចំនួន១លាន២សែននាក់ ពួកគេ បាន ផ្ញើរប្រាក់ដែលធ្វើការបាន មកឲ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាវិញប្រមាណជា ៣.៨០០ លានដុល្លារ អាមេរិក។
ក្នុងឱកាសអញ្ជើញចូលរួមខួប១០ឆ្នាំ របស់សមាគមជ្រើសរើសពលករកម្ពុជា អាក្រា កាលពី ល្ងាចថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន តាវ៉ាន់ដេង ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា សរុបពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស រហូតមក ដល់ពេលនេះ មានចំនួន ១លាន២សែននាក់ ក្នុងចំនួនពលករទាំងអស់នេះ បានផ្ដល់នូវអំណោយ ផលច្រើនមកដល់សង្គមជាតិ ទោះបីទៅដោយស្របច្បាប់ ឬមិនស្របច្បាប់ តែអាចពួកគេរកការ ងារបានធ្វើនៅឯក្រៅប្រទេស និងបានផ្ញើរប្រាក់មកក្រុមគ្រួសារជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា “ពេលខ្ញុំផ្ទាល់បានទៅជួបសំណេះសំណាល ជាមួយ បង ប្អូននៅតាមរោងចក្រមួយចំនួន ខ្ញុំបានសួរមើលទៅថាក្នុងចំណោមទាំងអស់គ្នា អ្នកណាខ្លះផ្ញើប្រាក់ មកផ្ទះវិញមួយខែ២០០ដុល្លារ ឲ្យលើកដៃមើលទៅសឹងតែមួយរយភាគរយ ដោយយ៉ាងតិចណាស់ ក៏១៥០ដុល្លារដែរ”។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្ថែមថា បើសរុបពលករខ្មែរកំពុងធ្វើការនៅថៃ១លាននាក់ ដោយ ក្នុង ម្នាក់ផ្ញើមក១៥០ដុល្លារ ក្នុងមួយខែៗ បូកសរុបទាំងអស់ក្នុងមួយឆ្នាំៗ មានចំនួន១៨០០ លាន ដុល្លារ ហើយសម្រាប់ពលករដែលបម្រើការងារនៅកូរ៉េ ជប៉ុន ម៉ាឡេ យ៉ាងតិចណាស់ក៏២ពាន់លាន ដុល្លារទៀតដែរ ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងទៀតថា សម្រាប់ពលករដែលបានទៅ ធ្វើការ នៅក្រៅប្រទេស ទីភ្នាក់ជ្រើសរើសពលករទាំងអស់ គឺមានភារកិច្ចមួយត្រូវប្រើ សម្តីឲ្យឯកភាពគ្នា បានន័យថា ត្រូវតែគោរពនូវពលករដែលធ្វើការនៅក្រៅប្រទេស ដោយពួកគាត់មិនមែនទៅ ធ្វើជា ខ្ញុំគេ ទៅធ្វើ ជាកញ្ជះគេដាច់ថ្លៃ ដូចពួកប្រឆាំងនិយាយនោះទេ ដោយគ្រប់សមាគមភ្នាក់ទាំងអស់ ត្រូវចេះលើកទឹកចិត្តដល់ពលករ ទៅបម្រើការងារដោយសមត្ថភាពនិងមានជំនាញច្បាស់លាស់។
សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨៥ បាននាំពលករខ្មែរទៅធ្វើនៅប្រទេសរួមមាន៖ ប្រទេសថៃ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរីនិងប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។ ដោយឡែកពលករទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង មិនមែនទៅតាមរយៈក្រុមហ៊ុននោះទេ គឺកើតឡើងដោយមានកិច្ចព្រមព្រៀងរវាងក្រសួងការងារកម្ពុជានិងកូរ៉េ។
លោកស្រី អ៊ឹង សៀឫទ្ធី ប្រធានសមាគមជ្រើសរើសពលករកម្ពុជា អាក្រា បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនទាំង៨៥ ដែលនាំពលករទៅក្រៅប្រទេសនេះ គឺមានចំនួន៤៧ក្រុមហ៊ុន ជា សមាជិករបស់សមាគមអាក្រា៕

ភ្នំពេញ ៖ សាធារណរដ្ឋឆែកដែលជាសមាជិករបស់សហភាពអឺរ៉ុបបានប្រកាសរឹតចំណងមិត្តភាពជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លើរឿង រំលាយគណបក្សសង្គ្រោះជាតិ ដែលជាការសម្រេចរបស់តុលាការកំពូលនោះឡើយ។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខា ធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការ សុខភាព និងគោលនយោបាយសង្គម នៃព្រឹទ្ធសភាសាធារណរដ្ឋឆែក ដឹកនាំដោយឯកឧត្តម Ivo Barekអនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែកនៅទីស្តីការក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបឯកឧត្តម អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ក្នុងជំនួបនេះ គណៈប្រតិភូព្រឹទ្ធសភាឆែក និងរូបលោក បានពិភាក្សាក្រោយបរិយាកាស ដ៏ស្និទ្ធស្នាលបំផុត ពាក់ ព័ន្ធនឹងចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋឆែក ដែលផ្តួចផ្តើមបង្កើតឡើងដោយ សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋឆែក។
ក្នុងជំនួបនោះឯកឧត្តមអ៊ុចបូរិទ្ធក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែកដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា តាំងពីកម្ពុជារំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តម អ៊ុច បូរិទ្ធ និងគណៈប្រតិភូព្រឹទ្ធសភាឆែក ក៏បានពិភាក្សាទៅលើ ការផ្តល់ជំនួយសម្រាប់កម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០១៨-២០២០ ទៅលើវិស័យសិក្សាធិការ សុខាភិបាល និងកសិកម្មជាដើម។
បើតាមឯកឧត្តម អ៊ុច បូរិទ្ធ គម្រោងនេះ នឹងត្រូវចុះហត្ថលេខារវាងមន្ត្រី ផ្នែកអភិវឌ្ឍន៍របស់ កម្ពុជា និងសាធារណរដ្ឋឆែកក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីការពិភាក្សាទៅការរឹតចំណង មិត្តភាព និងកិច្ចអភិវឌ្ឍន៍ហើយ ឯកឧត្តម អ៊ុច បូរិទ្ធិ ក៏បានឆ្លៀតរៀបរាប់ពីស្ថានការណ៍ នយោបាយ នៅកម្ពុជា ជាពិសេសរឿងរំលាយគណបក្សសង្គ្រោះជាតិ ជូនទៅគណៈប្រតិភូព្រឹទ្ធសភារបស់ឆែក ដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុបផងដែរ។
ឯកឧត្តម អ៊ុច បូរិទ្ធ បានគូសបញ្ជាក់ថា ក្រោយពីបានស្តាប់អំពីស្ថានការណ៍នយោបាយ នៅ កម្ពុជា ហើយនោះគណៈប្រតិភូរបស់ឆែក បានឆ្លើយតបថាឆែកមានគោល នយោបាយច្បាស់លាស់ ដោយមិនជ្រៀតជ្រែកគោលនយោបាយរបស់ប្រទេសដទៃនោះទេ ហើយគោរពការសម្រេចចិត្ត របស់កម្ពុជា។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរបស់កម្ពុជា កាត់រំលាយ ចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទថាបានប្រព្រឹត្តទង្វើក្បត់ជាតិ ដោយឃុប ឃិត ជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្រៅពីការរំលាយគណបក្ស នយោបាយមួយនេះហើយ តុលាការកំពូល ក៏បានហាមឃាត់ថ្នាក់ដឹកនាំគណបក្សមួយនេះ ១១៨ រូបមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។
ប្រតិកម្មតបការរំលាយនេះ សភាអាមេរិក និងសភាសហភាពអឺរ៉ុបផងដែរ បានព្រមានក្នុងការ ដាក់ទណ្ឌកម្មដល់កម្ពុជា។ ឯកឧត្តម អ៊ុច បូរិទ្ធ បានអះអាងថា ការសម្រេចរបស់សភាអឺរ៉ុប មិនមែន ចេះតែអាចធ្វើទៅបាននោះទេ ព្រោះការអនុម័តទាំងឡាយស្ថិតនៅលើគណៈកម្មការអឺរ៉ុប។
បើតាមឯកឧត្តម អ៊ុច បូរិទ្ធ សភាសហភាពអឺរ៉ុប ធ្លាប់បានប្រតិកម្មច្រើនលើកច្រើនសារមក ហើយ តាមការអំពាវនាវរបស់លោក សម រង្ស៊ី និងបក្ខពួក តែទីបំផុតសហភាពអឺរ៉ុប មិនដែលបាន អនុម័ត តាមនោះឡើយ។
ក្នុងជំនួបនោះឯកឧត្តម អ៊ុច បូរិទ្ធ ក៏បានវាយប្រហារទៅលោក សម រង្ស៊ី ផងដែរថា ជាបុគ្គល ដែលតែងតែប្រឆាំងប្រយោជន៍ជាតិ និងបំផ្លាញប្រទេសជាតិ៕
ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះថា ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ នឹងបន្តចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាខេត្តចុងក្រោយ ក្នុងគោលដៅនៃប្រតិបត្តិការនេះ ដើម្បីបន្តប្រតិបត្តិការពិនិត្យ និងពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីទាំងនោះ»តបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW មានចំនួន៤នាក់ បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បំពាក់ដោយម៉ាស៊ីនធ្វើតេស្តពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ បានចុះប្រតិបត្តិការរួចរាល់ហើយ នៅខេត្តដែលរកឃើញគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក គឺនៅខេត្តមណ្ឌលគិរី ចំនួន ១០ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន២ទីតាំង ចំណែកនៅខេត្តស្វាយរៀង ដែលជាខេត្តចុងក្រោយនៃប្រតិបត្តិការនេះ នឹងត្រូវបន្តចុះនៅថ្ងៃទី១៥ ខែធ្នូ នេះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ នៅខេត្តស្វាយរៀង ដែលជាខេត្តប្រតិបត្តិការចុងក្រោយ ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងត្រឡប់មកភ្នំពេញវិញ ដើម្បីសរុបការវាយតម្លៃបញ្ចប់ អំពីលទ្ធផលធ្វើពិសោធន៍ លើគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តទាំង៣ខាងលើនេះ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ស៊ីម៉ាក់ បានបង្ហាញថា យន្តហោះកងទ័ពអាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣ម៉ឺន ៥៤៤លើក មានចំនួនជាង ២លាន ៥៩ម៉ឺនគ្រាប់ មានទំងន់ជាង ២លាន៨ សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង ២៧លាន ៩សែនគ្រាប់។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា គ្រាប់បែកដែលជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមី មួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យរបស់ស៊ីម៉ាក់ នេះទេ៕


ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០នាក់បាននាំគ្នាបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកលុយជូនពួកគាត់។
តាមសេចក្ដីរាយការណ៍បានឲ្យដងឹថា នៅពេលក្រុមកម្មករ បានធ្វើការបិទផ្លូវជាតិ២១បេនេះបណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្ដែក្រោយមកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសចរាចរណ៍ដោយឲ្យទៅតាមផ្លូវមាត់ទន្លេ និងផ្លូវក្នុងក្រុងតាខ្មៅ។
ក្រោយមានការបិទផ្លូវនេះផងដែរ អភិបាលរងក្រុងតាខ្មៅម្នាក់ បានដឹកនាំមន្ត្រីចុះទៅជួបជាមួយតំណាងរោងចក្រដើម្បីធ្វើការដោះស្រាយ ប៉ុន្ដែគិតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនោះទេ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍