All posts by មេគង្គ ប៉ុស្តិ៍

ភ្នំពេញ នឹងមាន​ខ្សែ​រត់​រថភ្លើង​អាកាស​ប្រវែង​ជិត ២០​គ​.​ម៉ រត់​លើ​មហាវិថី​៦​ខ្សែ នៅ​កណ្តាល និង​ជាយក្រុង​

​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​នឹងមាន​ខ្សែ​រត់​រថភ្លើង​អាកាស AGT ប្រវែង​ជិត​២០​គីឡូម៉ែត្រ ដោយ​រត់ លើ មហាវិថី​៦​ខ្សែ​នៅ​កណ្តាល​និង​នៅ​ជាយក្រុង​នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួម​ការកាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ ការប្រែប្រួល​អាកាសធាតុ និង​ការវិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នាពេល​អនាគត ។​
​ការបង្ហាញ​ពី​គម្រោង​ដ៏​ថ្មី​និង​មិន​ធ្លាប់មាន​នេះ​បាន​បង្ហាញឡើង​កាលពី​ទី​១៩ ខែធ្នូ ឆ្នាំ ២០១៧ នៅ​សាល​រាជធានី​ភ្នំពេញ ក្នុង​ប្រជុំពិភាក្សា​ការងារ​បច្ចេកទេស​ជាមួយ​ក្រុមការងារ​អង្គការ JICA ដឹកនាំ​ដោយ​លោក ស៊ូ​កា​ណូ យូ​ឈី (Sugano Yuichi) ប្រធាន​តំណាង​JICA និង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​តម្រូវការ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ជុំវិញ​កា​ររ​រៀបចំ​រថភ្លើង​លើ​អាកាស AGT​។​
​បើតាម​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា គម្រោង​ខ្សែ​រត់​រថភ្លើង​អាកាស​នេះ មាន​ប្រវែង​១៨​គីឡូម៉ែត្រ ដោយ​រត់តាម​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ វេ​ង​ស្រេង ឆ្ពោះ​មក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​១​ខ្សែ​ទៀត​បែកខ្នែង ទៅ​ផ្លូវជាតិ​លេខ​៤​និង​ផ្លូវ​កប់​ស្រូវ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនេះ​នូវបាន​បញ្ជាក់ថា​ការរៀបចំ​អោយមាន​ខ្សែ​រថភ្លើង​លើ​អាកាស AGT នេះ ធ្វើឡើង​ដើម្បី​ចូលរួម​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការប្រែប្រួល អាកាស ធាតុ និង​ការវិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។ សេវា​ដឹកជញ្ជូន​លើ អាកាស​ខ្នាត​មធ្យម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ល្អប្រសើរ​សម្រាប់​រាជធានី​ភ្នំពេញ​បា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​ស្របតាម​កំណើត​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍ មានការ​កើន​ឡើងជា​លំដាប់​៕

​

​ប្រទះឃើញ​សម្លាក់​កំពូល​ប្រាសាទ បន្ទាយឆ្មា​ ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់ ៧​គ​.​ក្រ កប់​ក្នុង​ដី​

​សៀមរាប ៖ មន្ត្រី​អភិរក្ស​របស់​អង្គការ​យូណេស្កូ បាន​ឲ្យ​ដឹងថា កំពូល​ប្រាសាទបន្ទាយឆ្មា ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់ ៧​គីឡូក្រាម ត្រូវបាន​ក្រុម​អភិរក្ស និង​ជួសជុល​ប្រាសាទបន្ទាយឆ្មា ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​កប់​នៅក្នុង​ដី កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ កន្លងមកនេះ និង​បាន​ប្រគល់ជូន​អាជ្ញាធរ ដើម្បី​រក្សាទុក​។​
​យោងតាម​ឯកសារ​បា​ន្យ​ដឹងថា ប្រាសាទបន្ទាយឆ្មា គឺជា​ប្រាសាទ​មួយ ដែល​បាន​កសាងឡើង​ពី​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​ឧទ្ទិស​ដល់​បុត្រា និង​មេទ័ព ៤​នាក់​របស់​ព្រះអង្គ​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ដេញ​ចាម​ក្នុង​ឆ្នាំ​១១៧៧​។​ប្រាសាទបន្ទាយឆ្មា​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មា ស្រុក​ពួក ខេត្តបន្ទាយមានជ័យ និង​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ​ភាគ​ខាងជើង​៕

​

ក្រសួងសុខាភិបាល​ប្រកាស​ប្រមូល​ទឹក​គោ​ម្សៅ​៣​ប្រភេទ ក្រោយ​រកឃើញ​មាន​មេរោគ​ឆ្លង​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ឱ្យ​ប្រមូល​ផលិតផល​ទឹកដោះគោ​ម្សៅ​៣​ប្រភេទ ដូចជា សេ​លី​យ៉ា អាដេ (CELIA AD), សេ​លី​យ៉ា ម៉ា​ម៉ា (CELIA MAMA) និង​ពី​កូត អេស អិ​ល (PICOT SL) ក្រោយ​ទទួលដំណឹង​ពី​ការ​មាន​ឆ្លង​មេរោគ សាល​ម៉ូ​ណែ​ល​ឡា (Salmonella) ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​មេរោគ ពី​បណ្តាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ និង​សេចក្តីប្រកាស​របស់​រោង​ចក្រ​ឈ្មោះ ឡាក់​តា​លី​ស​អាំងទែ​ណា​ស្យូ​ណា​ល់ (LACTALIS INTERNATIONAL) ។
​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា មេរោគ​ដែលមាន​នៅក្នុង​ផលិតផល​ម្សៅ​ទឹកដោះគោ​ទាំងនោះ អាច​បង្កឱ្យមាន​គ្រោះថ្នាក់​សុខភាព​អ្នកប្រើប្រាស់ ពិសេស​ចំពោះ​ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ៕

​

ក្រសួង ហាម​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ មិនឱ្យ​ចាក់ផ្សាយ​បទ​«​គ្រូបង្រៀន​ស្រវឹងស្រា​»​របស់​ផលិតកម្ម​ថោ​ន​

ក្រសួង ហាម​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ មិនឱ្យ​ចាក់ផ្សាយ​បទ​«​គ្រូបង្រៀន​ស្រវឹងស្រា​»​របស់​ផលិតកម្ម​ថោ​ន​។

​https://youtu.be/m77tR8NWdWc

រដ្ឋាភិបាល នឹង​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ក្នុងស្រុក ដើម្បី​ទប់ទល់​សម្ពាធ​ពី​ក្រៅប្រទេស​

​ ​ភ្នំពេញ ៖ ប្រមុខ​រាជរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រាជ រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បង្កើត​ធនាគារ​ថ្មី​មួយ សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឮ​បង្កើន​ការផលិត និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ ជាមួយ​នោះ ក៏​ដើម្បី​សម្រាប់ ទប់ទល់​ជាមួយនឹង​សម្ពាធ​ពី​ក្រៅប្រទេស​ផងដែរ​។
​ ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ជួប​សំណេះសំណាល ជាមួយ​តំណាង​កម្មករ កម្មការិនី នៅ​ថ្ងៃទី​២០ ខែធ្នូ នេះ ប្រមាណ​១៦.១១៨​នាក់ មកពី​រោងចក្រ ចំនួន​១៤ នៅ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​ ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី បានឱ្យដឹងថា ការបង្កើត​នេះ ក្នុងន័យ​ទប់ទល់ ជាមួយ​សម្ពាធ​ពី​ប្រទេស​ខាងក្រៅ ដែល​កំពុង​ព្រមាន​មកលើ​កម្ពុជា ក្រោយ​រំលាយ​គណបក្សប្រឆាំង ហើយ​សម្តេច​បាន​ផ្តាំផ្ញើ​ថា ទោះ​មាន​សម្ពាធ​យ៉ាងណា​ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​រស់ ឡើង​វិ ញ​ដែរ​។​
​ ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ច្បាស់​ថា នៅពេល​ខាងមុខនេះ រាជ​រដ្ឋា ភិ​បាល​កម្ពុជា នឹង​បង្កើត​ធនាគារ​ថ្មី​មួយទៀត សម្រាប់​សហគ្រាស​ធន់​តូច និង​មធ្យម ដើម្បី​ផ្តល់ ឥណទាន​បង្កើន​ការ​ផ​លិ ដោយ​ចាប់ផ្តើម​ជាមួយ​ទុន​ប្រមាណ​១០០​លាន ដុល្លារ​សហរដ្ឋអាមេរិក និង​ដើម្បី​ចូលរួម​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​
​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាងថា កម្ពុជា​មិនអាច​ពឹងផ្អែក​តែ​លើ​វិស័យ​មួយ បាន ទេ គឺ​កម្ពុជា​ត្រូវតែ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំងអស់ ទាំង​កសិកម្ម ឧ​ស្សហកម្ម និង​វិស័យ​ផ្សេងៗ ទៀត ដើម្បី​ពង្រីក​ការងារ​ជូន​ប្រជាពលរដ្ឋ ក្នុងន័យ​ទប់ទល់​ជាមួយ​សម្ពាធ​ពី​ខាងក្រៅ ហើយដោយ មិនត្រូវ​រង់ចាំ​ការដកដង្ហើម​ពី​ប្រទេស​ដទៃ​ដែរ គឺ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​បង្កើត មុខរបរ និង​ការងារ ធ្វើ​កាន់តែច្រើន​ថែមទៀត សម្រាប់​ជួយ​ដល់​ពលរដ្ឋ​របស់​កម្ពុ​ជា ដើម្បី​បង្កើន​តម្រូវការ​ក្នុងស្រុក និង ការនាំ​ចេញទៅ​ក្រៅប្រទេស​។
​ ​យោងតាម​លិខិត​របស់ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានលើកឡើង​ថា ប្រសិនបើ សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​នាំចូល​គិត​ជា​មធ្យម ៦៧៦​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០១៦ ចំណែក​ការនាំ​ចូលទៅ​សហរដ្ឋអាមេរិក​វិញ កម្ពុជា​ត្រូវ​បង់ពន្ធ​ស្ទើរតែ​ទាំងស្រុង​។​
​ ​ពាក់ព័ន្ធ​នឹង​ការរំលាយ​បក្សប្រឆាំង សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បានប្រកាស ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ​ថា បើទោះបី​ជាមាន​សម្ពាធ​ពី​អន្តរជាតិ​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន អាច​រស់ ឡើងវិញ​ដែរ ហើយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា ឲ្យ​កាប់​ថ្ម​ចំណាំ​ចាប់ពីពេលនេះ​តទៅ ព្រោះ គណបក្ស​នេះ ត្រូវបាន​រំលាយ​ដោយ​អំណាច​សាលដីកា​ស្ថាពរ​ពីបទ​ក្បត់ជាតិ របស់​ស្ថាប័ន​តុលាការ កំពូល ចប់​រួចរាល់​ហើយ​៕

​

ACU អំពាវនាវ​ដល់​អ្នកកា​សែត​ចូលរួម​សិក្ខាសាលា​ស្តីពី​«​អ្នកសារព័ត៌មាន និង​ការប្រឆាំង​អំពើពុករលួយ​»

ភ្នំពេញ ៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា អ ប ព នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ បាន សេចក្តីជូនដំណឹង និង​អញ្ជើញ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ឲ្យ​ចូលរួម​កម្មវិធី​សិក្ខាសាលា ដែល ផ្តោតទៅលើ​អ្នក​សា​ព័ត៌មាន និង​ការប្រឆាំង​អំពើពុករលួយ​។​
​ក្នុង​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម​ជម្រាបជូន​ដល់ អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យបាន​ជ្រាបថា អ ប ព នឹង​រៀបចំ​បើក​សិក្ខាសាលា​ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​” រយៈពេល​មួយថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​ចន្ទ ទី​25 ខែធ្នូ ឆ្នាំ​2017 ចាប់ពី​ម៉ោង 8:30​នាទី ព្រឹក នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ មាន​រៀបចំ​ទទួល​អាហារ​ថ្ងៃត្រង់​ផងដែរ​។​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ទទួល​ចុះឈ្មោះ​អ្នកសារព័ត៌មាន​ដែលមាន​បំណង​ចូលរួម (​រួមទាំង​សារព័ត៌មាន​ដែល​បាន​លុបឈ្មោះ​) ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃអាទិត្យ ទី​24 ខែធ្នូ ឆ្នាំ​2017 វេលា​ម៉ោង 17:00​នាទី នៅ​អង្គភាព​ផ្ទាល់ ឬ​តាមរយៈ​ទូរ​ស័​ព្ទេ​បស់​មន្ត្រី​ប្រចាំការ​ដូច​ខាង ក្រោមៈ​
-​លោក ឡឹ​ក ពុំ​បូ​រិ​ន 093 82 32 85
-​កញ្ញា អ៊ឹង សៀក​អៀង 089 80 93 45
-​កញ្ញា ឡូ​វ សុខ​លាង 070 85 95 07
-​កញ្ញា ហុង ស្រី​វេត 088 898 28 27
-​កញ្ញា អ៊ុ ផាណុង 086 83 22 70
-​កញ្ញា ស្រី បុប្ផា 017 51 60 07
​ក្នុង​សេចក្តីជូនដំណឹង​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​អំពាវនាវ​សូមអ្នក​សារព័ត៌ មាន ទាំងអស់​ជ្រាប​ជា​ដំណឹង និង​សូម​អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ​៕

​

ខេត្តព្រៃវែង ប្រកាស​លុបចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស​

ខេត្តព្រៃវែង ប្រកាស​លុបចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស​
​ព្រៃវែង ៖ នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ស្នងការ​ដ្ធា​ន​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក​.​នៃ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ ស្តីពី​ការលុបចោល​និង​ដកហូត​ឯកសារ​រ​ដ្ធ​បាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​។​
​ពិធី​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោ​ឧ​ត្ត​ម​សេនីយ៍​.​ឧ​ត្ត​ម​សេនីយ៍​ទោ​.​លោក​អភិបាល​.​អភិបាលរង​ខេត្ត​.​លោកស្នងការ​ស្នងការរង​ខេត្ត​.​កងរាជអាវុធហត្ថ​ខេ​ត្ថ​.​អភិបាលស្រុក​.​អធិការ​.​មេឃុំ​.​មេ​ប៉ុស្តិ៍រ​ដ្ធ​បាល​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំការ​តាម​ច្រកទ្វារ​ទូទាំង​ខេត្តព្រៃវែង​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុ​វណ្ណា ពិសា​ខា អគ្គនាយករង​នៃ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​បានបង្ហាញ​នូវ​ការផ្តោត​សំខាន់​អនុ​ក្រឹ​ត​លេខ​១២៩​អនក្រ របស់​រាជរដ្ធាភិបាល​ស្តីពី​ការលុបចោល​នូវ​ឯកសារ​រ​ដ្ធ​បាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​ប្រើប្រាស់​.​លិខិត​លេខ​.៤៣៣១ ប្រ ក របស់​ក្រសួងមហាផ្ទៃ​ប្រកាស​ស្តីពី​បែបបទ​និង​នីតិវិធី​នៃ​ការដកហូត​ឯកសារ​រ​ដ្ធ​បាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់​នៅក្នុង​ខេត្តព្រៃវែង​។ ក្នុងឱកាស​នោះដែរ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​បាន​ណែនាំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​.​រ​ដ្ធ​បាល​ក្រុង​.​ស្រុក​.​មេឃុំ​.​ចៅសង្កាត់​.​អធិការ​.​ប៉ុស្តិ៍រ​ដ្ធ​បាល​នគរបាល​ទូទាំង​ខេត្ត​ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រីនគរបាល​ជំនាញ​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​អនុ​ក្រឹ​ត​លេខ​១២៩ ហើយក៍​សំណូមពរ​ឲ្យ​មន្ត្រីរ​ដ្ធ​បាល​.​ឃុំ​សង្កាត់​និង​ប៉ុស្តិ៍រ​ដ្ធ​បាល​ទាំងអស់​មុន​និង​ចេញ​លិខិតស្នាមរ​ដ្ធ​បាល​ផ្សេងៗ​ជូន​ប្រជា​ពលរ​ដ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ព្រោះ​យើងទាំងអស់គ្នា​ជា​អ្នកបំរើ​ប្រជា​ពលរ​ដ្ធ​។​លោក​អភិបាល​ក៍បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​ពិនិត្យមើល​តាម​វង់ល្បែង​កាស៊ីណូ និង​តាម​បណ្តា​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​ផ្សេងៗ ដែលមាន​ជនបរទេស​អន្តោ​ប្រវេ​ស​ន៌​ចូលមក​អត់​ច្បាប់​ទន្លាប់​ហើយ​សូម​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ជួយ​ពិនិត្យមើល​ល្បែង​តាម​កាស៊ីណូ​បើ​ទោះ​មានច្បាប់​ក៍​ត្រូវ​ពិនិត្យ​ជនជាតិខ្មែរ​ចូល​លេង​ផង​ព្រោះ​ច្បាប់​ស្រុក​យើង​មិន​ឲ្យ​មាន​ជនជាតិខ្មែរ​ចូល​លេង​ទេ​។​លោក​អភិបាល​ក៍បាន​ជំរុញ​បន្ថែមទៀត​សូម​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ត្រូវ​សហការគ្នាជាមួយ​មន្ត្រី​ជំនាញ​តាម​ច្រកទ្វារ​ជួយ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរឹង​រាល់​ការនាំ​ចេញចូល​នូវ​ជំ​និ​ញ​គ្រប់​ប្រភេទ​ពី​គុណភាព​ឲ្យ​បាន​ម៉ឺង​មាត់​ដើម្បី​សុខភាព​អ្នក​បរិភោគ​ជាពិសេស​សុ​ខ​ភាព​ប្រជាពរ​ដ្ធ​។​
​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ​ផល បាន​មានប្រសាសន៍ថា​អគ្គនាយក​ដ្ធា​ន​អន្តោ​ត្ថូ​វ​ធ្វើជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ​ដឹកនាំ​សម្របសម្រួល​ជាមួយ​បណ្តា​អង្គភាព​និង​អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័​ដើម្បី​ដកហូត​ឯកសារ​រ​ដ្ធ​បាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ដូច​មានចែង​ក្នុង​ប្រការ​១​នៃ​ប្រកា​សលេខ​៤៣៣១​ប្រក​។​បន្ថែម​ពី​នោះ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​ក៍​ត្រូវ​រៀបចំ​បែបបទ​នីតិវិធី​ដើម្បី​ដកហូត​ឯកសារ​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​ប្រើប្រាស់​។​លោក​អគ្គនាយក​ដ្ធា​ន​បន្តថា ត្រូវ​ចាត់តាំង​ក្រុមការងារ​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​មូល​ដ្ធា​ន​ពាក់​ព​ន្ធ័​នៅ​រាជធានី​.​ខេត្ត​ដើម្បី​អនុវត្ត​កិច្ចការ​នេះ​។​ចំណែក​ជនបរទេស​ណា​ដែល​លាក់លៀម​មិន​យក​ឯកសារ​រ​ដ្ធ​បាល​កម្ពុជា​មិន​ប្រក្រតី​មក​បង្ហាញ​ដល់​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​រួមទាំង​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​បន្ថែមទៀត​៕
​

កូន​គោ​ចម្លែក​ញី​មួយ​ឈ្មោល​មួយ​កើតមក​ជាប់​គ្នា​មាន​ជើង​៨ ក្បាល២ កន្ទុយ​២

​ឧ​ត្ត​រ​មានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាំ​គ្នីគ្នា​ទៅ​អុជ​ធូប​បុណ្យ​ស្រន់ និង​សុំ​សេចក្តីសុខ ពី​សាកសព​កូន​គោ​ចំឡែក​ពីរ​ក្បាល​ដែល​កើតមក​ជាប់​គ្នា ដោយ​ពួកគាត់​គិតថា ជា​រឿង​អភូតហេតុ និង​មាន​អ្នកមាន​បុណ្យ​បារមី​មក​ចាប់ជាតិ​។​

​តាម​ការរៀបរាប់​ពី​ម្ទា​ស់​គោ​ចំឡែក​នេះ ឈ្មោះ ប្រាក់ ហៀន ភេទ ស្រី អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា កូន​គោ​ចំឡែក​ដែល​កើតមក​មាន​ឈ្មោល​មួយ​ក្បាល និង​ញី​មួយ​ក្បាល មាន​ជើង ៨ ក្បាល​ពីរ និង​កន្ទុយ​ពីរ តែ​ត្រគៀក​ជាប់ ដែល​បានកើត​នៅវេលា​ម៉ោង ១២ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​រយពេល​បី​ម៉ោង​មក​ក៏បាន​ស្លាប់​ទៅវិញ​។​
​

បងស្រី​បាន​បញ្ជាក់ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល មាន​អ្នកជិតខាង អ្នក​នៅ​ភូមិ​ជាមួយ និង​អ្នកភូមិ​ផ្សេងទៀត ដែល​ដំណឹង​នេះ ក៏​នាំគ្នា​មក​មើល​កូន​គោ​ភ្លោះ​ញី​ឈ្មោល​នេះ ដោយមាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​អុជ​ធូប​បួង​សុំ​សេចក្តីសុខ ព្រោះ​ពួកគាត់​គិតថា វា​ជា​អភូតហេតុ​។ ហើយ​មិនតែប៉ុណ្ណោះ ក៏មាន​អាចារ្យ យាយ​តា និង​ចាស់ទុំ ក៏បាន​រៀបចំ​ពិធីសូត្រមន្ត និង​បានជ្រើសរើស​ថ្ងៃ​បញ្ចុះ​សាកសព​កូន​គោ​ភ្លោះ​ញី​ឈ្មោល នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ដូច​ទៅនឹង​ពិធី​បុណ្យសព​ប្រពៃណី​ទៅតាម​ជំនឿ​តរៀងមក​៕


​

​កម្ទេច​ភ្លើងផ្សារដែកឆាបឆេះ​ជ​ញ្ចាំ​ង​ស្បូ​វប្រើ​បំពង់​ពន្លត់​បាញ់​អស់​៤​បំពង់ទើប​រលត់​

​ភ្នំពេញ​៖ ភោគ​ជនី​យ​ដ្ឋា​ន “​ម្លប់​ស្បូវ ក្លាស​ស៊ី​ក​” កំពុងតែ​សាងសង់​ស្រាប់តែ​ជាងផ្សារដែក​ធ្លាក់​កំទេច​ដែក​ផ្សារលើ​ជញ្ជាំង​ស្បូវ​បណ្តាលអោយ​ឆាបឆេះ​ចេះ​ជា​អណ្តាតភ្លើង​តែ​សំណាងល្អ​ត្រូវបាន​អ្នកជិតខាង​យក​បំពង​បាញ់​ពន្លត់​អគ្គិ​យ​ភ័យ​ទាន់ពេលវេលា ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​ភោគ​ជនី​យ​ដ្ឋា​ន​យីហោ “​ម្លូ​ប​ស្បូវ ក្លាស​ស៊ី​ក​” ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំ​ពុង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺមាន​ជាងផ្សារដែក​ប្រមាណ​៣-៤​នាក់​បាន​កំពុង​ផ្សារ​ដំបូល​នៅក្បែរ​ជញ្ជាំង​ស្បូវ ភ្លាមនោះ​ស្រាប់​តែមាន​ភ្លើង​ឆាបឆេះ​ជញ្ជាំង​នោះ​តែម្តង ហើយ​ប្រជាពលរដ្ឋ​បាននាំគ្នា​ដងទឹក​ជះ និង​បាន​យក​បំពង​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ចំនួន​៤​បំពង​ទើប​រលត់​ជា​ស្ថាពរ ទើប​មិន​បណ្តាលអោយ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​ភ្លាមៗ ដោយសារតែ​ស្ថានភាព​អាច​គ្រប់គ្រង​បាន​ទើប​មិនមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ​៕ បក្សី​ចាំ​ក្រុង​

​កែច្នៃផាវធ្វើជាគ្រាប់បែកបោកយកត្រី តែផ្ទុះរបួសមនុស្ស២នាក់

​បាត់ដំបង ៖ បុរស​២​នាក់​នាំគ្នា​យក​ផាវ​កែច្នៃ​ធ្វើជា​គ្រាប់បែក ទៅ​បោក​យក​ត្រី បណ្តាល​ឲ្យ​ត្រូវរបួស​ខ្លួនឯង កាល​វេលា​ម៉ោង​១៧,០០​នាទី ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​កែវ​មុន្នី ឃំ​ុ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។​
​ប្រភពពី លោក​វរ​:​សេនីយ៍​ត្រី ស៊ីវ សុផល អាវុធហត្ថ​ស្រុក​រុក្ខ​គិរី​បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះ​គ្រាប់បែក​ឆ្នៃ​បោក​ត្រី ដែលមាន​គ្នា​៤​នាក់ បណ្តាល​ឲ្យ​មានការ​រងរបួស​២​នាក់ ធ្ងន់​១​នាក់ ស្រាល​១​នាក់​។​
1.​ឈ្មោះ​ខួ តូ​រី ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កេ​ី​ត​ហេតុ​ខាង​លេ​ី របួសធ្ងន់ ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​បាត់ដំបង​
2.​ឈ្មោះ​ឈឹម ឆាន ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ របួស​ភ្ខា​ង​ឆ្វេង ស្រាល ត្រូវ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​៕ ដោយ ៖ សុផល​


​

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​២៨​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​ធនធាន មនុស្ស និង​ការអប់រំ​

​ ​
​ភ្នំពេញ ៖ នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩:៣០ នាទី​ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ចុះហត្ថលេខា នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩:៣០ នាទី​ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់ ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣ ១៧០ លាន​យ៉េន (​ប្រមាណ ២៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង «​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​» នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​។​
ហិរញ្ញប្បទាន​ឥត​សំណង​នេះ ត្រូវបាន​ផ្តល់ជូន​រដ្ឋា​ភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​លើក​កំពស់​សមត្ថភាព​ធនធាន​មនុស្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម របស់​ជាតិ​៕

​

ចំនួន​ទេសចរ​កើនឡើង កម្ពុជា​នឹង​សម្រេចការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​របស់​ពិភពលោក​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក (WTTC)​បានឱ្យដឹងថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​បង្កើត​ការងារ​សរុប ដោយផ្ទាល់ និង​ប្រយោល​ចំនួន​ជាង​២,២​លាន​នាក់ ស្មើនឹង ២៦% នៃ​ការងារ​សរុប ក្នុងនោះ​ការងារ​ផ្ទាល់​មាន​ប្រមាណ​១.២​លាន​នាក់ ស្មើ ១២% នៃ​ការងារ​សរុប ហើយ​ការងារ​ផ្ទាល់​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​។
​ដោយឡែក​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤,៣ លាន​នាក់ កើនឡើង ១០.៤% ធៀប​នឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ នឹង​កើនឡើង​ចំនួន ៥,៦ លាន​នាក់​។​
​ដោយ​ផ្អែកលើ​ស្ថានភាព​ដ៏​ប្រសើរ​នាពេល​បច្ចុប្បន្ន​និង​នៅ​អនាគត​នៅ​ឆ្នាំ​២០២០​កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៧​លាន​នាក់ ដែល​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ចំណូល​ចូលជាតិ​ប្រមាណ​៥.០០០​លាន​ដុល្លារ​អាមេរិក ។
​តាម​សន្ទុះ​នៃ​ការ​ចម្រើន​ឥតឈប់ឈរ និង​គ្រប់​កាលៈទេសៈ វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​បានទទួល​ស្គាល់​ដោយ​អង្គការ​ពិភពលោក​នានា​ថា ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​សម្រេចការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ពិភពលោក​ទៀតផង​។​
​ស្ថាប័ន​ទេសចរណ៍​ដ៏​ធំ​ខាងលើ​បានបង្ហាញ​ទៀតថា ក្នុង​បរិបទ​អាស៊ាន ឆ្នាំ​២០១៦ តំបន់​ទាំងមូល​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន​១១៦​លាន​នាក់ កើនឡើង ៦,៥% ក្នុងនោះ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន មាន​ចំនួន​ជាង ៥៣,៣​លាន​នាក់​។ ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ចំណូល​ជូន​ជាតិប្រមាណ​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ការងារ​សរុប​ប្រមាណ​៤៥​លាន​នាក់ ក្នុងនោះ​ការងារ​ផ្ទាល់​មាន​ប្រមាណ ១៣​លាន​នាក់​។ ជា​ចក្ខុវិស័យ​ឆ្នាំ ២០២០ អាស៊ាន​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​១២៣​លាន​នាក់​។
​គួររំលឹកថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា មានការ​រីកចម្រើន​ខ្លាំងក្លា ខណៈដែល​ឆ្នាំ​១៩៩៨ កម្ពុជា​បានទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ​តែ​២៩​ម៉ឺន​នាក់ និង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស រហូតដល់​ជាង​៥​លាន​នាក់ នៅ​ឆ្នាំ ២០១៦ កើន​១៦២៤% លើ​រយៈពេល​១៨​ឆ្នាំ​។ នៅ​ឆ្នាំ ២០១៦ ជាមួយនឹង​កំណើន​៥% ទេសចរណ៍​កម្ពុជា​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អាមេរិក ស្មើនឹង​១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)៕
​

ប៉ូលិស​បញ្ជូន​បុរស​២​នាក់ ម្សៅ​ថ្នាំញៀន​២០​ថង់ និង​១៨​គ្រាប់ ទៅ​តុលាការ​

​បាត់ដំបង ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប ញ្ជូ​ន​ខ្លួន​បុរស​សង្ស័យ​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២០​ថង់ ស្មើ​៥,៨៣​ក្រាម និង​១៨​គ្រាប់​ទម្ងន់​១,៤៨​ក្រាម និង​សម្ភារ​:​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី នា​រសៀល ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ។​
​លោក ស៊ាន សូ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ធា គឹម​ស៊ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​-​ខេត្តបាត់ដំបង​។​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១​ថង់ ទម្ងន់​០,២៨​ក្រាម ពេល​កំពុង​ជិះ​ម៉ូតូ​។​
​ក្រោយ​ទទួល​ចម្លើយ​ពី​បុរស​សង្ស័យ​ខាងលើ នៅ​ម៉ោង​១៥ និង​៤០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ​ស៊ឹម ឡាយ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ ចំណុច​រង្វង់​មូល​យាយ​ទេព ផ្លូវជាតិ​លេខ​៥​អញ្ចាញ ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ice)​ចំនួន​១៩​ថង់​ទម្ងន់​៥,៥៥​ក្រាម​និង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា wy)១៨​គ្រាប់ ទម្ងន់​១,៤៨​ក្រាម​. ទូរស័ព្ទ​ចំនួន​១​គ្រឿង ដែកកេះ​១ កូន​កន្ត្រៃ​១​និង​កូន​ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​៕ ដោយ ៖ សុផល​
​

បង្ក្រាបទីតាំងបើករកស៊ីលក់ដូរសត្វព្រៃ ២កន្លែង សត្វរស់១០ក្បាល ស្រុកភ្នំស្រួច

កំពង់ស្ពឺ ៖ សត្វព្រៃនៅមានជីវិតចំនួន១០ក្បាល និងសាច់ជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ចចម្រុះ ចុះដកហូតចេញពីផ្ទះបើករកស៊ីខុសច្បាប់ចំនួន២កន្លែង ស្ថិតនៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ប្រតិបត្តិការនេះ បានចុះអនុវត្តកាលពីម៉ោង១ និង០៥នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
តុលាការខេត្តកំពង់ស្ពឺ នោះ បានបង្គាប់ឲ្យឆែកឆេរលំនៅឋានចំនួន២ ដែលលួចលាក់ធ្វើសន្និធិ និងសំណាកសត្វព្រៃដោយខុសច្បាប់។ម្ចាស់ផ្ទះទាំង២ រួមមានទី១ឈ្មោះ-ឯម សុភី ភេទស្រីអាយុ៣០ឆ្នាំនៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច បានរកឃើញនិងដកហូតពង្រូល(រស់) ០៣ក្បាល ស្មើ៤,៥០Kg, កន្ធាយ(រស់) ០២ ក្បាល ស្មើ១,៨០kg, ពង្រូល (ងាប់)០១ក្បាល ស្មើ៧,០០kg.កន្ធាយ(ងាប់)០៤ក្បាល ស្មើ៨,៣០kg.សាច់ជ្រូក ព្រៃ(ស្រស់)ស្មើ១៤kg. ជើងសត្វកេះ០៤(ស្រស់)ស្មើ១,៨០kg .រោមក្ងោកស្មើ១,០០kg។
ទី២-ម្ចាស់ផ្ទះឈ្មោះ ប្រាក់ សុភាស់ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច រកឃើញនិងដកហូតបានពង្រូល (រស់)០១ក្បាល ស្មើ២,០០kg .អណ្តេីក(រស់)០៤ក្បាល ស្មើ៧,២០kg .ស្រកាសត្វពង្រូល ស្មើ ២,៨០kg។
បច្ចុប្បន្នម្ចាស់លំនៅដ្ឋាន ត្រូវបានសមត្ថកិច្ចធ្វេីការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការរកស៊ីលក់ដូរសត្វព្រៃខុសច្បាប់បន្តទៀត។
ចំណែកសត្វនៅរស់ចំនួន១០ក្បាល ត្រូវបានយកទៅព្រលែងនៅមជ្ឈមណ្ឌលលទ្ធកម្មនៅខេត្តកោះកុង ។ដោយឡែកសត្វងាប់និងសំណាកសត្វព្រៃ ត្រូវបានយកមកដុតកំទេចចោលនៅសាលាដំបូងខេត្តកំពង់ស្ពឺ៕

រដ្ឋាភិបាល​ថៃ នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​ធំ​ជាង​មុន​

​ភ្នំពេញ ៖ ស្ថាន​តំណាង​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចេតនា​របស់​រាជរដ្ឋាភិបាល​ថៃ ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ថៃ ដែល​តែងតែ​ខិតខំ​ពង្រីក​ទំនាក់ទំនង ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ថៃ និង​កម្ពុជា ឱ្យ​កាន់​តែមាន​វិសាលភាព​ធំធេង​ជាង​បណ្តា​ឆ្នាំមុនៗ​ថែមទៀត​។​
​លោក ជីវ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ហាង​លក់​សម្ភារៈ​កីឡា Plus Nine by His and Her នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ​នេះ​ថា ដោយ​ផ្អែកលើ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថិរភាព នយោបាយ ធានាបាន​នូវ​សន្តិសុខ​សាធារណៈ ហើយ​ជា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​គួរឱ្យកត់សម្គាល់ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ប្រទេស​ទាំង​២​ផង និង​ក្នុងនាម​ជា​អ្នកភូមិផង​របង​ជាប់​គ្នា ក៏ដូចជា​ការឧបត្ថម្ភ​គាំទ្រ​ដល់​អាជីវករ​ថៃ ឱ្យ​កាន់​តែមាន​ទីផ្សារ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ជម្រុញ​ដល់​អ្នកវិនិយោគ​របស់​ឱ្យ បន្ត​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​
​លោក​បន្តថា រាជរដ្ឋាភិបាល និង ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​គាំទ្រ​វិស័យ​ឯកជន​របស់​ប្រទេស​ទាំង​២ ដើម្បីឱ្យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ត​រីកចំរើន យូរអង្វែង​លើ​គ្រប់​វិស័យ​។​
​ចំណែក​លោក ថា​ណុង​ឆៃ ជុង​ពីយ​វ៉ា​រាំង ជា​អ្នក​វិនិយោគិន​បាន​អះអាងថា ខ្លួន​មិន​ញញើត​នឹង​ការបោះ​ទុនវិនិយោគ​នៅ​កម្ពុជា​នោះឡើយ ខណៈ​ប្រទេស​មាន​ការវិវត្ត​ជឿនលឿន ហើយ​ប្រជាជនមាន​ការពេញនិយម​លើ​ផលិតផល​បរទេស ដែលមាន​គុណភាព ។ ឆ្លើយតប​នឹង​តម្រូវការ​មួយ​នេះ ហាង​របស់លោក​ធានាថា មិនឱ្យ​អតិថិជន​អស់សង្ឃឹម​ឡើយ​។ ហើយ​លោក​នឹង​បន្ត​ពង្រីក​មុខ​របស់​របស់​ខ្លួន​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ព្រោះ​លោក​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកបមុខរប​រ​នៅ​កម្ពុជា​។​
​លោក​ក៏បាន​អះអាងថា នឹង​បន្ត​ចាប់ដៃ​គូរ​ជាមួយ​អ្នកវិនិយោគ​ក្នុងស្រុក ដើម្បី​នាំនូវ​ផលិតផល​ដែលមាន​គុណភាព មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ពិសេស​លើ​សម្ភារៈ​កីឡា និង​គ្រឿង​ប្រើប្រាស់​នានា ដែល​កំពុង​ពេញនិយម នៅលើ​សកលលោក​៕
​