All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់​​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​

​ខេត្ត​កែប ៖ ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពីបទ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា ប្រើ ប្រាស់​ខ្នោះ ដៃ​នឹង​វ​ទ្យុ​ទាក់ទង​ខុសច្បាប់​នឹង​សង្ស័យ​ប្រើ​កញ្ឆា​ខុសច្បាប់​នៅផ្ទះ​ជួល ខណៈដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ជា​ជនជាតិ​រុស្ស៊ី ឈ្មោះ Vlasovilya ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ កាន់​លិខិត​ឆ្លង ដែន​លេខ 714309033 ជា​អ្នកទេសចរ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កែប សង្កាត់​ក្រុងកែប​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ខ្នោះដៃ​មួយគូរ​, វិទ្យុទាក់ទង​២​គ្រឿង​, ស្រោមកាំបិតស្នៀត​មួយ​, អាវ​ក្រោះ​មួយ​៥, ខោ​ប៉ា​រ៉ា​មួយ​, សាំង​តេ​រ៉ុង​មួយ​, ទ្រនាប់​ក្បាលជង្គង់​មួយគូ និង​ទ្រនាប់​កែងដៃ​មួយគូ​។ ក្រៅពីនោះ​ឆែកឆេរ​ក្រៅ ផ្ទះ​(​ចំងាយ​៣-៤​ម៉ែត្រ​) រកឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​និង​កញ្ឆា​ក្រៀម​មួយកញ្ចប់​ទំងន់​ជាង​មួយ​ខាំ​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​នីតិវិធី​ទៅ​តុលាការ​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

​

សភា​ហ្វីលីពីន​អនុម័ត​ឲ្យ​បន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ភាគខាងត្បូង​ប្រទេស​​

​ហ្វីលីពីន ៖ កាលពី​ថ្ងៃ​ពុធ​ក្រុម​សមាជិកសភា​ប្រទេស​ហ្វីលីពីន​បាន​គាំទ្រ​ទាំងស្រុង​នូវ​ផែនការ​របស់​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ ក្នុង​ការបន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​រយៈពេល​មួយឆ្នាំ​ទៀត​នៅលើ​កោះ​មីន​ដា​ណាវ​នៅ​ភាគខាងត្បូង​ប្រទេស ដើម្បី​បំផ្លាញ​ក្រុម​អ៊ីស្លាម​និយម និង​ក្រុម​ឧទ្ទាម​កុ​ម្មុយ​និ​ស្ត​។​
​ការបន្ត​អនុវត្ត​ច្បាប់អាជ្ញាសឹក​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​គឺជា​រយៈពេល​មួយ​យូរ​ជាងគេ​បំផុត​ក្នុងចំណោម​ច្បាប់អាជ្ញាសឹក ដែល​បុរស​ខ្លាំង​ប្រទេស​ហ្វីលីពីន​គឺ​លោក ហ្វេ​ឌី​ណាន ម៉ា​កូ​ស ធ្លាប់បាន​ប្រើ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​
​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៃ​សភាជាតិ​ពីថ្ងៃ​ម្សិលមិញ​នេះ សមាជិកសភា​ចំនួន​២៤០​រូប​ក្នុងចំណោម​២៦៧​រូប​បាន​បោះឆ្នោត​គាំទ្រ​លោក ឌូ​ធឺ​តេ ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង​បញ្ឈប់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​ជ្រើសរើស​យុទ្ធជន និង​ត្រៀមខ្លួន​ធ្វើការ​វាយប្រហារ​ថ្មីៗ​ទៀត​។​
​សូមបញ្ជាក់ថា ក្នុងការ​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធ​ប្រទេស​ហ្វីលីពីន​បានសម្លាប់​មនុស្ស​ជាង​១១០០​នាក់​ភាគច្រើន​ជា​ក្រុម​សកម្មប្រយុទ្ធ និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាង​២០​ម៉ឺន​នាក់​រត់​ចេញពី​ទីក្រុង​ម៉ា​រ៉ាវី​៕


​

បណ្តា​ប្រទេស​មូស្លីម​ថ្កោលទោស​អាមេរិក​ដែល​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​

តួ​ក​គី ៖ បណ្ដា​ប្រទេស​មូស្លីម​បាន​ថ្កោលទោស​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ទទួលស្គាល់​តំបន់​ខាងកើត​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​
​អគ្គលេខាធិការ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​និយាយថា សមាជិក​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​អង្គការ​នេះ​បាន​ព្រមព្រៀងគ្នា​១០០​ភាគរយ​ដោយបាន​ថ្កោលទោស​ចំពោះ​ការប្រកាស​ទទួលស្គាល់រ​ប​ស់លោក ត្រាំ​។​
​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​លោក រ៉េ​ស៊ី​ប តា​យី​ប អេ​ដូ​ហ្គេ​ន បាន​និយាយថា ដំណើរការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ត្រូវបាន​បញ្ចប់​ហើយ​ដោយសារតែ​ទង្វើ​របស់លោក ត្រាំ នេះឯង​។​
​លោក​បានបញ្ជាក់​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​របស់​អង្គការ​ដែលមាន​សមាជិក​៥៧​ប្រទេស​នេះ​ថា វា​ដល់​ពេលដែល​ក្រុម​ដឹកនាំ​មូស្លីម​ទាំងអស់​ត្រូវ​ពិភាក្សាគ្នា​ថា តើ​អ្នកណា​ជា​អ្នកយក​តួនាទី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​អ្នកណា​ជា​អ្នក​គិតគូរ​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​សហប្រជាជាតិ​៕


​

កម្ពុជា​នឹង​ចុះ​ត្រជាក់​លើក​ទី​២​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២២​

​រាជធានី​ភ្នំពេញ ៖ យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា អាកា​ធាតុ​នៅ​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​ជា​លើក​ទី​២ ចាប់​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ ដោយ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​មក​គ្របដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន​។ ក្នុងពេល​ជាមួយគ្នានេះ ខ្យល់មូសុង​ព្ឍ​សាន​ខ្លាំង ក៏​បង្កើត​ឥទ្ធិពល​មក​លលក​ម្ពូ​ជា​។​
​លក្ខណៈ​បែបនេះ និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា ថង​ចុះ​ខ្លាំង ឯ​ល្បឿន​ខ្យល់ជំនោរ​បក់​ពី​ទិស​ខាងជើង ក៏មាន​ឥទ្ធិពល​ខ្លាំង ក្នុង​មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ , ព្រះវិហារ​, ស្ទឹងត្រែង​, រតនគិរី​,​មណ្ឌលគិរី​និង​ប៉ែ​លិ​ន និង​មាន​សីតុណ្ហភាព​អ​ប្បរមា​មាន​ពី ១៦-១៧ អង្គ​ស្សា​សេ​៕
​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីប្រកាស​របស់​ក្រសួង​ខាងក្រោម​នេះ ​៖

​

ព្រឹក​នេះ​តុលា​ការបន្ត​សួរចម្លើយ​លោក កឹម សុខា

​រាជធានី​ភ្នំពេញ ៖ តាម​លិខិតអញ្ជើញ​មេធាវី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ ចៅ​ក្រ​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នឹង​បន្ត​សួរចម្លើយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៃ​ខេត្ត​ត្បូងឃ្មុំ​បន្ថែមទៀត ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ​។ លិខិត​ដដែល​បញ្ជាក់ថា ការសាកសួរ​នេះ​នឹងធ្វើ​ឡើង​នៅ​បន្ទប់​សាកសួរ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ «​ម​៣» (​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​) ខេត្ត​ត្បូងឃ្មុំ ដែលជា​កន្លែង​ឃុំខ្លួន លោក កឹម សុខា​៕

​

គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការប្រកាស​ព្យួរ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប​

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ចំនួន​៣​ចំណុច ឆ្លើយតប​ទៅនឹង​ការប្រកាស​ព្យួរ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប មកលើ​ការរៀបចំ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​៕

​

វាយប្រហារ​តាម​អាកាស​នៅក្នុង​ប្រទេស​យ៉េ​មែន​សម្លាប់​មនុស្ស​៣០​នាក់

​យ៉េ​មែន ៖ សារព័ត៌មាន BBC ចេញផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការវាយប្រហារ​ផ្លូវអាកាស​របស់​ក្រុមចំរុះ​អារ៉ាប់​ដឹកនាំ​ដោយ អា​រ៉ា​ប៊ី​សា​អូឌីត​លើ​ពន្ធនាគារ​មួយកន្លែង​នៃ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី ក្នុង​រដ្ឋធានី​សា​ណា​អា ប្រទេស​យ៉េ​មែន​។
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់ អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជាប់ឃុំឃាំង នៅឯ​ពន្ធនាគារ​មួយ​ក្នុង​មូលដ្ឋាន​យោធា​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ ចំណែកឯ​ឆ្មាំ​ពន្ធនាគារ​ម្នាក់​ក៏បាន​ឱ្យដឹង​ដែរ​ថា ការវាយប្រហារ​លើកដំបូង​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ពន្ធនាគារ ដោយ​ជំរុញ​ឱ្យ​អ្នកទោស​មួយចំនួន​ព្យាយាម​រត់គេចខ្លួន ខណៈ​ការវាយប្រហារ​មួយ​ផ្សេងទៀត​បាន​បំផ្លាញ​អគារ​មួយ​ស្ទើរតែ​ទាំងស្រុង​។​
​សូមបញ្ជាក់ថា បើតាម​អង្គការសហប្រជាជាតិ មនុស្ស​ច្រើនជាង​៨,៦៧០​នាក់ ត្រូវបាន​សម្លាប់ និង​៤៩,៩៦០​នាក់ បាន​រងរបួស​គិត​ចាប់តាំងពី​ក្រុមចំរុះ​អារ៉ាប់​ធ្វើ​អន្តរាគមន៍ យោធា​ក្នុងប្រទេស​យ៉េ​មែន កាលពី​ឆ្នាំ​២០១៥​មក ហើយ​មនុស្ស​២០.៧​លាន​នាក់ កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​៕

​

ស្ត្រី​ជា​មេ​ឆ្នោត​កន្ទុយលេខ​ម្នាក់​ត្រូវ​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ​

​ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​នៅក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ជា​មេ​ឆ្នោត​ម្នាក់ រួម​និង​វត្ថុតាង​មួយចំនួន​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​មេ​ឆ្នោត​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ សូ ភី​រម្យ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ មុខរបរ​លក់​សំបុត្រ​រថយន្តក្រុង នៅ​ផ្សា​របឹង​ឈូក​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​រួមមាន ៖ ទូរស័ព្ទ iPhone ០៣​គ្រឿង ទូរសារ iPaid០១​គ្រឿង ប្រាក់រៀល ២​លាន ៧៤​ម៉ឺន​រៀល ប្រាក់​ដុល្លារ​១៨០​ដុល្លារ ប្រាក់​បាត​១​ពាន់​បាត ក្រដាស​កត់​កន្ទុយលេខ​ប្រចាំថ្ងៃ មួយចំនួន​។ អ្នកប្រព្រឹត្តិ​ជា​មេ​ឆ្នោត រួមទាំង​វត្ថុតាង​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

​

រដ្ឋមន្ត្រីការបរទេស ៖ អាមេរិក​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​

វ៉ា​ស៊ី​ង​តោន ៖ ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក រ៉ិ​ក ធី​ល័​រ​សុន បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ពិភាក្សា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​នៅពេលណា​ក៏បាន​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវតែ​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្ដូរ​មាគ៌ា​ទៅរក​កម្មវិធី​ផលិត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​។​
​ទន្ទឹមនេះដែរ​លោក ធី​ល័​រ​សុន បាន​និយាយ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមអ្នកវិភាគ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​សហរដ្ឋអាមេរិក​ថា ការត្រៀមខ្លួន​របស់​យោធា​សហរដ្ឋអាមេរិក​ក្នុងការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​ណាមួយ​ពី​ប្រទេស​កូរ៉េខាងជើង​ក៏មាន​លក្ខណៈ​មួយ​ខ្លាំង​ផងដែរ​។​
​ពេលនេះ​កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក​កំពុង​ទទួល​ការបញ្ជា​ឲ្យ​ត្រៀមលក្ខណៈ​នៅ​គ្រប់​អង្គភាព​ទាំងអស់​។​
​សូមបញ្ជាក់ថា កន្លងមកនេះ​លោក ធី​ល័​រ​សុន ក៏​ធ្លាប់បាន​ជជែក​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ពី​ការប្រើ​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​ដែរ ប៉ុន្តែ​លោក ត្រាំ បាន​និយាយថា វា​គឺជា​ការចំណាយ​ពេលវេលា​ឥតប្រយោជន៍​៕


​

ឃាត់ខ្លួនជនជាតិ​វៀតណាម​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

ខេត្តរតនគិរី ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ប​កែវ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម (​លួច​ម៉ាស៊ីន​បាញ់​ស្មៅ​) កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ ហើយ​រត់​គេចខ្លួនបាត់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឆ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​ប​កែវ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឡេ វ៉ាង​ទុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ភន ផេ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​រូបនេះ ត្រូវ​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម លួច​ម៉ាស៊ីន​បាញ់​ស្មៅ​ចំនួន​២​គ្រឿង​។
​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

​

អ្នកជំនាញ​កម្ពុជា និង​បរទេស​​បន្ត​ចុះទៅ​ពិនិត្យមើល​គ្រាប់បែក​គីមី​នៅ​ស្រុក​អូររាំង​

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១៣ ខែធ្នូ​នេះ អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួងការពារជាតិ​បាន​បន្ត​ដឹកនាំ​ក្រុមបច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះមក​ពិនិត្យ​គ្រាប់បែក​គីមី​ដែល​អាមេរិក​ទម្លាក់​មិន​ផ្ទុះ​នៅលើ​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែល​បាន​រកឃើញ​ចំនួន​១០​ធុង ថ្មី​ទៀត​កាលពីពេល​កន្លងទៅ ខណៈដែល​ការចុះ​ត្រួតពិនិត្យ​នេះ​បានចាប់ផ្តើម​ធ្វើឡើង​តាំងពី​រសៀល ម្សិលមិញ​។​
​បើតាម​ឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា តាំងពី​ឆ្នាំ​២០១៥ គ្រាប់បែក​គីមី​របស់​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​គោលដៅ​៨​ចំណុច ហើយ​គ្រាប់បែក​ទាំងនេះ​ធ្លាប់មាន​អ្នកជំនាញ​ជនជាតិ​អាមេរិក​មក​ពិនិត្យ​ម្ដង​រួចមកហើយ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​អង្គការ OPCW គឺ​គេ​ចង់​មក​ពិនិត្យ​ម្ដងទៀត ឲ្យ​កាន់តែ​ជាក់ច្បាស់​។
​ទោះជា​យ៉ាងណា​លោក​មិនទាន់​អាច​សន្និដ្ឋានថា សំណល់​គ្រាប់បែក​គីមី​ទាំងនេះ ជា​ប្រភេទ​គីមី​អ្វី​នោះដែរ លុះត្រាតែ​ការពិនិត្យ និង​ពិសោធន៍​របស់​អ្នកជំនាញ OPCW ចប់សព្វគ្រប់ ទើប​អាច​ជជែក និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​រួមគ្នា​ថា គ្រាប់បែក​គីមី​ទាំងនេះ ជា​គ្រាប់បែក​គីមី​អ្វី​ឲ្យ​ប្រាកដ​នោះ​។​
​សូមបញ្ជាក់ថា ប្រភេទ​គ្រាប់បែក​គីមី​ទាំងនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​អះអាងថា សុទ្ធតែជា​គ្រាប់បែក​ដែល​ទម្លាក់​មិន​ផ្ទុះ ដូច្នេះ​គឺ​វា​នៅមាន​ផ្ទុក​សារធាតុ​គីមី និង​សាយភាយ​ជុំវិញ​បរិវេណ​គ្រាប់បែក​ទាំងនោះ ហើយ ស្ថានភាព​គ្រាប់បែក​ទាំងនោះ គឺមាន​រាង​ដូច​ធុងសាំង ព្រមទាំង​មាន​សភាព​ពុកផុយ អាច​មើលឃើញ​ប្រភេទ​ផ្សៅ​គីមី​ដែល ផ្ទុក​ក្នុង​គ្រាប់បែក​នោះ​តែម្ដង ហើយ​ឥទ្ធិពល​គីមី​គ្រាប់បែក​ទាំងនេះ គឺ​គ្រាន់តែ​នៅក្បែរ​វា​ក៏​អាចធ្វើ​ឲ្យ យើង​រមាស់​លើ​ស្បែក ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផងដែរ ៕

​

លោក គីម ជុង​អ៊ុន បន្ត​ជំរុញ​ឲ្យ​ផលិត​សព្វាវុធ​ឲ្យ​បាន​ច្រើន​ថែមទៀត​

​កូរ៉េខាងជើង ៖ ​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​និយាយ​ក្នុង​មហាសន្និបាត​ដ៏​កម្រ​មួយ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ថា ប្រទេស​កូរ៉េខាងជើង​គួរតែ​បង្កើន​ការផលិត​សព្វាវុធ​ថ្មីៗ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រទេស​ជាស​ត្រូវ​របស់ខ្លួន​។​
​ទូរទស្សន៍​រដ្ឋ​នៅ​ប្រទេស​កូរ៉េខាងជើង KRT ពីថ្ងៃ​ម្សិលមិញ​នេះ​បានបង្ហាញ​វីដេអូ​ពី​លោក ជុង​អ៊ុន ព្រមទាំង​មន្ត្រីក្រោមឱវាទ​ផ្សេងទៀត​កំពុង​ជួបប្រជុំគ្នា​នៅ​ស​ន្នី​សីទ​ឧស្សាហកម្ម​លើក​ទី​៨​នៅ​មជ្ឈមណ្ឌល​វប្បធម៌​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ទូរទស្សន៍​នេះ​បាន​និយាយថា លោក ជុង​អ៊ុន បាន​និយាយ​ទៅកាន់​សន្និសីទ​នេះ​ដោយបាន​សរសើរ​ចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​ប្រទេស​កូរ៉េខាងជើង​កន្លងទៅ​ថ្មីៗ​នេះ​។ ទន្ទឹម​នោះ​មេដឹកនាំ​ប្រទេស​ក​ម្មុយ​និ​ស្ត​មួយ​នេះ​ក៏បាន​ជំរុញ​ឲ្យ​បន្ត​ផលិត​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​ដែលមាន​សមត្ថ​ភាព​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ពេលអនាគត​ផងដែរ​។​
​សូម​រម្លឹកថា កាលពី​ខែ​មុន​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នូវ​អ្វីដែល​ខ្លួន​បាន​ហៅថា ជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ទំនើប​បំផុត​មួយ​ដោយ​ជោគជ័យ​ដោយ​គ្មាន​ឈឺក្បាល​ជាមួយ​ទណ្ឌកម្ម និង​ការ​ថ្កោលទោស​ពី​សំណាក់​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​បន្តិច​សោះឡើយ​៕


​

មនុស្ស​១៩​នាក់​ស្លាប់ និង​របួសក្នុងករណីផ្ទុះ​នៅ​រោងចក្រ​ផលិត​ឧស្ម័ន​​នៅ​អូទ្រីស​

​អូទ្រីស ៖ មន្ត្រី​អាជ្ញាធរ​អូទ្រីស​បាន​និយាយថា មាន​ករណី​មួយ​បានកើត​ឡើង​នៅ​រោងចក្រ​ផលិត​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​អូទ្រីស​ជាប់​នឹង​ប្រទេស​ស្លូ​វ៉ា​គី​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ចំនួន​១៨​នាក់​ទៀត​បាន​រងរបួស​កាលពី​ម្សិលមិញ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​មូលដ្ឋាន​បាន​រាយការណ៍​ថា មន្ត្រី​ពាក់ព័ន្ធ​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​វេជ្ជសាស្ត្រ​ចំនួន​២​គ្រឿង​ទៅ​កន្លែងកើតហេតុ​។ មន្ត្រី​អាជ្ញាធរ​បាន​និយាយថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង​ដោយសារ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ដោយសារ​មន្ត្រី​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​។​
​សូមបញ្ជាក់ថា រោងចក្រ​ផលិត​ឧស្ម័ន​ធម្មជាតិ​នេះ​គឺជា​កន្លែង​បង្ហូរ​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ប្រទេស​ន័​រ​វែ​ស និង​ប្រទេស​មួយចំនួនទៀត ហើយ​រោងចក្រ​នេះ​ក៏​ជា​កន្លែង​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​អឺរ៉ុប​ផងដែរ​៕


​

មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​​វៀតណាម​បួន​នាក់​ករណី​ចូល​កាប់​ឈើ​

​ខេត្តរតនគិរី ៖ ក្រុមមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចុះ​ប្រតិបត្តិការ​ទៅ​តំបន់​កន្ទុយ​នាគ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់ ខណៈ​ពួកគេ​ចូលមក​ទឹកដី​ខ្មែរ ត្រង់​តំបន់​ក្បែរ​កន្ទុយ​នាគ​ចំណុច​បង្គោល​សីមា​លេខ​១០ ដើម្បី​កាប់​ឈើ ។​
មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​ថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ​ទី​១៖ ឈ្មោះ ដន ង៉ុ​កតន អាយុ​២៤​ឆ្នាំ ទី​២៖ ឈ្មោះ ង៉ូ វ៉ាន់​ង៉ុ​ក អាយុ​៥៨​ឆ្នាំ ទី​៣៖ ឈ្មោះ ដាម ឌឹ​ក​ជុង អាយុ​២៥​ឆ្នាំ (​អ្នក​ទាំង​៣​មាន​ទីលំនៅ​ខេត្ត​ក​ន្ទូ​ម​) និង​ទី​៤៖ ឈ្មោះ ចិន ង៉ុ​ក​វឹង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​យ៉ា​ឡាយ​។​
បើតាម​មន្ត្រី​បរិស្ថាន ពេល​នាំខ្លួន​ជនជាតិ​វៀតណាម​៤​នាក់​នេះ ដោយ​ភ្ជាប់​ជាមួយ​មធ្យោបាយ​កាប់ និង​ដឹកជញ្ជូន​ឈើ តែដោយសារ​ស្ថានភាព​ផ្លូវ​មិនអាច​យកមក​ខេត្ត​បាន ក៏ត្រូវ​ដុត​កម្ទេចចោល​នៅ​កន្លែង​នោះ​តែម្តង ។​
មាន​ព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹងថា មុន​និង​កម្លាំង​ក្រសួងបរិស្ថាន​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​៤​នាក់​នោះ គឺ​ខាង​មន្ត្រី​បរិស្ថាន​ខេត្ត ចុះទៅ​តំបន់​នោះ​មុន​ដែរ ប៉ុន្តែ​មិនមាន​លទ្ធផល ។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​ជនអន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា រហូតមកដល់​ព្រឹក​នេះ ជនជាតិ​វៀតណាម​ទាំង​៤​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​នៅឡើយ មិនទាន់​បញ្ជូនមក​ន​គ​របាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​នៅឡើយ​ទេ​៕

​

តុលាការ​កោះហៅ​ទណ្ឌិត​សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​

​រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​បានចេញ​ដីការ​កោះហៅ​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។​
​សូម​រម្លឹកថា ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​កងទ័ព​បង្វែរ​កាណុង​មកលើ រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឱ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់លោក​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ​។​
​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​៕

​