All posts by មេគង្គ ប៉ុស្តិ៍

ប៉ះទង្គិច​គ្នា​លើ​កោះ​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​ហ្វីលីពីន​ស្លាប់​មនុស្ស​៨​នាក់​

​ម៉ានីល​៖​អាជ្ញាធរ​ហ្វីលីពីន​និយាយថា មនុស្ស​៨​នាក់​មាន​ទាំង​ជនសង្ស័យ​ជា​ពួក​ឧទ្ទាម​អា​ប៊ូ​សា​យ៉ា​ហ្វ​៥​នាក់ និង​មន្ត្រី​៣​នាក់​ត្រូវបាន​គេ​សម្លាប់​កាលពី​ម្សិលមិញ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ចាប់ជំរិត​នៅលើ​កោះ​លម្ហែកាយ​បូ​ហូល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​អ្នកនាំពាក្យ​យោធា​ហ្វីលីពីន លោក អែ​ដ​ហ្កា​ដ អា​រ៉េ​វ៉ា​ឡូ បាន​និយាយថា លោក​បានទទួល​សេចក្ដីរាយការណ៍​ថា សត្រូវ​៥​នាក់​ត្រូវបាន​សម្លាប់ ហើយ​រឹបអូស​បាន​កាំភ្លើងយន្ត​៤​គ្រឿង​ពី​ក្រុម​ឧទ្ទាម​។ ប៉ុន្តែ លោក​ថា មនុស្ស​៣​នាក់​របស់​រដ្ឋាភិបាល​ក៏ត្រូវ​បានសម្លាប់​ផងដែរ ខណៈ​មន្ត្រី​២​នាក់​ទៀត​រងរបួស​។ លោក​បញ្ជាក់ថា ការប៉ះទង្គិច​នេះ​បាន​កើតឡើង​ក្រោយពី​ស្ថានទូត​អាមេរិក និង​អូស្ត្រាលី បាន​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ អំពី​ការចាប់​ជំរិត​បង្កឡើង​ដោយ​ក្រុម​ភេរវជន​នៅ​ភាគ​កណ្ដាល​ហ្វីលីពីន​។​
​គួរ​បញ្ជាក់ថា កោះ​បូ​ហូល​គឺជា​មរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ដ៏​ធំ​មួយ ជាទី​ដែល​ភ្ញៀវទេសចរ​ហែល​ទឹក​ប្រលែង​លេង​ជាមួយ​ត្រី​ឆ្លាម​រូបរាង​បា​ឡែ​ន និង​ជិះទូក​កម្សាន្ត​លើទឹក​ទន្លេ​ថ្លា​ដូច​កញ្ចក់ ព្រមទាំង​ឆ្នេរ​ខ្នាច់​ស​ចិញ្ចាច​៕

1

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​បណ្តា​ស្ថានីយ​ចាប់ពី​ថ្ងៃទី​១២​ដល់​២១ ខែមេសា

​រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ចេញផ្សាយ​តារាង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ​តាម​បណ្តា​ស្ថានីយ​ប្រេង​ទូទាំងប្រទេស​កម្ពុជា​។ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ​ចាប់ពី​ថ្ងៃទី​១២ ខែមេសា ដល់​ថ្ងៃទី​២១ ខែមេសា​៕ សូម​មើល​តារាង​ខាងក្រោម​៖

vayo3PHEARAOfn-2017-04-11-15-23-35-0

ក្រសួងមហាផ្ទៃ​កំពុង​ស្នើ​ឲ្យ​ចាប់ខ្លួន ឈាន ពិសិដ្ឋ ពី​ក្រៅប្រទេស​

​រាជធានី​ភ្នំពេញ​៖​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កម្ពុជា​កំពុង​រៀបចំ​ធ្វើឯកសារ​ស្នើ សុំ​ឲ្យ​ប្រទេសជិតខាង​ចាប់បញ្ជូន​ខ្លួន​លោក ឈាន ពិសិដ្ឋ បញ្ជូនមក​កម្ពុជា​វិញ​។ យ៉ាងណាក៏ដោយ លោក​មិនបាន​បញ្ជាក់ថា លោក ឈាន ពិសិដ្ឋ កំពុង​លាក់ខ្លួន​នៅ​ប្រទេស​ណាមួយ​នោះទេ​។​
​លោក ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ដកតំណែង និង​ក្របខណ្ឌ​នគរបាលជាតិ បន្ទាប់ពី​បាន​ប្រើប្រាស់​អាវុធ​បាញ់​ទៅលើ​មន្ត្រី​ដែល​ធ្វើការ​ជាមួយគ្នា​កាលពី​សប្តាហ៍​មុន​។ ទន្ទឹម​នោះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជា​ឲ្យ​ចាប់បញ្ជូន​ឈ្មោះ ឈាន ពិសិដ្ឋ នេះ​ទៅ​តុលាការ​ដើម្បី​អនុវត្តន៍​ច្បាប់​ផងដែរ​៕

n-police-piset1

អាមេរិក​ព្រមាន​បើក​ការវាយប្រហារ​កូរ៉េខាងជើង​បើ​ចិន​មិន​ព្រម​ជួយ​

​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង ដោយ​គ្មាន​ចិន​នៅក្នុង​ករណី​ចាំបាច់ ហើយ​ដែល​ពាក្យ​នេះ​លោក​ក៏​ធ្លាប់​និយាយ​ដែរ មុននឹង​បញ្ជា​ឱ្យ​បើក​ការវាយប្រហារ លើ​ស៊ី​រី​កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​លោក ត្រាំ បាន​សរសេរ​នៅលើ Twitter ដូច្នេះ​ថា​៖ «​កូរ៉េខាងជើង កំពុង​រករឿង​ដាក់​ខ្លួនឯង (…) បើសិនជា​ចិន​សម្រេចចិត្តថា ព្រម​ជួយ​វា​គឺ​រឿង​ល្អ​បំផុត ក៏ប៉ុន្តែ​បើ​ពួកគេ មិន​ជួយ​ក៏​មិន​អី​ដែរ យើង​នឹង​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ពួកគេ​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​ប្រធានាធិបតី​ចិន​ហើយ​ដែរ (​លោក ស៊ី ជិន​ពីង​)​ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នឹង​ល្អប្រសើរ​សម្រាប់​ទីក្រុង​ប៉េកាំង បើសិនជា​ព្រម​ជួយ​យើង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​»​។​
​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​មិន​ស្ទាក់ស្ទើរ​ជាដាច់ខាត​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​លើ​កូរ៉េខាងជើង បើសិន​វា​ចាំបាច់​ត្រូវ តែ​ធ្វើ​វា​មែន​នោះ​៕

fn-2017-04-12-01-26-52-0

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំរកា នឹង​ចូល​មកដល់​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣៖១២ ទៀបភ្លឺ​

​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ គ្រឹ​ស្ដ​សករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ​១៣៧៩ នឹង​ចូល​មកដល់ នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ពោល​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស​.២០១៧ វេលា​ម៉ោង​០៣៖១២​នាទី​ទៀបភ្លឺ​។​
​សុភមស្តុ ! វ​រម​ង្គ​លាជ​យា​តិ​រេ​ក​
​ព្រះពុទ្ធ​សករាជ ព្រះ​សាសនា អតិ​កន្តា​កន្លង​ទៅហើយ​បាន​២៥៦០ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំរកា នព្វស័ក​តទៅ​ចូល​ពុទ្ធសករាជ​២៥៦១ ។​នឹង​គណនា​ឆ្នាំរកា​ឥឡូវនេះ សង្ក្រាន្ត​ចូលមក​ដល់​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស ២០១៧ វេលា​ម៉ោង​០៣​និង​១២​នាទី ។​
​ពេលនោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី​តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​សេត លំអ​នៅ​ព្រះ​កាណ៌​ដោយ​បុប្ផា ច​ង្កូ​រ​ណី អ​ភរ​ណៈ​កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​ចេកណាំវ៉ា ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័​ឌ្ព ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​ម​ហឹ​ង្សា​(​សត្វ​ក្របី​)​ជា​ពាហនៈ រួច​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅកាន់​គុហា​កែ​វធ​ម្មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុ​មេរុរាជ​តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង​) ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូលទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែលជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ ហើយ​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូលមក​ដល់​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ត​តរៀង​ទៅ ។​
​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ​.​ស​២០១៧ វេលា​ម៉ោង​០៣​និង​១២​នាទី ជា​ថ្ងៃ​ចូលឆ្នាំ​រកា នព្វស័ក (​ជា​វារៈ​មហាសង្ក្រាន្ត​) ។​
​ថ្ងៃ​សៅរ៍ ៤​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស​២០១៧ ជា​វារៈ​វ័ន​បត ។​
​ថ្ងៃអាទិត្យ ៥​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ​.​ស​២០១៧ នៅវេលា​ម៉ោង​០៦​និង​៤៦​នាទី​៤៨​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល​ឆ្នាំរកា នព្វស័ក ចុល្លសករាជ​១៣៧៩ និង​មហាសករាជ​១៩៣៩​តទៅ ។​
​នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន ព្យាបាទ ឈ្នានីស​ដែលមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​៥​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។​
​រណ្តាប់​ទទួល​ទេវតា ៖
​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា មាន​ជាអាទិ៍ បាយសី​៩​ថ្នាក់​១​គូ បាយសី​៧​ថ្នាក់​១​គូ បាយសី​៥​ថ្នាក់​១​គូ បាយសី​៣​ថ្នាក់​១​គូ បាយសី​ប៉ាឆា​ម​១​គូ ស្លាធម៌​១​គូ ទឹកអប់​១​គូ (​ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​១​គូ ផ្លែឈើ​១១​មុខ រៀបចំ​ដាក់​លើ​ជើងពាន​១១​គូ ដូង​ឡៅ​១​គូ ទឹកស្អាត​២​កែវ ។ ស្រេច​ហើយ​នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​
​ទំនាយ​ប្រចាំឆ្នាំ ៖
​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ ៖ ឆ្នាំនេះ​ភព​អង្គារ ជា​អធិបតី ដឹកនាំ​ផ្លូវ​ទៅសុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ ហើយ​បាន​នាគ​៤​បង្អុរ​ទឹកភ្លៀង​ចំនួន​៣០០​មេ ដែល​ចែកចេញជា ៖ -​ចក្រ​វា​ឡ​១២០​មេ -​ព្រៃ​ហិមពាន្ត​៩០​មេ -​មហាសមុទ្រ​៦០​មេ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៣០​មេ បណ្តាល​ឲ្យ​មាន​ទឹកភ្លៀង​ដើមឆ្នាំ​តិច កណ្តាល​ឆ្នាំ​ភ្លៀង​មធ្យម និង​ចុងឆ្នាំ​ភ្លៀង​ច្រើន ។​
​កេណ្ឌ​ធា​រា​ទិ​គុណ ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(៣) ត្រូវ​ត្រង់​វាយោធាតុ​ចុះ ទំនាយ​ថា មិន​ក្តៅ មិន​ត្រជាក់ មាន​ខ្យល់ព្យុះ​ខ្លាំងៗ​ជាច្រើន​អាច​កើតហេតុ​ល្អ អាក្រក់​អំពី​ខ្យល់ ។​
​ទំនាយ​ទឹកទន្លេ ៖ ឆ្នាំនេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​០(​សូន្យ​) ទំនាយ​ថា ទឹកទន្លេ បឹងបួរ ទឹកជំនន់​ដោយ​ទឹកភ្លៀង​មាន​ចំនួន​ច្រើនណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំងពួង ។​
​កេណ្ឌ​ធ​ញ្ញា​ហារ ៖ ឆ្នាំនេះ​មាន​កេណ្ឌ​(៥) មាន​ឈ្មោះថា វិបត្តិ ទំនាយ​ថា ស្រូវ សំណាប ស្រែចម្ការ​នឹង​កើតមាន​កិមិជាតិ ដង្កូវ ក្រា សត្វល្អិត​បំផ្លាញ និង​បាន​ផល​ពាក់កណ្តាល ខូចខាត​អស់​ពាក់កណ្តាល ភោជនាហារ​បាន​ផល​ជា​មធ្យម ។ ស្រុកទេស​អាច​នឹងមាន​កល្លិយុគ​យុទ្ធ​សង្គ្រាម ។ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើគ្នា ។​
​ទំនាយ​ការធ្វើ​ស្រែ​៖ ទំនាយ​កេណ្ឌ​ការធ្វើ​ស្រែ​មាន​សេស​(៦)​ទំនាយ​ថា ស្រែ​ដី​ទំនាប និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង​បាន​ផល​ល្អ​ដូចគ្នា​ទាំងពីរ​យ៉ាង ។​
​កេណ្ឌ​ព្រឹក្សា ៖ ឆ្នាំនេះ​ត្រូវចំ​សេស​៤ ត្រូវ​ត្រង់​ដើម​ពោធិ៍បាយ ជា​ស្តេច មាន​ទំនាយ​ថា មនុស្ស​ផង​ទាំងឡាយ​នឹងមាន​កល្លិយុគ ។​
​កេណ្ឌ​ព្រះអាទិត្យ ៖ ឆ្នាំនេះ​យានជំនិះ​របស់​ព្រះអាទិត្យ គឺ​សត្វ​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម​នឹង​ស្រុក​នាម​គ្រុឌ និង​នាម​កណ្តុរ ។​
​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត ៖
​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ៖ ថ្ងៃ​ចូលឆ្នាំ​ដែលជា​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ សណ្តែក ល្ង ផលដំណាំ​ទាំងឡាយ​បាន​ផល​បរិបូណ៌ ទឹកភ្លៀង ព្យុះ​ច្រើន ប៉ុន្តែ​នឹង​ចាញ់កូន​ខ្ចី កូនតូច ។ កើតមាន​រោគ​ឈឺភ្នែក មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន ។​
​ទំនាយ​ថ្ងៃ​វ័ន​បត ៖ ថ្ងៃ​កណ្តាល ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ សណ្តែក ល្ង ផលដំណាំ ត្រី​សាច់​នឹងមាន​តម្លៃ សាម​ណៈ​ជី​ព្រហ្ម​ណ៍​នឹង​ក្តៅក្រហាយ​ចិត្តច្រើន​ជា​អនេក ។​
​ទំនាយ​ថ្ងៃ​ឡើងស័ក ៖ ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថា ឆ្នាំនេះ​ព្រះមហាក្សត្រ​នឹង​រុងរឿង​ដោយមាន​តេជានុភាព និង​មានជ័យ​ជម្នះ​លើ​ពពួក​សត្រូវ​គ្រប់​ទិសានុទិស ទោះបី​ប្រទេស​ធ្លាក់​ក្នុង​យុទ្ធ​សង្គ្រាម​នឹង​ប​ច្ចា​មិត្រ​យ៉ាងណា​នឹងមាន​ជ័យជម្នះ​គ្រប់ពេលវេលា ។​
(​រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​)

unnamed

ត​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹកភ្លាត់ស្នៀតឆក់​ស្លាប់ ​

រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​ត​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹក​ទុក​លេង​ពេល​ចូលឆ្នាំ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​វត្ត​ព្រែក​តា​គង់ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចៅ លាប ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​ត្រី ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ត​ខ្សែភ្លើង​ចេញពី​ម៉ូ​ទ័​រ​ក្នុងផ្ទះ​ចុះទៅ​បូមទឹក​នៅក្នុង​ទន្លេ ដើម្បី​ដាក់​ក្នុង​ពៀង​ក្នុង​ឲ្យ​បងប្អូន​លេង​ពេល​ចូលឆ្នាំ ស្រាប់តែ​ខ្សែភ្លើង​ដែល​ត​នោះ មាន​ដាច់ ហើយក៏​បាន​ឆក់​ស្លាប់​ដួល​ទៅក្នុង​ទឹកតែ​ម្នាក់ឯង​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ រួច​ក៏បាន​ធ្វើ​កោស​វិច័យ​ពិនិត្យ​ទៅ​ឃើញថា ជនរងគ្រោះ​ពិតជា​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled

បាញ់រះ​ក្នុង​សាលារៀន​មួយ​នៅ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា​ស្លាប់​មនុស្ស​២​នាក់​

​វ៉ាស៊ីនតោន​៖​ប៉ូលិស​នៅក្នុង​តំបន់​បាន​និយាយថា គ្រូបង្រៀន​ម្នាក់ និង​ក្មេងប្រុស​អាយុ​០៨​ឆ្នាំ​ម្នាក់​ស្លាប់បាត់​បង់ជីវិត ខណៈ​ក្មេង​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ងន់ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់រះ​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ស្ថិតនៅក្នុង​ទីក្រុង San Bernardino នៃ​រដ្ឋ California​។ នេះ​បើ​យោងតាម សារព័ត៌មាន Channel News Asia​។​
​ប៉ូលិស​បន្តថា បុរស​ជា​ខ្មាន់កាំភ្លើង​ឈ្មោះថា Cedric Anderson មាន​អាយុ​៥៣​ឆ្នាំ និង​ជា​អ្នករស់នៅ​ក្នុង​តំបន់ ហើយក៏​ជា​អតីត​ប្ដី​របស់​អ្នកគ្រូ​ម្នាក់​ឈ្មោះ Karen Elaine Smith អាយុ​៥៣​ឆ្នាំ​។ ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​ធ្វើ​សកម្មភាព​រួច ខ្មាន់កាំភ្លើង​ក៏បាន​បាញ់សម្លាប់​ផងដែរ​។​
​ទោះបីយ៉ាងណា​ប៉ូលិស​មិនទាន់បាន​បញ្ជាក់ នៅឡើយ​ទេពី​ហេតុផល​នៃ​ការបាញ់ប្រហារ​នេះ គ្រា​ដែល​សន្តិសុខ​ក៏​បាននិងកំពុង​រឹតបន្តឹង​សន្តិសុខ​នៅឯ​សាលាបឋមសិក្សា North Park Elementary School​នេះ​ផងដែរ​៕

fn-2017-04-11-09-08-45-0

​ស្រវឹង​ទៅ​ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិន​​ស្លាប់​

ខេត្តកណ្តាល​៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ទៅ​ដេក​លើ​ថ្នល់​រថភ្លើង ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​អង្គ​ខ្លើរ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
​ប្រភព​ពត៌មាន​ពី​មិត្តភក្តិ​របស់​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ ពួកគេ​នាំគ្នា​ហូប​ស្រា ដល់ពេល​ស្រវឹង ជនរងគ្រោះ​ក៏​ទៅ​ដេក​លេង​នៅ​ចំណុចកើតហេតុ រហូតដល់​ដេកលក់​ជ្រុល​ភ្លេចខ្លួន​ក៏ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លាប់​បែបនេះ​តែម្តង លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​។ ប្រភព​ដដែល​បានអោយដឹង​ដែរ​ថា ជនរងគ្រោះ​មានឈ្មោះ លី សុខ​ជា ភេទ ប្រុស អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
​ក្រោយ​កើតហេតុ​សម​ត្ថិ​ច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ​និង​រៀបចំ​ឯកសារ​ប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

de-2-7-1024x576de-1-7-1024x576

CNRP ដកថយ​រឿង​ស្ដ្រី​ម្នាក់​យក​ទ្រនាប់ជើង​គប់​រូប​ថ្នាក់ដឹកនាំ​

​រាជធានី​ភ្នំពេញ​៖​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែង​អះអាងថា ស្ដ្រី​ម្នាក់ ឈ្មោះ សំ សុខា ដែល​បាន​យក​ទ្រនាប់ជើង គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា មិនមែនជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទេ​។​
​អ្នកនាំពាក្យ​រូបនោះ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ប្រកាស​ជំហរ ចូលរួម​ក្នុងការ បោះឆ្នោត​ដោយ​សន្ដិវិធី​។ លោក​បន្តថា លោក​មិន​បានដឹង​រឿងនេះ​ទេ ហើយក៏​មិនដែល​ឃើញ​ឈ្មោះ​ស្ត្រី​ម្នាក់ ហ្នឹង​នៅក្នុង​បញ្ជី របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​៕

fn-2017-04-09-14-11-59-01f99d2a5efa8da566852f958e7e573dc

ឌូ​ទើ​តេ ឲ្យ​ពង្រឹង​ការគ្រប់គ្រង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​ម៉ានីល​៖​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ឲ្យ​យោធា​ពង្រឹង​ការគ្រប់គ្រង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិតនៅ​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន ហើយ​បញ្ជាក់​ជាមួយ​ចិន​ថា មិន​បង្ក​ភាព​តានតឹង​ផ្នែក​អាវុធ​នោះទេ​។​
​លោក ឌូ​ទើ​តេ ថ្លែងថា ហ្វីលីពីន​ចង់​រក្សា​សន្តិភាព​និង​មិត្តភាព​ជាមួយ​ចិន ប៉ុន្តែ​ថា​ប្រទេស​របស់លោក​ត្រូវការពារ​ដែន​អធិបតេយ្យភាព​នៅ​តំបន់​មាន​ជម្លោះ​នៅ​កោះ​ស្ព្រា​ត​លី ខណៈ​ប្រទេស​ផ្សេងៗ​កំពុងដណ្តើម​គ្នា​កាន់កាប់​យក​ដែន​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​នៅ​តំបន់​នោះ​។ លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​បញ្ជា​ឲ្យ​មានការ​កាន់កាប់​លើ​កោះ​ប្រមាណ​ចំនួន​១០ ឬ​៩​ប៉ុណ្ណោះ ដែល​កោះ​ទាំងនោះ​នៅ​ជិត​ឆ្នេរ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ភូមិសាស្ត្រ​។​
​គួរ​បញ្ជាក់ថា ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជា​ឲ្យ​ទាហាន​របស់លោក​ទៅគ្រប់​គ្រង​កន្លែង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​រូបលោក​ផ្ទាល់​នឹង​ទៅ​ត្រួតពិនិត្យ​កន្លែង​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នៅក្នុង​ខែមិថុនា​ខាងមុខ​៕

1

ឪពុក​តិរច្ឆាន​រំលោភ​កូន​ស្រីឯង​ជាង​២​ឆ្នាំ ​

​ខេត្តព្រៃវែង​៖​ដោយ​អំណាច​តណ្ហា​បុរស​ជា​ឪពុក​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ជាច្រើន​ដង​ចាប់ពី​អាយុ​១៧​ឆ្នាំ​រហូតមក​ឥលូវ ម្តាយ​ឈឺចាប់​ក្តៅ​ស្ទើរ​បែក​ដើមទ្រូង​សម្រេចចិត្ត​សមត្ថកិច្ច​ចាប់ខ្លួន​។ ករណី​ឃាត់ខ្លួន​បុរស​ខាងលើ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៣០​នាទី​ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ឯម អ៊ា​ន ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​។​
​ឪពុក​ល្មោ​ម​កាម​រូបនេះ​ឈ្មោះ ម៉ៅ នី អាយុ​៣៦​ឆ្នាំ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ម​.​អ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ព្រៃធំ​ឃុំ ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​
​តាម​ពាក្យបណ្តឹង​បាន​រៀបរាប់ថា ឈ្មោះ ម៉ៅ នី អាយុ​៣៦​ឆ្នាំ​ត្រូវជា​ប្តី និង​ឪពុក​បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួនឯង​អស់​រយៈពេល​ជាង​២​ឆ្នាំ​ចាប់ពី​២០១៥​ជាច្រើនលើក​រហូតដល់​ថ្ងៃទី​០៧ ខែ មេសា ឆ្នាំ​២០១៧​ជា​ថ្ងៃ​ចុងក្រោយ​នៅ​ប្រទេស​ថៃ​ពេលធ្វើ​សកម្មភាព​ម្តងៗ​តែងតែ​គំរាម​មក​កូន​កុំ​ឲ្យ​និយាយប្រាប់​ម្តាយ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា និង​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕

Untitled-1

ក្រសួង​នឹង​បណ្តេញ​លោក ឈាន ពិសិដ្ឋ ចេញពី​ក្របខណ្ឌ​នគរបាល​

​រាជធានី​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា នឹង​បណ្តេញ​នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ហើយ​ថា​នឹង​ចាប់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែង​​ថា ក្រសួងមហាផ្ទៃ​កំពុង​ប្រជុំ និង​ពិនិត្យមើល​ឯកសារ​និង​ភស្តុតាង​មួយចំនួន ដែល​លោក ឈាន ពិសិដ្ឋ បាន​បាញ់​លើ​លោក សេម មករា កាលពី​ថ្ងៃទី​៩​មេសា ។ លោក​ថា ក្រោយពី​ប្រជុំ លោក ពិសិដ្ឋ នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ និង​ស្វែងរក​បុគ្គល​រូបនោះ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​
​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ បាន​បង្ហើប​ថា សមត្ថកិច្ច​បានដឹង​ពី​តម្រុយ​ខ្លះៗ ដែល​លោក ពិសិដ្ឋ លាក់ខ្លួន​ខ្លះ​ហើយ ហើយនឹង​បើក​ប្រតិបត្តិការ​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕

n-police-piset1

ស្ត្រី​ម្នាក់​ត្រូវ​ប្រទះឃើញ​អង្គុយ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​សង្ស័យ​ខ្យល់គរ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ស្ត្រី​ភ​វ័យក្មេង​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​ឃើញ​អង្គុយ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅក្នុង​បន្ទប់​ផ្ទះជួល​សង្ស័យ​ជា​ករណី​ខ្យល់គរ​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​២០ និង​២០​នាទី ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ផ្ទះជួល ស្ថិត​ត្រង់ចំណុច​ក្រុមទី​៣ ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ប្រាប់ថា​៖​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ រិ​ន មករា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុមទី​៣៣​ភូមិ​ព្រែក​មហា​ទេ​ព្យ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅដល់​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ ឃើញថា ជនរងគ្រោះ​អាច​និង​ខ្យល់គ​ហើយ​រអិល​អុកគូថ​បណ្តាល​អោយស្លាប់​តែម្តង​។​
បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ទៅ​បងប្អូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17858915_1859667877605107_20560659_o17886813_1859667860938442_1374706768_o

​ចាប់បាន​បក្សពួក​ក្រុមចោរប្លន់​អ្នកលក់​មាស​នៅ​កំពង់ចាម​ម្នាក់ទៀត​

​ខេត្តកំពង់ចាម​៖​ករណី​ក្រុម​ប្លន់​អ្នកលក់​មាស​អស់​ជិត​២​ម៉ឺន​ដុល្លារ នៅ​ផ្សារ​ធំថ្មី ក្នុង​ក្រុង​កំពង់ចាម និង​ប្លន់​ជាច្រើនលើក​ទៀត នៅតាម​បណ្ដា​ខេត្ត​នោះ ឥឡូវនេះ​សមត្ថកិច្ច បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់បាន​សរុប​ចំនួន​៦​នាក់ ទី​១-​ឈ្មោះ ពៅ សំអឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​វែង សង្កាត់​ពន់​សាំង ខ័​ណ្ឌ​ព្រែកប្រា រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​នា​ងគ​ង្ហី​ង សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម​, ទី​៣-​ឈ្មោះ ស្រី សំអឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​២៣ សង្កាត់​បឹងកក់​២ រាជធានី​ភ្នំពេញ​, ទាំង​៣​នាក់​នេះ ចាប់ខ្លួនបាន​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ចំណែក​ស្រី​ឈ្មោះ សុខ វ​ណ្ណី ហៅ​ភិន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មុខ​វត្ត​ឈូក​វ៉ា សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​ចាប់ខ្លួនបាន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បក្សពួក​២​នាក់​ទៀត ឈ្មោះ សួង អេង ហៅ​ញ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល និង​ឈ្មោះ ញែ​ម យី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៧៕

04_10_2017_09_03_30WhatsApp-Image-2017-04-09-at-4.56.35-PM

ចេញដីកាចាប់ស្ត្រី​សកម្មជន​បក្សប្រឆាំង​រឿង​ប្រមាថ​មេដឹកនាំ​

ខេត្តកំពង់ស្ពឺ​៖​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ កំពុង​តាម​ចាប់​ស្ត្រី​ជា​សកម្មជន​បក្សប្រឆាំង ដែល​បាន​ប្រមាថ​រូប​មេដឹកនាំ​កំពូល របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​បង្ហោះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។​
​ឧ​ត្ត​ម​សេនីយ៍ សម សាមួន ស្នងការ​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រសិន​បានឃើញ​ស្ត្រី ដែល​ប្រមាថ​ថ្នាក់ដឹកនាំ​ខាងលើ​រូបនោះ សូមជួយ​ឃាត់ខ្លួន ឬ​រាយការណ៍​មកកាន់​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​សមត្ថកិច្ច​នាំខ្លួន​ស្ត្រី​នោះ មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។ លោក​ថា ការ​តាម​ចាប់​ស្ត្រី​រូបនោះ​គឺ បន្ទាប់ពី​តុលាការ​បង្គាប់​ឲ្យ​ស្ត្រី ជា​សកម្មជន​បក្សប្រឆាំង ចូលខ្លួន​មក​បំភ្លឺ នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ស្ត្រី​រូបនោះ​បានគេច​ខ្លួន​។​
​សូមជម្រាបថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក កែវ សុធា បានចេញ​ដីកា​កោះហៅ ស្ត្រី​សកម្មជន​គណបក្សប្រឆាំង ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ចំពោះមុខ​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​៕

fn-2017-04-09-14-11-59-0fn-2017-04-09-14-20-48-0