ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈដែលឮសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់ម៉ាំល្ហុងម្នាក់បានចាប់រំលោភរហូតបានសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបញ្ជាក់ថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់ម៉ាំល្ហុងមានទីលំនៅភូមិព្រែកតាមែម ឃុំព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់មហាលាភ ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង។ រីឯក្មេងស្រីរងគ្រោះមាន អាយុ១៣ឆ្នាំ។ សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ត្រីឈ្មោះ ម៉ី សារិន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានចូលមកប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីរបស់ខ្លួន រហូតបានសម្រចកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។
ប្រភពបន្តថា ក្រោយមកគាត់ ក៏មានការងឿងឆ្ងល់និងអាការះក្មួយស្រីខុសធម្មតាទើបសួរនាំក៏បែកធ្លាយតែម្ដង។ ក្រោយពីសមត្ថកិច្ចបានសួរនាំជនសង្ស័យឈ្មោះ ផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែបានធ្វើការឃាត់ខ្លួនក្រោយពីពួកគេធ្វើសកម្មភាពលួចដោះយកទូរទស្សន៍នៅក្នុងផ្ទះសំណាក់ យឺហោ បៃតង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះសំណាក់ យឺហោ បៃតង ផ្លូវលេខ៩០៧ ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់នោះ១/ឈ្មោះ ប៉ិន ស៊ុយទ្រី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់សាមគ្គី ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ ឃិន ពិសី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ចំណែកឯជនរងគ្រោះឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៦២៥អា ក្រុម១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ រឺឯសំភារៈដកហូតរួមមានៈ រថយន្តមួយគ្រឿងម៉ាក Vito ពណ៌ទឹកមាស គ្មានស្លាកលេខ, ទូរទស្សន៍ មួយគ្រឿង ម៉ាក Sumsung ទំហំ ៣២អ៊ី, វ៉ាលីអូសចំនួន ១ ពណ៌ខ្មៅសម្រាប់ដាក់ទូរទស្សន៍ធ្វើសកម្មភាព, ទុលរវ៉ិសចំនួន មួយដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនសង្ស័យប្រុសស្រី ២នាក់ខាងលើ បានជិះរថយន្ត មួយគ្រឿង ម៉ាក Vito ពណ៌ទឹកមាស គ្មានស្លាកលេខ បានមកជួលបន្ទប់លេខ ២០៣ ដើម្បីស្នាក់នៅ លុះដល់វេលាម៉ោង ១២ថ្ងៃត្រង់ ពួកគេទាំង ២នាក់បានចុះមកវិញ ថែមទាំងបានអូសវ៉ាលីមកជាមួយផង ហើយអ្នកដែលមើលការខុសត្រូវនៅផ្ទះសំណាក់ខាងលើ បានសុំកូនសោរបន្ទប់ពួកគាត់វិញ តែជនសង្ស័យប្រុសស្រី ២នាក់នោះ មិនព្រមប្រគល់កូនសោរបន្ទប់ឲ្យទៅអ្នកមើលការខុសត្រូវនៅទីនោះវិញទេ ។ ភ្លាមៗនោះ ដោយមានការសង្ស័យ ក៏បានដើរឡើងទៅបន្ទប់ជួលលេខ២០៣ ហើយយកកូនសោរទៅចាក់បន្ទប់ ស្រាប់តែបើកមើលទៅបានបាត់ទូរទស្សន៍នៅក្នុងបន្ទប់តែម្តង។
ក្រោយមក អ្នកមើលការខុសត្រូវក៏បានចុះមកវិញ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនពួកគេទាំង ២នាក់នោះទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ។
បច្ចុប្បន្នជនសង្ស័យ ២នាក់ខាងលើ កំពុងឃាត់ខ្លួននិងរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធីច្បាប់៕




ខេត្តរតនគិរី៖យ៉ាងហោចណាស់មានមនុស្សក្មេងចាស់៩ នាក់បានពុលនំផ្លែអាយដួលរណូករណែលពេញផ្ទះបន្ទាប់ពីពួកគាត់បានហូបនំផ្លែអាយរួច។ ហេតុការណ៍ពុលនំផ្លែអាយនេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣៥នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទឹកអំពៅ ស្ថិតនៅក្នុងភូមិចាំងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីនគរបាលប៉ុស្ថ៍ឃុំបាតាងបានឲ្យដឹងថា មានប្រជាការពារភូមិចាំងរ៉ា បានរាយការណ៍ប្រាប់ថា មានករណីប្រជាពលរដ្ឋមួយគ្រួសារបានហូបនំផ្លែអាយដែលពួកគាត់បានទិញម្សៅនៅកន្លែងលក់ចាបហ៊ួយមកធ្វើនៅផ្ទះគឺម្សៅអង្ករដំណើបធ្វើផ្ទាល់ដៃខ្លួនឯង ហើយនាំកូនចៅហូបម្នាក់១គ្រាប់អ្នកខ្លះ២ គ្រាប់ ក្រោយមកក៍មានអាការ:ទុនដៃជើង នឹងក្អួតចងអោរភ្លាមៗតែម្តង។
ប្រភពបន្តថា ជនរងគ្រោះមានចំនួន៩ នាក់ ប្រុស៥ នាក់ ស្រី៤ នាក់ ត្រូវបានសាច់ញ្ញាតិដឹកបញ្ជូនតាមរថយន្តឯកជនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្ថ៍ឃុំបាតាងបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ទោះយ៉ាងណាជនរងគ្រោះទាំង៩នាក់ខាងលើនេះ តែពុំបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះឡើយ៕


ឥណ្ឌូនេស៊ី៖ជនសង្ស័យជាសមាជិកក្រុមឧទ្ទមនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន៦នាក់ត្រូវបានប៉ូលិសឥណ្ឌូនេស៊ីបានបាញ់មនុស្ស បន្ទាប់ពីក្រុមឧទ្ទាមទាំងនោះបានបើករថយន្តបាញ់ប្រហារទៅលើមន្ត្រីប៉ូលិសមិនបានសម្រេចនៅភាគខាងកើតកោះជ្វា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យប៉ូលិសកោះជ្វាខាងកើត លោក Frans Barung Mangera បាននិយាយថា ក្រោយពីប៉ូលិសបានប្រដេញតាមមក ក្រុមជនសង្ស័យទាំង៦នាក់នោះ បានបោះបង់រថយន្តរបស់ពួកគេនៅភូមិមួយក្នុងតំបន់ Tuban ស្ថិតនៅមិនឆ្ងាយពីទីក្រុងឧស្សាហកម្ម Surabaya និងព្យាយាមរត់គេចខ្លួនចូលទៅក្នុងចម្ការមួយ ជាទីដែលពួកគេត្រូវបានគេបាញ់សម្លាប់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ប៉ូលិសបានពិនិត្យទៅលើរថយន្តមួយគ្រឿងនោះនៅមុនការវាយប្រហារ ដែលពាក់ព័ន្ធទៅនឹងការចាប់ខ្លួនមនុស្ស ៣នាក់ កាលពីថ្ងៃសុក្រ ជាជនសង្ស័យនៃក្រុមបោះបោរ JAD។ ក្រុម JAD នេះគឺជាអង្គការមួយដែលត្រូវបានក្រសួងការបរទេសអាមេរិកចាត់បញ្ចូលទៅក្នុងបញ្ជីក្រុមចលនាភេរវកម្ម ដែលបានអូសទាញមនុស្សឲ្យមានសមានចិត្តទៅនឹងក្រុមបះបោររដ្ឋឥស្លាមនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានោះក្រុមនេះត្រូវបានគេបញ្ជាក់ថា មានផែនការវាយប្រហារទៅលើស្ថានីយប៉ូលិសមួយកន្លែង ព្រមទាំងបានទិញកាំភ្លើងយន្ត M16 ពីភាគខាងត្បូងប្រទេសហ្វីលីពីនទៀតផង។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមានពលរដ្ឋមូស្លីមច្រើនជាងគេនៅលើពិភពលោក ហើយតែងតែទទួលបានសញ្ញាប្រុងប្រយ័ត្នចំពោះការបះបោរថ្មីៗនេះរបស់ក្រុមជ្រុលនិយម ដែលទទួលរងឥទ្ធិពលពីក្រុមឧទ្ទាមរដ្ឋឥស្លាម៕

រាជធានីភ្នំពេញ៖យុវជនម្នាក់ត្រូវបានកម្លាំសមត្ថកិច្ចឃាត់ខ្លួន ក្រោយរួមភេទជាមួយក្មេងស្រីអនីតិជនបានសម្រេចជាច្រើនដង ដែលការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់ «ដាលីន» ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងជនសង្ស័យបានទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះ រួចក៏នាំគ្នាមកដេកនៅផ្ទះសំណាក់ខាងលើ ពេលនោះជនសង្ស័យ និងជនរងគ្រោះ បានរួមភេទជាមួយគ្នាបានម្តង បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ ក៏បាននាំគ្នាទៅរួមភេទនៅផ្ទះសំណាក់ខាងលើចំនួន៦ដងទៀត។
លុះដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៦និង០០នាទី ជនសង្ស័យបានចេញពីផ្ទះសំណាក់ ពេលនោះជនរងគ្រោះក៏បានទាក់ទង ទៅក្រុមគ្រួសារឲ្យមកទទួល និងប្រាប់រឿងហេតុទាំងអស់រួចនាំគ្នាដើរកឃើញជនសង្ស័យ នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ៕

ខេត្តបន្ទាយមានជ័យ៖នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឈ្មោះ ឈាន ពិសិដ្ឋ ដែលធ្លាប់មានបញ្ហាបង្កការភ្ញាក់ផ្អើលរឿងរថយន្តឡិចស៊ីសបុកកាលពីលើកមុន ឥលូវនេះមានបញ្ហាបានកើតឡើងទៀត ដោយមន្ត្រីរូបនេះបានបាញ់មន្ត្រីនគរបាលម្នាក់ តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត។ នេះយោងតាមប្រភពព័ត៌មានបានពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កឈ្មោះ ឈាន ពិសិដ្ឋ បានប្រើប្រាស់អាវុធខ្លីម៉ាកហ្វេអាកុល បាញ់ប្រហារមកលើលោក សេម មករា ជានាយរដ្ឋបាល បណ្តាលឲ្យចំស្មាខាងឆ្វេង បណ្តាលឲ្យដាច់រលាត់ស្បែក។ ក្រោយកើតហេតុ កម្លាំងនគរបាលអន្តោរប្រវេសន៍បានចាប់ដកកាំភ្លើងពីជនបង្ក ហើយសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនបង្កដល់ផងដែរ តែជនដៃដល់រត់គេចឡើងលើរថយន្តបើកគេចខ្លួនបាត់។ ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕




អេហ្ស៊ីប៖យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានឲ្យដឹងថា មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹងវិហារអ្នកកាន់សាសគ្រឹស្ដមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសអេហ្ស៊ីបបានបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ និងជាង៤២នាក់បានរងរបួស។
សារព័ត៌មានដដែលបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ នៅឯវិហារគ្រឹស្ត St George Coptic ស្ថិតនៅក្នុងទីក្រុង Tanta នៃភាគខាងជើងរដ្ឋធានីគែរ។ ក៏ប៉ុន្តែយ៉ាងណា ក្រុមអាជ្ញាធរអេហ្ស៊ីបមិនបានបញ្ជាក់ឱ្យច្បាស់ពីមូលហេតុ ឬអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕

រតនគិរី៖ព្រឹកមិញនេះ អ្នកឆ្លើយឆ្លងព័ត៌មានមេគង្គប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកកាសែតចំនួន២៧នាក់ នាក់មកពីអង្គភាពផ្សេងៗគ្នា ត្រូវបានប្រធានស្តីទីប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរី លោក សុខ សំអាន បានបញ្ជាឲ្យកូនចៅហៅទៅសួរនាំ ទាមទារឲ្យបង្ហាញលិខិតបញ្ជាបេសកកម្ម(ប៉េ) និងធ្វើការអប់រំមួយរយៈខ្លី ខណៈដែលអ្នកកាសែតទាំងនោះ បានព្យាយាមថតរូបរថយន្តដឹកឈើប្រណីតប្រមាណជិត៣០គ្រឿង ដែលឈប់តម្រង់ជួរគ្នាត្រៀមដឹកចេញឆ្លងដែនចេញទៅកាន់ប្រទេសវៀតណាម ។
មេគង្គប៉ុស្តិ៍ នឹងបន្តផ្សាយជូនបន្ថែមទៀត ពីព័ត៌មានខាងលើនេះ នៅពេលបន្ទាប់៕

រាជធានីភ្នំពេញ៖សាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានសម្រេចលើកពេលសវនាការ រឿងក្ដីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដោយសារអវត្តមានមេធាវីការពារក្ដី។ នេះបើយោងការបញ្ជាក់ពីមន្ត្រីសាលាឧទ្ធរណ៍៕

វ៉ាស៊ីនតោន៖សារព័ត៌មាន Washington Post ចេញផ្សាយមុននេះបន្តិចថា យោធាអាមេរិកបានបាញ់មីស៊ីលចំនួន៥៩គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាស Shayrat នៅក្នុងប្រទេសស៊ីរី ដើម្បីជាការសងសឹកទៅនឹងការវាយប្រហារដោយអាវុធគីមីដែលបានសម្លាប់មនុស្ស៨៦នាក់ក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារកន្លងទៅ។
បើតាមបន្ត្រីអាមេរិកមួយរូបបានបញ្ជាក់ថា ការបាញ់នេះធ្វើឡើងកាលពីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រដោយបាញ់ចេញពីនាវាមុជទឹកដែលឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ មន្ត្រីរូបនោះបន្ថែមថា នេះគឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ អាស្សាដ ចាប់តាំងពីសង្គ្រាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ចំៗថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការដោយខ្លួនឯង នៅក្នុងករណីក្រុមប្រឹក្សាសន្តិសុខ UN មិនអាចដោះស្រាយរឿងស៊ីរីបានទេនោះ៕

ខេត្តមណ្ឌលគិរី៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង កាលពីយប់មិញបានបញ្ជាឱ្យសមត្ថកិច្ចបាញ់ដំរីមួយក្បាលចុះប្រេងដេញវ័ធ និងជាន់ទាំងកម្រោលលើម្ចាស់បណ្តាលឲ្យស្លាប់។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ការបញ្ជាឲ្យបាញ់ដំរីមួយក្បាលនេះឱ្យរងរបួសគឺដើម្បីទប់ស្កាត់បញ្ហាកើតមានបន្តទៀត ដោយសារដំរីស្រុកឈ្មោល១ក្បាលនេះមានភាពកាចសាហាវពេក រហូតដល់ សម្លាប់មនុស្សឱ្យស្លាប់ម្នាក់ ហើយបន្តគំរាមកំហែងកំទេចផ្ទះសម្បែង ប្រជាពលរដ្ឋឱ្យខូចខាតចំនួន៦ខ្នង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការមួយគ្រឿងទៀត។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧កន្លងនេះហ្មដំរីម្នាក់បានស្លាប់ បន្ទាប់ពីដំរីរបស់ខ្លួនចុះប្រេង ដេញវ័ធ និងជាន់ទាំងកម្រោល ស្ថិតនៅចំណុចអូរមីស សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ជនរងគ្រោះឈ្មោះ ជើង ទៀម អាយុ៤៥ឆ្នាំ ជនជាតិព្នងជាម្ចាស់ហ្មដំរី ទីលំនៅបច្ចុប្បន្នភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍ខាងលើបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ដំរីកាចសាហាវមួយក្បាលនេះកំពុងរងរបួស៕


រាជធានីភ្នំពេញ៖រឿងក្តីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី សាលាឧទ្ធរណ៍នឹងបើកសវនាការព្រឹកនេះ ពាក់ព័ន្ធការប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ ដែលផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររហូត៧ឆ្នាំ៕

រាជធានីភ្នំពេញ៖តារាចម្រៀង អ៊ាម វន្នី និង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តធុនធំមួយគ្រឿងបើកមកបុករថយន្ត Lexus RX 300 ដែលមានតារាចម្រៀងទាំងពីរជិះក្នុងនេះ។ បន្ទាប់ពីតារាចម្រៀងទាំង២រូបត្រឡប់ពីចូលរួមកម្មវិធីកត្តញ្ញូរាត្រី។
ហេតុការណ៍ខាងលើ បានកើតនៅម៉ោងប្រមាណ១០យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចទឹកដីខណ្ឌដូនពេញ សង្កាត់ផ្សារធំថ្មី។ យ៉ាងណាមិនមាននរណាម្នាក់របួសក្នុងហេតុការណ៍នេះទេ គ្រាន់តែខូចខាតរថយន្តផ្នែកខាងក្រោយ ។
ក្រោតកើតហេតុភាគីទាំងសងខាងបានដោះស្រាយគ្នា ដោយភាគីខាង អ៊ាម វន្នី បានទាមទារសំណងពីភាគីរថយន្តធំ។ គេមិនទាន់ដឹងថា រថយន្ត Lexus ជារបស់ អ៊ាម វន្នី ឬយ៉ាងណាទេ ព្រោះកន្លងមកគេដឹងថា លោកជិះរយន្តម៉ាក ហាយលេនឌ័រ៕


សុខភាព៖យោងតាមការគ្រូពេទ្យផ្នែកឆ្អឹងបានអោយដឹងថា ការឱនឆ្ងោកមើលទូរស័ព្ទអាចធ្វើអោយមានការប៉ះពាល់ដល់សុខភាពយើងបាន ជាពិសេសគឺនៅត្រង់ឆ្អឹងកងរបស់យើងតែម្តង ហើយភាគច្រើនអ្នក ដែលមានបញ្ហាបែបនេះជាយុវវ័យ ដែលនៅក្នុងវ័យសិក្សា។
ការខូចឆ្អឹង កងរបស់យើងគឺ កើតឡើងបណ្តាលមកពី យើងមានការអង្គុយ ឆ្ងោកអោនមើល ទូរស័ព្ទរយៈពេល ច្រើនម៉ោងពេក ដែលធ្វើអោយឆ្អឹងកងអ្នកជំងឺកោង មកក្រោយ ធ្វើអោយអ្នកជំងឺមានការ ឈឺក្បាល ក ស្មា និងខ្នង។
នៅពេល ដែលយើងមានកើត ជំងឺឆ្អឹងកង កោងនេះវាក៏អាចបណ្តាល អោយយើងមានការ ផ្លាស់ប្តូរអារម្មណ៌ និងអត្តចរិកផងដែរ ដោយសារតែវាប៉ះពាល់ ដល់ការបញ្ចេញអ៉រម៉ូន នៅក្នុងរាងកាយ។
ដូចនេះ ការចុចទូរស័ព្ទ ហើយឆ្ងោកនេះអាច ធ្វើអោយប៉ះពាល់ ដល់សុខភាពរបស់ យើងដោយធ្វើអោយ ឆ្អឹងកងរបស់យើង ខូចត្រង់ទ្រាយនឹង អាចបណ្តាលអោយ យើងមានការឈឺចាប់ដូចជាឈឺដៃ ក ស្មា និងពេលខ្លះអាចធ្វើ អោយយើងស្ពឹកខ្លួនផងដែរ៕

ម៉ានីល៖ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យបញ្ជូនកងទ័ពកម្លាំងយោធា ទៅឈរជើងតាមបណ្តាប្រជុំកោះ រួមទាំងតំបន់ថ្មប៉ប្រះទឹកនៅទំនេរនានានៅក្នុងដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ បន្ទាយទាហានមួយកន្លែងនៅលើកោះ Palawan ភាគខាងលិចប្រទេស ដែលស្ថិតនៅក្បែរប្រជុំកោះ Spartly នៃដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ មេដឹកនាំហ្វីលីពីន រូបនេះបានលើកឡើងថា «វាហាក់ដូចជាអ្នករាល់គ្នាកំពុងតែព្យាយាមដណ្តើមកាន់កាប់បណ្តាកោះទៅទីនោះ (សមុទ្រចិនខាងត្បូង) រៀងៗខ្លួន ហេតុដូច្នេះហើយយល់ល្អយើងគួរតែទៅរស់នៅលើកោះនានាដែលនៅទំនេរនៅឡើយ»។
លោក ឌូតឺតេ បន្តថា វាដល់ពេលហើយសម្រាប់កសាងមូលដ្ឋានផ្សេងៗនៅទីនោះ ហើយបង្ហូតទង់ជាតិ ហ្វីលីពីនឡើង ដើម្បីយ៉ាងហោចណាស់អាចទទួលបានចំណែកដែលជារបស់ហ្វីលីពីន និងបញ្ជាក់ឲ្យគូវិវាទដឹងថាវាគឺជារបស់ ទីក្រុងម៉ានីល ដែលបានទាមទារធ្វើការគ្រប់គ្រងលើកោះនិងថ្មប៉ប្រះទឹកចំនួនពី០៩ទៅដល់១០កន្លែង។
គួរបញ្ជាក់ថា ចិនបានអះអាងថា ផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ដែលអាចទាញយកប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ទីនោះបានចំនួន៥ ទ្រីលានដុល្លារអាមេរិករាល់ឆ្នាំ។ ចំណែកប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏អះអាងថា ពួកគេមានចំណែកនៅទីនោះដែរ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍