រាជធានីភ្នំពេញ៖រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានរបៀបវារៈចំនួន៤សំខាន់ៗរួមមាន ៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ។
យោងតាមសេចក្តីប្រកាសព័ត៌មានសម្តេច ហេង សំរិន នឹងចូលជាអធិបតីក្នុងកិច្ចប្រជុំនេះ៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ស្ត្រីម្នាក់ដែលគេស្គាល់ថា ប្រពន្ធរបស់លោកហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់ អស់លុយហើយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿងម៉ាក់ហាយលែនឌឺរ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៦ពាន់ដុល្លារដើម្បី យកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមក វិញក៏ត្រូវបានបុរសជាប្ដី ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រឹមការអប់រំឬក៏ចាត់ការតាមច្បាប់ឡើយ។
សមត្ថកិច្ចបង្ហើបប្រាប់អោយបានដឹងថា ស្ត្រីរូបនោះ ឈ្មោះ ធា អាយុ៣២ឆ្នាំមានកូន៣នាក់ ជាប្រពន្ធលោក លឹម សម្បត្តិ ហៅហេង មេភូមិព្រៃព្រីង១ មានទីលំនៅក្នុងភូមិព្រព្រីខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានយករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេង ល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់គូទខោ។
ស្ត្រីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង នាងបានទៅ លេងល្បែងនៅកាស៊ីណូណាហ្គា ប៉ុន្តែមុននិងទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេងកាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែងក្នុងបំណងស្ដារដើម តែស្ដារមិនរួច បានចាញ់អស់ ហើយក៏ត្រូវបានលោកប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង៕

ខេត្តព្រះវិហារ៖ថ្មីៗនេះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារជាប់ព្រំដែនថៃមានពលករខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ធ្ងរដាច់ជើងខាងឆ្វេង ខណៈពួកគេកាប់គាស់គល់ដើមគ្រញូង ហើយបានដើរជាន់មីនកប់ក្រោមដីដែលកើតហេតុ២កន្លែងផ្សេងគ្នា បណ្តាលអោយផ្ទុះកក្រើកត្រូវចំជនរងគ្រោះទាំង២នាក់ស្ថិតនៅឃុំទឹកក្រហមនិង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។
អាជ្ញាធរមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ថា ពិតជាមានជនរងគ្រោះ២នាក់ស្លាប់និងរបួសដាច់ជើងឆ្វេងប្រាកដមែនដោយសារពួកគេចូលព្រៃកាប់គាស់គល់គ្រញូងបណ្តាលអោយផ្ទុះគ្រាប់មីនចំនួន២កន្លែងផ្សេងគ្នានៅក្នុងស្រុកជាំក្សាន្ត។ ករណីទី១ផ្ទុះគ្រាប់មីននៅព្រឹកថ្ងៃទី០១មេសាស្ថិតនៅឃុំទឹកក្រហមបណ្តាលអោយជនរងគ្រោះម្នាក់ឈ្មោះ ជិន វង្ស ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិកររស់នៅភូមិស្វាយ ឃុំរដោះស្រែ ស្រុកជាំក្សាន្ត រងរបួសដាច់ជើងខាងឆ្វេង។
អាជ្ញាធរបន្តថាករណីទី២កើតហេតុផ្ទុះគ្រាប់មីនដូចគ្នាកាលពីថ្ងៃទី០២មេសាស្ថិតនៅឃុំជាំក្សាន្តបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់នៅនឹងកន្លែង។សពជនរងគ្រោះឈ្មោះគួនធឿនភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិកររស់នៅភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យសពរួចរាល់ហើយរីឯជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារផងដែរ។
សេចក្តីរាយការណ៍ថាសព្វថ្ងៃនេះនៅតាមបណ្តោយព្រំដែនប្រាសាទព្រះវិហារជាប់ព្រំដែនថៃសង្ស័យនៅទីនោះវាមានចំការគ្រញូងច្រើននៅទ្បើយ។ករណីពលករខ្មែរចូលលីសែង,គាស់គល់គ្រញូងតាមច្រករបៀងចូលក្នុងទឹកដីថៃហើយដើរជាន់គ្រាប់មីន,ត្រូវគ្រាប់កាំភ្លើងបណ្តាលអោយស្លាប់និងរបួសអសារបង់គឺវាបានកើតទ្បើងជិត១០ឆ្នាំមកហើយ ។
គួរបញ្ជាក់ថា ករណីពលរដ្ឋខ្មែរស្លាប់ និងរបួសខាងលើនេះមិនមែនជារឿងថ្មីថ្មោងនោះទេគឺវាបានកើតទ្បើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ៕


ខេត្តឧត្តរមានជ័យ៖រថយន្តកែច្នៃមួយគ្រឿងដឹកឈើគ្រញូងចំនួន៣ដុំធំ មានមុខកាត់៣តឹក ប្រវែង១,៥០ម៉ែត្រ ដឹកចេញពីប្រទេសថៃ ឆ្លងដែនចូលមកកម្ពុជា តាមច្រកអន្តរជាតិជាំ ត្រូវបានកម្លាំងយោធាឈុតខ្មៅ ក្នុងអង្គភាព 2302 ប្រចាំការទិសច្រកអន្តរជាតិជាំ សហការជាមួយគយ និងនគរបាលអន្តោប្រវេសន៍កម្ពុជា ប្រចាំច្រកជាំ ធ្វើការបង្ក្រាបបាន កាលពីរសៀលម្សិលមិញ។
តាមភ្នាក់ងាររាយការណ៍ថា រថយន្តដឹកឈើគ្រញូងខាងលើ ម៉ាកអ៊ីស៊ុយស៊ុយ( ISUZU ) ប្រភេទពីរបាំង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ2P.4230 ។ អ្នកបើកបររត់គេចខ្លួនបាត់ ដែលត្រូវគេស្គាល់ឈ្មោះ ធា ជា ភេទប្រុស អាយុ៣៩ឆ្នាំ។ ចំណែកឈើក្រញូងចំនួន៣ដុំធំ ត្រូវបានកម្លាំងចម្រុះធ្វើកំណត់ហេតុ ប្រគល់ជូនទៅមេព្រៃថៃ យកទៅចាត់ការបន្តតាមនីតិវិធី៕


វ៉ាស៊ីនតោន៖មន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រាប់មីស៊ីលចុងក្រោយគេ ដែលបាញ់ដោយកូរ៉េខាងជើង គឺជាគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ «Scud» ហើយបានទទួលភាពបរាជ័យនៅក្នុងការហោះហើរ។
មន្ត្រីរូបនោះបញ្ជាក់ថា គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនេះ បានហោះហើរប្រមាណ៦០គីឡូម៉ែត្រ មុនពេលបានទទួលបរាជ័យ ក្នុងការហោះហើរ ហើយបានធ្លាក់ចូល ទៅក្នុងសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មាន RT News។
គួរបញ្ជាក់ថា កាលពីព្រឹកម្សិលមិញកូរ៉េខាងជើងបានពាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយមួយគ្រាប់ ចេញពីតំបន់ដែលធ្លាប់បាញ់កាលពីពេលមុន គឺនៅជិតទីក្រុង Sinpo របស់កូរ៉េខាងជើង៕

រាជធានីភ្នំពេញ៖ទីបំផុតក្រសួងមហាផ្ទៃបានជំទាស់ជាថ្មីទៀតនឹងសមាភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រឆាំង ខណៈដែលក្រសួងបានប្រកាសទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្សថ្មី ចំណែកអនុប្រធាន៣រូបទៀត មិនទទួលស្គាល់ឡើយ ហើយមានន័យថា សមាជវិសាមញរបស់បក្សសង្គ្រោះជាតិ នៅតែខុសច្បាប់ដដែល ។
យោងតាមប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃសម្តេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសទទួសស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ និងស្វាគមន៍ចំពោះការសម្រេចដកសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំប្រើរាស្ដ្រ»។
ប៉ុន្ដែក្នុងសេកចក្ដីប្រកាស ក្រសួងមហាផ្ទៃមិនទទួលស្គាល់អនុប្រធានបក្ស៣រូបទៀត របស់គណបក្សប្រឆាំងនោះទេ រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ដោយលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៧ នេះ គឺខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះបានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង៕

រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងភាពមន្ទិលនៅឡើយគឺលោក កឹម សុខា បានចេញទៅក្រៅប្រទេសកាលពីម្សិលមិញក្នុងបេសកកម្មការងាររយៈពេលជិត២សប្តាហ៍ នៅប្រទេសញូហ្សេលែន និងប្រទេសអូស្ត្រាលី។
តាមហ្វេសប៊ុក លោក កឹម សុខា បញ្ជាក់ថា បេសកកម្មក្រៅប្រទេសលើកនេះ លោកនឹងជួបជាមួយ មន្ត្រីរដ្ឋាភិបាលរួមទាំងសមាជិកសភា នៃប្រទេសទាំងពីរ ។ ទន្ទឹមនោះគាត់ក៏ជួបអ្នកគាំទ្រនៅប្រទេសទាំង២នោះផងដែរ។
យ៉ាងណាក៏ដោយ លោក កឹម សុខា មិនបង្ហាញថា បេសកកម្មនោះលោកនឹងត្រូវជួបអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នោះឡើយ ខណដែលព័ត៌មានលេចឮខាងក្រៅអះអាងថា លោកនឹងជួបលោក សម រង្ស៊ី ផងដែរ ក្នុងអំឡុងពេលបេសកកម្មនោះ។
មន្ត្រីបក្សប្រឆាំងមួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា លោក សម រង្ស៊ី និងលោក កឹម សុខា មានគម្រោងជួបគ្នា ដើម្បីពិភាក្សាទាក់ទងបញ្ហានយោបាយរួមទាំងវិធានការឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។ ប៉ុន្តែជំនួបនោះត្រូវបានគេលាក់លៀមមិនផ្សព្វផ្សាយ ហើយបើធ្លាយព័ត៌មានមកខាងក្រៅគេនឹងនិយាយថា ជាជំនួបចៃដន្យ៕

ប៉ាគីស្ថាន៖ក្រុមតាលីបង់ប៉ាគីស្ថានបានបើកការវាយប្រហារអត្តឃាតទៅលើក្រុមជំរឿនយោធាមួយនៅទីក្រុងឡាហ័រ ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់ និងបណ្ដាលឲ្យមនុស្ស ១៨នាក់ទៀតរងរបួស ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យរដ្ឋាភិបាលប្រចាំតំបន់បញ្ចាប លោក ម៉ាលីក អាម៉េដ ខាន់ បាននិយាយថា ការបំផ្ទុះមួយដែលបានវាយប្រហារទៅលើរថយន្តយោធាមួយគ្រឿងនោះ បានសម្លាប់ទាហាន៤នាក់ និងជនស៊ីវិល ២នាក់។ រដ្ឋាភិបាលប្រចាំតំបន់ បានបញ្ជាក់ថា រថយន្តយោធានោះ ស្ថិតក្នុងដំណើរចូលរួមការធ្វើជំរឿនជាលើកដំបូងរបស់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលជិត ២ទសវត្សរ៍នេះ៕

មូស្គូ៖អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូនៅតែបន្តគាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ក្នុងការប្រយុទ្ធប្រឆាំងនឹង ពួកភេរវករ បើទោះជាខ្វះកិច្ចសហប្រតិបត្តិការពីសំណាក់ អន្តរជាតិ។
អ្នកនាំពាក្យរូបនេះអះអាងថា រុស្ស៊ីនឹងប្រើសិទ្ធិវ៉េតូជំទាស់នឹងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស សំដៅថ្កោលទោសលើការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន Sputnik។
លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងដូច្នេះថា៖ «ទីក្រុងមូស្គូនឹងបន្តគាំទ្ររដ្ឋាភិបាល ប្រធានាធិបតីស៊ីរី លោក អាស្សាដ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ភេរវករ បើទោះជាយើងខ្វះកិច្ចសហប្រតិបត្តិការពីសំណាក់ អន្តរជាតិ ហើយនេះមិនមែនជាកំហុស របស់យើងនោះទេ ក៏ប៉ុន្តែយ៉ាងណា រុស្ស៊ីនៅតែប្ដេជ្ញាចិត្ត បន្តកិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ រហូតដល់ទីបំផុត»។
ជុំវិញករណីនេះប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីម្សិលមិញដើម្បីបោះឆ្នោត សម្រេចលើ ដំណោះស្រាយមួយស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថ្កោលទោស ការវាយប្រហារ ដោយអាវុធគីមីសម្លាប់មនុស្សជិត១០០នាក់ ក្នុងនោះ មានកុមារ២០នាក់ នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib ដែលពួកគេជឿជាក់ថាជាស្នាដៃរបស់កងកម្លាំងរដ្ឋាបាលស៊ីរី៕

ខេត្តកំពង់ចាម៖បុរសមានជំងឺសរសៃប្រសាទម្នាក់បានដុតផ្ទះខ្លួនឯងផ្ទះមួយខ្នងទំហំ៦គុណនឹង៨ម៉ែត្រ ដោយសារមានជម្លោះជាមួយប្រពន្ធបណ្តាលឲ្យឆេះស្លាប់ខ្លួនឯងនៅក្នុងភ្នក់ភ្លើង ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ស្ត្រីម្នាក់ឈ្មោះ បេន ហ៊ុច អាយុ៥២ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុគាត់បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ ដោយប្តីជាមនុស្សមានជម្ងឺសសៃប្រសាទផងនោះ ក៏បានដុតផ្ទះខ្លួនឯងបណ្តាលអោយមានអគ្គិសភ័យឆាបឆេះហើយផ្ទះត្រូវរងការខូចខាតទាំងស្រុងបែបនេះ។ ក្រោយពេលសមត្ថកិច្ចធ្វើអន្តរាគមន៍ពន្លត់ភ្លើងរលត់ទាំងស្រុងទើបប្រទះឃើញសាកសពជនរងគ្រោះឆេះឡើងរួញក្រញង់នៅក្នុងផេះផង់គួរអោយអាសូរបំផុត។ ប្រភពដដែលបានអោយដឹងដែរថា ជនរងគ្រោះខាងលើមានឈ្មោះ ផាន់ អាន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរតាមរថយន្តទ្រុងជាច្រើននាក់ មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងមួយថ្ងៃៗរាប់រយនាក់ នៅចុងខែមីនា និងដើមខែមេសា២០១៧ ខណៈចំនួនពលករខុសច្បាប់ដែលភាគីថៃចាប់បញ្ជូនក្នុងខែមីនា មានជិត៩០០០នាក់ គឺច្រើនពេកហើយ ។
បើតាមសម្តីមន្ត្រីបំរើការងារនៅទីតាំងទទួលពលករក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត បានប្រាប់ថា នៅចុងខែមីនានិងដើមខែមេសានេះ ពលករបញ្ជូនពីថៃដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់មានការកើនឡើង ហើយថ្ងៃខ្លះមានរហូតជាង១០រថយន្តទ្រុង ឬជាង៧០០នាក់ ។
មន្ត្រីដដែលបន្តថា ចំនួនពលករថ្ងៃទី៣០មីនា មានចំនួន៣៣៦នាក់ ថ្ងៃទី៣១ មីនា មាន៤០១នាក់/ថ្ងៃទី០១ មេសា មាន៦៣៥នាក់ និងថ្ងៃទី០២ មេសា មានចំនួន៧១២នាក់។
ដោយឡែកពលករសរុបក្នុងខែមីនាមានចំនួន៨៧៨៤នាក់ ក្នុងនោះស្រីចំនួន៣១៧៥នាក់ និងកុមារ៨៩៥នាក់ ។ មន្ត្រីខាងលើប្រាប់ទៀតថា ពលករបញ្ជូនត្រឡប់ដើមខែមីនាមួយចំនួនធំទើបចេញពីកម្ពុជា ។ ពលករបញ្ជូនត្រឡប់នៅចុងខែមីនា និងដើមខែមេសា សុទ្ធតែជាពលករវិលត្រឡប់ពីតាមបណ្តាខេត្តក្រុងក្នុងប្រទេសថៃនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយត្រូវបានសមត្ថកិច្ចថៃចាប់ ពេលឆែករកឯកសារចេញចូលប្រទេសរបស់គេអត់ឃើញមានហើយចោទថា ជាពលករគ្មានច្បាប់ ។
បុរសវ័យចំណាស់មួយរូបឈ្មោះ នួន សិត អាយុ៧៤ឆ្នាំ នៅភូមិព្រៃទទឹង និយាយថា ការចាកចេញទៅរកការងារធ្វើនេះ ដោយសារនៅផ្ទះពួកគេមិនមានការងារណារកចំណូលបាន ហើយជីវភាពក្នុងគ្រួសារក៏ខ្សត់ខ្សោយផង ។
ចំណែកស្ត្រីចំណាស់ឈ្មោះ ជា ណាត អាយុ៥៧ឆ្នាំ និយាយថា នៅភូមិព្រៃទទឹងនេះ បើមានបុណ្យទានឬមានរៀបមង្គលការ គឺមិនមានមនុស្សចូលរួមទេ ដោយសារតែអ្នកភូមិបានចាកចោលផ្ទះអស់ហើយ នៅតែមនុស្សចាស់ៗប៉ុណ្ណោះជាអ្នកចាំផ្ទះ ។ ឯស្ត្រីអ្នកភូមិម្នាក់ទៀត បានចង្អុលទៅផ្ទះ៣ខ្នងដែរបិទទ្វារចោលនោះថា ផ្ទះ៣គ្រួសារនេះគេឱ្យគាត់ជាអ្នកចាំតែម្នាក់ឯងទេ ព្រោះម្ចាស់ផ្ទះទៅរកការធ្វើនៅស្រុកថៃអស់ទៅហើយ ។
លោក មូល ខុន ប្រធានភូមិព្រៃទទឹង បានឱ្យដឹងថា អ្នកភូមិព្រៃទទឹងមានជាង១០០គ្រួសារ តែជាង១០គ្រួសារបានចាកចេញចោលផ្ទះ និងជាង១០០នាក់ទៀតចាកចេញពីស្រុកកំណើត ទៅរកការងារធ្វើស្ងាត់ភូមិផងដែរ ។ លោកបន្តថា នេះគ្រាន់តែភូមិតូចមួយប៉ុណ្ណោះ មានប្រជាពលរដ្ឋជាង១០គ្រួសារចាកចោលផ្ទះនិងជាង១០០នាក់ ក៏បានចេញទៅរកការងារធ្វើនៅក្រៅស្រុក ។ លោកមេភូមិបញ្ជាក់ថា មិនមែនតែភូមិគាត់នេះទេដែលពលរដ្ឋបានធ្វើចំណាកស្រុក នៅភូមិផ្សេងទៀតក៏ច្រើនដែរ ។ ថ្វីបើភូមិសាស្ត្រស្រុកកំពង់ត្រាចជាប់ព្រំដែនប្រទេសវៀតណាម តែក្រុមអ្នកធ្វើចំណាកស្រុក បែរជាសម្លឹងទៅរកការងារធ្វើនៅប្រទេសថៃទៅវិញ៕


សេអ៊ូល៖យោធាកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃពុធនេះកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាមុននេះបន្តិច។
ការធ្វើតេស្ដរបស់កូរ៉េខាងជើងនេះធ្វើឡើងនៅវេលាម៉ោង៦ និង៤២នាទីព្រឹកនេះ ចេញពីតំបន់ Sinpo ឆ្ពោះទៅកាន់សមុទ្រជប៉ុន រយៈពេលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ទីក្រុងព្យុងយ៉ាងព្រមានចាត់វិធានការសងសឹក បើសិនសហគមន៍អន្តរជាតិបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។
ដោយឡែកបើតាមទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដគឺជាប្រភេទ មីស៊ីលរយៈចំងាយមធ្យម Pukguksong-2។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនេះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ៕

រាជធានីភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលកម្មវិធី «កងវិស្វកម្មចល័ត» ឬ Seabees (ឃ្មុំសមុទ្រ)ដែលនាំឲ្យមានការលុបចោលនូវជំនួយមនុស្សធម៌របស់កងទ័ពនាវាអាមេរិកចេញពីទឹកដីរបស់ខ្លួនក្រោមហេតុផលថា ដើម្បីរក្សាសន្ដិសុខជាតិ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា ។
បើតាមទំព័រហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតអាមេរិក បានរៀបចំពិធីជប់លៀងបិទបញ្ចប់បេសកម្មកងទ័ពជើងទឹកផ្នែកជំនួយមនុស្សធម៌អាមេរិក ឬហៅម្យ៉ាងទៀតថា «កងវិស្វកម្មចល័ត» Seabees (“ឃ្មុំសមុទ្រ”) ក្រោយពីពួកគេបានបម្រើការងារអស់រយៈ៩ឆ្នាំនៅកម្ពុជា។
បើតាមទំព័រហ្វេសប៊ុកដដែល ស្ថានទូតអាមេរិក បានឲ្យដឹងទៀតថា ការបញ្ចប់បេសកកម្មកងទ័ពជំនួយមនុស្សធម៌អាមេរិកនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងដល់ស្ថានទូតអាមេរិក កាលពីសប្ដាហ៍មុនថា ខ្លួនសម្រេចបញ្ឈប់មិនឲ្យមានកម្មវិធីកងនាវា Seabees ដោយគ្មានកាលកំណត់ ក្រោមហេតុផលរក្សាសន្ដិសុខជាតិ មុនការបោះឆ្នោតខាងមុខ។
ស្ថានទូតអាមេរិកឲ្យដឹងដែរថា ការសម្រេចរបស់កម្ពុជានេះ ធ្វើឲ្យអាមេរិកត្រូវលុបចោលគម្រោងចំនួន២០ ដូចជា គម្រោងសាងសង់បន្គន់អនាម័យតាមសាលារៀន និងមន្ទីរសម្ពពក្នុងខេត្តចំនួន៦ ដូចជាកំពត តាកែវ ត្បូងឃ្មុំ និងកំពង់ចាម ជាដើម។
ក្រៅពីផ្អាកកម្មវិធី Seabees របស់កងនាវាមនុស្សធម៌អាមេរិកនេះ កម្ពុជាបានលុបចោល និងពន្យារពេលគម្រោងធ្វើសមយុទ្ធយោធាធំៗ មួយចំនួនទៀតជាមួយអាមេរិកផងដែរ។
សូមជម្រាបថា កងនាវាជំនួយមនុស្សធម៌ Seabees បានចាប់ផ្ដើមដំណើរការនៅកម្ពុជាតាំងពីឆ្នាំ២០០៨ និងជួយដល់គម្រោងសេវាសហគមន៍ និងពលរដ្ឋខ្មែររាប់ពាន់នាក់ សរុបជាទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក ដូចជា សាងសង់មន្ទីរពេទ្យ សាលារៀន ជួយពលរដ្ឋរងគ្រោះនៅថ្នាក់មូលដ្ឋាន និងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកកងទ័ពជាដើម៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍