ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្រើកាំភ្លើងអាកាចំនួន៧នាក់ ដែលជាក្រុមប្លន់ផ្ទះលក់ស្រូវ ព្រមទាំងដកហូតបានអាវុធចំនួន២ដើមទៀតផង ។
ប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចសហការបង្ក្រាបនោះក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង និងលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្តកិច្ចចាប់ខ្លួនទាំង៧នាក់មាន ១-ឈ្មោះ អ៊ី សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកកាន់កាំភ្លើងភ្ជង់ និងបាញ់ជនរងគ្រោះ, ២-ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ, ៣-ឈ្មោះ សាត ធឹម ភេទប្រុស អាយុ៣៨ឆ្នាំ ២នាក់នេះជាអ្នកចូលរួមធ្វើសកម្មភាព និងជាអ្នកប្រមូលទ្រព្យសម្បត្តិក្នុងអំពើប្លន់ , ៤-ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកឌុបបក្សពួកទម្លាក់គោលដៅធ្វើសកម្មភាព, ៥.ឈ្មោះ ហម ហាន ភេទប្រុស អាយុ៤៤ឆ្នាំ, ៦-ឈ្មោះ មាស ធឹម ភេទប្រុស អាយុ៣៦ឆ្នាំ ២នាក់នេះជាអ្នកដើរស៊ើបមើលផ្ទះជនរងគ្រោះ ដើម្បីកំណត់ឲ្យបក្សពួកធ្វើសកម្មភាព និង ៧-ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកធ្វើសកម្មភាព ។
ប្រភពព័ត៌មានបន្តថា ក្រៅពី៧នាក់ដែលចាប់ខ្លួននេះ នៅមានសមាសភាព៤នាក់ទៀតកំពុងគេចខ្លួន ក្នុងនោះម្នាក់ជាមេខ្លោង និងជាអ្នកកាន់កាំភ្លើងអាការបាញ់សម្លាប់ជនរងគ្រោះយ៉ាងស្ទាត់ជំនាញទៀតផង ។
ក្រុមជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលជាកន្លែងពួកគេប្រមូលផ្តុំគ្នាមុនចេញធ្វើសកម្មភាព និងជាភូមិសាស្ត្រលាក់ទុកអាវុធអាកា២ដើមនោះ ។
ក្រោយពេលចាប់ឃាត់ខ្លួន ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចនាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយពួកគេកំពុងស្ថិតក្រោមការសាកសួរយកចម្លើយយ៉ាងយកចិត្តទុកដាក់ថែមទៀត ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមចោរប្លន់មានគ្នាចំនួន៧នាក់ និងប្រដាប់ដោយកាំភ្លើងអាកា៦ដើម ព្រមទាំងកណ្ដៀវច្រូតស្រូវផង បានចូលធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋដល់ក្នុងផ្ទះ ដោយពេលទៅដល់ពួកចោរខាងលើបានចាប់ម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធ និងកូន២នាក់ទៀតចងស្លាបសេក ព្រមទាំងយកស្កុតបិទមាត់ជាប់មិនឲ្យស្រែក រួចវាយបង្ខំឲ្យយកទ្រព្យសម្បត្តិមានតម្លៃ និងលុយកាកាក់ឲ្យពួកគេ មិនតែប៉ុណ្ណោះនៅក្នុងពេលនោះក្រុមចោរបានបាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់ដែលត្រូវជាបងប្រុសជីដូនមួយរបស់ម្ចាស់ផ្ទះ និងជាប្រជាការពារភូមិ ២គ្រាប់រងរបួសធ្លាយពោះវៀន និងត្រូវដៃ ខណៈជនរងគ្រោះរូបនេះកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយម្ចាស់ផ្ទះដែលជាប្អូន ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ប្ដីឈ្មោះ កែម កន អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ ពួកគាត់មានរោងម៉ាស៊ីនកិនស្រូវខ្នាតតូចមួយ ម៉ាស៊ីនបោកស្រូវ១គ្រឿង និងមានចិញ្ចឹមជ្រូកផងដែរ ។ ចំណែកប្រជាការពារភូមិរងគ្រោះឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុជាង៤៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ៕

រាជធានីភ្នំពេញ៖អង្គភពប្រឆាំងអំពើពុករលួយ ACU គ្រោងនឹងបង្កើតការិយាល័យប្រឆាំងអំពើពុករលួយនៅតាមបណ្ដាខេត្តមួយគោលដៅមួយចំនួនក្នុងឆ្នាំ២០១៧ ដែលអង្គភាពនេះចាត់ទុកថា ជាគោលដៅមានអំពើពុករលួយ។
លោក ឱម យ៉ិនទៀង បានឲ្យដឹងដែរថានៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយមាននគរបាលយុត្តិធម៌ចំនួន៥០នាក់។ លោកថា ការពង្រីកការិយាល័យប្រឆាំងអំពើពុករលួយនេះ អង្គភាពនឹងត្រូវរៀបចំកម្លាំងនគរបាលយុត្តិធម៌ចំនួនជិត ២០០នាក់ទៀត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី៦ ខែមករា ថា ការិយាល័យប្រឆាំងអំពើពុករលួយនេះ នឹងត្រូវបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ រួមនឹងខេត្តមួយចំនួនទៀត គឺខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លើសពីនេះទៀត អង្គភាពនេះនឹងបង្កើតក្រុមមន្ត្រីនគរបាលទៅតាមជំនាញ ដើម្បីផ្ដល់សិទ្ធិអំណាចដល់នគរបាលយុត្តិធម៌ក្នុងការបំពេញការងារប្រឆាំងអំពើពុករលួយ ឲ្យកាន់តែមានប្រសិទ្ធភាព។
បើទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយពីការប្រឆាំងអំពើពុករលួយ នៅជាតម្រូវការចាំបាច់នៅកម្ពុជា។ លោកក៏បានអំពាវនាវឲ្យវិស័យឯកជនចូលរួមការងារប្រឆាំងអំពើពុករលួយនេះជាមួយអង្គភាពរបស់លោកផងដែរ។
កាលពីថ្ងៃទី៣ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញរបាយការណ៍ស្ដីពីការធ្លាក់ចុះនៃបណ្ដឹងទាក់ទិនអំពើពុករលួយនៅក្នុងឆ្នាំ២០១៦។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកឡើងថា ការធ្លាក់ចុះនៃបណ្ដឹងនេះ មិនទាន់ឆ្លុះបញ្ចាំងពីការថយចុះនៃអំពើពុករលួយនោះនៅឡើយទេ ហើយអង្គការតម្លាភាពអន្តរជាតិ រកឃើញថាកម្ពុជានៅតែជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះនៅឡើយខាងប្រព្រឹត្តអំពើពុករលួយ៕

បាល់ទាត់៖យោងតាមបណ្តាញសង្គម Facebook របស់ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា និងបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានបង្ហោះពាក្យមួយដែលថា ជិតបែកគ្នាហើយ ដែលពាក្យមួយឃ្លានេះហាក់ដូចជាចេតនាចង់ប្រាប់អ្នកគាំទ្រថា រូបគេនឹងឃ្លាតឆ្ងាយពីអ្នកគាំទ្រកម្ពុជា។
ចាន់ វឌ្ឍនាកា បានសរសេរលើ Facebook ថា ៖«អរគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ»។ ពាក្យមួយឃ្លានេះបានធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងថាតើកីឡាករបាល់ទាត់របស់កម្ពុជាដ៏ល្បីរូបនេះមានចេតនាបង្ហាញពីគោលបំណងអ្វីឲ្យប្រាកដ។ នៅខាងក្រោមសាររបស់កីឡាកររូបនេះមានការចោទសួរពីអ្នកគាំទ្រថា តើរូបគេនឹងទៅណា? ប៉ុន្តែសមាជិកបឹងកេតអង្គរម្នាក់នេះបានឆ្លយតបឡើយ។
យ៉ាងណាមិញជុំវិញបញ្ហានេះ អ្នកជិតស្និទ្ធនឹងកីឡាកររូបនេះបានប្រាប់ថា រដូវកាលថ្មីខាងមុខនេះ ចាន់ វឌ្ឍនាកា មិននៅលេងបាល់ទាត់នៅប្រទេសកម្ពុជាឡើយ ប៉ុន្តែមិនទាន់ច្បាស់ថាតើទៅលេងនៅប្រទេសជប៉ុន ឬថៃ។ ប្រភពព័ត៌មាននេះបញ្ជាក់ថា ចុងខែមករានេះព័ត៌មាននឹងដឹងច្បាស់លាស់ហើយពីអនាគតរបស់កូនប្រុសអភិបាលខេត្តកំពតម្នាក់នេះ៕

បាល់ទាត់៖តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្លិបមហាសេដ្ឋី Paris St Germain កំពុងតែត្រៀមតាមប្រមាញ់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Alexis Sanchez ខណៈដែលការចរចាកិច្ចសន្យាថ្មីជាមួយក្លឹបនៅPL មួយនេះកំពុងតែជាប់គាំង។
កីឡាករសញ្ជាតិឈីលីរូបនេះ កុងត្រាចាស់របស់គេជាមួយនឹងក្រុម Arsenal នៅសល់ពេលត្រឹម១២ខែទៀតប៉ុណ្ណោះ ស្របពេលកិច្ចពិភាក្សាលើជុំវិញការបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Asenal បន្តភាពជាប់គាំងនោះ។ក្លឹបជើងឯកបារាំងមួយនេះជឿថា នៅពេលការទិញដូររដូវក្តៅមកដល់ ពួកគេអាចនឹងទិញយកខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃទាបជាង៦០លានផោន ។
ប្រធានបច្ចេកទេសរបស់ PSG លោក Patrick Kluivert គឺជាអ្នកគាំទ្រដ៏សំខាន់របស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំដែលតំណាងរបស់គាត់បានប្រាប់ឲ្យដឹងថា ក្លឹប PSG សង្ឃឹមថា ការជាប់គាំងនៅពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ចប់រដូវកាល។
ក្លឹប PSG ក៏អាចផ្តល់ប្រាក់ឈ្នួលច្រើនជាងក្លឹប Arsenal ផងដែរ។ កាលពីខែមុនកាសែត Mirror Sport បានបង្ហើបប្រាប់ថា ក្លឹប Chelsea ក៏ចាប់អារម្មណ៍នឹង Sanchez ផងដែរ ហើយកំពុងតាមដានកីឡាកររូបនេះ ។
ទោះជាយ៉ាងណាក្រុមកាំភ្លើងធំកំពុងត្រៀមផ្តល់ប្រាក់ឈ្នួលឲ្យ ២០០.០០០ផោនក្នុងមួយសប្តាហ៍ឲ្យ Sanchez ប៉ុន្តែកីឡាករសញ្ជាតិឈីលីរូប នេះទទួលបានសំណើផ្សេងទៀតពីក្លឹបចិនដែលហ៊ានផ្តល់ឲ្យលើសនេះពីរដង៕

ប៉ារីស៖ដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេតក្រសួងការពារជាតិបារាំងគ្រោងនឹងបង្កើតសេនាធិការពិសេសមួយ ដែលមានទាហានជំនាញខាងអ៊ីនធើណេតចំនួន២៦០០នាក់ ហើយមានសមត្ថភាពទាំងខាងការពារ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត។
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ បាននិយាយថា បារាំងកំពុងតែប្រឈមមុខនឹងការគំរាមកំហែងដោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតទាំងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានដូចជា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និងដឹកជញ្ជូន ក៏ដូចជា ទៅលើដំណើរការប្រជាធិបតេយ្យ និងទៅលើប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្ត្រីបន្តថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតមកលើបារាំងបានកើនឡើងទ្វេដងជារៀងរាល់ឆ្នាំ ហើយគ្រាន់តែក្រសួងការពារជាតិមួយត្រូវរងការវាយប្រហាររហូតដល់ទៅ ២ម៉ឺន៤ពាន់ដង កាលពីឆ្នាំ២០១៦កន្លងទៅក៏ប៉ុន្តែ ការវាយប្រហារនេះត្រូវបានទប់ស្កាត់ជាប់។ លោកក៏បានលើកឡើងផងដែរថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីលូកដៃចូលជ្រៀតជ្រែកក្នុងការបោះឆ្នោត ដូចអ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ក៏អាចកើតឡើងដែរនៅបារាំង។
ជាមួយគ្នានេះលោកព្រមានថា ក្នុងករណីទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតបារាំងនឹងធ្វើការតបទៅវិញ ដោយប្រើទាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត និងអាវុធយុទ្ធភ័ណ្ឌធម្មតា។
គួរបញ្ជាក់ថា បារាំងនឹងបោះឆ្នោតប្រធានាធិបតី នៅខែមេសា និងឧសភាខាងមុខ៕ ប្រភព៖ទស្សនាវដ្តីបារាំង (Journal du Dimanche)

រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ព្យុះទី១ប្រចាំឆ្នាំ២០១៧ ឈ្មោះ MUIFA នឹងកើតឡើង ហើយឥទ្ធិពលរបស់វានឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរចាប់ពីថ្ងៃទី ១៤-១៦ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ៕

អ៊ីរ៉ង់៖លោក Akbar Hashemi Rafsanjani ដែលជាអតីតប្រធានាធិបតីរបស់អ៊ីរ៉ង់ដ៏ល្បីមួយរូប បានទទួលមរណភាព ក្នុងវ័យ៨២ឆ្នាំ។ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន BBC។
គួរបញ្ជាក់ថា លោកត្រូវបានឡើងកាន់អំណាចជាប្រធានាធិបតីពីឆ្នាំ១៩៨៩ រហូតដល់ ១៩៩៧ ជាប្រធានាធិបតី ទី៤ របស់ប្រទេសអ៉ឺរ៉ង់។ លោក Akbar Hashemi Rafsanjani ចាប់កំណើតនៅទីក្រុង Bahreman ប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៣៤៕

ខេត្តសៀមរាប៖ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក សំ ប៊ុនពៅ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧បានសម្រេចឃុំខ្លួនឃាតករដៃឆៅដែលចូលអារ-ក សម្លាប់ជនរងគ្រោះ៣នាក់ដល់ក្នុងបន្ទប់ជួល ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។
គួរបញ្ជាក់ថា ហេតុការណ៍ឃាតកម្មដ៏សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងហេតុការណ៍ឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា៕

មូស្គូ៖មេបញ្ជាការយោធារុស្ស៊ីបាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរីជាបណ្ដើរៗហើយ ដោយក្នុងនោះកងនាវាដឹកយន្ដហោះចម្បាំងនឹងត្រូវចាកចេញមុនគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
ការប្រកាសរបស់ប្រមុខយោធារុស្ស៊ី លោក Valery Gerasimov ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី និងតួកគីបានឈានដល់កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ នៅទូទាំងប្រទេសស៊ីរី។ លោក Valery Gerasimov បានបញ្ជាក់ដូច្នេះថា ក្រសួងការពារជាតិបានសម្រេចចិត្តចាប់ផ្ដើមកាត់បន្ថយចំនួនកងទ័ពនៅលើទឹកដីស៊ីរី។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៦ រុស្ស៊ីក៏ធ្លាប់បានប្រកាសពីការដកកងទ័ពផងដែរ ក៏ប៉ុន្តែទីក្រុងមូស្គូ នៅតែបន្តដឹកនាំការវាយប្រហារតាមផ្លូវអាកាសដដែល៕

ខេត្តបន្ទាយមានជ័យ៖បុរសជាជនជាតិខ្មែរឥស្លាមម្នាក់បានរងរបួសដាច់ជើងធ្វេងម្ខាងគួរអោយតក់ស្លុតខណៈដើរចូលព្រៃទៅដាក់អន្ទាក់សត្វ បែរជាជាន់មីនទៅវិញ។ ករណីនេះបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះកូប ម៉ាត ភេទប្រុស មានអាយុ ៤៧ឆ្នាំ រស់នៅភូមិបាលិយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត បានដើរទៅដាក់អន្ទាក់សត្វលលកនៅកន្លែងកើតហេតុ ស្រាប់តែបានដើរជាន់លើមីនផ្ទុះដាច់ជើងឆ្វេងគួរអោយអាសូរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អាមេរិក៖ប៉ូលិលបាននិយាយថា មនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួសក្នុងករណីបាញ់ប្រហារមួយនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ៕

ប្រេស៊ីល៖អាជ្ញាធរប្រស៊ីលបាននិយាយថា មានការប៉ះទង្គិចគ្នាថ្មីមួយផ្សេងទៀតរវាងក្រុមបងធំក្នុងពន្ធនាគារមួយកន្លែងនៅរដ្ឋ Roraima ក្នុងតំបន់ Amazon នៃប្រទេសប្រស៊ីលបណ្តាលឲ្យអ្នកទោស ៣៣នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិក៏បានធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្តែតបណ្ដោយឱ្យរឿងបែបនេះកើតឡើង។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទណ្ឌិតចំនួន៥៦នាក់បានស្លាប់នៅពន្ធនាគារមួយកន្លែងផ្សេងក្នុងរដ្ឋក្បែរខាង ដែលវាជាការសម្លាប់រង្គាលដ៏អាក្រក់ជាទីបំផុតនក្នុងពន្ធនាគារក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយមកនៅយប់ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧៕

រាជធានីភ្នំពេញ៖បណ្តាញសារព័ត៌មានមួយចំនួន នាពេលថ្មីៗនេះ បានធ្វើការរិះគន់ទៅលើចំណាត់ការរបស់ក្រសួងព័ត៌មានក្នុងការជ្រើសរើសអ្នកសារព័ត៌មានចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ ។
យោងតាមអត្ថបទដែលបានផ្សព្វផ្សាយខ្លីៗ តាមរយះប្រព័ន្ធអនឡាញនិងវេបសាយអ្នកសារព័ត៌មានបានហៅចំណាត់ការនៃការជ្រើសរើសអ្នកសារព័ត៌មានឲ្យចូលជួបសម្តេច ហ៊ុន សែន នោះថា បានបង្ហាញនូវភាពរើសអើង ខណដែលអ្នកខ្លះបានចូល ហើយអ្នកខ្លះទៀតអត់បានចូល ។ ពួកគេថែមទាំងសង្កត់ធ្ងន់ថា រាល់អាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាត្តិឲ្យចេញផ្សាយសារព័ត៌មានគឺឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាអ្នកចុះហត្ថលេខាដូចគ្នា ។ ដូច្នេះពួកគាត់មានសិទ្ធិស្មើគ្នា ហើយបើបានចូលរួមក្នុងកម្មវិធីនោះគឺបានចូលទាំងអស់គ្នា ។
លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មានបានឆ្លើយតបភ្លាមៗ ចំពោះការរិះគន់ចខាងលើនេះ ដោយលោកបញ្ជាក់ថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការជ្រើសរើសអ្នកសារព័ត៌មានឲ្យចូលរួមក្នុងកម្មវិធីសំណេះសំណាលរបស់សម្តេច ហ៊ុន សែន ដែលគ្រោងរៀបចំនៅថ្ងៃខាងមុខ ។
លោក ផុស សុវណ្ណ បញ្ជាក់ថា យើងមិនអាចជ្រើសយកអ្នកសារព័ត៌មានទាំងអស់ឲ្យចូលរួមនោះទេ ព្រោះចំនួនអ្នកចូលរួមមានកំណត់ ។ ដូច្នេះតាមគោលការណ៍ក្រសួងនឹងជ្រើសរើសក្នុងស្ថាប័នសារព័ត៌មានឬក៏សមាគមសារព័ត៌មាននីមួយៗ តែម្នាក់ឬ២នាក់ប៉ុណ្ណោះ ហើយយកតែស្ថាប័នសារព័ត៌មានដែលស្ថិតក្នុងលក្ខខ័ណ្ឌ ឬគោលការណ៍របស់ក្រសួងដូចជា ស្ថាប័នវិទ្យុ ដែលមានកម្លាំងផ្សាយ 5KW គឺយើងមិនជ្រើសរើសនោះទេ ។
លោកអគ្គនាយកថែមទាំងបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលបានរិះគន់ក្រសួងនោះគឺ មិនច្បាស់ថា គាត់មិនបានចូលរួមនោះទេ ព្រោះក្រសួងកំពុងតែជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជៀសវៀងការរិះគន់ ។ ប៉ុន្តែវាក៏មិនចៀសផុតពីការរិះគន់ខ្លះៗ នោះដែរ ។
យ៉ាងណាក៏ដោយ លោកអះអាងថា ក្រសួងនឹងធ្វើកិច្ចការនេះឲ្យមានតម្លាភាពបំផុត ហើយសុំឲ្យអ្នកសារព័ត៌មានទុកចិត្ត និងយល់យោគដល់ចំណាត់ការឬគោលការណ៍របស់ក្រសួងព័ត៌មាន ។
សូមជម្រាបថា នៅក្នុងវេទិកានិពន្ធនាយក សារព័ត៌មានលើកទី១៣ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសថា សម្តេច ហ៊ុន សែន នឹងមានកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំ ដោយកំណត់យកថ្ងៃទី១៤ មករា ដើម្បីការជួបជុំនោះ៕

ភ្នំពេញ៖ស្ត្រីម្នាក់ទើបសម្រាលកូនបានរយៈពេល៨ខែប៉ុណ្ណោះ ហើយបានដួលបោកក្បាលនៅក្នុងបន្ទប់ទឹកបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង និងមិនត្រូវបានបុរសជាប្ដីនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗនោះ ឡើយ គឺប្ដីបានកោសខ្យល់ឲ្យនាងទៅវិញ លុះព្រឹកឡើងនៅតែមិនដឹងខ្លួនទៀត ទើបប្ដីសម្រេចចិត្តដឹកទៅ កាន់គ្លីនិកឯកជនមួយ។ ប៉ុន្តែពេលទៅដល់ខាងគ្លីនិកនោះមិនហ៊ានទទួលព្យាបាលឡើយ ព្រោះខាងស្ថាន ភាព ធ្ងន់ធ្ងរពេក ទើបប្ដីបានដឹកតាមម៉ូតូរ៉ឺម៉កកង់បីទៅកាន់មណ្ឌលសុខភាពពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ត ហើយក្រោយពេលទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យមើល ឃើញថាស្ត្រីនោះបានស្លាប់បាត់ទៅហើយ គឺស្លាប់មុនពេលដឹកទៅដល់ទីនោះម្លេះ។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងមណ្ឌលសុខភាពពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដែលស្លាប់នោះឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិប្រាសាទ ឃុំភ្នំសន្ទុក ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ។ មានប្តីឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មាន ស្រុកកំណើតនៅក្នុងភូមិកំពង់ក្តី ឃុំខ្ពង់រាប កោះសូទិន កំពង់ចាម អ្នកទាំងពីរនាក់នោះ មានកូនចំនួន៣នាក់ ហើយសព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ក្រោយពេលកើត ហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅ ធ្វើការពិនិត្យជាក់ស្ដែង និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍